កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ខ្មែរ​រស់​នៅ​ម៉ាសាឈូសេតៈ សំបុត្រ​យន្តហោះ ត្រ​ឡប់​មក​ទី​ក្រុង​ភ្នំពេញ​វិញ
ដោយ ស្ទេហ្វាន ហ្សានីន   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០៨-១០-២០០៨

Image

ទីក្រុងឡូវ៉ែល(សហរដ្ឋអាមេរិក) ថ្ងៃទី១៦ សីហា ២០០៨៖ នៅក្នុងពិធីបុណ្យអ៊ុំទូក សកម្មជននៃសមាគម "Deported Diaspora" បានផ្សព្វផ្សាយដល់ភ្ញៀវទេសចរ ជុំវិញបញ្ហាបណ្តេញប្រជាជនចេញពីប្រទេស
© ស្ទេហ្វាន ហ្សានីន

នៅទីក្រុងឡូវ៉ែល (រដ្ឋ​ម៉ាសាឈូសេត សហរដ្ឋអាមេរិក) ថ្ងៃ​អង្គារ ទី​៥ សីហា​ ឆ្នាំ​២០០៨ ម៉ោង ១៩និង​៣០នាទី៖ គេ​បាន​កោះទ្វារ​ផ្ទះ​របស់​ចាន់ថន អាយុ​២៩​ឆ្នាំ ជាស្រ្តី​ជនជាតិកម្ពុជា កើត​នៅ​ជំរុំ​ជនភៀស​ខ្លួន​នៃ​ប្រទេស​ថៃ ហើយ​បាន​ធ្វើ​ដំណើរ​​មក​រស់​នៅ​សហរដ្ឋអាមេរិក​នៅឆ្នាំ​១៩៧៩ ក្នុង​អាយុ​៣ឆ្នាំ​។ មន្ត្រី​នគរបាល​ម្នាក់ ស្ថិត​ក្នុង​​​ឯក​​សណ្ឋានស៊ីវិល​ ​បាន​សុំ​ចូលជួប​បង​ប្រុស​​របស់​ស្ត្រី​វ័យ​ក្មេង​រូប​នេះ ឈ្មោះ​ចាន់ថុន ដែល​មាន​អាយុ​លើស​គាត់​ពីរ​ឆ្នាំ ដោយ​គ្មាន​ដីកា​ឆែក​ឆេរ។ «សូម​អ្នក​​ កុំភ័យ​ខ្លាច​អី យើង​មិន​មែនមក​ទីនេះ ដើម្បី​ចាប់ខ្លួន​បង​ប្រុស​អ្នក​​នោះ​ទេ​»។ ចាន់ថន​រារែក​ក្នុង​ចិត្ត។ នៅទីបំផុត គាត់​បាន​ដោះស្រាយថា​បងប្រុស​របស់​គាត់​មិននៅផ្ទះទេ។ គាត់មិន​ដឹង​ថា​បងប្រុស​​នៅទីណា​នោះទេ។​ ប៉ុន្តែ សង្កាត់​នេះ​ទាំង​មូល​​ត្រូវ​បាន​ឃ្លាំមើល​​​គ្រប់​ច្រក​ល្ហក​ទាំង​​អស់​​ ដោយ​ទីភ្នាក់​ងារ​អន្តោប្រវេសន៍​ Immigration and Customs Enforcement​ Agency (ICE)។ ១០​នាទីក្រោយមក ចាន់ថុន​ បាន​ចាកចេញពីផ្ទះ ដោយ​ដៃ​ជាប់​ខ្នោះ។ គាត់​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្នុង​​មន្ទីរ​ឃុំឃាំងអូតេរ៉ូ ខោនធី (Otero County) ស្ថិតនៅ​ភាគ​ខាង​ត្បូង​នៃ​រដ្ឋ​ម៉ិច​ស៊ីក​ថ្មី​ ក្បែរ​នឹង​ព្រំដែន​​ជាមួយ​រដ្ឋ​តិចសាស ពោល​គឺ​ចម្ងាយ​ប្រហែល​​ជា​៤០០០ គីឡូ​ម៉ែត្រ​​ពី​លំនៅដ្ឋាន​របស់​គាត់។ គាត់​មិនមែន​ត្រូវ​បាន​ចាប់ខ្លួនតែ​ម្នាក់ឯង​នោះទេ ជនជាតិកម្ពុជា​រស់នៅ​ក្រុង​ឡូវ៉ែល​១៥​នាក់​​ផ្សេង​ទៀត​​ត្រូវ​បាន​ចាប់​ ខ្លួន​នៅល្ងាច​ជាមួ​យ​​គ្នា​នេះ នៅក្នុង​ប្រតិបត្តិការ​ចុះ​ឆែក​ឆេរ​របស់​​មន្ត្រី​​នគរ​បាល។ ពួកគេ​ទាំង​នោះ​ប្រឈម​មុខ​នឹង​ការ​បញ្ជូន​មកកាន់​ប្រទេស​​កម្ពុជា​វិញ ប៉ុន្តែ មិន​ទាន់​​កំណត់​កាល​​បរិច្ឆេទ​ច្បាស់​លាស់​នៅឡើយ​ទេ។ ក្នុង​ចំណោម​​ជន​ជាតិ​ខ្មែរដែល​ត្រូវ​ចាប់​ខ្លួន​​​ទាំង​​នោះ ភាគច្រើន​បាន​ចាក​ចេញ​ពី​ប្រទេសកម្ពុជា អស់រយៈពេល​២៥​មក​ហើយ​ ហើយ​ពួក​គេ​ក៏​​​មិន​ចេះ​និយាយ​ភាសា​ប្រទេស​នេះ​ផង​ដែរ។

