
កំបូល(ភ្នំពេញ) ថ្ងៃទី២០ វិច្ឆិកា ២០០៧៖ ក្រុមអ្នកសារព័ត៌មាន នៅក្នុងសវនាការជា
សាធារណៈលើកដំបូង នៃសាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហម
© John Vink / Magnum
«ការគាបសង្កត់ទៅលើអ្នកកាសែត? ខ្ញុំមិនគិតថា វាមាននោះទេ។ ខ្ញុំអាច និយាយអីក៏បាន ខ្ញុំអាចរិះគន់... ខ្ញុំមិនដែលមានបញ្ហាទេ!» : លោកសយ សុភាព អ្នកយកព័ត៌មានដ៏ល្បីឈ្មោះរបស់បណ្តាញទូរទស្សន៍កម្ពុជា CTN [សូមមើលសេចក្តីកែតម្រូវ ]*។ តើលោកមានការចងចាំចាំចុះ ខ្សោយ ឬក៏លោកមានកើតជំងឺម្យ៉ាង ដែលគេរកឃើញរោគសញ្ញានៅលើ ខ្លួនអ្នកកាសែតទូទៅ និងដែលត្រូវបានលើកឡើងនៅក្នុងរបាយការណ៍ស្តីពី ស្ថានភាពរបស់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជារៀបរៀងឡើងដោយអង្គការការពារសិទ្ធិ មនុស្សលីកាដូ ដូចជាការភ័យខ្លាចក្នុងការសរសេរអត្ថបទ ដែលខ្លួនបានចុះយក ព័ត៌មាន? នៅឆ្នាំ២០០៦ បន្ទាប់ពីបានអានរបាយការណ៍របស់វិទ្យាស្ថាន សេដ្ឋកិច្ចកម្ពុជាដែលរិះគន់យ៉ាងខ្លាំងពីអំពើពុករលួយនៅប្រទេសកម្ពុជា ហើយ ដែលមិនសូវជាពេញចិត្តប៉ុន្មានពីប្រមុខរដ្ឋាភិបាល អ្នកកាសែតរូបនេះត្រូវ បានគេដាក់ទោស ដោយបានបាត់មុខពីកញ្ចក់ទូរទស្សន៍ជាច្រើនសប្តាហ៍។
សេរីភាពសារព័ត៌មានមិនទាន់ល្អ?
ជានិច្ចកាល ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាតែងតែត្រូវបានគេពណ៌នាថា ស្ថិតនៅ ក្នុងចំណោម សារព័ត៌មានដែលមានសេរីភាពច្រើនជាងគេនៅក្នុងតំបន់ ពោលគឺ«គ្មានការត្រួតពិនិត្យអត្ថបទជាផ្លូវការ និងមានការរីកដុះដាលខ្លាំង» ប៉ុន្តែ តើនៅពីខាងក្រោយរូបភាពដ៏ល្អនេះ មានលាក់បាំងនូវរូបភាពផ្សេងទៀតដែរ ទេ? របាយការណ៍របស់អង្គការលីកាដូ ចេញផ្សាយនៅថ្ងៃទី២ ឧសភា នា ឱកាសទិវាសេរីភាពសារព័ត៌មានអន្តរជាតិលើកទី១៨ បានពណ៌នាថា ប្រព័ន្ធ ផ្សព្វផ្សាយកម្ពុជាស្ថិតនៅក្នុងឱវាទនយោបាយ។ នេះជាស្ថានភាពមួយដែល កើតលើប្រព័ន្ធផ្សព្វផ្សាយភាគច្រើន។ ខ្សែបន្ទាត់នយោបាយរបស់ប្រព័ន្ធផ្សព្វ ផ្សាយបង្កើតឡើងដោយម្ចាស់ក្រុមហ៊ុន