កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
របប​ខ្មែរក្រហម​នៅ​កម្ពុជាៈ យុវជន​ខ្មែរ​ជឿ​ត្រឹម​តែ​៥០%​រឺ?
ដោយ ស្ទេហ្វានី ហ្សេ ជាមួយ អឹម លឹម   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០៤-១១-២០០៨

អន្លុងវែង (ខេត្តឧត្តរមានជ័យ កម្ពុជា) ថ្ងៃទី១៩ ឧសភា ឆ្នាំ២០០៧៖ ការបណ្តុះបណ្តាលនិស្សិតក្មេងៗ ដែលរៀបចំធ្វើឡើងនៅផ្ទះរបស់តាម៉ុក

 © ចន វីង / Magnum

ភាព ​យន្តឯក​សារ «មន្ទីរស២១ : ម៉ាស៊ីន​ពិឃាដ​របស់​ខ្មែរ​ក្រហម​»​ របស់​ផលិត​ករប៉ាន់ រិទ្ធី បាន​​​បញ្ចប់ទៅ ជាមួយ​នឹង​​សភាព​ស្ងប់​ស្ងាត់​ ក្រោម​ក្រសែភ្នែក​របស់​មហាជន​ ដែលសុទ្ធ​សឹង​តែ​ជា​សិស្ស​និស្សិត​ ដែលមក​ជួប​ជុំ​គ្នា​ នៅ​ថ្ងៃ​អាទិត្យ ទី​២៦ តុលា នា​ទីក្រុង​ភ្នំពេញ នៅក្នុង​កម្មវិធី​មួយ​ រៀប​ចំ​ឡើង​ដោយ​អង្គការ​កម្ពុជា​មួយឈ្មោះថា កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​(ក.អ.ធ.យ)។ ទីកន្លែង​មាន​លក្ខណៈសម​រម្យ គឺនៅក្នុង​សាល​ដាក់តាំង​រូបគំនូរ​ ក្នុង​​គេហដ្ឋាន​​របស់​លោក វ៉ាន់ ណាត ដែលជា​អ្នក​នៅ​រស់រានមានជីវិតមួយ​រូប​ពី​មន្ទីរ​ស-២១។ លោ​ក​ជា​អ្នក​គូរ​រូប​ទិដ្ឋភាព​ដ៏សាហាវ​ឃោរ​ឃៅ​នៃ​អតីត​មន្ទីរ​ឃុំ​ឃាំង​ និងធ្វើទារុណកម្ម ទួល​ស្លែង ដែល​បច្ចុប្បន្ន​នេះ បាន​ប្រែ​ក្លាយ​ទៅជា​​សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​។ នៅពេល​អំពូល​ភ្លើង​បើក​​​ឡើងវិញ យុវនារី​ម្នាក់​​បាន​អះអាង​ទាំង​អារម្មណ៍​ភ័យ​តក់​ស្លុត​​ថា «កាល​ពី​មុននេះ​ ខ្ញុំ​មិនជឿ​លើ​រឿង​ខ្មែរក្រហមនេះ​​នោះទេ ប៉ុន្តែ នៅ​ពេល​​ខ្ញុំបាន​​មើល​ខ្សែ​ភាព​យន្ត​នេះ ខ្ញុំ​ចាប់​ផ្តើម​ជឿ​ជាក់​តិចៗ​ហើយ​​...»​។ ខណៈពេល​សវនាការ​របស់ឌុច ​អតីត​ប្រធាន​​មន្ទីរ​ឃុំ​ឃាំង​​ស-២១ នឹង​បើក​ការ​ជំនុំ​ជម្រះ​​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត​នេះ យុវជន​នៅ​​កម្ពុជា​ខ្លះ​នៅ​មិនទាន់​ជឿ​លើរឿង​សោក​នាដ​កម្ម​ ដែល​បាន​ប្រព្រឹត្ត​នៅ​សម័យ​គ្រប់គ្រង​របស់​​ប៉ុល ពត និង​បក្ស​ពួក​​របស់គេ​ នៅឡើយ​នោះ​ទេ។

