ភ្នំពេញ (កម្ពុជា) ថ្ងៃទី២៤ កញ្ញា ២០០៨៖ គេកំពុងត្រួតពិនិត្យអាវុធ នៅក្នុងពិធីបើកសម័យប្រជុំសភាលើកដំបូង
© ចន វីង / Magnum
ថវិកា ជាតិនៃប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០០៩ ដែលត្រូវអនុម័តកាលពីថ្ងៃទី១៧ តុលា កន្លងទៅនេះ ដោយទីស្តីការគណៈរដ្ឋមន្រ្តី មានចំនួនច្រើនជាងថវិកាឆ្នាំ២០០៨ ពោលគឺកើនឡើងចំនួន២៨%។ ថវិកានេះនឹងកើនឡើងដល់ជិត២ពាន់លានដុល្លារ។ គណបក្សប្រឆាំងបានសំដែងនូវការព្រួយបារម្ភរបស់ខ្លួនចំពោះអតិផរណាថវិកា នេះ ដែលអាចធ្វើអោយប្រជាពលរដ្ឋមានបន្ទុកកាន់តែធ្ងន់ធ្ងរឡើងៗ ក្នុងការបង់ពន្ធជូនរដ្ឋ។ រដ្ឋាភិបាលអះអាងថា ការតំឡើងថវិកានេះ គឺបានមកពីចំណូលរបស់រដ្ឋ។ ក្រសួងការពារជាតិស្ថិតនៅក្នុងចំណោមវិស័យមួយ ដែលត្រូវតំឡើង បន្ទាប់ពីកើតមានវិបត្តិព្រំដែនជាមួយប្រទេសថៃមក។ នៅពីរសប្តាហ៍ខាងមុខទៀត សេចក្តីព្រាងច្បាប់នេះនឹងត្រូវលើកយកមកពិភាក្សារវាងតំណាង រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល សហគមន៍អន្តរជាតិ រដ្ឋសភា និងព្រឹទ្ធសភា មុននឹងអនុម័តច្បាប់នេះ នៅចុងខែវិច្ឆិកា។
គណបក្សប្រឆាំង «សំដែងនូវការព្រួយបារម្ភ»លោកសុន ឆ័យ តំណាងរាស្រ្តដ៏សកម្មរបស់គណបក្សប្រឆាំងសម រង្ស៊ី បានចោទជាសំណួរ ទាក់ទងនឹងមូលហេតុនៃការបង្កើនថវិកាជាតិ និងផលប៉ះពាល់ចំពោះប្រជាជនដែលត្រូវប្រឈមមុខនឹងការបង់ពន្ធ។ អ្នកនាំពាក្យគណបក្សសម រង្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា «ប្រសិនជារដ្ឋសម្រេចចិត្តតំឡើងពន្ធប្រេងឥន្ធនៈ និងទំនិញចាំបាច់ កាន់តែច្រើនជាងមុន យើងនឹងប្រឆាំងយ៉ាងដាច់ណាត់ចំពោះនយោបាយដែលមិនអាចទទួលយកបាននេះ។ យោងតាមច្បាប់ធម្មនុញ្ញ តំណាងរាស្រ្តមិនអាចអនុម័តច្បាប់ ដែលព្យាយាមបន្ថែមបន្ទុកលើប្រជាពលរដ្ឋកម្ពុជានោះទេ»។
ប៉ុន្តែ លោកបានបន្តទៀតថា គណបក្សរបស់លោកគាំទ្រការតំឡើងថវិកា ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ សុខភាព និងការការពារជាតិ។ អតីតប្រធានគណៈកម្មការការបរទេសនិងព័ត៌មាននៃរដ្ឋសភារូបនេះបានប្រកាស ថា «ប៉ុន្តែ ពាក់ព័ន្ធនឹងកងទ័ព