ដែលគេហៅថាខ្សែបន្ទាត់នៃការ តែងនិពន្ធនោះ បានចែកប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាពីរ គឺខាងគាំទ្រ និងខាង ប្រឆាំងរដ្ឋាភិបាល។ កង្វះអព្យាក្រឹតភាពនេះរឹតតែខ្លាំងទៀតដោយសារតែ ប្រព័ន្ធផ្សព្វផ្សាយមិនត្រូវបានគ្រប់គ្រងដូចក្រុមហ៊ុនមួយដែលនៅឋិតថេរបាន យូរអង្វែង។ ប៉ុន្តែ អង្គការខាងលើនេះរម្លឹកថា ព្រះរាជាណាចក្រកម្ពុជាមិនសូវជា មានប្រពៃណីនៃប្រព័ន្ធផ្សព្វផ្សាយសេរី និងឯករាជ្យ នោះទេ។
លោកប៉ែន សាមិទ្ធិ ប្រធានក្លឹបអ្នកកាសែតកម្ពុជា ដែលជាក្លឹបមួយក្នុង ចំណោមក្លឹបសារព័ត៌មានទាំង១៥ដែលទទួលស្គាល់ជាផ្លូវការ បានអះអាង ពន្យល់ថា ៖ «អ្នកកាសែតមិនគិតថាខ្លួនឯងអាចផ្លាស់ប្តូរសង្គមតាមរយៈ អត្ថបទ មួយរបស់ខ្លួននោះទេ។ ពួកគេមិនមានការភ័យខ្លាចក្នុងការសរសេរអត្ថបទ ដែលខ្លួនបានចុះយកព័ត៌មាននោះទេ ពួកគេសរសេរល្មមៗ តែច្បាស់លាស់»។
ការភ័យខ្លាចការគំរាមកំហែង
លោកអ៊ុំ សារិន ប្រធានសមាគមដើម្បីការពារអ្នកកាសែតកម្ពុជា និងជាអ្នកយក ព័ត៌មានប្រចាំវិទ្យុអាស៊ីសេរី ព្រួយបារម្ភថា អ្នកកាសែតបន្តទទួលរងការគំរាម កំហែង។ បើតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការការពារអ្នកកាសែត « ករណីការគំរាមកំហែងចុងក្រោយបង្អស់ គឺអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី ដែលប្រចាំការនៅខេត្តបាត់ដំបងរូបនេះប្រឈមមុខនឹងការបំភិតបំភ័យជាច្រើន បន្ទាប់ពីបានធ្វើបទអង្កេតមួយស្តីពីការកាប់ឈើ និងការជួញដូរឈើខុសច្បាប់ ដូចជាស្នាមគ្រាប់កាំភ្លើងរកឃើញនៅលើផ្ទះរបស់គាត់ក្នុងខែមេសា [...] សេរីភាពសារព័ត៌មានមានការរឹតត្បិត និងការភ័យខ្លាចក្នុងការសរសេរអត្ថបទ ដែលខ្លួនបានចុះយកព័ត៌មាន នៅពេលដែលការសរសេរអត្ថបទនោះទាក់ទង នឹងអ្នកមានអំណាច»។
នៅក្នុងការស្ទង់មតិមួយធ្វើឡើងនៅឆ្នាំ២០០៧ដោយអង្គការលីកាដូទៅលើអ្នក កាសែត១៥០នាក់ ក្នុងនោះអ្នកកាសែត៦៥%បានអះអាងថាភ័យខ្លាចពីការ វាយប្រហារលើរាងកាយ និង៦២%ខ្លាចពីការប្តឹងផ្តល់។ សំខាន់ជាងនេះទៀត អ្នកកាសែតចំនួន៥៤%ក្នុងចំណោមអ្នកត្រូវសម្ភាសន៍ បានអះអាងថា ធ្លាប់ត្រូវ បានគេគំរាមប្រើអំពើហិង្សាលើរាងកាយ ឬប្តឹងតុលាការ។
