ភ្នំពេញ (កម្ពុជា) ថ្ងៃទី១៦ វិច្ឆិកា ២០០៨៖ លោកហ្គុនណា បឺយស្រ្តម សមាជិកប្រតិភូស៊ុយអែដមួយរូប ក្នុងចំណោមប្រតិភូទាំងបួនរូប ដែលត្រូវបានរបបខ្មែរក្រហមអញ្ជើញមកបំពេញទស្សនកិច្ច រយៈពេល១៤ថ្ងៃ នៅខែសីហា ឆ្នាំ១៩៧៨
© ចន វីង / Magnum
នៅអំឡុងពេល បំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា នាសម័យខ្មែរក្រហម កាលពីឆ្នាំ១៩៧៨ លោកហ្គុនណា បឺយស្រ្តម (Gunnar Bergstrom) បានថតរូបភាពជាច្រើន ទាក់ទងនឹងទិដ្ឋភាពនៃការងារសំខាន់ៗ រួមមានការកសាងប្រព័ន្ធធារាសាស្រ្ត ការជីកទំនប់និងប្រឡាយទឹក ការទទួលទានអាហារជាសហគមន៍ រូបភាពរបស់ប្រជាជនកម្ពុជា ស្ថិតក្នុងសំលៀកបំពាក់ពណ៌ស្រអាប់ បង់ក្រមា ជាមួយនឹងស្នាមញញឹមដ៏ស្រស់ប្រិមប្រិយព្រមទាំងមានសុខភាពពេញបរិបូរណ៌។ មិនមានរូបភាពនៃខ្លួនប្រាណមនុស្សដ៏ស្គមកំព្រឹង ទឹកមុខហត់នឿយ បរិយាកាសភ័យខ្លាច និងកន្លែងគរឆ្អឹងខ្មោចនោះទេ។ សកម្មជនប្រកាន់លទ្ធិម៉ៅនិយមវ័យក្មេងរូបនេះ ព្រមទាំងសហការីទាំងបីនាក់របស់គាត់ បានដឹកនាំប្រតិភូនៃសមាគមមិត្តភាពកម្ពុជា-ស៊ុយអែដ ធ្វើទស្សនកិច្ចនៅកម្ពុជា តាមការអញ្ជើញរបស់បដិវត្តន៍ខ្មែរក្រហម ដើម្បីទាក់ទាញការគាំទ្រពីបណ្តាប្រទេសកុម្មុយនីស្តដទៃទៀត។ រយៈពេលជាច្រើនខែក្រោយមក ទើបលោកហ្គុនណា បឺយស្រ្តម បានដឹងអំពីល្បិចបោកប្រាស់របស់ខ្មែរក្រហម បន្ទាប់លោកបានធ្វើការកោតសរសើររបបកម្ពុជាប្រជាធិបតេយ្យ តាមរយៈអត្ថបទនិងសន្និសីទជាច្រើនរួចមក។ ៣០ក្រោយមក លោកបានវិលត្រឡប់មកប្រទេសកម្ពុជា ដើម្បីបង្ហាញរូបថតដែលគាត់និងសហការីបានថតនៅសម័យវាលពិឃាដ ប៉ុន្តែម្តងនេះ ជាមួយនឹងសុន្ទរកថាផ្សេងពីមុន តាមរយៈការតាំងពិព័រណ៍រូបថត វេទិកាពិភាក្សា និងសៀវភៅមួយក្បាល ព្រមទាំងការសុំទោសរបស់លោក ចំពោះពលរដ្ឋកម្ពុជា សម្រាប់កំហុសឆ្គងនៃការវិនិច្ឆ័យរបស់គាត់កាលពីអតីតកាល។
