កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ចោម​ចៅ ទី​ក្រុង​ផ្ទះ​ជួល​នៃ​កម្ម​ការិនី​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា
ដោយ ហ្សីណេប ឌ្រីយេហ្វ ​និង ចន សុរដ្ឋា   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០៩-១០-២០០៨

Image 

ចោមចៅ (ភ្នំពេញ កម្ពុជា) ថ្ងៃទី២៥ កញ្ញា ២០០៨៖ នឿន អាយុ១៨ឆ្នាំ មកពីខេត្តកណ្តាល ធ្វើ​ការ​នៅ​ក្នុង​រោ​ង​ចក្រ​កាត់​ដេរ​មួយ​ អស់​រយៈពេល​មួយ​ឆ្នាំ​មកហើយ​។ នាង​ជួល​បន្ទប់​នៅរួ​ម​គ្នា​មួយ ទំហំ​១២ម៉ែត្រ​ការ៉េ តម្លៃ​២៥ដុល្លារ ក្នុង​មួ​យ​ខែ​

© ចន វីង  / Magnum

វិស័យ ​ឧស្សាហកម្ម​វាយនភណ្ឌ​នៅប្រទេសកម្ពុជា ​មាន​ ៨០%នៃការ​នាំចេញ​ផលិតផលទៅ​ក្រៅ​ប្រទេស​​។ នៅ​ក្នុង​ចំណោម​បុគ្គលិក​​ដែលបម្រើការ​នៅក្នុង​វិស័យកាត់ដេរ​នេះ ​ស្រ្តីមាន​ចំនួន​៩០% ដែល​​ភាគច្រើន​​​មាន​វ័យក្មេង និង​មក​ពី​តាម​​ខេត្ត។ កម្មករ​ទទួលបាន​ប្រាក់បៀវត្ស​តិច ហើយ​ត្រូវ​បង្ខំអោ​យ​ធ្វើការ​​ច្រើន​ម៉ោង ប្រសិនជា​កម្មករ​ជា​សហជីព។ ពួកគេ​រស់នៅក្នុង​លក្ខខណ្ឌជីវិត​ដ៏​សែន​លំបាក នៅក្នុង​សង្កាត់​ ស្ថិត​នៅ​ជាយក្រុង​ភ្នំពេញ។ ខាងក្រោមនេះ គឺជា​បទ​យកការណ៍​​មួយ​ នៅក្នុង​សង្កាត់​ចោមចៅ ដែលជា​សង្កាត់​នៃកម្មករ​រោង​ចក្រ​កាត់​​ដេរ​​ដ៏សំខាន់​បំផុត​ នៅ​ជាយ​ក្រុង​ភ្នំពេញ​​។

 

ទិដ្ឋភាព​ពេល​កម្មករ​ចេញ​ពី​រោងចក្រ

រំពេចនោះ ​​ ធូលីដី​បានហុយសំពោង​ រថយន្ត​ដឹកទំនិញ​ធ្វើ​ចរាចរណ៍លើ​ដង​ផ្លូវ​ដ៏តូចចង្អៀត អ្នក​រត់​ម៉ូតូ​ឌុប​​ចុច​​​ស៊ីផ្លេ​យ៉ាង​ខ្លាំងៗ។ កម្មការិនី​​កាត់ដេរ​ជាង​១០០​នាក់ ឈរនៅលើ​រថយន្ត​​ដឹក​​ជញ្ជូន​​កម្មករ​។ នៅម៉ោង​៥ល្ងាច នៅតាម​ផ្លូវ​នៃ​សង្កត់​​ចោមចៅ កម្មការិនីកាត់ដេរ​បាន​ចេញ​ពី​ធ្វើ​ការ​នៅ​ក្នុង​រោង​​ចក្រ​។ អ្នកខ្លះ​បង់​​កន្សែង​រុំកចម្រុះពណ៌ ដោយមានពាក់ផ្លាក​នៅនឹង​ក។ អ្នកខ្លះ​ពាក់ម៉ាស​ការពារ​​ធូលី​។ នៅទីនេះ ដីហុយសំពោង​ខ្លាំង​។

