|
អធិប្បាយចុងក្រោយ
|
| រុក្ខជាតិនៃប្រទេសកម្ពុជានៅក្នុងបេះដូងនៃបណ្តាញវិទ្យាសាស្រ្តថ្មីមួយ |
| ដោយ ឡឺរ៉ង់ ឡឺហ្គូអង់វិក | | | ២២-១០-២០០៨ |
កោះ ស្លា (កំពត កម្ពុជា) ថ្ងៃទី១០ ឧសភា ២០០៧៖ អត្ថប្រយោជន៍របស់រុក្ខជាតិ… ©ចន វីង / Magnum ត្រឹម រយៈពេលប៉ុន្មានខែ ការិយាល័យដ៏តូចដែលស្ថិតនៅក្នុងមន្ទីរពិសោធន៍រុក្ខវិទ្យា នៃមហាវិទ្យាល័យវិទ្យាសាស្រ្ត (សាកលវិទ្យាល័យភូមិន្ទភ្នំពេញ) បានផ្លាស់ប្តូរនូវរូបរាងថ្មី។ ការិយាល័យមួយនេះត្រូវបានបំពាក់ដោយកុំព្យូទ័រមួយគ្រឿង បណ្តាញអ៊ីនធើណេត និងទូសៀវភៅដ៏ថ្មីស្រឡាង ដែលដាក់ទៅដោយពូជស្លឹករុក្ខជាតិនៅប្រទេសកម្ពុជា ដែលត្រូវគេកាត់យកមកសិក្សា។ នៅក្នុងចំណោមគម្រោងការងារផ្សេងៗ គេមានដូចជា គម្រោងបង្កើតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកជីវៈចម្រុះ រុក្ខវិទ្យានៃតំបន់ត្រូពិច ការពិភាក្សាស្តីពីរុក្ខជាតិនៅក្នុងតំបន់ ការរុករកនៅក្នុងព្រៃក្រវាញ។ គម្រោងនេះត្រូវបានអភិវឌ្ឍនៅក្នុងក្របខ័ណ្ឌកម្មវិធី Sud Expert Plantes (SEP) នៃកិច្ចសហប្រតិបត្តិការបារាំង ហើយគោលដៅនៃកម្មវិធីនេះគឺចូលរួមចំណែកធ្វើអោយប្រសើរឡើងនូវ ចំណេះដឹង និងបង្កើនតម្លៃរបស់ជីវចម្រុះផ្សេងៗ នៅក្នុង២២ប្រទេស នៃភាគខាងត្បូង រួមមានប្រទេសកម្ពុជាផងដែរ។ សូមស្វែងយល់ពីកម្មវិធីទាំងនេះ ជាមួយលោក ឡូអ៊ីក សឺស៊ីលីយ៉ូ (Loïc Cecilio) ជំនួយការបច្ចេកទេសនៃមន្ទីរពិសោធន៍រុក្ខវិទ្យា ទទួលបន្ទុកដាក់អោយដំណើរការនូវកម្មវិធី SEP។ ពី «សាលារៀនចំណាស់» មកជាបច្ចេកទេសថ្មី ដោយ ឈរនៅពីមុខគំនរ «ក្រដាសបិទពូជស្លឹកឈើ» ដែលពោរពេញដោយធូលីដី ដាក់តំរៀបនៅលើទូសៀវភៅជាច្រើន លោក ឡូអ៊ីក សឺស៊ីលីយ៉ូ បានទទួលស្គាល់ថា «នេះពិតជាបណ្តុំពូជរុក្ខជាតិ»មួយ ហើយនេះគឺជា «សាលារៀនដ៏ចំណាស់បន្តិច»មួយ។ ទូនីមួយៗ ផ្ទុកទៅដោយគំរូនៃរុក្ខជាតិស្ងួតៗ ដែលត្រូវបានសំរិតសំរាំងជ្រើសរើសយកមកយ៉ាងយកចិត្តទុកដាក់ មុននឹងយកមកដាក់ចូលនៅក្នុងការប្រមូលផ្តុំស្លឹកឈើរបស់ប្រទេស កម្ពុជា។ មើលពីខាងក្រៅ ពូជស្លឹកឈើទាំងនេះរាងដូចជាចាស់បន្តិច។ ជំនួយការវ័យក្មេងរូបនេះបានពន្យល់ថា