កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
តើ​ការ​គ្រប់​គ្រង​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ​​រួម​គ្នា​រវាង​ខ្មែរ-ថៃ​គឺ​ជា​ដំណោះ​ស្រាយ​ដ៏ល្អរឺ?
ដោយ អារណូ ឌុយ​ប៊ុស​(​​អ្នកឆ្លើយ​ឆ្លង​ព័ត៌មាន​ប្រចាំ​តំបន់​នៃ​សារព័ត៌មាន​ Liberation​)​   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០៥-១១-២០០៨

ប្រាសាទ​ព្រះវិហារ (កម្ពុជា) ថ្ងៃទី​៩ មីនា ២០០៨៖ លោកនេន និមិត្តទៅសូត្រធម៌

© ចន វីង / Magnum

លោក ​សាស្រ្តាចារ្យ ព្យែរ៍ ភីឆាដ (Pierre Pichard) គឺជា​ស្ថាបត្យករ​មួយ​រូប និង​ជា​​សមាជិក​សាលាបារាំងចុងបូព៌ា (Efeo)​ ដែល​បានមកបំពេញ​ការងារ​នៅ​អាស៊ីអាគ្នេយ៍ និង​នៅ​ប្រទេស​​ឥណ្ឌា អស់​រយៈពេល​ជាច្រើន​ទសវត្ស​មក​ហើយ​។ ជាពិសេស លោកធ្លាប់បាន​ដឹកនាំ​ការ​ដ្ឋានជួស​ជុល​ប្រាសាទភីម៉ៃ និង​ភ្នំ​វ៉ាន់ ដែលសុទ្ធសឹង​ជា​អតីត​ប្រាសាទ​ខ្មែរ បច្ចុប្បន្ន​ ស្ថិតនៅលើ​ទឹកដី​ប្រទេស​ថៃ។ លោក​ក៏បានចូលរួម​​​បេសកកម្ម​របស់​ Efeo​ នៅ​ក្រុង​អង្គរ មុននឹង​ការ​បើក​ការិយាល័យ​ Efeo នាទីក្រុង​បាងកក នៅឆ្នាំ​១៩៩៧។ មុន​នឹង​ការ​ចាប់​ផ្តើម​​កិច្ច​ប្រជុំ​​ថ្មី ស្តីពី​ជម្លោះព្រំដែន​រវាង​ប្រទេស​ថៃ និង​ប្រទេសកម្ពុជា​​ ចាប់​ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែវិច្ឆិកាខាង​មុខ​នេះ នៅខេត្ត​សៀម​រាប។​ អ្នកជំនាញការ​ផ្នែក​ស្ថាបត្យ​កម្ម​ខ្មែរ​ ក៏ដូចជា​វប្បធម៌​ថៃ​រូប​នេះ​ បាន​ធ្វើការ​វិភាគរបស់ខ្លួន​​ ស្តីពី​សំណុំ​រឿង​​ដ៏រស៊ើប​នេះ​ ដោយមិន​បាន​​ភ្លេច​លើក​ឡើង​​ថា​​​​ព្រះវិហារ គឺ​ជា​​​រមណីដ្ឋាន​ដ៏​អស្ចារ្យ​​មួយ។

 

កាសែតៈ តើលោក​កំណត់អត្តសញ្ញាណ​ប្រាសាទ​ព្រះវិហារ​ ដែលស្ថិតនៅ​លើ​ព្រំ​ប្រទល់​​រវាង​ប្រទេសកម្ពុជា និង​ប្រទេស​ថៃ ដោយឈរ​លើគោលការណ៍​ប្រវត្តិ​សាស្រ្ត ស្ថាបត្យកម្ម និងវប្បធម៌ បាន​យ៉ាង​ដូចម្តេច?