អ្នកបើកបរ ​​រថយន្ត​ស៊ីឈ្នួញ​ដឹកជញ្ជូន​​កម្មករ​ទៅមកពី​ផ្ទះ​ទៅកាន់រោង​ចក្រ​ ជា​រៀង​​រាល់ថ្ងៃ ក្នុង​ម្នាក់​​​១០​ដុល្លារ ក្នុង​មួយ​ខែ​។ គេ​បានបើក​រថយន្ត​យ៉ាងលឿន​។ ជាង​​១០នាទីក្រោយមក សម្លេង​ឈូឆរ​​អឺងកង​ពេញផ្លូវ​បាន​ចាប់​ផ្តើម​ស្ងប់​ស្ងាត់​បន្តិច​​ម្តង​ៗ។ មនុស្ស​ដើរ​​កកកុញ​ពេញផ្លូវ​ក៏​បាត់​បន្តិច​ម្តង​ៗ​ផង​ដែរ​​។ កម្មការិនី​វ័យ​​ក្មេង​រាប់ពាន់នាក់​ដើរ​ទៅ​កាន់បន្ទប់​ស្នាក់​នៅរបស់​ពួកគេ ដែល​ស្ថិត​នៅ​​ចម្ងាយ​​ប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះ​ពីរោង​ចក្រ។​

​​ មនុស្ស​ចំនួន​៣០០០០នាក់​ រស់នៅសង្កាត់ជាយក្រុ​ង​ភ្នំពេញ​នេះ​។ សង្កាត់​នេះ​ទើប​តែ​បង្កើត​ឡើង​កាល​​ពី​បី​ឆ្នាំមុន តែ​អាជីវកម្មនិង​ផ្សារជាច្រើន​​បាន​កើត​មាន​ឡើង​​នៅជុំវិញ​រោង​ចក្រ និង​បន្ទប់​ជួល​​​របស់​កម្មករ​។​

យើង​ត្រូវ​ធ្វើដំណើរ​ឆ្លង​ កាត់គំនរ​សំរាម​មួយ តាម​ផ្លូវ​ដើរ​ដ៏តូច​ចង្អៀត​មួយ​ ដើម្បី​ទៅ​ដល់​​លំនៅដ្ឋាន​មួយ​ ក្នុង​ចំណោមលំនៅដ្ឋាន​ទាំងអស់​នេះ។ នៅទីនោះ អគារ​​ពីរ​ខ្នង​សង់​ទល់មុខ​គ្នា​ ដោយ​នៅ​ចន្លោះ​អគារ​ទាំងនេះ មាន​ស្មៅ​ដុះ​ស៊ុប​ទ្រុប​​ មានសំលៀកបំពាក់ដែលគេដាក់​ហាល ហើយនឹង​ខ្ទម​អ្នកតា​តូចមួយ ​ជាមួយ​នឹង​កំប៉ុង​ជើង​ធូប​ដែលមាន​​ជើង​ធូប​ប៉ុន្មា​ន​សរសៃ​​​។ ទីនោះមាន​៤៧​បន្ទប់​ ដែលបន្ទប់មួយ​មានទំហំ​១២ម៉ែត្រការ៉េ​។ គ្រប់​បន្ទប់​ទាំង​អស់​មាន​រូប​រាង​តែមួយ​។ នៅខាង​ក្រៅបន្ទប់ គេ​ឃើញមាន​ពាង​ទឹក​ធំមួយ ទុក​សម្រាប់​ត្រង់​ទឹកភ្លៀង​។ នៅជុំវិញនោះ​កញ្ចប់​សាប៊ូ​ជាច្រើន​នៅរាត់រាយ​ពេញដី។

 