បញ្ហានិយមន័យនៃអំពើពុករលួយ
សម្រាប់លោកសយ សុភាព អ្នកយកព័ត៌មានរបស់បណ្តាញទូរទស្សន៍កម្ពុជា CTN ការទទួលយក«ស្រោមសំបុត្រ»មិនអាចចាត់ទុកថាជាសកម្មភាព ពុក រលួយនោះទេ។ «យើងលើកយកឧទាហរណ៍អង្គការមួយដែលបានរៀបចំ សិក្ខាសាលា មកនិយាយ។ អង្គការនេះអោយសោហ៊ុយអ្នកចូលរួមមកពីកន្លែង ផ្សេង ដូច្នេះ វាជារឿងធម្មតាដែលអង្គការនេះអោយថ្លៃសោហ៊ុយទៅអ្នកកាសែត ដែរ»។
លោកប៉ែន សាមិទ្ធិ និពន្ធនាយករបស់កាសែតរស្មីកម្ពុជា ក៏បាននិយាយបន្ធូរបន្ថយពីការចោទប្រកាន់អំពើពុករលួយនេះដែរ។ «រហូតដល់ ថ្ងៃនេះ ខ្ញុំមិនដែលឮថាអ្នកកាសែតណាទទួលលុយរាប់ពាន់ដុល្លារនោះទេ។ លុយក្នុងស្រោមសំបុត្រគឺគ្រាន់តែសម្រាប់អោយអ្នកយកព័ត៌មានមានទឹកចិត្ត នៅក្នុងការងារប៉ុណ្ណោះ ហើយវាជាការចេញថ្លៃធ្វើដំណើរច្រើនជាង។ យើងមិន អាចនិយាយថា ការអនុវត្តបែបនេះប៉ះពាល់ដល់សេរីភាពសារព័ត៌មាននោះ ទេ»។
នៅក្នុងការស្ទង់មតិរបស់អង្គការលីកាដូ អ្នកកាសែតដែលត្រូវបានចោទសួរ សុទ្ធតែថាមិនអើពើនឹងការអនុវត្តបែបនេះទេ មានតែ១៣%ប៉ុណ្ណោះដែល ទទួលស្គាល់ថាធ្លាប់ទទួលសំណូក រីឯ១/៣ទៀតសារភាពថាធ្លាប់ទទួលប្រាក់ ឬ កាដូជាថ្នូរនឹងការចូលរួមរបស់ពួកគេនៅក្នុងសន្និសីទកាសែតនានា។ គេបក ស្រាយស្ថានភាពនេះថាមកពីប្រាក់ខែរបស់អ្នកកាសែតទាប។ ប្រាក់ខែមធ្យម របស់អ្នកកាសែតម្នាក់នៅកម្ពុជា គឺពី៥០ដុល្លារទៅ២០០ដុល្លារ។ របាយការណ៍ ខាងលើលើកឡើងថា៖ «អ្នកកាសែតដែលត្រូវសម្ភាសន៍ចំនួន៨៧% និយាយថា ប្រាក់ខែពួកគេមិនគ្រប់គ្រាន់ដើម្បីចិញ្ចឹមខ្លួនឯង និងគ្រួសារទេ»។
កែលម្អផ្នែកច្បាប់
