កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ការ​ផ្អាក​អាពាហ៍​ពិពាហ៍​រវាង​ជនជាតិ​ខ្មែរ​និង​ជន​ជាតិ​បរទេស​នឹង​ត្រូវ​ដក​ក្នុង​ពេល​ឆាប់ៗ​នេះ
ដោយ ដួង សុខា   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៣-១០-២០០៨

Image

ភ្នំ​ពេញ (ឆ្នាំ​២០០៧) ​អាពាហ៍ពិពាហ៍​​រវា​ង​​ស្រ្តី​ខ្មែរ​​ជាមួយ​ជនបរទេស នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា
© ចន វីង / Magnum

ការ​​ទន្ទឹង​​រង់​ចាំ​របស់​សាមីខ្លួន ដែលមាន​គម្រោង​រៀប​ការ​ជាមួយ​ជន​បរទេស​ នឹង​​ត្រូវមកដល់​​បញ្ចប់​ ​ក្នុង​ពេល​ឆាប់ៗ​នេះ តាម​រយៈអនុក្រឹត្យ​​មួយ ដែលមាន ៣ជំពូក​ និង​១៨មាត្រា។ ​​មង្គល​ការ​​ទាំងនេះ​ត្រូវ​ជួប​ឧបសគ្គ​ តាំងពី​ចុងខែមីនា ឆ្នាំ​​២០០៨កន្លង​មក​ម៉្លេះ។ កាលពី​៧​ខែ​​មុន​នេះ អាជ្ញាធរ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​​​បាន​សម្រេច​ចិត្ត​ព្យួរ​ការ​រៀប​ អាពាហ៍​ពិពាហ៍​​​រវាង​​ប្រជាជន​កម្ពុជា​ជាមួយ​នឹង​ជន​បរទេស​ ហើយ​បាន​តាក់តែង​អនុក្រឹត្យ​មួយ ស្តី​ពី​ការ​​កំណត់​នីតិវិធី​អាពាហ៍​ពិ​ពាហ៍​ និង​បង្ការ​រាល់​ការ​រំលោភបំពាន​នានា។ អាជ្ញាធរ​កម្ពុជា​​សន្យា​​នឹង​​​ដក​​ការ​​ហាម​​ឃាត់​​នេះ​​នៅ​ថ្ងៃ​ណា​​​មួយ ​ ដែល​អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន។ គួរ​​បញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា​បាន​​ចាត់វិធានការ​នេះ ឆ្លើយ​តប​ទៅនឹង​របាយ​ការណ៍​​​មួយ​របស់​អង្គការ​​​អន្តោប្រវេសន៍​អន្តរជាតិ​ ដែល​បាន​សង្កត់ធ្ងន់​អំពី​ការ​កើន​ឡើង​នូវ​ចំនួន​ការ​រៀប​អាពាហ៍ពិពាហ៍​ ដែល​រៀប​ចំធ្វើ​ឡើង​តាម​រយៈ​ភ្នាក់ងាររៀប​ចំអាពាហ៍​ពិពាហ៍​​រវាង​​ជន​ជាតិ​ កម្ពុជា​​និងកូរ៉េ ហើយ​ក៏​បាន​​​លើក​ឡើង​​ពី​កា​រទទួល​រង​គ្រោះ​របស់​ភរិយាជាជនជាតិ​​កម្ពុជា​ ផង​ដែរ​​។

លោក​ សក់​ សេដ្ឋា​ រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​​ទទួល​​បន្ទុក​កិច្ចការ​នេះ បាន​ប្រកាស​ថា «ការតាក់តែង​អត្ថបទ​នេះ​ត្រូវ​បាន​បញ្ចប់​ ហើយឯកឧត្តម​​​ឧបនាយក​រដ្ឋ​មន្រ្តី​ (ស ខេង) បានចុះ​ហត្ថលេខា​​លើ​អនុក្រឹត្យ​នេះ និង​បាន​បញ្ជូន​មកកាន់​​ក្រសួង​ការ​បរទេស​ ដើម្បី​អោយឯក​ឧត្តម​ ហោ ណាំហុង ចុះហត្ថលេខា​ម្តង​។ គឺ​ជា​​បញ្ហា​​នៃ​ពេល​វេលាប៉ុណ្ណោះ»។ លោក​បាន​យល់​ព្រម​ធ្វើ​កា​​រ​​ពន្យល់​លំអិត​លើ​ចំណុច​សំខាន់ៗ​នៃ​ខ្លឹមសារ​​ អនុក្រឹត្យ​នេះ​ ដែល​នៅ​រង់​​ចាំ​​តែ​​​ហត្ថលេខា​​​​របស់​រដ្ឋ​មន្រ្តីការ​បរទេស​និង​សម្តេច​ នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​ប៉ុណ្ណោះ​។