ជីវភាពប្រចាំថ្ងៃ​របស់កម្មការិនី
យើង ​ស្ថិតនៅបន្ទប់ជួល​លេខ២។ ជញ្ជាំងធ្វើពីបេតុង ដំបូល​ទ្រដោយ​ធ្នឹម​ឈើ​​ដែលមិនសូវ​​ជា​រឹង​មាំប៉ុន្មាន​នោះទេ​។​ បង្អួច​អាច​អោយ​ពន្លឺខ្សោយៗ​ចូលមកក្នុង​ផ្ទះ​ ទូរទស្សន៍​ដាក់តាំង​នៅពីមុខ។ នឿន​ អាយុ​១៨ឆ្នាំ អង្គុយនៅកាច់​ជ្រុ​ង​គ្រែមួយ​។​ នឿន​បាន​មក​ធ្វើការ​និងរស់នៅ​ទីនេះ ជាមួយ​នឹង​​បងប្អូន​ស្រី​បី​នាក់​ផ្សេង​ទៀត​ ដែលសុទ្ធ​សឹង​ជាកម្មការិនី តាំងពីមួយឆ្នាំមកហើយ​។ ពួកគេ​​ជួល​​​បន្ទប់នៅរួម​គ្នា ជាមួយ​ប្អូនស្រីទីប្រាំ ក្នុង​​តម្លៃ​២៥ដុល្លារ ​ក្នុងមួយ​ខែ បូក​រួម​ទាំង​ថ្លៃ​ទឹក​និង​ថ្លៃ​ភ្លើ​ង។​​ នៅ​ក្នុង​បន្ទប់ផ្ទះបាយដ៏តូចមួយ គេឃើញមានធុងហ្គាស ចានឆ្នាំង​ និង​ទៀន​។ នៅទីនេះ ការ​​ដាច់ភ្លើង​កើត​មាន​ជា​ញឹកញាប់។

បទសំភាសន៍របស់យើង​ធ្វើនៅមុន​ ថ្ងៃបុណ្យ​ភ្ជុំបិណ្យ​។ នឿននឹង​ធ្វើដំណើរ​ទៅស្រុក​កំណើត​របស់នាង​ នៅ​ខេត្ត​កណ្តាល​។ ជា​រៀង​រាល់​ខែ នឿន​ផ្ញើ​ប្រាក់​៣០ដុល្លារ ទៅអោយ​គ្រួសារ​ដែល​រស់​​នៅទីនោះ​។ នាង​មិន​បាន​ត្អូញ​ត្អែរ​អំពី​ជីវភាព​ប្រចាំ​ថ្ងៃ​របស់ខ្លួន​ឡើយ។ នឿន​បាន​រៀប​រាប់​អំពី​ជីវ​​ប្រវត្តិ​​របស់ខ្លួន​ថា​ «ខ្ញុំ​ធ្វើការ​ប្រាំថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ចាប់ពីម៉ោង​៦និង៣០នាទីព្រឹក រហូត​ដល់​ម៉ោង​៥និង៣០នាទី​ល្ងាច​ នៅ​ក្នុងរោង​ចក្រ​មួយកន្លែង​ ដែលស្ថិត​នៅ​ក្បែរ​បន្ទប់​ជួល​របស់​ខ្ញុំ​។​ ខ្ញុំ​មាន​ពេលវេលា​សំរាក​បាយ​ថ្ងៃត្រង់​រយៈពេល​មួយ​ម៉ោង​។ ខ្ញុំទិញ​ផ្លែឈើ​នៅផ្សារ ហើយខ្ញុំ​ញ៉ាំ​បាយ​​ដែល​ខ្ញុំបានដាំ​ពីព្រឹក​។ នៅថ្ងៃ​សៅរ៍ ខ្ញុំ​ធ្វើការ​តែមួយព្រឹក​​ប៉ុណ្ណោះ​។ នៅថ្ងៃអាទិត្យ ខ្ញុំសំរាក មើល​ទូរទស្សន៍ និង​បោក​សំលៀក​​បំពាក់​។ ខ្ញុំ​ទទួល​បាន​ប្រាក់ខែ​ចំនួន​៥០ដុល្លារ។ ខ្ញុំអាច​រក​ប្រាក់​បាន​២០បន្ថែមទៀត ប៉ុន្តែ ការងារ​បន្ថែមម៉ោង​ ធ្វើអោយ​ខ្ញុំ​ហត់នឿយ អស់កម្លាំង​បំផុត​។ នៅពេលខ្ញុំបង់ថ្លៃជួល​បន្ទប់ និង​ផ្ញើ​ប្រាក់​អោយ​គ្រួសារ ខ្ញុំនៅ​សល់ប្រាក់​ត្រឹម​តែ​១៥ដុល្លារ​​ក្នុង​មួយខែ (ស្មើ​នឹង​០,៥ដុល្លារ ក្នុងមួយថ្ងៃ)។ ខែខ្លះ ខ្ញុំ​ត្រូ​វ​ខ្ចីលុយ​គេ​សម្រាប់​ចាយវាយ​។