ក្រមរដ្ឋប្បវេណីស្តីពីសារព័ត៌មានឆ្នាំ១៩៩៥ ចែងថា អ្នកទាំងឡាយណា ដែល ត្រូវបានបង្ខូចកេរ្តិ៍ឈ្មោះដោយប្រព័ន្ធផ្សព្វផ្សាយ អាចទាមទារសំណងនៅ ចំពោះមុខតុលាការ។ ប៉ុន្តែអង្គការលីកាដូ ក៏ដូចជាអ្នកតំណាងរបស់ប្រព័ន្ធ ផ្សព្វផ្សាយក្នុងស្រុក សោកស្តាយថា អ្នកប្តឹងចូលចិត្តប្រើក្រមព្រហ្មទណ្ឌ ដែល បញ្ចូលទោសកំហុសនៃការបង្ខូចកេរ្តិ៍ឈ្មោះ ការផ្សាយព័ត៌មានមិនពិត និង ការញុះញ៉ង់។ អង្គការនេះសរុបថា កត្តានេះធ្វើអោយលក្ខខណ្ឌនៃក្រមស្តីពី សារព័ត៌មានដែលចែងថា«គ្មានអ្នកណាម្នាក់ត្រូវឃាត់ខ្លួន ឬជាប់ពិរុទ្ធពីបទ ព្រហ្មទណ្ឌដោយសារការបញ្ចេញមតិរបស់ខ្លួននោះទេ» តែងតែត្រូវគេរំលោភ បំពាន។
បើទោះជាមានការដកបទបរិហាកេរ្តិ៍ពីទោសព្រហ្មទណ្ឌកាលពីឆ្នាំ២០០៦ ក៏ ដោយ ប៉ុន្តែអ្នកកាសែតត្រូវប្រឈមមុខនឹងទោសជាប់ពន្ធនាគារប្រសិន បើ មាន បទចោទប្រកាន់ពីការផ្សព្វផ្សាយព័ត៌មានមិនពិត និងការញុះញ៉ង់ ឬប្រសិនបើ គេគ្មានប្រាក់បង់ថ្លៃផាកពិន័យទេនោះ។
ក្រៅពីការទាមទារអោយលុបទោសទាំងនេះពីក្រមព្រហ្មទណ្ឌ អង្គការលីកាដូក៏ អំពាវនាវផងដែរអោយលុបចោលមាត្រា១២នៃក្រមស្តីពីសារព័ត៌មានទាក់ទិន នឹងសន្តិសុខជាតិ និងស្ថេរភាពនយោបាយ ដែលបើតាមអង្គការមួយនេះ មាត្រា ខាងលើតែងតែត្រូវគេយកទៅប្រើមិនត្រឹមត្រូវ។
ការទទួលបានព័ត៌មាន
របាយការណ៍របស់អង្គការលីកាដូបានគូសបញ្ជាក់ថា នៅកម្ពុជា មិនមាន វប្បធម៌នៃការផ្តល់ព័ត៌មានទូលំទូលាយដល់បណ្តាសារព័ត៌មាន និង សាធារណជន «ដូចការចង់បាននៅក្នុងលទ្ធិប្រជាធិបតេយ្យនោះទេ»។ និពន្ធ នាយកម្នាក់ដែលត្រូវបានសម្ភាសន៍ដោយអង្គការលីកាដូ និយាយ ដោយសង្ខេបថា៖ «យើងមានសេរីភាពសារព័ត៌មាន ប៉ុន្តែរដ្ឋាភិបាលនៅតែបន្ត លាក់ព័ត៌មាន»។ អង្គការខាងលើបានលើកជាឧទាហរណ៍ថា អ្នកកាសែត ដែលត្រូវបានសាកសួរចំនួន៧៥% អះអាងថា ពួកគេ«ពិបាក»អាចដល់ «ពិបាកណាស់»ដើម្បីទទួលបានព័ត៌មានពីសាលាក្តី។ កត្តានេះហើយដែលគេ ឃើញមានការប្រើជាញឹកញាប់នូវពាក្យថា«ប្រភពអនាមិក» និង«ប្រភពស្និទ្ធនឹង សំណុំរឿង»។ ប្រភពបីដែលអ្នកកាសែតប្រើជាញឹកញាប់ដើម្បីលម្អិតរឿងគឺ : ជនរងគ្រោះ(៧០%) អង្គការ(៥៣%) និងសាក្សី(៤២%)។ លោកប៉ែន សាមិទ្ធិ បញ្ជាក់ថា ក្រុមអ្នកកាសែតនឹង«ស្នើសុំទៅរដ្ឋាភិបាលអោយបង្កើតបណ្តាញអ្នក នាំពាក្យដើម្បីធ្វើយ៉ាងណាអោយព័ត៌មានច្បាស់ផ្លូវការបានទៅដល់ប្រជាពលរដ្ឋ »។