លោកសក់​ សេដ្ឋា បាន​ពន្យល់ថា ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណង​រាស្រ្ត និង​ការ​បង្កើត​រាជ​រដ្ឋាភិបាល​ថ្មី បាន​ពន្យឺត​ការ​ដាក់អោយ​អនុវត្ត​អនុក្រឹត្យ​នេះ ដែល​បានតាក់តែង​ឡើង​ មុន​ដំណើរការ​បោះឆ្នោត​ថ្ងៃទី​២៧ កក្កដា នៅក្នុង​ក្រប​ខ័ណ្ឌ​នៃការ​ងារ​សហ​ប្រតិបត្តិការ​​មួយ រវាង​ក្រសួង​មហាផ្ទៃ ​ក្រសួង​ការ​បរទេស ក្រសួង​​យុត្តិធម៌ ក្រសួង​កិច្ច​ការ​នារី និង​ទីស្តីការ​គណៈរដ្ឋ​មន្រ្តី​។

«អនុក្រឹត្យ​នេះ​មាន​គោលបំណង​ បំពេញចន្លោះ​ប្រហោង​នៅក្នុង​ច្បាប់​ស្តីពី​អាពាហ៍ពិពាហ៍ និង​គ្រួសារ ដែល​មិន​បានលំអិត​ពី​​​នីតិវិធី​​អាពាហ៍ពិពាហ៍​រវាង​ប្រជាពលរដ្ឋ​ខ្មែរ​និង​ ជន​បរទេស​។ នីតិវិធីនេះ​ត្រូវ​បាន​កំណត់​មិន​ជា​ឆ្ងាយពីនីតិវិធី​របស់​ប្រទេស​គេ​ផ្សេង​ ទេ​»។

សម្រាប់​​​លោក​​រដ្ឋ​លេខាធិការ ចំណុច​សំខាន់​នៃ​អនុក្រឹត្យនេះ​គឺ​តម្រូវអោយ​ជនបរទេស​ទាំង​អស់​ ដែល​ចង់​រៀប​អាពាហ៍ពិពាហ៍​​ជាមួយ​ប្រជាពល​រដ្ឋ​ខ្មែរ​ «មក​បំពេញ​ទម្រង់បែប​បទ​ដោយ​ផ្ទាល់​ នៅ​ក្រសួង​ការ​បរទេស​កម្ពុជា​​»។ សំណុំ​បែប​បទ​ដែល​ជន​បរទេស​ទាំងនេះ​ត្រូវ​បំពេញ រួម​មាន​សំណើសុំរៀប​អាពាហ៍​ពិពាហ៍ ឯកសារ​​​ថត​ចម្លង​លិខិត​ឆ្លង​ដែន ទិដ្ឋាការ​ចូល​ទឹកដី​កម្ពុជា លិខិត​ស្ថាន​ភាព​គ្រួសារ(នៅលីវ ពោះម៉ាយ ម៉េម៉ាយ) លិខិត​បញ្ជាក់​សុខភាព លិខិត​ថ្កោល​ទោស និង​លិខិតបញ្ជាក់​អំពីមុខ​របរ​​។​ បន្ទាប់​មក​ ក្រសួង​ការ​បរទេស​មាន​រយៈពេល​ប្រាំ​ថ្ងៃ​ ដើម្បី​សិក្សា​ឯកសារ​ទាំង​នេះ​​​។ ប្រសិនជា​ក្រសួង​វាយតម្លៃថា​​សំណុំ​បែបបទ​​នេះ​​​ពេញលក្ខណៈនិងត្រឹមត្រូវ​ ក្រសួង​នឹង​ផ្តល់​សុពល​ភាព​ រួច​បញ្ជូនឯក​សារ​ទាំង​នេះ​​ទៅក្រសួង​មហាផ្ទៃ​ ដើម្បី​ត្រួត​ពិនិត្យ និង​ជូនព័ត៌មាន​ទៅកាន់ស្ថាប័ន​ពាក់​ព័ន្ធ​ ដូចជា​មន្រ្តីអត្រានុកូលដ្ឋាន​។​

