|
អធិប្បាយចុងក្រោយ
|
| ការបង្កើតទីផ្សារមូលបត្រកម្ពុជា ឆ្នាំ២០០៩: តើនេះគឺជាពេលវេលាសមស្របដែររឹទេ? |
| ដោយ រស់ ឌីណា និង ឡឺរ៉ង់ ឡឺហ្គូអង់វិក | | | ២៨-១០-២០០៨ |
កំពត (កម្ពុជា) ថ្ងៃទី២៤ តុលា ២០០៨៖ ស្ថានីយប្រេងឥន្ធនៈសូគីមិច។ ក្រុមហ៊ុននេះ ស្ថិតនៅក្នុងចំណោមក្រុមហ៊ុន ដែលចូលរួមនៅក្នុងទីផ្សារមូលបត្រកម្ពុជា នាថ្ងៃអនាគត © ចន វីង / Magnum ទីក្រុង តូក្យូ ហុងកុង សៀងហៃ ម៉ានីល ប៊ុមប៊ៃ... ទីផ្សារមូលបត្រនៅទ្វីបអាស៊ីមិនទទួលរងការប៉ះទង្គិចពីវិបត្តិ ហិរញ្ញវត្ថុ ដែលកំពុងតែអង្រួនពិភពលោកយើងនេះនោះទេ។ នៅក្នុងបរិបទអន្តរជាតិជាទីគាប់ចិត្តនេះ ប្រទេសកម្ពុជាដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ តាមរយៈគម្រោងបង្កើតទីផ្សារមូលបត្រ នៅបំណាច់ឆ្នាំ២០០៩ ក្នុងគោលបំណងធ្វើទំនើបភាវូនីយកម្មប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា។ បើតាមប្រសាសន៍អ្នកជំនាញសេដ្ឋកិច្ចខ្លះ ការបង្កើតផ្សារហ៊ុននេះនៅប្រទេសកម្ពុជាហាក់បីដូចជាលឿនពេក។ តួយ៉ាង លោកកង ចាន់ដារ៉ារ័ត្ន បានសំដែងនូវការព្រួយបារម្ភចំពោះអនាគតទីផ្សារភាគហ៊ុនកម្ពុជា ដែលអាចនឹងដួលរលំ ដោយសារកម្ពុជានៅខ្វះជំនឿទុកចិត្តពីសាធារណៈជន និងនៅខ្វះហេដ្ឋារចនាសម្ព័ន្ធរឹងមាំជាច្រើនទៀត។ ផ្ទុយទៅវិញ សម្រាប់អាជ្ញាធរកម្ពុជា និងគណៈកម្មការមូលបត្រកម្ពុជា ដែលត្រូវបានបង្កើតឡើង នាពេលថ្មីៗនេះ នេះគឺជាពេលវេលាដ៏សមស្របមួយ ដើម្បីបង្កើតទីផ្សារមូលបត្រថ្មី ហើយសង្ឃឹមថា ទីផ្សារភាគហ៊ុនគឺជាយាន្តមួយដ៏ចំបង នៅក្នុងវិស័យសេដ្ឋកិច្ចកម្ពុជា។ ធ្វើលឿន ហើយធ្វើអោយល្អ នៅក្នុង សន្និសីទមួយ ស្តីពីការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង លោកគាត ឈន់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើងអំពីគោលជំហររបស់អាជ្ញាធរកម្ពុជា ក្នុងការបង្កើតទីផ្សារមូលបត្រនៅកម្ពុជា នាពេលខាងមុខនេះ ដោយបានមានប្រសាសន៍ថា «យើងត្រូវតែប្រញាប់ប្រញាល់ ប៉ុន្តែ ត្រូវធ្វើដោយសន្សឹមៗ»។ រដ្ឋាភិបាលមិនចង់ផ្លាស់ប្តូរគោលដៅរបស់ខ្លួននោះទេ ដោយគ្រោងនឹងបង្កើតទីផ្សារភាគហ៊ុន នៅឆ្នាំ២០០៩ ប៉ុន្តែទីផ្សារហិរញ្ញវត្ថុសព្វថ្ងៃ កំពុងតែជួបគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ ដោយសារវិបត្តិអន្តរជាតិ ។
លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា «ទីផ្សារមូលបត្រកម្ពុជាមិនត្រូវដំណើរការយឺតយ៉ាវ ដោយសារវិបត្តិហិរញ្ញវត្ថុពិភពលោកនោះទេ ប៉ុន្តែ វានឹងដំណើរការទៅតាមអ្វីដែលបានគ្រោងទុក តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្នែករឹង»។ មុននឹងរៀបរាប់អំពីការរីកចម្រើនដែលសម្រេចបាន ចាប់តាំងពីការចាប់ផ្តើមគម្រោងបង្កើតទីផ្សារភាគហ៊ុននេះ នៅឆ្នាំ២០០៥មក លោកបានសង្កត់ធ្ងន់ថា «យើងត្រូវធ្វើដំណើរដោយប្រុងប្រយ័ត្ន និងបន្តការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់»។
ដំណើរការគម្រោងគួរអោយកត់សម្គាល់ នៅលើ ហេដ្ឋារចនាសម្ព័ន្ធផ្នែកច្បាប់ ជាបឋម ច្បាប់ស្តីពីមូលបត្ររដ្ឋត្រូវបានប្រកាសអោយប្រើប្រាស់នៅខែមករា ឆ្នាំ២០០៧ បន្ទាប់មក ច្បាប់ស្តីពីការបោះផ្សាយនិងការជួញដូរមូលបត្រមហាជន ស្របពេលដែលវិធានស្តីពីការកំណត់អាជ្ញាប័ណ្ណនឹងត្រូវបញ្ចប់រួចរាល់នៅ ដើមត្រីមាស ឆ្នាំ២០០៩។
នៅលើហេដ្ឋារចនាសម្ព័ន្ធផ្នែក សម្ភារៈ គេគ្រោងនឹងកសាងអគារនៃទីផ្សារភាគហ៊ុន បំពាក់ទៅដោយគ្រឿងកុំព្យូទ័រ និងឧបករណ៍ដែលទើបតែបានទទួលថ្មីៗ។
លោក រដ្ឋមន្រ្តីបានបន្តទៀតថា ជាចុងក្រោយ នៅលើហេដ្ឋារចនាសម្ព័ន្ធធនធានមនុស្ស គណៈកម្មការមូលបត្រកម្ពុជាកំពុងតែប្រតិបត្តិការការងារ ដោយបង្កើតទំនាក់ទំនងជាមួយនឹងក្រសួងយុត្តិធម៌ និងធ្វើការបណ្តុះបណ្តាល «ទាំងបុគ្គលិក ទាំងអនាគតប្រតិបត្តិករ ទាំងវិស័យឯកជន និងរដ្ឋ»។
«អនាគតកូនក្រមុំ» លោក គាត ឈន់ បានរៀបរាប់យ៉ាងលំអិតថា «ប៉ុន្តែ អ្វីដែលសំខាន់បំផុត គឺថាក្រុមហ៊ុនដែលត្រូវចូលមកទីផ្សារ ត្រូវរៀបចំខ្លួន ដូចកូនក្រមុំរៀបការអញ្ជឹង ដែលត្រូវរៀបចំសំអិតសំអាងខ្លួនអោយល្អ។ ក្រុមហ៊ុនទាំងនោះត្រូវមានគណនេយ្យច្បាស់លាស់ ធ្វើខ្លួនអោយល្អនិងតម្លាភាព និងត្រូវបង់ពន្ធដែលជំពាក់រដ្ឋអោយអស់»។ លោករដ្ឋមន្រ្តីបានពន្យល់ថា «ព្រោះថា ដើម្បីខ្ចីប្រាក់ពីធនាគារបាន យើងត្រូវយកអីវ៉ាន់ទៅបញ្ចាំ ដូចជាប័ណ្ណកម្មសិទ្ធិ គ្រឿងអលង្ការ វត្ថុមានតម្លៃ។ ប៉ុន្តែ នៅលើទីផ្សារមូលបត្រ សហគ្រាសត្រូវមានកេរ្តិ៍ឈ្មោះល្អ។ ដើម្បីទទួលបានទំនុកចិត្តពីសាធារណៈជន ទាមទារពេលវេលា និងបទពិសោធន៍»។
ទឹមគោមុនរទេះ? បើតាម ប្រសាសន៍របស់លោកកង ចាន់ដារ៉ារ័ត្ន នាយកវិទ្យាស្ថានសិក្សាដើម្បីការអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ការទទួលបានទំនុកចិត្តពីមហាជនគឺជាបញ្ហាសំខាន់ណាស់។ លោកបានអះអាងដោយត្រង់ៗថា «ខ្ញុំយល់ឃើញថា ការបង្កើតទីផ្សារមូលបត្រនៅឆ្នាំ២០០៩ ហាក់បីដូចជាឆាប់រហ័សពេក ព្រោះយើងនៅខ្វះទំនុកចិត្តពីសំណាក់មហាជន»។ «មុនអ្វីៗទាំងអស់ គេត្រូវកសាងទំនុក ចិត្តមហាជន ជាបឋម និងជាបណ្តើរៗ មុននឹងចាប់ផ្តើមបង្កើតវាល្អជាង។ គេមិនត្រូវចាប់ផ្តើមបង្កើតទីផ្សារភាគហ៊ុនមុន រួចទើបស្វែងរកទំនុកចិត្តពីសាធារណៈនោះទេ...»។
«អ្នក សេដ្ឋកិច្ចវិទ្យារូបនេះបានសំដែងនូវការសោកស្តាយថា គេចាប់ផ្តើមបង្កើតទីផ្សារភាគហ៊ុនយកតែម្តង ដោយមិនទាន់បានសិក្សាពីទំនុកចិត្តរបស់សាធារណៈជន។ អ្វីដែលសំខាន់ គឺថាមហាជននៅមិនទាន់មានទំនុកចិត្ត។ ប្រសិនជាលោកគាត ឈន់ ចង់ប្រមែប្រមូលម្ចាស់ភាគហ៊ុន អោយចូលរួមនៅក្នុងទីផ្សារភាគហ៊ុន គាត់នឹងត្រូវផ្តល់ទំនុកចិត្តនេះ។ គេត្រូវផ្សព្វផ្សាយព័ត៌មានដល់សាធារណៈជន ប្រកបដោយប្រសិទ្ធភាព។ បើទោះបីជាមានគំនិតផ្តួចផ្តើមបែបនេះក៏ដោយ ក៏ខ្ញុំមិនជឿជាក់ថាវាគ្រប់គ្រាន់ ក្នុងការបង្កើតទំនុកចិត្តដែរ»។ «លោកដូចជាមិនសូវមានសង្ឃឹមថា ឆ្នាំ២០០៩ ទីផ្សារមូលបត្រកម្ពុជានឹងពិតជាត្រូវបានបង្កើតឡើងនោះទេ»។
ចាប់ផ្តើមចេញពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ មកដល់វិធានការដោះស្រាយជម្លោះ លោក កង ចាន់ដារ៉ារ័ត្ន បានលើកឡើងពីចំណុចខ្វះខាតខ្លះនៃប្រព័ន្ធច្បាប់បច្ចុប្បន្ននេះ។ «យើងមិនទាន់មានច្បាប់ប្រឆាំងអំពើពុករលួយនៅឡើយទេ។ យើងនៅមិនទាន់មានប្រព័ន្ធតុលាការពាណិជ្ជកម្ម ហើយកាន់តែទូលំទូលាយជាងនេះ គឺយើងនៅមានការលំបាក ក្នុងការដាក់អោយអនុវត្តច្បាប់យ៉ាងផ្ទាល់ ហើយដំណោះស្រាយជម្លោះនៅមិនទាន់ឈានដល់កំរិតដែលអាចទទួលយកបាន នៅឡើយ»។
