កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
កម្ពុជា​អំពាវ​នាវ​អោយ​មាន​សហប្រតិបត្តិការ​មួយ​រវាង​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍន៍​តិច​តួច ​ដើម្បី​ប្រឈម​មុខ​នឹង​វិបត្តិ
ដោយ រស់ ឌីណា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៩-១១-២០០៨

ក្រុងកែប (ប្រទេស​កម្ពុជា)​ ថ្ងៃទី​១ វិច្ឆិកា ២០០៨៖សម្តេច​ហ៊ុន សែន​បាន​សំដែង​នូវការព្រួយ​បារម្ភ​ថា​វិបត្តិ​សេដ្ឋកិច្ច​​នៃ​ប្រទេស​ អភិវឌ្ឍន៍​នឹងជះឥទ្ធិពល​មក​លើ​ប្រទេសក្រីក្រ
© ចន វីង/ Magnum

នា ​​ឱកាស​ប្រកាស​បើក​សន្និសីទ​​ប្រចាំ​ឆ្នាំ​ថ្នាក់រដ្ឋមន្រ្តី​នៃ​បណ្តា​ ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍន៍​​​​​តិច​​តួច​ ដែលរៀប​ចំឡើង​ដោយ​​កម្មវិធី​អភិវឌ្ឍន៍​ឧស្សាហកម្មនៃ​អង្គការ​សហ​ប្រជា​ជាតិ​ ( UNIDO​)​ និង​អង្គការ​ពាណិជ្ជកម្មពិភពលោក​ (WTO) នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ពុធ ទី​១៩ និង​ថ្ងៃ​ព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា​នេះ សម្តេច​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​បាន​មាន​ប្រសាសន៍​​​​ថា ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍន៍​តិច​តួច​ ត្រូវ​តែ​មាន​គោល​ជំហរ​​ដូចគ្នា នៅក្នុង​កិច្ច​​ប្រជុំ​ពិភាក្សា​ ស្តី​ពី​ពាណិ​ជ្ជកម្ម​អន្តរជាតិ។ សម្តេច​បាន​បរិហារ​​​អំពី​​របាំង​ពាណិជ្ជកម្ម​នៃ​​ប្រទេស​​​អភិវឌ្ឍន៍ ហើយនឹង​ការ​កាត់​បន្ថយ​ជំនួយអន្តរ​ជាតិ​ ដោយសារ​វិបត្តិ​​ហិរញ្ញវត្ថុ​​ពិភព​លោក​។ ប្រមុខ​​រដ្ឋាភិបាល​​កម្ពុជា​បាន​​អំពាវនាវ​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​ ដែលមានការ​អភិវឌ្ឍន៍​​តិចតួច ចូលរួម​សហ​ប្រតិបត្តិ​ការ​ ដើម្បី «ទាញ​យកផល​ប្រយោជន៍​ពី​សាកល​ភាវូបនីយ​កម្ម​រួមគ្នា» នៅក្នុង​​បរិបទ​សេដ្ឋកិច្ច​លំបាកនេះ​។

សម្តេច​​នាយករដ្ឋ​មន្រ្តីនៃព្រះរាជាណាចក្រ​ កម្ពុជា​បាន​អះអាង​​នៅចំពោះ​មុខ​រដ្ឋ​មន្រ្តី​​ក្រសួង​ឧស្សាហ​កម្ម​និង​ ពាណិជ្ជកម្ម​​ចំនួន​៤៩​ប្រទេស​ដែលមាន​ការ​អភិវឌ្ឍន៍​​តិច​តួច​ថា «នៅ​អំឡុង​ពេល​​​​ពិភព​លោក​​ជួប​វិបត្តិ​នេះ យើង​ជា​ប្រទេស​មាន​កា​រ​អភិវឌ្ឍន៍​តិច​តួច ត្រូវ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​​របស់យើង ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ច្រើនបំផុត​ពី​សមាហរណកម្ម​សេដ្ឋកិច្ច​ពិភពលោក ​ តាម​ដែលអាច​ធ្វើទៅ​បាន»។


