ភ្នំពេញ (កម្ពុជា) ថ្ងៃទី៦ វិច្ឆិកា ២០០៨៖ លោកហ៊ឹម សុធី អ្នកនិពន្ធបទភ្លេង «ទីដំរីយំ»
©ឡឺរ៉ង់ ឡឺហ្គូអង់វិក
ទោះបីជា លោកនៅក្នុងផ្ទះដ៏តូចមួយនៃភូមិមួយ នាខេត្តព្រៃវែង រឺ នៅក្នុងបន្ទប់រៀនតូរ្យតន្រ្តីនៃសាកលវិទ្យល័យវិចិត្រសិល្បៈ នាទីក្រុងភ្នំពេញ រឺមួយនៅតាមវិថីនៃទីក្រុងម៉ូស្កូ រឺមួយក៏នៅកណ្តាលអគារដ៏ខ្ពស់ស្កឹមស្កៃ ឈ្មោះ ម៉ានហាតាន (Manhattan) នាទីក្រុងញ៉ូយ៉កក៏ដោយ ក៏លោកហ៊ឹម សុភី មានគំនិតតែមួយគត់នៅក្នុងខួរក្បាលរបស់គាត់ នោះគឺការលេងតន្រ្តី និងបន្តរុករកស្ទីលតន្រ្តីថ្មីៗទៀត ដោយចិត្តអត់ធ្មត់បំផុត។ ស្ថិតនៅក្នុងវ័យ៤៥ឆ្នាំ តន្រ្តីករផ្នែកតន្រ្តីសម័យលោកខាងលិច ជាជនជាតិកម្ពុជារូបនេះទើបតែបានបញ្ចប់នូវស្នាដៃការងារមួយ នៃបំណងប្រាថ្នា និងភាពចង់ចេះ ចង់ដឹងរបស់គាត់ គឺការស្វែងរកវប្បធម៌តន្រ្តីផ្សេងៗ។ ដោយផ្តើមចេញពីភ្លេងបុរាណខ្មែរនៃបុព្វបុរសរបស់គាត់ លោកបានបង្កើតបានជាតន្រ្តីអូពេរ៉ា (Opéra) មួយបែប ដែលកើតចេញពីការច្របាច់បញ្ជូលគ្នារវាងឧបករណ៍ភ្លេងបុរាណខ្មែរ និងឧបករណ៍ភ្លេងចង្វាក់រ៉ុក។ នៅថ្ងៃទី២៨ ខែវិច្ឆិកាខាងមុខនេះ ការប្រគុំតន្រ្តីពិភពលោកលើកដំបូង ឈ្មោះថា «ទីដំរីយំ» នឹងត្រូវរៀបចំធ្វើឡើងនៅសាលមហោស្រពចេនឡា នាទីក្រុងភ្នំពេញ។ តន្រ្តីករមិនចេះនឿយហត់រូបនេះបានពេញចិត្តរៀបរាប់ដំណើរជីវិត របស់គាត់ ព្រមទាំងការបង្កើតតន្រ្តីអូពេរ៉ាលាយជាមួយចង្វាក់រ៉ុកខ្មែរ និងគម្រោងរបស់គាត់។
ជីវិតតន្រ្តីករលោកហ៊ឹម សុធីចូលចិត្តនិយាយអំពីខ្លួនឯង រៀបរាប់ប្រវត្តិរឿងខ្លីៗមិនធម្មតារបស់គាត់។ គាត់គឺក្មេងប្រុសកម្ពុជាមួយរូប ដែលកើតនៅខេត្តព្រៃវែង និងជាកូនប្រុសនិងចៅប្រុសរបស់តន្រ្តីករភ្លេងបុរាណខ្មែរ។ លោកបានក្លាយជាអ្នកនិពន្ធបទភ្លេងអូពេរ៉ាជនជាតិកម្ពុជាដំបូងគេ ដែលនឹងធ្វើដំណើរជុំវិញទ្វីបអាស៊ី នាពេលខាងមុខដ៏ខ្លីនេះ មុននឹងទៅចូលរួមសំដែងនៅសហរដ្ឋអាមេរិក។ ប៉ុន្តែ អ្វីដែលសំខាន់បំផុតសម្រាប់គាត់ គឺតន្រ្តី។ ជាការពិតណាស់ ដំណើរជីវិតរបស់គាត់ត្រូវឆ្លងកាត់នូវរឿងរ៉ាវជាច្រើន ទម្រាំក្លាយខ្លួនជាតន្រ្តីករមួយរូប ដូចសព្វថ្ងៃនេះ។
