|
អធិប្បាយចុងក្រោយ
|
| នំមលត់ៈ ភាពសប្បាយរីករាយគ្មានព្រំដែនកំណត់ |
| ដោយ អេមីកូ ស្តក់ | | | ២៣-១០-២០០៨ |
ឧត្តុង្គ (កម្ពុជា) ខែកញ្ញា ២០០៧៖ កោះ ឡាសាយ របស់ជនជាតិចាមដែលជាអ្នកកាន់អ្នកតាអ៊ីម៉ាម សាន © Emiko Stock អស់ រយៈពេលជាច្រើនថ្ងៃមកហើយ ក្លិនដុតនំដ៏សែនឈ្ងុយឈ្ងប់បានសាយភាយចេញពីតាមផ្ទះនៃភូមិ ចាមមួយចំនួន ដែលរស់នៅតាមបណ្តោយផ្លូវ ចាប់ពីស្រុកឧត្តុង្គ រហូតដល់ខេត្តបាត់ដំបងនៃព្រះរាជាណាចក្រកម្ពុជា។ ការដុតនំដ៏ឈ្ងុយឆ្ងាញ់គួរអោយចង់ពិសារនេះ ត្រូវចំពេលរដូវស្ទូងស្រូវបានបញ្ចប់ ហើយអ្នកភូមិចាមទាំងនោះបានរៀបចំពិធីបុណ្យសាសនាដ៏សំខាន់មួយ ដែលពួកគេហៅថា «បុណ្យមលត់»។ ខ្មែរឥស្លាមទាំងនេះបានត្រៀមរៀបចំធ្វើនំ «មលត់» ដើម្បីស្វាគមន៍ និងប្រារព្ធពិធីបុណ្យសាសនាដែលជាប្រពៃណីរបស់ពួកគេ នៅចុងសប្តាហ៍ថ្ងៃទី១១ និងទី១២តុលានេះ។ ការធ្វើនំរបស់ជនជាតិចាមទាំងនេះមានលក្ខណៈប្រហាក់ប្រហែលទៅនឹងការ វេចនំអន្សមជ្រូកនិងអន្សមចេក របស់ប្រជាពលរដ្ឋខ្មែរ នាឱកាសបុណ្យភ្ជុំបិណ្យផងដែរ។«មលត់» គឺជាពាក្យនៃភាសាអារ៉ាប់ មានន័យថាការប្រារព្ធពិធីរំលឹកខួបរបស់ទេវទូតមហាម៉ាត់។ នៅប្រទេសកម្ពុជា ក៏ដូចជានៅប្រទេសដទៃផ្សេងទៀត ពិធីបុណ្យនេះប្រព្រឹត្តធ្វើឡើងនៅខែទីបីនៃសាសនាឥស្លាម (ថ្ងៃទី១២ ខែ រ៉ាប៊ី អាល់ អាវ៉ា) ដែលនៅក្នុងអំឡុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវនឹងខែ មេសា-ឧសភា។ ប៉ុន្តែ ក៏ដូចជានៅពិភពឥស្លាមផ្សេងទៀត ការប្រារព្ធពិធីនេះបានរីកសាយភាយចំពោះបរិស័ទផ្សេងៗ ហើយបានឈានវិវត្តន៍ទៅជាពិធីបុណ្យប្រពៃណី ដើម្បីរំលឹកដល់អ្នកដែលមានបុណ្យបារមីដ៏ខ្លាំងពូកែ និងមានប្រវត្តិពិសេសៗ កាលពីនៅរស់ លុះស្លាប់ទៅ បានក្លាយទៅជាអ្នកតាដ៏មានឫទ្ធានុភាពប្រចាំភូមិស្រុករបស់ខ្លួន។ ពួកគេមានជំនឿថាការធ្វើដំណើរមកកាន់ចេតិយរបស់អ្នកមានបារមីទាំង នេះនឹងនាំមកនូវសេចក្តីសុខ សុភមង្គល វិបុលភាពនៅក្នុងក្រុមគ្រួសារ។
