កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
អង្គការ​មាន​ប្រតិកម្ម​ប្រឆាំង​នឹង​ការ​បណ្តេញ​ដោយ​ប្រើ​កម្លំាង
ដោយ កាសែត   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៩-០២-២០០៨
ក្នុងអំឡុងពេលដប់ឆ្នាំកន្លងមកនេះ ប្រជាពលរដ្ឋជាងមួយសែននាក់ត្រូវបាន​បណ្តេញចេញពីលំនៅដ្ឋាននៅទីក្រុងភ្នំពេញ ចំណែកឯប្រជាពលរដ្ឋរស់​នៅក្នុងរាជធានីចំនួន៧០ ០០០នាក់ផ្សេងទៀតនឹងត្រូវជួបវាសនាដូចគ្នា​នេះដែរ។ ការកើនឡើងនៃចំនួនជនរងគ្រោះបានជំរុញអោយក្រុម​អ្នកការ​ពារសិទ្ធិមនុស្សសម្រេចចិត្តបង្កើតនូវកម្លាំងសាមគ្គីមួយជាមួយនឹងជនរងគ្រោះ ទាំងនេះ។

សហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្ស(សអសម)  ហើយនឹងសម្ព័ន្ធទាំងពីរនៃ​សហព័ន្ធ​នេះ គឺអង្គការអាដហុក និងអង្គការលីកាដូ ព្រមជាមួយនឹងអង្គការ លើកលែងទោសអន្តរជាតិ  និង អង្គការឃ្លាំមើលសិទ្ធិមនុស្ស...

 

នៅដើមឆ្នាំនេះ អង្គការការពារសិទ្ធិមនុស្សនីមួយៗបានចេញរបាយការណ៍របស់​ខ្លួន ដោយបានធ្វើការរិះគន់ និងផ្តល់ជាអនុសាសន៍ដើម្បីអោយមានការគោរព​ច្បាប់​ស្នាក់នៅនៅ​ក្នុងកម្ពុជា។ ដោយមិនចង់និយាយនូវអ្វីដែលឥតប្រយោជន៍​គ្មានបានការ កាលពីថ្ងៃពុធកន្លងទៅនេះ សកម្មជនសិទ្ធិមនុស្សបានដឹកនាំ​តំណាងប្រទេសម្ចាស់ជំនួយមកកាន់ប្រទេសកម្ពុជា ដើម្បីទៅជួបផ្ទាល់ជាមួយ​ប្រជាពលរដ្ឋនៅភូមិអណ្តូងដែលត្រូវបានបណ្តេញមកពីទីក្រុងនិងកំពុងតែជួប​ប្រទះស្ថានភាពលំបាក។ អ្នកស្រី Souhayr Belhassen ប្រធានសហព័ន្ធ​អន្តរ​ជាតិសម្រាប់សិទ្ធិមនុស្ស បានគូសបញ្ជាក់នៅចំពោះមុខគណៈប្រតិភូនេះ ថា «សូមលោកអ្នកក្រលេកមើលដីនេះចុះ លោកអ្នកនឹងឃើញថាស្ថានភាព​របស់អ្នកដែលត្រូវបានគេបណ្តេញចេញពិតជាមានសភាពយ៉ាប់យឺន ជាងការ​និយាយរាប់រយដងទៅទៀត។» 

 

ភូមិអណ្តូងគឺជាឧទាហរណ៍គំរូមួយ
ប្រជាជនដែលបានចាកចេញពីតំបន់សំបុកចាប ស្ថិតនៅចំកណ្តលទីក្រុងភ្នំពេញ ក្នុងសង្កាត់ទន្លេបាសាក់ បានមករស់នៅភូមិអណ្តូង ស្រុកដង្កោ ចម្ងាយ ប្រមាណជា២០គីឡូម៉ែត្រ ពីទីតាំងចាស់។  សេចក្តីថ្លែងការណ៍ស្តីពីយុទ្ធនាការ បញ្ឈប់ការបណ្តេញចេញ(Stop Evictions Campaign) លើវិបសាយ របស់អង្គការ Bridges Across Borders (ជាភាសាអង់គ្លេស) 

 

