កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ប្រ​ធាន​គណៈ​មេធាវី​កម្ពុជា​ថ្មីនឹង​ធ្វើ​កំណែ​ទម្រង់​ពាក់​ព័ន្ធ​នឹង​ការ​ការ​ពារជន​ក្រី​ក្រ​ដោយ​មិន​យក​ថ្លៃ
ដោយ ដួង សុខា   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៣-១០-២០០៨

Image 

ភ្នំពេញ (ប្រទេស​កម្ពុជា​) ថ្ងៃទី​២០ តុលា ២០០៨៖ លោក ជីវ សុងហាក់ ប្រធានគណៈមេធាវី​ថ្មី​នៃព្រះរាជាណាចក្រ​កម្ពុជា​
©ចន វីង / Magnum

 

នៅក្នុងមហាសន្និបាតលោកទី៧របស់គណៈមេធាវីកម្ពុជា ដែល​មាន​ការ​ចូល​រួម​របស់​មេធាវី​ទូទាំង​ប្រទេស​ចំនួន​៤៦៧នាក់ កាលពីថ្ងៃទី១៦ តុលា លោកមេធាវី ជីវ សុងហាក់ ត្រូវបាន​សហ​​ភាតា​របស់​លោក​បោះឆ្នោ​ត​អោយ​ធ្វើ​ជា​ប្រធាន​គណៈមេធាវី​ អាណត្តិទី៧ រយៈពេល២ឆ្នាំ បន្តតំណែងពីលោកគី តិច បន្ទាប់​ពី​ការ​ឈរឈ្មោះសារជាថ្មី។ លោក​បានទទួល​សម្លេង​គាំទ្រ​​យ៉ាង​​ច្រើន​​លើស​​លុប (៣២៥​សម្លេង)​ ធៀបទៅនឹង​បេក្ខជន​ពីរ​រូប​ផ្សេងទៀត។ កាលពីខែតុលា ២០០៦ លោក​មិនបានជាប់ឆ្នោតនោះទេ។ កើត​នៅ​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ១៩៦៦ នៅ​ស្រុក​ស្អាង ខេត្តកណ្តាល លោកបានស្បថធ្វើជាមេធាវី កាលពីថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ​១៩៩៥​។

ចាប់​​​តាំង​​​​ពី​​ឆ្នាំ២០០០ រហូតមកដល់បច្ចុប្បន្ន លោកជាទីប្រឹក្សា​របស់​សម្តេច​ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា​ ទទួល​បន្ទុក​កិច្ច​ការ​ច្បាប់​ ហើយ​លោក​ក៏​ជា​សមាជិក​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់​នៃទីស្តីការ​គណៈរដ្ឋ​ មន្រ្តីកម្ពុជា​ផងដែរ តាំងពីឆ្នាំ២០០២មក។ លោក​បានអះអាងថាមុខងារទាំងនេះ​មិន​មែន​​ជា​មុខងារ​សាធារណៈ  ហើយ​មិន​មាន​វិសមភាព​ជាមួយវិជ្ជាជីវៈមេធាវីទេ។ ពីរឆ្នាំ​​ក្រោយ​​ពី​បាន​ទទួល​អនុបណ្ឌិត​ច្បាប់ លោក​ក៏បានទទួល​សញ្ញាបត្រ​អនុបណ្ឌិត​នយោបាយ​​នៅ​សាធារណៈ​រដ្ឋ​កូរ៉េ​ គឺនៅឆ្នាំ​២០០៤ ។ អតីត​សមាជិក​​ក្រុមប្រឹក្សា​គណៈមេធាវី​ចំនួន​បី​អាណត្តិ​រូប​នេះ ​ដែលសព្វថ្ងៃកំពុងបំរើការនៅ ក្រុមមេធាវីកម្ពុជា អន្តរជាតិ (Cambodia International Law Firm) នាទីក្រុងភ្នំពេញ បាន​បង្ហាញ​ពី​ឆន្ទៈ​របស់​លោក​ក្នុង​ការ​ធ្វើកំណែទំរង់​រដ្ឋបាល​និង​គ្រប់​ គ្រង់​គណៈមេធាវី​អោយ​កាន់​តែ​ប្រសើរ​ទ្បើង​ថែម​ទៀត ដោយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគណៈមេធាវី​បរទេស។ លោក​ក៏នឹងគ្រោងស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី បទបញ្ជាផ្ទៃក្នុង និង​ក្រមសីលធម៌មេធាវី ដើម្បីអោយការគោរពវិធានទាំងនេះ​ និង​វិជ្ជាជីវៈ​មេធាវី​កាន់​តែ​មាន​​ភាព​​ល្អ។

