| សម្តេចហ៊ុន សែន បដិសេធរាល់ការប្រើប្រាស់គ្រាប់ មីនសម្លាប់មនុស្សដោយប្រទេសកម្ពុជា |
| ដោយ រស់ ឌីណា | |
| ១៨-១០-២០០៨ |
នៅពេលចេញពីប្រជុំគណៈរដ្ឋមន្រ្តី នាថ្ងៃសុក្រ ទី១៧ តុលានេះ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានបដិសេធពាក្យសំដីរបស់អ្នកទទួលខុសត្រូវថៃ ដែលបាននិយាយថាគ្រាប់មីនអាចត្រូវបង្កប់នាពេលថ្មីៗនេះ ដោយភាគីកម្ពុជា នៅតាមបណ្តោយព្រំដែនខ្មែរ-ថៃ នៅក្នុងក្របខ័ណ្ឌនៃជម្លោះព្រំដែន ត្រង់តំបន់ប្រាសាទព្រះវិហារ រវាងព្រះរាជាណាចក្រទាំងពីរ។ កាលពី ថ្ងៃទី៦ តុលា ទាហានថៃពីរនាក់រងរបួស បន្ទាប់ពីដើរជាន់មីន នៅក្នុងប្រតិបត្តិការដើរល្បាតមួយ ក្បែរវាលឥន្ទ្រី នៅតំបន់ជម្លោះព្រះវិហារ។ រដ្ឋាភិបាលថៃមានប្រតិកម្មយ៉ាងខ្លាំងក្លា ហើយបានស្នើអាជ្ញាធរកម្ពុជាបើកការស៊ើបអង្កេត ស្តីពីគ្រោះថ្នាក់នេះ ដើម្បីបញ្ជាក់ថាកងទ័ពកម្ពុជាបានកប់មីននៅតាមព្រំដែន ដែលមីនទាំងនោះនាំយកមកពីអតីតឃ្លាំងស្តុករបស់ក្រសួងមហាផ្ទៃនៃ ប្រទេសកម្ពុជា។ អគ្គនាយករងនាយកដ្ឋានព័ត៌មានថៃ ដែលត្រូវបានដកស្រង់សំដីដោយសារព័ត៌មានប្រចាំថ្ងៃ បាងកកប៉ុស្តិ៍ បានលើកឡើងថា ប្រសិនជាពួកគេរកឃើញការពិត សកម្មភាពបែបនេះគឺជាការរំលោភបំពានអនុសញ្ញាទីក្រុងអូតាវ៉ា ឆ្នាំ១៩៩៧ ដែលហាមឃាត់ការប្រើប្រាស់គ្រាប់មីនសម្លាប់មនុស្ស។
សម្រាប់ ប្រមុខរដ្ឋាភិបាលកម្ពុជា ការសង្ស័យទាំងនេះមិនមានមូលដ្ឋានច្បាស់លាស់នោះទេ។ បើតាមប្រសាសន៍របស់សម្តេចហ៊ុន សែន មីនអាចកប់តាំងពីទសវត្សឆ្នាំ៨០ នៅពេលកម្ពុជាធ្លាក់ចូលទៅក្នុងសង្រ្គាម ហើយសព្វថ្ងៃនេះ គេពិបាកសន្និដ្ឋានថាតើកងកម្លាំងនៃអតីតរដ្ឋកម្ពុជា រឺក្រុមឧទ្ទាមដែលឈរជើងនៅព្រំដែន ដែលជាអ្នកកប់គ្រាប់មីនទាំងនេះ រឺយ៉ាងណា។ សម្តេចបានទទួលស្គាល់ថា «គ្រាប់មីនទាំងនេះពិតជាផលិតនៅសហភាពសូវៀតមែន។ ខ្ញុំទទួលស្គាល់ ប៉ុន្តែ ដាក់នៅពេលណា ខ្ញុំមិនដឹងទេ»។
សម្តេចបានចោទជា សំណួរថា «នៅពេលនេះ គឺជាពេលដែលយើងកំពុងបំផ្លាញចោលមីន។ យើងគឺជាហត្ថលេខីនៃអនុសន្ធិសញ្ញាអូតាវ៉ា ស្តីពីការហាមប្រើប្រាស់មីន។ យើងកំទេចមីនចោលនៅក្នុងឃ្លាំងអស់ហើយ តើយើងមានមីនឯណាយកទៅដាក់ទៀត?» ដោយឡែក សម្តេចបានវាយតម្លៃថា តំបន់ដែលមានគ្រោះថ្នាក់ផ្ទុះមីនកើតឡើង ស្ថិតនៅលើទឹកដីកម្ពុជា មិនមែននៅលើដីថៃ ដូចការអះអាងរបស់អ្នកនាំពាក្យក្រុងបាងកកនោះទេ។
សម្តេច បានកត់សម្គាល់ថា «បើសិនជាដីរបស់ខ្លួន ហើយខ្លួនកំពុងប្រើប្រាស់ដើម្បីទៅដោះមីន រឿងអី ខ្លួនយកមីនទៅដាក់លើដីរបស់ខ្លួនបន្ថែមទៀត? វាផ្ទុយពីនយោបាយរបស់រដ្ឋាភិបាលនិងផ្ទុយពីការខំប្រឹងប្រែង របស់គណៈកម្មាធិការមីនរបស់យើង»។ សម្តេចបានចាត់ទុកការចោទប្រកាន់ទាំងនេះជា «ការបំភាន់មតិសាធារណៈជន»។
|