|
អធិប្បាយចុងក្រោយ
|
| សាលាក្តីខ្មែរក្រហមៈ វិធានការសំណងជម្ងឺចិត្តសម្រាប់ជនរងគ្រោះស្ថិតនៅសភាពស្រពិចស្រពិល |
| ដោយ ស្ទេហ្វានី ហ្សេ | | | ១៥-១០-២០០៨ |
ភ្នំពេញ (កម្ពុជា) ថ្ងៃទី២៥ កុម្ភៈ ២០០៦៖ អ្នកភូមិត្រូវបានមជ្ឈមណ្ឌលឯកសារ កម្ពុជាអញ្ជើញអោយមកធ្វើទស្សនកិច្ចនៅសារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង © John Vink / Magnum
វិធាន ផ្ទៃក្នុងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានអនុញ្ញាតអោយជនរងគ្រោះអាចស្វែងរក «សំណងផ្លូវចិត្តនិងសមូហភាព» (វិធាន ២៣)។ ដូច្នេះ សំណងទាំងនេះត្រូវតែជាការខូតខាតខាងរាងកាយ សម្ភារៈ ជាព្យសនកម្មផ្ទាល់ខ្លួន និងបានកើតមានពិតប្រាកដមកទល់បច្ចុប្បន្ន ។ ប៉ុន្តែ សំណងទាំងនេះមិនអាចជាសំណងផ្ទាល់ខ្លួន រឺសំណងជាសម្ភារៈនោះទេ។ នៅក្នុងផ្នត់គំនិតរបស់មនុស្ស ពាក្យសំណងនេះនៅតែផ្សារភ្ជាប់ទៅនឹងសំណងជាហិរញ្ញវត្ថុ។ ហេតុដូច្នេះហើយទើបបានជាអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាមួយ បានចាប់ផ្តើមការងារចុះទៅជួបជាមួយជនរងគ្រោះ ដើម្បីពន្យល់ពួកគេអំពីគោលគំនិតដែលស្ថិតនៅក្នុងសភាពស្រពិចស្រពិលនៅ ឡើយនេះ ហើយនឹងអះអាងថាជនរងគ្រោះមិនបានចិញ្ចឹមក្តីសង្ឃឹមដែលមិនអាច សម្រេចបាននោះទេ និងពិចារណាបំពេញពាក្យស្នើសុំសំណងនៃការខូតខាតយ៉ាងពិតប្រាកដ ។ នៅក្នុងដំណាក់កាលនៃនីតិវិធីនេះ បញ្ហាជាច្រើនស្តីពីគោលការណ៍នៃច្បាប់ព្រហ្មទណ្ឌអន្តរជាតិនៅមិនទាន់ ដោះស្រាយ ពោលគឺ ស្ថិតនៅក្នុងដំណាក់កាលនៃការចាប់ផ្តើមនៅឡើយ។ ការបង្ការនូវការខកចិត្តរបស់ជនរងគ្រោះ កាល ពីថ្ងៃទី២៩ សីហាកន្លងទៅនេះ អង្គការការពារសិទ្ធិមនុស្សក្នុងស្រុកមួយ ឈ្មោះ អង្គការអាដហុក បានរៀបចំយុទ្ធនាការផ្សព្វផ្សាយព័ត៌មាន និងវេទិកាជជែកពិភាក្សាមួយ ស្តីពីបញ្ហាសំណងព្យសនកម្ម (សំណងនៃការខាតខាតផ្សេងៗ) ។ វេទិកាប្រភេទនេះផ្សេងៗទៀតនឹងត្រូវរៀបចំធ្វើឡើងនៅខែក្រោយៗទៀត នៅតាមខេត្ត។
ដើមបណ្តឹងរដ្ឋប្បវេណីចំនួន៧២នាក់ និង ជនរងគ្រោះ «ធម្មតា» ពីរបបប៉ុល ពត ដែលបានមកចូលរួមនៅក្នុងថ្ងៃនោះ ភាគច្រើនមានលទ្ធភាពស្នើសុំសំណងនៃការខូតខាតផ្សេងៗពីសាលាក្តីកាត់ ទោសអតីតមេដឹកនាំខ្មែរក្រហម ប៉ុន្តែ មិនមែនជាសំណងផ្ទាល់ខ្លួននោះទេ។