យើងស្នើរដ្ឋាភិបាលអោយពិនិត្យឡើងវិញពីការចំណាយកាលពីមុន ព្រោះយើងបានទទួលព័ត៌មានដ៏ភ្ញាក់ផ្អើល ទាក់ទិននឹងអំពើលួចបន្លំលុយ ជាពិសេសនៅក្នុងការទិញអាវុធ និងស្បៀងអាហារ ហើយប្រាក់បៀវត្សយោធាត្រូវបែងចែកមិនត្រឹមត្រូវ។ ខ្ញុំនឹងទាក់ទងលោកជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្មនៃរដ្ឋសភា ដើម្បីទទួលបានឯកសារចម្លងពង្រាងច្បាប់នេះ បន្ទាប់មក យើងនឹងផ្តល់យោបល់ដល់គាត់»។
លោកជាម យៀប សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានឆ្លើយការពារ អោយរដ្ឋាភិបាលរបស់លោក ដោយបានពន្យល់ថា ការតំឡើងថវិកាជាតិ គឺជា «រឿងធម្មតា» ដែលកើតមានគ្រប់ប្រទេសទាំងអស់។
តំណាងរាស្រ្ត មណ្ឌលព្រៃវែងរូបនេះ ក៏បានលើកអំណៈអំណាងពីគ្រឹះទាំងបួន នៃកំណើនសេដ្ឋកិច្ចនៅកម្ពុជា រួមមានវិស័យកាត់ដេរ ទេសចរណ៍ សំណង់និងកសិកម្ម។ លោកជាម យៀប បានរៀបរាប់លំអិតថា «ប្រាក់ចំណូលរបស់យើងបានមកពីពន្ធឧសហពាណិជ្ជកម្ម ហើយនឹងពន្ធដែលមិនចុះបញ្ជីនៅក្នុងច្បាប់ ដូចជាភាស៊ីផ្សារ ពន្ធពីក្រុមហ៊ុនភ្នាល់បាល់កាំបូសិក និងកាស៊ីណូ»។
ក្រៅពីនេះ លោកបានគូសបញ្ជាក់ថា «សភាអនុញ្ញាតអោយរដ្ឋាភិបាលខ្ចីលុយរហូតដល់២០០លាន SDR ពីប្រទេសជាសមាជិកមូលនិធិរូបិយវត្ថុអន្តរជាតិ ដើម្បីជួយធ្វើអោយថវិកាមានតុល្យភាព»។ ( SDR = Special Drawing Rights គឺជាឯកត្តារូបិយវត្ថុមួយ ដែលគេប្រើនៅធនាគារធំៗ សម្រាប់ជាជំនួយ ដូចជានៅធនាគារអភិវឌ្ឍន៍អាស៊ី មូលនិធិរូបិយវត្ថុអន្តរជាតិ ធនាគារពិភពលោក ជាដើម។ ១ SDR = ១,៤៩ដុល្លារ)។
ថវិកាជាង១៣៧លានដុល្លារ សម្រាប់វិស័យការពារជាតិលោក ជាម យៀប បានលើកឡើងពីទំនាក់ទំនង រវាងជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃ ចាប់តាំងពីថ្ងៃទី១៥ កក្កដា កន្លងទៅ និងអតិផរណាថវិការបស់ក្រសួងការពារជាតិ។ តួយ៉ាង ក្នុងរយៈពេលមួយឆ្នាំ ថវិកាសម្រាប់ក្រសួងការពារជាតិកើនឡើង៨៦% គឺជាង១៣៧លានដុល្លារ បើប្រៀបធៀបទៅនឹងឆ្នាំ២០០៨ ថវិកាមានចំនួនជាង៨១លានដុល្លារប៉ុណ្ណោះ។