 

ដើម្បីជឿជាក់ ត្រូវ​មើល...
កញ្ញាដ៏ស្រស់​ប្រិម​ប្រិយ​ ម្នាក់ឈ្មោះ​ ម៉ារីណា ​ជានិស្សិត​​ផ្នែក​ពាណិជ្ជកម្ម ​រៀន​នៅ​​សាលា​ឯក​ជន​មួយ នា​ទីក្រុង​ភ្នំពេញ ធ្លាប់ «លឺគេនិយាយ​អំពី​រឿង​នេះ (របប​ខ្មែរ​ក្រហម​)»។ «ឪពុក​ម្តាយ​​របស់​​ខ្ញុំ​ធ្លាប់​រៀប​រាប់​ប្រាប់​ខ្ញុំខ្លះដែរ ប៉ុន្តែ ជានិច្ចកាល គឺនៅពេល​ដែល​ពួក​គាត់​ស្តី​បន្ទោស​ចំពោះភាព​ខ្ជិលច្រអូស​របស់ខ្ញុំ​។ ពួកគាត់​បន្ទោស​ខ្ញុំថា​ “បើកូន​ធ្វើ​ឫកពារ​បែប​នេះ នៅសម័យ​ខ្មែរក្រហម កូននឹង​ស្លាប់​មិន​ខាន​!”»។​ នាង​ចាត់ទុក​រឿង​និទាន​របស់​ឪពុក​ម្តាយ​ខ្លួន ថាជា​រឿងបំភ្លើស ដោយ​សារ​​ពួកគាត់ខឹង​ ហើយ​នាង​ប្រកាស​ថា​នាង​ជឿ​រឿង​នេះ ​«ត្រឹម​តែ​​ពាក់​​កណ្តាល​ប៉ុណ្ណោះ»។​

បន្ទាប់ពី​ការ​បញ្ចាំង​ភាព​ យន្ត​ឯកសារ​ស្តីពីមន្ទីរ​ស-២១​ និង​ជំនួប​ជាមួ​យ​លោក​វ៉ាន់ ណាត កញ្ញា​ ម៉ារីណា បាន​និយាយថា​ ពេលនេះ នាង​ជឿ «៨០%» ហើយ។ តើហេតុអ្វី នាងមិនជឿ​១០០%? ស្ថិត​ក្នុង​សំលៀក​បំពាក់អាវផ្កា សក់​ចង ​ កញ្ញា​ឆ្លើយតប​វិញ​ថា «​ព្រោះ​ខ្ញុំ​មិន​ធ្លាប់​​បាន​​ឃើញ​ព្រឹត្តិការណ៍​បែប​នេះ​ផ្ទាល់​ភ្នែក​ របស់ខ្ញុំ!»។ ម្យ៉ា​ង​វិញទៀត មិនធ្លាប់​មាននរណា​និយាយរឿង​នេះ​ប្រាប់​នាង ​នៅ​ក្នុង​​ថ្នាក់​រៀន ក៏ដូច​ជានៅ​តាម​ទូរទស្សន៍​នោះ​ទេ​។​​​ កញ្ញា​ម៉ារីណា​​​ បាន​ពន្យល់​ថា​ ប្រសិន​​ជា​កញ្ញាចុះ​ឈ្មោះ​ចូលរួម​នៅក្នុង​កម្មវិធី​របស់​ ក.អ.ធ.យ ​នេះ ក៏ព្រោះ​ចង់​ស្វែង​​​យល់​ពីការ​ពិត​នៃ​ប្រវត្តិសាស្រ្ត​មួយ​​នេះ។​ កញ្ញាសំណូមពរ​ថា​ «ឪពុក​ម្តាយ​ទាំង​​អស់​​​គួរតែចំណាយពេល​វេលា​ខ្លះ ដើម្បី​​រៀប​រាប់ប្រាប់យើង នូវអ្វី​ដែល​ពួក​គាត់​ធ្លាប់​​បាន​​ឆ្លង​កាត់»។

