|
អធិប្បាយចុងក្រោយ
|
| ដំណើរបញ្ច្រាសទិស និងភាពស្រពិចស្រពិលនៃវិស័យអចលនទ្រព្យនៅកម្ពុជា |
| ដោយ រស់ ឌីណា | | | ០៣-១១-២០០៨ |
ភ្នំពេញ (កម្ពុជា) តំបន់អភិវឌ្ឍន៍អចលនទ្រព្យ នៅភាគខាងជើងរាជធានីភ្នំពេញ © ចន វីង / Magnum ភ្នាក់ ងារអចលនទ្រព្យ និងអ្នកទិញដីទុកលក់យកចំណេញបានចូលក្នុងយុគសម័យមួយមិនច្បាស់ លាស់ ហើយពួកគេនៅមិនទាន់ដឹងថាតើអាចឆ្លងផុតពេលវេលានេះដោយឥតខាត បង់ឬយ៉ាងណានោះទេ។ ពួកគេសង្ឃឹមលើការកើនឡើងនៃសេដ្ឋកិច្ចកម្ពុជានៅដំណាច់ឆ្នាំនេះ ហើយទីផ្សារអចលនទ្រព្យត្រឡប់ទៅរកភាពដើមឡើងវិញ។ ការបង្កើតរដ្ឋាភិបាលថ្មីនៅខែកញ្ញា គឺជាសញ្ញាបញ្ចប់នូវភាពសកម្មនានា ដែលត្រូវបានផ្អាកនៅក្នុងសម័យកាលនៃការបោះឆ្នោត។ ប៉ុន្តែបញ្ហាព្រំដែនជាមួយប្រទេសថៃដែលនាំអោយមានការដាក់ពង្រាយទ័ព យ៉ាងច្រើនពីភាគីទាំងពីរ បានធ្វើអោយវិនិយោគិនមួយចំនួនមានការភ័យខ្លាច រីឯការប៉ះទង្គិចនៃវិបត្តិហិរញ្ញវត្ថុពិភពលោកស្ទើរតែធ្វើអោយនៅ នឹងថ្កល់រាល់ប្រតិបត្តិការនានានៅលើទីផ្សារអចលនទ្រព្យដែលកាលពី ដើមឆ្នាំ នៅមានការរីកចម្រើនយ៉ាងខ្លាំងក្លានៅឡើយ។ ពីមនុស្សម្នាក់ទៅម្នាក់ ការទស្សន៍ទាយមានលក្ខណៈខុសៗគ្នា យោងទៅតាមភាពសុទិដ្ឋិនិយមរៀងៗខ្លួន។ ក្នុងរយៈពេល៦ខែ តម្លៃដីធ្លីនៅលើទីផ្សារបានធ្លាក់ចុះ។ លោកស៊ុង ប៊ុណ្ណា នាយកទីភ្នាក់ងារអចលនទ្រព្យ Bunna Realty Group ដែលជាទីភ្នាក់ងារធំជាងគេមួយនៅកម្ពុជា បានវាយតម្លៃថា វិស័យនេះមានការធ្លាក់ចុះចំនួន២០%ចាប់តាំងពីខែមិថុនាមក។ អ្នកកួកជេ និងជាប្រធានសមាគមវាយតម្លៃសម្បត្តិអចលនទ្រព្យជាតិនៅកម្ពុជាផង នោះ បានពន្យល់ថា៖ «ឧបសគ្គជាច្រើនបានលេចចេញកាលពីពេលថ្មីៗ មិនថាជាជម្លោះព្រំដែនខ្មែរ-ថៃ ឬវិបត្តិហិរញ្ញវត្ថុពិភពលោកទេ។ បន្តិចម្តងៗ បញ្ហាទាំងអស់នេះបានមានឥទ្ធិពលយ៉ាងជ្រៅលើទីផ្សារអចលនទ្រព្យ»។
