កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ចៅក្រម​ឡាវែន៍​នៅ​សា​លា​ក្តី​ខ្មែរក្រហម : "វា​កម្រ​មាន​ណាស់​ដែល​ចៅ​ក្រម​ចូល​រួម​ស្ថាបនា​អ្វី​មួយ!"
ដោយ ស្ទេហ្វានី ហ្សេ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៧-១០-២០០៨

Image 

ភ្នំពេញ ថ្ងៃទី​២៣ តុលា ២០០៨៖ លោក​ហ្សង់ម៉ាក ឡាវែន៍ ចៅក្រមអង្គ​ជំនុំជម្រះ​សាលាដំបូង នៃ​សាលាក្តីខ្មែរក្រហម​
© ចន វីង​ / Magnum

លោក ​ហ្សង់ម៉ាក ឡាវែន៍​ មាន​រូប​រាង​ខ្ពស់​ជាង​មិត្ត​រួម​ការងាររបស់​លោក​ឯទៀត​នៅក្នុង​សាលាក្តី​ ​ខ្មែរ​ក្រហម​​ នៅ​ក្នុង​រូប​ថត​ជាក្រុម​ ដែល​ត្រូវ​បាន​ថត​ឡើង​កាល​ពី​​ថ្ងៃ​ទី​៥ ខែ​កញ្ញា​ ថ្ងៃ​ចុង​ក្រោយ​នៃ​កិច្ច​​ប្រជុំ​វិសាមញ្ញ​​លើក​ទី៤​របស់​មន្ត្រី​តុលាការ​ នៅ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​​(អ.វ.ត.ក)​​។ ចៅក្រម​ជន​ជាតិ​បារាំង​មាឌ​​​មាំ ​​ដែល​ធ្វើ​ជាចៅ​ក្រម​នៅ​​សាលាដំបូងនៃ​​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​​​រូបនេះ បាន​ចាក​ចេញ​ពី​ប្រទេស​របស់​លោក​ជាមួយ​ប្រពន្ធ​កូន​ មក​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១​ កក្កដា​។​ ប៉ុន្តែ​ លោក​បាន​មក​កម្ពុជាជា​លើក​ដំបូង ​​តាំង​ពី​ខែ​មិថុនា ២០០៦ គឺ​នៅ​ពេល​ធ្វើ​ពិធី​សម្បថ​​របស់​មន្ត្រីតុលាការ អ.វ.ត.ក​ និង​ការ​រៀប​ចំតាក់តែង​​វិធាន​ផ្ទៃក្នុង ​​ដែលត្រូវ​ចំណាយ​ពេល​វេលា​​​យ៉ាង​យូរ​។

 

ស្ថិត​ក្នុង​សម្លៀក​បំពាក់​អាវកឌុប​ម៉ាក​ Vichy ពណ៌ផ្ទៃមេឃ​សម្លុះ​ក្នុង​ខោ​ជើង​វែង​ពណ៌ស ក្រវ៉ាត់​ក​ស ​មើល​ទៅ​លោក​ហ្សង់ម៉ាក​ ឡាវែន៍​ ពិត​ជា​មនុស្ស​ម្នាក់​សុភាព​រាបសា​និង​ល្អ​ឥតខ្ចោះ ជាមួយ​នឹង​ពាក្យ​​​សម្តី​គួរ​សម​។ ​​លោក​បាន​ទទួលរាក់ទាក់​​យើង​នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​។ គ្រាន់តែ​ជួប​យើង​ភ្លាម​ លោក​ប្រកាស​ប្រាប់​ដោយ​​ទឹក​មុខ​រួស​រាយ​រួច​ស្រេច​​ថា លោក​មិន​ទម្លាប់​​នឹង​ការ​ធ្វើ​បទ​សម្ភាសន៍​ទេ ហើយ​​កាន់​តែ​មិន​ធ្លាប់​ទៅ​ទៀត​ពេល​គេ​សុំ​​ថតរូប ប៉ុន្តែ​លោក​យល់​ព្រម​អោយ​គេ​ថត​ទាំង​​​រាង​ឆ្គងៗ​។​

