|
អធិប្បាយចុងក្រោយ
|
| ផ្លូវដ៏វែងឆ្ងាយឆ្ពោះទៅកាន់ការការពារផលិតផលខ្មែរ |
| ដោយ កូរីន កាឡឺបូ | | | ២៩-១០-២០០៨ | កំពត (កម្ពុជា) ថ្ងៃទី២៥ តុលា ២០០៨៖ លោក បុត្រ សំអឿន និងកំ ម៉េត ចាប់ផ្តើមដាំម្រេច នៅឆ្នាំ២០០០។ ពួកគេមានដើមម្រេចជិត៦០០ដើម
© ចន វីង / Magnum ម្រេចនិងទុរេនកំពត អង្ករបាត់ដំបង ស្ករកំពង់ស្ពឺ... កម្ពុជាមានផលិតផលកសិកម្មមានគុណភាពជាច្រើន។ ប៉ុន្តែ មានតែជនជាតិខ្មែរទេដែលបានប្រើប្រាស់ និងបានដឹងពីវត្តមានផលិតផលទាំងនោះ។ ភាពអយុត្តិធម៌នេះនឹងលែងមានទៀតហើយ ជាមួយនឹងការមកដល់នៃសុច្ចនាករណ៍ភូមិសាស្រ្តការពារ (IGP)។ សុច្ចនាករណ៍នេះគឺមានទិសដៅលើកស្ទួយផលិតផលល្អៗនៅក្នុងប្រទេស ។ ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្មកម្ពុជា ដោយសហការជាមួយទីភ្នាក់ងារបារាំងដើម្បីការអភិវឌ្ឍ បានបង្កើតរចនាសម្ព័ន្ធ និងក្របខ័ណ្ឌច្បាប់មួយ ដែលអនុញ្ញាតអោយមានផលិតផលដំបូងៗរបស់កម្ពុជាមានបិទស្លាក IGP ដាក់លក់ក្នុងទូទំនិញក្នុងផ្សារទំនើបនៅអឺរ៉ុប នៅឆ្នាំ២០១១ខាងមុខ។ ក្នុងអំឡុងពេលរង់ចាំ ផ្លូវត្រូវដើរនៅមានវែងឆ្ងាយ ហើយពោរពេញដោយឧបសគ្គ។ មោទនភាពរបស់ជនជាតិអឺរ៉ុប រាប់តាំង ពីម្ទេសមកពីអែស្ពើលែត(Espelette) ចៀមមកពីឡូហ្សែរ(Lozère) រហូតដល់អំពិលមកពីកកស៍(Corse) ផលិតផលដែលមានបញ្ជាក់ប្រភពដើម (IGP) ទាំងនេះត្រូវបានគេនិយមចូលចិត្ត និងស្គាល់គ្រប់គ្នា មិនថាតែនៅប្រទេសបារាំង អ៊ីតាលី ឬអេស្ប៉ាញទេ។ ការបិទ IGP នៅលើប្រអប់វេចខ្ចប់នេះគឺជាការធានាដល់អ្នកប្រើប្រាស់ពី ទីកន្លែងដែលមានឈ្មោះល្បីខាងផលិតផលិតផលនោះប្រកបដោយគុណភាព។ រីឯសម្រាប់ផលិតករវិញអាចការពារស្លាកសញ្ញាផលិតផលរបស់ខ្លួនពីការ លួចក្លែងបន្លំ ហើយអាចធ្វើអោយទំនិញរបស់ខ្លួនកាន់តែមានតម្លៃនិងទាក់ទាញអតិថិជន កាន់តែច្រើន ក្នុងនោះមានម្ចាស់ភោជនីយដ្ឋាន ដែលមានលទ្ធភាពទិញក្នុងតម្លៃខ្ពស់ដើម្បីធ្វើអោយមុខម្ហូបពួកគេ កាន់តែអស្ចារ្យ ឬក៏កន្លែងលក់បន្លែថ្លៃៗ។ ត្បិតនៅអឺរ៉ុប ជាពិសេសនៅភាគខាងត្បូង IGP មាននៅគ្រប់កន្លែងក្តី ប៉ុន្តែនៅអាស៊ីវាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ...
