|
អធិប្បាយចុងក្រោយ
|
| តើសម្ព័ន្ធភាពដែលប្រកាសដោយគណបក្សប្រឆាំងនៅកម្ពុជាអាចនឹងកើតមានរឺទេ? |
| ដោយ ដួង សុខា | | | ១០-១០-២០០៨ | ភ្នំពេញ (ប្រទេសកម្ពុជា) ថ្ងៃទី៨ សីហា ២០០៨៖ លោក គៀត សុគន្ធ អនុប្រធានគណៈកម្មាធិការនាយកគណបក្សសិទ្ធិមនុស្ស និងលោកសម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ីនៅក្នុងសន្និសីទកាសែតមួយ តវ៉ាលទ្ធផលនៃការបោះឆ្នោត © ចន វីង/ Magnum មេដឹកនាំ របស់គណបក្សប្រឆាំងទាំងពីរនៅកម្ពុជា គឺលោកសម រង្ស៊ី និងលោកកឹម សុខា ដែលបានបដិសេធមិនបញ្ចូលគណបក្សពួកគេទាំងពីរនៅក្នុងបញ្ជីតែមួយ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តថ្ងៃ២៧ កក្កដា បានឈរបង្ហាញខ្លួនប្រកៀកដៃគ្នាក្រោយថ្ងៃបោះឆ្នោត ហើយបានធ្វើសេចក្តីប្រកាសជាច្រើនពីការរួបរួមកម្លាំងគ្នានៅក្នុង សម្ព័ន្ធភាពមួយ ប៉ុន្តែជាក់ស្តែងសម្ព័ន្ធភាពនោះមិនទាន់បានលេចចេញជារូបរាងនៅ ឡើយទេ។ នៅពេលចេញពីកិច្ចប្រជុំបើករដ្ឋសភានៅថ្ងៃទី២៤ខែកញ្ញាកន្លងមក សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលគណបក្សប្រជាជនកម្ពុជារបស់សម្តេចបានជាប់ឆ្នោតក្នុងអាណត្តិ ទី៤នេះ បាននិយាយចម្អកជាសាធារណៈពីសម្ព័ន្ធភាពរបស់គណបក្សប្រឆាំងទាំង ពីរ ដោយសម្តេចមានប្រសាសន៍ថាវាគ្រាន់តែជារឿងមួយប៉ព្រិច ភ្នែកប៉ុណ្ណោះ។ ដើម្បីជាការពន្យល់នូវសម្តីនេះ សម្តេចហ៊ុន សែន បានព្រលយឡើងពីការបែកបាក់របស់គណបក្សប្រឆាំងទាំងពីរ។ តើវាជាល្បិចនយោបាយរបស់បុរសខ្លាំងនៅកម្ពុជាដើម្បីបំបាក់ និងបង្ខូចកិត្យានុភាពរបស់បក្សប្រឆាំង ឬវាជាការលេចចេញនូវភាពសៅហ្មងនៅក្នុងកិច្ចព្រមព្រៀងរវាងលោកសម រង្ស៊ី និងលោកកឹម សុខាមែន ? លោកសម រង្ស៊ី និងលោកកឹម សុខា បែកបាក់គ្នារឺ? នៅក្នុងសន្និសីទកាសែតមួយបន្ទាប់ពីចេញពីរដ្ឋសភា នៅថ្ងៃទី២៤ ខែកញ្ញា ប្រមុខរដ្ឋាភិបាលបានលើកឡើងនៅចំពោះមុខអ្នកយកព័ត៌មានជាច្រើន អំពីអវត្តមានរបស់លោកកឹម សុខា និងតំណាងរាស្រ្តពីររូបរបស់លោកនៅក្នុងកិច្ចប្រជុំលើកដំបូងរបស់ រដ្ឋសភា ខណៈពេលដែលលោកសម រង្ស៊ី និងតំណាងរាស្រ្តមកចូលរួមប្រជុំ។ រហូត ដល់នាទីចុងក្រោយ ភាពមន្ទិលសង្ស័យកើតមានឡើងលើការចូលរួមនេះ ពីព្រោះថាខុសពីលោកកឹម សុខា លោកសម