ខ្សែជីវិត របស់គាត់ ប្រហែលជាចាប់ផ្តើមចេញពីសម្លេងទ្រខ្មែរ ដែលជីតារបស់គាត់ធ្លាប់លេងកាលពីមុន នៅក្នុងវង់ភ្លេងអារ៉ាក់ នៅខេត្តព្រៃវែង ដែលស្ថិតនៅភាគខាងកើតនៃប្រទេសកម្ពុជា។ បន្ទាប់មកទៀត គឺសម្លេងរនាត ដែលជាជំនាញដ៏ប៉ិនប្រសប់របស់ឪពុករបស់គាត់នៅក្នុងវង់ ភ្លេងពិពាណ្យ។ ក្មេងប្រុស សុធី ព្រមទាំងបងប្រុសរបស់គាត់ ហ៊ឹម សារិនបានចាប់ផ្តើមលេងឧបករណ៍ភ្លេងបុរាណខ្មែរទាំងនេះជាលើកដំបូង។
តន្រ្តីករព្យាណូវ័យក្មេងនៅ ឆ្នាំ១៩៧២ ពោលគឺនៅអាយុ៩ឆ្នាំ សុធី បានចាប់ផ្តើមរៀនលេងព្យាណូ ហើយគេបានប្រឡងជាប់ ចូលរៀននៅសាលាតូរ្យតន្រ្តីនៃសាកលវិទ្យាល័យវិចិត្រសិល្បៈ នាទីក្រុងភ្នំពេញ។ ផ្លូវដើរនេះត្រូវបានជួយជម្រុញពីសំណាក់បងប្រុសនិងបងស្រី របស់គាត់។ លោកហ៊ឹម សុធីបានពន្យល់ថា «ពួកគាត់ចង់អោយខ្ញុំរៀនតន្រ្តីលោកខាងលិច។ ខ្ញុំគឺជាមនុស្សតែម្នាក់នៅក្នុងគ្រួសារដែលចេះលេងព្យាណូ។ ខ្ញុំគឺជាមនុស្សដំបូងគេនៅក្នុងថ្នាក់សរសេរបទភ្លេង ហាត់បទភ្លេង និងទ្រឹស្តីបទភ្លេង»។ លោកបានរៀបរាប់នូវមុខមាត់និងឈ្មោះរបស់សាស្រ្តាចារ្យតន្រ្តី បារាំង ដូចជាអ្នកស្រី ដេណូស (Denos) និងលោកហាយ៉េ (Hayer)។ លោកបាននិយាយឈ្មោះទាំងនេះម្តងទៀត ជាមួយនឹងការគោរពស្រឡាញ់។ ពាក្យទាំងនេះបានរម្លឹកនូវអនុស្សាវរីយ៍របស់គាត់៖ កាលនោះ គាត់ចេះនិយាយភាសាបារាំងខ្លះ តែគាត់រុញរាចិត្តក្នុងការនិយាយពាក្យទាំងនេះ គាត់ជ្រើសរើសនិយាយភាសាអង់គ្លេសវិញ។ ថ្ងៃនេះ លោកមានកិត្តិយសបង្ហាញស្នាដៃរបស់ខ្លួន ដែលជាសមទ្ធិផលកើតចេញពីក្តីសង្ឃឹម តាមរយៈការបង្ហាត់បង្រៀនរបស់គ្រូបង្រៀនបរទេសទាំងនេះ កាលពីគាត់នៅតូច។