ការរៀបចំពូជស្លឹកឈើទាំងនោះឃើញថាមានសារៈប្រយោជន៍ជាចាំបាច់ ដើម្បីស្គាល់ពីការវិវិត្តន៍រុក្ខជាតិអោយកាន់តែច្បាស់ និងរៀបចំ «អង្គចងចាំមួយ» អំពីរុក្ខជាតិ ទៅតាមប្រភេទពូជ ទីកន្លែងដែលវាដុះ និងថ្ងៃប្រមូលយកមក។ ការប្រមូលផ្តុំពូជរុក្ខជាតិទាំងនេះនៅមិនទាន់ជាលក្ខណៈទំនើបនៅឡើយ ទេ ប៉ុន្តែ វិធីនេះគឺជាការពេញនិយមនៅក្នុងពេលសព្វថ្ងៃនេះ។ ចាប់ពីពេលនេះតទៅ ទិន្នន័យនៃតំបន់ដែលត្រូវប្រមូលផ្តុំគំរូស្លឹកឈើ ត្រូវបង្កើតឡើងដោយ GPS ចំណែកឯការវិភាគ ADN របស់រុក្ខជាតិដែលទទួលបាន ត្រូវសម្រេចធ្វើឡើងតាមរយៈមន្ទីរពិសោធន៍នៅបរទេស។ បច្ចេកទេសមានការផ្លាស់ប្តូរបន្តិចបន្តួច ប៉ុន្តែ គោលបំណងនៅរក្សាដដែល គឺ ផ្តល់ឱកាសដល់អ្នកជំនាញរុក្ខវិទ្យានូវគំរូពូជរុក្ខជាតិ រាប់ពាន់ប្រភេទ ដែលពួកគេអាចរកបានត្រឹមមួយប៉ព្រិចភ្នែក ប្រសិនជាពួកគេមកកាន់មន្ទីរពិសោធន៍រុក្ខវិទ្យានៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។
មន្ទីរពិសោធន៍មានការរីកចម្រើនបន្តិចម្តងៗ ដោយបំពាក់ទៅដោយឧបរករណ៍ចាំបាច់មួយចំនួន ដូចជាសម្ភារៈសំងួត ម៉ាស៊ីនបង្កក ដើម្បីធ្វើវញ្ឈកម្មសំណាកទាំងនេះ មូលដ្ឋានទិន្នន័យផ្នែកព័ត៌មានវិទ្យា...។ ប៉ុន្តែ លោកស្រី យក់ លីន ប្រធានគម្រោង និងក្រុមការងារគ្រូបង្រៀននៃមន្ទីរពិសោធន៍ដ៏តូចនៅក្នុងសាកល វិទ្យាល័យនេះ មិនមែនធ្វើការងារដ៏ធ្ងន់ធ្ងរនេះតែម្នាក់ឯងនោះទេ។ ក្រុមការងារនេះទទួលបានការសហការពីដៃគូការងារ ដូចជាក្រុមអ្នកស្រាវជ្រាវនៃសារមន្ទីរជាតិប្រវត្តិសាស្រ្ត ធម្មជាតិប៉ារីស IRD Cirad និងCNRS ជាដើម។
ចាប់ពីពេលនេះតទៅ ការប្រមូលផ្តុំពូជស្លឹករុក្ខជាតិនៅប្រទេសកម្ពុជា ដែលត្រូវគាំទ្រដោយមូនិធិសាមគ្គីអាទិភាពបារាំង(FSP) នៃកម្មវិធី Sud Expert Plantes (SEP) ត្រូវផ្តើមចេញពីក្រដាសដែលគេទុកសម្រាប់បិទពូជស្លឹកឈើ ដែលត្រូវបានប្រមែប្រមូលពីមួយឆ្នាំទៅមួយឆ្នាំ ដោយសាស្រ្តាចារ្យនិងសិស្សនិស្សិត។ ចំណុចសំខាន់នៃការប្រមូលផ្តុំនេះត្រូវបានបង្កើតឡើងមុនសម័យ ខ្មែរក្រហម រួចត្រូវបំផ្លិចបំផ្លាញចោល។ គំរូពូជរុក្ខជាតិមួយចំនួន