ព្យែរ៍ ភីឆាដៈ អ្វីដែលគួរ​អោយ​ចាប់​អារម្មណ៍​បំផុតនោះ គឺ​ប្រាសាទ​នេះ​ពិត​ជា​រមណីយដ្ឋាន​ដ៏អស្ចារ្យ និងមានតែមួយ ក្នុង​ចំណោម​ប្រាសាទ​​​ទាំងអស់​របស់​ប្រទេសកម្ពុជាសម័យ​​បុរាណ​ ព្រោះ​ព្រះវិហារ​ស្ថិតនៅត្រង់ចំណុច​មួយ​ដ៏ខ្ពស់​បំផុត​ ស្ថិតនៅលើជួរ​ភ្នំ​ដង​រែក។ ម្យ៉ាង​​​វិញទៀត ប្រាសាទព្រះវិហារ​​បែរ​មុខ​ទៅទិស​ខាងជើង បង្ហាញអោយ​ឃើញ​ថា​ការ​កសាង​​សំណង់​ប្រាសាទ​ និង​បូជនីយដ្ឋាននានា​ ផ្សារភ្ជាប់​ទៅនឹង​សណ្ឋានដី និងតំបន់​​​​។ ចាប់​ពី​ភាគខាង​ជើងមក ពោលគឺ​ចាប់ពីប្រទេស​ថៃសព្វថ្ងៃនេះ ដែល​ពីសម័យកាល​នោះ​ ជា​ខេត្ត​មួយ​របស់អាណាចក្រ​ខ្មែរ​ គេ​ឃើញ​មានជំរាល​មិនសូវជាចោត​មួយ ដែលគេ​បានរៀប​ចំ​សាងសង់​បង្កាន់ដៃជណ្តើរ​ ទ្រូងផ្លូវ និង​ជណ្តើរ​ឡើង​ឆ្ពោះ​រហូតដល់​ប្រាសាទ និងរហូតដល់​កន្លែង​​ជាទីសក្ការៈ​ដ៏តូច​មួយ ដែលមិនសូវ​ជា​ធំប៉ុន្មាន តែស្ថិតនៅលើចំណុច​ខ្ពស់​បំផុត​មួយ ហើយ​​នៅ​ក្រោយ​ត្រង់​កន្លែង​នោះ មាន​ចំណោត​​មួយ​ដ៏ខ្ពស់​​ កំពស់​ប្រមាណជាង​២០០​ម៉ែត្រ​។ នៅផ្នែក​ខាង​ក្រោម​ចំណោត​​នោះ គឺ​ជា​ទឹកដី​វាលទំនាប​នៃ​ប្រទេសកម្ពុជា​។

ដូចនេះ មានន័យថា​ តំបន់​នេះ​គឺមានតែមួយ។ មិនត្រឹមតែប៉ុណ្ណោះ​ ការ​ប្រើបា្រស់​​ប្រាសាទ​នេះ​​ពិត​ជា​គួរអោយ​ចាប់​អារម្មណ៍​បំផុត​៖ គេ​ឃើញ​ថា​រាល់​គោបុរៈ​​ទាំងអស់​​ត្រូវ​បានកសាង​ឡើង​ដោយផ្អែក​ទៅតាម​តំបន់។ ឧទាហរណ៍ គោបុរៈ​ទាំង​អស់​ស្ថិតនៅលើ​ទី​​ខ្ពស់​ គឺ​នៅ​ជុំ​វិញ​​​ប្រាសាទ​​កណ្តាល ក្បែរ​មាត់​ចំណោត​។ ប្រាសាទ​ស្ថិតនៅដោយផ្ទាល់​លើ​ផ្ទាំង​ថ្មខ្ពស់​ ដែល​​ត្រូវ​ឆ្លាក់​ឡើង ដើម្បី​​បង្កើត​ជា​មូល​ដ្ឋានគ្រឹះ​ប្រាសាទ​ជាទីសក្ការៈ។ ប្រាសាទ​ព្រះវិហារ​គឺពិត​ជា​ផ្សារ​​ភ្ជាប់​​ទៅនឹង​ភ្នំ​នេះ​ប្រាកដ​មែន​ ហើយពិតជា​សំណង់ស្ថាបត្យកម្ម​ដ៏គួរ​អោយ​កោត​​​ស្ញប់​​ស្ញែង​ផង​ដែរ។​