សៀវភៅស្តី​ពី​ ប្រទេស​កម្ពុជា ខ្មែរក្រហម និង​ស្តី​ពី​ប្រាសាទ​អង្គរវត្ត​ ត្រូវ​បាន​តម្រៀប​ដាក់​លើ​តុ​បន្ទប់​​ទទួល​ភ្ញៀវ​យ៉ាង​មាន​របៀប​រៀប​រយ​ ហើយ​ប្រតិទិន​របស់​ អ.វ.ត.ក ដាក់​នៅ​លើជ្រុង​ម្ខាង​នៃ​​តុ​វែង​​។

«បទ​ពិសោធន៍​តែ​មួយ​»
ទាក់ ​ទង​នឹង​ការ​​បាន​មុខ​តំណែង​​​នៅ​ អ.វ.ត.ក លោកបាន​សារភាព​ក្នុង​ទឹក​មុខ​សើច​ញឹម​ៗ​ថា លោក​មិន​​មាន​ភាព​ជឿ​ជាក់​ទេ​​នៅពេល​លោក​ដាក់​បេក្ខភាព​របស់​លោក​​។ ការ​តែង​តាំង​នេះ​​ត្រូវ​នឹង​ការ​ចង់​ស្វែង​យល់​​របស់​លោក​អំពី​ប្រទេស​​មួយ ​ដែល​លោក​ជាប់​ចិត្ត​ជាយូរ​មក​ហើយ រួម​ទាំង​ចំណង់​​ចំណូល​ចិត្ត​​របស់​លោក​តាំង​ពី​យូរ​មក​ហើយ​ទៅ​លើ​​ច្បាប់​ ព្រហ្ម​ទណ្ឌ​អន្តរជាតិ​ ដែល​ជា​«យុត្តិធម៌​មួយ​កំពុង​ស្ថាបនា​ឡើង​»។​ ចំណង់​ចំណូល​ចិត្ត​​នេះ​ហើយ​ដែល​នាំ​​អោយលោក​ធ្វើ​កម្ម​សិក្សា​​ជា​ច្រើន​នៅ ​តុលាការ​ព្រហ្មទណ្ឌ​សម្រាប់​អតីត​ប្រទេស​យូហ្គោស្លាវី ឬក៏​នៅ​តុលាការ​​ព្រហ្មទណ្ឌ​អន្តរជាតិ​ជាដើម​។ តើ​លោក​ភ័យ​ខ្លាច​ដែរ​ទេ​ចំពោះ​គំនិត​​​មក​ចូល​រួម​ក្នុង​តុលាការ​កូន​កាត់​ ដ៏ធំនេះរឹទេ​? លោក​បាន​ឆ្លើយ​យ៉ាង​សាមញ្ញថា លោក​មាន​អារម្មណ៍​ថា​កំពុង​តែពាក់​អាវ​មួយ​យ៉ាង​​ធ្ងន់​ និង​មាន​ទំនួល​ខុស​ត្រូវ​យ៉ាង​ធំ​មួយ​។