កាសែត៖ មានកត្តា​អ្វីខ្លះ ដែលបានធ្វើ​អោយលោកជាប់ឆ្នោត​ជា​ប្រធាន​គណៈ​មេធាវី​​នៅអាណត្តិ​ទី​៧​នេះ?
លោកជីវ សុងហាក់៖ ខ្ញុំជាមេធាវីម្នាក់ ក្នុង​ចំណោម​មេធាវីជំនាន់​ទីមួយ ហើយ​ខ្ញុំធ្លាប់​​មាន​គុណ​សម្បត្តិ​ច្រើន​ ក្នុង​ការ​ជួយ​ជ្រោ​ម​ជ្រែង​គណៈមេធាវី ក៏ដូចជា​ជួយ​​ជ្រោម​ជ្រែង​​សមាជិក​​គណៈមេធាវី​​​កន្លងមក​។ ខ្ញុំ​បាន​ធ្វើ​អំពើល្អ ដល់មេធាវី សំដែង​​នូវ​ការ​ការពារ​វិជ្ជាជីវៈ​មេធាវី ក៏ដូចជាការ​ការពារ​ដល់សមាជិកទាំង​អស់​ ដោយ​មិន​អោយ​​អំណាច​តុលាការ​រំលោភ​ទៅលើ​សិទ្ធិ​របស់មេធាវី ក្នុង​ការ​បញ្ចេញ​​មតិ​ក្នុង​ក្រប​​ខ័ណ្ឌ​នៃវិជ្ជាជីវៈ​របស់​ខ្លួន។ ម្យ៉ាងវិញទៀត សហភាតា​​ទាំង​អស់​ គាត់យល់​ថា​​ខ្ញុំមាន​សមត្ថភាព ដោយសារទីមួយ គាត់ឃើញថា​ខ្ញុំមាន​ទំនាក់​ទំនង​ល្អ​ជាមួយ​មិត្ត​មេធាវី​ទាំង​អស។ គេស្រឡាញ់​រាប់​អាន​ខ្ញុំ​ ហើយ​ខ្ញុំ​មិន​ដែល​​ឆ្មើង​កន្ត្រើង​​​ចំពោះគេ។ ខ្ញុំ​តែង​តែ​ផ្តល់នូវ​អ្វីដែល​គេ​ចង់បាន។​ ឧទាហរណ៍ មេធាវី​ជំនាន់​ក្រោយ គេ​សួរ​ខ្ញុំអំពី​បញ្ហា​ច្បាប់ ពីបច្ចេកទេស​មួយចំនួនពាក់ព័ន្ធ​នឹងការ​តាក់​តែង​លិខិត​ស្នាម​ពាណិជ្ជកម្ម​ ខ្ញុំ​ប្រាប់ទៅគេ​ដោយឥត​មានទារ​ថ្លៃ រឺក៏​ឥត​​មាន​​​រអែង​ក្នុង​ចិត្ត​ថា​គេ​ចចេស រឺ​ដណ្តើម​មុខងារ​យើង​។ ខ្ញុំមាន​គំនិត​ទូលំទូលាយ​ជួយដល់មេធាវី​ទាំងអស់​។ អញ្ជឹង ដោយសារ​អំពើល្អ​របស់ខ្ញុំ ធ្វើអោយ​ពួកគេ​យល់​ថា​ខ្ញុំ​សមស្រប​ អាច​ធ្វើជា​ប្រធាន​គណៈមេធាវី​បាន។ ម្យ៉ាង​វិញទៀត សមត្ថភាព​​​ទំនាក់ទំនង​ជាមួយអន្តរជាតិ ជាមួយបណ្តា​មិត្ត​មេធាវី​ផ្សេងៗ​ទៀត នៃបណ្តា​ប្រទេស​​​មួយ​ចំនួន គឺខ្ញុំមាន​ទំនាក់ទំនង​ល្អ។