ប្រទេស​ក្រីក្រជួប​វិបត្តិ
សម្តេច ​​ហ៊ុន សែន​បាន​​លើក​ឡើង​អំពីដំណើរ​​រីក​រាលដាល​វិបត្តិហិរញ្ញវត្ថុ​អន្តរ​ជាតិ ដែល​ផ្តើម​ចេញ​ពី​សហរដ្ឋ​អាមេរិក សាយ​ភាយ​មកដល់ទ្វីបអឺរុប និង​ប្រទេស​​អភិវឌ្ឍន៍​នៅទ្វីបអាស៊ី ហើយ​​បាន​​ប៉ះពាល់​​ពិភព​លោកទាំងមូល​។ សម្តេច​​មាន​ប្រសាសន៍​ថា គ្មាន​ប្រទេស​ណា​អាច​ជៀស​​ផុត​ពី​វិបត្តិនេះ​បាន​ឡើយ «ប្រទេស​​ដែលមាន​ការអភិវឌ្ឍន៍​តិចតួច​ កំពុង​តែ​ទទួល​​រង​​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​​ពី​វិបត្តិ​នេះ​។ ទោះបីជា​យើង​មិនមាន​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ស្មុគ​ស្មាញ​​ដូច​សហរដ្ឋ​អាមេរិក​ ​ក៏​ដោយ ក៏​ការ​វិនិយោគទុន​នៅប្រទេសយើងទទួល​រង​នូវ​ផល​​​ប៉ះពាល់​ពី​វិបត្តិ​នេះ​ផង​ ដែរ»។


ជំនួយ​បរទេស​សំខាន់ៗ
សម្តេច ​នាយករដ្ឋមន្រ្តី​បាន​សំដែង​នូវការ​ព្រួយបារម្ភថា «ការ​កាត់បន្ថយធនធាន​ហិរញ្ញវត្ថុ​នៃ​ប្រទេស​អ្នក​​​​វិនិយោគចោទជា​បញ្ហា​ សម្រាប់សហគ្រិន​ ដែល​មាន​គម្រោង​​វិនិយោគទុន​នៅ​ក្នុង​ប្រទេស​​​ដែលមាន​ការ​អភិវឌ្ឍន៍តិច​តួច ​។ ម្យ៉ាង​វិញ​ទៀត ការ​ចំណាយ​ទឹក​​ប្រាក់​​​ដ៏​ច្រើន​សន្ធឹក​​​សន្ធាប់​របស់​​​​រដ្ឋាភិបាល​នៃ​ បណ្តា​ប្រទេស​​អភិវឌ្ឍន៍​​​ដើម្បីជួយ​សង្រ្គោះ​​ប្រព័ន្ធ​ធនាគារ​របស់​​​ ពួកគេ គឺជា​​ឧបសគ្គ​​មួយ ក្នុងការ​ពង្រឹង​ជំនួយ​សហ​ប្រតិបត្តិ​ការ​​​អន្តរ​ជាតិ ដែលផ្តល់​អោយ​ប្រទេស​មា​ន​​ការ​​អភិវឌ្ឍន៍​តិចតួច​»។ គួរ​បញ្ជាក់ថា​ ប្រទេសកម្ពុជា​បានទទួល​ជំនួយ​ជា​ទឹក​ប្រាក់​​៦០០​លាន​​ដុល្លារ នៅ​ឆ្នាំកន្លង​ទៅ​​​​នេះ ពីប្រទេស​ផ្តល់ជំនួយ​។​
សម្តេច​បាន​បញ្ជាក់ថា «ប្រសិនជា​​​គ្មាន​ជំនួយ​នេះ មាន​តែ​ប្រទេស​​​​​កំពុង​អភិវឌ្ឍន៍​មួយ​ចំនួន​តូច​​នៅ​​អឺរុប​​​​​ប៉ុណ្ណោះ​ ដែល​អាច​គេច​ចេញផុតពីវិបត្តិ​ដ៏ធ្ងន់ធ្ងរ​នេះបាន​។ សម្តេច​បាន​លើក​ឡើង​ថា រហូត​មក​​ទល់​ពេល​នេះ ការសន្យា​របស់​ប្រទេស​អ្នកមាន ដែល​អះអាង​សាជា​ថ្មី​ថា​នឹង​​ចំណាយ​​យ៉ាង​​តិច ០,៧%នៃ​ផល​ទុនជាតិ​សរុប​របស់​ពួកគេ គ្រាន់តែជាការ​សន្យា​លើបបូរ​មាត់​ប៉ុណ្ណោះ​។