អតិថិជនមិនមកប្រជ្រៀតគ្នានៅមាត់ទ្វារដូចមុន អ្នកសាងសង់ ផ្ទះល្វែងលក់បានបង្ហាញតួលេខមិនល្អឡើយ។ «ភូមិគ្រឹះសុភមង្គល» ដែលស្ថិតនៅជាយក្រុងភ្នំពេញ មានការធ្លាក់ចុះពី៣០ទៅ៤០%នៃការលក់ដីឡូត៍ និងផ្ទះល្វែងរបស់ខ្លួន។ លោកឌៀប ហុកសារុន នាយកផ្នែកលក់នៅភូមិគ្រឹះសុភមង្គលនេះ អធិប្បាយថា៖ «ឥឡូវ គឺស្ងាត់ឈឹង! មានអតិថិជនមកម្នាក់ពីរដែរ ប៉ុន្តែគ្រាន់តែមកសុំព័ត៌មានប៉ុណ្ណោះ។ យើងគិតថា ប្រសិនបើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតតំណាងរាស្រ្ត មុខជំនួញនឹងប្រព្រឹត្តទៅដូចធម្មតានៅពេលបង្កើតរដ្ឋាភិបាលថ្មី បាន។ គឺមិនបាននឹកស្មានដល់បញ្ហាព្រំដែនជាមួយថៃជាប្រទេសជិតខាង និងវិបត្តិហិរញ្ញវត្ថុពិភពលោកទេ!»។
លោកគង់ ប៊ុនហាវ នាយកផ្នែកសាងសង់នៅបុរីទួលសង្កែ ដែលមានអគារផ្ទះល្វែងនៅខាងលិចស្តាតចាស់ ក៏សង្កេតឃើញដូចគ្នានេះដែរ។ ចាប់តាំងពីមានការផ្ទុះអាវុធនៅព្រំដែនកាលពីថ្ងៃទី១៥ ខែតុលាកន្លងមកនេះ គ្មានលក់អីចេញទេ។ លោកកត់សម្គាល់យ៉ាងដូច្នេះ ដោយទឹកមុខព្រួយបារម្ភ។ «មួយខែមកនេះ យើងគ្មានអតិថិជនម្នាក់សោះ! តែណ្ហើយ ចន្លោះខែភ្លៀង និងបុណ្យអុំទូក វាក៏មិនមែនជារដូវល្អសម្រាប់លក់ផ្ទះដែរ។ ខ្ញុំសង្ឃឹមថា នាពេលខាងមុខ ស្ថានភាពនឹងល្អប្រសើរឡើង...»។
ការរង់ចាំដំណើរការល្អឡើងវិញ គ្រប់ គ្នាមិនភិតភ័យទេ ហើយជឿលើអនាគតដ៏រីករាយមួយនាពេលខាងមុខ។ ប៉ុន្តែលោកហង្ស ជួនណារ៉ុង អគ្គលេខាធិការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាអគ្គលេខាធិការនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បែរជាមានភាពទុទិដ្ឋិនិយមទៅវិញ។
លោកមានប្រសាសន៍ថា ស្ថានភាពបច្ចុប្បន្នតម្លៃអចលនទ្រព្យអាចកើនឡើងវិញក្នុងរវាង ពីរបីឆ្នាំខាងមុខ។ វាជារឿងសត្យានុម័ត។ លោកអគ្គលេខាពន្យល់ថា៖ «គ្រប់ទីកន្លែង ការដ្ឋានសំណង់រីកដូចផ្សិត ឥឡូវការរំជើបរំជួលនេះចប់ហើយ វាមានស្ថេរភាព។ គឺទាល់តែលំនៅដ្ឋានថ្មីៗទាំងនេះលក់ដាច់អស់ទើបទីផ្សារអាចកើន ឡើងម្តងទៀត»។ លោកលើកយកវិបត្តិអាស៊ីឆ្នាំ១៩៩៧មកអះអាងថា ទីផ្សារអចលនទ្រព្យនៅក្នុងតំបន់មិនអាចងើបឡើងវិញនៅមុនឆ្នាំ ២០០០ឡើយ។