កាសែត៖ បន្ទាប់ពីជាប់ឆ្នោតជា​ប្រធាន​គណៈមេធាវី​ តើលោក​គ្រោងនឹង​ធ្វើកំណែ​ទម្រង់​អ្វីខ្លះ​នៅ​ក្នុង​​គណៈមេធាវី?
លោកជីវ សុងហាក់៖ ​ ពេលដែល​ខ្ញុំ​ចូលកាន់តំណែង​ជា​ប្រធាន​គណៈមេធាវី​​ភ្លាម ខ្ញុំនឹង​រៀប​ចំ​រចនាសម្ព័ន្ធ​គណៈមេធាវី​អោយល្អ ជាពិសេស​រចនា​សម្ព័ន្ធ​រដ្ឋបាល​​ដើម្បី​អោយគណៈមេធាវី​មាន​​ដំណើរ​ការ​ទៅមុខ​ រលូន ហើយបម្រើ​វិស័យ​យុត្តិធម៌​​អោយ​បានល្អ​ប្រសើរ​។ យើង​ត្រូវ​រៀប​ចំ​ថា​តើ​គណៈមេធាវី​ហ្នឹង​ត្រូវធ្វើ​អ្វីខ្លះ? នេះ​ជាសំណួរ​មួយ​ដែល​ខ្ញុំ​សួរ​ខ្លួនឯង​។ តើ​ខ្ញុំ​ជា​ប្រធាន​ ខ្ញុំ​ត្រូវ​ធ្វើអ្វីខ្លះ? ហើយ​ខ្ញុំ​ត្រូវ​រៀប​ចំគណៈមេធាវី​យ៉ាង​ដូចម្តេច ដើម្បី​ឆ្លើយ​តប​​ទៅនឹង​សភាព​ការណ៍​​​វិវិត្តន៍​បច្ចុប្បន្ន​នៅក្នុង​ប្រទេស ​ ក៏ដូចជា​នៅបរទេស​?។ ខ្ញុំត្រូវ​រៀប​ចំធ្វើ​កំណែ​​ទម្រង់​​ពាក់ព័ន្ធ​នឹង​ការការពារ​ជនក្រីក្រ ដោយមិន​យក​ថ្លៃ ដោយមានការ​ចូលរួម​ពីសហភាតា​មេធាវី​ទាំងអស់នៅលើ​ទឹក​ដី​កម្ពុជា​ ដែលជា​សមាជិក​គណៈមេធាវី​​។ យើងនឹងបន្ត​ធ្វើជាដៃ​គូ​ជាមួយរដ្ឋាភិបាល​ក្នុង​កំណែទម្រង់​ប្រព័ន្ធ​ យុត្តិធម៌​និងតុលាការ​។ ចំពោះ​ការ​​រៀប​​ចំ​គណៈមេធាវី​​​​​​ពី​ដើមមក គណៈមេធាវី​កើតដំបូង​ វាមាននាយកដ្ឋាន​អ្វី​ខ្លះ​ ប៉ុន្តែ ក្រោយ​មក គណៈមេធាវី​ប្រហែល​ខ្វះថវិកា។ ដូច្នេះ នាយកដ្ឋាន​ទាំង​អស់​នោះ​​ត្រូវដូរ​ទៅជាតូចវិញ។ ពីដើម យើង​មាន​នាយដ្ឋាន​ទ្រង់ទ្រាយធំ ប៉ុន្តែ​ក្រោយ​​មក​ ក្នុង​សម័យ​លោកគី តិច នេះ​ ខ្ញុំលឺសូរ​ថា​មាន​ដូរ​នាយកដ្ឋាន​ ដូចជា​នាយក​ដ្ឋាន​​ការពារ​ជន​ក្រីក្រ មកជា​តូច​វិញ​។ ខ្ញុំមិនដឹង​តូចប៉ុណ្ណា​ទេ ខ្ញុំត្រូវ​ពិភាក្សា​​ជាមួយគាត់ដែរ។ បើសិន​ជា​នាយកដ្ឋាន​​នោះថយ​មកតូចវិញ ខ្ញុំនឹង​ពង្រីក​​អោយទៅជានាយកដ្ឋាន​​វិញ។ ខ្ញុំ​នឹង​បង្កើត​នាយកដ្ឋាន​ទំនាក់ទំនង​​អន្តរជាតិ នាយកដ្ឋាន​រដ្ឋបាលមួយ ដើម្បីគ្រប់​គ្រង​គណៈមេធាវី​អោយមាន​តម្លាភាព​ អោយមានរបៀប​ត្រឹមត្រូវ មានអភិបាល​កិច្ច​ល្អ​។ ចំណុច​មួយ​ទៀត ខ្ញុំនឹង​រៀប​ចំនាយកដ្ឋាន​​បណ្តុះបណ្តាល​ បោះពុម្ព​ផ្សាយ និង​គម្រោង​សិក្សា​។ នាយក​ដ្ឋាន​​ការពារ​ជនក្រី​ក្រ ទាក់ទង​តែកិច្ច​ការ​ការពារជនក្រីក្រ ហើយ​រៀប​ចំ​ថវិកា​គម្រោង​​យ៉ាង​ណា អោយ​បាន​ការពារ​ជន​ក្រីក្រ ព្រោះជា​ថវិកា​របស់​គណៈមេធាវី​។ សព្វថ្ងៃនេះ គណៈមេធាវី​មានថវិកា​មិនគ្រប់គ្រាន់​ ដើម្បីការពារ​ជន​ក្រីក្រ​ អញ្ជឹង​នាយកដ្ឋាននេះ​មានភារៈកិច្ច​រៀប​ចំគម្រោង ដើម្បីសុំថវិកាបន្ថែមពីអង្គការ​អន្តរជាតិ​ផ្សេង​ៗ ដែល​គេ​ស្នេហា​យុត្តិធម៌ អោយ​គេជួយ​ដល់​គណៈមេធាវី ដើម្បីអោយ​យើង​មាន​លទ្ធភាព​​ក្នុង​ការ​​ផ្តល់​ថវិកា​មួយ​ចំនួនដល់​មេធាវី​ ដែល​ស្ម័គ្រ​ចិត្ត ទៅការពារ​ជន​ក្រីក្រ រឺក៏មេធាវី​ដែលស្ថិត​នៅ​ក្នុង​នាយកដ្ឋាន​​ការពារជ​ន​ក្រីក្រ។ ចំណែកឯនាយក​ដ្ឋាន​​ទំនាក់​ទំនង​​អន្តរជាតិ​ ​ត្រូវ​ធ្វើ​ទំនាក់​ទំនងអោយបានល្អ​​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ ដែលគេ​ធ្លាប់​ជួយ​គណៈមេធាវី ដូចជា​គណៈ​មេធាវី​​អាមេរិកកាំង ​កាណាដា ជប៉ុន បារាំង​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ មេធាវី​គ្មានព្រំដែន។ ខ្ញុំសូមបញ្ជាក់ថា​​នៅក្នុង​ច្បាប់​ គណៈមេធាវី​មាន​ភារៈកិច្ច​ការពារ​ជន​ក្រីក្រ​។ ​កន្លង​មក ប្រធាន​គណៈ​មេធាវី​​បានធ្វើសកម្មភាព​ការពារ​ជន​ក្រីក្រ​នេះ​បាន​ច្រើន​ហើយ ប៉ុន្តែគំនិ​ត​របស់ខ្ញុំ ចង់​បង្កើន​ការការពារ​​ជន​ក្រីក្រ​នេះ​អោយ​បានច្រើន​ទៀត ព្រោះ​យើង​សង្កេត​ឃើញ​​ថា​សព្វ​ថ្ងៃ​នេះ យើង​មានច្បាប់​ថ្មីៗ ហើយ​ច្បាប់ទាំងនោះ​ ដូចជា​ច្បាប់​រដ្ឋ​ប្បវេណី​​ ច្បាប់​នីតិវិធី​​រដ្ឋ​ប្បវេណី បានកំណត់​បណ្តឹង​រដ្ឋប្បវេណី​​ត្រូវ​តែ​បង់​ប្រាក់។ ដូច្នេះ អ្នកក្រីក្រ​គ្មាន​លុយបង់​​ទេ។ អញ្ជឹង​យើងជា​គណៈមេធាវី មានកាតព្វកិច្ច​មួយជួយ​ដល់​ពួកគាត់​។ ទីមួយ ថា​តើ​រដ្ឋ​ត្រូវ​បង្ខំ​អោយ​គាត់បង់​​រឺយ៉ាងណា រឺក៏យើង​សុំអោយ​គាត់រួច​ពីការបង់​។ ទីពីរ យើង​ការពារជន​ក្រីក្រ​ដោយមិន​យក​ថ្លៃ តែ​ចំពោះ​មេធាវី​ គាត់​នៅតែ​យក​ថ្លៃពីគណៈមេធាវី​ដដែរ។ អញ្ជឹង​ យើង​ត្រូវ​រក​ថវិកា​មួយ​ចំនួន​បង់អោយមេធាវី​ ដែល​ការពារ​ជនក្រីក្រ​នោះ​។ យើង​បង់​អោយ​​តាម​​កំរិត​។ នេះជា​ការ​​រួមចំណែក​មួយ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រទេស​ជាតិ ហើយជា​នយោបាយ​ចតុកោណ​របស់រដ្ឋាភិបាល​ដែរ។