ក្រៅពីនេះ ប្រាសាទ​នេះ​ផ្ទាល់​ក៏មាន​សំណង់ប្រាសាទ​ពិសេស​ជាច្រើន(គោបុរៈ)​ ដែល​គេមិន​ធ្លាប់​ឃើញ​​មាន​នៅក្នុង​ចំណោម​ប្រាសាទ​ខ្មែរ​ភាគ​ច្រើន​ ដូចជា​គោ​បុរៈ​​ដ៏ធំពីរ នៅ​ជុំ​វិញ​​បវិវេណ​រាង​ចតុកោណមួយ ដែល​គេ​ធ្លាប់​ហៅថា​ប្រាសាទ អស់រយៈពេលជាយូរ​មក​ហើយ ប៉ុន្តែ ប្រហែលមិនមែនជា​ប្រាសាទ​នោះទេ។ ដូចនេះ គេមិន​ស្គាល់​ពីការ​ប្រើប្រាស់​​ឈ្មោះ​​ពិត​ប្រាកដ​​នោះទេ។​ រាល់ការ​អភិវឌ្ឍន៍​បង្កាន់ដៃ​ជណ្តើរ​និង ជណ្តើរ​ឡើង​លើ​ប្រាសាទ​​ពិតជាគួរអោយ​ចាប់​អារម្មណ៍ណាស់​ និងអស្ចារ្យ​ក្រៃលែង។​ ដូចនេះ ព្រះវិហារ​ពិត​ជា​​​ប្រាសាទ​ដ៏សំខាន់​ ដែលមានតម្លៃមិនអាច​កាត់ថ្លៃបាន នៅក្នុង​សម័យ​អាណាចក្រ​ខ្មែរ​បុរាណ​​។ ប្រាសាទ​វត្ត​ភូ ដែល​បច្ចុប្បន្ន​ស្ថិតនៅ​ប្រទេស​ឡាវ ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​​ខ្លាំង​​​បំផុត៖ ប្រាសាទនេះមាន​ស្ថាបត្យកម្ម និងទីតាំង​ប្រហាក់​ប្រហែល​​ទៅនឹង​ប្រាសាទ​ព្រះវិហារ ព្រោះ​វត្តភូ​ត្រូវ​បានកសាង​ឡើង​នៅលើ​​​ជំរាល​​ភ្នំ គឺមិនមែននៅលើកំពូលភ្នំ និង​​នៅមាត់​​ចំណោត​ដូច​ប្រាសាទ​ព្រះវិហារ​នោះ​ទេ ប៉ុន្តែ ស្ថិតនៅលើជំរាលភ្នំ​ ក្បែរ​ទន្លេ​មេគង្គ ដូចនេះ ប្រាសាទវត្តភូ​ក៏ជា​សំណង់​ប្រាសាទ​ដ៏​អស្ចារ្យ​ផងដែរ។

ខ្ញុំគិត​ថា អ្វីដែលសំខាន់បំផុត គឺ​ តំបន់នេះ​ផ្ទាល់​តែម្តង។ ដោយឡែក គឺ​តំបន់​នេះ​​ហើយ ដែលធ្វើអោយ​មាន​ការ​ជជែក​វែកញែក​​នាពេលថ្មីៗ​នេះ រវាង​ប្រទេស​ទាំង​ពីរ ដោយ​ហេតុថា​ប្រាសាទ​​ស្ថិតនៅលើខ្សែបន្ទាត់​ព្រំដែន​។
តាម​​​ ប្រវត្តិសាស្រ្ត ព្រះវិហារ​គឺជា​ប្រាសាទ​ដ៏​សំខាន់មួយ ព្រោះ​វាត្រូវ​បានកសាង​ឡើង​​នៅ​​សម័យ​កាល​ដែល​ស្ថាបត្យកម្ម​និងសិល្បៈខ្មែរ​ រុងរឿង ជាពិសេស​ នៅ​ដើម​​ពាក់​កណ្តាល​សតវត្ស​ទី​១១។​

