កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
លោកហោ ណាំហុងៈ ទំនាក់ទំនងការទូតនៃ ប្រទេសកម្ពុជានិងថៃនៅរក្សាដដែល
ដោយ ដួង សុខា ជាមួយ ស្ទេហ្វានី ហ្សេ   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៥-១០-២០០៨
នៅ​រសៀលថ្ងៃ​ពុធ ទី​១៥ តុលា​​​ វេលា​ម៉ោង​១៤និង​១៥ ការ​ប៉ះទង្គិច​​​ដោយ​អាវុធ​មួយ​ បាន​កើត​​មាន​ឡើង​រវាង​កងកម្លាំង​ប្រដាប់អាវុធ​ថៃ​និង​កម្ពុជា ដែល​ឈរ​ជើង​​​​នៅព្រំដែន​ ក្បែរ​​ប្រាសាទ​​ព្រះវិហារ​។ ទាហាន​ថៃ​បាន​បន្ត​បង្កើន​កម្លាំង​របស់ខ្លួន ប្រជាជនថៃបង្កអំពើហឹង្សា ជម្លោះទឹកដី ... កត្តា​ទាំង​នេះ​បាន​បង្កើត​អោយមាន​ការ​ផ្ទុះអាវុធ​។ នៅ​ល្ងាច​ថ្ងៃនេះ ប្រជាពល​រ​ដ្ឋ​​កម្ពុជា​បាន​បង្ហាញ​ពី​ការ​ព្រួយ​​បារម្ភ​​មាន​ការ​​ផ្ទុះ​ សង្គ្រាម​កើតឡើង​។ ក្រោយមក​ រាជ​រដ្ឋាភិបាល​បាន​ធ្វើ​អោយ​ស្ថានការណ៍​ធូរស្បើយ ដោយ​បានបង្ហាញឆន្ទៈ សង្គ្រាម​ ដែល​មិន​បាន​ផ្តល់​​ប្រយោជន៍​អ្វីដល់​ប្រទេ​សជាតិ។ នៅក្នុង​សន្និសីទ​កាសែត​មួយ នៅ​ល្ងាច​ថ្ងៃ​ពុធនេះ រដ្ឋមន្រ្តីការបរទេស​កម្ពុជា​​បាន​ប្រកាសថា​​ទំនាក់​ទំនង​​ការទូ​​ត​​នៃ​ ប្រទេស​​កម្ពុជា​​និង​ថៃ​​មិន​ត្រូវ​បាន​កាត់ផ្តាច់នោះទេ ហើយ​ការ​ចរចា​នៅ​តែ​ធ្វើឡើង​។

 

នៅល្ងាច​ថ្ងៃ​ពុធនេះ លោក​ហោ ណាំហុង រដ្ឋមន្រ្តីការ​បរទេស​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​​បាន​ កោះអញ្ជើញឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​​ទាំងអស់ មក​ចូល​រួម​កិច្ច​​ប្រជុំ​បន្ទាន់​មួយ។ ឯកអគ្គរដ្ឋទូត ឯក​អគ្គរាជ​ទូត​នៃ​​២២​​ប្រទេស​មាន​វត្ត​មាន​។ បើ​តាម​ប្រភព​​ព័ត៌មាន​មួយ ឯក​អគ្គ​រាជ​ទូត​ថៃ​ប្រហែល​​​​មិន​ត្រូវ​បានអញ្ជើញ​អោយ​ចូលរួម​នោះទេ។