ដែលស្តុកទុកនៅសារមន្ទីរជាតិប្រវត្តិសាស្រ្តធម្មជាតិប៉ារីស ត្រូវបានបញ្ជូនត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ដើម្បីបំពេញមូលនិធិនេះ។ គេមានគម្រោងធ្វើកិច្ចសហប្រតិបត្តិការការងារនេះ ជាមួយនឹងមហាវិទ្យាល័យឱសថសាស្រ្ត ដើម្បីធ្វើការប្រមូលផ្តុំស្លឹកឈើ បន្លែមលើប្រតិបត្តិការប្រមូលនៅលើដីថ្មី និងនៅលើជួរភ្នំក្រវាញ។ លោក ឡូអ៊ីក សឺស៊ីលីយ៉ូ បានអះអាងថា «ផលប្រយោជន៍នៃគម្រោងដែលគាំទ្រដោយSEP នេះ គឺដើម្បីចូលរួមចំណែកចងជាសម្ព័ន្ធ និងរួមផ្តុំគំនិតផ្តួចផ្តើមខុសៗគ្នា ទៅជាគំនិតផ្តួចផ្តើមតែមួយដូចគ្នា។ ប្រសិនជាការប្រមូលផ្តុំពូជរុក្ខជាតិជាច្រើនត្រូវបានធ្វើឡើង ទន្ទឹមពេលតែមួយ នោះនឹងមានការប្រកួតប្រជែងរវាងក្រុមការងារទាំងនោះ ហើយការប្រមូលអាចនឹងកើនឡើងទ្វេដង។ ប៉ុន្តែ គោលបំណងគឺមិនមែនកាត់ដើមឈើនោះទេ ប៉ុន្តែ គឺបំពាក់សម្ភារៈចាំបាច់ ដើម្បីជួយសម្រួលដល់អ្នកស្រាវជ្រាវ»។
ការចែករំលែកសមត្ថភាពនៅក្នុងតំបន់ និងអន្តរជាតិ «ចង សម្ព័ន្ធគំនិតផ្តួចផ្តើម» ៖ ជាការពិតណាស់ គំនិតនេះស្ថិតនៅក្នុងចំណោមគោលការណ៍មួយដែលផ្សព្វផ្សាយដោយFSP SEP។ នៅក្នុងរយៈពេល៥ឆ្នាំ FSP SEP មានបំណងធ្វើអោយគម្រោងផ្សេងៗស្ថិតនៅជាយូរអង្វែង តាមរយៈការចូលរួមធ្វើអន្តរាគមន៍របស់ខ្លួន។ សមាសភាគសំខាន់បីត្រូវរក្សាទុក នៅប្រទេសកម្ពុជា ក៏ដូចជានៅប្រទេសទាំង២១ផ្សេងទៀត ដោយសហការជាមួយប្រទេសបារាំងនៅក្នុងក្របខ័ណ្ឌនេះ រួមមាន«វគ្គបណ្តុះបណ្តាលនិងការផ្លាស់ប្តូរវិទ្យាសាស្រ្ត» «ជំនួយដល់ស្ថាប័ននិងបណ្តាញ» និង«ជំនួយដល់ការស្រាវជ្រាវ»។ ចំណែកជំនួយជួយដល់ការប្រមូលផ្តុំស្លឹករុក្ខជាតិថ្នាក់ជាតិ ស្ថិតនៅក្នុងផែនការទីពីរ។ គោលបំណងគឺធ្វើស្វ័យតកម្ម ទាំងផ្នែកបច្ចេកវិទ្យា ទាំងផ្នែកហិរញ្ញវត្ថុ (តាមរយៈការស្វែងរកវិភាគទាន និងដៃគូសហការ)។ រចនាសម្ព័ន្ធកម្ពុជានឹងគ្រប់គ្រងផែនការនេះ នៅក្នុងមន្ទីរពិសោធន៍រុក្ខវិទ្យា ចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០១១។ ជំនួយការបច្ចេកទេសជនជាតិបារាំងរូបនេះបានគូសបញ្ជាក់ថា «ចំណុចសំខាន់មួយ ក្នុងចំណោមចំណុចសំខាន់នៃគម្រោង