«ពីដំបូង​ ខ្ញុំ​​​ត្រូវ​បាន​ទាក់​ទាញ​ដោយ​គំនិត​នៃ​ការ​ចង់​បង្កើត​អ្វី​មួយ​។ វា​គឺ​ជា​រឿង​កម្រ​ណាស់​ដែល​ចៅ​ក្រម​​ចូល​រួម​ក្នុង​ការ​ស្ថាបនា​​អ្វីមួយ​ !»។ លោក​កត់​សម្គាល់​ថា​ វា​គឺ​ជា​បទ​ពិសោធន៍​កម្រ​​ ហើយ​ត្រូវ​តែមាន​បន្ត​ទៀត ជាពិសេស​ទាក់​ទង​នឹង​អនាគត​របស់​ប្រព័ន្ធ​ស៊ើប​អង្កេត​នៅ​ក្នុង​ប្រព័ន្ធ​​ តុលាការ​​​ព្រហ្មទណ្ឌ​អន្តរជាតិ។ កត្តា​ផ្សេង​ទៀតដែល​ធ្វើ​អោយ​លោក​មានឆន្ទៈដាក់​បេក្ខភាព​មក​កាន់​ អ.វ.ត.ក គឺ​ថា​ប្រទេស​បារាំង​និងប្រទេស​​កម្ពុជា​​មាន​ប្រព័ន្ធ​យុត្តិធម៌ស្រដៀង​​ គ្នា​។ ដូច្នេះ​ហើយ​​ទើប​លោក​គូស​បញ្ជាក់​ថា វា​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ ដែល​មាន​ចៅក្រម​បារាំង​បីរូប​ត្រូវ​គេ​តែង​​តាំង​អោយ​មក​ធ្វើការ​នៅ​ក្នុង​ តុលាការ​នេះ។

ស្វែង​យល់ពីតុលាការ​នៃ​ប្រព័ន្ធ​ច្បាប់​ Common law និង​តុលាការ​នៃ​ប្រព័ន្ធ​ច្បាប់​Civil law
លោក ​ចៅក្រមហ្សង់ម៉ាក ​ឡាវែន៍​ បាន​រៀប​រាប់​ពីប្រវត្តិ​ការងារ​របស់​លោកយ៉ាង​ខ្លី​ថា​ ​​លោក​ធ្លាប់​​ធ្វើ​​ជា​ចៅក្រមអនុវត្ត​ទោស​​នៅ​ទីក្រុង​អង់ហ្សេ​ (Angers) ចំនួន​១០ឆ្នាំ​ ជា​ទី​ប្រឹក្សា​​របស់​សាលាឧទ្ធរណ៍​នៅ​ទីក្រុង​រ៉ែន(Rennes) ​៤ឆ្នាំ ជា​អនុ​ប្រធា​ន​​​តុលាការ​ហ្ក្រង់​អាំង​ស្តង់(Grande Instance du Mans)​ ​នៅ​ទីក្រុង​ម៉ាន​៤ឆ្នាំ ហើយ​មុន​នឹង​មក​ប្រទេស​​កម្ពុជា លោក​គឺ​ជា​ទីប្រឹក្សា​សាលា​ឧទ្ធរណ៍​នៅទីក្រុង​អង់ហ្សេ​(Angers)​និង​ប្រធាន​ តុលាការ​ព្រហ្មទណ្ឌ​នៅ​​សាត​(Sarthe)។ បច្ចុប្បន្ន​ ជាមួយ​នឹងមុខ​ងារ​ថ្មី​​នៅ​កម្ពុជា សំណួរ​មួយ​ដែល​លោក​តែង​តែ​គិត​ជានិច្ច​នោះគឺ​«​តើ​គេ​យល់​ពី​ខ្ញុំ​ទេ​នៅ​ ក្នុង​ច្បាប់​អន្តរជាតិ ហើយ​​មិត្តរួមការងារ​មក​ពី​ប្រព័ន្ធ​​ច្បាប់ common law យល់​ពីខ្ញុំ​ដែរទេ​?

លោក​មាន​ប្រសាសន៍​ដោយ​ប្រយ័ត្ន​ ប្រយែង​ថា ការ​ពិភាក្សា​​នៅ​ក្នុង​តុលាការ​អាច​ជា​«រឿង​គួរ​អោយ​ចាប់​អារម្មណ៍​»ផង​​ និង​«រឿង​ចម្លែក​​»​ផង...។ លោក​មិន​លាក់​បាំង​ទេ​ពី​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​​សង្កេត​ឃើញថា ​មាន​ចំណុច​ជា​ច្រើន​​ដែល​មិត្ត​រួម​ការងារ​របស់​លោក​មក​ពី​ប្រព័ន្ធ​ច្បាប់ ​អង់គ្លេស​​​Common law ​មិន​មាន​ដូច​លោក ឧទាហរណ៍​ច្បាប់​រដ្ឋប្បវេណី(civile law)​​ជាដើម​។ ក្រៅ​ពីនេះ នៅ​មាន​ការ​យល់​ពីពាក្យ​មួយ​ប្លែក​ៗ​ពីគ្នា​​ទៅ​តាម​ស្មារតី​​ច្បាប់​ដែល​ ពួកគេ​អនុវត្ត​។

