កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
សហគ្រាស​ធុន​តូច​និង​មធ្យម​ជួប​បញ្ហា​ក្នុង​ការ​ស្វែង​រក​ហិរញ្ញប្បទាន
ដោយ រស់ ឌីណា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០៥-១១-២០០៨

ភ្នំពេញ (ប្រទេស​កម្ពុជា​) ថ្ងៃទី​១៤ មេសា ២០០៨៖​ វត្តលង្ការ​
© ចន វីង / Magnum

ការពង្រីក ​ រឺធ្វើ​ទំនើបកម្ម​សហគ្រាស​ធុនតូច​ ត្រូវ​ចំណាយថវិកា​អស់យ៉ាង​ច្រើន ដែល​សហគ្រិន​​កម្ពុជា​មួយ​ចំនួនតូច​អាច​សម្រេច​បាន។ ជានិច្ចកាល សហគ្រិន​ទាំងនេះ​មានការ​លំបាក​ ក្នុងការ​​​ស្វែង​​រកដើមទុន​អោយ​បានគ្រប់គ្រាន់​ ដើម្បី​ដាក់​អោយ​ដំណើរការ​នូវ​គម្រោង​​​របស់​ខ្លួន​។ ​ ទោះបីជា​សហគ្រាស​ធុនតូច​និង​មធ្យម​ ​​​​​​ផ្គត់ផ្គង់​ជិត​មួយ​ភាគបី​នៃ​ផលិតផលក្នុង​ស្រុក​សរុប​​​នៃ​ប្រទេស​ កម្ពុជា​​​ ជារៀង​រាល់ក៏ដោយ ក៏​​ប្រព័ន្ធ​ហិរញ្ញវត្ថុ​​​​​​ផ្តល់​ប្រាក់កំចីដល់​សហគ្រាស​​ទាំង​នោះ ត្រឹមតែរយៈពេលខ្លី ជាមួយ​នឹងអត្រាការ​ប្រាក់​មួយ​ខ្ពស់ ជាង​អត្រា​ការ​ប្រាក់​ដែល​ផ្តល់​ ដល់​​​​សហគ្រាស​ធំៗ។ ​ប៉ុន្តែ លោក​ហេង ហៀង ប្រធាន​សមាគម​សហគ្រាស​​ធុន​តូចនិង​មធ្យម​ភ្នំពេញ បានគូស​បញ្ជាក់​ថា នៅក្នុង​បរិបទ​សាកល​ភាវូប​នីយ​កម្ម​ សហគ្រាស​ធុន​តូច​និង​មធ្យម​ទាំងនេះកាន់​តែ​ត្រូវការ​ដើមទុន​ ដើម្បីពង្រីក​ផលិតភាព​ និង​គុណភាព​ផលិត​ផល​របស់​ខ្លួន​។ បើតាម​ប្រសាសន៍​របស់លោក សហគ្រាស​ធុនតូចនិង​មធ្យម​គឺជាកត្តាដ៏ចាំបាច់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ប៉ុន្តែ ការ​រស់រានមានជីវិត​បន្ត​របស់​សហគ្រាស​ទាំង​នេះ​​កំពុង​តែ​ជួប​បញ្ហា។​

«៨០%​នៃ​សហគ្រាសធុនតូចនិងមធ្យម​ ជាប់​បំណុល»
លោក​ហេង ហៀង បានអះអាង​ថា​ នៅប្រទេសកម្ពុជា នៅពេល​សហគ្រិន​ធុន​តូច​ម្នាក់​មាន​បំណង​​វិនិយោគទុន​ ទោះជា​ដើម្បី​បង្កើតសហគ្រាស រឺ​ដើម្បី​ពង្រីក​​​សហគ្រាស​បន្ថែម​ក៏​​ដោយ​ ជាទូទៅ​ គំនិតពិចារណាដំបូង​របស់​គេ គឺ​បាញ់​ឆ្ពោះ​សំដៅ​ទៅរកគ្រួសារ និងសាច់​ញាតិ​ ដែលជា​ប្រភព​ធនធាន​ហិរញ្ញប្បទាន​ដំបូង​បំផុត​នៃសហគ្រាស​ធុនតូចនិងមធ្យម​។ ប៉ុន្តែ ការ​គាំទ្រ​របស់​គ្រួសារ​មិន​គ្រប់​គ្រាន់ ដើម្បីបំពេញ​តាមតម្រូវការ​របស់​សហគ្រាស​ធុន​តូច ដែល​ចង់​ពង្រីក​​វិសាល​ភាព​របស់ខ្លួន​នោះឡើយ។ ដូច្នេះ ជម្រើស​ចុងក្រោយបំផុត​​ គឺ​ការ​​ខ្ចីប្រាក់​​​ពីធនាគារ​ ជាមួយ​អត្រាការប្រាក់​ខ្ពស់​។ ករណី​ខាងលើនេះកើត​មាន​ចំពោះ​ ​សហ​គ្រាស​​​ធុន​​តូច​​និង​មធ្យម​​ ចំនួន​៨០% ដែលជាសមាជិកសមាគម​ដែល​គ្រប់គ្រង​ដោយ​លោក​ហេង ហៀង​ ។ ដើម្បីមានជីវិត​បន្តទៀត សហគ្រាស​ទាំង​នោះ​​ត្រូវ​ខ្ចីឥណទាន​​ជា​ច្រើន​ពី​ធនាគារ​​ពាណិជ្ជ និង​​ស្ថាប័នមីក្រូ​ហិរញ្ញវត្ថុ។

