កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
លោកហុក ឡងឌី អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​គ្រោះ​ថ្នាក់​ឧទ្ធម្ភាគចក្រ
ដោយ ដួង សុខា និង​ស្ទេហ្វានី ហ្សេ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១០-១១-២០០៨

ភ្នំពេញ (ប្រទេសកម្ពុជា​) ថ្ងៃទី​២៦ មិថុនា ២០០៨៖ លោក​ហុក ឡងឌី មេប៉ូលីសជាតិ ចុះពីឧទ្ធម្ភាគចក្រ​របស់លោក បន្ទាប់​ពីពិនិត្យ​​កន្លែងកើតហេតុធ្លាក់​យន្តហោះ ក្រុមហ៊ុន PMT Air នៅ​ខេត្ត​កំពត
© បណ្ណសារ ​ Stringer
 
លោក ​ហុក ឡង​ឌី អគ្គស្នងការ​នគរបាលជាតិ ដែលកាន់មុខ​តំណែង​នេះ​តាំង​ពី​​ឆ្នាំ​១៩៩៤​មក ហាក់បីដូចជា​គ្មាន​នរណា​ម្នាក់​អាច​ជំនួស​តំណែង​របស់គាត់​បាន​នោះ​ទេ។ ស្ថិត​នៅក្នុង​វ័យ​​៥៨ឆ្នាំ នាយ​ឧត្តម​​សេនីយ​ផ្កាយ​មាស​៤​រូប​នេះ បាន​​បាត់បង់ជីវិត​ នៅក្នុងគ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​មួយ កាលពី​យប់​ថ្ងៃ​អាទិត្យ ទី​៩ ខែវិច្ឆិកា ខណៈពេលលោក​​ធ្វើ​ដំណើរចេញ​​ពី​រាជធានី​ភ្នំពេញ ឆ្ពោះ​សំដៅ​ទៅ​កាន់​​ខេត្ត​ស្វាយរៀង​ ដែល​ជា​ស្រុក​កំណើត​របស់ លោក​ ស្ថិត​នៅ​​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​​កម្ពុជា​។ អ្នកធ្វើ​ដំណើរលើ​ឧទ្ធម្ភាចក្រ​ទាំង​បួន​នាក់ រួមមាន​លោកហុក ឡងឌី លោកសុខ សាអែម មេបញ្ជាការរង​កងទ័ព​នៃ​កង​យោធពល​ខេមរភូមិន្ទ​​ជើង​​គោក និង​អ្នក​បើកបរ​ពីរនាក់ សុទ្ធ​តែ​បានបាត់​បង់​ជីវិត​ទាំងអស់។ 

 

លោក​ខៀវ កាញារិទ្ធ អ្នក​នាំពាក្យ​របស់​រាជ​រដ្ឋាភិបាល បានអះអា​ង​នៅ​ថ្ងៃ​ច័ន្ទ ទី​១០​ ខែ​វិច្ឆិកា​​នេះថា លោក​មិន​បាន​ដឹងមូលហេតុ​នៃការ​ធ្វើដំណើរ​នេះ​ទេ។ គួរ​បញ្ជាក់ថា​ បន្ទាប់​ពី​លោក​​ហុក ឡង​ឌី ចូល​រួម​​ពិធី​បុណ្យឯករាជ្យ​ជាតិនៃ​ប្រទេស​កម្ពុជា​ គំរប់​ខួប​លើក​ទី​៥៥ ដែល​រៀប​ចំធ្វើឡើង​នៅទីក្រុង​ភ្នំពេញ លោកក៏​​បាន​ធ្វើ​ដំណើរ​ចេញពីភ្នំពេញ។ សាកសព​របស់លោក​ត្រូវ​បាន​បញ្ជូន​មកកាន់​គេហដ្ឋាន​​​របស់គាត់ នាទីក្រុង​ភ្នំពេញ។ នៅព្រឹក​ថ្ងៃ​ច័ន្ទ​ ​​នេះ លោក​សុខ ផល អគ្គ​ស្នងការរង​​នគរបាល​ជាតិ​ បាន​ធ្វើដំណើរ​មកកាន់​គេហដ្ឋាន​​របស់លោក​ហុក ឡង​ឌី នាទីក្រុង​ភ្នំពេញ ដើម្បី​ចូលរួម​មរណៈ​ទុក្ខ។ ។ លោក​បាន​បដិសេធ​មិនធ្វើ​អធិប្បាយ​​អ្វីទាំងអស់ជុំវិញ​បញ្ហានេះ។ លោក​បាន​បញ្ជាក់ថា​ការស៊ើប​អង្កេត​មួយ​កំពុង​​​​ធ្វើ​ឡើង។ លោក​បាន​បន្ថែមថា លោក ណែត សាវឿន នឹង​កាន់​មុខ​តំណែង​​​ជា​អគ្គស្នងការ​នគរបាល​ជាតិ​បណ្តោះអាសន្ន ដោយ​រង់ចាំ​អ្នក​បន្ត​វេន​ពី​លោក​​ហុក ឡង​ឌី​​។  ពិធីបុណ្យ​សព​របស់​លោក នឹង​ប្រព្រឹត្ត​ទៅ​ នៅខេត្តស្វាយ​រៀង ដែលជាកន្លែង​គាត់​បាន​បាត់​បង់ជីវិត​ ប៉ុន្តែ មិនទាន់​បញ្ជាក់​ថ្ងៃកំណត់​ច្បាស់លាស់​ទេ។
 