ជា​ចុង​ក្រោយ គឺ​ក្រសួង​មហាផ្ទៃ​​ដែលត្រូវ​ពិនិត្យមើល​ និង​ចុះ​បញ្ជី​លើ​សំណើនេះ និង​ធ្វើការ​ឆ្លើយ​តប​ជា​​ចុង​ក្រោយមួយ។ ក្រសួង​ក៏ជូនព័ត៌មាន​ដល់​​​​​មន្រ្តី​​ឃុំ​-​សង្កាត់​​ដែល​​ពាក់​ព័ន្ធ​​ផង​ ដែរ។​ ដូច​នេះ សាមីជនទាំង​ពីរ​​អាច​ដាក់ពាក្យ​ស្នើសុំ​រៀប​អាពាហ៍ពិពាហ៍​ទៅកាន់​​​មន្រ្តី​ អត្រានុកូលដ្ឋាន​។ ជា​ចុងក្រោយ ចៅសង្កាត់ និង​មេឃុំ​ នឹង​ផ្តល់សុពល​ភាព​ រឺ​មិនផ្តល់ លើ​សំណើសុំរៀប​មង្គល​ការ​នេះ។ ប្រសិនជា​ចៅសង្កាត់ រឺមេឃុំមិនជំទាស់ទេ ចៅសង្កាត់ រឺមេឃុំនឹង​បិទ​ផ្សាយ​លិខិត​រៀប​អាពាហ៍ពិពាហ៍​ រយៈពេល​១០​ថ្ងៃ មុន​ថ្ងៃ​រៀប​ការ​។ រយៈពេលនេះ​ គឺទុក​សម្រាប់​អោយបុគ្គលគ្រប់​រូប​ដែលពាក់ព័ន្ធ​ធ្វើការ​ប្តឹង​ជំទាស់​ជា​ យថា​ហេតុ​ណាមួយ ទៅនឹង​មង្គល​ការ​នេះ។

នៅក្នុង​ស្ថាន​ភាព​នេះ តើ​ជន​បរទេស​នឹង​ត្រូវ​បានស៊ើប​​​អង្កេត​​ដែរ​រឺទេ? លោក​ សក់ សេដ្ឋា​ បាន​ឆ្លើយ​តប​យ៉ាង​ខ្លី​ថា «យើង​មាន​សំណុំឯកសារ​របស់ពួកគេ!»។ លោក​បាន​បន្ថែម​ទៀត​ថាឯក​សារ​ជន​បរទេស​មួយចំនួន ក្នុង​ចំណោម​​ជន​បរទេស​ទាំង​នោះត្រូ​បាន​ផ្តល់​សុពលភាព​​ដោយ​ស្ថានទូត។ «ដូច្នេះ ប្រទេស​របស់ពួកគេ​គឺជា​អ្នកទទួល​ខុស​ត្រូវ​មួយ​ផ្នែក​»។

អាពាហ៍ពិពាហ៍ «ស៊ីវិល»
លោក ​រដ្ឋ​លេខាធិការ​រូបនេះ​មិនចង់​អោយ​អនុក្រឹត្យ​ថ្មី​នេះ​ បង្កជាការភាន់ច្រឡំ​នោះទេ។​ លោក​បាន​សង្កត់ធ្ងន់ថា «​អ្នកខ្លះ​គិត​ថា​ ដើម្បី​រៀបការ​ គេ​គ្រាន់តែ​រៀប​ចំ​ពិធី​សែនព្រេន​ អញ្ជើញ​ភ្ញៀវ​ជាង​៤០តុ ... នេះ​គឺជា​អាពាហ៍​ពិពាហ៍​​​តាម​បែប​ប្រពៃណី និង​មិនត្រូវ​បាន​ទទួល​ស្គាល​ដោយច្បាប់​​​នោះទេ»។

ស្ថានភាព​ហិរញ្ញវត្ថុ​របស់សាមីខ្លួនទាំងពីរ
អនុក្រឹត្យ ​នេះ​មិនបាន​ដាក់​កំហិត​អោយជន​បរទេស​បង្ហាញ​ប្រាក់ចំណូល​របស់​ខ្លួន​​នោះទេ គ្រាន់តែត្រូវ​បង្ហាញលិខិត​បញ្ជាក់​មុខ​របរ​​​មួយច្បាប់ប៉ុណ្ណោះ​​។ «យើង​មិន​បាន​កំរិតថា​​ប៉ុន្មាននោះទេ (ប្រាក់ចំណូល)​ ព្រោះ​​ពី​ប្រទេស​មួយទៅប្រទេស​មួយ​ លក្ខខណ្ឌ​និង​តម្លៃជីវិត​ខុស​គ្នា។ លើស​ពីនេះ លក្ខខណ្ឌ​ខាងលើ​នេះ​អាច​ជា​វិធានការ​តឹង​រឹង​មួយ ដែល​អាច​ចាត់ទុក​ដូចជាការ​រើស​អើង​មួយ​​»។

ផល​ប្រយោជន៍​នៃ​អនុក្រឹត្យ​​ថ្មីនេះ
លោក ​រដ្ឋលេខាធិការ​បាន​សង្កត់ធ្ងន់ថា តាម​រយៈនីតិវិធី​ថ្មីនេះ អាជ្ញាធរ​កម្ពុជា​ចង់​ធានាថា រាល់អាពាហ៍ពិពាហ៍ទាំង​អស់​រវាង​ជន​បរទេស​និង​ជន​ជាតិកម្ពុជា កើត​ឡើង​ដោយ​ការ​ស្ម័គ្រ​ចិត្ត​ «គ្មានការ​បង្ខិតបង្ខំ​​ និងគ្មានអ្នក​គួកជេរ​»។ លោក​បាន​ធ្វើការ​វែក​ញែក​ថា​ «យើង​ចង់​បង្ការ​​ការរៀប​មង្គលការ​ក្លែង​ក្លាយ ឆបោក ករណី​ធ្វើអាជីវកម្ម និង​ជួញ​ដូរ​មនុស្ស​។ នេះ​មិន​​មានន័យថា កាលពីមុន រាល់ការ​រៀប​អាពាហ៍​ពិពាហ៍​​​រវាង​ជន​ជាតិ​ខ្មែរ​និង​បរទេស​ទាំង​អស់​សុទ្ធ​ សឹង​ជាការ​ឆបោក​នោះទេ!»។ លោក​បាន​លើក​ឡើង​ទៀតថា កាល​ពីឆ្នាំកន្លង​ទៅនេះ អាជ្ញាធរ​កម្ពុជា​បាន​បិទ​ភ្នាក់ងារ​រៀប​ចំអាពាហ៍ពិពាហ៍​កូរ៉េខាងត្បូង​ ចំនួនពី​រ។

អនុក្រឹត្យនេះ​មិន​បាន​ចែង​ពីទោស​បញ្ញត្តិ​របស់​​​អ្នក ​ប្រព្រឹត្ត​កំហុស​ផ្ទុយទៅនឹង​ច្បាប់ ពីព្រោះ​ ​ការប្រព្រឹត្តកំហុស រឺ ​ការ​ប្រើប្រាស់​ឯកសារ​​ក្លែង​ក្លាយ​ត្រូវ​បាន​កំណត់​នៅក្នុ​ង​ច្បាប់​រួច​ ទៅ​ហើយ​។

ទោះបីជា​​​រដ្ឋាភិបាល​បង្ហាញពីឆន្ទៈ​ «ការពារ​ផល​ប្រយោជន៍ពល​រដ្ឋ​»ក៏​ដោយ​ ក៏​លោក​សក់ សេដ្ឋា មាន​ប្រសាសន៍​ឥត​លាក់លៀម​ថា​វា​អាស្រ័យ​ទៅលើ​ពលរដ្ឋ​ខ្លួនឯង​ផ្ទាល់ផងដែរ។ លោក​រដ្ឋលេខាធិការ​​បាន​វាយតម្លៃថា ​«ពួកគាត់​ត្រូវ​ស្វែង​យល់​​​លើ​នីតិវិធី​ថ្មីនេះ ពេលនោះ ច្បាប់​នឹង​ការពារ​ពួកគាត់​។ ការ​​​ជួប​គ្នា​​ភ្លាម រៀបការជាមួយគ្នាភ្លែត​នៅក្នុង​ថ្ងៃ​តែមួយ​ ដោយ​មិន​​ធ្វើ​ការ​ស្វែង​យល់ចិត្ត​គ្នា​​​ជាមុន​សិន​ វាមិនអាច​ទៅរួច​នោះទេ។​ ​ ខ្ញុំ​ក៏​សូម​អំពាវ​នាវ​អង្គការ​ក្រៅ​រដ្ឋាភិបាល​អោយជួយ​អប់​រំ​ប្រជាជន​ ខ្មែរ ត្រង់ចំណុចនេះ។ គេ​មិន​ត្រូវ​​ជឿ​ជាក់​ថា​​ ការមាន​គ្រួសារ​​ជា​ជនជាតិ​បរទេស​​នឹងជួយ​ធ្វើ​អោយ​កំរិតជីវភាព​គ្រួសារ​ របស់ខ្លួន​បាន​ល្អ​ប្រសើរ​ជាងមុន​ និង​ដោះ​ស្រាយ​​​បញ្ហា​​របស់ខ្លួន​បាន​នោះទេ​! មនុស្ស​​​មួយ​​ចំនួន​បាន​​​ប្រថុយ​នឹងរឿងនេះ​​​»​។​