«នេះគឺជាស្លាប់​របស់ប្រទេស​ដែលមាន​ការ​អភិវឌ្ឍន៍​តិចតួច​»
សម្តេច ​នាយក​រដ្ឋមន្រ្តីហ៊ុន សែន​ បាន​លើកឡើង​ពីកង្វះតុល្យភាព​នៃការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​​រវាង​ប្រទេស​ អភិវឌ្ឍន៍​និង​ប្រទេស​មាន​ការ​អភិវឌ្ឍន៍​តិច​តួច​ ដែលជា​អ្នក​ខាត​បង់​ប្រយោជន៍​​។ សម្តេច​បាន​សង្កត់​ធ្ងន់ថា​ ​«សម្រាប់​ប្រទេស​យើង ​គឺ​បើក​ចំហ​ទទួល​យក​ផលិតផល​​នៃ​បណ្ដា​ប្រទេស​អភិវឌ្ឍន៍ ប៉ុន្តែ​ដល់​ទៅ​យើង​ទៅ​ចូល​ប្រទេស​អភិវឌ្ឍន៍​វិញ របាំង​ពាណិជ្ជកម្ម​គឺ​ជា​រនាំង​​យ៉ាង​មាំ តាម​រយៈ​​​ពន្ធដារ ជួនកាល​​អាច​នឹង​លើក​ចោល ក៏​ប៉ុន្តែ​គេ​ដាក់​ចេញ​នូវ​លក្ខខណ្ឌ​មួយ តាម​​រយៈ​ថា បញ្ហា​ភូតគាម​អនាម័យ អ៊ីចឹង​ទេ អា​ធុន​ណា​ទៅ​ក៏​វា​មិន​គ្រប់​ស្តង់ដារ​នាំ​ចូល ដាក់​តែ​ប៉ុណ្ណឹង​មក​គឺ​យើង​ស្លាប់»។ សម្តេច​ក៏បាន​បរិហារ​ផង​ដែរ​អំពី​ជំនួយ​​ដែល​ «ប្រទេស​ខ្លះ» បន្តឧបត្ថម្ភជូន​​ដល់​​​កសិកររបស់​ខ្លួន​​ ដោយ​រារាំង​ប្រទេស​​មាន​ការ​អភិវឌ្ឍន៍​​តិច​តួច​ ធ្វើការ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​​របស់ខ្លួន​។


ផ្លូវបំបែក​ត្រូវ​ជាប់កក​​ស្ទះ
សម្តេច ​បាន​បន្ត​ទៀត​ថា​ «សព្វ​ថ្ងៃ​នេះ កិច្ចប្រជុំ​ពាណិជ្ជកម្ម​គឺមក​ដល់​ផ្លូវ​បំបែក​​​​​ ដែល​​ត្រូវ​ជាប់​កក​​​ស្ទះ។ នេះ​បណ្តាល​មកពី​ភាព​មិន​ចុះ​សម្រុង​គ្នា និង​កង្វះ​ភាព​ទន់​ភ្លន់​របស់​តួ​អង្គ​សំខាន់ៗ​នៃ​កិច្ច​ចរចា​របស់ខ្លួន​»។


សម្តេច​បាន​គូស​បញ្ជាក់​ថា «ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍន៍​​តិច​តួច​​ត្រូវ​ផ្ញើលិខិត​​ច្បាស់​លាស់​​​ មួយទៅកាន់​សហគមន៍​អន្តរ​ជាតិ [...] ដើម្បីធានា​ថា​លទ្ធផល​នៃ​ការ​ប្រជុំ​លើកក្រោយ​នៅ​ក្នុង​​អង្គការ​ ពាណិជ្ជកម្ម​ពិភពលោក​ នឹង​ចូលរួម​ទៅក្នុង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​​ដ៏​ត្រឹម​ត្រូវ សម​ស្រប និង​សេរី រវាង​ប្រទេស​ជា​សមាជិក​ […]។ ប្រទេស​ដែលមាន​ការ​អភិវឌ្ឍន៍​តិចតួច​​ត្រូវ​​ពង្រឹង​សាមគ្គីភាព និង​​រួម​សម្លេង​​​តែមួយ ដើម្បីនាំមក​នូវ​​ជោគជ័យ​រួម​មួយ!»។ សម្តេច​ក៏​បាន​​លើក​ឡើង​ទាក់​ទង​នឹង​​យុទ្ធសាស្រ្ត​នយោបាយ​ «ឈ្នះ ឈ្នះ» របស់សម្តេច​ថា «យើង​ត្រូវ​​​សហប្រតិបត្តិការ​គ្នា​ ដោយ​ដើរ​តាមមាគ៌ា ឈ្នះ ឈ្នះទាំង​អស់គ្នា​»។