បន្ទាប់ពីការដកស្ទូងបាន បញ្ចប់ ជនជាតិចាមដែលត្រូវបានគេទទួលស្គាល់ថាជាចាមកាន់ប្រពៃណី គោរព អ្នកតា អ៊ីម៉ាម សាន បានឡើងមកលើភ្នំឧត្ដុង្គ ដើម្បីរៀបចំពិធីបុណ្យមលត់។ ជំនឿដ៏បរិសុទ្ធនេះកើតមានឡើងតាំងពីសតវត្សទី១៩មកម្ល៉េះ។ គួររម្លឹកថា ព្រះបាទអង្គឌួង ព្រះមហាក្សត្រខ្មែរ បានប្រគល់ដីមួយកន្លែងនៅលើចង្កេះភ្នំ អោយទៅអ៊ីម៉ាម សាន។ គេបានរៀបរាប់ពីឥទ្ធិពល ភាពស្មោះត្រង់ ហើយនឹងអំណាចដ៏អស្ចារ្យរបស់អ៊ីម៉ាម សាន។ អ៊ីម៉ាម សាន បានបង្កើតមាគ៌ាសាសនាថ្មីមួយ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ឥស្លាមបរិស័ទមួយក្រុមតូចនេះ តាមរយៈចេតិយរបស់គាត់។
តាម រយៈជំនឿស៊ប់លើអ្នកតារបស់ប្រជាជនទាំងនោះ នំដែលដុតនៅតាមផ្ទះរបស់ពួកគេ ត្រូវបានវេចខ្ទប់ និងដាក់ក្នុងកន្រ្តកយ៉ាងប្រុងប្រយ័ត្ន រឺត្រូវបានដាក់តំរៀបលើថាស ដោយស្រ្តីជាអ្នកទូ យកឡើងទៅលើភ្នំ ដើម្បីយកទៅកន្លែងរៀបចំពិធីបុណ្យ។ នំទាំងអស់នោះត្រូវបានដាក់តំរៀបផ្តុំគ្នានៅលើទំរដ៏តូចមួយ ដែលគេអោយឈ្មោះថា «កោះ ឡាសាយ» ដែលមានលក្ខណៈប្រហាក់ប្រហែលទៅនឹង «ផ្កាបិណ្យ» នៃពិធីបុណ្យភ្ជុំបិណ្យ រឺ ដើមឈើណូអែល!។
«កោះ ឡាសាយ» ទាំងអស់នេះត្រូវបានរៀបចំធ្វើឡើង ដោយមានការតុបតែងចម្រុះពណ៌ និងចងនំដែលដុតមកពីផ្ទះ ដើម្បីឧទ្ទិសកុសលផលបុណ្យទៅអោយអ្នកដែលមានជំនឿបរិសុទ្ធ និងមនុស្សដែលបានស្លាប់បាត់បង់ជីវិតទៅហើយ ក្រោមក្រសែភ្នែកដ៏សប្បាយរីករាយរបស់អ្នកដែលនៅរស់រានមានជីវិត។
នៅ ពេលបុរសៗកំពុងសូត្រធម៌រៀបរាប់ពីដំណើរជីវិតរបស់ទេវទូតមហាម៉ាត់ យ៉ាងពិរោះសណ្តំ ស្រ្តីចាប់ផ្តើមធ្វើការងារតុបតែងលំអអាសនៈ «កោះ ឡាសាយ» ដោយចងព្យួរនំដែលគេបានរៀបចំទុក ព្រមទាំងបិទក្រដាសចម្រុះពណ៌ បំពាក់កំរងផ្កា ប័ណ្ណធនាគារថ្មីៗ នៅលើជើងទ្រមួយ។
យ៉ាងហោចណាស់ គ្រួសារនីមួយៗត្រូវរៀបចំ «កោះ ឡាសាយ»មួយដែ៖ «កោះ ឡាសាយ»តូចបំផុតត្រូវបានរៀបចំធ្វើឡើង ដើម្បីអបអរទារកដែលទើបនឹងកើតមក ហើយបានទទួលឈ្មោះជាផ្លូវការមួយ។ ចំណែក«កោះ ឡាសាយ»ធំបំផុត តំណាងអោយយុវជនក្មេងៗ ដែលទើបតែនឹងពេញវ័យ គំរប់១៥ឆ្នាំ។ ជានិច្ចកាល គ្រួសារចាមទាំងនោះតែងតែរៀបចំ «កោះ ឡាសាយ» តែមួយប៉ុណ្ណោះ ដោយសារបញ្ហាថវិកាគ្រួសារ រឺដោយសារការបំភ្លេចនិមិត្តរូប...។