 

 «ប្រព័ន្ធច្បាប់​​មិនត្រឹម​ត្រូវ»
តើ ​ចាន់ថុន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី បាន​ជា​​រដ្ឋាភិបាល​អាមេរិក​​ចង់បណ្តេញគេ​ចេញ​​​ពី​​ប្រទេស​ដូច្នេះ? បើតាម​ប្រសាសន៍​របស់​ប្អូនស្រីរបស់​គាត់ «វាមិនមែនជា​បញ្ហា​​ធំដុំអ្វី​នោះទេ»។ ស្រ្តី​នេះ​បាន​​រៀប​​រាប់​ថា «កាលពី​១២​ឆ្នាំមុន បង​ប្រុស​របស់​ខ្ញុំ​​ធ្វើ​ដំណើរ​ទៅសួរ​សុខ​ទុក្ខ​សាច់​ញាតិ​ ដែល​រស់​នៅ​​ទីក្រុង Rhodes Island​។ នៅ​​ទីនោះ គាត់​បាន​ប្រព្រឹត្តរឿង​អាស្រូវ​មិនគប្បី​​មួយ ​ជាមួយ​នឹង​ជន​ជាតិខ្មែរ​មួយ​ចំនួន​ផ្សេង​ទៀត​។ ថ្ងៃ​មួយ ប៉ូលីស​បាន​ចាប់​ខ្លួន​អ្នក​ទាំង​អស់នោះ ព្រម​ជាមួយ​ទាំង​បង​ប្រុស​​របស់​ខ្ញុំ​ផង​ដែរ។ មន្ត្រី​ប៉ូលីស​មិន​មាន​អ្វី​ប្រឆាំង​នឹង​គាត់​នោះទេ​៖ គាត់​មិន​បាន​​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ ចោរកម្ម មិនដឹកជញ្ជូនអាវុធ និង​គ្រឿង​ញៀន ប៉ុន្តែ គាត់​គ្រាន់​តែ​ប្រព្រឹត្ត​រឿង​​អាស្រូវ​​មិនគប្បី​ខ្លះប៉ុណ្ណោះ​។​ គាត់​ត្រូវ​ជាប់​ពន្ធ​នាគារ​រយៈពេល​២សប្តាហ៍ រួច​ត្រូវ​បាន​ដោះ​លែង​​វិញ។ សំណុំរឿង​ក្តី​របស់​គាត់​ក៏​ត្រូវ​បាន​បញ្ចប់​នៅពេលនោះដែរ​​។ ប៉ុន្តែ គាត់​គឺជា​ជន​អន្តោប្រវេសន៍​ដែល​មិនដែលធ្លាប់​សុំ​សញ្ជាតិអាមេរិក ហើយ​មិនខ្វល់​​ធ្វើ​សំណុំឯកសារ​ស្នាក់​នៅ​​សា​ជាថ្មី អស់​រយៈពេល​​ច្រើនឆ្នាំ​គួរ​សម​មកហើយ...។​​»

ក្រោយមកទៀត ចាន់ថុន រស់នៅ​យ៉ាង​ស្ងៀមស្ងាត់​ ជាមួយនឹងការ​ងារជាប់​លាប់​​មួយ​ ហើយ​លោកមានបន្ទុកថែរក្សា​កូន​ប្រុស​ពីរនាក់ ក្រោយ​ការ​លែង​លះ​ជាមួយ​​​ភរិយា​របស់គាត់។ ប្អូ​នស្រីរបស់គាត់​បាន​បន្ត​ទៀតថា «​បង​ប្រុស​របស់​ខ្ញុំ​រកបាន​​​ប្រាក់ចំណូល​គ្រប់គ្រាន់​ ដើម្បី​មើល​ថែរក្សា​កូន​ៗ! ពិតជា​មិនគួរ​អោយ​​ជឿថា​ ប្រព័ន្ធ​ច្បាប់​នេះ​ព្រៃ​ផ្សៃ និង​អមនុស្សធម៌​បែបនេះ​នោះ​ទេ។ ការ​បញ្ជូន​​ទៅកាន់ពន្ធនាគារ​នៅរដ្ឋ​ម៉ិចស៊ិកថ្មី ជាមួយនឹងការ​គំរាមកំហែង​បណ្តេញ​ចេញ​​​ពីប្រទេស​ គឺជា​រឿង​មិនត្រឹមត្រូវ»។