លោក​លើក​យក​ឧទាហរណ៍មួយ​ទៀត​មក​បង្ហាញ​តាម​ របៀបកំប្លែង​លេង។ ចៅក្រម​មក​ពី​ប្រព័ន្ធ​ច្បាប់​ Common law មានការ​ប្រយ័ត្ន​ប្រយែង​ខ្លាំង​ណាស់ ពួកគេ​​​មិន​ចង់​​ទៅ​​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​​នៅ​ទីក្រុង​ភ្នំពេញ​​ (អតីត​មន្ទីរ​ស២១​ ស្ថិត​ក្រោម​ការគ្រប់​គ្រង​របស់​ឌុចដែល​ជាជន​ម្នាក់​ត្រូវ​គេ​ចោទ​)ទេ​ ដោយ​ចាត់​ទុក​ថា​​វា​ជា​កន្លែង​កើត​ឧក្រិដ្ឋកម្ម​...។ ពួកគេ​បដិសេធ​ក្នុង​អាន​ឯកសារ​​ច្រើន​ជ្រុល​ពេក​អំពី​របប​ខ្មែរក្រហម​​ ដោយ​ខ្លាច​ថា​​វា​នឹង​អាច​​បាត់​បង់​ភាព​ឥត​លម្អៀង​​របស់ខ្លួន កាល​ណា​​​អាន​ច្រើន​ពេក​ពី​​អ្វី​ដែលគេ​សរសេរ​​អំពី​​សម័យ​កាល​ដ៏​ខ្មៅ​ងងឹត ​​នៃ​ប្រវត្តិសាស្រ្ត​​ខ្មែរ​នេះ។ «តើ​ចៅក្រម​មក​ពី​ប្រព័ន្ធ​ច្បាប់​ Common law អាច​ប្រើ​វិធី​ដែល​រៀបចំ​ឡើង​សម្រាប់​ច្បាប់​រដ្ឋប្បវេណី​​(civil law)​យ៉ាង​ដូច​ម្តេ​ចទៅ?»។ នេះ​ជា​បញ្ហា​ស្មុគស្មាញមួយ​​ដែល​ចោទ​ឡើង​។

ទឹក ​មុខ​របស់​លោក​ក៏ភ្លឺ​​​ថ្លា​ឡើងវិញ​។ «ការ​ប្រទាំង​ប្រទើស​គ្នា​រវាង​ប្រព័ន្ធ​ច្បាប់​ទាំង​ពីរ​នេះ​​គឺជា​ការ​បើក ​ច្រក​មួយ​ដែលអនុញ្ញាត​​​អោយ​គេ​ដាក់​អង្គហេតុ​​​​មួយ​ចំនួន​ទៅ​ក្នុង​បរិបទ ​​មួយ​មាន​លក្ខណៈ​ទូលំ​ទូលាយ​ជាង​​ ហើយ​អាច​កំណត់​ដឹងថា វាប្រហែល​ជា​មាន​នីតិវិធី​តាម​របៀប​ផ្សេង​ទៀត​។ យុត្តិធម៌​​មិន​មែន​ងាប់​ស្តូក​ដូច​គេ​គិត​នោះទេ!»។