កាលពី២០ខែមុន ដើម្បីជាថ្នូរនឹងការចាកចេញពីសំណង់អាណាធិបតេយ្យនៃតំបន់សំបុកចាប ប្រជាពលរដ្ឋជាងមួយពាន់នាក់ទទួលបានដីមួយកន្លែងសម្រាប់តាំងទីលំនៅថ្មី នៅក្នុងភូមិមួយស្ថិតនៅតាមបណ្តោយផ្លូវរលាក់ហុយដីទ្រលោម។ ពួកគេ​បាន​ទៅស្នាក់នៅទីនោះអស់រយៈពេលមួយឆ្នាំកន្លះមកហើយ តែអ្វីៗមើលទៅ​ហាក់​​បីដូចជាទើបតែកើតឡើងកាលពីថ្ងែម្សិលមិញអញ្ចឹង ព្រោះថាភូមិនោះ​គ្មានហេដ្ឋារចនាសម្ព័ន្ធអ្វីសម្រាប់ទទួលពួកគេឡើយ។ ផ្ទុយទៅវិញ បើតាម​អង្គការ​ឃ្លាំមើលអ្នកការពារសិទ្ធិមនុស្ស (កម្មវិធីរួមគ្នាមួយ ជាមួយ សអសម និងអង្គការពិភពលោកប្រឆាំងនឹងការធ្វើទារុណកម្ម) ការតាំងទីលំនៅ​ថ្មីរបស់​ក្រុម​គ្រួសារទាំងនេះត្រូវបានគ្រោងទុកជាមុន តាំងពីប៉ុន្មានខែមកម្ល៉េះ។ ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅទំាងនោះតែងតែជួបប្រទះនឹងភាពអត់ការ​ងារធ្វើ ត្រូវរស់នៅឆ្ងាយពីតំបន់សេដ្ឋកិច្ចនៃទីក្រុងភ្នំពេញ មានការនឿយ​ណាយ​ជាមួយនឹងតម្លៃសោហ៊ុយដំណើរថ្លៃហួសហេតុ ស្របពេលដែលកូនៗ​របស់​ពួក​គេត្រូវឈប់រៀនសូត្រ។ របាយការណ៍របស់អង្គការឃ្លាំមើល​អ្នក​ការ​ពារសិទ្ធិមនុស្សស្តីពីការការពារច្បាប់សេដ្ឋកិច្ច និងសង្គមកិច្ចនៅកម្ពុជា ក្នុង​ខែកុម្ភៈ ២០០៨ បានលើកឡើងថា «ប្រជាជនដែលត្រូវបណ្តេញចេញពីទី​ក្រុង​បានក្លាយជា "ពលរដ្ឋខ្មោច" ពួកគេបានបាត់បង់សិទ្ធិបោះឆ្នោត សិទ្ធិ​ទទួលបានការថែរក្សាព្យាបាលសុខភាព ជួបប្រទះនូវកង្វះអាហារូបត្ថម្ភ និង​ជំងឺតម្កាត់ផ្សេងៗដូចជាជំងឺគ្រុនឈាមជាដើម។  អវត្តមានសម្ភារបរិក្ខាពេទ្យ​ចាំបាច់ ជាកត្តាជំរុញអោយជម្ងឺរាគរូស ជម្ងឺសើស្បែក និងជម្ងឺរលាកផ្លូវ​ដង្ហើម​កាន់​តែមានសភាពធ្ងន់ធ្ងរឡើងៗ...»។  

 