លោក​ហេង ហៀង បានគូស​បញ្ជាក់ថា​ «មុនបោះឆ្នោត​ ខែកក្កដា ឆ្នាំ​២០០៨ អត្រាការ​ប្រាក់​របស់ធនាគារ​ពាណិជ្ជ​ចំពោះ​សហគ្រាស​ធុនតូចនិងមធ្យម​ មាន​កំរិត​​ខ្ពស់ដល់ទៅ​១៥% ប្រៀប​​ធៀប​នឹង​អត្រាការ​ប្រាក់ធម្មតា​ ពី​១០% ទៅ​១២% ក្នុង​មួយ​ឆ្នាំ។​ មិនត្រឹមតែ​ប៉ុណ្ណោះ​ដើម្បីទទួល​បានទំនុកចិត្ត​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ សហគ្រាស​​ត្រូវ​មាន​របស់បញ្ចាំ​គ្រប់គ្រាន់​ ជា​ថ្នូរ​​នឹងការ​ផ្តល់​ប្រាក់កំចី»។​  លោក​បាន​ពន្យល់​ថា​ សហគ្រាស​កាន់តែតូច ការ​លំបាក​កាន់​តែ​​ស្មុគ​ស្មាញ​ ព្រោះ​ធនាគារ​​វាយតម្លៃ​ថា គេ​​​​មាន​ហានិភ័យ។ បើទោះបីជា​​ធនាគារ​​យល់​ព្រម​​ផ្តល់​​ប្រាក់កំចី​ក៏ដោយ ក៏គេ​ចាត់ទុក​ថាវា «​មាន​ហានិភ័យ​ខ្ពស់» ធនាគារ​​ត្រូវ​កំណត់​អត្រា​ការ​ប្រាក់ខ្ពស់​ជា​ពិសេស ចាប់ពី​១៨% ទៅ​៣០% ក្នុងមួយឆ្នាំ​។ ជាលទ្ធផល​ សហគ្រាស​ធុន​តូចនិងមធ្យម​មិនមាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​សហគ្រាស​ធំៗបាននោះទេ។ បន្ទុក និង​តម្លៃ​នៃការ​ផលិត​របស់​សហគ្រាស​​​ទាំង​នោះ​​មាន​កំរិតខ្ពស់​ ហើយ​ប្រាក់ចំណេញ​ជាយថាហេតុ ​ត្រូវ​រលាយ​​បាត់យ៉ាង​ឆាប់រហ័ស​នៅ​ក្នុងការ​ចំណាយ​លើ​អត្រាការប្រាក់។ លោក​ហេង ហៀង សំដែង​នូវការ​សោក​ស្តាយ​ចំពោះ​​រឿង​នេះ ដោយ​លើក​ឡើង​នូវ​សុភាសិត​​ខ្មែរ​មួយឃ្លា ពោលថា «អ្នកក្រជួញ​ឆ្នាំងដី អ្នក​មាន​​ជួញ​ឆ្នាំង​ដែក»។​