រង្ស៊ី ធ្លាប់បានប្រកាសជាច្រើនលើកច្រើនសាថា ពួកគេធ្វើពហិការមិនចូលរួមការបើកកិច្ចប្រជុំលើកដំបូងរបស់ រដ្ឋសភាទេ ដើម្បីជាការប្រឆាំងនឹងលទ្ធផលបោះឆ្នោត។ សម្តេចហ៊ុន សែន បានគូសបញ្ជាក់ថា ការប្តូរជំហរចូលប្រជុំនេះធ្វើអោយលោកកឹម សុខា ខឹង។ សម្តេចបានរៀបរាប់ថា លោកកឹម សុខា ធ្លាប់ពិគ្រោះពិភាក្សាជាមួយសម្តេចជាលក្ខណៈផ្ទាល់ខ្លួន នៅមុនពេលបង្កើតគណបក្សសិទ្ធិមនុស្ស... និយាយអោយខ្លី សម្តេចនាយករដ្ឋមន្ត្រីសង្ខេបថា ភាគីទាំងពីរប្រហែលមិនបានត្រូវរ៉ូវគ្នា។ លោកសម រង្ស៊ី និងលោកកឹម សុខា មិនបានយកចិត្តទុកដាក់ក្នុងការឆ្លើយតបរួមគ្នាជាសាធារណៈ ចំពោះការវាយប្រហារនេះទេ។ តើនេះជាយុទ្ធសាស្រ្តរបស់សម្តេចហ៊ុន សែន ដើម្បីបំបែកបំបាក់គណបក្សប្រឆាំង? លោកប្រធានគណបក្សសិទ្ធិមនុស្ស គ្មានការភ្ញាក់ផ្អើលចំពោះសម្តីរបស់សម្តេចហ៊ុន សែនទេ។ លោកលើកឡើងថា នេះជាប្រសាសន៍នយោបាយរបស់សម្តេចនាយករដ្ឋមន្ត្រីដែលធ្លាប់ ធ្វើទៅហើយ។ លោកកឹម សុខា អធិប្បាយថា៖ «យុទ្ធសាស្រ្តនៃការបំបែកបំបាក់ដើម្បីគ្រប់គ្រងកាន់តែស្រួលនេះ មិនជោគជ័យគ្រប់ពេលនោះទេ ! គាត់បានធ្វើអោយសមាជិកជាច្រើនរបស់គណបក្សសម រង្ស៊ី អោយចុះចូលជាមួយគណបក្សប្រជាជន មុនពេលបោះឆ្នោត តែវាមិនអាចធ្វើអោយគណបក្សសម រង្ស៊ី ចុះខ្សោយបានទេ។ វារឹតតែធ្វើអោយគណបក្សនេះពង្រឹងសម្លេងរបស់ខ្លួន [ដោយទទួលបានអាសនៈពីរបន្ថែមទៀត]»។ លោកបន្ថែមទៀតថា មានតែគណបក្សមួយគត់ដែលសម្តេចហ៊ុន សែន អាចបំបែកបាន គឺគណបក្សហ៊្វុនស៊ិនប៉ិច។ អ្នកស្រីមូរ សុខហួរ អគ្គលេខាធិការងគណបក្សសម រង្ស៊ី មិនជាភ្ញាក់ផ្អើលនឹងអ្វីមួយដែលអ្នកស្រីចាត់ទុកថាជាការប៉ុន ប៉ងរបស់សម្តេចនាយករដ្ឋមន្ត្រីដើម្បីបំបែកសម្ព័ន្ធភាពមួយដែលគាត់ មិនចង់អោយកើតមានឡើងនេះទេ។ អ្នកស្រីអះអាងថា៖ «យុទ្ធសាស្រ្តរបស់គណបក្សកាន់អំណាចនេះមិនអាចធ្វើអោយយើងព្រួយ បារម្ភ និងភ័យខ្លាចនោះឡើយ»។ អ្នកស្រីគូសបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា អ្នកស្រីខ្លួនឯងផ្ទាល់បានប្រាប់ជាមុនទៅលោកកឹម សុខា ថា គណបក្សសម រង្ស៊ី នឹងចូលរួមកិច្ចប្រជុំបើករដ្ឋសភាជាតិ។ អ្នកតំណាងរាស្រ្តខេត្តកំពតរូបនេះរម្លឹកថា៖ «ស្អែកឡើង ពួកយើងមិនបានចូលរួមបោះឆ្នោតរើសប្រធាន