យុទ្ធនាការ​តស៊ូមតិ​របស់​អ្នក​ស្រី​ Dimple Rana ដើម្បី​ «ជនដែលត្រូវ​បណ្តេញចេញពី​ប្រទេស»​
រឿង ​រ៉ាវ​ដូចជា​ករណី​របស់​ចាន់ថុន​នេះ កើតមាន​ស្ទើរ​តែគ្រប់​ទីកន្លែង​នៅទូទាំង​សហរដ្ឋ​អាមេរិក​។ អ្នកស្រី Dimple Rana មេធាវីការពារ​ក្តី​នៃ «ជនជាប់​ទោស​ពីរ​ករណី»​ទាំង​នេះ​ បាន​រៀប​ចំ​យុទ្ធនា​ការ​តស៊ូ​​ប្រឆាំង​នឹង​ច្បាប់​នេះ។ អ្នកស្រីបាន​បង្កើត​សមាគម «Deported Diaspora» នៅ​ខែ​មី​នា ឆ្នាំ​២០០៨ ដែលមានការ​ចូលរួម​ពីសំណាក់​សកម្មជន​សហគមន៍​ក្មេងៗ​មួយក្រុម​ ដែល​ត្រូវ​ការ​​រារាំង​ការនិរទេស​​ប្រជាជនចេញពី​ប្រទេស​ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​នីតិវិធីនៃ «ការ​បញ្ជូន​ទៅ​​កាន់​ប្រទេស​កំណើត​​​វិញ» ​ ដែលកំពុង​តែ​អនុវត្ត​នៅ​សហរដ្ឋអាមេរិក​។

អ្នកស្រី Dimple Rana​ មាន​ដើម​កំណើត​ជា​ជនជាតិឥណ្ឌា​ ហើយកើត​នៅលើ​ទឹក​ដី​សហរដ្ឋ​អាមេរិក​​។ គាត់​ធំដឹង​ក្តី​នៅ​ក្នុង​សហគមន៍​ខ្មែរ នៅក្រុង Revere ស្ថិតនៅជាយ​ក្រុ​ង​បូស្តុន ចម្ងាយ​៥០​គីឡូម៉ែត្រ​​ពី​ក្រុង​ឡូវ៉ែល។ «នៅអាយុ​១១​ឆ្នាំ ខ្ញុំ​បាន​បង្កើត​ក្រុម​បង​ធំមួយ ជាមួយ​ខ្មែរ​កាត់​អាមេរិក​​ ដើម្បីប្រឆាំង​ទៅនឹង​ការ​ប្រកាន់​ពូជ​សាសន៍ និង​ភាព​ក្រីក្រ​សហគមន៍​។ កាលណោះ ខ្ញុំ​គិត​​ថា​ក្រុម​បង​ធំ​​​ជួយធ្វើអោយ​ខ្ញុំប្រឆាំង​នឹង​ អំពើអយុត្តិធម៌ទាំង​នេះ...។ បួន​ឆ្នាំ​ក្រោយមក ខ្ញុំ​យល់​ឃើញ​ថា​ នេះ​មិនមែនជា​ជម្រើស​ដ៏ល្អ​ប្រសើរ​ឡើយ​។ នៅពេល​ខ្ញុំ​ត្រឡប់​មក​កាន់​ទីក្រុង​វិញ​​ គឺក្រោយ​ខ្ញុំបញ្ចប់​ការសិក្សា​ឆ្នាំទីមួយនៅសាកលវិទ្យាល័យ​ ក្រុមបង​ធំបានធ្លាក់​ចូ​ល​ទៅក្នុង​អំពើ​​ហឹង្សា។ នេះ​គឺ​ជា​កត់​សម្គាល់​​ឃើញពីភាព​បរាជ័យ​​មួយ ដែល​ពិបាក​នឹង​ទទួលស្គាល់​។ ចាប់​​តាំងពីពេល​នេះ​មក ខ្ញុំ​បាន​សម្រេចចិត្ត​ចំណាយពេល​វេលាក្នុង​ជីវិត​របស់ខ្ញុំ ដើម្បី​ការ​ងារ​​មួយ​ ​​ដែល​ខ្ញុំ​ហៅថាជាការ​ផ្លាស់​ប្តូរ​សង្គម...»។