ពីរឿង​ព្រេងនិទាន មកជា​ប្រវត្តិសាស្រ្ត​ពិត
នៅពេល ​ចាប់ផ្តើម​បើក​អង្គ​​​សិក្ខាសាលា ​លោក​ជាង សុខា នាយក ក.អ.ធ.យ បាន​ទទួល​ស្គាល់​​ថា​ «មនុស្ស​យើងធ្លាប់​​ត្រូវ​បាន​គេ​យកទៅ​​សម្លាប់ ពីបទ​​ចាប់​ក្តាមតូចៗ នៅតាម​វាល​ស្រែ។ គ្រប់​បទ​ល្មើស​ទាំងអស់​សុទ្ធ​តែមិនគួរ​អោយ​ជឿ»។ បន្ទាប់មក ​លោក​បានពន្យល់ថា​វេទិកា​ប្រភេទ​នេះ​ ត្រូវ​បាន​រៀប​ចំឡើង ក្នុង​គោល​បំណង​​​បង្ហាញនូវ​ផល​ប៉ះពាល់​​ផ្សេង​ៗនៃ​របប​​ខ្មែរ​ក្រហម​មកលើ​ សង្គម​កម្ពុជា និង​បើក​ភ្នែក​ ពិនិត្យពិច័យ​​អនាគត​មេដឹកនាំ​កម្ពុជា ដើម្បី​ជៀស​វាង​​​​ប្រវត្តិ​សាស្រ្ត​​ច្រំដែរ។

ទស្សនកិច្ច​ សារមន្ទីរ​​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង (អតីត​មន្ទីរ ស-២១) គំនរឆ្អឹង​ខ្មោច​នៅ​ជើងឯក សាលាក្តីខ្មែរក្រហម​នៅជាយ​រាជធានី ជំនួប​ជាមួយ​អ្នក​នៅរស់រានមានជីវិត… ​កញ្ញា​ សុវត្ថា យុវនារីស្ម័គ្រ​ចិត្ត​របស់​ ក.អ.ធ.យ បាន​អះ​អាង​​ថា​ តាម​រយៈ​គំនិត​ផ្តួច​ផ្តើម​​ជា​ច្រើន​នេះ​ ក្រសែភ្នែក​របស់​យុវជនមកលើ​​របប​ខ្មែរក្រហម​​បាន​ផ្លាស់ប្តូរ​។ «ការ​ពិភាក្សានិង​ការ​មើល​​​ឃើញ​ទាំងនេះ​ ជម្រុញ​អោយ​​ពួកគេ​ចាប់ផ្តើម​មានគំនិត​ចង់​ស្វែងសិក្សា​អំពី​ប្រធាន​បទ​​នេះ ​​​។ នៅពេល​សិស្ស​និស្សិត​​​បង្ហាញប្រាប់យើង ពូកគេ​​​និយាយថា​នេះគឺជា​ប្រវត្តិសាស្រ្ត​កាល​ពី​អតីត​កាល​​ រឺជា​រឿង​ព្រេង​និទាន​។ បន្ទាប់​ពីបានតាមដាន​កម្មវិធីរបស់យើង ពួកគេ​​យល់​ឃើញ​​​ថា​វា​​ជារឿង​​បច្ចុប្បន្ន​នៅឡើយ តែ​គ្មានការ​ប្រឌិត​​​ណាមួយ​ឡើយ»។

តើ​​ស្រមោល​នៃ​របប​ខ្មែរក្រហម​ អាច​រលាយ​បាត់​ពី​ការចងចាំ​របស់​ប្រជាជន​ទាំង​មូល​បាន​ដូច​ម្តេច​?​ សម្រាប់​សុវត្ថា នេះ​គឺជាកំហុស​របស់​សម័យកាល​នៃ​សម្ភារៈ​និយម​​មួយ ព្រោះ​​មនុស្ស​យើង​មិន​គិត​ចង់​សិក្សា​ មិនអាន​សៀវភៅ មិន​ព្រួយ​បារម្ភ​ពីរឿងអតីតកាល។ ក្រៅ​ពី​នេះ​ សុវត្ថា​និយាយបន្ថែម​ថា​សៀវភៅ​ដែល​បោះ​ពុម្ពផ្សាយ ស្តីពី​ខ្មែរក្រហម ត្រូវ​បាន​​សរសេរ​​ជា​ភាសា​បរទេស​​។