សុធី ធ្លាប់មានក្តីសង្ឃឹមចង់ទៅសិក្សាបន្តនៅប្រទេសបារាំង ក្រោយពេលបញ្ចប់ការសិក្សានៅទីក្រុងភ្នំពេញ ប៉ុន្តែក្តីសង្ឃឹមនេះហាក់បីដូចជាត្រូវបានរលាយសាបសូន្យ ខណៈពេលដែលសុធី ត្រូវបានគេដាក់កំហិតអោយឈប់រៀនបន្ត។ នៅពេលខ្មែរក្រហមឡើងកាន់អំណាច គាត់ត្រូវបានជម្លៀសទៅជនបទ ព្រមជាមួយជនរួមជាតិរាប់លាននាក់ផ្សេងទៀត។ គាត់ត្រូវបង្ខំចិត្តលាក់អតីតកាលជាតន្រ្តីករភ្លេងសម័យវ័យក្មេង របស់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ មិនថានៅអំឡុងពេលគ្រប់គ្រងរបស់ប៉ុល ពតក៏ដោយ ក៏លោកមិនបានបំភ្លេចតន្រ្តីឡើយ។ ទោះបីជាការព្យាយាមលេងឧបករណ៍ភ្លេងសម័យប្រឈមគ្រោះថ្នាក់ក៏ដោយ ផ្ទុយទៅវិញ សម្លេងតន្រី្តបុរាណបែរជាត្រូវបានលើកលែងទៅវិញ យ៉ាងហោចណាស់នៅជនបទនៃខេត្តព្រៃវែង ដែលជាកន្លែងគាត់រស់នៅ។ ដូចនេះ គាត់ក៏រៀនលេងទ្រ ជាមួយពូរបស់គាត់ បន្ទាប់រៀនលេងរនាត។ លោកសុធីបានរម្លឹកថា «យើងរៀនលេងភ្លេងនៅពេលយប់ ប៉ុន្តែ ពួកវា (ខ្មែរក្រហម) មិនបានយកចិត្តទុកដាក់នោះទេ ប្រសិនមិនមែនជាតន្រ្តីលោកខាងលិច រឺវាមិនមានទំនាក់ទំនងណាមួយជាមួយសាសនា»។ នៅសម័យកាលនោះ លោកក៏បានរក្សាទុកជាអនុស្សាវរីយនូវទំនុកបទចម្រៀងបដិវត្តន៍ខ្លះ ផងដែរ។ លោកបានដកស្រង់ឃ្លាខ្លះនៃចម្រៀងនេះ ដាក់ចូលនៅក្នុងតន្រ្តីអូពេរ៉ា «ទីដំរីយំ» ដែលត្រូវបានតាក់តែងឡើង ដូចជានិមិត្តរូបនៃតន្រ្តីនៃភាពឈឺចាប់ និងការគាបសង្កត់ កាលពីអតីតកាល។
ឧបករណ៍តន្រ្តីនៃកំណើតថ្មីសម្លេង ស្រែកច្រៀងឃោសនារបស់ខ្មែរក្រហម និងសម្លេងត្អូញត្អែររបស់ទ្រ បង្កើតបានជាតន្រ្តីដ៏ចម្លែកមួយ ដែលសម្លេងអប្បដិរូបនេះបានធ្វើអោយលោកហ៊ឹម សុធី ចាប់ផ្តើមល្បីល្បាញជាលើកដំបូងនៃជីវិតរបស់គាត់។ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ តន្រ្តីករវ័យក្មេងរូបនេះបានប្រទះឃើញឧបករណ៍ភ្លេងបារាំងចាស់មួយដោយ ចៃដន្យ ពេលត្រឡប់មកកាន់ស្រុកកំណើតវិញ។ ឧបករណ៍ភ្លេងនេះត្រូវបានបោះបង់ចោលនៅទីនោះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ «គ្មាននរណាស្គាល់ឧបករណ៍នេះថាជាអ្វីនោះទេ ប៉ុន្តែ សំណាងល្អ ប្រជាជនមិនបានបំផ្លាញវា