ភ្នំពេញ (កម្ពុជា) ថ្ងៃទី៥ វិច្ឆិកា ២០០៨៖ កៅតាក់ដែលជាឆ្កែរោមរមូលក្រវង់ៗអាយុ៣ឆ្នាំ បានចូលមកសំអាងខ្លួន
© ចន វីង / Magnum
ទោះ ប្តូរមុខរបរចាស់ជាអ្នកនាំទេសចរប្រដេញសត្វក្តី ក៏ម៉ាឌូរ៉ង់ហ្កានៅតែរក្សាការស្លៀកពាក់បែបសេរី ខោរឹបខ្លីត្រឹមជង្គង់ អាវយឺតរលុង ពាក់មួកពីលើសក់វែងប្រាសស្មាក្របួចចងនឹងកៅស៊ូ។ ប៉ុន្តែស្នាមញញឹមរបស់គាត់បានបង្ហាញនូវការនឹករលឹកស្រុកកំណើត យ៉ាងខ្លាំង។ គាត់នឹកប្រទេសស្រីលង្ការ នឹកឧទ្យានជាតិដែលគាត់ធ្លាប់ធ្វើការអស់រយៈពេល៦ឆ្នាំ។ គាត់ជាអ្នកនាំទេសចរដែលចូលចិត្តបោះតង់ដើម្បីប្រដេញសត្វក្រពើ ឬក្របីឃ្លីក ខ្លាឬដំរី។ បរិយាកាសទីវាលធំ ទូលាយបែបព្រៃភ្នំនេះខុសប្លែកគ្នាដាច់ស្រឡះនឹងមុខរបរថ្មីរបស់ គាត់នៅទីក្រុងភ្នំពេញ។ ចាប់តាំងពីខែសីហាមក គាត់បានក្លាយជាជាងតុបតែងខ្លួនប្រាណឆ្កែដំបូងគេនៅកម្ពុជា។ មុខជំនួញនេះពោរពេញទៅដោយក្តីសង្ឃឹម... នៅរសៀលថ្ងៃពុធនេះ កៅតាក់ដែលជាឆ្កែរោមរមូលក្រវង់ៗអាយុ៣ឆ្នាំ បានចូលមកសំអាងខ្លួន។ ម្ចាស់របស់វាមិនដឹងថាវាជាពូជអ្វីទេ តែពួកគេអះអាងថាវាជាឆ្កែកាត់។ វាមិនដែលមកកន្លែងសំអាងបែបនេះទេ ហើយសម្រាប់ម្ចាស់វា នេះក៏ជាលើកទី១ដែរ។ ប្តីប្រពន្ធជនជាតិខ្មែរមួយគូនេះពិតមានជីវភាពធូរធារ បើពិនិត្យមើលតាមរថយន្ត ៤x៤ ដ៏ថ្មីស្រឡាងរបស់ពួកគេ។
កៅតាក់ នៅស្ងៀមអោយគេតុបតែងយ៉ាងស្រួល : មុជទឹក កក់សាប៊ូ សិតរោម ផ្លុំរោមអោយស្ងួត កាត់ កោរ...។ ប៉ុន្តែជួនកាល ភ្នែកវាមើលទៅបែបដូចឆ្ងល់ថាគេកំពុងធ្វើអ្វីអោយវាថ្នមៗបែបនេះ ហើយអណ្តាតធ្លាក់... តើជាសញ្ញានៃភាពឆោតល្ងង់ឬជាការរីករាយអស់ពីចិត្ត? យើងមិនដឹង យ៉ាងម៉េចដែរ។ វាគ្មានបង្ហាញនូវការភិតភ័យអ្វីបន្តិចសោះ។ វាញ័រតែពេលណាកន្ត្រៃទៅកៀកភ្នែកវាពេកតែប៉ុណ្ណោះ។ មិនដល់បីម៉ោងផង ឆ្កែមួយក្បាលនេះក៏មានភាពស្រស់សង្ហា កញ្ចុំរោមពណ៌សដែលមុននេះធ្លាក់រញ៉េរញ៉ៃក៏ត្រឡប់មកជាមានរបៀប រៀបរយវិញ។