ដោយនិយាយ ​ដល់​​​​អនាគត​របស់នឿន នឿន​សំដែង​ក្តី​សប្បាយរីករាយ និង​ញាក់​ស្មា​។ មិត្តភក្តិ​​ពី​កុមារ​​ភាព​របស់នាង​ទាំងអស់​សុទ្ធ​តែ​ធ្វើការ​នៅក្នុង​រោង​ ចក្រ​កាត់​ដេរ​ទាំងអស់​។ «ប៉ុន្តែ នាង​ពិតជា​មិន​មានគម្រោង​អ្វីផ្សេង​​ក្រៅ​ពីការងារ​នេះ​​រឺ​?»​ សំនួរនេះ​ហាក់ដូចជាធ្ងន់ធ្ងរ​បន្តិច។ នាង​បាន​ឆ្លើយ​តប​​វិញភ្លាម​ៗថា នាង​​គ្មានគម្រោង​អ្វីនោះទេ បន្ទាប់មក​នាង​សំយុង​មុខ​ចុះ ហើយនិយាយថា «ខ្ញុំ​ចង់​ក្លាយទៅ​ជាអ្នកលក់ទំនិញ​នៅផ្សារ ប៉ុន្តែ វាមិនអាច​ទៅរួច​នោះទេ»។

ស្រ្តី​វ័យ​ក្មេង​មួយរូប​​ឈរនៅ​ក្បែរ​ មាត់ទ្វារ​ ដោយបី​កូន​។ នាងបាន​ឈប់ធ្វើការ​ តាំង​ពី​​ពេល​​​នាង​​ប្រសូត​បុត្រ​។​ «ប្តី​របស់ខ្ញុំ​គឺជា​អ្នក​បរ​រថយន្ត​ដឹក​ទំនិញ​»។ នាងមាន​សំណាង​ច្រើនជាង​​កម្មការិនី​​ដទៃ​ផ្សេង​ទៀត ព្រោះពួកគេ​បាន​យក​កូនៗរបស់ខ្លួនទៅអោយ​សាច់ញាត់​នៅ​ឯ​ខេត្ត​​មើល​ថែរក្សា ដោយសារ​ពួកគេ​មិនមាន​ថវិកាគ្រប់គ្រាន់​ដើម្បីចិញ្ចឹមកូនៗទាំង​នោះ នៅទីក្រុង​ភ្នំពេញ រឺមួយ ដោយ​សារ​ពួកគេ​នៅលីវ មិនទាន់​រៀបការ គេក៏បោះបង់កូន​ចោល ព្រោះ​មាន​ការ​​ការ​អៀន​ខ្មាស​។

 

ជីវិតនិងការលំបាក

នៅឆ្ងាយ ​ពីទីនេះ យុវជន​កំពុង​​លេង​បាល់​ទះ។ នៅទីនេះ កម្មការិនី​មិនមែន​មាន​តែ​ខ្លួន​មួយ​នោះ​ទេ​​។ កូនប្រុស​របស់ម្ចាស់​ផ្ទះជួល​​បានពន្យល់ថា «បន្ទប់ជួល​នៅ​ទីនេះ​​មាន​តម្លៃ​២០ដុល្លារ»។ គេ​បានអះអាង​ថា​តម្លៃនេះ​មិនបាន​ឡើង​នោះទេ ចាប់តាំងពីឆ្នាំ​២០០៦មក។