ការ​វាយ​ប្រហារ​ពីសំណាក់​កង​ទ័ព​ថៃ
លោក ហោ ណាំហុង បាន​លំអិត​ថា​ «ដើម្បី​ប្រកាសអោយដឹង​ពី​ឧប្បតិ្តហេតុ​នេះ ខ្ញុំ​មិន​ប្រើ​ពាក្យ​​ថា​ «ឈ្លានពាន​»​នោះទេ។ ទាហាន​ថៃ​បាន​វាយ​ប្រហារ​ដោយ​អាវុធ​ ​មកលើ​ទាហាន​កម្ពុជា ​ដែល​កំពុង​យាម​ការ​នៅចំណុច​​ ​បីកន្លែង គឺ​​នៅ​​​ក្បែរ​​​វត្ត​​​កែវ​សិក្ខាគិរស្វារៈ ស្ថិត​នៅ​ចម្ងាយ​៣០០ម៉ែត្រ​ពីប្រាសាទ​ព្រះវិហារ និង​ចម្ងាយ​​៧០០ម៉ែត្រ​ពី​ព្រំដែន​ នៅតំបន់វាលឥន្រ្ទី ស្ថិត​នៅចម្ងាយ​១,១គីឡូម៉ែត្រ​ពី​ព្រំដែន និ​ងនៅភ្នំទ្រព្យ ស្ថិតនៅ​ចម្ងាយ​១,៦គីឡូម៉ែត្រ​ពី​ព្រំដែន​»។ លោក​បាន​បញ្ជាក់ថា​ទាហាន​ថៃ​គឺជា​អ្នក​ចាប់ផ្តើម​បាញ់ប្រហារ​មុន​មក​លើ​កង​ ទ័ព​កម្ពុជា​។

លោក​បាន​កត់សម្គាល់ថា​​ប្រទេសថៃ​បានបង្កើន​​​ កម្លាំងទាហាន​របស់ខ្លួន នៅតម​តំប​ន់​ផ្សេង​ទៀត នៅព្រំដែន ដោយ​បានដាក់ពង្រាយ​ប្រដាប់​អាវុធ​សង្គ្រា​ម​ធ្ងន់ធំ រួមទាំង​រថក្រោះ​ជា​ច្រើនគ្រឿង​​។ កំណត់ការ​ទូត​មួយ​ ដែល​ចែក​អោយ​ទៅ​អ្នក​យក​​ព័ត៌មាន​ បាន​សរសេរថា «រដ្ឋាភិបាល​កម្ពុជាតវ៉ា​យ៉ាង​ដាច់អហង្ការ ប្រឆាំង​នឹងការ​បង្ក​រឿង​ប្រដាប់​អាវុធ​ដដែល​ៗ​ទាំង​នេះ ពី​សំណាក់​ទាហាន​ថៃ ដែលទង្វើ​ដ៏គឃ្លើន​នេះ​បណ្តាល​អោយមានភាព​ប្រទូសរ៉ាយ​ប្រដាប់អាវុធ​ ទ្រង់ទ្រាយ​ធំ​​ រវាង​​ប្រទេស​ទាំង​ពីរ»។

ផែនទីខុសគ្នា ទស្សនះវិស័យខុស​គ្នា
លោក ​រដ្ឋមន្រ្តីការបរទេស​បាន​រម្លឹក​ថា «ភាគីថៃ​បានអះអាង​ថា​តំបន់​ទាំង​នេះ​ស្ថិតនៅលើ​ទឹក​ដី​របស់ខ្លួន ដោយ​សំអាងទៅលើ​ផែន​ទី​មួយ ដែលគូស​ដោយ​ឯក​តោភាគី ដែល​គ្មាន​តម្លៃ​តាម​​ផ្លូវ​ច្បាប់​នោះទេ។ ប៉ុន្តែ យើង​ផ្អែក​លើ​ផែន​ទី​មួយ ដែល​គូស​ដោយ​ប្រទេស​បារាំង (​ពេលជា​អាណានិគម) និង​សៀម ចន្លោះ​ឆ្នាំ​​១៩០៤ និង​១៩០៩។ ប្រទេស​ថៃ​ទទួល​ស្គាល់​​ផែនទីនេះ​ រហូតដល់ថ្ងៃទី​១៥ កក្កដា ឆ្នាំ​២០០៨ (ថ្ងៃដែល​ទាហាន​ថៃ​ចូល​ឈ្លានពាន​​​ជា​លើក​ដំបូង​នៅ​លើ​ទឹក​ដី​​កម្ពុជា)។ ម្យ៉ាង​វិញទៀត នៅ​ឆ្នាំ​២០០០ ប្រទេ​សយើង​ទាំងពីរ​បាន​ចុះ​អនុស្សារណៈ​យោគយល់មួយ ដែលទទួល​ស្គាល់​គំនូស​ផែនទីនេះ»។ លោក​ក៏​បាន​​លើកឡើង​ផង​ដែរ​ទៀត​ថា​ការ​រំលោភបំពាន​របស់​ទាហាន​ថៃ​មក​​លើទឹក​ ដី​កម្ពុជា​​ទាំងនេះ គឺផ្ទុយ​ទៅនឹង​ធម្មនុញ្ញ​​របស់អង្គការ​សហ​ប្រជាជាតិ ដែល​ប្រទេស​​ទាំងពីរគឺជា​សមាជិក និ​ងផ្ទុយ​ទៅនឹង​សន្ធិសញ្ញាសន្តិភាព​​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ តុលា ១៩៩១ ដែល​ធានា​បូរណភាព​ទឹកដី​នៃ​ប្រទេស​កម្ពុជា​។