សហគ្រាស​ធុនតូចក្រៅផ្លូវការ​
លោកចាន់ ស៊ីថា ប្រធាន​សហគ្រាស​ផលិត​ទឹកត្រីក្នុងស្រុកមួយ​ និងជា​ប្រធាន​សមាគម​សហគ្រាស​​ធុនតូចនិងមធ្យមខេត្តកំពត​( ភាគខាង​ត្បូង​ប្រទេស​កម្ពុជា​) បានធ្វើការ​កត់​សម្គាល់​​ដូចនេះដែរ​ថា ភាគច្រើននៃសហគ្រាសធុនតូចនិងមធ្យម​ ត្រូវការ​ស្វែង​រក​ដើមទុន​ ពី​​ធនាគារ​និងស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ ប៉ុន្តែ ស្ថាប័ន​ទាំង​នេះ​​ផ្តល់​នូវ​ប្រាក់កំចី​​មាន​​កំណត់​​ ជួន​គេអោយខ្ចី ជួនគេមិនអោយខ្ចី​ទៀត​។​​ លោក​ប្រធាន​សហគ្រាស​ធុនតូច​ខេត្តកំពត​រូប​នេះ​បាន​វិភាគ​ថា  «នៅពេល​យើង​ស្នើសុំ​ខ្ចីប្រាក់ពីធនាគារ​ គេ​តម្រូវអោយ​យើង​​បង្ហាញ​ប័ណ្ណ​​កម្មសិទ្ធិ​សហគ្រាស​។ ប៉ុន្តែ ដើម្បីទទួលបានប័ណ្ណ​កម្មសិទ្ធិ​​មួយ​ត្រូវ​ការ​ចំណាយ​ពេល​វេលា​ និង​ថវិកា...។ ម្យ៉ាង​វិញទៀត បន្ទាប់​ពី​ទទួល​បាន​ឯកសារ​ច្បាប់​នេះ​រួច​រាល់​ហើយ យើង​ក៏​នៅមិនទាន់​​ច្បាស់ថា​ធនាគារ​ព្រមអោយខ្ចី​ប្រាក់ដែរ​រឺ​អត់​នោះ​​ទេ​។ ដូច​នេះ សហគ្រាស​​ធុនតូច​និងមធ្យម​ទាំងនោះ​គ្មានជម្រើស​អ្វី ក្រៅពី​ទៅរក​ឥណទាន​ពី​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ ដែល​កំណត់​ការប្រាក់​ ពី​២០% ទៅ​៣០%​ ក្នុង​មួ​យ​​ឆ្នាំ»។ គួរ​បញ្ជាក់ថា​ខេត្ត​កំព​ត​ គឺជា​ខេត្តមួយ នៅមាន​សហគ្រាស​ធុនតូច​ភាគ​​ច្រើន។

ប្រាក់មានតម្លៃខ្ពស់
លោកប៊ុន មុនី ប្រធានសមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ បានពន្យល់​អំពីភាព​ខុស​គ្នា រវាង​អត្រា​ការប្រាក់របស់​ធនាគារពាណិជ្ជ​ និង​អត្រាការ​ប្រាក់​របស់​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​​នេះថា ដើម្បី​អាច​ផ្តល់​ប្រាក់​​កំចី​​ដល់​សហគ្រិនធុនតូច​បាន គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ផ្ទាល់ក៏ត្រូវ​ខ្ចីប្រាក់​បន្ត​ពី​ធនាគារ​​ ពាណិជ្ជ​អន្តរជាតិ​ផងដែរ ដែល​មាន​អត្រាការ​ប្រាក់ខ្ពស់រួចជាស្រេច​ទៅ​ហើយ​។ លោក​ប៊ុន មុនី បាន​រៀប​រាប់​លំអិត​ថា​ «អត្រាការ​ប្រាក់​របស់ធនាគារ​បរទេស​ គឺចាប់ពី​១០% ទៅ​១២% ហើ​យ​ត្រូវបង់​ពន្ធកាត់ទុក ​លើការ​ប្រាក់​បរទេស​​ រួមទាំង​តម្លៃ​ចំណាយ​លើ​ប្រតិបត្តិការ​​​​​នានា​​ ដូច​នេះ យើង​ត្រូវកំណត់​អត្រាការប្រាក់ ២៥% ក្នុង​មួយឆ្នាំ ជា​មធ្យម»។ មិន​ត្រឹមតែ​ប៉ុណ្ណោះ «អ្នក​​​ខ្ចី​ច្រើន​»នឹង​ទទួល​​បាន​អត្ថ​ប្រយោជន៍​​កាន់​តែ​ច្រើន៖ លោក​បាន​គូសបញ្ជាក់ថា «ទោះ​បី​ជា​​ប្រាក់កំចី​៥០០០​ដុល្លារ​ រឺ​មួយ​លាន​ដុល្លារ​ក៏​ដោយ ក៏​តម្លៃ​ប្រតិបត្តិការមានតម្លៃ​ដូចគ្នា​​​»។​
 