ការធ្វើនំមលត់នេះមិនមែន ដើម្បីបំពេញតម្រូវការស្រេកឃ្លានរបស់អ្នកកាន់ប្រពៃណីទាំងនេះនោះ ទេ ប៉ុន្តែ វាគឺជាទំនៀមទម្លាប់សាសនា។ ម្យ៉ាងវិញទៀត ការធ្វើនំប្រភេទនេះមិនមែនចេះតែធ្វើដោយចៃដន្យ តាមការនឹកឃើញនោះទេ ពោលគឺត្រូវមានក្បួនខ្នាតត្រឹមត្រូវច្បាស់លាស់។ វិធីធ្វើនំនេះរម្លឹកពីរតនសម្បត្តិរបស់អាណាចក្របុរាណ ដែលគេហៅថា «ចម្ប៉ា» ហើយនឹងរាងកាយរបស់មនុស្ស នៅក្នុងការប្រារព្ធពិធីខួបកំណើតផ្ទាល់ខ្លួនដ៏អាថ៌កំបាំងនេះ។
ជាដំបូង គេមានពងស្ងោរមួយ ដោតជាប់ទៅនឹងជើងទំរ រួចមកគេចង «នំកង់រទេះ» ដើម្បីរម្លឹកដល់ «ការឆ្លងទន្លេ»។ ក្រោយមកទៀត គេបន្ថែម «នំត្រចៀក» រឺ «នំច្រមុះ» «នំសំបុកចាប» ព្រោះថានំទាំងអស់នេះគឺជាសរសៃឈាមដ៏សំខាន់ ដែលបង្កើតបានជា «កោះ ឡាសាយ»មួយ។ នំទាំងអស់នេះក៏ជានិមិត្តរូបនៃថ្ងៃកំណើតមកផង។
បន្ទាប់មកទៀត គេនឹងបន្ថែមនំនែកជាច្រើនមុខទៀត ទៅតាមអ្នកដែលគេចង់ធ្វើជូនទៅអោយ ដូចជាមនុស្សធំបំផុត អាចទទួលបាននំរូបនាគ ដែលជានំពិបាកធ្វើ តំណាង«អោយសត្វដែលដុតបំផ្លាញយើង នៅពេលពេញវ័យ និងធ្វើអោយយើងគេងមិនលក់» រឺនំរូបប្រាសាទ ដែលប្រហែលជាតំណាងដោយរូបប្រាសាទបុរាណ រឺឆ្អឹងជំនីររបស់មនុស្ស ដែលជានិមិត្តរូបនៃសម្រស់របស់ស្រ្តី ដែលជារូបធាតុបំពេញដល់ថាមពលរបស់មនុស្សប្រុស «រូបនាគ»។
ក្នុងចំណោម អ្នកកាន់សាសនាវ័យចំណាស់ៗ អ្នកកាន់សាសនាម្នាក់នៃសហគមន៍អ៊ីម៉ាម សាន បានរៀបរាប់ពីដើមកំណើតនៃនំទាំងនេះថា «កាលពីកុមារភាព ទេវទូតមហាម៉ាត់បានយំមិនឈប់ នៅក្នុងថ្ងៃខួបកំណើតមួយឆ្នាំរបស់គាត់។ គ្មាននរណាដឹងថាតើត្រូវធ្វើដូចម្តេចដើម្បីអោយទារករូបនោះបាត់យំ នោះទេៈ គេបានយកតំណាប់ ផ្លែឈើ របស់របរមានតម្លៃ មកលួងលោមអោយគាត់ឈប់យំ ប៉ុន្តែ មិនបានសម្រេច។ ខណៈពេលនោះ យាយចំណាស់ម្នាក់ ដែលមានដោះតែម្ខាង បានមកក្បែរទារកមហាម៉ាត់ ដើម្បីបំបៅដោះ។ ទារកមហាម៉ាត់ មិនព្រមបៅដោះលោកយាយនោះទេ ប៉ុន្តែ បែរជាងាកទៅបៅដោះម្ចាងទៀត ដែលគ្មានដោះ។ ខណៈពេលដែលគាត់បៅដោះទទេរ ដោះថ្មីមួយបានដុះចេញឡើង។ ពេលនោះ គាត់ក៏ឈប់យំភ្លាម»។
កុមារមហាម៉ាត់ គឺជាក្មេងទំរើសនៅក្នុងគ្រួសារ៖ នៅតំបន់អង់ដាលូហ្ស៊ីនៃសាសនាឥស្លាមកាលពីអតីតកាល គេដុតទៀនពេញមួយយប់ ឧទ្ទិសដល់មហាម៉ាត់ នៅអំឡុងពេលបុណ្យមលត់នេះ នៅប្រទេសអេហ្ស៊ីប គេចេញមករាំលេងសប្បាយ នៅតាមដងវិថី ចំណែកនៅប្រទេសឥណ្ឌូនេស៊ី គេរៀបចំតុបតែងអាសនៈធំៗ ជាមួយនឹងនំនែកទាំងនេះ ទៅតាមស្ថានភាពគ្រួសារនីមួយៗ...