លោក​គឺជា​អ្នកទទួលខុស​ត្រូវម្នាក់ ដែល​តែងតែទទួល​រង​នូវការរិះគន់ពី​សំណាក់​សកម្មជន​សិទ្ធិ​មនុស្ស
 បន្ទាប់ពី ​ត្រូវ​បានតែងតាំង​ជា​អភិបាល​ខេត្ត​ស្វាយរៀង នៅឆ្នាំ​១៩៩៣ លោកហុក ឡង​ឌី ត្រូវ​បាន​តែងតាំង​ជា​អគ្គស្នង​ការ​នគរបាល​ជាតិនៃ​ក្រសួង​មហាផ្ទៃ នៅខែ​វិច្ឆិកា ឆ្នាំ​១៩៩៤។ ប៉ុន្តែ គាត់​​នៅតែ​សកម្ម​នៅក្នុង​ស្រុក​កំណើត​​របស់​គាត់​ដដែល ហើយនៅទីនោះ គាត់​បាន​បង្កើត​​សាកលវិទ្យាល័យ​ឯកជន​មួយ។ លោក​ហុក ឡង​ឌី​​គឺជា​មនុស្ស​សិទ្ធិ​នឹង​សម្តេច​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ព្រោះអ្នកទាំងពីរ គឺជាដន្លង​នឹងគ្នា ប៉ុន្តែ លោក​មិនមែនជា​មិត្ត​របស់​ក្រុមអ្នក​ការពារ​សិទ្ធិមនុស្ស​នោះទេ។ ទឡ្ហីករណ៍​ជាច្រើន​បាន​បញ្ជាក់ថា​លោក​ប្រហែល​​មាន​ការ​​ជាប់​ពាក់​ព័ន្ធ​នឹង ​អំពើជួញដូរមនុស្ស និងគ្រឿងញៀន រឺ​អំពើឃាតកម្ម​លើ​ឥស្សរជន​​ផ្នែក​នយោបាយ​ រឺ​សារព័ត៌មាន​។ ប៉ុន្តែ ទឡ្ហីករណ៍​ទាំងនេះ​មិនអាច​ធ្វើ​អោយ​តំណែង​​របស់គាត់​រង្គោះ​រង្គើ​ឡើយ​។ នៅក្នុង​បទ​សំភាស៍​ដ៏កំរ​ជាច្រើន​ ជាមួយ​អ្នក​សារព័ត៌មាន លោក​ចូល​ចិត្ត​និយាយ​ពាក្យ​​ដដែលថា លោក​គ្មានអ្វី​ដែលត្រូវ​បន្ទោស​នោះទេ លោកគ្រាន់តែទាមទារ​អោយ​​អ្នក​ចោទ​​ប្រកាន់លើរូបគាត់ បង្ហាញ​ភស្តុតាង​របស់ពួកគេ​។
 
