| សម្តេចហ៊ុន សែនៈ "កម្ពុជានិងថៃ មិនមែនជាស ត្រូវនឹងគ្នាទេ" |
| ដោយ រស់ ឌីណា | |
| ១៧-១០-២០០៨ |
នាថ្ងៃសុក្រ ទី១៧ តុលានេះ នៅពេលបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជានឹងបន្តប្រើប្រាស់រាល់យន្តការចរចាជាលក្ខណៈទ្វេ ភាគីដែលខ្លួនមាន និងមិនមានបំណងធ្វើសង្គ្រាមជាមួយប្រទេសថៃ ដែលជាប្រទេសជិតខាងរបស់ខ្លួននោះទេ។ បុរសខ្លាំងនៅក្នុងប្រទេសកម្ពុជារូបនេះចង់អះអាងពីគោលជំហរ របស់ខ្លួន ហើយបានវាយតម្លៃថា ស្ថានភាពបាន «វិលត្រឡប់មកជាធម្មតា»វិញ នៅតាមព្រំដែនខ្មែរ-ថៃ និងនៅក្បែរប្រាសាទព្រះវិហារ។ សម្តេចបានប្រកាសថាថា «បន្ទាប់ពីមានកិច្ចចរចារវាងមេបញ្ជាការយោធាកម្ពុជានិងថៃ កាលពីម្សិលមិញរួចមក (ថ្ងៃព្រហស្បតិ៍ ទី១៦ តុលា) ស្ថានការណ៍មានកំរិតធូរស្រាលជាងមុន។ កិច្ចប្រជុំមានដំណើរការយ៉ាងរលូន ហើយបើទោះបីជាគោលដៅដែលចង់បានមិនអាចសម្រេចក៏ដោយ ក៏យ៉ាងហោចណាស់ យើងអាចកាត់បន្ថយភាពតានតឹងដោយអាវុធបានដែរ»។
សម្តេចប្រមុខ រដ្ឋាភិបាលបានបញ្ជាក់ថា «យើងមិនអាចនិយាយពីសង្គ្រាម រវាងប្រទេសកម្ពុជានិងប្រទេសថៃបាននោះទេ»។ សម្តេចបានគូសបញ្ជាក់ថា «នៅពេលមានការផ្ទុះអាវុធ ដែលបណ្តាលអោយទាហានខ្មែរស្លាប់ពីរនាក់ ប្រទេសទាំងពីរមិនបានប្រើប្រាស់គ្រឿងសព្វាវុធធុនធ្ងន់នោះឡើយ»។ សម្តេចបានប្រកាសថា «ការប្រឈមមុខដាក់គ្នានេះ គឺជាឧប្បត្តិហេតុមួយ ប៉ុន្តែ មិនមែនជាសង្គ្រាម ដូចប្រទេសកម្ពុជាធ្លាប់បានជួបប្រទះកាលពីអតីតកាលនោះទេ។ ខ្ញុំធ្លាប់ស្គាល់សមរភូមិចម្បាំង ហើយខ្ញុំអាចនិយាយប្រាប់លោកអ្នកបានថា នេះមិនមែនជាសង្គ្រាមនោះទេ»។
ពាក់ព័ន្ធនឹង សំណួរស្តីពីការដាក់ពង្រាយកម្លាំងប្រដាប់អាវុធរបស់ភាគីថៃ សម្តេចនាយរដ្ឋមន្រ្តីបានអះអាងថា «សម្តេចមិនខ្លាចញញើតនឹងការបង្ហាញកម្លាំងទ័ពទាំងនេះឡើយ»។ «ប្រទេសថៃអាចដាក់ពង្រាយកម្លាំងនៅលើទឹកដីរបស់ខ្លួន នេះជាសិទ្ធរបស់គេ។ ប៉ុន្តែ វាមិនអាចធ្វើអោយប្រទេសកម្ពុជាខ្លាចញញើតនោះទេ។ អាវុធទាំងនោះ (មានរថក្រោះ និងគ្រាប់រ៉ុកកែត) មិនមែនមាននៅតែប្រទេសថៃនោះឡើយ។ នៅប្រទេសកម្ពុជា យើងធ្លាប់ឃើញអាវុធទាំងអស់នោះហើយ ជាពិសេសជាមួយអាមេរិកកាំង ហើយយើងស្គាល់អាវុធទាំងនោះច្បាស់»។
សម្តេចហ៊ុន សែន បានបញ្ជាក់ថា ប្រទេសកម្ពុជា «ដែលជាប្រទេសក្រីក្រមួយ» មិនមានឆន្ទះបញ្ចេញកម្លាំងទ័ពច្រើនសន្ធឹកសន្ធាប់បែបនេះនោះទេ។ ឆ្លើយតបទៅនឹងការរិះគន់ជុំវិញភាពទន់ខ្សោយនៃកម្លាំងទាហានរបស់ កម្ពុជា សម្តេចបានបន្តទៀតថា «ប្រទេសថៃដាក់កម្លាំងទាហាន៣សែននាក់ វាជាយើងធម្មតា សម្រាប់ប្រទេសគេ ដែលមានប្រជាជនសរុប៦០លាននាក់។ ប្រទេសកម្ពុជា ដាក់ទាហាន១សែននាក់ ធៀបនឹងចំនួនប្រជាជនសរុប១៣លាននាក់»។ «ប្រទេសថៃមានមធ្យោបាយរបស់ខ្លួន … ប៉ុន្តែ គេមិនអាចធ្វើសង្គ្រាមបានឡើយ»។
ដោយឡែក នាយករដ្ឋមន្រ្តីបានវាយតម្លៃថា វាអាចដូចជាចាប់រហ័សពេក ដែលត្រូវដោះស្រាយជម្លោះនេះ តាមរយៈការសម្របសម្រួលពីប្រទេសទីបី នៅក្នុងកិច្ចប្រជុំអន្តរជាតិ ដូចជាកិច្ចប្រជុំកំពូលអាស៊ី-អឺរុប នាពេលខាងមុខនេះ។ ប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាប្រទេសម៉ាឡេស៊ី បានស្នើសុំធ្វើជាអ្នកសម្របសម្រួលនៅក្នុងកិច្ចការនេះ។ «ខ្ញុំសូមអរគុណ ចំពោះបំណងល្អនៃប្រទេសទាំងនេះ ដែលចង់ដោះស្រាយបញ្ហានេះ។ ប៉ុន្តែខ្ញុំគិតថា វាមិនមែនជាពេលវេលាដ៏ល្អនោះទេ [...] យើង (កម្ពុជានិងថៃ) មិនមែនជាសត្រូវនឹងគ្នា ដែលប្រហែលជាមិនអាចនិយាយគ្នាបាននោះទេ។ ឧប្បត្តិហេតុនៅព្រំដែនគឺជាបញ្ហាមួយ ដែលយើងអាចនឹងពិភាក្សាគ្នាបាន»។
សម្តេចហ៊ុន សែន បានបន្តទៀតថា «យើងបានព្យាយាមបន្តបង្ហាញនូវភាពអត់ធ្មត់ និងដោះស្រាយបញ្ហានេះដោយសន្តិវិធី តាមរយៈការចរចា «ទ្វេភាគី»។ សម្តេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅតាមបណ្តោយព្រំដែនថៃ «សុំអោយរក្សាទំនាក់ទំនងដ៏ល្អជាមួយជនជាតិថៃ»។
|