យល់ស្រប រឺ​ប្រឆាំងភ្នាក់ងាររៀបចំអាពាហ៍ពិពាហ៍
សង្គមស៊ីវិល ​មិនទាន់​បាន​ដឹង​​អំពីសេចក្តីលំអិត​នៃអនុក្រឹត្យ ដែលត្រូវ​បានទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសារ​នេះ​នោះទេ។ អ្នកស្រី​​នព្វ​ សារិនស្រីរ័ត្ន អគ្គលេខាធិការ​អង្គការ​កម្ពុជា​ដើម្បី​ជួយ​​​ស្រ្តីមាន​វិបត្តិ (Cambodian women’s crisis center)  បានពន្យល់ថា អ្នកស្រី​​ប្រឆាំង​ទៅនឹង​ភ្នាក់ងារ​រៀប​ចំ​អាពាហ៍ពិពាហ៍​ និង​អ្នក​គួកជេរ​​​ផ្សេងទៀត ដែល​ទទួល​បាន​ប្រាក់កំរៃ​​ពី​សេវាកម្ម​របស់ខ្លួន នៅ​​ក្នុង​​វិស័យនេះ​។ អ្នកស្រី​បាន​ណែនាំថា «ខណៈពេលដែល​សកម្មភាព​នេះ​អាច​ផ្តល់​នូវ​​ប្រាក់​កំរៃ​ ទ្វារនៅ​តែ​បើក​​​ចំហរ សម្រាប់​ការជូញដូរ​មនុស្ស​។ រដ្ឋាភិបាល​គួរ​តែ​បង្កើត​គណៈកម្មការ​​​មួយ ដើម្បីសិក្សា​និងត្រួត​ពិនិត្យ​សំណុំ​ឯកសារ​នៃ​ពាក្យ​ស្នើសុំ​រៀប​ អាពាហ៍ពិពាហ៍​ចម្រុះ​ជាតិសាសន៍នេះ»។

ទោះបីជា​ការ​ហាម​ឃាត់​ចំពោះ​ ភ្នាក់ងារ​រៀប​ចំអាពាហ៍ពិពាហ៍​​មិនត្រូវ​បាន​ចែ​ង​នៅក្នុង​ច្បាប់​​ក៏ដោយ ក៏លោក​សក់ សេដ្ឋា បានអោយ​ដឹង​ថា​រដ្ឋាភិបាល​នឹង​លុប​បំបាត់​ប្រភេទនៃការ​ធ្វើ​អាជីវកម្ម​នេះ​។ ​

លោក​ យី សុខសាន្ត​ ជំនួយការ​គម្រោង​បង្ការ​​​ការ​ជួញ​ដូរ​ស្រ្តីនិងកុមារ ប្រចាំ​ការិយាល័យ​​កម្ពុជានៃ​អង្គការ​អន្តោប្រវេសន៍អន្តរជាតិ​ មិនបាន​បង្ហាញការ​ជំទាស់​​របស់​លោកទេ។​ «យើង​គួរ​តែ​​​អនុញ្ញាត​អោយភ្នាក់ងារ​រៀប​ចំ​អាពាហ៍​ពិពាហ៍​ ធ្វើសកម្មភាព​​បែ​បនេះ​បាន​​ ប្រសិនបើ​ភ្នាក់​​ងារ​នោះស្រប​ច្បាប់​ និង​ត្រូវ​បាន​ត្រួត​ពិនិត្យ​ច្បាស់លាស់»។

ទោះ​បីជាយ៉ាង​ណា​ក៏ដោយ គេ​នៅ​រង់​ចាំមើល​ថា​ តើ​​ក្រោយ​​ការអនុញ្ញាត​អោយ​មានការ​រៀប​​​អាពាហ៍ពិពាហ៍​រវាង​ជន​ជាតិ​ខ្មែរ ជាមួយនឹង​ជន​បរទេសឡើ​ងវិញ​​ រដ្ឋាភិបាល​នឹង​អនុញ្ញាត​​អោយ​ភ្នាក់​​ងារ​​រៀប​ចំ​​អាពាហ៍​ពិពាហ៍​​ទាំងនេះ ​បន្ត​​​សកម្មភាពរបស់ខ្លួនដែរ​រឺទេ?

0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