ប្រជាពល​រដ្ឋ​​ខ្មែរ​ចាប់ផ្តើម​ចាប់អារម្មណ៍​លើ​​​របប​ខ្មែរក្រហម​
ជាមួយនឹង ​ភាព​ស្មោះត្រង់ និង​ចិត្ត​សប្បុរសធម៌ លោកវ៉ាន់ ណាត បាន​រៀប​រាប់​ប្រាប់​ក្មេងៗ​​ស្រករ​​​​​​ក្រោយ​នូវ​ដំណើរជីវិត និង​ស្នាមរបួសរបស់​គាត់ ព្រមទាំង​សេចក្តីស្លាប់​ប្រចាំថ្ងៃ អំពើ​ដ៏ឆ្កួត​លីលា​នៃ​របប​ខ្មៅងងឹត​មួយ ការងារ​អ​មនុស្ស​ធម៌…។ លោក​មាន​ប្រសាសន៍ថា «នេះ​​គ្រាន់​តែ​ជា​សាច់រឿងសង្ខេប​ខ្លីៗ​មួយ​ប៉ុណ្ណោះ​ ដែល​ខ្ញុំ​បាន​បង្ហាញ​ក្មួយ​ៗ​…។ ខ្ញុំ​នៅ​ទីនេះ​​​ជា​រៀង​រាល់ថ្ងៃ នៅក្នុង​បន្ទប់​គំនូរ​​របស់ខ្ញុំ។ ប្រសិនជា​ក្មួយ​​ចង់មកជួបនិយាយ​ជាមួយ​​ខ្ញុំ ខ្ញុំ​សូម​អោយ​ក្មួយៗ​​ប្រាប់​ខ្ញុំ​អោយបានដឹង​ជាមុនតាម​ទូរស័ព្ទ»។

អ្នក ​នៅរស់រានមានជីវិត​ពីរប​ប​ខ្មែរក្រហមរូប​នេះ​បាន​​ទទួល​ស្គាល់ថា ​យុវជន​នៅ​មាន​ចម្ងល់​ ​ទាក់​​ទិននឹងអត្ថិភាព​​របប​កម្ពុជា​ប្រជាធិបតេយ្យ​​មួយ​នេះ​ ហើយ​អំពើ​ដ៏​សាហាវ​ព្រៃផ្សៃ​នៃ​របប​​គ្រប់​​គ្រង​នេះ​បាន​បង្កើតជា​ការ​ ព្រួយ​បារម្ភ​។​ «ហេតុ​ដូច្នេះ​ហើយ​ទើប​បានជា​ យើង​ចាំបាច់​ត្រូវ​តែ​ពន្យល់​ប្រាប់ដល់​ក្មេងៗ​ជំនាន់​ក្រោយ​​អោយ​បាន​ដឹង។​   ប៉ុន្តែ បញ្ហា​ផ្សេងៗ​អាច​​នឹង​ផ្លាស់​ប្តូរ​។ រហូត​មក​ទល់​ពេល​នេះ មាន​តែជ​ន​បរទេស​ប៉ុណ្ណោះ​ដែលមកជួប​ខ្ញុំ សួរ​សំណួរ​​ខ្ញុំ​ ទាក់ទង​នឹង​ដំណើរ​​ជីវិត​របស់​ខ្ញុំ​។ ឥឡូវ​នេះ គឺជាលើក​ដំបូង​ហើយ​ដែល​​ជន​រួម​ជាតិ​​​បាន​សួរ​សំណួរ​​ខ្ញុំ​….»។