នៅ ប្រទេសកម្ពុជា ប្រសិនជានំទាំងនេះគឺជាមោទនភាពរបស់សហគមន៍អ៊ីម៉ាម សានដ៏តូចនេះ ក៏ព្រោះតែភូមិចាមជិតខាងមួយចំនួន ដែលមិនមែនជាអ្នកគោរពអ្នកតាអ៊ីម៉ាម សាន រីករាយទទួលទានអាហារធម្មតារួមគ្នាមួយ ហើយធ្វើការបន់ស្រន់ដ៏ខ្លីមួយ ដើម្បីរម្លឹកដល់ទេវទូត។
ប៉ុន្តែ នៅចម្ងាយប៉ុន្មានគីឡូម៉ែត្រពីទីនោះ ឆ្ងាយពីតាសាន និងបរិស័ទចាមរបស់គាត់ ជនជាតិជ្វាខេត្តកំពតក៏បានរៀបចំពិធីបុណ្យសាសនាប្រហាក់ប្រហែលគ្នា នេះដែរ។ អ្នកកាន់ប្រពៃណីទាំងនោះ បានធ្វើនំដ៏សំបូរបែប ស្របពេលអ្នកដែលនិយាយថាជាអ្នកគោរពតាមច្បាប់ទម្លាប់សាសនា សម្រេចចិត្តបង្រួមប្រពៃណីនេះអោយកាន់តែតូច ហើយអ្នកកាន់សាសនាឥស្លាមនិកាយវ៉ាហាប៊ីតបានបដិសេធរៀបចំពិធី នេះទាំងមូល ដោយលើកឡើងពីមូលហេតុថាទេវទូតមហាម៉ាត់បដិសេធរាល់ពិធីបុណ្យ ប្រពៃណីនៃឥស្សរៈជនបែបនេះ។ មិនត្រឹមតែប៉ុណ្ណោះ គេបានលើកឡើងថា ការរៀបចំពិធីបុណ្យមលត់បែបនេះអាចប៉ះពាល់ដល់សមាគមដែល គោរពព្រះអល់ឡោះតែម្យ៉ាងគត់។
ទោះបីជាយ៉ាងណា អ្នកខ្លះបានឡើងទៅលើកូនភ្នំអ៊ីម៉ាម សាន ដើម្បីប្រារព្ធពិធី ទោះបីជា ពួកគេមិនមែនជាអ៊ីម៉ាម សាននិយមក៏ដោយ ពួកគេបានចែករំលែកនំគ្នា។ អាជ្ញាធរមូលដ្ឋាន និងប្រជាជនខ្មែររស់នៅជិតខាងនោះ ក៏បានមើលឃើញផងដែរ ពីការប្រគល់កន្ត្រកបង្អែមដ៏ឆ្ងាញ់ពិសារទៅវិញទៅមករវាងជនជាតិទាំង នោះ ជារៀងរាល់ឆ្នាំ ប្រៀបដូចជាព្រំដែនសង្គម និងសាសនា មិនត្រូវបានកំណត់ៈ នេះគឺជាពេលវេលាដ៏សប្បាយរីករាយជាមួយនឹងបង្អែមទាំងនេះ។
|
|
|