លោក អ៊ីន គៀ អនុប្រធានអង្គភាពប្រឹក្សានៃអង្គការអាដហុកបានរាយការណ៍អោយដឹងថា «ជាទូទៅ ជនរងគ្រោះបានទាមទារសំណងជាថវិកា ដើម្បីជួយដល់គ្រួសាររបស់ពួកគាត់ ដើម្បីសាងសង់ផ្ទះសំបែងដែលត្រូវបានបំផ្លិចបំផ្លាញឡើងវិញ រឺដើម្បីបង់ថ្លៃសិក្សារបស់កូនៗពួកគាត់»។ «ពួកគាត់បានអោយដឹងថាជនរងគ្រោះមានចំនួនយ៉ាងច្រើនលើសលុប ដែលចង់ទទួលបានសំណងផ្ទាល់ខ្លួន»។ ស្ថិតនៅក្នុងសភាពខូចចិត្ត ជនរងគ្រោះដែលបានមកចូលរួមទាំងនោះមិនយល់សោះថាតើហេតុអ្វីបានជា មានតែមេដឹកនាំប៉ុន្មានរូប ដែលត្រូវជំនុំជម្រះនៅចំពោះមុខច្បាប់។
ដើម្បីពន្យល់គំនិត របស់ពួកគេ វាគ្មិនបានលើកឧទាហរណ៍ ពាក់ព័ន្ធនឹងការផ្តល់សំណងសម្រាប់ជនរងគ្រោះ នៅបណ្តាប្រទេសផ្សេងៗទៀត ដូចជាជំនួយដល់ជនដែលត្រូវទទួលការវះកាត់ផ្នែកអវយវៈណាមួយ នៅប្រទេស Sierra Léone ការរកឃើញរណ្តៅរួម នៅហ្គាតេម៉ាឡា -ល- ។ បន្តិចម្តងៗ អ្នកចូលរួមបានបញ្ចេញមតិយោបល់របស់ខ្លួន ដូចជាទាមទារអោយសាងសង់ស្តូបអនុស្សាវរីយ៍មួយ នៅតាមខេត្តនីមួយៗក្នុងប្រទេសកម្ពុជា ការសុំទោសជាសាធារណៈរបស់ជនជាប់ចោទ អនុញ្ញាតអោយមានទិវាជនរងគ្រោះមួយ ជារៀងរាល់ឆ្នាំ ការបង្កើតកម្មវិធីគាំទ្រជំនួយផ្នែកស្មារតីមួយសម្រាប់ជនរងគ្រោះ ការបង្កើតមជ្ឈមណ្ឌលមនុស្សចាស់ និងស្រ្តីមេម៉ាយ រឺការសងថ្លៃចំណាយនៃការចូលរួមរបស់ដើមបណ្តឹងរដ្ឋប្បវេណី។
វិធានផ្ទៃ ក្នុងរបស់ អ.វ.ត.ក បានចែងថា «ការផ្តល់សំណងអាចធ្វើឡើងក្រោមរូបភាព ដូចជា ការបង្គាប់អោយបោះពុម្ពសាលដីកា រឺសាលក្រម នៅក្នុងសារព័ត៌មានសមស្របណាមួយ ដែលការចំណាយជាបន្ទុករបស់ទណ្ឌិត -ការបង្គាប់អោយផ្តល់មូលនិធិដល់សកម្មភាព រឺសេវាកម្មមិនរកប្រាក់ចំណេញណាមួយ ដែលមានគោលបំណងផ្តល់ប្រយោជន៍ដល់ជនរងគ្រោះ -ទម្រង់ដទៃទៀតនៃសំណង ដែលមានលក្ខណៈសមស្របនិងប្រហាក់ប្រហែល»។ លោក Ruben Carranza* បានបកស្រាយថា «ឧទាហរណ៍ខាងលើនេះចង់បង្ហាញអោយឃើញថា សាលាក្តីរីករាយផ្តល់សំណងសមូហភាព រឺនិមិត្តរូប សម្រាប់ជនរងគ្រោះដែលទទួលរងផលប៉ះពាល់ […]»។ លោកគឺជាដៃគូសហការដ៏សំខាន់របស់អង្គភាពសំណង និងការិយាល័យប្រចាំទ្វីបអាស៊ីក្នុងតំបន់ នៃ ICTJ ដែលមានទីស្នាក់ការនៅទីក្រុងញ៉ូយ៉ក។