ដោយ ​ឡែក ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ដែល​ផ្តោត​ជាចំបង​ទៅលើ​អតិថិជនក្រីក្រ ត្រូវ​ជួប​​ហានិ​ភ័យ​​ខ្ពស់​ជាង​ធនាគារ​​ពាណិជ្ជ​។ លោក​ប៊ុន មុនី​បាន​បញ្ជាក់ថា គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​កំរ​ទាម​ទារ​អោយ​​អ្នកខ្ចីប្រាក់​បង្ហាញ​ ប័ណ្ណ​កម្មសិទ្ធិ​​ណាស់​ ប៉ុន្តែ គ្រាន់តែ​ទាមទារអោយ​មាន​ឯក​សារ​ដែល​​បញ្ជាក់​ពីអាជ្ញាធរមូលដ្ឋាន​ប៉ុណ្ណោះ​​ ។​ លោក​បាន​បន្ថែមទៀត​ថា «នៅក្នុង​ក្រសែ​ភ្នែក​​របស់​ធនាគារ​ យើង​ធ្វើការ​ប្រថុយប្រថាន​ច្រើន។ វាពិត​ខ្លះ ប៉ុន្តែ យើង​មានវិធីសាស្រ្ត​ ដើម្បី​​ប្រឈម​​​មុខ​​​នឹង​ហានិភ័យ ព្រោះនីតិវិធី​របស់យើង​ពិត​ជា​ត្រៀម​សម្រាប់ជនក្រីក្រ​ប្រាកដ​មែន​​»។

ច្បាប់ទីផ្សារ
លោក ​ពង្ស ខៀវសែ អគ្គនាយក​ធនគារ​កាណាឌីយ៉ា បានលើក​ឡើង​ថា ​អត្រា​ការ​​ប្រាក់​ត្រូវ​បានកំណត់​ដោយការ​ព្រមព្រៀង​រវាង​អ្នកអោយ​ខ្ចី និងអ្នក​សុំ​ខ្ចី។​ លោក​បាន​អះអាង​​ថា «ធនគារ​ជាតិ​​កម្ពុជា មិនមានសិទ្ធិកំណត់​អត្រា​ការ​ប្រាក់​របស់​​ធនាគារ​នោះទេ។ យើង​សុទ្ធ​តែ​នៅក្រោម​ការ​ណែនាំ​របស់ធនាគារ​ជាតិ ប៉ុន្តែ តាម​ច្បាប់​ ការកំណត់ការ​​ប្រាក់​ធ្វើឡើងទៅ​​តាម​តម្រូវការ​ទីផ្សារ​។

លោក​ជា ចាន់តូ​ ទេសាភិបាល​ធនាគារ​ជាតិ​កម្ពុជា បាន​បន្ថែមត្រង់​ចំណុច​ខាងលើនេះ​ថា «អត្រាការ​ប្រាក់​លើ​ទីផ្សារ​អាស្រ័យ​ទៅតាម​ធនាគារ​នីមួយៗ។ ធនាគារ​គឺ​​ជាអ្នកសម្រេច​ផ្តល់​​ប្រាក់កំចី​អោយ​ទៅអតិថិជន​ និង​វិស័យ​អ្វីដែល​លើកទឹកចិត្ត​»។ លោកទេសាភិបាល​បាន​វាយតម្លៃ​ថា​ រដ្ឋ​គ្រាន់តែដើរតួនាទីជា «អ្នកសម្របសម្រួល» រវាង​អ្នកខ្ចី និង​ធនាគារ​ប៉ុណ្ណោះ​​។ ពួកគេ​មានសេរីភាព ក្នុងការ​​​ព្រមព្រៀង​គ្នា ដើម្បី«ផល​ប្រយោជន៍​ទាំង​សង​ខាង»។