និងអនុប្រធានរដ្ឋសភា និងផ្តល់ទំនុកចិត្តចំពោះរដ្ឋាភិបាល ថ្មីទេ»។ អ្នក ស្រីជា វណ្ណាត អ្នកវិភាគនយោបាយកម្ពុជា មិនមើលឃើញថាមានប្រយោជន៍អ្វីទៅជជែកគ្នាពីបញ្ហាថាតើសម្តេច ហ៊ុន សែន ព្យាយាមបំបែកបំបាក់បក្សប្រឆាំងឬអត់នោះទេ។ អតីតប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម រូបនេះបានមានប្រសាសន៍ថា៖ «ប្រសិនបើ[លោកសម រង្ស៊ី និងលោកកឹម សុខា] បែកគ្នា ការកាត់ផ្តាច់នៃសម្ព័ន្ធភាពរបស់ពួកគេមិនមែនមកពីគណបក្សប្រជាជន កម្ពុជាទេ ប៉ុន្តែគឺមកពីការចុះខ្សោយនៃគោលជំហររបស់ពួកគេផ្ទាល់។ បើសិនគោលជំហរយើងច្បាស់លាស់ និងរឹងមាំ គ្មានអ្នកណាអាចបំបែកយើងបានឡើយ។ ខ្លួនទីពឹងខ្លួន»។ មានគណបក្សប្រឆាំងតែពីប៉ុណ្ណោះ គឺគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស មួយថ្ងៃក្រោយការបោះឆ្នោតថ្ងៃ២៧ កក្កដា អ្នកតំណាងរាស្រ្តរបស់គណបក្សទាំងបួន(គណបក្សសម រង្ស៊ី គណបក្សសិទ្ធិមនុស្ស គណបក្សនរោត្តម រណឫទ្ធិ និងហ៊្វុនស៊ិនប៉ិច) បានចាប់ដៃគ្នាដើម្បីអំពាវនាវដល់មតិសាធារណជនទាំងក្នុងនិង ក្រៅប្រទេស អោយច្រានចោលលទ្ធផលបោះឆ្នោត។ ក្រោយមកបន្តិច គណបក្សហ៊្វុនស៊ិនប៉ិច ដែលបានក្លាយជាដៃគូជាថ្មី ក្នុងរដ្ឋាភិបាលចម្រុះរបស់គណបក្សឈ្នះឆ្នោត បានដកខ្លួនភ្លាមៗចេញពីចលនារបស់គណបក្សប្រឆាំង។ បន្ទាប់មក គណបក្សនរោត្តម រណឫទ្ធិ បានដើរតាមគន្លងរបស់គណបក្សហ៊្វុនស៊ិនប៉ិច ហើយក៏បានផ្តាច់សាមគ្គីភាពជាមួយគណបក្សប្រឆាំង ដោយយល់ព្រមទទួលស្គាល់លទ្ធផលបោះឆ្នោត។ នៅសល់តែគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដែលបូកអាសនៈបញ្ចូលគ្នាបានចំនួន២៩អាសនៈ (២៦+៣)។ ចំនួននេះមិនគ្រប់ដើម្បីធ្វើញ្ញត្តិបន្ទោសលើរដ្ឋាភិបាល ស្របតាមច្បាប់រដ្ឋធម្មនុញ្ញនោះទេ។ ញ្ញត្តិបន្ទោសនេះអាចត្រូវពិនិត្យដោយអ្នកតំណាងរាស្រ្តលុះត្រាតែ មានឈ្មោះតំណាងរាស្រ្តចូលរួមយ៉ាងតិច៣០រូប។ កិច្ចសហប្រតិបត្តិការធម្មតាមួយ ឆ្ពោះទៅរកការចងសម្ព័ន្ធភាពគ្នា ប្រសិនបើ មេដឹកនាំបក្សប្រឆាំងទាំងពីរនៅតែអះអាងថាយល់ស្របគ្នានៅលើគោលការណ៍ នៃការចងសម្ព័ន្ធភាពក៏ដោយ ប៉ុន្តែមូលដ្ឋានគ្រឹះនៃសម្ព័ន្ធភាពនេះមិនទាន់ត្រូវបញ្ចប់នៅឡើយ ទេ។ បច្ចុប្បន្ន