វិបត្តិដែលគ្មានផលប៉ះពាល់ធ្ងន់ធ្ងរលើសេដ្ឋកិច្ច? ប៉ុន្តែ សេណារីយ៉ូនេះ លោកនាយកក្រុមហ៊ុន Bunna Realty Group និយាយផ្សេងទៅវិញ។ លោកអះអាងថា វិបត្តិហិរញ្ញវត្ថុនឹងឆ្លងផុតយ៉ាងលឿន។ លោកជឿជាក់ថា គ្រប់យ៉ាងនឹងចាប់ផ្តើមដូចដើមឡើងវិញនៅឆ្នាំ២០០៩ ព្រោះបើវិបត្តិនេះអូសបន្លាយ១ឆ្នាំទៀត ទីភ្នាក់ងារដូចជាលោកមិនអាចឈរជើងទៀតបានឡើយ។ លោកហង្ស ជួនណារ៉ុង បានកត់សម្គាល់ថា ទោះវិបត្តិអចលនទ្រព្យអូសបន្លាយ តែវាមិនប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាទេ។ លោកគូសបញ្ជាក់ថា អ្នកសាងសង់ផ្ទះល្វែងបានខ្ចីប្រាក់ពីធនាគារដោយមានអត្រាការប្រាក់ ទាប បើប្រៀបធៀបទៅនឹងអ្នកខ្ចីប្រាក់ធម្មតា។
វិស័យអចលនទ្រព្យ នៅពេលដែលរដ្ឋាភិបាលបង្កើតគម្រោងអភិវឌ្ឍន៍ សេដ្ឋវិទូ កង ចាន់តារារ័ត្ន នាយកវិទ្យាស្ថានសិក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា មិនជឿថា វិបត្តិហិរញ្ញវត្ថុពិភពលោក និងជម្លោះព្រំដែនជាមួយប្រទេសថៃជាប្រភពនៃវិបត្តិអចលនទ្រព្យនៅ កម្ពុជាបច្ចុប្បន្ននេះទេ។
លោកកង ចាន់តារារ័ត្ន លើកឡើងថា៖ «ស្ថានភាពនេះគឺទាក់ទងនឹងភាពសកម្មនៃគម្រោងអភិវឌ្ឍផ្តួចផ្តើមឡើង ដោយរដ្ឋាភិបាល។ ប្រសិនបើរដ្ឋាភិបាលបើកគម្រោងអភិវឌ្ឍធំមួយនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស ដោយមានទិសដៅច្បាស់លាស់ ខ្ញុំគិតថា វាអាចជំរុញដល់វិស័យអចលនទ្រព្យ»។
ដោយសារវិបត្តិនេះ តម្លៃដែកធ្លាក់ចុះ វិបត្តិ នេះបានបញ្ចប់ការហក់ឡើងនៃតម្លៃដែកប្រើប្រាស់ក្នុងការសាងសង់ ដែលចាប់ផ្តើមធ្លាក់ចុះយ៉ាងគំហុក។ បច្ចុប្បន្ន ដែកមួយតោនតម្លៃពី៦៣០ទៅ៦៥០ដុល្លារធៀបនឹង១ ១០០ទៅ១ ២០០ដុល្លារកាលពីដើមឆ្នាំ។ យោងតាមអ្នកទទួលខុសត្រូវម្នាក់ នៃក្រុមហ៊ុនលក់គ្រឿងសំណង់ប៉េង ហួត មានតែតម្លៃដែកទេដែលធ្លាក់ចុះចាប់តាំងពីដើមខែកញ្ញា តម្លៃសម្ភារៈផ្សេងទៀតមិនមានធ្លាក់ចុះទេ។