ចន្លោះ ​ឆ្នាំ​២០០៥ និង​២០០៧ Dimple Ranaស្នាក់នៅប្រទេស​កម្ពុជា​ និង​​បាន​បង្រៀន​ភាសា​អង់គ្លេស​នៅទីនោះ។ ​ក្រោយមក គាត់​បាន​ក្លាយទៅជា​អ្នក​​ស្ម័គ្រ​ចិត្ត​បម្រើ​ការងារ​មិន​យក​កំរៃ​​នៅ​ សមាគម​ទទួល «អ្នកត្រឡប់មកស្រុកវិញ» («RAP» តែក្រោយមក​ក្លាយជា «RISP») ។ នៅទីនោះ អ្នកស្រី​បានកត់​សម្គាល់​ឃើញ​ពីផល​ប៉ះពាល់​នៃការ​និរទេស​​ដែលកើត​មាន​ចំពោះ​ ជន​រង​​គ្រោះ ហើយ​ផល​​វិបាក​សម្រាប់​ពួកគេ​ ក្នុងការ​ចាប់​ផ្តើម​កសាង​ជីវិត​ថ្មីមួយនៅក្នុង​​ទឹក​ដី​កំណើត​​របស់​ ឪពុកម្តាយ​មួយ​ ដែលខ្លួន​មិនធ្លាប់​រស់នៅពីមុន​។

នៅពេល​ Dimple Rana ត្រឡប់មក​សហ​រដ្ឋអាមេរិកវិញ គាត់​សង្កេតឃើញថា​ការ​បំបរបង់​អោយ​ចេញ​ពីស្រុក​ចេះ​តែកើន​ឡើង​។ «ការ​និរទេស​ពាក់ព័ន្ធ​គ្រប់ជន​អន្តោ​ប្រវេសន៍ទាំងអស់​ដែល​មិន​មាន​​សញ្ជាតិ ​អាមេរិក​ ហើយ​បាន​ប្រព្រឹត្ត​កំហុស​​​​ឆ្គង​ណាមួយ មិនថា​កំហុសឆ្គង​ទាំង​នោះកើត​មាន​ឡើង​​រួច​មក​ហើយ​ក៏​ដោយ​។ ​ពួកគេ​ទាំង​នោះ​ត្រូវ​​បា​​ន​បណ្តេញ​ចេញ​ដោយមន្ត្រី​ប៉ូលីស​ ។ ករណីនេះ​​អាច​ជា​លើកទីមួយ​នៅ​ក្នុងជីវិត​របស់​ពួកគេ។ ការ​ទទួល​បាន​លិខិត​«Green Carde» រឺ​ ការមាន​លិខិត​ស្នាក់នៅអចិន្ត្រៃយ៍ ​មិនមាន​ន័យថា​​អ្នកទាំង​នោះ​​គឺជា​ប្រជា​ពល​រដ្ឋ​​អាមេរិក​នោះ​ទេ​! ច្បាប់មិនយោគយល់​​​ចំពោះអ្ន​កដែលមិនមែន​ជា​ប្រជាជន​អាមេរិក​»។

កិច្ច​ព្រមព្រៀង​នៅ​ទូទាំង​ពិភពលោក
បច្ចុប្បន្ន ​នេះ មាន​ប្រទេស​តែពីរ​ប៉ុណ្ណោះ​ដែលមិន​យល់ព្រមចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ នៃ​ការ​និរទេស ​​ជាមួយ​សហរដ្ឋអាមេរិក​ នោះគឺ​ប្រទេស​ឡាវ និង​ប្រទេស​គុយបា។ ចំណែក​ប្រទេស​វៀតណាម ដែល​ធ្លាប់​តែ​បដិសេធ​អស់​រយៈ​ពេលជា​យូរ​ឆ្នាំមកហើយ​ ក៏បាន​យល់ព្រម​ចុះ​ហត្ថលេខា​​លើ​​កិច្ចព្រមព្រៀង​នេះ​ផង​ដែរ។ នៅខែមីនា ឆ្នាំ​២០០១ ប្រទេស​កម្ពុជា​បាន​ចុះ​ហត្ថលេខា​​លើកិច្ច​ព្រម​ព្រៀង​​នេះ​ជាមួយ​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។ ចាប់​តាំង​ពី​ឆ្នាំ​២០០២​មក​ ​ប្រជាជន​​កម្ពុជា​រស់នៅ​សហរដ្ឋ​អាមេរិក​ចំនួន​១៨៧នាក់​ត្រូវបានបញ្ជូន​មក​ ស្រុក​កំណើត​វិញ។ ប្រជាជនកម្ពុជា​រស់នៅទីក្រុង​ឡូវ៉ែល​ចំនួន​១៥នាក់ ដែល​ត្រូវ​បាន​​ចាប់​ខ្លួន នៅល្ងាច​ថ្ងៃទី៤ សីហា ឆ្នាំ​២០០៨ អាច​នឹង​ដាក់បញ្ជូល​ទៅក្នុង​បញ្ជី​និរទេស​​នេះ ប្រសិនជា​ទីភ្នាក់ងារ​ ICE អាច​បិទ​​សំណុំ​រឿង​​​​របស់​ពួក​គេ​នេះ​បាន ក្នុង​រយៈពេល​​ឆាប់​បំផុត​ ៩០ថ្ងៃ។ បើសិន​ជា​ហួស​រយៈពេល​នេះ អ្នកជាប់​ឃុំឃាំង​​​ត្រូវ​ដោះលែង​អោយ​មាន​សេរីភាព​។​