នៅចម្ងាយ ​ពីទីនេះជាង២០០ម៉ែត្រ​ គេ​ឃើញមាន​សំណង់​បន្ទប់ជួល​ធ្វើអំពីឈើ​មួយផ្សេងទៀត ដែលខ័ណ្ឌដោយ​ជញ្ជាំង​ថ្ម​មួយ ពី​រោង​ចក្រ​។​ «នៅទីនេះ តម្លៃបានកើន​ឡើង​មួយទ្វេជាពីរ​​ក្នុង​រយៈពេល​​ត្រឹម​មួយឆ្នាំ។ គេ​ត្រូ​វ​ចំណាយ​២០ដុល្លារ ហើយ​ត្រូវ​បន្ថែម​១០ដុល្លារ​ទៀត សម្រាប់​ថ្លៃទឹក និងថ្លៃភ្លើង។ ខ្ញុំត្រូវ​ធ្វើការ​បន្ថែមម៉ោង​ ទើបអាច​បង់ថ្លៃជួល​បន្ទប់​បាន​»។ កម្មការិនីវ័យ​២២ឆ្នាំរូប​នេះ​រស់នៅក្នុ​ងបន្ទប់ដ៏តូចមួយ​ជាមួយ​ម្តាយ បងស្រី ប្អូនស្រី​ និង​ក្មួយ​ប្រុស​។ បន្ទប់​ជួល​ធ្វើអំពី​ឈើ​​ដ៏​សែនកំសត់របស់​នាង​មិន​មានសូម្បីតែ​បង្អួច និង​កញ្ចប់ស្រូប​ពន្លឺថ្ងៃ​។ គេឃើញ​មាន​ត្រឹមតែ​អំពូលមួយព្យួរ​នៅខាង​លើមាត់ទ្វារប៉ុណ្ណោះ។ នៅខាងក្នុង​បន្ទប់ មិនសូវ​មាន​​​ខ្យល់អាកាស​​ចេញ​ចូលនោះ​ទេ។​

បើក្រលេក ​មើលអំពីទិដ្ឋ​ភាព​ខាង​ក្រៅ​វិញ​ បរិវេណ​ខាងក្រៅ​លិចទឹក សំបូរ​ទៅ​ដោយ​​សំរាម បុរស​ៗ​កំពុង​ប្រលែងលេងជាមួយ​ស្រីៗ នៅ​ក្រោម​ខ្លោង​ទ្វារ​មួយ។ ស្រ្តីម្នាក់កំពុង​បោកកក់ខោអាវ។ ស្រ្តីម្នាក់ផ្សេងទៀត​កំពុង​ដេញចាប់កូនប្រុស​របស់ខ្លួន។ ក្មេងនោះមានពពុះសាប៊ូ​ជាប់ក្បាល រត់​ពួន​ក្រោមរទេះដឹកចេក​មួយ​។ សម្លេង​វិទ្យុ​លាន់​លឺ​ប្រណាំប្រជែង​នឹង​សម្លេង​មាន់។

ជួបជាមួយទិដ្ឋភាព ​ប្រចាំថ្ងៃ​របស់កម្មការិនី​រោង​ចក្រ​កាត់ដេរ នៅចន្លោះ​រោង​ចក្រ​និ​ង​បន្ទប់​ជួល កម្មការិនី​មិន​អាច​គេច​ផុត​ពី​រានមុខ​ផ្ទះ​ដែល​មាន​ក្លិន​មិន​ល្អ​ទាំង​នេះ ​​នោះ​ទេ។ ផ្ទះលក់​បាយ​ចាប់​បើក​​នៅ​​ម៉ោង​​១១​។ មិនមាន​អាហារដ្ឋាន​នៅក្នុង​រោងចក្រ​នោះទេ។

អង្គការ​Womyn’s Agenda for Change (WAC)ដែលជាអង្គការ​ការពារ​សិទ្ធិ​នារី ព្យាយាម​ផ្សព្វផ្សាយ​អំពីសិទ្ធិ​របស់​ស្រី្ត​ប្រាប់​ដល់​​​​កម្មការិនី​។ ក្នុង​ចំណោម​ការិយាល័យ​​​ទាំង​ប្រាំពីរ​របស់​អង្គការ​នេះ ការិយាល័យ​​​មួយ​ស្ថិតនៅ​កណ្តាល​សង្កាត់ចោម​ចៅ។