ដំណាំតាមតំបន់ ទោះ យ៉ាងណា គ្មានអ្វីសង្ស័យទេថា នៅកម្ពុជា IGP មានឱកាសនឹងទទួលបានជោគជ័យពិតណាស់។ លោកអ៊ែរវេ កូណាន់(Hervé Conan) អ្នកទទួលខុសត្រូវរបស់ទីភ្នាក់ងារបារាំងដើម្បីការអភិវឌ្ឍនៅកម្ពុជា បានលើកឡើងថា៖ «នៅទីនេះ ទស្សនៈ«ផលិតផលមួយសម្រាប់តំបន់មួយ»គឺបានចាក់ឫសក្នុងផ្នត់គំនិត ប្រជាជនរួចទៅហើយ។ ឧទាហរណ៍ ពេលយើងសួរទៅអ្នកលក់តាមផ្សារ តើទុរេនមកពីណាឆ្ងាញ់ជាងគេ? គេនឹងឆ្លើយថាមកពីកំពត»។ ដូចគ្នាដែរចំពោះអង្ករខេត្តបាត់ដំបង ក្រវ៉ាញពោធិសាត់ សូត្រភ្នំស្រុក ឬក៏ប្រហុកសៀមរាបជាដើម។ នៅមានផលិតផលមានគុណភាពជាច្រើនមុខទៀតដែលនឹងអាចទទួលបានស្លាកសញ្ញា IGP នៅថ្ងៃណាមួយ។
ប៉ុន្តែសព្វថ្ងៃ ផលដំណាំជាច្រើនត្រូវបានគេលក់នៅទីផ្សារ ប៉ុន្តែគ្មានមួយណាទទួលបានស្លាកសញ្ញាដូចការទន្ទឹងរង់ចាំនៅឡើ យទេ។ ទោះយ៉ាងណា ចាប់តាំងពីចាប់ផ្តើមដំបូងមកម្ល៉េះ គម្រោងនេះត្រូវបានទទួលស្វាគមន៍យ៉ាងពេញចិត្តពេញថ្លើមពីសំណាក់ រដ្ឋាភិបាលក៏ដូចជាអ្នកធ្វើការនៅក្នុងសាខាផ្សេងៗទៀតដែរ។ គម្រោងនេះកើតឡើងតាំងពីឆ្នាំ២០០៣។ ទីភ្នាក់ងារបារាំងដើម្បីការអភិវឌ្ឍបានចុះហត្ថលេខាលើអនុសញ្ញាមួយ ជាមួយក្រសួងពាណិជ្ជកម្មកម្ពុជាដើម្បីដាក់ដំណើរការ IGP នៅក្នុងក្របខ័ណ្ឌ«កម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្ម» ឬ PRCC។ វាជាមធ្យោបាយមួយដែលបារាំងមាន ដើម្បីជួយប្រទេសមានការរីកចម្រើនតិច (PMA) អោយបានចូលក្នុងអង្គការពាណិជ្ជកម្មពិភពលោក( OMC) ។ ហើយតាមរយៈវិធានការនេះដែរ ប្រទេសបារាំងសង្ឃឹមថានឹងអាចកំណត់បទដ្ឋាន made in អឺរ៉ុបនៅអាស៊ី ដែលអាចអោយខ្លួនរកបានទីផ្សារថ្មី និងម្យ៉ាងទៀតអាចដឹកនាំប្រទេសទាំងនេះអោយអនុវត្តច្បាប់តឹងរ៉ឹង ទាក់ទងនឹងកម្មសិទ្ធិបញ្ញា ជាពិសេសទាក់ទងនឹងការរត់ពន្ធ។ ទឹកប្រាក់ចំនួនមួយលានអឺរ៉ូត្រូវបានវិនិយោគដោយប្រទេសបារាំង ដើម្បីផ្សព្វផ្សាយ IGP នៅកម្ពុជា។