សេចក្តីលំអិត​នៃច្បាប់ « Ira-Ira» (ច្បាប់បណ្តេញជនអន្តោប្រវេសន៍​ចេញពី​ប្រទេស​)
នៅសហរដ្ឋអាមេរិក ការ​និរទេស​គឺជា​យន្តការ​នៃវិធានការណ៍​មួយ​ស្តីពី​​​អន្តោ​ប្រវេសន៍​ ដែល​ច្បាប់​​ Illegal Immigration Reform and Responsibility Act (ហៅ​កាត់​ថា«Ira-Ira») បាន​រឹត​បន្តឹង​គួរ​​អោយ​កត់សម្គាល់​។ ច្បាប់នេះ​ត្រូវ​បាន​អនុម័ត​នៅឆ្នាំ​១៩៩៦ ក្រោម​អធិបតីភាព​របស់លោក​គ្លីនតុន ដោយ​បាន​ចែង​ថាៈ
-ជន​ប្រព្រឹត្ត​ បទល្មើស​តូច​តាច រឺ​ប្រព្រឹត្ត​ «រឿង​អាស្រូវ» (ឧ. ចោរកម្មនៅក្នុងហាង សេព​គ្រឿង​ស្រវឹងនៅតាមផ្លូវ​សាធារណៈ...) នឹងត្រូវធ្វើនិរទេស​ចេញ​ពី​សុ្រក​។​
-រាល់អំពើ​បទឧក្រិដ្ឋ​ រឺ​បទមជ្ឈិម ទោះបីជាករណីតូចតាច​ក៏ដោយ ត្រូវ​បាន​ចាត់​ទុក​​ជា​​ «បទ​ល្មើស​​​ធ្ងន់​ធ្ងរ» ប្រសិនជា​បទល្មើស​ទាំងនេះត្រូវ​បាន​ប្រព្រឹត្ត​ដោយ​ប្រជាជន​គ្មាន​សញ្ជាតិ​ អាមេរិក​។​
-ច្បាប់ «Ira-Ira» គឺជា​ប្រតិសកម្ម មានន័យថា​​ប្រជាពលរដ្ឋ​ដែល​មិន​មាន​សញ្ជាតិ​អាមេរិក​ អាច​នឹង​ត្រូវ​និរទេស​ចេញពីប្រទេស​ ដោយសារ​បទ​ល្មើស​មួយ ទោះ​បី​ជា​​បទល្មើស​នោះត្រូវ​បាន​ប្រព្រឹត្ត​កាលពី​២០ឆ្នាំ​​មុនក៏ដោយ ពោល​គឺមុនការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ក៏ដោយ។​
-ច្បាប់ «Ira-Ira» បង្ហាញនូវ​សញ្ញាណរបស់​ «Due Process» មានន័យថា មិន​មាន​និរទេស​ជន​ណា​មួយ​​អាច​ទទួល​បាន​ការពិនិត្យសំណុំរឿង​របស់​ខ្លួន ហើយ​មិនមានការ​ពិនិត្យពិច័យ រឺ​ការ​សំរាលទោសណាមួយ​​ត្រូវ​បានធ្វើឡើង​នោះទេ (ដូចជាករណី​បុគ្គលនោះ​​ទទួល​បានការជួ​យ​ឧបត្ថម្ភ​​ពី​គ្រួសារ រឺ​រៀបការ​ជាមួយ​អ្នកមានសញ្ជាតិអាមេរិក)។

ការជជែកវែកញែកលើបទបញ្ញត្តិ
ដើម្បីការពារ ​អត្ថបទ​ច្បាប់នេះ អាជ្ញាធរ​តែង​តែ​ផ្សព្វផ្សាយ​អំពីសុវត្ថិភាព​សង្គម​​នៅ​​តាម​ផ្ទះ​របស់​ គ្រួសារ​អាមេរិក​មួយចំនួន​។ យុទ្ធនាការ​​​នេះដំណើរ​ទៅយ៉ាង​រលូន។ នៅ​ថ្ងៃទី​៩ សីហា លោក​ Bruce M.Foucart ទីភ្នាក់ងារ​ពិសេ​ស​ទទួល​បន្ទុក​ផ្នែក​សេវាកម្ម​អន្តោប្រវេសន៍​នៃទីក្រុង​ បូស្តុន បាន​ពន្យល់នៅលើទំព័រ​សារព័ត៌មាន​ Boston Globe ថា «បុគ្គល​គ្រប់រូប​​ដែលត្រូវ​បាន​បណ្តេញ​ចេញពី​ប្រទេស​​​ នៅ​ក្នុង​​ប្រតិបត្តិការ​ទាំងនេះ​ ត្រូវ​មាន​សមត្ថកិច្ចជំនុំជម្រះដោយ​​ភ្នាក់​ងារ​​នគរបាល​​ និង​​អន្តោប្រវេសន៍​។ ប្រតិបត្តិការ​របស់យើង​ផ្តោត​ទៅលើ​ឧក្រិដ្ឋជន និង​សមាជិក​​​​​ក្រុម​បងធំ​ ដែល​បាន​ប្រព្រឹត្ត​អំពើហឹង្សា​នៅក្នុង​សង្កាត់​...»។

