| ប្រទេសថៃទាមទារអោយកម្ពុជាដកទាហានចេញ ពីព្រំដែនរវាងប្រទេសទាំងពីរនិងឡាវ |
| ដោយ រស់ ឌីណា និង ឡឺរ៉ង់ ឡឺហ្គូអង់វិក | |
| ២២-១០-២០០៨ |
យោងតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួង ការបរទេសថៃ ចុះថ្ងៃពុធ ទី២២ តុលា ប្រទេសថៃបានតវ៉ាជាផ្លូវការ ប្រឆាំងនឹងការដាក់ «ពង្រាយកម្លាំងទាហានខ្មែរ» កាលពីថ្ងៃទី១៨ កញ្ញា នៅតំបន់ «សាលាទ្រីម៉ុក» ក្បែរចំណុចប្រសព្វព្រំដែនរវាងប្រទេសឡាវ ថៃនិងកម្ពុជា។ ក្រសួងការបរទេសថៃបានអំពាវនាវសុំអោយមានការដកកម្លាំងទាហានកម្ពុជា ចេញពីត្រង់តំបន់នេះជាបន្ទាន់។ យោងតាមសំដី ដែលដកស្រង់ចេញពីសារព័ត៌មានប្រចាំថ្ងៃថៃមួយ ឈ្មោះថា បាងកក ប៉ុស្តិ៍ លោក វិវ៉ាឆាយ ផ្លាសាយ អគ្គនាយកនៃនាយកដ្ឋានសន្ធិសញ្ញា និងកិច្ចការស្របច្បាប់ថៃ បានអះអាងពីភាពចាំបាច់ «ក្នុងការត្រួតពិនិត្យឡើងវិញនូវសកម្មភាពបែបនេះ» ទោះបីជាការតវ៉ានេះធ្វើឡើងយឺតពេលបន្តិចក៏ដោយ។ នៅក្នុងអំឡុងកិច្ចប្រជុំមួយ កាលពីថ្ងៃអង្គារ ទី២១ តុលា លោក វិរ៉ាឆាយ ផ្លាសាយ បានផ្តល់លិខិតជំនួយស្មារតីមួយ អោយលោកអ៊ុក សោភ័ណ មន្រ្តីទទួលបន្ទុកកិច្ចការកម្ពុជានៅប្រទេសថៃ ស្តីអំពី «សកម្មភាពដាក់ពង្រាយកម្លាំងទាហានរបស់ខ្មែរចំនួន៧នាក់ នៅតំបន់សាលាទ្រីមុំនេះ កាលពីថ្ងៃទី១៨ កញ្ញា ឆ្នាំ២០០៨»។ យោង តាមលោកផៃ ស៊ីផាន រដ្ឋលេខាធិការកម្ពុជា និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីទទួលបន្ទុកសំណុំរឿង ព្រះវិហារ តំបន់ខាងលើនេះ ដែលមានឈ្មោះជាភាសាខ្មែរថា «តំបន់ មុំបីប្រាសាទព្រះវិហារ» ស្ថិតនៅប្រហែលជា៥៨គីឡូម៉ែត្រពីប្រាសាទព្រះវិហារ។ នៅក្នុងលិខិត ជំនួយសា្មរតីនេះ ភាគីថៃ «បានបង្ហាញពីការព្រួយបារម្ភរបស់ខ្លួនខ្លាចមាន ជម្លោះឥតបានការណាមួយ ដែលបង្កឡើងដោយការដាក់ពង្រាយកងទ័ពកម្ពុជា នៅព្រំដែនមួយ ដែលកំពុងស្ថិតនៅក្នុងដំណាក់កាលបោះបង្គោលព្រំដែននៅឡើយ និង នៅតែជាកម្មវត្ថុនៃកិច្ចចរចាត្រីភាគី រវាងប្រទេសថៃ កម្ពុជានិងឡាវ»។ ប្រទេសថៃ ដែល «អះអាង» ការប្តេជ្ញារបស់ខ្លួនក្នុងការដោះស្រាយបញ្ហាព្រំដែន «ដោយសន្តិវិធី នៅក្នុងក្របខ័ណ្ឌរបស់គណៈកម្មាធិការព្រំដែនចម្រុះថៃ-កម្ពុជា» បានស្នើប្រទេសកម្ពុជាអោយដកទាហានចេញពីតំបន់សាលាទ្រីមុំនេះជាបន្ទាន់ និងបញ្ឈប់រាល់ការដាក់ពង្រាយកម្លាំងបន្ថែមនៅតំបន់នេះ ដើម្បីរក្សាឆន្ទះដ៏ល្អ និងទំនុកចិត្តរវាងប្រទេសទាំងពីរ នៅក្នុងប្រតិបត្តិការបោះបង្គោលព្រំដែន»។ សេចក្តីប្រកាសព័ត៌មាន នេះក៏បានគូសបញ្ជាក់ផងដែរអំពីការចូលកាន់តំណែងជាប្រធានថ្មី នៃគណៈកម្មាធិការព្រំដែនចម្រុះ របស់ភាគីថៃ គឺលោកវ៉ាស៊ីន តេរ៉ាវេឆាយ ដែលជាអតីតស្ថានទូតថៃប្រចាំប្រទេសកូរ៉េខាងត្បូង។ ម្យ៉ាងវិញទៀត យោងតាមសារព័ត៌មានប្រចាំថ្ងៃ ជាភាសាអង់គ្លេស ឌឺ ណេសិន លោកស៊ុមឆាយ វង្សសាវ៉ាត នាយករដ្ឋមន្រ្តីថៃ បានធ្វើការពិភាក្សាមួយ នៅព្រឹកថ្ងៃពុធ ទី២២ តុលានេះ ជាមួយនឹងអគ្គមេបញ្ជាទាហានថៃ គឺលោកឧត្តមសេនីយ អាណុពង្ស ប៉ាវចិន្តា និងលោកឧត្តមសេនី៧ សុងគីតិ ហ្សាកាបាត្រា អគ្គមេបញ្ជាការកំពូល រយៈពេលជាងមួយម៉ោង។ ក្រោយបញ្ចប់ការប្រជុំនេះ ប្រមុខរដ្ឋាភិបាលនិងមន្រ្តីយោធាជាន់ខ្ពស់ទាំងពីររូបនេះ បដិសេធឆ្លើយសំណួររបស់អ្នកសារព័ត៌មាន។ នៅក្នុងកិច្ច ប្រជុំកំពូលអាស៊ី-អឺរុប ដែលរៀបចំធ្វើឡើងនៅថ្ងៃទី២៤ និង២៥ តុលា ភាគីទាំងពីរមានបំណងចង់អោយមានជំនួបមួយរវាង លោកស៊ុមឆាយ វង្សសាវាត នាយករដ្ឋមន្រ្តីថៃនិងសម្តេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ កាលពីថ្ងៃ អង្គារ ទី២១ តុលា ទាហានថៃបានស្លាប់ បន្ទាប់ពីរងរបួសយ៉ាងធ្ងនធ្ងរ នៅក្នុងការផ្ទុះអាវុធមួយជាមួយទាហានកម្ពុជា កាលពីថ្ងៃទី១៥ តុលា។ ទាហានកម្ពុជាបីរូបក៏បានស្លាប់ នៅក្នុងការប៉ះទង្គិចដោយអាវុធនេះផងដែរ។
|