កាសែត៖ មក​ទល់ពេលនេះ តើទំនាក់ទំនង​រវាង​គណៈមេធាវី​កម្ពុជា​និង​គណៈមេធាវី​បរទេស​មាន​លក្ខណៈដូចម្តេចដែរ? តើដៃគូណា​ដែល​សំខាន់​ជាង​គេ?
លោកជីវ​ សុងហាក់៖ ចំណុច​​នេះ​ហើយ​ ដែល​ខ្ញុំត្រូវការ​បង្កើត​នាយកដ្ឋាន​ទំនាក់​ទំនង​អន្តរជាតិ។ គោល​​បំណង​របស់ខ្ញុំ​ ធ្វើអោយ​កាន់តែរឹង​មាំ​រវាង​មិត្តភាព​គណៈមេធាវីកម្ពុជា​យើង ​ ជាមួយ​នឹង​គណៈមេធាវីនៃ​ប្រទេស​ផ្សេងៗ ​។ ខ្ញុំនឹង​សហការ​ជាមួយ​គណៈមេធាវី​​អាមេរិកកាំង​ កាណាដា​ ជប៉ុន នឹង​បារាំង ដែលជា​ដៃគូ​ជួយ​គណៈមេធាវី​​កម្ពុជា តាំងពីដើម​មក។ រយៈកាល​កន្លងមក ខ្ញុំ​មិនដឹង​ជាសូវ​ច្បាស់​ដែរ ក្នុងរយៈពេល​លោក​ប្រធាន គី តិច​ ពី​ទំនាក់ទំនង​ជាមួយ​បណ្តា​ដៃគូ​ទាំង​អស់ ​និង​វាមានការ​ស៊ីជម្រៅ​ដល់កំរិត​ណា។ យើង​ចង់បាន​ស្តង់​ដារ​មួយ ដែល​មាន​​កំរិត​ខ្ពស់​ដូចគេ​ដែរ និងត្រូវ​សុំ​អ្វី​ដែលយើងមិនយល់​ពីគេ ព្រោះស្ថាប័នគណៈមេធាវី​នៅ​ប្រទេស​ណាក៏ដោយ សុទ្ធ​តែ​អ្នក​ខ្ពង់​ខ្ពស់ និងជា​បណ្តុំ​អ្នក​ចេះ​ច្បាប់។ ឈាន​មុខ​គេបំផុត​ គឺ​គណៈមេធាវី​ជប៉ុន។ គេ​បាន​ជួយ​ដល់​ការ​​បណ្តុះបណ្តា​ល​នៅមជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​និង​ សុក្រឹត្យការ​វិជ្ជាជីវៈ​​ គណៈមេធាវី រហូតមកទល់​បច្ចុប្បន្ននេះ ហើយ​គណៈមេធាវី​អាមេរិក​ក៏​បាន​ជួយ​មួយ​ចំណែក​ដែរ ដល់ការ​អប់រំ​បន្ត​នៃវិជ្ជាជីវៈ​មេធាវី​។ ដូចជា​អង្គការ​មេធាវីគ្មាន​ព្រំដែន​ ជួយ​​ផ្តល់​ថវិកា​មួយចំនួន​ដល់មេធាវី​ ដើម្បីការពារ​ជនក្រីក្រ​នៅ​តាម​ជនបទ​ដែរ។ នេះជាចំណុច​សំខាន់ៗ​។ កន្លង​មក យើង​បានចុះ​អនុស្សារណៈ​យោគយល់​​មួយ ជាមួយគណៈមេធាវីនៃ​ប្រទេស​​​ទាំ​ង​បួន​ (ជប៉ុន បារាំង អាមេរិក​កាំង និងកាណាដា​) ដើម្បីជួយ​ជ្រោម​ជ្រែង​ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាយើង​អោយ​បានទៅមុខ។ ប៉ុន្តែ ក្នុងរយៈ​ពេល​លោក​ប្រធានគី តិច​ ដឹកនាំ ខ្ញុំមិនដឹង​ថា​តើ​ គណៈមេធាវី​ទាំង​បួន​ដែល​បានចុះ​អនុស្សារណៈ​យោគ​យល់ ជួយបណ្តុះបណ្តាល​មេធាវី និងគេ​ជួយ​ គណៈមេធាវី ដល់កំរិត​ណា​ទេ។​ ពេល​ដែល​ខ្ញុំ​ចូលកាន់តំណែង​ ខ្ញុំ​នឹង​ពិនិត្យ​​​មើល​​ឡើងវិញនូវ​ចំណុច​ទាំង​អស់នោះ តើគេ​បានជួយ​បំពេញ កាតព្វកិច្ច​របស់គេ តាម​ការ​សន្យា ហើយ​យើង​បាន​ធ្វើអ្វី ទៅតាម​ការព្រមព្រៀង​ជាមួយគេ​រឺក៏​យ៉ាង​ណា។