ទោះបីជា​ យ៉ាង​ណា មិនមែនគ្រប់គ្នា​សុទ្ធ​តែ​យល់ស្រប​ទៅ​នឹង​អំណៈអំណាង​ខាង​លើ​នេះ​​​នោះ​ទេ។ នៅទីក្រុង​ឡូវ៉ែល ការគំរាមកំហែង​បណ្តេញចេញ​​ទាំង​នេះ​បាន​ចាប់​ផ្តើម​ធ្វើទុក្ខបុកម្នេញ​ សហគមន៍​​​កម្ពុជា​។ សមាជិកនៃសហគមន៍​នេះ​មួយ​ចំនួន​​មិនខ្លាច​និយាយ​ពីភាព​អយុត្តិធម៌ ដែល​​កើត​មានឡើង​ចំពោះ​អ្នក​ដែល​តែងតែ​បង់ពន្ធ​ទៅអោយ​សង្គម ហើយ​អ្នកដែល​បាន​ចាប់​ផ្តើម​​កសាង​ជីវិត​របស់​ពួកគេ​​សា​ជាថ្មី​។

នៅក្នុង ​ឱកាស​នៃកិច្ច​​ប្រជុំមួយ​របស់ «Deported Diaspora» នៅក្នុង​មូលដ្ឋាន​នៃ​សមាគមខ្មែរ​ជួយ​​​ខ្មែរ​ នៃទីក្រុង​ឡូវ៉ែល អ្នកស្រី ណៀម និយាយ​មិន​ញញើត​មាត់​អ្វី​សូម្បីតែបន្តិច​។ ជំនួយ​ការ​គ្រូពេទ្យ​​ ដែលចេះ​និយាយ​ពីរភាសា​រូបនេះ​ បាន​មកដល់​ប្រទេស​កាណាដា​នៅ​ឆ្នាំ​១៩៧៩ មុន​នឹង​​ចាកចេញ​មក​រស់​នៅ​​រដ្ឋ​ម៉ាសាឈូសេត ក្នុង​ឆ្នាំ​១៩៩៤។ គាត់​បាន​ពន្យល់ពីមូលហេតុ​«នៃ​ការ​មិន​យល់​ស្រប​» ចំពោះច្បាប់​ស្តីពីអន្តោប្រវេសន៍​នេះ​។

អ្នកស្រី​បានបញ្ចេញកំហឹង​ របស់​ខ្លួនថា «នេះគឺជារឿង​ងាយស្រួលបំផុត​សម្រាប់​សហរដ្ឋអាមេរិក ក្នុងការ​បណ្តេញ​មនុស្ស​​ដែលខ្លួន​មិនត្រូវ​ការ​ចេញពី​ទឹក​ដី​ ដែល​​​​ផ្តល់​ជីវិត​រស់នៅ​ដល់​អ្នក​​ទាំង​​នោះ។ នៅពេល​មនុស្ស​ទាំង​នោះ​មក​ដល់​ទីនេះ ពួក​គេ​គ្រាន់​តែ​ជា​ក្មេង​ធម្មតា​ប៉ុណ្ណោះ ដែលត្រូវ​ធ្វើ​បាប​ដោយ​សង្គ្រាម​ និង​ជំរុំ​ជន​ភៀស​ខ្លួន។ បន្ទាប់​មក ពួកគេ​ធំដឹងក្តី​នៅទីនេះ។ ដូច្នេះ សង្គម​អាមេរិក​គឺជា​អ្នក​ទទួល​ខុស​ត្រូវ​លើជីវិត​រស់នៅ​របស់ពួកគេ មិនមែនជា​ប្រទេស​កម្ពុជា​នោះទេ! តើ​​ហេតុ​អ្វី​បាន​ជា​ធ្វើដូច្នេះ​លើ​អ្នកទាំង​នោះ? អ្វីដែល​ពួកគេ​ត្រូវការ​ គឺការជួយ​ជ្រោម​ជ្រែង​ ដើម្បី​ធ្វើ​សមាហរណកម្ម​ចូល​ទៅក្នុង​សង្គម...»។ អ្នកស្រី​បានរម្លឹក​ពីតួនាទី​របស់​សហគមន៍ខ្មែរ​ ហើយ​បើ​​តា​ម​គំនិត​របស់​គាត់ សហគមន៍​ខ្មែរ​គួរ​តែត្រូវ​ទទួល​ស្គាល់​នៅទីក្រុង​ឡូវ៉ែល​ «ជា​ទីក្រុង​​មួយ ដែល​​ធ្លាប់​ទទួល​រង​មហន្តរាយ​ នៅពេល​ការ​មកដល់របស់ពួកគេ​»។ អ្នកស្រី​បានសន្និដ្ឋាន​យ៉ាង​ដាច់ណាត់ថា «យើង​ត្រូវតស៊ូ​ប្រឆាំង​ច្បាប់នេះ ដូច​ជា​យើង​ធ្លាប់តស៊ូ​ប្រឆាំង​នឹង​ការ​បែង​ចែក​សម្បុរ​​​ខ្មៅនិងស កាលពីអតីតកាល! យើងមិនបាន​អួត​ខ្លួន​ឯង​ថា​ជា​អ្នក​ប្រជាធិបតេយ្យ​ យើង​ចង់​​បង្ហាញ​គំរូដ៏ល្អ​មួយ​នៅជុំវិញពិភពលោក ហើយ​ប្រតិកម្ម​ទៅនឹង​ច្បាប់នេះ»។