គឺបង្កើតផលប្រយោជន៍ពិតប្រាកដមួយ ចេញពីកត្តាផ្សេងៗ គឺមិនមែនគ្រាន់តែអនុវត្តធម្មតាៗ នូវគោលការណ៍នេះនោះទេ។ គោលគំនិតគឺចូលរួមនៅក្នុងដំណើរការអប់រំ និងចុះអន្តរាគមន៍ នៅក្នុងស្ថាប័នសព្វថ្ងៃ។ វាមិនមានន័យថា ក្រោយរយៈពេលប្រាំឆ្នាំ ការងារគ្រប់យ៉ាងត្រូវបញ្ចប់ ដោយសារលែងមានថវិកានោះទេ»។
កម្មវិធី SEP នេះត្រូវបានគាំទ្រជាថវិកាដោយក្រសួងការបរទេស និងបង្កើតឡើងដោយIRD សហការជាមួយដៃគូ Cirad សារមន្ទីរជាតិប្រវតិ្តសាស្រ្តធម្មជាតិប៉ារីស និង CNRS ។ កម្មវិធីនេះ មានគោលបំណងចែករំលែក «សមត្ថភាពនៅក្នុងតំបន់»រវាងគ្នា ដោយបង្កើតជាគម្រោងរួម រវាងប្រទេសឡាវ វៀតណាម និងប្រទេសកម្ពុជា ដូចជាការដាក់អោយប្រើប្រាស់សម្ភារៈព័ត៌មានវិទ្យា ដើម្បីកំណត់អត្តសញ្ញាណឫស្សី នៅឥណ្ឌូចិន ជាដើម។
បណ្តុះបណ្តាល អភិរក្ស និងផ្តល់តម្លៃ នៅក្នុង ផ្នត់គំនិតនៃការធ្វើអោយគម្រោងនេះប្រកបដោយចីរភាព និងសហប្រតិបត្តិការអន្តរជាតិ និងនៅក្នុងក្របខ័ណ្ឌបណ្តុះបណ្តាលជាសមាសភាព ភាពជាដៃគូអន្តរសាកលវិទ្យាល័យ រវាងគ្រឹះស្ថានបារាំងចំនួនបី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យទាំង២១នៃបណ្តាប្រទេសភាគខាងត្បូង ដែលបានចូលរួមនៅក្នុងកម្មវិធី SEP ត្រូវបានផ្តួចផ្តើមគំនិតបង្កើតឡើង ដោយមានគោលបំណងបង្កើតបណ្តាញសាកលវិទ្យាល័យអន្តរជាតិដែលប្រើប្រាស់ ភាសាបារាំងមួយ សម្រាប់ «ជីវៈចម្រុះរុក្ខជាតិតំបន់ត្រូពិច»។ សិស្សនិស្សិតនិងគ្រូបង្រៀនជនជាតិកម្ពុជាអាចនឹងចូលរួមនៅក្នុង កម្មវិធីនេះបាន។ សម្រាប់ពេលនេះ ការងារចាំបាច់គឺការបណ្តុះបណ្តាលគ្រូបង្គោល៖ លោក លី វិបុត្រ សាស្រ្តាចារ្យជនជាតិកម្ពុជាមួយរូប បានទទួលការបណ្តុះបណ្តាលជាលើកដំបូងនៅក្នុងប្រទេសបារាំង នៅក្នុងខែកញ្ញាកន្លងមក។ គេក៏គ្រោងនឹងរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ដល់ការប្រើប្រាស់មូលដ្ឋានទិន្នន័យ នៅខែវិច្ឆិកា មុននឹងការរៀបចំកិច្ចប្រជុំអន្តរជាតិមួយ ស្តីពីរុក្ខជាតិនៅប្រទេសកម្ពុជា ឡាវ និងវៀតណាម នាទីក្រុងភ្នំពេញ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ។
|
|
|