ផលិតផលពីរសម្រាប់សាកល្បងបើកផ្លូវ អង្គការ ក្រែត (ក្រុមស្រាវជ្រាវ និងផ្លាស់ប្តូរបច្ចេកវិជ្ជា) និងអង្គការសេដាក់ (មជ្ឈមណ្ឌលសិក្សា ដើម្បីការអភិវឌ្ឍកសិកម្មនៅកម្ពុជា) បានឈ្នះការដេញថ្លៃដើម្បីផ្តល់ជំនួយផ្នែកបច្ចេកទេសដែលចាំបាច់។ បន្ទាប់ពីការសិក្សាពីលទ្ធភាពធ្វើគម្រោងនេះ ដែលធ្វើឡើងនៅឆ្នាំ២០០៥ និង២០០៦ ដែលអនុញ្ញាតអោយគេកំណត់រកផលិតផលដែលអាចទទួលបានស្លាកសញ្ញា IGP ផលិតផលពីរត្រូវបានជ្រើសរើសដើម្បី«សាកល្បង» គឺស្ករត្នោតកំពង់ស្ពឺ និងម្រេចខេត្តកំពត។ អ្នកស្រីហ្សង់ ម៉ារីប្រាំង (Jean-Marie Brun) អ្នកជំនាញនៅអង្គការក្រែត ពន្យល់ថា៖ «សាខាទាំងពីររៀបចំបានល្អ។ ប៉ុន្តែការមានរចនាសម្ព័ន្ធរៀបចំត្រឹមត្រូវគឺជាលក្ខខណ្ឌ ចាំបាច់ដើម្បីដំឡើង IGP។ ដំបូង វាទាល់តែផលិតករមានឆន្ទៈ បន្ទាប់មកទៀតមានតែសមាគមអ្នកផលិត ឬយ៉ាងហោចអាជ្ញាធរមូលដ្ឋាន( ប៉ុន្តែវាកម្រណាស់) ទើបអាចស្នើសុំចុះឈ្មោះ IGP បាន។ IGP ក៏ក្លាយជាកម្មសិទ្ធិរបស់ក្រុមនេះជាអ្នកទទួលខុសត្រូវ»។
ផលិតករ កាន់តែមានឆន្ទៈទៅទៀត នៅពេលដឹងច្បាស់ពីផលចំណេញរបស់ស្លាកសញ្ញា IGP ។ លោកបុត្រ សាមឿន ផលិតករម្រេចខេត្តកំពត រៀបរាប់ថា៖ «ចាប់តាំងពីពួកយើងប្រមូលផ្តុំគ្នាបង្កើតជាសមាគម យើងលក់ដំណាំរបស់យើងបានថ្លៃ។ ពីមុន តម្លៃពី៤ពាន់ទៅ៥ពាន់រៀលក្នុងមួយគីឡូ(១ទៅ១,២៥ដុល្លារ)។ បច្ចុប្បន្ន វាមានតម្លៃរហូតដល់៥ដុល្លារព្រោះគុណភាពល្អជាងមុន»។
ជាមួយនឹង ការដាក់ស្លាកសញ្ញា IGP ផលិតករមិនត្រឹមតែអាចដំឡើងថ្លៃប៉ុណ្ណោះទេ ប៉ុន្តែក៏អាចរកអតិថិជនថ្មីៗនៅអឺរ៉ុបទៀតផង ព្រោះផលិតផលពួកគេត្រូវបានទទួលស្គាល់ដូចផលិតផលផ្សេងទៀតដូច IGP ដែរ។ ប៉ុន្តែផ្លូវនៅវែងឆ្ងាយទៀតទម្រាំអង្ករបាត់ដំបងបានទៅនៅក្បែរ អង្ករម៉ាក Uncle Ben របស់អាមេរិកនៅក្នុងទូដាក់ទំនិញក្នុងហាងទំនើបនាប្រទេសបារាំង។