ដើម្បីយកធ្វើជាអុសដុត។ ផ្លែចុចពីរប៉ុណ្ណោះ បានបាត់។ ខ្ញុំក៏បានជួសជុលឧបករណ៍នេះ ក្នុងរយៈពេលត្រឹមតែពីរថ្ងៃប៉ុណ្ណោះ ហើយក៏ចាប់ផ្តើមលេងវា។ អ្នកភូមិចូលចិត្តសម្លេងវាណាស់។ ខ្ញុំលេងទាំងថ្ងៃ ទាំងយប់ រាល់អាពាហ៍ពិពាហ៍ និងរាល់ពិធីបុណ្យទានផ្សេងៗ។ ពួកគេមិនចំណាយប្រាក់អោយខ្ញុំនោះទេ ប៉ុន្តែ ពួកគេបានអរគុណខ្ញុំ ដោយអោយអង្ករ និងស្បៀងអាហារបន្តិចបន្តួច។ ខ្ញុំសប្បាយរីករាយ កាលដែលបានធ្វើអោយអ្នកភូមិសប្បាយចិត្ត។ នៅសម័យនោះ ប្រជាជនមកពីចុងកាត់មាត់ញកទាំងអស់ សុទ្ធតែស្គាល់គាត់។ ប៉ុន្តែ ឪពុករបស់ខ្ញុំត្រូវការអោយខ្ញុំធ្វើការងារផ្សេងវិញ។ កាលនោះ ខ្ញុំមានអាយុ១៧ រឺ១៨ឆ្នាំ។
ដូច្នេះ លោកហ៊ឹម សុធីបានវិលត្រឡប់មកទីក្រុងភ្នំពេញវិញ ហើយលោកទទួលបានការងារមួយ នៅសាលាក្រុង។ តន្រ្តីមិនបានចាកចេញឆ្ងាយពីរូបគាត់នោះទេ។ លោកបាននិពន្ធបទចម្រៀងជាលើកដំបូង និងបានចូលរៀននៅសាលាវិចិត្រសិល្បៈម្តងទៀត។ ប៉ុន្មានឆ្នាំក្រោយមក នៅឆ្នាំ១៩៨៥ លោកបានទទួលអាហារូបករណ៍ទៅសិក្សានៅទីក្រុងម៉ូស្កូ ផ្នែកតន្រ្តីសម័យ ហើយលោករស់នៅទីនោះបន្ត រហូតទាល់តែបានសញ្ញាបត្រថ្នាក់បណ្ឌិតផ្នែកតូរ្យតន្រ្តីវិទ្យា និងការនិពន្ធបទភ្លេង។ និស្សិតកម្ពុជារូបនេះបានជួបតន្រ្តីករជនជាតិបារាំង ព្រមទាំងស្គាល់ឈ្មោះតន្រ្តីរុស្ស៊ីសំខាន់ៗមួយចំនួន ដូចជា Tchaikovsky និង Prokofiev ជាដើម។ លោកមានប្រសាសន៍ថា «ស្ទីលនៃការនិពន្ធបទភ្លេងរបស់ពួកអឺរុបមានលក្ខណៈស្រដៀងខ្លះទៅនឹង តន្រ្តីសម្លេងទាំងប្រាំរបស់អាស៊ី» មុននឹងរម្លឹកពីបទភ្លេងឈ្មោះថា សមុទ្រ ដែលជា«ស្នាដៃមិនគួរអោយជឿ» របស់អ្នកនិពន្ធបទភ្លេងជនជាតិបារាំង Claude Debussy។
