| សម្តេចឪវាយប្រហារ "ពួកច្រងេងច្រងាងថៃ មួយក្រុម" |
| ដោយ Administrator | |
| ២០-១០-២០០៨ |
ក្រោមចំណងជើង «រឿងសោកនាដកម្មនិងកំប្លែង» សម្តេចឪព្រះបាទនរោត្តម សីហនុ បានចុះផ្សាយសេចក្តីអធិប្បាយមួយរបស់ព្រះអង្គ នៅថ្ងៃច័ន្ទ ទី២០ តុលានេះ ស្តីពីជម្លោះព្រំដែនដែលបង្កជាភាពមិនចុះសម្រុងគ្នារវាងប្រទេស កម្ពុជានិងប្រទេសថៃ នៅលើវិបសាយផ្ទាល់ខ្លួនរបស់ព្រះអង្គ។
«បន្ទាប់ពីទាមទារ បែបភ្លីភ្លើថាប្រាសាទព្រះវិហារ តាមាន់ តាក្របីរបស់ខ្មែរយើង ដែលស្ថិតនៅលើទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា “ថាជារបស់ថៃ” និងបន្ទាប់ពីត្រូវបានបណ្តេញចេញពីប្រាសាទជាទីសក្ការៈរបស់យើង ដោយនាយទាហាន នាយទាហានរង កងកម្លាំងប្រដាប់អាវុធនៃកងយោធិពលខេមរភូមិន្ទរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពួកច្រងេងច្រងាងជនជាតិថៃមួយក្រុមមិនរកឃើញអ្វីដែលល្អប្រសើរ ជាងការវិលត្រឡប់ទៅកាន់រាជធានីបាងកកដ៏ស្រស់ស្អាត និងល្បីល្បាញនៃប្រទេសរបស់ខ្លួននោះទេ។ នៅប្រទេសថៃ ក្រុមច្រងេងច្រងាងថៃទាំងនេះមានមហិច្ឆតាបង្រៀនលទ្ធិប្រជាធិបតេយ្យពិត ប្រាកដ! (Sic)» (អត្ថបទបកប្រែក្រៅផ្លូវការ ចេញពីអត្ថបទដើមទាំងស្រុង)
អតីតព្រះមហាក្សត្រកម្ពុជា បានបន្តទៀតថា «លទ្ធិប្រជាធិបតេយ្យពិតប្រាកដ ”ស្អីគេនុះ” មានគោលដៅផ្លាស់ប្តូរពីសុខសន្តិភាព និងភាពសុខដុមរមនា ទៅជា«សង្គ្រាមស៊ីវិលដ៏តូចមួយ» ដែលបង្កអោយមានមនុស្សស្លាប់ប៉ុន្មាននាក់ និងរងរបួសរាប់រយនាក់ […] គឺជាការព្យាយាមទម្លាក់នាយករដ្ឋមន្រ្តីស្របច្បាប់ និងបណ្តេញសមាជិកសភា ហើយនឹងបង្កើត ”អំណាចផ្តាច់ការ” !!!»។ ព្រះអង្គបានសន្និដ្ឋានជាចុងក្រោយ ដោយអបអរសាទរថា «ជយោ! កងកម្លាំងប្រដាប់អាវុធថៃស្របច្បាប់ ដែលមកទល់ពេលនេះ អាចរក្សាសណ្តាប់ធ្នាប់នៅទីក្រុងបាងកកបានយ៉ាងមានរបៀបរៀប រយ!»។
|