ជន​អន្តោប្រវេសន៍តែង​តែ​ជាប់នៅក្នុង​មន្ទីរឃុំឃាំង​
នៅក្នុងពិធីបុណ្យ ​អ៊ុំទូក នៅទីក្រុង​ឡូវ៉ែល​ កាលពី​ខែសីហាកន្លងទៅនេះ អ្នក​ស្រី​Dimple Rana និង​សកម្មជននៃ «Deported Diaspora» ​បាន​ទទួល​ហត្ថលេខា​ចំនួន​៦០០​ ដើម្បីការពារ​​​បុព្វហេតុ​របស់ពួកគេ​​។ អ្នកស្រី​Dimple បាន​លើក​ឡើងថា «សព្វ​ថ្ងៃនេះ មនុស្សយើងកាន់​តែ​​​ចុះ​សម្រុង​​នឹងគ្នា។ យើង​ត្រូវ​រួប​រួម​កម្លាំង​គ្នា​ជា​ធ្លុង​មួយ ហើយ​មិនត្រូវ​បែក​បាក់​សាមគ្គី​ជា​ដាច់​ខាត ព្រោះ​​បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួនមក​ នៅ​មាន​ការរំលោភ​បំពាន​ជាច្រើន​នៅមន្ទីរ​ឃុំ​ឃាំង ​ដែល​យើង​​ត្រូវ​បរិហារ។ អ្នកជាប់​ឃុំ​ឃាំង​មួយ​ចំនួន​មិនទទួល​សិទ្ធិ​របស់​ខ្លួន និង​គ្មាន​មេធាវី ហើយ​សេវាកម្ម​អន្តោ​ប្រវេសន៍​​មិន​ទទួល​ខុស​ត្រូវ​លើ​ពួកគេ​​នោះ​​ទេ...»។

ភ្នាក់ងារ ​អន្តោប្រវេសន៍និងគយ (ICE) ​បានចំណាយថវិកាចំនួន​១០០០លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ ដើម្បី​​បម្រើផល​ប្រយោជន៍​កុ្រមហ៊ុន​ រឺ​ក្រុមការងារឯកជន​ដែលគ្រប់គ្រង​ពន្ធនាគារ​ ដើម្បី​គ្រប់​គ្រង​​ការ​​ឃុំ​​ខ្លួន​ជនអន្តោប្រវេសន៍​ជាង​២៧ ៥០០នាក់ នៅទូទាំង​ប្រទេស​។