កាសែតៈ ការកសាង​ប្រាសាទ​នេះឡើង ត្រូវចំណាយពេលវេលា​យូរ​គួរ​សម អាច​រហូត​ដល់​ទៅ​២សតវត្ស តើពិត​ដែររឺទេ?
ព្យែរ៍ ភីឆាដៈ ពិតជា​ចំណាយពេលយូរ គឺចាប់ពី​សតវត្សទី​៩ ដល់សតវត្ស​ទី​១២ មានន័យ​ថា​នៅអំឡុងពេល​អាណាចក្រខ្មែរ​កំពុង​តែ​មានការរីកចម្រើននិងរុង​រឿង​ ជាខ្លាំង។ មាន​ការ​កែសម្រួល និង​បន្ថែម​ខ្លះៗ ប៉ុន្តែ ប្រាសាទ​ភាគ​ច្រើន​ដែល​គេ​​មើល​​ឃើញ​បច្ចុប្បន្ន​​ នៅ​ក្នុង​ស្ថានភាព​សព្វ​ថ្ងៃ​នេះ ត្រូវ​បាន​កសាង​ឡើងនៅដើមពាក់កណ្តាល​សតវត្សទី​១១ ដោយ​ព្រះបាទ​សូរ្យវរ្ម័ន​ទី​១ (១០០២-១០៤៩) ប្រហែល​ជា​ចន្លោះឆ្នាំ​១០០០ ដល់​ឆ្នាំ​១០៥០។​

កាសែតៈ តើ​លោកវាយតម្លៃ​រចនាបថ​បូជនីយដ្ឋានទាំងនេះយ៉ាង​ដូចម្តេចដែរ? តើវា​ជា​រចនាបថ​សម័យ​អង្គរ មុន​អង្គរ រឺរចនាបថ​ផ្ទាល់ខ្លួន?
ព្យែរ៍ ភីឆាដៈ គឺជា​​​ប្រាសាទមួយ​ដែលមាន​រចនាបថ​សម័យ​អង្គរ ប៉ុន្តែ មិនមែនជា​ប្រាសាទ​សម័យ​អង្គរ​ធម្មតា​ដូច​ប្រាសាទ​នានា​នោះទេ​ ព្រោះ​ប្រាសាទ​នេះ​ស្ថិត​នៅ​លើកំពូល​ភ្នំ​ ខណៈពេល​​ដែល​ប្រាសាទផ្សេងៗ​ នៅសម័យ​អង្គរ ​ត្រូវ​បាន​​កសាង​​ឡើ​ង​នៅលើ​វាលទំនាប​ ។ ប្រាសាទ​ទាំងនោះ​លាត​សន្ធឹងលើ​ផ្ទៃរាប និង​ប្រសព្វ​គ្នា​ នៅ​ចំណុច​កណ្តាល​ ដូច​ប្រាសាទ​អង្គរ​វត្ត​។ នៅទីនេះ គេ​ត្រូវ​​សម្រប​ទៅ​តាម​តំបន់ ​ជា​ហេតុ​ធ្វើ​អោយ​រមណីយ​ដ្ឋាន​នេះ​​មាន​ទិដ្ឋភាព​ដ៏វិសេសវិសាល​បំផុត។ ប៉ុន្តែ ស្ថាបត្យកម្ម​ប្រាសាទនេះ​​​គឺជារចនាបថ​​អង្គរ ជាមួយនឹង​គោបុរៈ​ដែល​គេ​មិនឃើញមាននៅកន្លែង​ដទៃ​ទៀត​។ ជាចុង​ក្រោយ ចម្លាក់​​នៅ​ស៊ុម​ទ្វារ​​​​ មេ​ប​ង្អួច និងគ្រប់​​ផ្នែកទាំងអស់​ ក៏គួរអោយ​ចាប់អារម្មណ៍​ផង​ដែរ​។ ចម្លាក់ជា​​រចនាបថ​​បុរាណ​នៃ​សម័យ​អង្គរ​ដ៏​រុង​រឿង​។