លោកបានបន្ថែមទៀតថា «នៅលើទីផ្សារភាគហ៊ុន អ្វីដែលសំខាន់ គឺជាទំនុកចិត្ត ពោលគឺវាសំខាន់ជាងចំនួនទឹកប្រាក់ដែលកំពុងចរាចរណ៍នៅលើទីផ្សារទៅ ទៀត។ ទំនុកចិត្តលើក្រុមហ៊ុន ទំនុកចិត្តលើប្រសិទ្ធភាពរបស់រដ្ឋ ប្រព័ន្ធហិរញ្ញវត្ថុ ធនាគារជាតិ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ គេត្រូវសួរខ្លួនឯងថាតើគេនឹងមានសមត្ថភាពគ្រប់គ្រាន់ នៅពេលមានវិបត្តិដែររឺទេ […] ។ ប្រសិនគេខ្វះខាតចំណុចនេះ ទីផ្សារភាគហ៊ុនដែលនឹងបង្កើតថ្មីនេះ អាចនឹងមិនមានជីវិតរស់នៅបានយូរអង្វែងនោះទេ»។
ទីផ្សារមូលបត្រនាំមុខគេ? លោក ហួត ពុំ អ្នកសេដ្ឋកិច្ចមួយរូបផ្សេងទៀត ទទួលបន្ទុកបង្កើតទីផ្សារមូលបត្រ និងជាអគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា មានប្រតិកម្មតបតវិញថា «យើងមានគោលការណ៍មួយ គឺសំឡឹងមើលទៅអោយឆ្ងាយ»។ ផ្ទុយទៅវិញ លោកបានចាត់ទុកការព្រួយបារម្ភទាំងនេះ ថាជា «រឿងធម្មតា» ។ នាថ្ងៃអនាគត ទីផ្សារមូលបត្រគឺជាយន្តការដ៏សំខាន់មួយ ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញមួយផ្នែកសម្រាប់សេដ្ឋកិច្ចកម្ពុជា។
មិនមានច្បាប់ប្រឆាំងអំពើពុករលួយ? សម្រាប់លោកហួត ពុំ ការដាក់អោយប្រើប្រាស់ទីផ្សារភាគហ៊ុន គឺជាជំហានដំបូង ឆ្ពោះទៅរកការប្រយុទ្ធប្រឆាំងអំពើពុករលួយរួចទៅហើយ។ «ដើម្បីចុះបញ្ជីក្រុមហ៊ុន ក្រុមហ៊ុនត្រូវបំពេញលក្ខខណ្ឌដ៏តឹងរឹង និងត្រូវធានានូវតម្លាភាព។ ដូចនេះ មុននឹងចូលក្នុងទីផ្សារភាគហ៊ុន ក្រុមហ៊ុនត្រូវបំបាត់អំពើពុករលួយ។ តាមរយៈយន្តការទាំងនេះ យើងអាចធានានូវការត្រួតពិនិត្យដ៏ល្អប្រសើរមួយ យ៉ាងហោចណាស់ គឺការត្រួតពិនិត្យលើក្រុមហ៊ុនទាំងនេះ។ ទោះបីជាបញ្ហាមិនត្រូវបានដោះស្រាយទាំងអស់ក៏ដោយ ក៏ខ្ញុំទទួលស្គាល់ថា នៅពេលចូលក្នុងទីផ្សារមូលបត្រ សហគ្រាសនឹងចូលរួមចំណែករួចជាស្រេចនៅក្នុងការប្រយុទ្ធប្រឆាំង អំពើពុករលួយ។ នៅពេលច្បាប់ប្រឆាំងអំពើពុករលួយត្រូវបានអនុម័ត ច្បាប់នឹងធ្វើជួយធ្វើអោយស្ថានភាពកាន់តែល្អប្រសើរជាងមុន ប៉ុន្តែ វាមិនមែនមានន័យថា គ្មានច្បាប់នេះ យើងមិនអាចបង្កើតទីផ្សារភាគហ៊ុនបាននោះទេ»។