ក្នុងរយៈពេល១០ឆ្នាំ នេះ ថវិការបស់ក្រសួងការពារជាតិបានថយចុះពីមួយឆ្នាំទៅមួយឆ្នាំ ខណៈពេលដែលគ្រឿងសព្វាវុធ និងគ្រាប់រំសេវ ត្រូវខូចខាត ក្រោមឥទ្ធិពលនៃពេលវេលា ហើយនាយទាហានមានអាយុកាន់តែចាស់។ លោកជាម យៀប បានអះអាងថា «យើងចាំបាច់អោយមន្រ្តីយោធាចាស់ៗចូលនិវត្តន៍ និងជ្រើសរើសយុវជនស្ម័គ្រចិត្តបម្រើកងទ័ព ព្រមទាំងជួសជុលឃ្លាំងស្តុកអាវុធរបស់យើង នៅខណៈពេលមួយ ដែលប្រទេសជាតិស្ថិតនៅក្នុងអសន្តិសុខ ដោយសារការចូលឈ្លានពានលើទឹកដីរបស់យើង ពីសំណាក់ទាហានថៃ»។ ដោយឡែក លោកបានបន្ថែមទៀតថា តាំងនាមលោកជាប្រធានគណៈកម្មការសភាទីពីរ លោកនឹងស្នើប្រធានរដ្ឋសភា និងតំណាងរាស្រ្ត អនុញ្ញាតអោយសម្តេចនាយករដ្ឋមន្រ្តី មានសិទ្ធិពង្រឹងកងកម្លាំងប្រដាប់អាវុធ ដើម្បីធ្វើអោយកងទ័ពមានវិន័យត្រឹមត្រូវល្អ។
ឧទាហរណ៍របស់យុទ្ធវិទូ ណាប៉ូឡេអុងជាបឋម ថវិកាបន្ថែមអោយទៅ
ក្រសួងការពារជាតិទាំង នេះ ប្រើទុកសម្រាប់បន្ថែមចំនួនកងទ័ព ទទួលបន្ទុកចំណាយគ្រួសារទាហាន និង កសាងបន្ទាយទាហានថ្មីបន្ថែម។ លោកជាម យៀប បានមានប្រសាសន៍លំអិតថា «យើងត្រូវបម្រុងថវិកាមួយទុកសម្រាប់បណ្តុះបណ្តាលទាហាន នូវបច្ចេកទេសប្រយុទ្ធ និងការប្រើប្រាស់អាវុធ ដូចជាសុភាសិតមួយឃ្លារបស់យុទ្ធវិទូ ណាប៉ូឡេអុង ពោលថា [«ដើម្បីអោយមានសន្តិភាព យើងត្រូវត្រៀមធ្វើសង្គ្រាម»]។ មិនមានន័យថាយើងត្រូវឈ្លានពានប្រទេសផ្សេង ដូចករណីរបស់ប្រទេសថៃនោះទេ ប៉ុន្តែ យើងត្រូវត្រៀមខ្លួននិងរៀបចំវិន័យកងទ័ពអោយមានរបៀបរៀបរយ។ ប្រសិនជាកងទ័ពរបស់យើងខ្លាំង គេនឹងមិនហ៊ានរំលោភបំពានយើងទេ។ ការងារនេះត្រូវធ្វើមួយជំហានម្តងៗ»។
ជាចុងក្រោយ លោកបានលើកឡើងថា នៅក្នុងករណីចាំបាច់ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន អាចស្នើសុំកៀរគរថវិកាបម្រុងរបស់រដ្ឋ ដើម្បីដោះស្រាយថវិកាកងទ័ព ដើម្បីការពារសនិ្តសុខជាតិ។ ក្នុងអំឡុងរយៈពេលនៃការរង់ចាំយថាហេតុណាមួយនឹងកើតឡើង គេអាចនឹងធ្វើកំណែទម្រង់កងទ័ព ដែលជាគំនិតផ្តួចផ្តើមតាំងពីអាណត្តិទីពីរមកម៉្លេះ ជាពិសេសការកាត់រំសាយកងទ័ព។