កាសែតៈ ប្រភព​ដើម​នៃ​ប្រាសាទ​នេះ គឺជាប្រាសាទ​បែបសិវៈ។ តើមានការលាយ​ឡំគ្នា​រវាង​ព្រះពុទ្ធ​សាសនា និង​ហិណ្ឌូសាសនា រឺមួយបែប​ហិណ្ឌូសាសនា​សុទ្ធ​សាធ?

ព្យែរ៍ ភីឆាដៈ បែបហិណ្ឌូសាសនា​សុទ្ធសាធ​។ រាល់រូបបដិមា​ទាំងអស់ នៅតាម​មេបង្អួច នៅតាម​ស៊ុមទ្វារ មានលក្ខណៈបែបហិណ្ឌូ។ នៅទីនោះ គេឃើញមាន​ព្រះវិស្ណុ និង​ព្រះសិវៈ​។ ​នេះគឺជា​បា្រសាទ​បែបហិណ្ឌូបុរាណ ហើយ​ខ្ញុំ​មិន​ជឿ​ជាក់​​ថា​​មានលាយព្រះពុទ្ធ​សាសនា​​នោះ​ទេ។

កាសែតៈ ជាទូទៅ​ ប្រជាជន​ថៃ​ដឹង​ថា​វប្បធម៌​មួយ​ផ្នែក​ធំ​របស់ខ្លួន មានប្រភព​កំណើត​​​ចេញ​មក​ពី​​អាណា​ចក្រ​ខ្មែរ ដែល​មាន​វប្បធម៌​យកលំនាំតាម​ប្រទេស​ឥណ្ឌា​ ប៉ុន្តែ នៅពេល​ជាមួយ​គ្នា​​នេះ គឺនៅ​សម័យ​ទំនើប ពួកគេ​បែរជា​សើច​ចំ​អក​អោយ​ប្រជាជនកម្ពុជា និង​ចង់​លុប​បំបាត់​ឥទ្ធិពល​​វប្បធម៌ខ្មែរ​នេះចោល។ តើ​លោកយល់យ៉ាង​ណា​ដែរ ចំពោះ​ចរិត​បែប​នេះ?
 
ព្យែរ៍ ភីឆាដៈ ករណីនេះ​មិនសូវជាខ្លាំងក្លា ដូចកាលពី​៣០ឆ្នាំ រឺ​៤០ឆ្នាំមុនទេ។ នៅសម័យ​កាល​​នោះ គេមិនចង់​និយាយ​ពី​រចនាបថ​ខ្មែរនៅប្រទេស​ថៃ ប៉ុន្តែ គេរម្លឹក​ពី «រចនាបថ​លុពបារី» ព្រោះ​មាន​ប្រាសាទរចនាបថ​​ខ្មែរ​ស្ថិតនៅក្នុង​ខេត្ត​ថៃឈ្មោះ​លុពបារី...។ ដូចនេះ វាក៏ប្រែក្លាយទៅជា «រចនាបថ​លុពបារី» ដើម្បី​ជៀស​​វាង​​និយាយ​ពី​ខ្មែរ។ សព្វ​ថ្ងៃនេះ មនុស្ស​ជាច្រើន​កាន់តែទទួលស្គាល់​រចនាបថ​​នេះ ព្រោះ​គេមិន​អាច​​​បង្ហាញ​ប្រាប់​អ្នកទេសចរ​ នូវ​​រាល់​​ប្រាសាទ​ដែល​ត្រូវ​​បាន​ជួស​ជុល​ឡើង​វិញ ដូចជា​ប្រាសាទ​ភីម៉ៃ ភ្នំវ៉ាន់ ដែល​សុទ្ធ​សឹង​ជា​ប្រាសាទ​​ធំពីរនៅលើទឹកដី​ថៃ​ ថា​ជា​​​ប្រាសាទ​ខ្មែរ​នោះទេ។