បច្ចុប្បន្ន ច្បាប់ស្តីពីសេរីភាពព័ត៌មានកំពុងត្រូវបានតាក់តែងឡើង ក្រោមជំនួយ ពីម្ចាស់ជំនួយអន្តរជាតិ។ អ្វីដែលនៅសល់ គឺថាតើអត្ថបទច្បាប់នេះនឹងអនុញ្ញាត អោយមានការលើកកម្ពស់ការទទួលបានព័ត៌មានរដ្ឋាភិបាល...ឬផ្ទុយពីនេះ។
ការគោរពក្រមវិជ្ជាជីវៈមិនបានល្អ
លោកអ៊ុំ សារិន មកពីសមាគមដើម្បីការពារអ្នកកាសែតកម្ពុជា ទទួលស្គាល់ថា៖ «អ្នកយកព័ត៌មានមួយចំនួនជំរឹតទារលុយពីអ្នកដែលមិនចង់ឃើញរឿងមួយ ចំនួនចេញផ្សាយ ឬអ្នកដែលចង់អានអត្ថបទសរសេរល្អៗពីខ្លួន។ អ្នកកាសែត ទាំងនោះនៅមានច្រើន អាចមកពីពួកគេទទួលបានការបណ្តុះបណ្តាលតិច ឬ ការបណ្តុះបណ្តាលមិនល្អ»។
អង្គការលីកាដូគូសបញ្ជាក់ថា នៅក្នុងសារព័ត៌មាន ការបញ្ចេញមតិនយោបា យធ្វើឡើងតាមអំពើចិត្ត ដែលបានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ច្បាស់លាស់ អត្ថបទប្រកាន់បក្សពួកដែលគេមិនទទួលយកការយល់ឃើញ ផ្សេងទៀត... ទាំងនេះគឺជារូបភាពនៃសារព័ត៌មានឃោសនា ឬសារព័ត៌មាន អាស្រូវ។ អ្នកកាសែតដែលអង្គការនេះបានសម្ភាសន៍ ត្អូញត្អែរពីភាពអន់ខ្សោយ របស់សារព័ត៌មានខ្មែរ ដែលចុះផ្សាយតែពីរឿងចោរកម្ម កំហុសឆ្គងផ្សេងៗ ការ ប្រកាន់បក្សនយោបាយ ឬការមិនបង្ហាញប្រភពជាដើម។
ទោះយ៉ាងណា អង្គការលីកាដូសង្កេតឃើញថា ស្តង់ដារនៃការតែងនិពន្ធរបស់ សារព័ត៌មានមានការរីកចម្រើនចាប់តាំងពីឆ្នាំ១៩៩០មក «ប៉ុន្តែនៅមានផ្លូវត្រូវ ដើរវែងឆ្ងាយទៀត»។ ត្បិតតែរដ្ឋាភិបាលអនុញ្ញាតអោយមានវត្តមាន សារព័ត៌មានយ៉ាងច្រើនសន្ធឹកសន្ធាប់ក៏ពិតមែន តែឥទ្ធិពលនៃសារព័ត៌មានទាំង នោះនៅមានដែនកំណត់នៅឡើយ ដោយសារបញ្ហាអវត្តមាននៃបណ្តាញ ចែកចាយនៅក្នុងប្រទេសគួបផ្សំនឹងកម្រិតអ្នកមិនចេះអក្សរខ្ពស់។ រីឯទូរទស្សន៍ ដែលជាប្រព័ន្ធផ្សព្វផ្សាយល្អប្រសើរជាងគេនោះ បែរជាត្រូវស្ថិតក្រោមការត្រួត ពិនិត្យយ៉ាងតឹងរ៉ឹងពីរដ្ឋាភិបាល។ ទូរទស្សន៍ណាដែលមិនមាននិន្នាការគាំទ្រ រដ្ឋាភិបាល ត្រូវបានបដិសេធមិនផ្តល់អាជ្ញាប័ណ្ណអោយធ្វើការផ្សព្វផ្សាយនៅលើ រលកធាតុអាកាស។