ឆន្ទៈដោះស្រាយ​ដោយសន្តិវិធី
លោក ​ហោ ណាំហុង បាន​ចោទជា​សំណួរ​ថា «យើងមិននិយាយ​ថា​ការ​ផ្ទុះ​អាវុធ​នេះ​​​មាន​លក្ខណៈ​​ទ្រង់ទ្រាយ​ធំ ប៉ុន្តែ យើង​រក្សា​ឆន្ទៈ​ដោះស្រាយ​បញ្ហានេះ​ដោយ​សន្តិវិធី​​។ នាយក​រដ្ឋមន្រ្តីថៃ​ធ្លាប់​បាន​ប្រកាស​ថា​ប្រទេស​របស់ខ្លួន​នឹង​មិន​ឈ្លាន​ ពាន​ទឹក​ដីកម្ពុជា​នោះទេ ហើយ​គ្មានការ​ប្រើប្រាស់​កម្លាំង​ប្រដាប់អាវុធ មក​លើ​ប្រទេស​​កម្ពុជា។ ខ្ញុំ​សង្ឃឹមថា​ភាគីថៃ​នឹង​គោរព​ប្រសាសន៍​របស់​នាយក​រដ្ឋមន្រ្តី​​​​របស់​ ខ្លួន​! សូម្បីតែ​រដ្ឋ​មន្រ្តី​ការបរទេស​ថៃ បាន​និយាយថាចង់​អោយមាន​​ដំណោះស្រាយ​ដោយ​សន្តិវិធី​។ គាត់​បានសុំអោយយើង​យល់​ពី​កា​​រ​លំបាក​របស់​ពួកគេ នា​ពេ​ល​បច្ចុប្បន្ន​នេះ​។ ប៉ុន្តែ នរណា​ជា​អ្នក​បញ្ជាអោយបញ្ជូន​ទាហាន​មក!» ។ លោកបាន​គូស​បញ្ជាក់ថា នៅព្រឹក​ថ្ងៃ​ដដែល​នេះ សម្តេច​នាយ​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ ជាមួយ​ប្រធានាធិបតីឥណ្ឌូណេស៊ី។ ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​​បានស្នើ​សុំ​​សម្តេច​អោយ​ចរចា​ជាលក្ខណៈទ្វេភាគី​ ។