ជួយ​ធ្វើអោយ​មីក្រូហិរញ្ញវត្ថុ​បានសម្រេចជោគ​ជ័យ​រឺ?
សម្រាប់លោក អ៊ិត ប្រាំង រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម រ៉ែ និងថាមពល​ ដំណោះ​ស្រាយ​ស្ថិតនៅលើការគាំទ្រ​​មួយ របស់រដ្ឋាភិបាល ចំពោះ​​​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ ជាមួយ​នឹង​ការ​គាំទ្រ​ផ្នែកហិរញ្ញវត្ថុ​របស់​ស្ថាប័នអន្តរជាតិ ដូចជា​ធនាគារ​​ពិភពលោក និង​ធនាគារ​អភិវឌ្ឍន៍អាស៊ី រឺស្ថាប័នជាតិ ដូចជា​ធនាគារ​អភិវឌ្ឍន៍ជនបទកម្ពុជា។ លោករដ្ឋលេខាធិការ​បានអះអាងថា « រដ្ឋាភិបាល​ ក៏ដូចជា​ធនាគារ​អភិវឌ្ឍន៍ជនបទ រឺ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ផ្សេង​ៗ​ទៀត មាន​គោលការណ៍​ជួយ​សម្រួល​ដំណើរការ​ខ្ចីប្រាក់​របស់​សហគ្រាស​ធុនតូចនិង​មធ្យម ​។ យើង​កំពុង​ធ្វើការ​ងារនេះ ហើយ​យើងត្រូវការ​ពេលវេលា​បន្តិចទៀត ដើម្បី​សម្រេច​​គោលដៅ​របស់យើង​​ នោះគឺការ​ផ្តល់​ឥណទាន ជាមួយនឹង​អត្រាការ​ប្រាក់​ទាប។ ដូចនេះ យើង​​ត្រូវ​ធ្វើមួយដំណាក់កាល​ម្តង​ៗ»។

ទោះជាយ៉ាង​ណា បញ្ហាទាំងនេះ​មិនមែនជា​បញ្ហា​ថ្មី​នោះទេ។ កាលពីឆ្នាំ​២០០២ ការសិក្សា​មួយ​​របស់​​កម្មវិធីអភិវឌ្ឍន៍វិស័យ​ឯកជន​តំបន់​ទន្លេមេគង្គ​ (MPDF) ដែល​​ត្រូវ​​បាន​​ដឹក​​នាំ​ដោយ​​​សហ​ប្រតិបត្តិ​ការ​​ហិរញ្ញវត្ថុអន្តរជាតិ( IFC) (សាខា​ហិរញ្ញ​​វត្ថុ​មួយ​​របស់​ធនាគារ​ពិភព​លោក)​ បានចង្អុលបង្ហាញ​ឧបសគ្គ​ដែល​រាំង​ស្ទះ​​ដល់​សហគ្រាស​ធុនតូចនិងមធ្យម​ ក្នុងការ​ទទួល​​បានប្រាក់កំចីពីធនាគារ​ ជា​ពិសេស​ ប្រាក់កំចីរយៈពេលវែង។ ​ MPDF ធ្លាប់ណែនាំ​អោយ​បង្កើត​តុលាការ​ពាណិជ្ជកម្មមួយ ដែល​រយៈពេលប្រាំមួយឆ្នាំក្រោយមក នៅមិនទាន់​លេច​ចេញ​ជា​រូប​រាងនៅឡើយ។ ការសិក្សានេះ​ក៏ណែនាំ​អោយ​បង្កើត​មូលដ្ឋានទិន្នន័យ​កណ្តាល​​​មួយស្តីពី​ សមត្ថភាព​អាច​សង​ប្រាក់បាន​របស់​អតិថិជន ​ដែលចូលរួម​ពីសំណាក់​ធនាគារ ព្រមទាំង​ការ​បណ្តុះបណ្តាល​ ដែលផ្តោត​សំខាន់​ទៅលើ​បុគ្គលិក​ធនាគារ ដើម្បី​ជួយ​សម្រួល​ដល់ការ​បំពេញ​លិខិតស្នាម​ខ្ចីឥណទាន​របស់​​សហគ្រិន ព្រោះ​ សហគ្រិន​ធុន​តូច​មិន​សូវជាទំលាប់​ ក្នុងការ​សរសេរ​សំណុំ​ឯកសារ​ហិរញ្ញប្បទាន និង «ផែនការ​ពាណិជ្ជកម្ម» នោះទេ។