ការចោទប្រកាន់របស់​លោក​ហេង ពៅ
យោងតាម ​ការ​លើកឡើង​របស់អតីត​ស្នង​ការ​នគរបាលក្រុង​ភ្នំពេញ ហេង ពៅ ប្រាប់​ដល់​សារព័ត៌មាន​ L’express នៅពេលគាត់​រត់ភៀស​ខ្លួន​នៅ​បរទេស​ ឃាតកម្ម​លើ​រូប​លោក​ជា វិជ្ជា មេដឹកនាំសហជីព តារាសំដែង ពិសិដ្ឋ ពិលិការ និង​ រដ្ឋមន្រ្តីហូ សុខ ត្រូវ​បាន​បញ្ជា​ដោយ​លោកហុក ឡង​ឌី។ នៅក្នុង​កិច្ច​ពិភាក្សា​​មួយ​ ដែលបង្ហាញ​ក្រោមចំណង​ជើងថា «ស្នាដៃជាន់​ទាប​​របស់ ហ៊ុន សែន» និង​ត្រូវបានផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​ប្រចាំ​សប្តាហ៍​​បារាំង នៅខែ​សីហា ឆ្នាំ​២០០៦ លោក​ហេង​ ពៅ ក៏បានចោទ​ប្រកាន់​មេប៉ូលីស​របស់​​គាត់ ថា​ជាប់ពាក់​ព័ន្ធ​នៅក្នុង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ កាលពីខែមីនា ឆ្នាំ​១៩៩៧ លើ​ក្រុម​បាតុកម្ម​មួយ ដែលដឹក​នាំដោយ​លោកសម រង្ស៊ី និង​បាន​បង្ក​អោយ​មាន​​អ្នកស្លាប់​ជាង​១០នាក់។ លោក​ហេង ពៅបាន​ចាត់ទុក លោកហុក ឡង​ឌី ជា«ជន​ប្រតិបត្តិ​បទ​ល្មើស​ខុសច្បាប់» ដែល​ប្រើប្រាស់ដោយ​សម្តេចហ៊ុន សែន។ លោកបាន​បន្ថែមទៀតថា ការ​សមគំនិត​របស់ពួកគេ​ទាំងពីរ ចាប់ផើ្តម​ឡើង​​នៅពេលពួកគេ​បានជួប​គ្នា កាល​ពី​ឆ្នាំ​១៩៧៩ នៅប្រទេស​វៀតណាម។​ បន្តិច​ក្រោយមក ដាន​របស់លោក​ហេង ពៅត្រូវ​បាន​គេស្វែងរក​ឃើញ។ គាត់​ត្រូវ​បាន​​គេ​ធ្វើបត្យាប័ន បញ្ជូន​មក​កាន់​ប្រទេស​កម្ពុជាវិញ ហើយ​ត្រូវបាន​ជាប់​ពន្ធនាគារ​ ពីបទ​ល្មើស​ជា​ច្រើន ដែលត្រូវ​បាន​​ជំនុំជម្រះទោសដោយ​តុលាការ​កម្ពុជា​។
 
លោកហុក ឡងឌី ត្រូវ​បាន​ FBI ផ្តល់មុខ​មាត់​ឡើងវិញ
នៅឆ្នាំ ​២០០៧ ការិយាល័យ​សហព័ន្ធ​ស៊ើប​អង្កេត​ (FBI ) បានអញ្ជើញ​លោក​ហុក ឡង​ឌី មក​ពិភាក្សា​​នៅទីក្រុង​វ៉ាស៊ីនតោន​ ស្តីពីកិច្ច​សហប្រតិបត្តិ​ការ​​របស់​ពួកគេ នៅក្នុងការ​ប្រយុទ្ធ​ប្រឆាំង​​​ភេរវករ។ ការអញ្ជើញ​នេះ​បាន​បង្កើត​ជា​ប្រតិកម្ម​​ពី​សំណាក់​សកម្ម​ជន​សិទ្ធិ​មនុស្ស​ ជា​ពិសេស​​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch)។ លោក​ Brad Adams ប្រធាន​អង្គ​ការ​ឃ្លាំ​មើ​​ល​សិទ្ធិ​​​មនុស្សប្រចាំអាស៊ី​ ​​ធ្លាប់​បាន​ប្រឆាំង​ថា «ការ​ជាប់សង្ស័យ​របស់​លោក​​​ហុក ឡងឌី នៅក្នុង​អំពើ​ហឹង្សា​​ផ្នែក​នយោបាយ និង​ឧក្រិដ្ឋ​កម្ម​ដែល​រៀប​ចំធ្វើ​ឡើង​នៅ​ប្រទេស​​កម្ពុជា គួរតែ​ត្រូវ​ជម្រុញ​អោយ​ FBIបើកការ​ស៊ើបអង្កេត​ លើ​រូបគាត់ គឺមិន​មែន​ស្វាគមន៍​​គាត់​នោះទេ»។ នេះគឺជាការ​ផ្លាស់​ប្តូរ​ចរិត​មួយ​របស់​សហរដ្ឋ​អាមេរិក ចំពោះមេប៉ូលីស​រូបនេះ​ ខណៈពេល​កាលពី​ឆ្នាំ​២០០៦ ក្រសួង​ការ​បរទេស​​អាមេរិក​ធ្លាប់​បាន​បដិសេធ​​ផ្តល់​ទិដ្ឋាការ​អោយ​គាត់ មក​កាន់​​សហរដ្ឋ​អាមេរិក​ ដោយហេតុផលថា «គាត់​ជាប់សង្ស័យ​នៅក្នុង​អំពើជួញដូរ​មនុស្ស»។ ប៉ុន្តែ មួយខែក្រោយមក FBI បាន​សង​ជំងឺចិត្ត​ដល់​លោក​ហុក ឡងឌី នូវមេដាយ​មួយ ដើម្បី​គាំ​ទ្រគាត់ នៅក្នុង​ការប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​អន្តរជាតិ។
 