ការរស់នៅកន្លែងខ្វះអនាម័យដែលបណ្តាលអោយមានមនុស្សស្លាប់
ប្រជាពលរដ្ឋត្រូវរស់នៅក្នុងផ្ទះដ៏សែនកំសត់ មានភក់ជ្រាំពពិចប៉ប៉ាច់នៅ​ពេល​មាន​ភ្លៀងធ្លាក់ម្តងៗ ដំបូងផ្ទះប្រក់ទៅដោយបន្ទះស័ង្កសី ផ្សែផ្សំជាមួយ​នឹង​ស្លឹកត្នោត ជ័រផ្លាស្ទីក តាមលទ្ធភាពដែលពួកគេអាចរកបាន។ ក្មេងៗ​មួយក្រុមក្នុងសំលៀកបំពាក់កន្រ្តេកកន្រ្តាកនាំគ្នាមកចោមរោមមើលជនចម្លែក​មុខនៅក្នុងភូមិរបស់ពួកគេដែលកំពុងតែមានសភាពស្ងប់ស្ងាត់ ដោយសារ​តែ​អាកាសធាតុក្តៅហួតហែង។ មុននឹងក្រុមរបស់លោកស្រីបញ្ចេញប្រតិកម្ម លោក​ស្រីកេកហ្គាឡាប្រ៊ុយ (Kek Galabru) ប្រធានអង្គការលីកាដូបាន​ធ្វើការអំពាវនាវដល់អាជ្ញាធរ យ៉ាងដូច្នេះថា « យើងចង់ឃើញអ្នកភូមិ​ដែល​ត្រូវ​ឃាត់ខ្លួនក្នុងក្រប ខណ្ឌវិវាទដីធ្លី និងដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារ ត្រូវ​ដោះលែងអោយមានសេរីភាពឡើងវិញ ហើយនឹងសូមអោយ​បញ្ចប់​ការ​បណ្តេញចេញ និងការចាប់ខ្លួនទាក់ទងនឹងបញ្ហាដីធ្លី »។ បន្ទាប់មក លោក​ស្រីសកម្មជនបានធ្វើដំណើរនៅលើផ្លូវដ៏សែនតូចចង្អៀតក្នុងភូមិដែលមាន​សភាពប្រៀបបានដូចជាជំរុំជនភៀសខ្លួនមួយអញ្ជឹង។ 

 

អ្នក​ស្រី​ប្រធាន​បានចង្អុលបង្ហាញកូនខ្ទមដ៏សែនកំសត់មួយ នៅចម្ងាយប្រមាណ​បួនដប់ម៉ែត្រពីទីនោះ  ដោយមានប្រសាសន៍ថា «មើលទីនោះចុះ មានមនុស្ស​ជាងដប់នាក់ហើយដែលបានស្លាប់បាត់បង់ជីវិត ជាពិសេសគឺក្មេងៗ ពួកគេ​ស្លាប់​​ដោយសារជំងឺគ្រុនឈាម។ ទម្រាំតែពួកយើងមកដល់គឺយឺតពេលទៅ​ហើយ...”។  អ្នកស្រីមានប្រសាសន៍ថា៖ “ម្ចាស់ផ្ទះនោះត្រូវការសម្រាកព្យា​បាល​នៅ​មន្ទីរពេទ្យ។ នៅពេលដែលឃើញកន្លែងស្នាក់នៅរបស់គាត់ យើងមិន​ឆ្ងល់​ទេថាហេតុអ្វីបានជាគាត់ឈឺ!”។ នៅតាមផ្លូវនីមួយៗដែលយើងឆ្លងកាត់​គឺមាន​ទិដ្ឋភាពដូចនេះទាំងអស់។ តាមផ្លូវយើងបានជួបស្រ្តីម្នាក់ដើរមកជិតក្រុម​ការងារ​ដើម្បីបង្ហាញបាតជើងរបស់គាត់ដែលប្រេះបែក ដោយសារតែកង្វះ​អនាម័យ។ រូបភាពទាំងនេះគឺឆ្លុះបញ្ចាំងពីការខ្វះខាតសព្វបែបយ៉ាងរបស់អ្នក​ភូមិ។

 

អនាគតដែលគ្មានភាពប្រាកដប្រជា
អង្គការក្រៅរដ្ឋាភិបាលបានបញ្ជាក់អោយដឹងថា គ្រួសារភាគច្រើនគ្មានប័ណ្ណកម្ម​សិទ្ធិកាន់កាប់ដី​ឡូតិ៍នេះទេ គឺមានតែលេខសំគាល់ដែលគ្មានសុពលភាពអ្វីទាំង​អស់​នៅ​ចំពោះ​មុខច្បាប់។ លោកស្រី Souhayr Belhassen បានបរិហារថា៖ «ពួកគេទទួលបានលិខិតសម្គាល់ដែលអាចអោយពួកគេសង់លំនៅដ្ឋាននៅលើដី​ដែលពួកគេគ្មានការធានាថាជាកម្មសិទ្ធិរបស់ខ្លួន»។ គ្រួសារណាដែលហ៊ាន​ចំណាយ​ប្រាក់សង់លំនៅដ្ឋានថ្មីនៅលើដីនេះ អាចនឹងប្រថុយប្រថាន។
 