សង្គមកុម្មុយនីស្តឧត្តមគតិបុគ្គល រឺតម្រូវតាមឧត្តមគតិចាប់ ពីថ្ងៃទី១២ ដល់ថ្ងៃទី២៦ សីហា ឆ្នាំ១៩៧៨ ជនជាតិស៊ុយអែដទាំងបួនរូបបានធ្វើដំណើរទស្សនាទីកន្លែងជាច្រើន នៅទីក្រុងភ្នំពេញ ខេត្តកណ្តាល សៀមរាប និងក្រុងព្រះសីហនុ។ ពួកគាត់បានទៅមើលមន្ទីរពេទ្យ រោងចក្រ និងសាលារៀន ដែលសុទ្ធសឹងតែជារូបភាពបំភាន់ភ្នែកពួកគាត់ នៅសម័យកាលនោះ។ បន្ទាប់ពីការមកដល់របស់លោកហ្គុនណា បឺយស្រ្តម នៅថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកានេះ លោកបានឆ្លើយនឹងសំណួររបស់វិបសាយសារព័ត៌មានកាសែត ដោយបានទទួលស្គាល់ នៅពេលនេះថា «អ្វីគ្រប់យ៉ាងដែលគេបានបង្ហាញយើងកាលនោះ សុទ្ធសឹងតែជាការបោកប្រាស់»។
ទោះបីជាពួកគាត់មិនបានជួប ពិភាក្សាជាមួយព្រះបាទនរោត្តម សីហនុក៏ដោយ (កាលនោះ ព្រះអង្គត្រូវស្ថិតនៅក្រោមការយាមការយ៉ាងតឹងរឹងរបស់ខ្មែរក្រហម ) ក៏របបខ្មែរក្រហមបានចាត់ទុកថានេះ គឺជាជំនួប «ផ្លូវការបំផុត» រវាងប្រតិភូនៃសមាគមកម្ពុជា-ស៊ុយអែដ ជាមួយនឹងប៉ុល ពត ហើយនឹងលោកអៀង សារី ដែលជារដ្ឋមន្រ្តីការបរទេស។ «លោកហ្គុនណា បានរម្លឹកថា គ្រប់យ៉ាងប្រព្រឹត្តទៅជាលក្ខណៈកុម្មុយនីស្តបំផុត។ គេបានស្នើពួកយើងអោយផ្ញើសំណួររបស់យើងមកជាមុន ហើយនៅពេលយើងជួបជាមួយពួកគេ ពួកគេអានចម្លើយរបស់ខ្លួនប្រាប់យើង»។ ដើម្បីអោយអស់ចិត្ត លោកបានចោទសួរថាតើអំពើប្រល័យពូជសាសន៍ពិតជាបានកើតមានឡើង នៅប្រទេសកម្ពុជា ដូចជាព័ត៌មានដែលបានចាប់ផ្តើមរីករាលដាលពេញបស្ចឹមប្រទេស ដែររឺទេ? ប៉ុន្តែ ប៉ុល ពតបានច្រានចោលយ៉ាងដាច់ណាត់។ ដូចនេះ ការពិភាក្សាផ្តោតគោលដៅសំខាន់ទៅលើការឃោសនារបស់ចក្រពត្តិនិយម និងសហភាពសូវៀត ដែលប្រទេសចិនប្រឆាំងយ៉ាងខ្លាំង។
ប្រតិភូស៊ុយអែដ ទាំងបួនរូបនេះជឿស៊ប់លើពាក្យសំដីកុហករបស់ពួកគេ ហើយនៅពេលត្រឡប់មកប្រទេសស៊ុយអែដវិញ ពួកគាត់ប្រញាប់ប្រញាល់ផ្សព្វផ្សាយព័ត៌មានគ្រប់មធ្យោបាយ អំពីចិត្តគំនិតដ៏ល្អរបស់ខ្មែរក្រហម។ លោកហ្គុនណា បានទទួលស្គាល់ថា រូបថតរបស់លោក បានសាបព្រោះនូវភាពមន្ទិលសង្ស័យនៅក្នុងផ្នត់គំនិតមួយចំនួន។ ប្រតិភូទាំងបួនរូបនេះពិតជាស្លុងទៅនឹងការឃោសនារបស់ខ្មែរក្រហម រហូតពួកគាត់បានសរសេរអត្ថបទថាប៉ុល ពត និងអៀង សារី ធ្វើការងារជាច្រើនម៉ោង ក្នុងមួយថ្ងៃ នៅតាមវាលស្រែ។
ការភ្ញាក់ខ្លួនរហូត ដល់ពេលដែលបានឃើញជនភៀសខ្លួនកម្ពុជារាប់ម៉ឺននាក់ រត់ភៀសខ្លួនចូលប្រទេសថៃ និងបានបរិហារអំពីអំពើដ៏សាហាវយង់ឃ្នងរបស់ខ្មែរក្រហម ទើបលោកហ្គុនណា បានភ្លឺភ្នែក និងដឹងថាខ្លួនបានយល់ខុសទាំងស្រុងចំពោះខ្មែរក្រហម។ លោកបញ្ជាក់ថា «នៅពេលមនុស្សរាប់ពាន់នាក់រៀបរាប់រឿងរ៉ាវតែមួយដូចគ្នា រឿងនោះត្រូវតែជាការពិត! ពួកគេមិនអាចនិយាយកុហសទាំងអស់គ្នានោះទេ!»។