ស្គាល់ពីសិទ្ធិរបស់ខ្លួន…
ក្នុងរយៈ​ពេល​ជិត​២ខែ ចាន់ថន​បាន​ «ស្វែង​រក​​​គ្រប់មធ្យោបាយទាំង​អស់» ដើម្បី​អោយ​គេ​ដោះ​លែង​​បង​​ប្រុស​របស់​គាត់។
«នៅ ​​ពេលបង​ប្រុស​របស់ខ្ញុំ​ត្រូ​វ​ចាប់ខ្លួន ខ្ញុំបានធ្វើដំណើរ​ទៅជួប​គាត់​នៅរដ្ឋ​Pennsylvanie ដែល​ជា​កន្លែង​​គេ​ឃុំខ្លួនគាត់។ នៅទីនោះ គេ​បាន​និយាយ​ប្រាប់​ខ្ញុំ​ថា​​បង​ប្រុស​របស់ខ្ញុំ​មិន​នៅ​ទីនោះ​​ទេ​។​ វាគឺជា​រឿង​បោ​ក​ប្រាស់ គេគ្រាន់​តែ​មិន​ចង់​​អោយ​ខ្ញុំជួប​គាត់​ប៉ុណ្ណោះ។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក គាត់​​ត្រូវ​​បាន​បញ្ជូន​ទៅ​កាន់​រដ្ឋ​ម៉ិចស៊ិក​ថ្មី ស្ថិត​នៅចម្ងាយ​៤០០០គីឡូម៉ែត្រ​ពីទីក្រុង​ឡូវ៉ែល​!!!*** ខ្ញុំត្រូវ​ស្វែង​រក​មេធាវី​មួយរូប​ពីចម្ងាយ ដែលព្រម​ការពារក្តី​​អោយ​បងប្រុស​របស់ខ្ញុំ។ ខ្ញុំបាន​ស្វែង​រក​មេធាវីជាង១០នាក់ ប៉ុន្តែ គេ​បាន​បដិសេធ​ជាមួយ​ពាក្យសំដីមិនគួរ​សម ហើយ​ជួនកាល ខ្ញុំត្រូវ​ជនមួយចំនួន​ឆ​​បោក​ ដោយសារ​គេ​ដឹង​ថា​យើង​មក​ពី​ឆ្ងាយ ជាជន​រង​គ្រោះ ហើយ​ត្រៀម​នឹង​ចំណាយ​​សព្វ​បែប​យ៉ាង ដើម្បីបាន​ជួប​ជុំ​សាច់​​ញាតិ​របស់យើង​ឡើង​វិញ។ នៅទីបំផុត ខ្ញុំ​​​ស្វែង​រក​បាន​មេធាវីស្រី​មួយរូប​នៅ​រដ្ឋ​តិចសាស់ ដែលមាន​ឯកទេស​នៅ​ក្នុង​រឿង​អន្តោប្រវេសន៍​នេះ គាត់​គឺ​​ជា​​មនុស្ស​​ដ៏ល្អម្នាក់។ ៥សប្តាហ៍​ក្រោយម​ក គាត់​អាច​ជួយ​យក​បង​ប្រុស​របស់ខ្ញុំ​ចេញ​ពី​ពន្ធនាគារ​​បានសម្រេច​​! ខ្ញុំ​សឹង​តែ​មិនជឿ​​... ខ្ញុំ​គិត​ថា​ប្រសិនជា​គ្រួសារ​ផ្សេង​​​អាច​រក​បាន​មេធាវី​ដ៏​ល្អម្នាក់ ពួកគេ​នឹង​មានភ័ព្វ​សំណាង​ច្រើន​ គេច​ផុត​ពីការ​និរទេស​ទៅ​ស្រុក​វិញ»។

ជាចុង ​ក្រោយ ចាន់ថន​បាន​ចំណាយ​អស់​ប្រាក់​២ ពាន់​​ដុល្លារ សម្រាប់ថ្លៃមេធាវី ហើយ​១​ពាន់​ដុល្លារ​​​ សម្រាប់​បង់ទៅអោយ​រដ្ឋបាល​អាមេរិក ដើម្បី​ទទួល​​បាន​ការ​ដោះលែង​បង​ប្រុស​របស់​គាត់ នៅថ្ងៃទី​១៩ កញ្ញា​កន្លង​ទៅនេះ​​។ គាត់​នឹង​ទទួល​បាន​ទឹកប្រាក់​នេះ​មកវិញ ប្រសិនជា​បង​ប្រុស​​របស់គាត់​មិនត្រូវ​បានភ្នាក់​ងារ​​អន្តោប្រវេសន៍ រឺនគរបាល​​ កត់សម្គាល់​​ឃើញកំហុស​ ក្នុង​រយៈ​ពេល​​បី​ខែ បន្ទាប់​ពីការ​ដោះលែង​នេះ។

ចាន់ថុន ដែល​ចុះទម្ងន់​អស់​៥គីឡូក្រាម​ បាន​ត្រឡប់មកជួប​ជុំ​កូន​ប្រុសទាំង​ពីរ​របស់គាត់ និង​មក​ធ្វើ​ការងារ​​ជាធម្មតា​វិញ។ គាត់បានឆ្លងកាត់ហេតុការណ៍​ដ៏អាក្រក់​មួយ។ ទោះបីជាយ៉ាង​ណា គ្រប់​គ្នា​​មិនមែន​សុទ្ធតែ​មានសំណាង​ទទួល​បាន​ការ​យក​អាសារ​​​​ ពីបងរឺប្អូនស្រីម្នាក់ ដូចជា​​ចាន់​ថន​​នោះទេ។ ចាន់ថន​អាច​និយាយ​ភាសា​អង់គ្លេស​បានយ៉ាងល្អ ហើយ​មានសមត្ថភាព​អាច​ស្វែង​រក​ធន​ធាន​​​យ៉ាង​ឆាប់​រហ័ស ដើម្បី​បញ្ឈប់​ម៉ាស៊ីន​នៃការ​បណ្តេញចេញ​របស់​អាជ្ញាធរ​អាមេរិក​នេះ​​​។​

***ការឃុំខ្លួន ​ជនអន្តោប្រវេសន៍​ អោយនៅឆ្ងាយ​ពី​គ្រួសារ ដើម្បី​ជៀសវាង​ការ​ទំនាក់​​ទំនង​ ហើយ​ការ​ពារ​​រាល់ការងារ​ប្តឹង​ផ្តល់​ផ្សេងៗ គឺជា​បច្ចេកទេស​​ដែល​ភ្នាក់ងារ​​​អន្តោប្រវេសន៍អាមេរិក​តែង​តែ​យក​ មកប្រើប្រាស់។


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