គ្រោះមហន្តរាយនៃមនុស្សធម៌
“យើងពិតជាមានការភ្ញាក់ផ្អើលមែនចំពោះវិធានការបណ្តេញដោយប្រើកំលាំង​នៅទីក្រុងភ្នំពេញ។ គឺជាគ្រោះមហន្តរាយនៃមនុស្សធម៌យ៉ាងពិតប្រាកដ។ ថ្ងៃ​នេះយើងនៅភូមិអណ្តូង ហើយនៅទីនេះអ្នកភូមិរស់នៅក្នុងស្ថានភាពមួយដ៏​លំបាកអស់រយៈពេល២០ខែមកហើយ។ ពួកគេគ្មានទឹកស្អាតប្រើប្រាស់ គ្មាន​ហេដ្ឋារចនាសម្ព័ន្ធគាំពារសុខភាព និងគ្មានសាលារៀនសម្រាប់កូនៗរបស់ពួក​គេទេ”។ ចំណែកឯអ្នកស្រី Sara Colm តំណាងអង្គការឃ្លាំមើលសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​យល់​ឃើញថា ច្បាប់នៅកម្ពុជាមិនត្រូវបានអនុវត្តតាមអោយ​បាន​ត្រឹមត្រូវនោះទេ រីឯអ្នកភូមិណាដែលហ៊ានតវ៉ាប្រឆាំងនឹងការបណ្តេញ​ចេញ​តែងតែទទួលរងនូវការគំរាមកំហែង។ សកម្មជនសិទ្ធិមនុស្សរូបនេះបាន​រំលឹក​ផងដែរថា ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានប្រជា​ពលរដ្ឋជាង​​មួយ​រយនាក់​ហើយដែលត្រូវឃាត់ខ្លួនខណៈពេលដែលពួកគេព្យា​យាម​ការពារដី លំនៅដ្ឋានរបស់ពួកគេ និងធនធានធម្មជាតិដែលជាប្រភព​ចំណូល​របស់ខ្លួន។ ជាក់ស្តែង អ្នកភូមិសំបុកចាបពីររូបបានជាប់ពន្ធនាគារ​ពីរឆ្នាំពីបទបំផ្លាញ”ទ្រព្យសម្បត្តិសាធារណៈ” ដោយសារតែពួកគេព្យាយាម​ប្រឆាំងនឹងកងកំលាំងប្រដាប់អាវុធខណៈពេលដែលមានការបណ្តេញដោយ​កំលាំង។

ការបណ្តេញចេញ ការរំលោភបំពានដែលតែងតែកើតឡើងជាញឹកញាប់
បើ​តាមរ​បាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ បោះពុម្ពផ្សាយ​កាល​ពីថ្ងៃទី១១ កុម្ភៈ (“ការបណ្តេញដោយធ្វើការរុះរើលំនៅដ្ឋានរបស់​ប្រជា​ពលរដ្ឋដោយប្រើកំលាំង នៅកម្ពុជា:  ផ្ទះសម្បែងត្រូវរុះរើបំផ្លាញ ជីវិត​ត្រូវ​បំផ្លាញ”) ការបណ្តេញប្រជាពលរដ្ឋចេញពីកន្លែងធ្លាប់រស់នៅគឺជាទង្វើមួយ​ប៉ះពាល់ដល់ច្បាប់មនុស្សជាតិ ហើយប្រជាជនខ្មែរជាអ្នករងគ្រោះខ្លាំងជាងគេ។ មូលហេតុដែលជំរុញអោយមានការបណ្តេញនេះគឺការកើនឡើងនៃការផ្តល់សិទ្ធិ​សម្បទានសម្រាប់សកម្មភាពសេដ្ឋកិច្ច។ អង្គការមួយនេះដែលមានស្នាក់ការនៅ​ទីក្រុងឡុងដ៍ធ្វើការប៉ាន់ប្រមាណថាមានប្រជាពលរដ្ឋប្រមាណជាង១៥០ ០០០​នៅកម្ពុជាដែលត្រូវប្រឈមមុខនឹងគ្រោះថ្នាក់នេះ ដោយសារគម្រោងអភិវឌ្ឍន៍ ដោយសារវិវាទដីធ្លី និងការទិញលក់ដីធ្លីដែលធ្វើអោយដីឡើងថ្លៃ។ អង្គការ​ដដែលនេះបានអោយដឹងទៀតថា ចំនួនប្រជាពលរដ្ឋដែលគ្មានដីធ្លីនៅតាមជន​បទ និងដែលមានអត្រាប្រមាណ១២,៦% នឹងកើនដល់ជិត២០%នៅ៧ឆ្នាំ​ក្រោយ។ 