អំណត់អត់ធ្មត់​ «មានដែនកំណត់»
លោក​ បានសង្កត់​ធ្ងន់​​ថា កម្ពុជា​នឹង​ធ្វើការ​ អត់ធ្មត់«អោយដល់ទីបំផុត» ប៉ុន្តែ កម្ពុជា​​រក្សា​​សិទ្ធិ​ ការពារ​បូរណភាព​ទឹកដី និង​អធិបតីភាព​កម្ពុជា។ រដ្ឋាភិបាល​កម្ពុជា​​នឹង​មិន​ព្រម​អោយ​បាត់​បង់​មួយចំណែក​ណាមួយឡើយ ចិត្ត​អំណត់​របស់​កម្ពុជា​​មាន​ដែន​កំណត់​។ លោក​ហោ ណាំ​ហុង​បាន​បន្ថែមទៀតថា ពួកគេមិន​ទុក​អោយ​ស្ថានភាព​បែបនេះ​អូសបន្លាយ​ រហូត​ដល់៣ ទៅ​៥ឆ្នាំ​នោះទេ។ ថ្ងៃ​ស្អែក ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ តុលា មេ​បញ្ជាការ​យោធិភូមិ​ភាគ៤​នៃ​ប្រទេសកម្ពុជា និង​ភាគី​ថៃ នឹងជួប​ចរចា​គ្នា។ «យើង​សុទ្ធ​ចិត្តទៅចរចា​នៅប្រទេស​ថៃ»។  

ទាហាន​​ខ្មែរស្លាប់ពីរនាក់ ចំណែកភាគីថៃ?
ការ ​​ប៉ះទង្គិច​គ្នា​នេះ​បាន​ធ្វើ​អោយ​ភាគី​កម្ពុជា ស្លាប់ទាហាន​ពីរនាក់ និង​រងរបួស​ពីរ​នាក់។ ចំណែក​ភាគីថៃ បាននិយាយថា​មិនមានចំនួន​ជន​រងគ្រោះនោះទេ។ ​លោកហោ ណាំហុង​បាន​អះអាងថា​ «ប៉ុន្តែ ខាងភាគីថៃ​ ប្រហែល​ជាមាន​ច្រើន​​! ម្យ៉ាង​វិញទៀត ទាហាន​ថៃ​ដប់នាក់​ត្រូវ​បាន​ចាប់ខ្លួន​ និង​ស្ថិតនៅក្នុង​ការ​ឃ្លាំ​មើល​​​របស់​កម្ពុជា។ ប្រសិនជា​​ភាគី​ថៃ​សុំ​យក​ទាហាន​ទាំង​នោះត្រឡប់​ទៅវិញ ​យើង​នឹងប្រគល់​អោយ​គេ​វិញ​»។

ជូនព័ត៌មាន​ទៅកាន់ក្រុមប្រឹក្សា​សន្តិសុខ នៃអង្គការ​សហ​ប្រជាជាតិ​ (អ.ស.ប)
ប្រមុខ ​ការ​ទូត​កម្ពុជា​បានអះអាង​ថា​​នៅយប់​នេះ​  លោកនឹង​​​ទាក់ទង​ទៅឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​អ.ស.ប ដើម្បីស្នើ​អោយគាត់​ជូន​ព័ត៌មាន​ទៅកាន់​សមាជិក​​ទាំង​១៥ ប្រទេស​ នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ អំពីព្រឹត្តិការណ៍​​ចុង​ក្រោយ​នេះ​។ «យើង​មិន​សុំ​អោយមាន​ការ​កោះ​ប្រជុំ​ ​មួយ​​នោះទេ ប៉ុន្តែ យើង​គ្រាន់​តែ​ចង់​ផ្តល់ដំណឹង​ដែលបានកើត​ឡើង​ប៉ុណ្ណោះ...»។