គ្មាន ប្រព័ន្ធតុលាការពាណិជ្ជកម្ម? លោកទទួលស្គាល់ថាយើងមិនទាន់ធ្វើការសម្រេចចិត្តនៅឡើយទេ។ ទោះបីជាតុលាការពាណិជ្ជកម្មមិនទាន់ត្រូវបានបង្កើតនៅឡើយក៏ដោយ ក៏អាជ្ញាធរ រឺគណៈកម្មការវិជ្ជាជីវៈមួយ អាចមានអំណាចចាំបាច់ ដើម្បីដោះស្រាយជម្លោះ»។
គ្មានសមត្ថភាព ដោះស្រាយវិបត្តិ? លោកអគ្គនាយករងគណៈកម្មការមូលបត្រកម្ពុជាមានប្រសាសន៍ថា«ប្រទេស អភិវឌ្ឍន៍ក៏ជួបបញ្ហាដូចគ្នាដែរ ហើយអ្នកសម្រចចិត្តខាងនយោបាយព្យាយាមស្វែងរកនូវដំណោះស្រាយ។ ក្នុងករណីមានវិបត្តិ គេអាចចាត់វិធានការ…។ មិនមានន័យថាយើងនឹងក្លាយជាកន្លែងទទួលរងនូវវិបត្តិហិរញ្ញវត្ថុ ទាំងអស់នោះទេ។ ដូចនេះ គេត្រូវរៀបចំខ្លួន មួយដំណាក់ៗម្តង ប្រកបដោយភាពច្បាស់លាស់ ដើម្បីជៀសវាងរាល់បញ្ហាទាំងនេះ និងកាត់បន្ថយផលប៉ះពាល់់លើសេដ្ឋកិច្ចកម្ពុជា»។
សុទិដិ្ឋនិយម និងប្រាកដនិយម អ្នក សេដ្ឋកិច្ចរូបនេះបានសង្កត់ធ្ងន់ថា «យើងត្រូវមានសុទិដ្ឋិនិយម ដោយត្រូវយកចិត្តទុកដាក់ចំពោះដែនកំណត់ណាដែលយើងអាចធ្វើបាន»។ លោកបានគូសបញ្ជាក់ថា ទីផ្សារនេះនឹងលេចចេញជារូបរាងឡើង ខណៈពេលដែលសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង រយៈពេលជាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ «ប្រជាពលរដ្ឋមានប្រាក់តម្កល់ទុកនៅធនាគារ ក៏ដូចជាទុកនៅក្នុងផ្ទះរបស់ខ្លួន»។ «បើក្រឡេកមើលពីនិន្នការតំបន់ បណ្តាប្រទេសអាស៊ានភាគច្រើនមានទីផ្សារភាគហ៊ុន។ ជាចុងក្រោយ ប្រទេសកម្ពុជាអាចទុកចិត្តទៅលើដៃគូសហការរបស់ខ្លួន គឺក្រុមហ៊ុនកូរ៉េខាងត្បូង( ស្ថាប័ន Korean Exchange) ។ ប្រទេសកូរ៉េ មានវិស័យផ្សារហ៊ុន មិនចាញ់គេប៉ុន្មានទេ នៅលើពិភពលោក ពោលគឺ ស្ថិតនៅក្នុងចំណោម «ប្រទេសលំដាប់កំពូលទាំង១០នៃពិភពលោក» (Top 10 of the world)។ «ដូច្នេះ នេះគឺជាពេលវេលាសមរម្យ ដើម្បីបង្កើតទីផ្សារភាគហ៊ុន ហើយរដ្ឋាភិបាលត្រូវមានឆន្ទៈច្បាស់លាស់»។
