| វិបត្តិព្រំដែនរវាងប្រទេសកម្ពុជានិងថៃៈ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន តម្លើងសម្លេងខ្លាំង |
| ដោយ រស់ ឌីណា | |
| ១៣-១០-២០០៨ |
នៅរសៀលថ្ងៃច័ន្ទ ទី១៣ តុលានេះ សម្តេចហ៊ុន សែន បានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសថៃ សមពង្ស អាម៉នវីវ៉ាត់ ដែលបានមកបំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញរយៈពេលមួយថ្ងៃ។ កាលពីព្រឹកថ្ងៃច័ន្ទ មន្រ្តីការទូតរូបនេះបានជួបពិភាក្សាជាមួយលោកហោ ណាំហុង រដ្ឋមន្រ្តីការបរទេសនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការឯកភាពគ្នា ស្តីការចាប់ផ្តើមការចរចាឡើងវិញអោយបានឆាប់រហ័ស រវាងប្រទេសទាំងពីរ ជុំវិញជម្លោះព្រំដែន ដែលកើតមានឡើងអស់រយៈពេលជាង៣ខែមកហើយ។
នៅព្រឹកថ្ងៃដដែលនេះ ទាហានថៃមួយក្រុមបានព្យាយាមរុករានចូលទឹកដីខាងកម្ពុជា។ សម្តេចហ៊ុន សែនបានអះអាងថា ទាហានទាំងនោះមានគ្នា៨០នាក់ ដែលបានបោះទីតាំងនៅលើទឹកដីកម្ពុជា។ «ខ្ញុំបាននិយាយទៅកាន់រដ្ឋមន្រ្តីការបរទេសថៃថា ពួកគេមានពេលត្រឹមថ្ងៃស្អែក (ថ្ងៃអង្គារ ទី១៤) ដើម្បីចាកចេញពីកន្លែងនោះ! ពួកគេបានរំលោភបំពានអធិបតេយ្យភាពនៃប្រទេសកម្ពុជា»។
ប្រសិនជា ទាហានថៃមួយក្រុមថ្មី ដែលបំពាក់ទៅដោយរថក្រោះ និងបានបោះទីតាំងចម្ងាយ៣០ម៉ែត្រ ពីទាហានកម្ពុជា នៅតែហ៊ានចូលកាន់តែជ្រៅ ហើយឈ្លានពានចូលមកក្នុងតំបន់ព្រលានឥន្ទ្រី ហើយនឹងតំបន់ «៥ មករា» ដែលស្ថិតនៅពាក់កណ្តាលផ្លូវឡើងទៅកាន់ប្រាសាទព្រះវិហារ «ខ្ញុំព្រមានរដ្ឋមន្រ្តីថា សង្រ្គាមនឹងកើតមានឡើង ហើយនឹងមានមនុស្សស្លាប់មិនខាន!»។ សម្តេចហ៊ុន សែនបានសង្កត់ធ្ងន់ថា «ប្រសិនជាពួកគេចង់ឆ្លងកាត់ ពួកគេនឹងត្រូវស្វាគមន៍ដោយអាវុធ។ ដូច្នេះ ខ្ញុំសង្ឃឹមថាថ្ងៃស្អែក ទាហានទាំងនេះនឹងទៅកាន់ជំរុំទ័ពរបស់ពួកគេនៅប្រទេសថៃវិញ»។ ខ្ញុំបានក្រើនរម្លឹករដ្ឋមន្រ្តីការពារជាតិ អគ្គមេបញ្ជាការ និងមេបញ្ជាការ ដែលប្រចាំការនៅសមរភូមិ។
សម្តេច នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា លោកសមពង្ស អាម៉នវីវ៉ាត់ បានប្រាប់សម្តេចអំពីផលលំបាករបស់រដ្ឋាភិបាលថៃ ហើយគ្រប់យ៉ាងត្រូវទទួលការសម្រេចពីរដ្ឋសភាជាមុន។ «ខ្ញុំបានសួរគាត់វិញថាតើការចូលឈ្លានពានរបស់ទាហានថៃ នៅថ្ងៃនេះ ហើយការចូលឈ្លានពានកាលពីថ្ងៃទី១៥ កក្កដា តើមានការសម្រេចពីរដ្ឋសភាដែររឺទេ។ ខ្ញុំមិនយល់ថាហេតុអ្វីត្រូវរង់ចាំនោះទេ! ប៉ុន្តែ តាំងនាមជាអ្នកជិតខាង ខ្ញុំត្រូវរក្សាភាពអត់ធ្មត់...»។
ដោយឡែក សម្តេចហ៊ុន សែនបានប្រកាសប្រាប់អ្នកយកព័ត៌មានថាការចរចារវាងសម្តេចជាមួយនឹង រដ្ឋមន្រ្តីការបរទេសថៃ «មានលក្ខណៈស្មោះត្រង់ទៅត្រង់មក»។ សម្តេចបានលើកឡើងប្រាប់រដ្ឋមន្រ្តីថៃថា យើងត្រូវជៀសវាងការផ្ទុះអាវុធកើតមានឡើង ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នា ដោយអាវុធ។ សម្តេចក៏បានស្នើសុំអោយរដ្ឋមន្រ្តីថៃគោរពទៅតាមការសម្រួលកងទ័ព នៅតំបន់ប្រាសាទព្រះវិហារ គឺភាគីម្ខាងៗ ដាក់កម្លាំង១០នាក់នៅវត្ត ហើយ២០នាក់នៅតំបន់ជើងភ្នំ។ សម្តេចបានបន្ថែមទៀតថា «ត្រូវកាត់បន្ថយជម្លោះ និងពង្រឹងកិច្ចសហប្រតិបត្តិការអោយបានច្រើននៃប្រទេសជិតខាងទាំង ពីរ»។ បន្ទាប់មក សម្តេចបានបញ្ជាក់ថាភាគីថៃបានសន្យាថានឹងនៅលើទឹកដីកម្ពុជា ត្រឹមតែមួយយប់ប៉ុណ្ណោះ។
ប្រមុខរដ្ឋាភិបាលបានគូស បញ្ជាក់ថា «ប្រទេសនីមួយៗ ទាមទារដីត្រង់ចំណុចនេះ។ ប្រសិនជាគ្មានដំណោះស្រាយ យើងនឹងប្តឹងទៅតុលាការអន្តរជាតិទីក្រុងឡាអេ ដែលជាដំណោះស្រាយដ៏ «សមស្រប» ដើម្បីកុំអោយខ្ញុំត្រូវប្រជាជនខ្មែរថ្កោលទោសថា ព្រមប្រគល់ទឹកដីកម្ពុជាអោយទៅថៃ»។
|