កុសល និស្សិត​ឆ្នាំទី​២ ផ្នែកចិត្ត​វិទ្យា នៃ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាន​សំដែង​ការ​សោក​ស្តាយ​ថា​កម្មវិធី​សិក្សា​នៅសាលា​មិនផ្តោត​ការ​យកចិត្ត​ ទុក​ដាក់ទៅលើ​របប​ខ្មែរ​ក្រហម​​​នោះ​ទេ ទោះបីជា​មាន​សាស្រ្តាចារ្យ​​​មួយ​ចំនួន​បាន​និយាយ​សង្ខេប​នូវ​ប្រវត្តិ​ ខ្មែរ​ក្រហម​​​នៅក្នុង​​ថ្នាក់រៀន​​ក៏​ដោយ។​ កុសល​សួរ​សំណួរ​យ៉ាង​ម៉ឺង​​ម៉ាត់ថា «​វេទិកា​ទាំងនេះ​គឺ​ជា​យុទ្ធសាស្រ្ត​​ដ៏​ល្អ​មួយ ប៉ុន្តែ គេ​មក​ស្តាប់ រួច​ គេនឹង​ភ្លេច​អស់​។ អ្នកមកចូលរួម​ទាំងនោះ​គ្រាន់​តែ​ជា​មហាជន​​​មួយ​ក្តាប់​តូច​​​ប៉ុណ្ណោះ។ បន្ទាប់​ពី​ជំនួប​នេះ​បាន​បញ្ចប់ តើអ្នក​ណា​ជាអ្នក​ផ្ទេរ​ចំណេះ​ដឹង​ទាំង​នេះ​បន្តទៀត ហើយ​តើ​អ្នក​ណា​​​ដែល​ហ៊ាន​អះអាងថា​ ពីមួយ​ជំនាន់​ទៅ​មួយ​​ជំនាន់ ចំណេះដឹង​ទាំងនេះ​នឹង​មិន​បាត់​បង់ទៅវិញ​នោះ?»

ខ្មែរក្រហម នឹង​ដាក់បញ្ចូល​នៅក្នុង​កម្មវិធីសិក្សា​ នាពេលខាងមុខ​នេះ
ទោះបីជា ​អនុស្សាវរីយ៍​ដ៏ជូរចត់​នៅតែ​ដក់ជាប់នៅក្នុង​ក្រអៅ​បេះដូង​នៃ​គ្រួសារ​មួយ​​ ចំនួន​ក៏ដោយ​ ​ក៏​គេ​មិន​បាន​ដាក់បញ្ជូល​ប្រវត្តិសាស្រ្ត​នៃ​របប​នេះ​ ទៅ​ក្នុង​​កម្មវិធី​សិក្សារបស់សិស្ស​នោះ​ទេ​​នៅ​ទសវត្ស​ចុង​ក្រោយ​នេះ​។​ រដ្ឋាភិបាល សហការ​​ជាមួយ​មជ្ឈមណ្ឌល​ឯក​សារ​កម្ពុជា​​ អាច​នឹង​​ជួស​ជុល​ «ការ​បំភ្លេច​​នេះ» ឡើង​វិញ ក្នុងពេលឆាប់​ៗនេះ។ នៅខែធ្នូខាងមុខ​នេះ​ មជ្ឈមណ្ឌលឯក​សារ​កម្ពុជា​ នឹង​ប្រគល់​​សៀវភៅ​​ព័ត៌មាន​មួយក្បាល មាន​៧៨ទំព័រ ស្តី​ពីរ​ប​ប​ខ្មែរ​ក្រហម​ ព្រមទាំង​ពិធី​​បូជាមនុស្ស​​ផ្សេង​ៗ នៅទ្វីប​អឺរុប និងអាមេរិក​​ ជូន​រដ្ឋាភិបាល​​កម្ពុជា ទុក​សម្រាប់អោយ​​គ្រូ​​មធ្យម​​សិក្សា ​ប្រើប្រាស់​ជា​ឯកសារ ដើម្បី​ស្វែងយល់​រឿង​សោក​នាដ​​​កម្មនៅកម្ពុជា ​នៅ​ក្នុង​​បរិបទមួយ​ ​កាន់​តែ​ទូលំ​ទូលាយ​​​​​ជាង​​មុន​។​​ បន្ទាប់មក​ គឺទុក​អោយ​​រដ្ឋាភិបាល​ជា​អ្នក​បញ្ចប់​ការ​ចង​ក្រង​សៀវភៅនេះ។​