លោកគាត ឈន់ ចូលរួមបញ្ចេញទស្សនៈថាទីផ្សារភាគហ៊ុនមានតួនាទីដ៏សំខាន់ សម្រាប់សេដ្ឋកិច្ច ក៏ដូចជាសម្រាប់ក្របខ័ណ្ឌច្បាប់ និងសង្គមទាំងមូល។
«ទុនដែលលាក់នៅក្រោមកន្ទេល» រដ្ឋ មន្រ្តីក្រសួងសេដ្ឋកិច្ចរូបនេះបានវិភាគថា «អ្វីដែលជាផលប្រយោជន៍សម្រាប់ប្រទេសកម្ពុជានោះ គឺយើងអាចប្រមូលទុនដែលនៅលាក់ក្រោមកន្ទេល កៀនកន្លៀត ដើម្បីយកមកទិញភាគហ៊ុន រហូតទាល់តែក្រុមហ៊ុនមានដើមទុនច្រើនទៅៗ»។ ឧទាហរណ៍ ករណីនេះអាចជួយក្រុមហ៊ុនមួយ ក្នុងការអភិវឌ្ឍការចំការកៅស៊ូ រឺ រដ្ឋាករទឹកភ្នំពេញ អាចពង្រីកបណ្តាញស្អាតកាន់តែច្រើនឡើងៗ។ តាមរយៈក្រុមហ៊ុនឯកជន ក៏ដូចជាក្រុមហ៊ុនរបស់រដ្ឋ វាអាចចូលរួមចំណែកធ្វើអោយសេវាកម្មសាធារណៈកាន់តែល្អប្រសើរ ជាងមុន។ គេមិនគ្រាន់តែយកលុយពីធនាគារទេ គឺយកលុយពីជំនឿលើក្រុមហ៊ុន គេយកលុយមកទិញភាគហ៊ុន ដែលគេដាក់លក់នេះ គេបានសាច់ប្រាក់យកទៅពង្រីកអាជីវកម្មរបស់គេ ឬការវិនិយោគទុនរបស់គេ។
លោក កង ចាន់ដារ៉ារ័ត្ន បានយល់ស្របថា «ការបង្កើតទីផ្សារមូលបត្រគឺជារឿងល្អម្យ៉ាងដែរ។ វានឹងជួយធ្វើអោយមានសាច់ប្រាក់ចរាចរណ៍នៅក្នុងសេដ្ឋកិច្ច ខណៈពេលបច្ចុប្បន្ននេះ ប្រព័ន្ធហិរញ្ញវត្ថុពឹងផ្អែកទាំងស្រុងលើធនាគារ។ គេអាចទាក់ទាញវិនិយោគទុនបរទេស ដែលមិនចង់វិនិយោគដោយផ្ទាល់នៅកម្ពុជា អោយមកបណ្តាក់ទុនរបស់ពួកគេនៅលើទីផ្សារភាគហ៊ុនកម្ពុជា និងទទួលបានផលប្រយោជន៍ពីផ្សារភាគហ៊ុនដោយប្រយោល។ ម្យ៉ាងវិញទៀត លក្ខខណ្ឌនៃតម្លាភាពដែលដាក់កំហិតទៅលើសហគ្រាស នឹងផ្តល់ភាពងាយស្រួល ដល់ការត្រួតពិនិត្យរបស់រដ្ឋ លើក្រុមហ៊ុនធំៗ»។
បញ្ចុះបញ្ចូលសហគ្រាស ប៉ុន្តែ លោកបានសង្កត់ធ្ងន់ថា គេត្រូវតែមានភាពប្រាកដប្រជា មុននឹងបង្កើតទីផ្សារនេះ ជាពិសេស ចំពោះសហគ្រាសដែលនឹងចូលរួមនៅក្នុងទីផ្សារហ៊ុននេះ។
លោក ហង្ស ជួនណារ៉ុន រដ្ឋលេខាធិការនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងអគ្គលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានទទួលស្គាល់ថា «យើងនៅមិនទាន់ដឹងថាតើក្រុមហ៊ុនប៉ុន្មាន ដែលនឹងចូលរួមក្នុងទីផ្សារហ៊ុននេះទេ។ គេត្រូវធ្វើការបណ្តុះបណ្តាល រហូតទាល់តែក្រុមហ៊ុនធំៗ យល់ច្បាស់ពីដំណើរការទីផ្សារមូលបត្រនេះ»។