សំណួរ​ពាក់ព័ន្ធនឹងការ​ស្លាប់
នៅវេលាម៉ោង ​នេះ សំណួរមួយ​ចំនួន​ត្រូវបានចោទសួរឡើង៖​ តើ​គ្រោះថ្នា​ក់​អាក្រក់​នេះ​​បណ្តាល​មកពី​អាកាសធាតុមិនល្អ រឺ ដោយសារការគិតក្បត់? សម្រាប់លោកជា​ មុនី ប្រធាន​សហជីព​សេរី​កម្ម​ករ​​នៃព្រះរាជាណាចក្រកម្ពុជា​ ការ​ស្លាប់​មេប៉ូលីស​រូបនេះ មានន័យថា​ចំនួន​ឃាតកម្ម​លើ​អ្នកនយោបាយ សិល្បករ និងអ្នកយកព័ត៌មាន​នៅកម្ពុជា នឹងថយ​ចុះ។ «ប៉ុន្តែ ខ្ញុំ​សោកស្តាយ​ថា គាត់​មិនត្រូវបាន​ជំនុំជម្រះ​ទោសនៅចំពោះមុខ​ច្បាប់​ […]។ នៅ​ពេលគាត់​កាន់​អំណាច គ្មាននរណាម្នាក់​ហ៊ា​ន​ប្រឆាំង​នឹងគាត់​ទេ។ សព្វ​ថ្ងៃនេះ ការបាត់​បង់​ជីវិត​​​​របស់គាត់​​បាន​លាក់កំបាំងនូវ​អ្នកសមគំនិត​ជាមួយគាត់​ »។
 
សកម្មជន​​សិទ្ធិ​មនុស្ស​ផ្សេងទៀត ដែល​ត្រូវបានសំភាសន៍ បាន​​​ប្រកាន់​គោល​ជំហរ​អព្យាក្រឹត្យ​​។ តាម​រយៈ​លោក​ច័ន្ទ សុវេត អ្នកស៊ើប​អង្កេត​​របស់​សមាគម​ការពារសិទ្ធ​មនុស្ស​អាដហុក បាន​ចូលរួម​សំដែង​មរណៈទុក្ខ​ចំពោះគ្រួសារ​សព នឹង​ត្រៀម​យក​កម្រងផ្កា​ទៅ​ដាក់​។ លោក​អ៊ូ វីវៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​សំណូមពររដ្ឋាភិបាល​កម្ពុជា អោយ​ដឹកនាំការ​ស៊ើប​អង្កេត​មួយ​ ដើម្បី​បំភ្លឺ​​រាល់​ពាក្យ​ចោទ​ប្រកាន់​របស់ហេង​ ពៅ លើ​រូប​លោក​ហុក ឡងឌី​ ព្រមទាំង​មូលហេតុនៃការ​ធ្លាក់ឧទ្ធម្ភាគចក្រ​របស់គាត់ កាលពី​ថ្ងៃអាទិត្យ ទី​៩ ខែ​វិច្ឆិកា​នេះ​។


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