បញ្ហា​ប្រឈម​សំខាន់ៗ
នៅពេល ​យើង​សុំ​អោយ​លោក​​បង្ហាញ​បញ្ហា​ប្រឈម​សំខាន់​ៗរបស់​តុលាការ​នេះ​ លោក​ក៏​លើក​ឡើង​ភ្លាម​ដោយ​ឥត​​ព្រាង​ទុក ​ពី​«បញ្ហា​​​ពេល​វេលា​​ដែលមិនអាច​ជៀស​ផុត​»។ លោក​បានរៀប​រាប់​ដោយ​មិន​គោរព​តាម​លំដាប់​លំដោយ​ថា វិនិច្ឆ័យ​ទោស​ឧក្រិដ្ឋ​ដែល​​បាន​កើត​ឡើង​តាំងពី​ជាង​៣០​ឆ្នាំ​​មុន​ វិនិច្ឆ័យ​ទោស​ជន​ត្រូវ​ចោទ ដែល​​​មាន​អាយុ​ច្រើន​​ហើយ​មាន​សុខភាព​ទន់​ខ្សោយ​ សាក្សី​​ក៏​អាយុ​​កាន់តែ​ច្រើន ហើយ​ជន​ជាតិ​ខ្មែរ​ជា​ច្រើន​ទន្ទឹង​រង់ចាំ​ចង់​ឃើញ​ដំណើរ​ការ​របស់​តុលាការ​ មួយ​​ប្រព្រឹ​ត្តទៅ​ដោយ​មាន​​ប្រសិទ្ធភាព​។ បន្ថែម​ពី​លើ​បញ្ហា​ទាំងនេះ​​ នៅ​មាន​«កង្វល់​ដែល​ថា​​គេ​ត្រូវ​ធ្វើ​យ៉ាងណា​​ប្រើ​​នីតិវិធីល្អ​​បំផុត​ ដើម្បី​កុំ​អោយ​មានការ​យឺត​យ៉ាវ​ធ្វើ​អោយ​មហាជន​ឆ្ងល់​ ប៉ុន្តែ​នីតិវិធី​នោះ​ក៏ត្រូវ​ចេញ​ពី​ច្បាប់​​​ដែល​គេ​​ត្រូវ​​តែ​អនុវត្តផង ​ដែរ»។

លោក​បន្ត​​ទៀតថា​ បញ្ហា​ប្រឈម​ទី​២​គឺ​«ការអោយ​គេយល់​»។ «​ជោគជ័យ​របស់​ អ.វ.ត.ក នឹង​អាស្រ័យ​​លើ​ទំនុក​ចិត្តរបស់​​ប្រជាជន​ខ្មែរ​»។ រីឯ​មិត្ត​​រួម​ការងារ​ជាជន​ជាតិ​ខ្មែរ​វិញ លោក​បង្ហើប​អោយ​​ដឹងថា ពួកគេ​សួរ​ខ្លួន​ឯង​​ពី​របៀប​​​ដែល​នឹង​ត្រូវ​រៀប​ចំ​ដឹកនាំ​សវនាការ​​ទំហំ​ ធំ​បែប​នេះ។ «ពួក​គេ​​ដឹងថា សវនាការ​​នេះ​នឹង​មាន​មនុ​ស្ស​ចាំ​មើល​​ច្រើន​ ប្រជាជន​ទន្ទឹង​រង់​ចាំ​ច្រើនណាស់​ពី​ពួក​គេ​​។ ពួកគេ​មាន​អារម្មណ៍​​ថាខ្លួន​ឯ​ង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់ ហើយ​មិន​ត្រូវ​អោយ​ប្រជាជន​ខក​បំណង​​នោះទេ»។ បន្ទាប់​មក លោក​បន្ថែម​ថា «ពួកគេ​ដឹងច្បាស់​ថា ពួកគេនឹង​ទទួល​បាន​ភាព​ជឿ​ជាក់​​​តាមរយៈ​តុលាការ​នេះ​»។