លោកហួត ពុំ បានបន្ថែមថា «បើយោងតាមការសិក្សារបស់យើង ក្រុមហ៊ុនជាច្រើនមានបំណងចូលរួមនៅក្នុងទីផ្សារភាគហ៊ុន ប៉ុន្តែ ចំនួនមិនទាន់ច្បាស់នៅឡើយទេ។ សហគ្រិនខ្លះនិយាយថាចង់ចូលក្នុងផ្សារភាគហ៊ុននេះ តែពេលឃើញលក្ខខណ្ឌតឹងរឹងពេក គាតដកចិត្តវិញ»។ គណៈកម្មការមូលបត្រកម្ពុជា មិនចង់អនុញ្ញាតក្រុមហ៊ុនច្រើនពេកទេ។ ជាជំហានដំបូង យើងចង់បានតែក្រុមហ៊ុនជាង១០ប៉ុណ្ណោះ ដើម្បីងាយស្រួលគ្រប់គ្រងមើលការខុសត្រូវអោយបានគ្រប់ជ្រុងជ្រោយ ហើយសាកល្បងមើលថាវាដើរទៅមុខបានល្អរឺអត់»។
តើក្រុមហ៊ុន ទាំងនោះ ជាក្រុមហ៊ុនក្នុងស្រុក រឺបរទេស? លោកហួត ពុំ ឆ្លើយតបថា «ទាំងពីរ!។ ក្រុមហ៊ុនក្នុងស្រុកភាគច្រើនជាធនាគារ និងក្រុមហ៊ុនធំៗ ដូចជាក្រុមហ៊ុនសូគីមិចជាដើម។ ចំណែកក្រុមហ៊ុនបរទេស ដូចជាក្រុមហ៊ុនកូរ៉េ ថៃ និងវៀតណាម បានទាក់ទងយើងរួចស្រេចហើយ»។
នៅ ពេលបញ្ចប់សន្និសីទ ស្តីពីការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង លោកស៊ុន ហ៊ីហុង នាយកប្រតិបត្តិក្រុមហ៊ុន Korean Exchange និងជាប្រតិបត្តិករជនជាតិកូរ៉េខាងត្បូង ទទួលបន្ទុកចូលរួមជាមួយរដ្ឋាភិបាល ក្នុងការបង្កើតទីផ្សារភាគហ៊ុនកម្ពុជា បានទទួលស្គាល់ថា «ការបញ្ចុះបញ្ចូលក្រុមហ៊ុននឹងមិនមែនជាកិច្ចការតូចតាចនោះទេ។ លោកបានគូសបញ្ជាក់ថា «ក្រុមហ៊ុនមួយចំនួននៅមានចិត្តរារែក ដោយសារមើលឃើញពីវិបត្តិហិរញ្ញវត្ថុពិភពលោក»។
ជនជាតិកូរ៉េ ខាងត្បូងរូបនេះបានណែនាំថា ដើម្បី បញ្ចុះបញ្ចូលក្រុមហ៊ុនទាំងនោះ រដ្ឋត្រូវបង្កើតហេដ្ឋារចនាសម្ព័ន្ធច្បាប់ដ៏រឹងមាំមួយ និងផ្តល់ជំនួយបច្ចេកទេស។ ត្រង់នេះ គឺជាសំណួរទាក់ទងនឹងទំនុកចិត្តលើស្ថាប័ន និងប្រព័ន្ធទាំងមូល។ លោកហង្ស ជួនណារ៉ុន បានលើកឡើងម្តងទៀតថា«ទន្ទឹមនឹងការអភិវឌ្ឍន៍ទីផ្សារមូលបត្រ គេក៏ត្រូវពង្រឹងវិស័យផ្សេងៗទៀតផងដែរ ដូចជាវិស័យធនាគារ ការធានារ៉ាបរង ដែលសព្វថ្ងៃនេះ ពឹងផ្អែកនៅលើតែទីផ្សារដ៏តូចមួយ និងមីក្រហិរញ្ញវត្ថុប៉ុណ្ណោះ»។
|
|
|