ការស្រាវជ្រាវរកស្ទីលថ្មីលោក បានស្នាក់នៅទីក្រុងម៉ូស្កូ រហូតត្រឹមឆ្នាំ១៩៩៨ ហើយ រយៈពេល១៤ឆ្នាំនៃការសិក្សា របស់គាត់នេះ បានធ្វើអោយគាត់ក្លាយទៅជាអ្នកនិពន្ធបទភ្លេងជនជាតិកម្ពុជាតែមួយគត់ មកពីទីក្រុងម៉ូស្កូ។ ពេលនោះ លោកបានស្គាល់ជីវិតសិល្បករ ជីវិតតន្រ្តីករ ដែលស្វែងរកភាពល្បីល្បាញ។ លោកបានទទួលស្គាល់ថា «ការសិក្សារបស់ខ្ញុំជួបនូវការលំបាកណាស់។ ខ្ញុំធ្លាប់ស្រមៃក្លាយជាអ្នកនិពន្ធបទភ្លេងដ៏ល្បីឈ្មោះមួយរូប ដូចជាលោក Bach , Berlioz និងលោក Ravelជាដើម។ ខ្ញុំបានស្គាល់ឈ្មោះអ្នកនិពន្ធទាំងនោះនៅក្នុងវចនានុក្រម Larousse»។ ផ្ទុយទៅវិញ នៅអំឡុងពេលសិក្សានៅប្រទេសរុស្ស៊ី ខ្ញុំចាប់ផ្តើមរៀនធ្វើតាមចិត្តរបស់ខ្លួន ដោយមិនពឹងផ្អែកលើអ្នកនិពន្ធល្បីៗទាំងនោះទេ។ «សាស្រ្តាចារ្យរបស់ខ្ញុំមិនដែលបានបង្ខំខ្ញុំអោយនិពន្ធបទភ្លេង តាមតន្រ្តីករល្បីឈ្មោះទាំងនោះទេ។ ពួកគាត់លើកទឹកចិត្តដល់ខ្ញុំ អោយចេះបង្កើតស្ទីលផ្ទាល់ខ្លួន។ សព្វថ្ងៃនេះ ខ្ញុំអាចនិយាយបានថាខ្ញុំមានស្ទីលផ្ទាល់ខ្លួនរបស់ខ្ញុំ។ សម្រាប់សញ្ញាបត្របណ្ឌិតរបស់ខ្ញុំ ខ្ញុំបាននិពន្ធបទភ្លេងដោយខ្លួនឯង ខ្ញុំបង្កើតអ័ក្សករ (accord) និងភាពពិរោះរណ្តំរបស់ខ្ញុំ ដោយផ្អែកលើទម្រង់នៃភ្លេងបុរាណខ្មែរ»។
ចំណង ជើងនៃបទភ្លេងរបស់គាត់ពិតជាបកស្រាយអំពីស្ទីលនៃការច្របាច់វប្បធម៌ បញ្ជូលគ្នា៖ «ការធ្លាក់ចុះទន់ខ្សោយនៃអង្គរ មានប្រើឧបករណ៍សូប្រាណូ ខ្លុយ ក្លារីណែត (ប្រភេទខ្លុយម្យ៉ាង) ពិណ និងស្គរ» «ទេសភាពមណ្ឌលគិរី មានប្រើវីយ៉ូឡុង និងខ្លុយខ្មែរ» «ថ្មរាំ ជាតន្រ្តីសម្រាប់ការរាំតាមបែបសម័យថ្មី» ។ ប៉ុន្តែ កាលណោះ លោកនៅមិនទាន់បានបង្កើតតន្រ្តីអូពេរ៉ា និងស្នាដៃមួយ ដែលជាការច្របាច់បញ្ជូលគ្នារវាងចង្វាក់រ៉ុក និងតន្រ្តីបុរាណខ្មែរទេ។ ពេលនេះ លោកបានបង្កើតតន្រ្តីអូពេរ៉ា-រ៉ុក ដែលមានចំណងជើងថា «ទីដំរីយំ»។ លោកធ្វើការងារនេះ តាំងពីឆ្នាំ២០០១ ជាមួយនឹងផលិតករជនជាតិអាមេរិក John Burt ដែលលោកបានជួបតាមរយៈក្រុមប្រឹក្សាវប្បធម៌អាស៊ី(ACC) ហើយនឹងអ្នកស្រី Catherine Filloux អ្នកនិពន្ធសៀវភៅជនជាតិបារាំងកាត់អាមេរិកកាំង ។ ក្រុមប្រឹក្សាវប្បធម៌អាស៊ីនេះគឺជាអ្នកដែលបានផ្តល់អាហារូបករណ៍ សិក្សាដល់គាត់។