លោក​ ឆាំង​​ យក់​ មាន​ប្រសាសន៍លំអិត​ថា នៅខែបន្ទាប់ គឺជា​ពេល​វេលា​បណ្តុះ​បណ្តាល​​គ្រូបង្គោល​ថ្នាក់​ជាតិ​ តាមរយៈ​សៀវភៅ​អប់រំ​នេះ រួច​បណ្តុះបណ្តាល​គ្រូប​ង្គោល​ថ្នាក់ខេត្ត និង​ជាចុង​ក្រោយ សាស្រ្តាចារ្យ​ចំនួន​៣ ០០០នាក់ នៅ​អនុវិទ្យាល័យ និងវិទ្យាល័យ​​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​​ ប្រសិនជាការងារ​នេះ​ដំណើរការ​យ៉ាង​រលូន ចាប់ពី​ពេលនេះ រហូតដល់​ចុង​ឆ្នាំ​២០០៩ ប្រវត្តិសាស្រ្ត​កម្ពុជា​ប្រជាធិបតេយ្យ​​នឹង​ត្រូវ​បង្រៀន​ជាផ្លូវការ​នៅតាម ​សាលារៀន​​នីមួយៗ​​។

ប្រវត្តិសាស្រ្តសណ្តោង​គ្រូបង្រៀន
អ្នកជំនាញ ​ការ​អន្តរជាតិ​​ផ្នែក​​ពិធី​​បូជាមនុស្ស ចំនួន​១៨នាក់ និង​មន្រ្តីរដ្ឋាភិបាល​២៤នាក់ កំពុង​ធ្វើការងារ​ ចង​ក្រង​សៀវភៅ​នេះ​ឡើង​។ ពេលនេះ​ គេមិន​ទាន់​សម្រេច​​ថា​តើ​ការ​សិក្សា​ពី​​សម័យនេះនឹងត្រូវ​បែង​ចែក​ទៅតាម​​ កំរិត​សិក្សារបស់​សិស្ស​​យ៉ាង​ដូចម្តេច​នោះទេ​​។ លោក​នាយ​ក​​​មជ្ឈមណ្ឌល​ឯក​សារ​កម្ពុជា​បាន​​កត់​សម្គាល់​​ថា អ្វីដែល​ជឿ​ជាក់​នោះ គឺ​វា​នៅ​មិន​ទាន់​គ្រប់​គ្រាន់​​នៅឡើយ​ទេ។​ លោក​​បានលើកឡើង​ម្តងទៀត​ថា​សិស្ស​កំរិត​មធ្យម​សិក្សា​បានទទួល​ការ​បង្រៀន​ មុខវិជ្ជា​ប្រវត្តិវិទ្យា រយៈពេល​ត្រឹមតែ​៤៥នាទីប៉ុណ្ណោះ​ ក្នុង​មួយ​សប្តាហ៍។​ «យើង​​ចង់​អោយ​គ្រូ​ប្រវត្តិវិទ្យា​ចំណាយពេល​វេលាខ្លះ​សម្រាប់​សិស្ស។ ប្រជាជន​កម្ពុជា​​អាច​មាន​ការ​​វិនិច្ឆ័យ​ខុស និង​បង្កើត​​កំហុស​ឆ្គង​នៃអតីតកាល ដោយ​សារ​មិន​មាន​​ចំណេះ​ដឹង​ផ្នែក​ប្រវត្តិសាស្រ្ត​នៃ​ប្រទេស​ របស់ខ្លួនច្បាស់លាស់​»។