ប៉ុន្តែ ខ្ញុំ​គិត​ថា​ នេះគឺជា​រឿង​ជាតិ​និយម​របស់ភាគីទាំង​សង​ខាង​ មិនថា​កម្ពុជា រឺថៃនោះទេ។ ពិតជារឿងគួរ​អោយ​សោកស្តាយមែនទែន​ ជាពិសេស​សម្រាប់​ប្រាសាទ​ព្រះវិហារ​ […]។ ខ្ញុំ​យល់​ឃើញថា​ដំណោះស្រាយ​ដ៏ល្អ​ប្រសើរបំផុត សម្រាប់​រមណីយដ្ឋាន​ជា​ប្រវត្តិសាស្រ្ត​ដ៏​សំខាន់​នេះ គឺ​តំបន់ជុំវិញ​រមណីយដ្ឋាន​នេះ​គួរ​តែ​ដាក់អោយ​គ្រប់គ្រងរួមគ្នា​រវាង​ ប្រទេស​ថៃ​និង​ប្រទេស​កម្ពុជា  -ព្រំដែន​មិន​គួរ​ឆ្លងកាត់​រមណីយដ្ឋាននេះ​ -រមណីយដ្ឋាននេះគួរ​បែង​ចែកជាពីរ -ជនជាតិ​ថៃ​អាច​ចូលតំបន់នេះ​ ពីភាគខាងជើង និងធ្វើដំណើររហូតដល់​ប៉ុស្តិ៍​ប្រចាំ​​កា​រ​​កម្ពុជានៃភាគខាង​ត្បូង​​ -ប្រជាជន​ជាតិ​កម្ពុជានិងភ្ញៀវ​ទេសចរ​ដែល​ស្នាក់​នៅ​ប្រទេស​​កម្ពុជា អាច​ចូលមក​ទស្សនា​​​បាន​​ រហូតដល់​ប៉ុស្តិ៍ប្រចាំការ​ថៃ ដែល​ស្ថិត​នៅ​ភាគ​ខាង​​ជើង​​។  បើពិនិត្យ​មើលពី​​ចម្ងាយ ការ​រៀបចំគ្រប់គ្រង​តំបន់​ជា​លក្ខណៈទ្វេភាគី គឺជា​ដំណោះ​ស្រាយដ៏ល្អ​ប្រសើរ​ ដើម្បីអាចរៀប​ចំ​រមណីដ្ឋាន​បុរាណ​ និង​ប្រវត្តិសាស្រ្ត​នេះ​ទាំង​មូល​ អោយ​បានកាន់តែល្អ​ប្រសើរ គួរអោយ​ចាប់អារម្មណ៍បំផុត សម្រាប់ភ្ញៀវ​ទេសចរ។​

កាសែតៈ តើអង្គការយូណេស្កូ​នឹង​យល់ស្រប​ចំពោះដំណោះស្រាយ​នេះដែរ​រឺទេ?
ព្យែរ៍ ភីឆាដៈ ខ្ញុំសង្ឃឹមថា​អង្គការ​យូណេស្កូនឹង​យល់ស្រប