កត្តាចាំបាច់នៃសេដ្ឋកិច្ចកម្ពុជា
បើ​តាម​ ប្រសាសន៍​​របស់​លោក​ហេង ហៀង ប្រធាន​សមាគម​សហគ្រាស​ធុន​តូច​និង​មធ្យម​ភ្នំពេញ មាន​ការងារ​បន្ទាន់ដែលត្រូវ​ធ្វើ ព្រោះ​ថា​រាជធានី​ភ្នំពេញ​សព្វ​ថ្ងៃនេះ មាន​សហគ្រាស​​ធុន​​តូច និងមធ្យម​​ត្រឹមតែ​១៦០០ ទៅ១៨០០ប៉ុណ្ណោះ បើប្រៀប​ធៀប​ទៅនឹង​ឆ្នាំ​១៩៩៩ គឺ​មាន​ដល់​​ទៅ​៤០០០ សហគ្រាស​ឯណោះ​។ ប៉ុន្តែ នៅកម្ពុជា សហគ្រាស​ធុនតូច​មាន​ចំនួន​ភាគច្រើន ពោល​គឺ ៧០% ទល់​នឹង ២៥%(​សហគ្រាស​មធ្យម)​ និង៥%(​សហ​គ្រាស​ធុន​ធំ)​។ តួលេខ​ខាងលើនេះ​ផ្ទុយទៅនឹង​តួលេខ​របស់​ក្រសួង​ឧស្សាហកម្ម​ នៅក្នុង​របាយ​ការណ៍​មួយ ដែល​បាន​ផ្សព្វផ្សាយ​ កាលពី​ដើម​ខែមិថុនា នាឱកាស​សន្និសីទ​ថ្នាក់ជាតិ​មួយ ស្តី​ពី​ការ​រីក​ចម្រើន​នៃ​ប្រជាជន​​។ របាយការណ៍នេះ​បានបង្ហាញ​នូវកំណើនសហគ្រាស​ធុន​តូច​និងមធ្យម​ នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ យោងតាម​ក្រសួង​ឧស្សាហកម្ម សហគ្រាស​​ធុន​តូច​​និងមធ្យម​មាន​ចំនួន​៣២ ៦១៩ និងមាន​បុគ្គលិក​បម្រើការងារ​ចំនួន​​​៥ ០៨៧នាក់ នៅឆ្នាំ​២០០៧ បើប្រៀប​ធៀប​ទៅនឹង​បីឆ្នាំមុន គឺ​មាន​សហ​គ្រាស​​ចំនួ​ន ២៨ ១៣១ និង​បុគ្គលិក​ចំនួន​៧៩ ៧៨០នាក់​។ ប្រភព​ជា​ផ្លូវ​ការ​​តែ​មួយ​នេះ​ក៏​បានបង្ហាញ​កំណើន​ផលិត​ផល​ក្នុង​ស្រុក​​ សរុប របស់​សហ​គ្រាស​​ធុន​តូចនិងមធ្យម​ផង​ដែរ​ គឺ២៧,១% នៅឆ្នាំ​២០០៤ ទល់នឹង​២៨,៧% ឆ្នាំ​២០០៦។

ទោះបីជា​​តួលេខទាំងនេះ​ មិនមានភាពសុក្រឹត្យក៏ដោយ ក៏វា​បង្ហាញ​អោយឃើញ​ពី​ភាព​សំខាន់​​​មួយរបស់សហគ្រាស​ទាំងនេះ​នៅក្នុង​វិស័យ​ សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​។​ លោក​ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​​បានអះអាងថា ​សហគ្រាស​ធុនតូច​​និង​មធ្យមមិន​ត្រឹមតែ​អាច​​ទទួលបាន​ដើម​ទុនប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងអាចពង្រីក​សមត្ថភាព​ផលិត​របស់​ខ្លួន​​បានទៀត​ផង។ លោក​សង្ឃឹម​ថា «ប្រសិនជា​សហគ្រាស​ធុនតូចនិងមធ្យម​អាច​ពង្រីក​​វិសាលភាព​របស់​ខ្លួន យើង​នឹង​អាច​កាត់បន្ថយ​ការ​នាំចូលរបស់យើង​បាន»។ ម្យ៉ាង​វិញទៀត លោក​រដ្ឋលេខាធិការ​ក៏បានលើកឡើង​ពីកិច្ចការ​មួយ​ផ្សេងទៀត គឺការជួយ​ដល់​ការ​​នាំ​ចេញ​​នូវផលិត​ផល​របស់​សហគ្រាស​ទាំងនោះ ក្រោយពី​បញ្ចប់​ការ​ពិភាក្សា​ថ្មីៗនេះ ស្តីពី​ពន្ធគយ​និង​នីតិវិធីនៃ​វិញ្ញាបនបត្រ​អន្តរជាតិ។

0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