លោក​ឆាំង យក់ បាន​វាយតម្លៃថា មានតែការ​សិក្សា​ពី​របប​ប៉ុល ពត នៅថ្នាក់​រៀន​​ប៉ុណ្ណោះ ដែល​អាច​លុប​បំបាត់ភាពមិនអើពើ និងមិនជឿជាក់របស់​​​យុវជន​ខ្មែរ​​មួយចំនួនធំបាន​។ «អ្វីដែល​បានកើតឡើង វាពិបាកនឹង​ជឿ និងពន្យល់​ណាស់។ ដូចនេះ ការ​បង្រៀន​វិទ្យាសាស្រ្ត​​​ពិត​នេះ​មាន​សារៈប្រយោជន៍​ ក្នុង​ការ​​ធ្វើអោយ​រឿង​និទាន​នេះ​ប្រែក្លាយពី​ប្រវត្តិ​សាស្រ្ត​​​ធម្មតា​ ទៅជា​ប្រវត្តិសាស្រ្តដ៏​ពិត​ប្រាកដមួយ​។​ ហេតុដូចនេះ ​មនុស្ស​ជំនាន់ក្រោយ​នឹង​ទទួល​​បាន​ការអប់រំ​គ្រប់គ្រាន់ល្មម​ ដើម្បី​ផ្លាស់​ប្តូរ​ការយល់​ឃើញរបស់ខ្លួន។ គេ​ត្រូវ​ជៀស​ចេញ​អោយ​ផុតពី​បញ្ហា​ផ្លូវចិត្ត​របស់អ្នកដែល​នៅរស់រាន​ មានជីវិត ដើម្បី​ចូល​នៅក្នុង​ការ​​អប់រំ​យ៉ាង​មាន​ប្រសិទ្ធភាព ដោយ​គ្មានការ​លំបាកផ្សេងៗ។ ​ចាប់ពីពេលនេះ​ត​​ទៅ ប្រសិន​​​បើ​ជា​មនុស្សមួយ​ចំនួន​នៅតែ​ប្រកែកមិនជឿ ក៏ដោយសារ​តែ​ពួក​គេ​​មានការ​អាម៉ាស់​ ​ ចំពោះ​ព្រឹត្តិការណ៍​​ដែលបានកើត​មានឡើងនៅក្នុ​ង​ប្រទេស​របស់​ខ្លួន​។  

នេះប្រហែល ​គឺជា​កេរមរតក​ដ៏ធ្ងន់មួយ​ដែល​ត្រូវ​ទូល​រ៉ែក​។ ប៉ុន្តែ ការមិនដឹង​លឺ​អ្វីសោះ អាច​បង្ក​ជា​គំនិត​គ្រោះថ្នាក់​។ យុវវ័យ​ ដែល​កើត​​ក្រោយ​ឆ្នាំ​១៩៧៩នេះ​ ត្រូវ​តែ​ផ្តាច់​ខ្លួន​ចេញ​ពី​គំនិត​​ទាំង​នេះ។ បច្ចុប្បន្ន​នេះ​យុវជន​ទាំង​នោះ​មាន​ចំនួនច្រើនជាង​ពាក់កណ្តាល​នៃ​ចំនួន​ ប្រជាជន​កម្ពុជា​។


1 អធិប្បាយ
ដោយ មេត្តា 2009-05-05 03:52:44
ជំរាបសួរ លោក អ្នកនាង កញ្ញា ជាទីគោរពរាប់អាន,
ប្រជាជនខ្មែរដែលធ្លាប់បានទទួលរងគ្រោះនូវការឈឺចាប់​ក្រោមការដឹកនាំរបបកម្ពុជា ប្រជាធិបតេយ្យ​​ពី​១៩៧៥ ដល់១៩៧៩ ។ តើការកាប់សម្លាប់ប្រល័យពូជសាសន័ដ៏រង្គាលជាស្នាដៃរបស់បុគ្គលទាំង៥រូបនេះ ឬ ក៏មានប្រទេសណាទៀតនៅពីក្រោយ ។
ប្រសិនបើជាមានសូមមេត្តាចំណាត់ការឲ្យបានសមស្របទៅនឹងឆន្ទៈប្រជាជន
ខ្មែរដែលនៅសល់ពីសេចក្តីស្លាប់ ។ អរគុណ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