កាសែត៖ កន្លងមក​ គណៈមេធាវី​បានធ្វើអ្វីខ្លះ ដើម្បីអោយ​ជន​ក្រីក្រ ជាពិសេស​ប្រជាពលរដ្ឋ​នៅតំបន់ដាច់ស្រយាលអាចទទួល​ការពិគ្រោះ​ផ្នែកច្បាប់ និងការការពារក្តី​បានពីគណៈមេធាវី? តាមមធ្យោបាយអ្វី ដែលពួកគាត់អាចទទួលសេវាកម្មច្បាប់បាន?
លោកជីវ សុងហាក់៖ ខ្ញុំសង្កេត​មើលកន្លង​មក ជនក្រីក្រ​ធ្វើតាម​រយៈតុលាការ​ភាគច្រើន​ ពេល​ណា​មាន​បណ្តឹង​។ ឧទាហរណ៍ កាលណា​មាន​បណ្តឹង​ព្រហ្ម​ទណ្ឌ រឿង​ឧក្រិដ្ឋ ​ច្រើន​​តែ​​តុលាការ​​​សុំ​មេធាវី​មកគណៈមេធាវីអោយទៅការពារ​ពួកគាត់ មួយឆ្នាំ​ៗ​មាន​ច្រើនណាស់ មកពីគ្រប់តុលាការ​ខេត្ត​ក្រុង​ទាំងអស់។ ពេល​ដែលខ្ញុំ​ឡើងកាន់តំណែង ខ្ញុំ​អំពាវនាវ​ដល់​ប្រជាជន​ក្រីក្រ​ទាំងអស់ ដែលនៅ​តំបន់ដាច់ស្រយាល ក៏ដូចជានៅតំបន់ទីក្រុងណា​ក៏ដោយ អោយ​គាត់​ទាក់​ទង​មកផ្ទាល់នៅ គណៈមេធាវី តែម្តង​ រឺក៏តាមរយៈការិយាល័យ​របស់​គណៈមេធាវី​ដែលប្រចាំ​នៅតាម​ខេត្តក្រុង​នីមួយៗ ព្រោះយើងមាន​គម្រោង​ជំនួយ​របស់​ជប៉ុន នឹង​បង្កើត​ការិយាល័យការពារជន​ក្រីក្រ នៅតាម​ខេត្ត​ក្រុង​ទាំងអស់ នៅទូទាំង​ប្រទេស។ ខ្ញុំសង្ឃឹមថា​គេ [គណៈមេធាវីជប៉ុន]​ នឹង​ធ្វើអោយ​យើង​ ហើយយើង​នឹង​បញ្ជូន​មេធាវីទៅប្រចាំ​នៅ​គ្រប់​ខេត្តកុ្រង។ បង​ប្អូន​ទាំង​អស់នឹង​ងាយស្រួល​ក្នុងការ​ធ្វើទំនាក់ទំនង​ អោយមេធាវីដែល​នៅ​​ប្រចាំ​ខេត្ត​ក្រុង ជួយ​ការពារខ្លួន ព្រោះខ្ញុំ​គិត​ថា​ទីតាំងដែលយើង​ធ្វើ​ មិនឆ្ងាយពីតុលាការ​ទេ។ យើងធ្វើនៅជិត​តុលាការ​ ដើម្បីអោយបងប្អូនយើង​ងាយស្រួល​ក្នុងការ​ទំនាក់ទំនង។

កាសែត៖ លោកយល់ឃើញ​ដូចម្តេច​ ចំពោះវិជ្ជាជីវៈ​មេធាវី​សព្វ​ថ្ងៃនេះ?​
លោកជីវ សុងហាក់៖ ​សព្វថ្ងៃនេះ គណៈមេធាវី​ក៏ដូចជា​សហភាតា​មេធាវី​ទាំង​អស់​ មាន​មុខនាទី​សំខាន់​ណាស់ ក្នុងការ​ធ្វើ​អោយ​ដំណើរការ​កាត់ក្តីរឿង​ព្រហ្មទណ្ឌ​​ប្រព្រឹត្ត​ទៅ​បានល្អ។ ប្រសិនបើរឿងក្តី​ទាំងនោះ គ្មាន​មេធាវីចូលរួម នីតិវិធី​ក៏​មិនអាច​ដំណើរ​ការ​បានទេ។ នេះជា​ច្បាប់​សុទ្ធសាធ។ នៅក្នុង​រឿង​រដ្ឋប្បវេណី មេធាវីក៏មានតួនាទីសំខាន់ដែរ ព្រោះសង្គម​​ដែលមានសេដ្ឋកិច្ច​ជឿន​លឿន ហើយប្រជារាស្រ្ត​មិនសូវយល់​ពីច្បាប់ ដល់ពេលគាត់មានវិវាទ​គ្នាទៅ បើ​ម្នាក់​មានមេធាវី ម្នាក់ទៀត​គ្មាន​មេធាវី ក៏វា​អយុតិ្តធម៌​ចំពោះគាត់ដែរ។ ព្រោះម្នាក់​មានចំណុច​ខ្លាំង​ខាង​ផ្លូវ​ច្បាប់​ និងការការពារ​កូនក្តី​របស់គាត់ ហើយ​ម្នាក់ទៀត​អត់មាន។ អញ្ជឹង​សព្វ​ថ្ងៃនេះ អ្នករក​ស៊ី​ធ្វើការ​ អាជីវករ ​រដ្ឋាភិបាល​ គាត់ត្រូវការ​មេធាវីទាំងសង​ខាង​ ពេលមាន​វិវាទ​។ ខ្ញុំ​សង្កេត​ថា​ប្រជាជន​កម្ពុជា​ យើងកាន់តែ​ឈាន​ទៅមុខ​ដែរ ចំពោះការ​យល់ដឹង​របស់​គាត់ ពាក់ព័ន្ធ​នឹងវិវាទ​នៅតុលាការ​។ ព្រោះតាមរបាយការណ៍​លោក​ប្រធាន​គី តិច កាលពីមហាសន្និបាត [ថ្ងៃទី១៦ តុលា ២០០៨]​ ប្រជាពលរដ្ឋ​យើង​ឥទ្បូវប្រហែល​ជា​៧០% ទៅ​៨០% យល់​អំពី​តួនាទី​ ភារៈកិច្ចរបស់​មេធាវី។ ​រឿង​ក្តី ទាំងអស់​សុទ្ធ​តែមាន​មេធាវីការពារ។​ នេះ​ជា​ចំណុច​វិជ្ជមាន​ ដែល​ធ្វើ​អោយមេធាវី​មានតួនាទី​សំខាន់​ក្នុងការ​ការពារ​អតិថិជន​របស់ខ្លួន។ ​ប្រសិនបើ​មេធាវី​គ្មាន​សមត្ថភាព​​ គ្មានសីលធម៌​ ប្រហែល​ជា​អតិថិជន​មិនពឹងពាក់​គាត់ទេ។ មេធាវីទាំងអស់​​ដែលជា​សហភាតា​សុទ្ធតែ​មាន​សមត្ថភាព​ខាងផ្លូវ​ច្បាប់​ ស្រដៀង​ៗ គ្នា​ វាមិនអាច​ដូចគ្នា​ទាំងអស់ទេ​ ប៉ុន្តែ គ្រាន់តែថា​វា​ប្រសើរ​ជាង​ប្រជាពលរដ្ឋ​ដែល​គាត់មិន​ចេះ​ច្បាប់សោះ។ ខ្ញុំ​សូម​អោយ​មេធាវីទាំងអស់​ មានសីលធម៌ល្អ គោរពនូវ​ក្រម​សីលធម៌ និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់ គណៈមេធាវី ជៀសវាង​ទំនាស់ផលប្រយោជន៍។ ដូចយើង​ធ្វើ​ការ​អោយ​កូនក្តីមួយ​ហើយ យើង​មិនត្រូវ​យក​រឿង​របស់​គាត់ប្រាប់​ទៅ​អ្នក​ដទៃ​ថា​ យើងធ្វើនេះ ធ្វើនោះ អោយអ្នក​នោះទេ។ នេះជាការសម្ងាត់។​ ខ្ញុំគិត​ថា​សព្វ​ថ្ងៃនេះ មេធាវីទាំងអស់​បានខិត​ខំប្រឹង​ប្រែង​រៀនសូត្រ​ចេះ​ដឹង​ ខំធ្វើយ៉ាង​ណាអោយខ្លួន​គេ​មានតម្លៃ​គ្រប់​ៗគ្នា។