កាសែតៈ តើគេអាចនិយាយ​ពីសំណង់សិប្បនិម្មិតនៃវប្បធម៌​ថៃបាន​ដែររឺទេ? ព្រោះថៃ ត្រូវ​ការ​លុប​បំបាត់​ កាត់បន្ថយឥទ្ធិពល​ខ្មែរ​ តាមរយៈការ​យក​វប្បធម៌ខ្មែរ​មក​ធ្វើជា​របស់ខ្លួន រឺ​ថា​វប្បធម៌​​របស់​ខ្លួន​មាន​​ប្រភព​​មកពី​ឥណ្ឌា
ព្យែរ៍ ភីឆាដៈ ពិតជាបាន! វប្បធម៌​ថៃ​ពិតជាយកលំនាំតាម​វប្បធម៌​ខ្មែរ​ស្ទើរ​ទាំង​សុ្រង​ ដែល​ជា​វប្បធម៌​មាន​ប្រភពកំណើត​មកពី​ប្រទេស​ឥណ្ឌា​។​ ជាការពិត​ណាស់ មក​ទល់​សព្វ​ថ្ងៃ​នេះ គេ​ឃើញ​នៅមាន​ពិធីបុណ្យ​សាសនា និងជំនឿ​សម័យ​បុរាណខ្លះ ដូចជា​ពិធីបុណ្យ​សាសនា​ដ៏ល្បី​ឈ្មោះថា បុណ្យភី ដែល​មិន​មែន​​ខ្ចីពីប្រទេស​ឥណ្ឌា​ដោយផ្ទាល់នោះ​ទេ។ ប៉ុន្តែ ខ្ញុំ​នៅ​តែ​ជឿថា​​អ្នក​ប្រវត្តិ​សាស្រ្ត​ថៃ​ដែលធ្វើការ​ម៉ឺងម៉ាត់ កាន់តែ​យល់ស្រប​ចំពោះ​ការអះអាង​នេះ​បន្តិច​​​ម្តងៗ ហើយមាន​ទស្សនៈបែប​វិទ្យាសាស្រ្ត​ល្មមគ្រប់គ្រាន់​។​ គេ​ត្រូវ​ដឹងថា​តើគេ​ប្រាប់​សំណួរ​នេះ​​ដល់កុមារ នៅក្នុងសៀវភៅ​បឋមសិក្សា​យ៉ាង​ដូចម្តេច។ តើ​គេអាច​និយាយ​ប្រាប់​ក្មេងៗទាំងនោះ​បានយ៉ាងដូចម្តេច ចំពោះ​អាណាចក្រ​ខ្មែរ ដែល​មានផ្ទៃ​ដី​លាតសន្ធឹង​មួយ​ភាគ​ធំ​នៃ​ប្រទេស​​ថៃ​សព្វ​ថ្ងៃនេះ? តើបញ្ហា​គួរតែ​ត្រួវលុប​បំបាត់ចោលរឺ? នេះគឺជាសំណួរ​ថ្មីមួយ ដែលគេនឹងត្រូវ​សិក្សា​...