* សេចក្តីកែតម្រូវៈ នៅក្នុងការផ្សាយអត្ថនេះជាលើកដំបូង យើងបានសរសេរថាលោក សយ សុភាព ជាអ្នកសារព័តមាន របស់ទូរទស្សន៍ CNT និងជាទីប្រឹក្សារបស់នាយករដ្ឋមន្រ្តី ។ សូមកែតម្រូវថាលោក សយ សុភាព ជាអ្នកយកព័តមានរបស់ ទូរទស្សន៍ CTN និងជាអ្នកសារព័តមានរបស់កាសែត ប្រចាំសប្តាហ៍ឈ្មោះថា «ដើមអំពិល» គឺលោកមិនមែនជាទីប្រឹក្សារបស់នាយករដ្ឋមន្រ្តីទេ ។
ចំណាត់ថ្នាក់ពិភពលោកនៃប្រទេសកម្ពុជា
នៅក្នុងចំណាត់ថ្នាក់ពិភពលោកនៃសេរីភាពសារព័ត៌មានរៀបចំឡើងដោយ សមាគមអ្នកយកព័ត៌មានគ្មានព្រំដែន ផ្តើមចេញពីប្រទេសដែលមានការគោរព សេរីភាពសារព័ត៌មានល្អបំផុត (លេខ១) រហូតដល់ប្រទេសមិនគោរព សេរីភាពសារព័ត៌មានសោះ ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់ ៖
លេខ៨៥ នៅឆ្នាំ២០០៧ (នៅក្នុងចំណោម១៦៩ប្រទេស)
លេខ១០៨ នៅឆ្នាំ២០០៦
លេខ៩០ នៅឆ្នាំ២០០៥
លេខ១០៩ នៅឆ្នាំ២០០៤
លេខ៨១ នៅឆ្នាំ២០០៣
លេខ៧១នៅឆ្នាំ២០០២
ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា
នៅក្នុងការបង្ហាញលម្អិតពីប្រព័ន្ធផ្សព្វផ្សាយដែលមានសកម្មភាពនៅកម្ពុជា អង្គការលីកាដូរាប់ឃើញមាន៖
ពី១៥ ទៅ២០សារព័ត៌មាន នៅតូបលក់កាសែតជាប្រចាំ ក្នុងនោះមាន កាសែតរស្មីកម្ពុជា កោះសន្តិភាព និងកម្ពុជាថ្មី គឺជាកាសែតប្រចាំថ្ងៃធំៗ ដែលបោះពុម្ពប្រមាណពី២ម៉ឺនទៅ២ម៉ឺន៥ពាន់ច្បាប់ រីឯកាសែត ផ្សេងៗទៀតបោះពុម្ពតែប៉ុន្មានពាន់ច្បាប់ប៉ុណ្ណោះ។ គួរកត់សម្គាល់ថា ចំនួននៃការបោះពុម្ពផ្សាយកើនឡើងនៅរាល់ពេលមុនការបោះឆ្នោត ម្តងៗ ឬមានព្រឹត្តិការណ៍នយោបាយសំខាន់អ្វីមួយ។
វិទ្យុ៥៣ប៉ុស្តិ៍ដែលបានចុះឈ្មោះនៅក្រសួងព័ត៌មាននៅខែមិថុនា ២០០៧ ក្នុងនោះ មាន២២ប៉ុស្តិ៍ផ្សាយចេញពីទីក្រុងភ្នំពេញ ផ្សេងពីនេះ គឺមានអង់ទែននៅតាមខេត្ត។
ទូរទស្សន៍៧ប៉ុស្តិ៍ ហើយគ្រប់ប៉ុស្តិ៍ទាំងអស់គឺចូលជាសាជីវកម្ម ឬជា កម្មសិទ្ធិរបស់រដ្ឋាភិបាល ជាពិសេសរបស់គណបក្សប្រជាជនកម្ពុជា។
ចំនួនអ្នកកាសែតត្