កាសែត៖ នៅកំរិតណាដែរ ដែល​ក្រមសីលធម៌ លក្ខនិ្តកៈ​មេធាវី និង​បទបញ្ជាផ្ទៃ​ក្នុង​ត្រូវ​បាន​គោរព​ដោយមេធាវី?
លោកជីវ សុងហាក់៖ ច្បាប់ស្តីពីលក្ខន្តិកៈមេធាវីរបស់​យើង​មិនទាន់សុក្រឹត្យ​១០០%​ទេ ពី​ព្រោះច្បាប់នេះ ធ្វើ​តាំង​ពីឆ្នាំ​១៩៩៥​ ដោយមានគ្នាតែ២៩នាក់ ក្នុងនោះមានខ្ញុំដែរ។ ឥឡូវ​ យើងមាន​មេធាវី​៥០០ ទៅ​៦០០នាក់។ ក្នុងអាណត្តិ​ខ្ញុំ ខ្ញុំគិតថា​នឹងសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​ ព្រោះ ឥឡូវ​ យើងកាន់តែ​មាន​គ្នា​ ហើយធម្មតា​ការ​រក​ស៊ី​វា​តែង​តែ​មាន​ការ​ប្រកួត​ប្រជែង​គ្នា។ យើង​នឹង​អប់​រំ​មេធាវី អោយប្រកួត​ប្រជែង​តែខាងផ្លូវ​ច្បាប់​បានហើយ មិន​ត្រូវ​ប្រកួត​ប្រជែង​យ៉ាង​ណា​អោយ​មានជម្លោះនោះទេ ព្រោះយើងការពារ​អោយ​អតិថិជន​យើង​រៀង​ៗខ្លួន​។ ខ្ញុំនឹង​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់ស្តីពីលក្ខន្តិកៈ​មេធាវី លើមាត្រា​៣២ និងចំណុច​ពាក់ព័ន្ធ​​​នឹង​មេធាវី បរទេស​ ការចូលប្រឡង​ធ្វើជាមេធាវី ការ​បណ្តុះបណ្តាល​ ​នឹង​វិសមភាពវិជ្ជា​ជីវៈ។ យើង​ក៏នឹងនិយាយ​ពីកាតព្វកិច្ច​នៃការការពារ​ជនក្រីក្រ អោយ​បានទូលំទូលាយ​បន្តិច​នៅក្នុង​ច្បាប់។ ពីព្រោះ​ច្បាប់មានចែង​ដែរ ប៉ុន្តែ​យើង​ចែង​ខ្លី យើងមិនបាន​សរសេរ​អោយវែង​។ ដោយទ្បែក ក្នុង​មាត្រា​៣២ ចែង​ថា អ្នក​ដែល​​ចូលមេធាវីបាន លុះត្រា​តែមាន​បរិញ្ញាបត្រ​ច្បាប់ មានបទ​ពិសោធន៍​ច្បាប់​​ពីរ​ឆ្នាំ​ ​នឹង​អាច​ចូលធ្វើជា​មេធាវីបាន​ ដោយ​មិន​បាច់​ប្រឡង​ចូល​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​និង​សុក្រឹត្យ​វិជ្ជាជីវៈ​ មេធាវី​ទេ​។ ការ​ចូលដោយ​ផ្ទាល់នេះ​មាន​បញ្ហា ចំពោះ​អ្នក​ដែល​រៀន​សូត្រ​ ហើយ​អ្នកដែល​ចូលតាម​មាត្រា​៣២ គាត់មិន​បាន​រៀនបទ​បញ្ជាផ្ទៃ​ក្នុង​ ក្រម​សីលធម៌​មេធាវី​​ទេពីដើម​មក។ ប៉ុន្តែ ក្រោយមក​ លោក​ប្រធាន​គី តិច​ បាន​សម្រេច​ជាមួយ​ក្រុម​ប្រឹក្សាគណៈមេធាវី​ថា​ អ្នកចូលតាមមាត្រា​៣២នេះ ត្រូវ​តែ​ទៅរៀន​បទបញ្ជា​ផ្ទៃ​ក្នុង និងក្រម​សីលធម៌​។ ខ្ញុំ​ចង់អោយទៅ​តាម​រយៈសាលាបណ្តុះបណ្តាល​ទាំង​អស់ ជាការ​ប្រសើរ​។ ខ្ញុំ​គិត​ថា​វាយុត្តិធម៌ ចំពោះអ្នកមាន​សញ្ញាបត្រ​ដូចគ្នា​ ពី​ព្រោះ​គាត់ចូលសាលា ​រៀន​ច្បាប់បន្ថែម​ផង​ ​រៀនបច្ចេកទេស​នៃការការពារ​ក្តីផង រៀនពីបទ​បញ្ជា​ផ្ទៃ​ក្នុង​ និងក្រមសីលធម៌​ផង​។ ចំពោះ​ការ​ធ្វើវិសោធនកម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង​ ពាក់​ព័ន្ធនឹង​មហាសន្និបាត​គណៈមេធាវី ការទទួលមេធាវី មេធាវី​និង​អតិថិជន​របស់ខ្លួន និង​​ចំណុច​មួយចំនួនទៀត​ ខ្ញុំនឹង​ពិភាក្សាជាមួយ​​ក្រុម​ប្រឹក្សា​គណៈមេធាវី។