នៅពេលយូរទៀតមុននឹងបាន IGP ដើម្បី អោយគម្រោងនៅកម្ពុជាសម្រេចទៅបាន រដ្ឋាភិបាលត្រូវអនុម័តច្បាប់មួយស្តីពីសុច្ចនាករណ៍ភូមិសាស្ត្រ។ ប៉ុន្តែរហូតដល់ឥឡូវ ច្បាប់នេះនៅតែមិនទាន់លេចចេញជារូបរាងនៅឡើយ។ ការបង្កើតសាខាសាកល្បងចំនួនពីរអាចផ្តល់រូបភាពជាក់លាក់ពីផល ប្រយោជន៍របស់ IGP នៅកម្ពុជា។ ម្យ៉ាងវិញទៀត ក្រសួងពាណិជ្ជកម្មកម្ពុជាបានបង្កើតរួចហើយនូវការិយាល័យសុច្ចនាករណ៍ ភូមិសាស្រ្តការពារនៅក្នុងនាយកដ្ឋានកម្មសិទ្ធិបញ្ញា ដែលមានមន្ត្រីរាជការកំពុងធ្វើការនៅទីនោះ ។ ចំណែកក្រសួងកសិកម្មវិញបានបញ្ជូនតំណាងពីរនាក់រួចហើយ។ ម្យ៉ាងទៀត គណៈកម្មការ IGP អន្តរក្រសួងត្រូវបានបង្កើតឡើង ដើម្បីធ្វើការសម្រេចផ្សេងៗ...។
អ្នកស្រីហ្សង់ម៉ារី ប្រាំង កត់សម្គាល់ថា៖ «យើងមានរចនាសម្ព័ន្ធ មានថវិកា និងឆន្ទៈរបស់ផលិតករ ប៉ុន្តែយើងរងគ្រោះដោយសារភាពយឺតយ៉ាវផ្នែករដ្ឋបាល»។ មុននឹងបញ្ជូនទៅរដ្ឋសភា សេចក្តីព្រាងច្បាប់ត្រូវឆ្លងទីស្តីការគណៈរដ្ឋមន្ត្រីនៅខែធ្នូ។ ដំណាក់ការនេះអាចស៊ីពេលអស់យូរ។ លោកអ៊ែរវេ កូណាន់ សោកស្តាយថា៖ «អ្នកមួយចំនួនមើលមិនឃើញពីអត្ថប្រយោជន៍របស់ IGP ទេ ហើយអ្នកផ្សេងទៀតផ្អៀងច្រើនទៅរក trademarks (សូមអានអត្ថបទបន្ថែម)។ តាមពិត វាជាគំនិតពីរផ្សេងគ្នា ហើយគំនិតទាំងពីរនេះអាចនឹងប្រទាំងប្រទើសគ្នានៅទីស្តីការគណៈ រដ្ឋមន្ត្រី និងអាចធ្វើអោយគម្រោងយឺតយ៉ាវ»។ ការយឺតយ៉ាវនេះអាចធ្វើអោយប៉ះពាល់ដល់ដំណើរការរបស់ IGP ។
ប្រយ័ត្នចោរ! អង្គការក្រែត និងទីភ្នាក់ងារបារាំងដើម្បីការអភិវឌ្ឍបានគុណគូរផ្អែកលើក្រប ខ័ណ្ឌច្បាប់អនុម័តនៅដំណាច់ឆ្នាំ២០០៩ ឬនៅឆ្នាំ២០១០។ ដូច្នេះលោកអ៊ែរវេ កូណាន់ បង្ហាញការអស់សង្ឃឹមថា៖ «ផលិតផលដំបូងៗដែលមានបិទស្លាកសញ្ញានេះគឺទាល់តែឆ្នាំ២០១១ទើប មាន! វាអាចនឹងធ្វើអោយមនុស្សជាច្រើនអស់ទឹកចិត្ត»។ គ្រោះថ្នាក់សំខាន់បំផុតនោះគឺត្រូវគេលួចម៉ាកផលិតផលរបស់ខ្លួន ដូចធ្លាប់កើតរួចមកហើយទៅលើករណី[អង្ករបាស្មាទី] (Basmati) ដែលចុះឈ្មោះដោយក្រុមហ៊ុនអាមេរិក ហើយធ្វើអោយផលិតករពិតប្រាកដគឺឥណ្ឌា និងប៉ាគីស្ថានមិនអាចគ្រប់គ្រងម៉ាកនេះ ដែលតាមពិតខ្លួនជាប្រទេសផលិតវាសោះ។