វាកំពុងស្ថិតក្នុងកិច្ចពិភាក្សាដោយក្រុមការងារមួយ ហៅថា«គណៈកម្មការបច្ចេកទេស» ដែលមានសមាសភាពមកពីអ្នកទទួលខុសត្រូវជាច្រើនរូបរបស់គណបក្ស ទាំងពីរ។ លោកកឹម សុខា តំណាងរាស្រ្តខេត្តកំពង់ចាម បានសង្កត់ធ្ងន់ថា៖ «នៅក្នុងដំណាក់ការទី១ យើងសហការគ្នាដើម្បីបរិហារពីភាពមិនប្រក្រតីជាច្រើននៅក្នុងការ បោះឆ្នោត។ ដំណាក់ការទី២ រួមគ្នាក្នុងក្របខ័ណ្ឌការងាររួមមួយ សម្រាប់អ្នកតំណាងរាស្រ្តរបស់យើងអំឡុងពេល៥ឆ្នាំទៅមុខ។ គណបក្សសិទ្ធិមនុស្សចង់អោយ គណបក្សមានភាគតិចនៅក្នុងរដ្ឋសភាធ្វើការតស៊ូមតិ ដើម្បីជួយតម្រង់ទិសរដ្ឋាភិបាល អោយដើរតាមលទ្ធិប្រជាធិបតេយ្យ សម្រាប់ជាប្រយោជន៍ដល់ប្រជាជននិងប្រទេសជាតិ»។ លោកមិនចង់អោយតួនាទីនេះធ្លាក់មកលើតែគណបក្សសិទ្ធិមនុស្សនិង គណបក្សសម រង្ស៊ីទេ ប៉ុន្តែគឺមានគណបក្សផ្សេងទៀតក្រៅពីគណបក្សប្រជាជនកម្ពុជាដែល កាន់អំណាចផងដែរ។ ការប្រុងប្រយ័ត្ន រឺការខ្វះជំនឿទុកចិត្តលើគ្នាទៅវិញទៅមក? ចំណែក អ្នកស្រីមូរ សុខហួរ ហាក់មានការប្រុងប្រយ័ត្ននៅក្នុងការនិយាយពីរឿងនេះ។ «មុននឹងអាចធ្វើអោយសម្ព័ន្ធភាពមួយលេចចេញជាក់ស្តែង យើងត្រូវតែប្រុងប្រយ័ត្ន ហើយពិភាក្សាគ្នាស៊ីជម្រៅពីទិដ្ឋភាពច្បាប់នៃកិច្ចព្រមព្រៀងរវាង គណបក្សយើងទាំងពីរ ដើម្បីបង្ការការបែកបាក់ជាយថាហេតុនាពេលក្រោយ»។ សម្រាប់លោកគល់ បញ្ញា នាយកប្រតិបត្តិរបស់អង្គការសង្កេតការណ៍បោះឆ្នោតខុមហ្វ្រែល គឺកង្វះទំនុកចិត្តរវាងគណបក្សទាំងពីរដែលចោទជាបញ្ហា។ លោកមានប្រសាសន៍ដោយប្រយ័ត្នប្រយែងថា : «នៅកម្ពុជា អ្នកនយោបាយពិបាកនឹងរួបរួមគ្នាដូចអ្នកជំនួញណាស់ ពីព្រោះតែងតែមានការមិនទុកចិត្តគ្នា។ ដូច្នេះ ខ្ញុំចាំមើលថាតើពួកគេរួបរួមគ្នាយ៉ាងម៉េច...»។ ចំណែក អ្នកស្រីជា វណ្ណាត ជម្រុញគណបក្សទាំងពីរកុំអោយបោះបង់ចោលគម្រោងចងសម្ព័ន្ធភាពរបស់ ពួកគេអោយសោះ។ «គេត្រូវការពេលវេលា និងការអត់ធ្មត់។ គំនិតនៃការរួបរួមគ្នាមានហើយ! ទោះគណបក្សនរោត្តម រណឫទ្ធិ និងគណបក្សហ៊្វុនស៊ិនប៉ិចបោះបង់ចោលក៏ដោយ ក៏គណបក្សពីរទៀតនៅតែរក្សាជំហរ ហើយយើងសូមកោតសរសើរចំពោះការប្រកាន់ជំហរយ៉ាងខ្ជាប់ខ្ជួនរបស់ ពួកគេ»។ ការទាមទាររួមគ្នា ដើម្បីការទទួលស្គាល់តួនាទីរបស់គណបក្សប្រឆាំង ក្នុង