អង្គការ WAC មិនអាច​វាយតម្លៃ​ពីចំនួន​ស្រ្តី​ដែលមក​ប្រឹក្សា​ជាមួយ​អង្គការ​នេះ​ទេ។​ អង្គការ​បាន​ទទួលស្គាល់ថា មាន​ត្រឹម​តែ​ស្រ្តីមួយចំនួនតូច​ប៉ុណ្ណោះ។ នៅថ្ងៃច័ន្ទ នេះ សូនី និង​សុខា បុគ្គលិក​របស់​អង្គការ​ក្រៅរដ្ឋាភិបាល​នេះ មានតែពីរនាក់នៅក្នុង​ការិយាល័យ​។ ក្រោយបញ្ចប់​កិច្ច​​ប្រជុំ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មួយ​ ​ស្តីពី​ ម៉ោង​បន្ថែមនៃការងារ និងកិច្ចសន្យា​រយៈពេល​ខ្លី​​ «កម្មការិនី​បាន​ត្អូញ​ត្អែរ​​អំពីការ​មិនបើកប្រាក់ខែ និង​ការ​បណ្តេញ​កម្មករ​ចេញទាំង​រំលោភ​បំពាន។ រោង​ចក្រមិន​ចុះកិច្ចសន្យា​សា​ជាថ្មីជាមួយ​កម្មការិនី​ដែលមាន​ជម្ងឺ រឺជាសហជីព​នោះទេ។

សូនី និង​សុខា បាន​រៀប​រាប់​អំពីការងារ​ចុង​ក្រោយ​របស់​អង្គការ​។ នៅក្នុង​រោង​ចក្រ​​ដ៏ធំមួយ គេ​បាន​បង្ខំ​អោយ​ស្រីៗទាំងនោះ​ធ្វើការងារ​រហូតដល់​៤៨ម៉ោង ដោយមិនបាន​ឈប់សំរាក​។ ទោះជា​យ៉ាង​ណា អង្គការ​ WAC មិនអាច​ធ្វើ​អោយ​ស្រ្តី​​ដែលត្រូវ​គេ​ធ្វើបាប​ទាំង​នោះ​ ចង់ប្តឹង​ផ្តល់នោះទេ។ សូនី​បានពន្យល់ថា «វា​មិន​អាច​ទៅរួច។ ពួកនាង​ខ្លាច​ថៅកែខ្លាំងណាស់»។ សុខា​ បាន​ចាកចេញ​ពី​​រោង​ចក្រ បន្ទាប់​ពី​មានការងារ​ថ្មី​ បាននិយាយថា «ទោះជាយ៉ាងណា គេមិនដឹង​ថា​តើ​ត្រូវ​​ប្តឹង​យ៉ាង​ដូចម្តេចនោះទេ ទោះបីជាគេអា​ចប្រឆាំង​នឹង​ថៅកែ​បានក៏ដោយ។ ប៉ុន្តែ គេ​ធ្វើគ្រប់​យ៉ាង​ ដើម្បី​ផ្លាស់ប្តូរ​»។​

ចំណែក​កម្មការិនី​ប្រហែល​៣០០ ០០០នាក់ផ្សេង​ទៀត​នៅទីកុ្រង​ភ្នំពេញ មិន​មាន​​កំរិត​​ជីវិត​ល្អ​ប្រសើរ​ឡើង​នោះទេ។ តម្លៃទំនិញ​ឡើង​ថ្លៃ គ្រួសារ​ត្រូវការ​ប្រាក់ ប្រាក់​ខែមិនឡើង។ ហេតុដូច្នេះ​ហើយ​ទើប​បានជា​ស្រ្តីមួយចំនួន​បាន​ចាក​ចេញពី​ចោម​ចៅ ដើម្បីស្វែងរក​ការងារ​ផ្សេងធ្វើ ដូចជា​ធ្វើជា​ស្រីបម្រើភេសជ្ជៈ​នៅតាម​ហាង Beer Garden នៅបា ខារ៉ាអូខេ។ អ្នកខ្លះទៀត​ត្រឡប់​ទៅ​ធ្វើ​ចំការ​​នៅ​ស្រុក​កំណើត​វិញ។

 


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