ដោយឡែក រូបភាពទាំងប៉ុន្មានដែលលោកបានឃើញនៅខែសីហា ឆ្នាំ១៩៧៨ មិនមែនសុទ្ធតែល្អឥតខ្ចោះនោះទេ។ លោកបានលើកឡើងថា «ជាដំបូង ពលកម្មកុមារមិនសូវជាធ្វើអោយខ្ញុំពេញចិត្តប៉ុន្មាននោះទេ។ បន្ទាប់មក នៅពេលខ្ញុំសួរអ្នកទទួលខុសត្រូវ អំពីការគ្មានប្រព័ន្ធច្បាប់ ពួកគេបានឆ្លើយប្រាប់វិញថាតុលាការនិងចៅក្រមមិនចាំបាច់នោះទេ…។ ខ្ញុំបាននិយាយប្រាប់ខ្លួនឯងថានេះគឺជា បដិវត្តន៍ដ៏ក្មេងខ្ចី ហើយពួកគេមិនទាន់មានពេលវេលាគ្រប់គ្រាន់ក្នុងការបង្កើតប្រព័ន្ធ ច្បាប់នោះទេៈ ខ្ញុំបានសុំទោសពួកគេ! ជាចុងក្រោយ យើងបានឃើញសភាពទីក្រុងភ្នំពេញ ប្រែក្លាយជាទីក្រុងខ្មោច។ សម្រាប់ខ្ញុំ ការជម្លៀសប្រជាជនចេញពីរាជធានីគឺជាការរំលោភបំពានសិទ្ធិមនុស្ស ហើយខ្ញុំក៏បានសរសេររឿងនេះផងដែរ ប៉ុន្តែ វាត្រូវបានលិចកប់បាត់នៅក្នុងអត្ថបទរបស់ខ្ញុំ ព្រោះខ្ញុំបានសរសេរលើកឡើងពីចំណុចវិជ្ជមានយ៉ាងច្រើនរបស់ខ្មែរ ក្រហម»។ ម្យ៉ាងវិញទៀត នៅពេលយប់មកដល់ ពោលគឺជាពេលវេលានៃការកើតមានរឿងសោកនាដកម្ម ប្រតិភូស៊ុយអែដត្រូវបានជម្លៀសអោយចេញឆ្ងាយ។ ពួកគាត់មិនដែលមានសិទ្ធិសំរាននៅក្នុងសហករណ៍ជាមួយកម្មករឡើយ។ «នៅពេលថ្ងៃ យើងមិនមានអារម្មណ៍រស់នៅក្នុងបរិយាកាសមួយដ៏ភ័យខ្លាចនោះទេ...»។
មាន មូលហេតុជាច្រើន ដែលអាចបញ្ជាក់បានអំពីការជឿទាំងងងឹតងងល់ ចំពោះពាក្យកុហសរបស់ខ្មែរក្រហមនេះ។ កាលនោះ លោកហ្គុនណា មានអាយុ២៧ឆ្នាំ ដែលជាវ័យមួយ ឆាប់ទទួលការទាក់ទាញពីមនោគមវិជ្ជាកុម្មុយនីស្ត ដែលតែងតែទទួលរងនូវការរិះគន់ជាញឹកញាប់។ ក្រោយមកលោក ក៏ដូចជាអ្នកដទៃផ្សេងទៀតត្រូវបានទាក់ទាញដោយមនោគមវិជ្ជា កុម្មុយនីស្តម៉ៅនិយម ដោយបានចូលរួមយ៉ាងសកម្មនៅក្នុងចលនាប្រឆាំងសង្គ្រាមនៅវៀតណាម ដែលដឹកនាំដោយសហរដ្ឋអាមេរិក ហើយនៅប្រទេសស៊ុយអែដ ចលនានេះមានសកម្មភាពខ្លាំងក្លាបំផុត។