 

ក្រៅការកើនឡើងនៃអំពើហឹង្សាដែលបណ្តាលអោយប្រជាពលរដ្ឋជាប់ពាក់ព័ន្ធ​ត្រូវបាត់បង់លំនៅដ្ឋាន អង្គការការពារសិទ្ធិមនុស្សនានាក៏បានរិះគន់ចំពោះ​ទង្វើ​របស់​អាជ្ញាធរដែលមិនព្រមធ្វើការពិភាក្សា រឺក៏ផ្តល់ដំណឹងជាមុនដល់ប្រជាពល​រដ្ឋរងគ្រោះ មុននឹងចាត់វិធានការបណ្តេញ ហើយដំណោះស្រាយដោយប្រើ​កំលាំង​នេះត្រូវបានយកមកប្រើដោយគ្មានការរិះរកមធ្យោ​បាយផ្សេងៗ​ទៀតជា​មុន​សិននោះឡើយ។

 

ជាក់ស្តែង លោកធន សារាយ ប្រធានអង្គការអាតហុកមានប្រសាសន៍គូស​បញ្ជាក់ថា៖ “កង្វះតម្លាភាពរបស់អាជ្ញាធរទាក់ទិននឹងកម្មសិទ្ធិដីធ្លី និងការ​ជ្រើស​រើសយកដំណោះស្រាយដោយប្រើកំលាំងជំនួសអោយការចរចាដោយសន្តិវិធីដើម្បី​ស្វែងរកដំណោះស្រាយ បានបង្កអោយមានការភ័យខ្លាច អំពើហិង្សា និងភាព​ច្របូកច្របល់”។

 

ការភ័យខ្លាចចំពោះ”ការអភិវឌ្ឍន៍”
ជាក់ស្តែង នៅក្នុងរបាយការណ៍មួយស្តីពីការការពារច្បាប់សេដ្ឋកិច្ច និងច្បាប់​សង្គម ដែលត្រូវបានធ្វើឡើងក្នុងក្របខណ្ឌបេសកកម្មនៅកម្ពុជា របស់​គណៈ​ប្រតិភូតំណាងអោយអង្គការការពារសិទ្ធិមនុស្ស Observatoire កាល​ពីខែមិថុនា ២០០៧កន្លងទៅ អង្គការនេះបានរាយការណ៍ថា ក្នុងវេទិកា​សាធារណៈរៀបចំឡើងនៅភូមិ២៨ នាកណ្តាលទីក្រុងភ្នំពេញ ប្រជាពលរដ្ឋមួយ​ចំនួន​ដែលចូលរួមក្នុងវេទិកានោះបានពន្យល់ថា បច្ចុប្បន្ននេះពាក្យ “អភិវឌ្ឍន៍”ធ្វើអោយប្រជាពលរដ្ឋខ្មែរមួយចំនួនធំមានការខ្លាចរអាច្រើនជាងក្តី​សង្សឹម ព្រោះថាពាក្យនេះមានន័យភ្ជាប់ទៅនឹងការបណ្តេញចេញពីលំនៅដ្ឋាន​ដោយ​គ្មានសងការខូចខាត និងការផ្តល់ជម្រកថ្មីដោយគ្មានប័ណ្ណកម្មសិទ្ធិត្រឹម​ត្រូវ។ អ្នកខ្លះទៀតព្រួយបារម្ភខ្លាចពាក្យនេះនឹងត្រូវបានប្រើនៅពេលអនាគត​ដើម្បី​បណ្តេញពួកគេចេញពីលំនៅដ្ឋានថ្មី។

 