កាសែតៈ ប្រទេស​បារាំង​ដើរតួនាទីផ្នែកនយោបាយ​ដ៏សំខាន់ នៅក្នុង​តំបន់នេះ កាលពី​ទសវត្ស​​​កន្លង​ទៅ​ ហើយ​ជនជាតិ​ថៃ​ខ្លះ​គិតថា បញ្ហា​ប្រាសាទព្រះវិហារ​គឺជា​កេរតំណែង​បន្សល់​​ទុក​ពីអាណានិគម​ បារាំងលើប្រទេស​កម្ពុជា​។ តើលោក​គិត​ថា​ប្រទេស​បារាំង​ដើរ​តួនាទី​អ្វី កាលពីអតីតកាល? ប្រទេស​បារាំង​ ត្រូវបាន​គេមើលឃើញថា​មានទំនាក់​ល្អ​ជាមួយ​ប្រទេស​​ថៃ និងជា​អតីតអាណាព្យាបាល​ដ៏មានឥទ្ធិពល​របស់ប្រទេសកម្ពុជា​ តើ​ប្រទេស​នេះ​មិន​អាច​ដើរតួនាទីជា​អ្នកសម្រប​សម្រួល​នៅក្នុងជម្លោះ​នេះបាន​ ដោយសារ​​ទីស្នាក់ការ​នៃ​អង្គការ​​យូណេស្កូ​ស្ថិតនៅទីក្រុង​ប៉ារីសរឺ?
ព្យែរ៍ ភីឆាដៈ ដោយសារ​តែ​វត្តមាន​អាណានិគម​បារាំងលើ​ទឹកដី​កម្ពុជា ខ្ញុំ​មិនជឿ​ជាក់​ថា​ប្រទេស​បារាំង​នឹង​ប្រកាន់គោលជំហរ​បានត្រឹមត្រូវ​ នោះទេ។ ជាការ​ពិត​ណាស់ តាមគំនិត​ផ្ទាល់​ខ្លួន អ្នកជំនាញការ​បារាំង បានមកជួយ​ជន​ជាតិ​​កម្ពុជា​ជា​ពិសេស​។​ ខ្ញុំជឿថា​ នៅពេល​ប្រទេស​កម្ពុជា​រៀប​ចំ​សំណុំឯកសារ​ចុះ​បញ្ជី​ប្រាសាទ​​ព្រះវិហារ ជាបេតិកភណ្ឌ​ពិភពលោក ប្រទេស​បារាំង​ជួយ​ប្រទេស​កម្ពុជា​​​ច្រើន​ជាង​​ជួយ​ថៃ ​។​ នេះគឺជា​ការពន្យារ​ពេលមួយនៃកិច្ច​សហប្រតិបត្តិការ​វប្បធម៌​​រវាង​ប្រទេ​ សកម្ពុជា​និង​ប្រទេស​បារាំង។ ឧទាហរណ៍​ជាក់ស្តែង បារាំង​កំពុង​​ជួយ​ជួសជុល​អង្គរធំ...

ទោះជាយ៉ាងណា ខ្ញុំ​នៅតែគិត​ថា​សម្រាប់​ប្រជាជនថៃ ប្រទេស​បារាំង​ត្រូវ​បាន​កំណត់ដោយ​អតីត​កាល​នៃ​អាណានិគម​របស់ខ្លួន​ ខ្លាំងពេក ហើយពួកគេ​វាយ​តម្លៃ​​ថា​ប្រទេស​បារាំង​ប្រកាន់​​បក្ស​ពួក​  ហើយនឹង​គាំទ្រ​ប្រទេសកម្ពុជា​។ ម្យ៉ាង​វិញ​ទៀត ខ្ញុំជឿថា​ថៃ​ចោទ​ប្រកាន់​ប្រទេស​​បារាំង ថាជាអ្នក​មានឥទ្ធិពល​ទៅលើ​សាល​ក្រម​របស់​តុលាការ​អន្តរជាតិក្រុង​ឡាអេ ដែល​បានកំណត់​ប្រាសាទ​ព្រះវិហារ​​ជា​កម្មសិទ្ធិស្របច្បាប់របស់​ ប្រទេសកម្ពុជា​ កាលពីថ្ងៃទី​១៥ មិថុនា ឆ្នាំ​១៩៦២។ ដូចនេះ ខ្ញុំគិត​ថា​ប្រទេស​បារាំង​ប្រហែល​ជា​មិនអាច​ដើរ​តួនាទី​ជា​អាជ្ញា​កណ្តាល​ ដើម្បីដោះស្រាយ​បញ្ហានេះ​ រវាង​ប្រទេស​ថៃ​និង​ប្រទេសកម្ពុជាបាន​​នោះ​ទេ ព្រោះ​ជន​ជាតិ​​ថៃ​នឹង​មិនមានទំនុកចិត្ត ។ អង្គការ​យូណេស្កូ​អាច​ជា​អ្នក​ទីបី ដែលមាន​អព្យាក្រឹត្យភាព​ ដើម្បី​ដោះស្រាយ​បញ្ហានេះ។


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