បច្ចុប្បន្ននេះទៀត ហាងឈ្មោះ Carrefour នៅប្រទេសបារាំង លក់«ម្រេចកំពត» ដែលគ្មានអ្វីបញ្ជាក់ថាវាមានប្រភពដើមមកពីខេត្តភាគខាងត្បូងនៃ ប្រទេសកម្ពុជានេះទេ។ «ហេតុដូច្នេះហើយ វាជារឿងបន្ទាន់ដែលត្រូវជំរុញអោយអនុវត្តច្បាប់នេះ។ វានឹងការពារដល់ផលិតករ ដែលអាចប្តឹងអ្នកលួចបន្លំម៉ាកផលិតផលខ្លួន ហើយអាចធានាពីគុណភាពផងដែរ។ សព្វថ្ងៃ ភាគច្រើននៃម្រេចដែលថាជាម្រេចខេត្តកំពត តាមពិតគឺនាំមកពីប្រទេសវៀតណាម ឬជាម្រេចខ្មែរលាយវៀតណាម។ ក្លិនរបស់វាមិនដូចម្រេចខេត្តកំពតទេ។ អ្នកប្រើប្រាស់អាចនឹងខកចិត្ត ហើយឈប់ទិញ...»។ ប្រយ័ត្នផងដែរចំពោះទូតាំងទំនិញខ្មែរ មិនថាតែនៅក្នុងផ្សារ ឬក្នុងហាងទេ : កម្រមានអ្នកណាលក់ម្រេចកំពតពិតប្រាកដណាស់។ គួរអោយសោកស្តាយ សព្វថ្ងៃគ្មានអ្វីអាចអោយអ្នកប្រើប្រាស់ផ្ទៀងផ្ទាត់ពីប្រភពដើម របស់វាបានឡើយ។
ដំណោះស្រាយ : ដាក់តម្កល់ម៉ាក ដើម្បីជៀស វាងការខកចិត្តពីសំណាក់អ្នកទិញ ម៉ាក«ម្រេចកំពត»នឹងត្រូវដាក់តម្កល់នៅប្រទេសបារាំង។ ប៉ុន្តែគេត្រូវរង់ចាំពីរបីឆ្នាំទៀត ដើម្បីអោយផលិតផលកម្ពុជាមានបិទស្លាកសញ្ញា IGP ដូចផលិតផលអឺរ៉ុប។ អ្នកជំនាញរបស់ទីភ្នាក់ងារបារាំងដើម្បីការអភិវឌ្ឍខាងលើ ពន្យល់ថា៖ «ពេលណាច្បាប់ចែងរួចរាល់ហើយ ឯកសារណែនាំនៅបារាំង យ៉ាងហោចណាស់ក៏ចំណាយពេល១ឆ្នាំដែរមុននឹងបញ្ចប់»។ លោកអ៊ែរវេ កូណាន់ បន្តថា នេះជាបញ្ហាដ៏រស៊ើបមួយ ព្រោះ«ចាប់ពីពេលនោះទៅ វាជារឿងជំនួញរកស៊ី(business) ។ ប៉ុន្តែ ប្រសិនបើយើងជាជនរងគ្រោះដោយសារអ្នកជំនាញខាងបោកបញ្ឆោតទាំងនេះ យើងអាចបង្ហាញពីបុរេភាពរបស់ម៉ាក ដោយមើលសុច្ចនាករណ៍ភូមិសាស្រ្ត»។
នេះជាសញ្ញាណមួយដែលបង្ហាញ ថាកម្ពុជាកំពុងមានការអភិវឌ្ឍ។ លោកម៉ៅ ថូរ៉ា រដ្ឋលេខាធិការនៅក្រសួងពាណិជ្ជកម្ម អះអាងថា៖ «ផលិតផលរបស់យើងអាចមានតម្លៃល្បីល្បាញ។ យើងអាចបញ្ចៀស និងត្រូវបញ្ចៀសការរត់ពន្ធ ហើយចុងក្រោយគេនឹងនិយាយពីកម្ពុជាតាមរបៀបមួយផ្សេងទៀត ថាជាប្រទេសដែលគេអាចរកបានផលិតផលប្រកបដោយគុណភាព»។ នៅលើវែបសាយ-ការឆ្ពោះទៅរកសុខដុមកម្មនៃជំនួយ ដើម្បីជួយ សម្រួលដល់វិស័យពាណិជ្ជកម្មកម្ពុជា (២០-១០-២០០៨) -ទឹកត្រីកំពតបានដណ្តើមទីផ្សារក្នុងស្រុកឡើងវិញ (១៥-០៧-២០០៨) -ការនាំចេញផលិតផលខ្មែរទៅបរទេសជួបការលំបាក (០៣-០៦-២០០៨) -សមាគមប្រទេសនាំចេញអង្ករ(Oper)៖ ហេតុអ្វីបានជា ប្រទេសកម្ពុជាមានបំណងចង់បង្កើតសមាគមនេះ? (១៣-០៥-២០០៨)
|
|
អត្ថបទបន្ថែម-ការឆ្ពោះទៅរកសុខដុមកម្មនៃជំនួយ ដើម្បីជួយ សម្រួលដល់វិស័យពាណិជ្ជកម្មកម្ពុជា (២០-១០-២០០៨) -ទឹកត្រីកំពតបានដណ្តើមទីផ្សារក្នុងស្រុកឡើងវិញ (១៥-០៧-២០០៨) -ការនាំចេញផលិតផលខ្មែរទៅបរទេសជួបការលំបាក (០៣-០៦-២០០៨) -សមាគមប្រទេសនាំចេញអង្ករ(Oper)៖ ហេតុអ្វីបានជា ប្រទេសកម្ពុជាមានបំណងចង់បង្កើតសមាគមនេះ? (១៣-០៥-២០០៨)
ចំណុចខុសគ្នារវាង trademark និង IGP « trademark គឺជានាមប័ណ្ណ ឯ IGP ជាលិខិតឆ្លងដែន»។ នេះគឺជាការប្រៀបធៀបដ៏ល្អបំផុតរបស់អ្នកស្រីហ្សង់ម៉ារី ប្រាំង សម្រាប់ពន្យល់ពីភាពខុសគ្នារវាង trademark និង IGP ។ ចំណុចរួមរបស់វាគឺអាចប្រើឈ្មោះផលិតផលមួយនៅពេលណាដែលគេយកឈ្មោះ នោះទៅដាក់តម្កល់រួចហើយ។ trademark មានការពេញនិយមនៅបណ្តាប្រទេសអង់ក្លូសាក់សុង គឺដាក់តម្កល់ដោយក្រុមហ៊ុនមួយដែលអាចគ្មានទំនាក់ទំនងអ្វីសោះនឹង ផលិតផលដែលខ្លួនដាក់ឈ្មោះនោះ។ ប៉ុន្តែនៅពេលគេយកឈ្មោះនោះទៅដាក់តម្កល់ហើយ ឈ្មោះមួយនោះជាកម្មសិទ្ធិរបស់គេ និងត្រូវបានការពារដោយច្បាប់។ ក្រុមហ៊ុនអាចប្តឹងអ្នកណាម្នាក់ដែលយកឈ្មោះម៉ាកផលិតផលរបស់ ខ្លួនទៅប្រើ។ IGP គឺដំណើរការខុសប្លែកពីនេះដាច់ស្រឡះ។ IGP មានច្រើននៅអឺរ៉ុបខាងត្បូង វាមានទិសដៅធ្វើអោយផលិតករ និងសាខាផ្សេងទៀតជាអ្នកមានសិទ្ធិលើផលិតផលដែលពួកគេគ្រប់គ្រង។ ពួកគេប្រមូលផ្តុំគ្នាជាសមាគម ជាក្រុមឬសហករណ៍ទទួលខុសត្រូវសុច្ចនាករណ៍ភូមិសាស្រ្ត។ លើសពីនេះទៀត បើតាមនិយមន័យ IGP ការពារតំបន់ភូមិសាស្រ្តច្បាស់លាស់មួយ។ ដូច្នេះប្រទេសផ្សេងមួយទៀតមិនអាចយកផលិតផលនោះមកធ្វើជារបស់ខ្លួន បានទេ។ ម្រេចខេត្តកំពត គឺជាជោគជ័យមួយរបស់កម្ពុជា លោក ហ្សេរ៉ូម បេណេហ្សិច (Jérôme Benezech) បានមកដល់ខេត្តកំពតនៅឆ្នាំ២០០៥។ នៅក្នុងផ្ទះសំណាក់មួយដែលលោកធ្វើការ លោកបានបង្កើតមិត្តភាពជាមួយប្រជាជនជាកសិករជាច្រើន។ អ្នកទាំងនោះតែងតែមកនិយាយទុក្ខសោកប្រាប់គាត់។ តាមរយៈនេះហើយដែលបុរសវ័យក្មេងមានដើមកំណើតនៅដកដូញ (Dordogne) ម្នាក់នេះ បានដឹងថា ដំណាំម្រេចកំពុងជួបវិបត្តិធ្វើអោយផលិតករបង្ខំចិត្តឈប់ដាំ។ ជាមួយមិត្តភក្តិជាច្រើនទៀត លោកហ្សេរ៉ូមក៏សម្រេចចិត្តជួយពួកគេ។ លោកមានប្រសាសន៍ថា៖ «ខ្ញុំឃើញថាកម្សត់ណាស់ដែលការផលិតម្រេចឈប់ត្រឹមនេះ នៅក្នុងតំបន់មួយដែលមានឈ្មោះល្បីខាងម្រេច។ វាមានតាំងពីមុនសម័យអាណាព្យាបាលបារាំងមកម្ល៉េះ បើទោះជាវារុងរឿងខ្លាំងនៅសម័យនោះក៏ដោយ»។ លោកចាប់ផ្តើមប្រមូលផ្តុំផលិតករមករួមគ្នានៅ«សមាគមកសិករម្រេច ខេត្តកំពត»។ ផលិតករ១៥០នាក់ ពោលគឺស្ទើរតែទាំងអស់ បានយល់ព្រមតាមការអញ្ជើញនេះ។ ដោយទទួលបានជោគជ័យបែបនេះ ជនបរទេសរូបនេះបានបង្កើតក្រុមហ៊ុនមួយនៅឆ្នាំ២០០៧ ឈ្មោះ Farmlink ។ ក្រុមហ៊ុននេះជួយគាំទ្រដល់ផលិតករម្រេចទាំងឡាយ តាមរយៈការផ្តល់លក្ខណៈបច្ចេកទេស ការបណ្តុះបណ្តាល និងជួយផ្សព្វផ្សាយ។ ក្រុមហ៊ុនក៏ទិញផលិតផលម្រេចមួយផ្នែកតូចដែរ ហើយវិនិយោគផលចំណេញជាបន្តទៀត។ ក្រុមហ៊ុនត្រូវធ្វើអោយម្រេចខេត្តកំពតមានគេស្គាល់នៅក្រៅប្រទេស ថែមទៀត។ «យើងមានអ្នកចែកចាយពីរនៅប្រទេសបារាំង និងមួយនៅអូស្ត្រាលី ប៉ុន្តែគឺមិនទាន់ចំណេញច្រើនទេ! វាពិបាកណាស់ក្នុងការធ្វើអោយផលិតផលយើងមានគេស្គាល់នៅអឺរ៉ុប ព្រោះយើងមានមធ្យោបាយតិចតួច។ អីចឹងហើយបានជាយើងរង់ចាំ IGP ដល់ម្លឹង...»។ ទោះមិនទាន់រុងរឿងក៏ដោយ អ្នកដាំម្រេចជាច្រើនកំពុងតែបង្កើនការដាំដុះរបស់ខ្លួនដែរ។ នេះជាសញ្ញាល្អមួយសម្រាប់ផលិតករទាំងនេះដែលមិនរង់ចាំទាល់តែ ច្បាប់ចេញទើបនាំគ្នាលើកតម្លៃម្រេចរបស់ខ្លួនឡើយ។
|