លោក​បន្ត​​ ទៀត​ដោយ​លើក​ឡើង​ពី​ទឡ្ហីករណ៍ទាក់​ទង​នឹង​​អំពើ​ពុក​រលួយ​​នៅ​ អ.វ.ត.ក ។ «ជា​ច្រើន​​លើក​ច្រើន​​សា​ យើង​បាន​និយាយ​ជ្រាំដែល​ៗ​ថា​​ យើង​យក​ចិត្ត​​ទុកដាក់​លើ​បញ្ហា​នេះ»។ លោក​រម្លឹកថា អ្នកស្រី​ចៅក្រម​​ស៊ីលវីយ៉ា​ ខាតរ៉ាយថ៍​ ជនជាតិ​ញូវហ្សេឡែន​​ ​ដែល​ជា​ចៅក្រម​នៅ​សាលា​​ដំបូង​ដែរនោះ ធ្លាប់​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​នៅ​ក្នុង​ពេល​បើក​​សម័យប្រជុំ​ ពេញអង្គ​​លើក​ទី​៤ ​​របស់​​បុគ្គលិក​តុលាការ​​កាលពី​ថ្ងៃ​ទី​១ កញ្ញា​។

លោក ​ឈប់​មួយ​ភ្លែតហាក់​កំពុង​សញ្ជឹង​គិត​។ «ខ្ញុំ​ជឿ​ជាក់​ថា បន្ទាប់​ពី​បទ​សម្ភាសន៍​​នេះ ខ្ញុំ​ប្រហែល​មាន​ចម្លើយ​​ផ្សេង​ទៀត​សម្រាប់​ជូន...»។

ចេញ​ពី​បញ្ហា​ ​​ប្រឈម​នានា​ យើង​និយាយទៅ​ដល់​​ឧបសគ្គ​ដែល​ត្រូវ​ជៀស​វាង​ដើម្បី​កុំ​អោយ​តុលាការ​នេះ​លង់ ​ទឹក​។ «ជា​ដំបូង​​ យើង​ត្រូវ​​ប្រមូល​ផ្តុំ​​គុណវិបត្តិ​របស់​ប្រព័ន្ធ​យុត្តិធម៌​ទាំងពីរ​។  [...]​ បន្ទាប់មកទៀត ករណី​លោក​មីឡូសេវិក [ស្លាប់​មុន​ពេល​សវនាការ​របស់​គាត់​ចាប់​ផ្តើម​] ត្រូវ​តែ​យក​ចិត្តទុកដាក់​ ហើយ​គ្រប់​គ្នា​ត្រូវ​គិត​ពី​បញ្ហា​នេះ​។ ត្បិត​ពេល​វេលា​ជា​បញ្ហា​ប្រឈម​ក៏​ពិត​មែន ប៉ុន្តែ​​វា​ក៏មិន​មែន​ជា​ហេតុផល​​ដែល​គេ​ចេះ​តែ​ធ្វើ​អី​ផ្តេស​ផ្តាស់​ដែរ​ »។ ជាចុងក្រោយ​ លោក​លើក​យក​ពី​បញ្ហា​បក​ប្រែ​ភាសា​។ បើ​តាម​រូប​លោក គេប៉ាន់​ស្មាន​​ខុ​ស​ពី​ទំហំ​ការងារ​​បង្ក​ឡើង​ដោយ​សារ​ការ​ប្រើ​ប្រាស់​ ភាសា​បី​ជា​ផ្លូវការ គឺ​ខ្មែរ​ អង់គ្លេស និង​បារាំង​។ លោក​គូស​បញ្ជាក់​ថា វា​ច្បាស់​ណាស់​​​ថា គេ​មិន​អាចបក​ប្រែទាំង​អស់​ទេ ដូច្នេះ​គឺ​ត្រូវ​ផ្តោត​លើ​អ្វីដែលជា​អាទិភាព។