លោក Andrew Dickie មន្រ្តីនៃកម្មវិធីសង្កេតការណ៍ អ.វ.ត.ក ប្រចាំអង្គការអាដហុក បានកត់សម្គាល់ថា «ការសំខាន់គឺមិនត្រូវបំភ្លេចនូវអ្វីដែលបានកើតឡើងកាលពីអតីតកាលនោះ ទេ។ បន្ទាប់ពី សាលាក្តីនឹងបញ្ចប់បេសកកម្មរបស់ខ្លួនរួចរាល់ជាស្ថាពរ ការងារនៃការចងចាំនឹងត្រូវអនុវត្តបន្ត» បើមិនដូច្នោះទេ លែងមានអ្នកណាចងចាំជនរងគ្រោះទៀតហើយ។
ជនរងគ្រោះមិនមានភាពច្បាស់លាស់ពីការបាត់បង់របស់ខ្លួន នៅថ្ងៃទី ២៩ សីហា ពេលវេលានៃការពិភាក្សាចេះតែដើរទៅមុខ។ រយៈពេលនៃការជជែកគ្នានេះមិនគ្រប់គ្រាន់នោះទេ។ លោកណៃ វាន់ដា ទទួលបន្ទុកផ្នែកទំនាក់ទំនងសារព័ត៌មាននៃអង្គការអាដហុកបានលើកឡើងថា «ជនរងគ្រោះម្នាក់បានមកជួបខ្ញុំ នៅល្ងាចថ្ងៃទី២៩នេះ ដើម្បីនិយាយប្រាប់ខ្ញុំថា គាត់ទាមទារសំណងនៃការខូតខាតជាទឹកប្រាក់ ៥០០០ដុល្លារ សម្រាប់ការសម្លាប់ភរិយារបស់គាត់ នៅសម័យខ្មែរក្រហម ចំណែកជនរងគ្រោះផ្សេងទៀតបានប៉ាន់ប្រមាណអំពីរបស់របរដែលពួកគាត់ បានបាត់បង់...។ ពួកគាត់មួយចំនួនមិនបានបោះបង់គំនិតដែលគិតថាសំណងនៃការខូចខាត គឺជាការផ្តល់ថវិកា។ ពួកគាត់បានប្រាប់យើងពីគោលជំហរនេះ»។
លោក Ruben Carranza បានពន្យល់ នៅក្នុងកិច្ចសំភាសន៍មួយ តាមទូរស័ព្ទ ថា «នៅក្នុងករណីនៃប្រទេសកម្ពុជា ឧក្រិដ្ឋកម្មដែលត្រូវកាត់ទោស បានកើតមានឡើងរយៈពេល៣០ឆ្នាំមកហើយ ហើយចាប់តាំងពីកើតមានសោកនាដកម្មនេះមក ជនរងគ្រោះត្រូវជួបប្រទះនឹងភាពទុរគត។ ពួកគាត់មិនការលំបាកក្នុងការកាត់ផ្តាច់ចេញពីការរំលោភបំពាន ដែលពួកគាត់ធ្លាប់បានទទួលរងគ្រោះនៅសម័យខ្មែរក្រហម និងជីវភាពក្រខ្សត់នាពេលសព្វថ្ងៃនេះណាស់។ ហេតុដូច្នេះហើយ ពួកគាត់តែងតែគិតដល់អ្វីដែលពួកគាត់ត្រូវការបំផុតនៅក្នុងជីវិត ប្រចាំថ្ងៃនាពេលបច្ចុប្បន្ននេះ»។
ពាក្យមួយម៉ាត់ដែល សង្កត់ធ្ងន់ នៅអំឡុងពេលសិក្ខាសាលានេះ គឺ «មិនត្រូវរង់ចាំអ្វីដែលមិនអាចកើតមានឡើងនោះទេ»។ លោក Ruben Carranza បានគូសបញ្ជាក់ថា«គេមិនអាចបង្អាក់ទឹកចិត្តរបស់ជនរងគ្រោះដែលមាន សង្ឃឹមច្រើននោះទេ ពួកគេគឺជាជនរងគ្រោះដ៏ពិតប្រាកដ...»។ ម្យ៉ាងវិញទៀត លោកបានចង្អុលបង្ហាញពីការមិនពេញចិត្តរបស់ជនរងគ្រោះ ដែលមើលឃើញថាធនធានជាច្រើនត្រូវចំណាយសម្រាប់កាត់ទោសមេដឹកនាំ ខ្មែរក្រហម ខណៈពេលពេលថវិកាតិចតួចត្រូវចំណាយសម្រាប់ជនរងគ្រោះ។