អំឡុងពេលរង់ចាំអោយមានការរួបរួមរវាងគណបក្សប្រឆាំងកើតចេញជារូប រាង គណបក្សសិទ្ធិមនុស្សនិងគណបក្សសម រង្ស៊ី មិនមានការរីកចម្រើនទៅមុខទេទាក់ទងនឹងសំណើរបស់ពួកគេនៅក្នុង ការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា។ សម្តេចនាយករដ្ឋមន្ត្រីធ្លាប់មានប្រសាសន៍ថា បក្សប្រឆាំងចង់អោយតួនាទីរបស់ខ្លួនត្រូវទទួលស្គាល់ដោយមិនអាច ប្រកែកបាន តាមរយៈការចូលរួមរបស់ខ្លួននៅក្នុងរដ្ឋសភា។ អ្នកស្រី មូរ សុខហួរ បំភ្លឺថា៖ «យោងតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស មុខតំណែងអនុប្រធានរដ្ឋសភា និងប្រធានគណៈកម្មការមួយចំនួនត្រូវផ្តល់អោយគណបក្សឈ្នះឆ្នោតលំដាប់ទី២ [គឺគណបក្សសម រង្ស៊ី] ។ យើងនឹងជម្រុញអោយមានលក្ខន្តិកៈ គណបក្សប្រឆាំងក្នុងសភា ដូចនៅអង់គ្លេស អូស្ត្រាលី កាណាដា ឬក៏ថៃជាដើម»។ លោកយ៉ែម បញ្ញាឫទ្ធិ អ្នកនាំពាក្យរបស់គណបក្សសិទ្ធិមនុស្ស មានប្រសាសន៍បន្ថែមថា ពួកគេទន្ទឹងរង់ចាំអោយរដ្ឋាភិបាលទទួលស្គាល់ជាផ្លូវការនូវ តួនាទីរបស់តំណាងរាស្រ្តបក្សប្រឆាំង ដើម្បីពួកគេអាចទទួលបានការអនុញ្ញាតអោយបញ្ចេញមតិដោយសេរីនៅក្នុង កិច្ចប្រជុំរដ្ឋសភា។ ប្រមុខរដ្ឋាភិបាលធ្លាប់ចាត់ទុកសំណើ របស់បក្សប្រឆាំងថាជាសំណើ«ភ្លីភ្លើ» ដោយសម្តេចពន្យល់ថា សំណើធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងមួយ ដែលនៅមិនទាន់ពិនិត្យអោយហ្មត់ចត់នៅឡើយពីគណៈកម្មការពិសេស មិនអាចត្រូវអនុម័តបានឡើយ។ នៅក្នុងអាណត្តិទី៤នេះ គណៈកម្មការរដ្ឋសភាទាំងអស់គឺស្ថិតក្នុងដៃរបស់ប្រធានដែលចេញមកពី គណបក្សប្រជាជនកម្ពុជា រីឯអាណត្តិមុន គណបក្សសម រង្ស៊ី ធ្លាប់ទទួលបានតំណែងប្រធាននៅក្នុងគណៈកម្មការពីរ គឺគណៈកម្មការមហាផ្ទៃនិងការពារជាតិ និងគណៈកម្មការកិច្ចការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។ ជាមួយនឹងអាសនៈច្រើនជាងមុន ប៉ុន្តែអំណាចតិច គណបក្សសម រង្ស៊ី ចង់អោយប្រាកដថា ខ្លួនឯងអាចដើរតួនាទីប្រឆាំងបានពេញលេញ។ សម្ព័ន្ធភាពជាមួយគណបក្សសិទ្ធិមនុស្សប្រហែលអាចជួយពួកគេបាន ប្រសិនបើវាអាចកើតចេញជារូបរាងឡើង។ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រធាននៃគណបក្សប្រឆាំងទាំងពីរមិនបានបង្ហាញជំហររួមដូចគ្នាទេ។
|
|
|