​ មាត្រា​ទី​៦នៃច្បាប់​យើងចែង​ថា ​ជនបរទេស​អាច​ធ្វើជាមេធាវី ប៉ុន្តែ​មិន​អាច​តំណាង​អោយកូនក្តី​នៅចំពោះ​មុខ​តុលាការ​បាទ​ទេ។ គាត់អាច​អម​មេធាវីខ្មែរ​ចំពោះ​មុខ​តុលាការ​។​ ឥឡូវ​វាមាន​បញ្ហា​​ចំណោទមួយ ដោយសារ​ស្រុក​យើង​​បានចុះ​កិច្ច​ព្រមព្រៀង​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក (WTO) ជាមួយ​បរទេស​ យើងត្រូវ​កែថា​អោយមេធាវី​បរទេស​អាច​ធ្វើវិជ្ជាជីវៈ​នៅទី​នេះ​​បាន ប៉ុន្តែ ត្រូវ​មាន​កំរិត​ណាមួយ​ដោយការយល់ព្រមពីគណៈមេធាវី មិន​អោយ​មេធាវីបរទេស​នោះ​​មករំលោភ​កិច្ចការ​របស់​មេធាវីខ្មែរ​ទេ។ យើងគ្រាន់តែ​អោយគាត់​ធ្វើ​តែ​កិច្ចការ​​ច្បាប់​ណា ពាក់ព័ន្ធនឹង​ច្បាប់បរទេស​ ច្បាប់អន្តរជាតិ។ បើច្បាប់​ខ្មែរ ទុក​អោយ​មេធាវីខ្មែរ។ ប្រទេស​ណា​ក៏​គេ​ការពារ​ជនជាតិ​គេ​ដែរ នៅក្នុង​វិជ្ជាជីវៈ​នេះ។ ខ្ញុំយល់​ថា​យើង​នឹងរៀប​ចំ​បែង​ចែក​​អោយច្បាស់​ថា​មេធាវីបរទេស​នោះ គាត់​ធ្វើបាន​កំរិត​ណា។ ​គណៈមេធាវីយើង ​នឹងចេញអាជ្ញាប័ណ្ណ​អោយគាត់ ដូចជា​មេធាវី​ខ្មែរដែរ គ្រាន់តែ​ថាចេញអោយគាត់មួយឆ្នាំម្តង វាមិនដូច​មេធាវីខ្មែរ ចេញ​អោយ​ម្តង គឺរហូត​នោះទេ លុះត្រា​តែ​អ្នកនោះមាន​បញ្ហា​អ្វី ដែលយើង​ត្រូវ​ដក​អាជ្ញាប័ណ្ណ​មក​វិញ។

កាសែត៖ តើចំនួន​មេធាវីជិត​៥០០នាក់សព្វថ្ងៃនេះ ឆ្លើយ​តបទៅនឹង​តម្រូវការ​របស់​ចំនួន​ប្រជាពលរដ្ឋ​​ទាំងអស់ទេ?
លោកជីវ សុងហាក់៖  បើ​ប្រៀបធៀបទៅនឹង​ប្រទេស​ផ្សេងទៀត ប្រៀប​ធៀប​ទៅនឹង​កំរិត​ជីវភាព​របស់ប្រជាជនកម្ពុជា​បច្ចុប្បន្ន​ ប្រហែលជា​ជិត​គ្រប់គ្រាន់ តែមិនទាន់គ្រប់​គ្រាន់ទេ។ យើងនឹ​ងបង្កើន​ចំនួន​បន្តិច​ទៀត ដើម្បីឆ្លើយតប​ទៅនឹង​ចំនួន​ប្រជាជន​បាន។​