ការផ្លាស់ប្តូរគំនិតរយៈពេល ប្រាំមួយខែក្រោយពីការវិលត្រឡប់មកប្រទេសកំណើតវិញ លោកហ្គុនណា បានចេញផ្សាយអត្ថបទមួយ ដែលបានសរសេរថាលោកទទួលស្គាល់ថាពួកគាត់ពិតជាត្រូវបាន ខ្មែរក្រហមបោកប្រាស់។ ដូចនេះ គាត់បានសម្រេចចិត្តកាត់ផ្តាច់រឿងរ៉ាវពីអតីតកាលរបស់ខ្លួន ផ្តាច់ខ្លួនចេញពីមនោគមវិជ្ជា ដែលបានដឹកនាំជីវិតរបស់គាត់ រហូតមកទល់ពេលនោះ។ លោកសារភាពថា «ខ្ញុំមិនអាចវាយស្ទង់អំពីទំហំនៃអំពើប្រល័យពូជសាសន៍ និងភាពភ័យខ្លាចបាននោះទេ»។
លោកទទួលស្គាល់ថា ចាប់តាំងពីមានបទពិសោធន៍ដ៏អាក្រក់នេះមក លោកតែងតែមានការសង្ស័យ ចំពោះរាល់ដំណោះស្រាយប្រកាន់បក្សពួកនិយមទាំងអស់»។ ដោយឡែក លោកបានលើកឡើងថា រាល់បដិវត្តន៍កុម្មុយនីស្តនៅក្នុងប្រវត្តិសាស្រ្តទាំងអស់ បានបញ្ចប់ទៅដោយភាពសោកសៅ»។
ដោយសារលោកជឿថាលោកលែងត្រូវ មនសិការជេរស្តី លោកហ្គុនណាក៏ចេញទៅរស់នៅភាគខាងត្បូងប្រទេសស៊ុយអែដ។ នៅទីនោះ លោកមើលថែអ្នកញៀនថ្នាំ«ទាំងយប់ទាំងថ្ងៃអស់រយៈពេល១១ឆ្នាំ ពេញ»។ «ខ្ញុំគិតថា ខ្ញុំប្តូរទៅជាមនុស្សម្នាក់ផ្សេងទៀត ហើយរាល់ការទាក់ទងនឹងកម្ពុជាគឺត្រូវបញ្ចប់…»។ ប៉ុន្តែសំណួររបស់អ្នកកាសែតជាច្រើនដែលចោទសួរថា«តើលោកអាចជឿទៅ លើរបបនេះយ៉ាងដូចម្តេចទៅ?» ជាង១០ឆ្នាំមកនេះ បានតម្រូវអោយលោកគាស់កកាយការចងចាំទាំងឡាយឡើងវិញ។ រហូតដល់អ្នកកាសែតស៊ុយអែដម្នាក់បានបោះពុម្ពផ្សាយសៀវភៅមួយ ស្តីទស្សនកិច្ចរបស់គណៈប្រតិភូឆ្នាំ១៩៧៨ កាលពី៣ឆ្នាំ ហើយទីបំផុតបានធ្វើអោយលោកគិតចង់វិលត្រឡប់មកកម្ពុជា។ ការពិភាក្សាដ៏ខ្លាំងក្លាមួយពីបញ្ហានេះក៏ធ្វើឡើងនៅប្រទេស ស៊ុយអែដ។
បន្ទាប់មក គឺកាលពី១ឆ្នាំកន្លះមុន លោកហ្គុនណាបានដំណឹងថាលោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) មកដល់ទីក្រុងស្តុកខម នៅក្នុង សិក្ខាសាលាមួយស្តីពីតុលាការខ្មែរក្រហម។ លោកសម្រេចចិត្តទៅជួបលោកឆាំង យុ ដើម្បីប្រគល់បណ្ណសារពីកម្ពុជា «ដែលនឹងមានប្រយោជន៍នៅក្នុងមជ្ឈមណ្ឌលរបស់គាត់ឯក្រុងភ្នំពេញច្រើន ជាងនៅក្នុងទូរបស់ខ្ញុំ»។
«នៅពេលឃើញរូបថតរបស់ខ្ញុំ លោកឆាំង យុ មានគំនិតភ្លាមថានឹងធ្វើពិព័រណ៍មួយពីវា។ ខ្ញុំយល់ព្រម ប៉ុន្តែក្នុងលក្ខខណ្ឌថារូបទាំងនេះត្រូវមានអមដោយការអធិប្បាយ ពន្យល់ត្រឹមត្រូវ ដើម្បីកុំអោយវាមើលទៅគ្រាន់តែជារូបថតឃោសនាពីរបបនោះ»។ ពាក្យអធិប្បាយពន្យល់នៅខាងក្រោមរូបថតនីមួយៗដែលលោកហ្គុនណាសរសេរ ឡើង គឺចែកជាពីរ អាចដល់ទៅបី។ ទី១ លោកពន្យល់ពីអ្វីដែលលោកបានឃើញនិងអ្វីដែលលោកបានជឿនៅឆ្នាំ ១៩៧៨។ ទី២ លោកសរសេរពីអ្វីដែលលោកគិតបច្ចុប្បន្ន ហើយទី៣នោះគឺចួនកាលលោកបង្ហាញពីគំនិតហាមឃាត់ទាំងឡាយ។ ការពិព័រណ៍នឹងប្រព្រឹត្តទៅនៅកម្ពុជា ប៉ុន្តែរូបថតទាំងនោះនឹងត្រូវតាំងជាអចិន្ត្រៃយ៍នៅលើជញ្ជាំង សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង នៅទីក្រុងភ្នំពេញ។
លោកសង្ខេបថា ដើម្បីត្រឡប់មកកម្ពុជា ការរៀបចំខ្លួនត្រូវចំណាយពេល«វែងឆ្ងាយ»។
ការវិលត្រឡប់ : វិធីបំបាត់អារម្មណ៍ថាខ្លួនឯងធ្វើខុសក្នុង ចំណោមបញ្ញវន្តមកពីប្រទេសផ្សេងៗ ដែលបានមកធ្វើទស្សនកិច្ចនៅក្នុងប្រទេសរបស់ខ្មែរក្រហម មនុស្សជាច្រើនមិនត្រូវបានគេរិះគន់ដូចគាត់នោះទេនាពេលក្រោយមក ទៀត។ «ខ្ញុំរហូតទៅដល់ប្រកាសថា ទស្សនកិច្ចនោះមិនគួរមានទេ វាគ្រាន់តែជាការឃោសនាមួយ»។
ទោះបីលោកបង្ហាញពីភាពស្មោះ ត្រង់នេះក៏ដោយ ក៏វិប្បដិសារីនៅតែមានលើរូបលោកដែរ។ «ខ្ញុំគិតថា ខ្ញុំបានធ្វើអ្វីមួយមិនល្អ។ ត្បិតថាការកាប់សម្លាប់គឺជាការប្រព្រឹត្តិរបស់ប៉ុលពតនិងអៀង សារី ប៉ុន្តែខ្ញុំក៏នៅខាងអាក្រក់ដែរ! ដូច្នេះហើយបានជានៅក្នុងអារម្ភកថាសៀវភៅកាតាឡុក ដែលគេដាក់បង្ហាញបច្ចុប្បន្ននៅក្នុងពិព័រណ៍រូបថត ខ្ញុំបានសរសេរថា ខ្ញុំធ្លាប់ជាអ្នកគាំទ្ររបបកម្ពុជាប្រជាធិបតេយ្យ ហើយខ្ញុំសោកស្តាយជាទីបំផុតចំពោះរឿងនេះ។ ប្រសិនបើខ្ញុំអាចមកនិយាយប្រាប់ប្រជាជនកម្ពុជាផ្ទាល់មាត់ នោះខ្ញុំគិតថា វាប្រសើរជាងតាមសៀវភៅ!»។
លោកហ្គុនណាមិន លាក់បាំងបន្តិចឡើយពីការបារម្ភរបស់លោកមួយថ្ងៃមុនចូលរួមក្នុង វេទិកាមួយ រៀបចំឡើងនៅក្នុងប្រទេស។ ក្នុងវេទិកានោះ លោកនឹងត្រូវជួបប្រជាជនកម្ពុជា ដើម្បីឆ្លើយសំណួររបស់ពួកគេ។ «ខ្ញុំបានអានច្រើនណាស់ មុននឹងមកទីនេះ ប៉ុន្តែការប្រឈមមុខនេះគឺជាអ្វីមួយដែលយើងមិនអាចរៀបចំខ្លួន បានឡើយ... »។ រហូតមកដល់ថ្ងៃនេះលោកជាអ្នកទី១ហើយដែលធ្វើដូច្នេះ ហើយវាអាចផ្តល់ចម្លើយខ្លះដល់ប្រជាជនកម្ពុជា ដែលអស់រយៈពេល៣០ឆ្នាំមកហើយ ពួកគេតែងតែឆ្ងល់ថាតើហេតុអ្វីសហគមន៍អន្តរជាតិមិនដែលមកជួយពួកគេ សោះអំឡុងពេល៣០ឆ្នាំ ៨ខែនិង២០ថ្ងៃនៃសុបិនដ៏អាក្រក់នេះ។