រវាង​ការ​ប្រកួត​ប្រជែងដោយសេរី និង​សហប្រតិបត្តិការ
សម្តេច ​នាយករដ្ឋមន្រ្តីហ៊ុន សែន​បាន​លើកហេតុផលបន្ថែមថា «យើង​ត្រូវ​សហ​ប្រតិបត្តិ​ការ​គ្នា ​ហើយយើង​ស្ថិតនៅក្នុង​ស្ថានភាព​ប្រកួត​ប្រជែង​​ផង​ដែរ​។ ប៉ុន្តែ យើង​មិនត្រូវ​ធ្វើការ​ប្រកួត​ប្រជែង​​យក​​​​ឈ្នះចាញ់​គ្នា​ទៅវិញទៅមក​នោះទេ​ ។ យើង​​ត្រូវ​ធ្វើការ​អភិវឌ្ឍន៍​ព្រម​គ្នា»។ សម្តេច​​បាន​វាយតម្លៃ​ថា​ «យើ​ង​មិនត្រូវជឿ​ថា​ការ​បង្ក​បញ្ហា​នៅក្នុង​ប្រទេស​តតិយ​លោកមួយ គេ​​នឹង​អាច​ទាក់ទាញ​អ្នក​វិនិយោគ​​ទុនមក​កាន់​ប្រទេស​របស់គេ​​នោះទេ។ ម្យ៉ាង​វិញទៀត យើង​មិនត្រូ​វ​សប្បាយរីករាយ​នឹង​ស្ថានភាព​លំបាក​នៅក្នុង​ប្រទេស​ដទៃ​ ដោយគិត​ថា​ករណី​នេះ​​នឹង​​នាំ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​នៅប្រទេស​របស់​ខ្លួន​ […]។ ឧទាហរណ៍ ប្រសិន​​ជា​ប្រទេស​មួយ ប្រឈម​មុខនឹង​​អំពើ​ភេរវកម្ម​ វា​នឹង​ប៉ះពាល់​ដល់​ប្រទេស​ផ្សេង​​ទៀត​ផង​ដែរ»។​ សម្តេច​បាន​គាំទ្រ​អោយ​មាន​​សហ​ប្រតិបត្តិការ​នៅក្នុង​ក្រប​ខ័ណ្ឌ​​នៃ​ ប្រព័ន្ធ​ប្រតិកម្ម​មួយ​ ដែល​ប្រទេស​​នីមួយ​ៗ​មានទំនាក់​ទំនង​គ្នា​ទៅវិញ​ទៅ​មក​។


«លោក​ប៉ាស្កាល់ ឡាមី គឺជា​មិត្តភក្តិ​របស់​ប្រទេសក្រីក្រ»
នៅមិនទាន់ ​ដឹង​តើ​ការ​អំពាវនាវ​អោយ​មាន​ការរួមរួម​សាមគ្គី​រវាង​ប្រទេស​ដែល​មាន​​ការ​ អភិវឌ្ឍន៍តិចតួច ដែល​ជា​បំណង​ប្រាថ្នា​របស់សម្តេច​ ហ៊ុន សែន នាយក​រដ្ឋ​​មន្រ្តីនៃ​​ព្រះរាជាណាចក្រកម្ពុជា​នេះ នឹង​ទទួល​បាន​នូវការ​គាំទ្រ​ដែរ​រឺ​ទេ។ នៅ​ពេល​​លោក​ ប៉ាស្គាល់ ឡាមី ជនជាតិ​បារាំងនិងជាអគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​​​ពិភព​លោក​ ​ បានមកដល់​សន្និសីទ​ ​មុន​ការ​បញ្ចប់​សុន្ទរកថា​របស់​ប្រមុខ​​រដ្ឋាភិបាល​កម្ពុជា​​រយៈពេល​ ប៉ុន្មាន​នាទី សម្តេច​​បាន​ប្រកាស​ថា​កម្ពុជា​គាំទ្រ​​បេក្ខភាព​​លោក​ប៉ាស្គាល់ ឡាមី អោយកាន់តំណែង​នេះ​បន្ត​ទៀត ព្រោះ​លោក​គឺ​ជា​​ជន​​ជាតិ​​អឺរុប​ម្នាក់ ដែល​បានការពារ​ផល​ប្រយោជន៍​របស់​ប្រទេស​ក្រីក្រ។ សម្តេច​​បាន​បញ្ជាក់ថា «ខ្ញុំ​គាំទ្រ​បេក្ខភាព​របស់​គាត់ ព្រោះ​គាត់​ស្គាល់​ច្បាស់​អំពី​បញ្ហា​​ប្រទេស​ក្រីក្រ»។

0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