សាលាក្តីខ្មែរក្រហមស្ថិតនៅលើ​ដំណើរ​ផ្លូវ​ដ៏ល្អ
ជា ​ការ​ឆ្លើយ​តប​នឹង​អ្នក​​ទស្សន៍ទាយ​ថា​សវនាការ​​កាត់​ទោស​អតីត​មេដឹកនាំ​ ខ្មែរក្រហម​នឹង​មិន​អាច​បើក​ធ្វើ​ឡើង​​នោះ លោក​សង្ឃឹមថា​​ពួកគេ​​នឹង​យល់​ខុស។​​ លោក​លើក​យក​ហេតុការណ៍​មួយ​ចំនួន​មកបញ្ជាក់​​។ «​សាលាក្តីនេះ​ជាតុលាការ​លក្ខណៈអន្តរជាតិលើ​កដំបូង​ ដែ​លជន​រងគ្រោះ​​មាន​សិទ្ធិ​ចូល​រួម​ជា​ភាគី​មួយ! វា​មិន​ងាយ​ស្រួល​ធ្វើ​ទៅ​កើត​ទេ ​សម្រាប់​ករណី​បទឧក្រិដ្ឋទ្រង់​ទ្រាយ​ធំ​ ហើយអ្នក​ពាក់​ព័ន្ធ​​មាន​ចំនួន​ច្រើន​ ។ ហេតុ​នេះ​ហើយ​បានជា​​ពួក​យើង​ដាក់​បញ្ចូល​លទ្ធ​ភាព​នៃ​ការ​ប្រមូល​ផ្តុំ​ដើម ​បណ្តឹង​រដ្ឋប្បវេណី។ ចូ​រ​អ្នក​សាកស្រមៃ​ពី​បុគ្គល​២ ០០០ នាក់​ដាក់​បណ្តឹង​រៀង​ៗ​ខ្លួន​​ទៅ​​មើល​? វា​មិន​អាច​​គ្រប់​គ្រង​បាន​ឡើយ​ ហើយ​វា​ប្រឆាំង​នឹង​ផលប្រយោជន៍​របស់​ជន​រងគ្រោះ​។ ម្យ៉ាង​វិញ​ទៀត វា​ច្បាស់​ណាស់​ថា ការ​ចង់​បាន​ការសង​ជំងឺ​​ចិត្ត​​មិនអា​ចសម​បំណង​​ទេ។ សំណង​នេះ​នឹង​ជា​លក្ខណៈ​បុគ្គល និង​លក្ខណៈសមូហភាព។ ត្រង់​ចំណុច​នេះក៏​ត្រូវ​បង្កើត​​ដែរ ប៉ុន្តែ​វា​មាន​កន្លែង​សម្រាប់​ការ​បង្កើត​ថ្មី​!»។

ជា​ចុង​ក្រោយ លោក​មាន​ប្រសាសន៍ខ្លាំងៗ​ថា «នៅ​ឆ្នាំ​២០០៦ មនុស្សតិច​ណាស់​គិតថា មនុស្ស​៥​នាក់​នឹង​ត្រូវ​ក្លាយ​ជា​ជន​ដែល​ត្រូវ​ចោទ​ ហើយ​អ្នក​ទាំង​៥​នាក់​នោះ​​មាន​ទំនួល​ខុស​ត្រូវ​​ខ្ពស់​[នៅ​ សម័យ​ខ្មែរក្រហម​]។ ពី​ថ្ងៃ​មួយ​ទៅ​មួយ​ថ្ងៃ​ វា​ពិបាក​នឹង​មើល​ឃើញ​​ពីការ​វិវត្ត​។ យើង​មាន​កង្វល់​ជា​ប្រចាំ​​ក្នុងការ​រៀប​ចំ​​សវនាការ​​អោយ​បាន​ល្អ ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​ក្រោយ​នេះ​»។ ក្នុងអំឡុង​ពេល​រង់​ចាំ​ សាលា​ដំបូង​របស់​លោក​ត្រូវ​ធ្វើ​ការ​វិភាគលើ​​ឯកសារ​ចំនួន​៨០ ០០០ ទំព័រ​ពាក់​ព័ន្ធ​នឹង​ឌុច ដែល​ជា​សំណុំ​រឿង១ ​ប្រកាស​បើក​សវនាការ​មុន​គេ​។


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