កាសែត៖ បន្ទាប់​ពី​ដំណើរ​ការ​សាលាក្តីខ្មែរក្រហម​មក តើគណៈមេធាវី​កម្ពុជា​បានចូលរួម​ចំណែក​​​​អ្វីខ្លះ នៅក្នុង​តុលាការ​កូនកាត់នេះ?
លោកជីវ សុងហាក់៖ តាម​ខ្ញុំដឹង គណៈមេធាវីបានចូលរួម​ចំណែក​យ៉ាង​សំខាន់​នៅក្នុងការ​ធ្វើ​អោយ​​មាន​វិធាន​ ផ្ទៃក្នុ​ង​របស់​សាលាក្តីខ្មែរក្រហម ហើយធ្វើអោយ​សាលាក្តី​ខ្មែរក្រហម​នេះ​ ដំណើរ​​ការ​ទៅបាន​ ក៏ដោយ​សារ​គណៈមេធាវីដែរ។ ព្រោះយើង​ដឹង​ហើយថា ច្បាប់​ឧក្រិដ្ឋ​កម្ម​ រឺ​ច្បាប់​ព្រហ្មទណ្ឌ ការ​ការពារ​ជន​ជាប់ចោទ​ត្រូវតែមាន​មេធាវី។ បើគ្មាន​មេធាវី​ទេ ដំណើការ​នីតិវិធី​​មិនអាច​ធ្វើទៅ​បានទេ។ ដូច្នេះ​ ការសួរចម្លើយជនជាប់ចោទ ការកាត់ក្តី ត្រូវតែមាន​មេធាវី​​​ការពារ​នៅចំពោះមុខ។ នេះជា​កត្តា​សំខាន់​។ កន្លងមក ខ្ញុំ​បាន​ដឹង​ខ្លះ​ៗ​ថា គណៈមេធាវី​បាន​បំពេញ​តួនាទី​នេះយ៉ាង​សំខាន់​ និងចូលរួម​ជាមួយ​សាលាក្តី​ខ្មែរ​ក្រហម ដោយអនុញ្ញាត​អោយ​មេធាវី​បរទេស​ការពារ​ជនជាប់ចោទ​នៅចំពោះ​មុខ​ សាលាក្តីខ្មែរក្រហម ហើយមេធាវី​ទាំង​នោះ​ក៏​បាន​ស្បថ​ត្រឹម​ត្រូវ​ បានទទួលការ​អនុញ្ញា​ត​ពីគណៈមេធាវី​រួចហើយ​ដែរ។

កាសែត៖ តើ​លោក​បានគិតទុកជាមុន​ពីការលំបាក​ជាយថាហេតុ​ណាមួយ ដែលគណៈមេធាវី ​នឹង​ជួប​នៅក្នុង​អាណត្តិ​ទី៧នេះទេ?
លោកជីវ សុងហាក់៖ ខ្ញុំគិត​ជា​​មុនដែរថា ក្រោយពីខ្ញុំ​រៀបចំផែនការយុទ្ធសាស្រ្ត​ ដឹកនាំ​គណៈមេធាវី​ហើយ ខ្ញុំ​រៀប​ចំគម្រោង​ថវិកា​សម្រាប់ចាយប្រចាំឆ្នាំ ទៅលើ​មុខ​​សញ្ញា​នីមួយៗ  ប៉ុន្តែ​ ខ្ញុំមាន​ផែនការ​ធ្វើអញ្ជឹង ខ្ញុំ​មិនដឹងថា​ខ្ញុំ​រកលុយ​ពីណា​មក​បានទេ។​ នេះ​ជាការ​លំបាក​មួយផង​ដែរ ប៉ុន្តែ ទោះជារកលុយ​បានរឺមិនបាន​យក​មក​ដំណើរការ​នៅចំណុចទាំងអស់​ ខ្ញុំ​ត្រូវ​តែ​រៀប​ចំយុទ្ធសាស្រ្ត​អោយចេញ​សិន។ រឿង​រក​លុយ ខ្ញុំជឿ​ថា​មិត្ត​បរទេស​ទាំងអស់​ បើគេ​ឃើញ​ខ្ញុំ​លំបាក ប្រហែល​ជាគេអាចជួយ​។

កាសែត៖ លោកមានដំបូន្មានអ្វីខ្លះដល់អ្នកដែលចង់ក្លាយជាមេធាវីដ៏​ល្អមួយរូប?
លោកជីវ សុងហាក់៖ បើ​ប្អូន​ៗ​ទាំងអស់ ដែល​ចង់ក្លាយជា​មេធាវី ប្អូនៗ​ត្រូវមាន​​បរិញ្ញាបត្រ​ច្បាប់​។ ហើយ​ការ​រៀន​ច្បាប់នេះ​ រៀនអោយត្រឹមត្រូវ​ ទៅតាម​អ្វីដែល​ជាគោលការណ៍​របស់​សាលារៀន។​ ក្រោយមក​ ប្អូន​ៗ ត្រូវមកដាក់ពាក្យ​ប្រឡង​ នៅមជ្ឈមណ្ឌល​បណ្តុះបណ្តាល និង​សុក្រឹត្យកាល​វិជ្ជាជីវៈមេធាវី​។ ការ​ប្រឡង​នេះ វា​ទាមទារ​ទៅលើសមត្ថភាព​អ្នក​ចេះ​ដឹង​ខ្លាំង​ដែរ បានជាប់ ​ ព្រោះ​ពេល​ប្រឡង​ម្តង​ៗ មាន​មនុស្ស​ច្រើន ហើយការ​ជាប់វា​តិច​។​ ដើម្បី​អោយ​​ក្លាយទៅ​ជាមេធាវីមួយរូប​ដ៏ល្អ យើង​ត្រូវ​គោរព​ច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ត្រូវគោរព​បទ​បញ្ជា​ផ្ទៃ​​ក្នុង ​ក្រម​សីលធម៌​របស់មេធាវី។​ យើងត្រូវមានចំណេះដឹង​ខាង​ច្បាប់ អោយបានទូលំ​​ទូលាយ ត្រូវចេះ​ច្បាប់អោយបានច្រើន​វិស័យ នឹង​អនុវត្តច្បាប់​អោយ​បានល្អ។ ទាំងនេះ​ ជា​អនុសាសន៍​របស់ខ្ញុំ​។

0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