អតិផរណានៃសមាសភាពរដ្ឋាភិបាលជាទម្ងន់បន្ថែមមួយរឹ?រដ្ឋាភិបាល អាណត្តិទីបួននេះ (២០០៨-២០១៣) មានសមាជិកកើនឡើងច្រើនជាងអាណត្តិមុនៗ ពោលគឺមានចំនួនទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការជាង៤០០នាក់ បើប្រៀបធៀបទៅនឹងអាណត្តិមុន គឺមានចំនួនត្រឹមតែជាង៣០០នាក់ប៉ុណ្ណោះ (អនុរដ្ឋលេខាធិការ មិនត្រូវបានចាត់ទុកថាជា «សមាជិករដ្ឋាភិបាល» ជាផ្លូវការនោះទេ)។ លោកជាម យៀប បានបកស្រាយថា «សម្តេចហ៊ុន សែនបានត្រិះរិះពិចារណាជាច្រើនលើក មុននឹងសម្រេចចិត្តជ្រើសរើសមនុស្សមានសមត្ថភាព ដែលជួយសម្តេចអោយទទួលបានអាសនៈសភា ចំនួន៩០។ ទោះបីជាយ៉ាងណាក៏ដោយ ហេតុផលនៃការបង្កើនថវិកាជាតិ គឺមិនមែនដើម្បី ស្វែងរកអតិផរណាពីក្រុមការងាររដ្ឋាភិបាលនោះទេ»។ លោកបានបន្តទៀតថា «ការតំឡើងប្រាក់បំណាច់ ថ្លៃចំណាយបេសកកម្ម ព្រមទាំងប្រាក់រង្វាន់ផ្សេងៗ មិនមានចំនួនច្រើននោះទេ»។ លោកបានលើកឡើងសុភាសិតបារាំងមួយឃ្លា ពោលថា «រាល់ការងារទាំងអស់គួរតែទទួលបាននូវប្រាក់បៀវត្ស»។
វេទិកាពិភាក្សាមួយ មុននឹងការអនុម័តច្បាប់នៅចុងខែវិច្ឆិកា តាមរយៈ ពាក្យស្នើសុំមួយច្បាប់របស់អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយឈ្មោះ ថា វេទិកាស្តីពីកម្ពុជា ដែលបានផ្ញើជូនប្រធានរដ្ឋសភា វេទិកាមួយអាចនឹងរៀបចំធ្វើឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា នៅវិមានរដ្ឋសភា ដោយមានការចូលរួមពីតំណាងរដ្ឋាភិបាល ដែលក្នុងនោះមានលោកគាត ឈន់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ព្រមទាំងសង្គមស៊ីវិល សហគមន៍អន្តរជាតិ តំណាងរាស្រ្ត និងសមាជិកព្រឹទ្ធសភា ដើម្បីពិភាក្សាសេចក្តីព្រាងច្បាប់ថវិកា ឆ្នាំ២០០៩អោយបានហ្មត់ចត់។
លោក ងី សន នាយករងប្រតិបត្តិនៃវេទិកាស្តីពីកម្ពុជា បានពន្យល់ថា «ជាទូទៅ នៅបរទេស សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដើម្បីទទួលគំនិតខាងក្រៅ និងធានានូវការចូលរួមពីសំណាក់សង្គមស៊ីវិល ក៏ដូចជាវិស័យឯកជន។ ករណីនេះមិនធ្លាប់មាននៅប្រទេសកម្ពុជានោះទេ ប៉ុន្តែ ជាចុងក្រោយ យើងអាចធ្វើវាបាន។ យើងបានចាប់ផ្តើមវិភាគដោយយកចិត្តទុកដាក់នូវជំពូកនីមួយៗនៃ ច្បាប់ស្តីពីថវិកានេះ។ នៅពេលយើងបញ្ចប់ការវិភាគសិក្សា យើងនឹងផ្តល់អនុសាសន៍»។ លោកបានបដិសេធមិនធ្វើសេចក្តីអធិប្បាយ ជុំវិញការតំឡើងថវិកាជាតិនេះ។