អ្នកទទួល ខុសត្រូវរូបនេះពន្យល់ថា៖ «មូលហេតុសំខាន់គឺ អ្នកសាងសង់ជាច្រើនបានផ្អាកគម្រោងសាងសង់របស់ខ្លួនដោយសារ គ្មានអតិថិជន។ ម្យ៉ាងទៀត រដូវភ្លៀង និងបុណ្យអុំទូក មិនសូវអំណោយផលដល់ការបើកការដ្ឋានសាងសង់ទេ»។ គាត់លម្អិតពីអតិថិជនថា៖ «ប្រសិនពួកគាត់ឃើញថាតម្លៃចុះថោក គាត់ទិញតែបន្តិចបន្តួច ខ្លាចវាកាន់តែចុះថ្លៃទៀតនៅថ្ងៃខាងមុខ។ តែនៅពេលវាថ្លៃ ពួកគាត់ប្រញាប់ប្រញាល់មកកុម្ម៉ង់ខ្លាចតម្លៃកាន់តែឡើងទៀតប្រសិន បើពួកគាត់ទិញបណ្តាក់តិចៗ»។ បុគ្គលិកក្រុមហ៊ុនលក់គ្រឿងសំណង់ធំ មួយទៀតនៅភ្នំពេញ គឺក្រុមហ៊ុនហុកឈីវ បានវាយតម្លៃថា ការធ្លាក់ចុះនៃចំនួនអតិថិជនគឺដោយសារគ្មានការសាងសង់ ដែលធ្វើអោយតម្លៃគ្រឿងសំណង់ធ្លាក់ចុះ។ ចំណែកដេប៉ូលក់គ្រឿងសំណង់ វែង ចេង បានបាត់បង់អតិថិជនជាង៦០% ចាប់តាំងពីមានវិបត្តិអចលនទ្រព្យមក។ លោកគី កូកូ តំណាងផ្នែកលក់នៃដេប៉ូនេះបានសន្និដ្ឋានថា៖ «សព្វថ្ងៃ មានតែអតិថិជនមួយចំនួនប៉ុណ្ណោះ ដែលមករកទិញគ្រឿងសំណង់ពីយើង ហើយពួកគេគ្រាន់តែចង់ធ្វើការជួសជុលគេហដ្ឋានរបស់ពួកគេប៉ុណ្ណោះ។ អ្នកសាងសង់ធំៗគ្មានទៀតទេ!»។
ការចង់បានប្រាក់ចំណេញដែលជំរុញ អោយប្រជាជនខ្មែរយ៉ាងច្រើនឆ្កួតវង្វេងទិញដីទុកយកចំណេញហាក់ដូច ជាដល់ដែនកំណត់ហើយនៅពេលនេះ។ មនុស្សជាច្រើនក្នុងចំណោមពួកគេបានចំណាយប្រាក់សន្សំរបស់ពួកគេទៅ លើការទិញដី ហើយត្រូវស្ទះប្រាក់នៅពេលរង់ចាំថ្ងៃល្អមកដល់។ ពួកគេគ្មានប្រាក់ដើម្បីយកទៅធ្វើជំនួញផ្សេងទៀតឡើយ។ លុយនៅកប់ទុក មិនបានចំណេញ...។
-ប្រទេសកម្ពុជាប្រកាសសង្គ្រាមជាមួយអ្នកវិនិយោគ ទុនធ្វើនំអត់ម្សៅ (០៣-១០-២០០៨) -ការធ្លាក់ចុះនៃវិស័យជំនួញអចលនទ្រព្យនៅកម្ពុជា (២៧-០៥-២០០៨) -ប្រាក់ចំណេញអតិបរមា អនាគតភ្លឺស្វាង (០៨-០៤-២០០៨) -ជំនួញដីធ្លីក្លាយជាកីឡាថ្នាក់ជាតិនៅកម្ពុជា (១) (០១-០៤-២០០៨)
|
|
|