ការជម្លៀស​ប្រជាជន​ថៃ​ចេញពី​ប្រទេសកម្ពុជា?
អត្ថបទ ​នៃសារព័ត៌មាន​ជាច្រើន​បាន​រាយការណ៍អោយ​ដឹង​ នៅថ្ងៃពុធ ទី​១៥ តុលា​នេះ​ថា​​ប្រទេស​ថៃ​បាន​បញ្ជា​អោយ​ជម្លៀស​ប្រជាជន​ថៃ​ដែលរស់នៅកម្ពុជា​ ចេញពីប្រទេស​។ លោក​ហោ ណាំហុង​ មិនបាន​ទទួល​ព័ត៌មាន​នេះ​នោះទេ។ លោក​បាន​បញ្ជាក់ថា​ស្ថានទូត​កម្ពុជា​ប្រចាំទីក្រុង​បាង​កក​ត្រូវ​ស្ថិត​ នៅក្រោម​ការ​ការ​ពារ​​របស់នគរបាល​ថៃ។ ចំណែក​នៅ​ស្ថាន​ទូត​ថៃ​ប្រចាំទីក្រុង​ភ្នំពេញ គេ​សង្កេត​ឃើញថា​​កម្លាំង​នគរបាល​កម្ពុជា​ក៏​ត្រូវ​បាន​ដាក់​ពង្រាយ​ផង​ដែរ​ ដើម្បី​ការ​ពារ​សុវត្ថិភាព​ស្ថានទូត​ថៃ​។​ លោក​ Chaturont Chaiyakham លេខាធិការ​ទីមួ​យ​នៃ​ស្ថានទូត​ថៃ បាន​អះអាង​នៅល្ងាច​ថ្ងៃនេះ​ថា មិនមានការ​បញ្ជា​ណាមួយ អោយជម្លៀស​ប្រជាជន​ថៃចេញពី​ប្រទេស​កម្ពុជានោះទេ ប៉ុន្តែ ប្រជាជន​ថៃ​ប្រុង​ជើង​ការ​រួច​ជា​ស្រេច​ហើយ។

លោកហោ ណាំហុង បាន​សន្និដ្ឋាន​ថា «យើង​នឹង​រក្សា​ទំនាក់ទំនង​ការទូត​ជាមួយ​​ថៃ។ ប៉ុន្តែ ប្រសិនជាយើង​ចង់ធ្វើ​សង្គ្រាម​ គឺជារឿងងាយ​ស្រួលណាស់​ យើង​អាច​ចាប់ផ្តើមនិង​អនុវត្ត​ភ្លាម​​ [...] សូមអស់លោក​​​មានទំនុច​ចិត្ត​ទៅលើ​​រដ្ឋាភិបាល ដែល​ដឹ​កនាំ​ដោយសម្តេច​​នាយក​រដ្ឋ​មន្រ្តី​​ហ៊ុន សែន»។

0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

អត្ថបទបន្ថែម

-ការផ្ទុះអាវុធថ្មីមួយនៅព្រំដែនខ្មែរ-ថៃៈ ប្រជាពលរដ្ឋ ភ័យខ្លាចមានសង្គ្រាមកើតឡើង (១៥-១០-២០០៨)
-ទាហានថៃដែលចូលទឹកដីកម្ពុជាកាលពីថ្ងៃច័ន្ទ បានដកទ័ពចេញវិញ នៅចុងឱសាទវាទ (១៤-១០-២០០៨)
-វិបត្តិព្រំដែនរវាងប្រទេសកម្ពុជានិងថៃៈ សម្តេច​នាយករដ្ឋមន្រ្តីហ៊ុន សែន តម្លើងសម្លេងខ្លាំង (១៣-១០-២០០៨)
-ជម្លោះព្រំដែនខ្មែរ-ថៃៈ ការចរចាចាប់ផ្តើមសារជា​ថ្មី ខណៈពេលឧប្បត្តិហេតុថ្មីមួយកើតនៅព្រំដែន (១៣-១០-២០០៨)
-ប្រាសាទ​ព្រះវិហារនៅក្នុងចក្ខុវិស័យរបស់ ជនជាតិថៃៈ ការយកវប្បធម៌ខ្មែរធ្វើជារបស់ ជាតិសាសន៍ខ្លួន (២៣-០៩-២០០៨)
-ដំណោះស្រាយជម្លោះព្រំដែនរវាងកម្ពុជានិងថៃ នឹងមានរយៈពេលវែង (២២-០៩-២០០៨)
 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