ក្តីសង្សឹមអ្វី?
អនុក្រឹត្យស្តីពីការផ្តល់ជម្រកថ្មីបច្ចុប្បន្នកំពុងតែត្រូវបានរៀបចំដើម្បីដោះស្រាយ​ករណីបណ្តេញចេញពីលំនៅដ្ឋានដែលរហូតមកទល់ពេលនេះលំនៅដ្ឋានថ្មីគ្មាន​លក្ខណៈសមស្រប។  ផ្ទុយទៅវិញ អង្គការ Observatoire បានគូស​បញ្ជាក់​ថា៖ “អង្គការការពារសិទ្ធិមនុស្សជាច្រើនមានការព្រួយបារម្ភខ្លាចអត្ថបទ​ច្បាប់​មួយនេះកាន់តែផ្តល់លទ្ធភាពច្រើនជាងមុនដល់ការដកហូតដីធ្លី និងការ​បង្ខំអោយផ្លាស់ប្តូរលំនៅដ្ឋានដោយប្រើកំលាំងចំពោះសហគមន៍ទាំងមូល។

 

ម្យ៉ាងវិញទៀត អង្គការ Observatoire វាយតម្លៃថា រហូតមកទល់ពេលនេះ “គ្មានស្ថាប័នណាមួយរឹងមាំ និងឯករាជ្យដើម្បីដោះស្រាយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ​លើ​ច្បាប់​សេដ្ឋកិច្ច និងសង្គម នូវដំណើរការ ចែកដី យ៉ាងច្រើនសន្ធឹកសន្ធាប់ និងមិនសមស្រប សម្រាប់ជាថ្នូរនឹងការបណ្តេញចេញពីលំនៅ”។ 

 

អនុសាសន៍នានា
អង្គការសិទ្ធិមនុស្សនានារួមគ្នារំលឹកដល់រដ្ឋាភិបាលកម្ពុជានូវកាតព្វកិច្ចរបស់​កម្ពុជា ក្នុងនាមជាប្រទេសដែលបានផ្តល់សច្ចាប័នកាលពីឆ្នាំ១៩៩២ លើ​សន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស ជាពិសេសលើកតិការសញ្ញាស្តីពីច្បាប់​សេដ្ឋកិច្ច សង្គម និងវប្បធម៌ដែលធានាដល់ការរស់នៅក្នុងជីវភាពសមរម្យ។ ជាក់ស្តែងជាងនេះទៅទៀត អង្គការទាំងនោះបានសុំអោយមាន​ឪសានវាទ​ដល់​រាល់​ការ​បណ្តេញ​ចេញដែលមានច្រើនសន្ធឹកសន្ធាប់ រហូតដល់ពេលមាន​ច្បាប់​ស្តី​ពីនីតិវិធីបណ្តេញ និងការផ្តល់ជម្រកថ្មីដល់ប្រជាពលរដ្ឋរងគ្រោះ ដែល​ឆ្លើយតបទៅនឹងលក្ខណៈស្តង់ដារអន្តរជាតិនៃសិទ្ធិមនុស្ស។

 

អង្គការក៏បានសំណូមពរផងដែរសុំអោយបញ្ឈប់ការឃាត់ខ្លួន ការឃុំឃាំងអ្នកភូមិដែលធ្វើការតវ៉ាប្រឆាំងនឹងការបណ្តេញ ព្រមទាំងសកម្មជន​ផេ្សងៗទៀតដែលពាក់ព័ន្ធនឹងរឿងការពារលំនៅដ្ឋាន និងសុំអោយប្រជាពលរដ្ឋ​ដែល​ទទួល​បានជំរកថ្មីមានប័ណ្ណកម្មសិទ្ធិស្របច្បាប់លើដីរបស់ខ្លួន និងសម្រួល​ដល់ការរស់នៅអោយមានលក្ខណៈសមរម្យដែលអាចទទួលយកបាន។ និយាយ​រួម អង្គការទាំងនោះទាមទារអោយមានវាសនដ្ឋានសង្គមសម្រាប់ទទួល​ប្រជា​ពលរដ្ឋដែលគ្មានលំនៅ។
 

 

 

 


សូមអានលើស៊ីតអាំតទែរណែតរបស់កាសែតនូវ

 

- ស្ថានភាពមិនសូវអំណោយផលដល់ដំណោះស្រាយបញ្ហាដីធ្លី  (២០/០២/២០០៨)

-


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