អ្នកជិតខាងស្រឡាំងកាំងនៅក្នុង សង្កាត់ គេចាត់ទុកម៉ាឌូរ៉ង់ហ្កាមានមុខរបរប្លែកពីគេ។ គ្រាន់តែទ្វារផ្ទះគាត់បើកភ្លាម មនុស្សជាច្រើននាំគ្នាអើតលើមដើម្បីមើលសកម្មភាពរបស់គាត់។ «ថាម៉េច? ដើម្បីហាត់រៀនមុខរបររកស៊ីនេះ លោកទៅរៀននៅសាលាឯកទេសមួយ នៅប្រទេសសិង្ហបុរីរឺ???»។ នេះជាសំណួរដែលគេតែងតែសួរគាត់។ មែនហើយ តាមពិតទៅម៉ាឌូរ៉ង់ហ្កាមកកម្ពុជាតាមមិត្តស្រីជាជនជាតិអាមេរិកាំង ហើយដោយសារនៅកម្ពុជា គ្មានការរៀបចំដំណើរទស្សនាប្រដេញសត្វ គាត់ចាប់ផ្តើមការផ្សងព្រេងមួយនេះដែលយ៉ាងហោចអាចអោយគាត់នៅ មានទំនាក់ទំនងជាមួយសត្វ។
នៅក្នុងគ្រួសាររបស់គាត់ គេក៏ចាត់ទុកគាត់ជាមនុស្សចម្លែកដែរ។ នៅក្នុងភូមិតូចមួយ នៅឯប្រទេសស្រីលង្ការ ឆ្កែដើរអនាថាតាមផ្លូវ គ្មានអ្នកណាមានគំនិតចំណាយលុយអោយមនុស្សណាម្នាក់តុបតែងវា អោយមានសោភ័ណភាពទេ។ លោកម៉ាឌូរ៉ង់ហ្កាក៏តុបតែងអោយវា។ ប៉ុន្តែគាត់មិននឹកគិតថាមានមុខរបរបែបនេះទេ កុំតែមិត្តស្រីគាត់ប្រាប់ប៉ុណ្ណោះ។
ទីផ្សារដ៏ល្អមួយ
ជនជាតិ ខ្មែរនៅក្នុងក្រុងបច្ចុប្បន្នមានគំនិតថា ឆ្កែគឺមិនត្រឹមតែនៅចាំយាមផ្ទះប៉ុណ្ណោះទេ ប៉ុន្តែវាជាមិត្តភក្តិថែមទៀត។ ការនិយមចូលចិត្តចិញ្ចឹមសត្វឆ្កែបានកើនឡើង ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ វាបង្កើតអោយមានមុខជំនួញថ្មីមួយ ពោលគឺហាងលក់សម្ភារៈ និងចំណីសម្រាប់សត្វឆ្កែ គ្លីនិកបសុព្យាបាលបានរីកដុះដាលឡើងនៅទីក្រុងភ្នំពេញ។
បច្ចុប្បន្ន ហាង"Groomer Guy"* របស់ម៉ាឌូរ៉ង់ហ្កាទាក់ទាញអតិថិជនជាជនជាតិបរទេស និងជនជាតិខ្មែរដែលធ្លាប់រស់នៅឬធ្វើដំណើរទៅបរទេស។ ក្នុងចំណោមអតិថិជនជាង៤០នាក់ដែលធ្លាប់ប្រគល់មិត្តជាសត្វជើងបួន របស់ខ្លួនទៅអោយដៃដ៏ជំនាញរបស់ម៉ាឌូរ៉ង់ហ្កា អតិថិជនភាគច្រើនតែងតែបន្តមកធ្វើបែបនេះជាប្រចាំ។ ជនជាតិស្រីលង្ការរូបនេះអះអាងថា៖ «មុខរបរនេះពិតជាមានទីផ្សារប្រាកដណាស់»។ សម្តីរបស់គាត់ត្រឹមត្រូវ បើមើលតាមទិដ្ឋភាពសត្វដែលគេនាំមករកគាត់ : រោមជំពាក់ស្អិតជាប់គ្នាដោយសារភាពគគ្រិចធ្វើអោយយើងនឹកទៅ ដល់សក់កណ្តាញ់របស់តារាចម្រៀងបប ម៉ាកឡី (Bob Marley) នៅលើអាវយឺតដែលម៉ាឌូរ៉ង់ហ្កាកំពុងពាក់។ ប្រឈមនឹងសភាពបែបនេះ ម្ចាស់ឆ្កែតែងតែអស់កម្លាំងមុនទៅហើយ។