ម្យ៉ា ងវិញទៀត ជនរងគ្រោះបានស្នើសុំអោយមានការសាងសាង់ផ្លូវថ្នល់ និងមន្ទីរពេទ្យ ជាថ្លៃសំណង។ លោក អ៊ីន គៀ បានបញ្ជាក់ថា «ត្រូវបង្ហាញពួកគាត់អោយយល់ថាវិធានការបែបនេះ គឺជាបេសកកម្មនៃការអភិវឌ្ឍន៍របស់រដ្ឋាភិបាល ហើយមិនអាចត្រូវបានចាត់ទុកថាជាវិធានការនៃការសងថ្លៃខូចខា នោះទេ»។
ការចរចាដែលមិនត្រូវបានទន្ទឹមរង់ចាំ លោក ណៃ វ៉ាន់ដា «ការលើកយកបញ្ហានេះមកពិភាក្សាចាប់ពីពេលឥឡូវនេះទៅ គឺជារឿងចាំបាច់បំផុត។ នៅពេលការជំនុំជម្រះបានបើកសវនាការ ក្រសែភ្នែកទាំងអស់ផ្តោតការយកចិត្តទុកដាក់ទៅលើដំណើររបស់តុលាការ ហើយនៅពេលចេញសេចក្តីសម្រេច ម្នាក់ៗវិលត្រឡប់ទៅផ្ទះសំបែងរៀងៗខ្លួនវិញ»។ ចំណែក លោក Ruben Carranza បានសង្កេតឃើញថា «តុលាការនេះផ្តោតអារម្មណ៍ទៅលើនីតិវិធីព្រហ្មទណ្ឌ និងមានពេលវេលាតិចតួច សម្រាប់ចំណាយទៅលើបញ្ហាសំណងសម្រាប់ជនរងគ្រោះ។ មិនមានន័យថាតុលាការមិនចង់នោះទេ ប៉ុន្តែ តុលាការមិនដឹងថាតើគួរត្រូវដោះស្រាយយ៉ាងដូចម្តេច?»។ មនុស្សមួយចំនួនបាននិយាយថា ការវិភាគរបស់អ្នកជំនាញការខាងក្រៅតុលាការ (amicus curiae) គួរតែត្រូវបានស្នើនៅត្រង់ចំណុចច្បាប់នេះ ដោយអ.វ.ត.ក។
លោក Ruben Carranza បានវាយតម្លៃថា «ការប្រឹក្សាជាមួយជនរងគ្រោះ ស្តីពីទម្រង់នៃសំណងដែលពួកគាត់ត្រូវការនេះ មិនមែនជារឿងមិនសូវចាំបាច់នោះទេ។ ការប្រឹក្សានេះជួយដល់ពួកគាត់យល់ច្បាស់ពីអ្វី ដែលពួកគាត់អាចរង់ចាំ និងអ្វីដែលពួកគាត់អាចទាមទារ។ ដូច្នេះ ក្តីសង្ឃឹមរបស់ពួកគាត់នឹងមិនត្រូវបានបោកប្រាស់»។
ព្រំដែននៃសំណង លោក Ruben Carranza បានរម្លឹកថា «ទោះបីជាគណៈកម្មការ ការពិត និងការផ្សះផ្សារអាហ្វ្រិកខាងត្បូងបានទទួលជោគជ័យ នៅក្នុងកិច្ចការងារស្រាវជ្រាវយុត្តិធម៌អន្តរកាលក៏ដោយ ក៏គណៈកម្មការនេះទទួលបរាជ័យ ពាក់ព័ន្ធនឹងការផ្តល់សំណងដល់ជនរងគ្រោះ រដ្ឋាភិបាលបានផ្តល់សំណងអោយតែជនរងគ្រោះដែលមកផ្តល់សក្ខីកម្មប៉ុណ្ណោះ ចំណែកជនរងគ្រោះដទៃផ្សេងទៀតមិនទទួលបានអ្វីទាំងអស់»។
ប៉ុន្តែ អ.វ.ត.ក បានផ្តល់សំណងជាថ្លៃខូចខាតអោយតែដើមបណ្តឹងរដ្ឋប្បវេណីប៉ុណ្ណោះ ដូចដែលមានចែងនៅក្នុងវិធានផ្ទៃក្នុង។ លោក Ruben Carranza បានចោទសួរខ្លួនឯងថា «តើតុលាការបំពេញបេសកកម្មរបស់ខ្លួនយ៉ាងដូចម្តេច ដើម្បីប្រើប្រាស់សំណងទាំងនេះ សម្រាប់ជនរងគ្រោះដែលមិនបានសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី នៅចំពោះតុលាការ?»។ លោកបានវាយតម្លៃថា «តុលាការគួរតែផ្តល់សំណងប្រកបដោយតម្លាភាពបំផុតចំពោះជនរងគ្រោះ និងអនុញ្ញាតអោយដើមបណ្តឹងរដ្ឋប្បវេណី ក៏ដូចជាប្រជាជនកម្ពុជាផ្សេងទៀតជាច្រើននាក់ ដែលមិនមានមធ្យោបាយ មិនបានចូលរួមនៅក្នុងនីតិវិធីតុលាការ មកបង្ហាញខ្លួននៅចំពោះមុខតុលាការ»។
ហិរញ្ញប្បទាននៃសំណងសម្រាប់ជនរងគ្រោះចោទជាបញ្ហា វិធាន ផ្ទៃក្នុងរបស់អ.វ.ត.ក បានចែងថា «ការផ្តល់សំណងនេះត្រូវធ្វើឡើងប្រឆាំងទៅនឹងជនជាប់ចោទនិងជាបន្ទុក របស់ជនជាប់ចោទផ្ទាល់»។ លក្ខខណ្ឌនេះដាក់កំហិតអោយមានការរឹបអូសទ្រព្យសម្បត្តិផ្ទាល់របស់ ជនជាប់ចោទ។ តម្លៃនៃទ្រព្យសម្បត្តិនេះមិនអាចត្រូវបានវាយតម្លៃនោះទេ ប្រសិនជាជនជាប់ចោទទាំងនោះមិនទាន់ត្រូវបានទទួលស្គាល់ជាពិរុទ្ធជន ដោយតុលាការ។ ប៉ុន្តែ មកទល់សព្វថ្ងៃនេះ មនុស្សប្រាំនាក់ត្រូវបានចោទប្រកាន់ ហើយគេបានដឹងថាជនត្រូវចោទមួយចំនួន មិនមែន រឺលែងមានទ្រព្យសម្បត្តិផ្ទាល់ខ្លួននោះទេ ដូចជាករណីប្តីប្រពន្ធអៀង សារី និងអៀង ធីរិទ្ធិ ដែលបានផ្ទេរមរតកទាំងអស់របស់ខ្លួន អោយទៅកូនៗរបស់ពួកគេ មុននឹងពួកគេត្រូវបានចាប់ខ្លួន។
អ.វ.ត.ក គឺជាតុលាការអន្តរជាតិ ដែលកើតចេញពីកិច្ចព្រមព្រៀងមួយរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ។ «គោលការណ៍មូលដ្ឋាននិងសេចក្តីណែនាំ ពាក់ព័ន្ធនឹងសិទ្ធិឧបាស្រ័យ និងការទទួលបានព្យសនកម្មសម្រាប់ជនរងគ្រោះ ពីការរំលោភបំពានសិទ្ធិមនុស្សអន្តរជាតិ និងការរំលោភបំពានដ៏ធ្ងន់ធ្ងរចំពោះច្បាប់មនុស្សធម៌អន្តរជាតិ» ដែលត្រូវបានកំណត់នៅក្នុងដំណោះស្រាយមួយ ដែលត្រូវអនុម័តនៅថ្ងៃទី១៦ ធ្នូ ឆ្នាំ២០០៥ ដោយមហាសន្និបាតនៃអង្គការសហប្រជាជាតិ។ គោលការណ៍ទាំងនេះអាចត្រូវបានប្រកាស។ គោលការណ៍ទាំងនេះបានចែងថា រដ្ឋ «ព្យាយាមបង្កើតកម្មវិធីជាតិ ដើម្បីផ្តល់សំណងថ្លៃខូតខាត និងផ្តល់ជំនួយដល់ជនរងគ្រោះ នៅពេលភាគីទទួលខុសត្រូវព្យសនកម្មនេះមិនមានមធ្យោបាយ រឺមិនព្រមចេញថ្លៃសងការខូចខាត»។
រហូតមកទល់សព្វថ្ងៃនេះ បញ្ហាហិរញ្ញប្បទាននៃសំណងមិនត្រូវបានកំណត់អោយបានច្បាស់លាស់នៅឡើយ នោះទេ។ លោក រីឆាត ហ្សេ រ៉ូហ្សេ អ្នកទទួលខុសត្រូវស្តីទីនៃអង្គភាពគាំពារការពារក្តី បានទទួលស្គាល់ថា «បញ្ហានេះនឹងត្រូវលើកមកនិយាយនៅពេលបញ្ចប់សវនាការជំនុំជម្រះរបស់ អង្គជំនុំជម្រះសាលាដំបូង។ ប្រសិនជាជនជាប់ចោទមិនមានលទ្ធភាពចេញថ្លៃចំណាយ គេនឹងស្វែងរកជម្រើសផ្សេងទៀត។ គេត្រូវពិចារណាត្រង់ករណីចាប់ពីពេលនេះតទៅ»។ ដោយឡែក គេក៏បានមើលឃើញពីការបង្កើតមូលនិធិពិសេសៗ ជាពិសេសអំណោយ រឺការផ្តល់វិភាគទានជាថវិកាមួយភាគរបស់រដ្ឋ សម្រាប់ហិរញ្ញប្បទាននៃសំណង។
ប៉ុន្តែ លោក Ruben Carranza បានបញ្ជាក់ថា តាមរយៈធម្មជាតិនៃយុត្តាធិការ «នៅក្នុងតុលាការកម្ពុជា» អ.វ.ត.ក មិនអាចបញ្ជារដ្ឋនៃប្រទេសកម្ពុជាអោយអនុវត្តកម្មវិធីសំណងនៃការ ខូចខាតនោះទេ។ លោកបានបន្ថែមទៀតថាទោះបីជាយ៉ាងណា អ.វ.ត.ក ត្រូវចោទសួរខ្លួនឯងដើម្បីបានដឹងថាតើរដ្ឋត្រូវអន្តរាគមន៍ និងទទួលបន្ទុកលើថ្លៃសំណងដែររឺទេ។ លោកបានត្អូញត្អែរថា «នៅថ្ងៃតុលាការបញ្ចប់បេសកកម្មរបស់ខ្លួន ប្រសិនជាមិនមានការផ្តល់សំណងការខូចខាតណាមួយនោះទេ តើនរណាជាអ្នកសងថ្លៃខូចខាតសម្រាប់ជនរងគ្រោះ? ករណីទាំងនេះគួរតែត្រួវចុះនៅក្នុងនិទានុលេខរបស់តុលាការ»។
បើតាមប្រសាសន៍របស់តំណាង ICTJរូបនេះ មនុស្សជាច្រើននៅតែធ្វើការងារដើម្បីប្រយោជន៍ជនរងគ្រោះ នៅក្នុងពិភពលោកមួយ ដែលគំរូនៃតុលាការព្រហ្មទណ្ឌលោកខាងលិចបានគ្របដណ្តប់។ តុលារប្រភេទនេះសង្កត់ធ្ងន់ទៅលើការជំនុំជម្រះនិងការដាក់ទោស។ បើតាមប្រសាសន៍របស់លោក ត្រង់នេះ គឺជាបទពិសោធន៍ដ៏គួរអោយចាប់អារម្មណ៍សម្រាប់អ.វ.ត.ក ជាពិសេស ជាមួយនឹងការចូលរួមរបស់ដើមបណ្តឹងរដ្ឋប្បវេណីជាលើកដំបូង នៅក្នុងយុត្តាធិការប្រភេទនេះ ហើយនឹងការផ្តល់សំណងជាលើកដំបូងនៅក្នុងអាណត្តិរបស់តុលាការ៖ ការតាមចាប់ខ្លួនជនល្មើស ប៉ុន្តែ អនុញ្ញាតអោយជនរងគ្រោះទាមទារសំណងនៃការខូចខាត។
|
|
|