| ទាហានថៃដែលចូលទឹកដីកម្ពុជាកាលពីថ្ងៃច័ន្ទ បានដកទ័ពចេញវិញ នៅចុងឱសាទវាទ |
| ដោយ រស់ ឌីណា | |
| ១៤-១០-២០០៨ |
សេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងការបរទេស កម្ពុជាបានប្រកាសថា នៅទីបំផុត ទាហានថៃមួយក្រុមដែលបានជ្រៀតចូលទឹកដីប្រទេសកម្ពុជាដោយខុសច្បាប់ ស្ថិតនៅចម្ងាយប៉ុន្មានជា៣គីឡូម៉ែត្រពីប្រាសាទព្រះវិហារ កាលពីថ្ងៃច័ន្ទ ទី១៣ តុលានេះ ត្រូវបានដកទ័ពត្រឡប់ទៅវិញនៅវេលាប្រហែលជាម៉ោង១១ ព្រឹក នាថ្ងៃអង្គារនេះ។
ចាប់តាំងពីម៉ោង៨ព្រឹក ឧត្តមសេនីយ៍ ស្រី ដែក មេបញ្ជាការកងទ័ពលេខ១២ បានដឹកនាំការចរចាជាមួយមេបញ្ជាការថៃ។
នៅក្នុង វេទិកាសេដ្ឋកិច្ចអាស៊ី ដែលរៀបចំធ្វើឡើងនៅទីក្រុងភ្នំពេញ នៅថ្ងៃអង្គារ ទី១៤ តុលានេះ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានធ្វើអធិប្បាយមួយ ស្តីពីបញ្ហានេះ។ គួរបញ្ជាក់ថា កាលពីម្សិលមិញនេះ សម្តេចបានដាក់ឱសាទវាទទៅប្រទេសថៃ អោយដកកម្លាំងទាហានរបស់ខ្លួនចេញពីទឹកដីកម្ពុជា បើមិនដូច្នោះទេ សង្គ្រាមនឹងកើតមានឡើង។ សម្តេចប្រមុខរដ្ឋាភិបាលបានសង្កត់ធ្ងន់សាជាថ្មីម្តងទៀតថា « ជាយុទ្ធសាស្រ្ត ទាហានទាំងនោះបានឈ្លានពានតំបន់វាលឥន្រ្ទី (ព្រលានឥន្រ្ទី) ព្រោះតំបន់នេះជាផ្លូវធ្វើដំណើរឆ្ពោះទៅកាន់ប្រាសាទព្រះវិហារ។ ប្រសិនជាយើងបាត់បង់តំបន់នេះ យើងនឹងបាត់បង់ប្រាសាទ! ដូច្នេះ យើងមិនត្រូវយល់ព្រមអោយមានការឈ្លានពានយ៉ាងគន្លើនណាមួយត្រង់ចំណុច នេះនោះទេ។ អ្វីដែលកើតឡើងមិនមែនជារឿងធម្មតានោះទេ»។
សម្តេច មិនបានភ្លេចលើកឡើងថា «ទន្ទឹមពេលប្រទេសថៃបញ្ជូនរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនមក បំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ប្រទេសថៃក៏បានបញ្ជូនទាហានអោយចូលរុករានទឹកដីរបស់យើងផងដែរ»។ សម្តេចក៏បាននិយាយដល់ «អ្នកនាំពាក្យរបស់រដ្ឋាភិបាលក្រុងបាងកក» ដែលបានប្រកាសថាខ្លួនមិនយល់ថាតើមូលហេតុអ្វីបានជាប្រទេសថៃ ត្រូវដកទ័ពចេញពីទឹកដីរបស់ខ្លួននោះ។ «ខ្ញុំបានបញ្ជាអោយមេបញ្ជាការកងទ័ពដែលប្រចាំការនៅសមរភូមិ ឃ្លាំមើលតាមដានសភាពការណ៍អោយជាប់»។
សម្តេចបានបន្តទៀតថា « អាចដើរជាន់ជើងខ្ញុំបានតិចតួចហើយដកទៅវិញ តែបើជាន់ក្បាលហើយគឺមិនបានទេ!យើងមិនអាចទទួលយកបាននោះទេ! ប្រសិនជាពួកគេចាត់ទុកយើងជាសត្វស្រមោចដ៏ទន់ខ្សោយ នេះគឺជាបញ្ហាមួយផ្សេងទៀត»។ សម្តេចបានលើកឡើងថាការប្រឈមមុខដាក់គ្នារវាងប្រទេសជាសមាជិកអាស៊ាន មិនមែនជាបញ្ហាសមស្របនោះទេ។ សម្តេចបានគូសបញ្ជាក់ថា ទាហានថៃ បានចាកចេញនៅម៉ោង១១ព្រឹក ហើយឱសាទវាទគឺនៅវេលាថ្ងៃត្រង់។
|