មុខរបរប្រថុយនឹងគ្រោះថ្នាក់?ការ ដេញសត្វព្រៃធ្វើអោយគាត់ប្រឈមមុខនឹងគ្រោះថ្នាក់តិចជាងមុខរបរ សព្វថ្ងៃ។ «ខ្ញុំត្រូវតែប្រាកដថាឆ្កែដែលខ្ញុំត្រូវសំអាត បានទទួលថ្នាំវ៉ាក់សាំងសព្វគ្រប់ បើមិនអីចឹងទេ ខ្ញុំមិនប្រថុយឡើយ។ ខ្ញុំធ្លាប់ត្រូវឆ្កែខាំពីរដងរួចហើយ! នៅទីនេះ ឆ្កែមិនដូចនៅប្រទេសសិង្ហបុរីដែលខ្ញុំហ្វឹកហ្វាត់ទេ។ ពួកវាពិបាកបញ្ចុះបញ្ចូលណាស់ ព្រោះវាមិនធ្លាប់នឹងការតុបតែងខ្លួនបែបនេះ»។ វាមិនងាយស្រួលដូចករណីរបស់កៅតាក់ទេ...
ដំណាក់ការ គ្រោះថ្នាក់ជាងគេនៃការសំអាតឆ្កែ គឺការកាត់ក្រចក និងការសំអាតត្រចៀករបស់វា។ រហូតមកដល់ពេលនេះ គេកម្រសុំអោយគាត់សំអាតឆ្កែណាស់ ប្រសិនបើវាមិនមានប្រឡៅកទេនោះ។
ការប្រដេញសត្វព្រៃស្ថិតក្នុងក្តីស្រមៃ...ទោះ ការងារនេះមិនសូវនឿយហត់ដូចអ្នកនាំទេសចរប្រដេញសត្វព្រៃ ប៉ុន្តែជាងសំអាងរូបនេះទទួលស្គាល់ថា គាត់មិនសូវជាចូលចិត្តប៉ុន្មានឡើយ។ វាលំបាកណាស់សម្រាប់គាត់ក្នុងការទប់ចិត្តមិនអោយគិតពីមុខរបរ ចាស់នោះ។ កំពុងតែធ្វើសម្ភាសន៍ គាត់ក៏ដើរចូលទៅក្នុងផ្ទះបាត់។ មួយសន្ទុះក្រោយមក គាត់ត្រឡប់មកវិញជាមួយនឹងគំនររូបថតពីឧទ្យានជាតិរបស់គាត់មួយដុំ ធំ។ មុខរបរជាអ្នកនាំផ្លូវនេះគឺសឹងតែជារបរសម្រាប់គ្រួសារទាំងមូល។ ម៉ាឌូរ៉ង់ហ្កា និយាយដោយភ្នែកពេញដោយរស្មី ប្រកបដោយមោទនភាពថា៖ «ឪពុកខ្ញុំនាំទេសចរដើរកម្សាន្តនៅក្នុងឧទ្យាននេះ២៤ឆ្នាំ ហើយ!»។
ប្រសិនបើទេសចរណ៍ប្រដេញសត្វមាននៅកម្ពុជា ព្រោះបច្ចុប្បន្នក្រុមហ៊ុនអេស្ប៉ាញមួយកំពុងពិភាក្សាជាមួយរដ្ឋាភិបាល ដើម្បីបង្កើតដំណើរកម្សាន្តបែបនេះនៅភាគពាយ័ព្យ ហ៊ានភ្នាល់ថា ម៉ាឌូរ៉ង់ហ្កាប្រាកដជាដាក់ពាក្យមុនគេមិនខាន។
● The Groomer Guy ទំនាក់ទំនង ០៩២ ៥៦៩ ៦១៦ / \n
Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir