ភ្នំពេញ (ប្រទេសកម្ពុជា) ថ្ងៃទី១៨ តុលា ២០០៨៖ នារីជនជាតិខ្មែរ នៅពេលល្ងាច មុនថ្ងៃបោះឆ្នោតសហរដ្ឋអាមេរិក ដែលរៀបចំធ្វើឡើងនៅ FCC
© John Vink / Magnum
យោង តាមការសិក្សាមួយស្តីពីជនជាតិអាមេរិកដើមកំណើតអាស៊ី ដែលរៀបចំឡើងដោយដោយសកលវិទ្យាល័យជាច្រើន ជនជាតិអាមេរិកកាំងដើមកំណើតអាស៊ីមានតួនាទីដ៏សំខាន់មួយ នៅក្នុងលទ្ធផលនៃការបោះឆ្នោត ដែលនឹងរៀបចំធ្វើឡើងនៅថ្ងៃទី៤ ខែវិច្ឆិកាខាងមុខនេះ ដើម្បីជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៤ ដែលបេក្ខជនឈរឈ្មោះប្រកួតប្រជែងតំណែងនេះមានលោក ចន ម៉ាក់ខេន មកពីគណបក្សសាធារណរដ្ឋ និងលោក បារ៉ាក់ អូបាម៉ា មកពីគណបក្សប្រជាធិបតេយ្យ។ ប៉ុន្តែ «ជនជាតិអាស៊ី» មិនមែនជាអំបូរក្រុមតែមួយដែលងាយស្រួលក្នុងការទាក់ទាញនោះទេ។ ក្នុងចំណោមប្រជាជនទាំងនោះ ជនជាតិអាមេរិកកាំងដើមកំណើតកម្ពុជាប្រហែលជាមានចំនួនតិចតួច ប៉ុណ្ណោះ ដែលនឹងទៅចូលរួមបោះឆ្នោតលើកនេះ ដោយសារភាគច្រើនមិនសូវចេះនិយាយភាសាអង់គ្លេស។ ទស្សនៈខ្លះៗរបស់វិបសាយ ស្តីពីពលរដ្ឋខ្មែរនៅអាមេរិកទាំងនេះ ដែលត្រូវប្រឈមមុខនឹងការបោះឆ្នោតមួយ ដែលល្បីសុះសាយពាសពេញពិភពលោក។
ចុចលើប៊ូតុង
លោក ខូយ អូន អាណិកខ្មែររស់នៅអាមេរិកម្នាក់ អាយុ៦២ឆ្នាំ បានសារភាពថា «ប្រសិនជាខ្ញុំចេះចុចប៊ូតុងម៉ាស៊ីនបោះឆ្នោតនោះ ខ្ញុំនឹងទៅបោះឆ្នោត។ ប៉ុន្តែ ខ្ញុំមិនដឹងចុចយ៉ាងដូចម្តេចនោះទេ»។ លោកបានបញ្ជាក់នៅក្នុងស្ថានីយវិទ្យុ សម្លេងសហរដ្ឋអាមេរិក (VOA) ថា គាត់នឹងមិនចូលរួមបោះឆ្នោតនៅថ្ងៃទី៤ ខែវិច្ឆិកាខាងមុខនេះទេ។ វិទ្យុដែលត្រូវបានឧបត្ថម្ភដោយរដ្ឋាភិបាលអាមេរិកនេះបានស្ទង់ ចិត្តគំនិតរបស់ខ្មែរនៅអាមេរិក មុនថ្ងៃទី៤ វិច្ឆិកា តាមរយៈបទយកការណ៍មួយចំនួន។ ទោះបីជាប្រជាជនកម្ពុជាកាន់តែបង្ហាញខ្លួនចូលរួមនៅក្នុងយុទ្ធនាការនេះ បន្តិចម្តងៗ ក៏ដោយ (ដូចជាករណីរបស់ Thel Sar សមាជិកគណៈកម្មការរៀបចំការបោះឆ្នោតទីក្រុងឡូវ៉ែល គឹម មាសកូយ អ្នកគាំទ្ររបស់ចន ម៉ាក់ខេន រឺ ប៉ាក់ ចាន់ណា សកម្មជនប្រជាធិបតេយ្យ) ក៏ប្រជាជនខ្មែរខ្លះ ក្នុងចំណោមខ្មែរនៅសហរដ្ឋអាមេរិកនេះ មិនចង់ចូលរួមបោះឆ្នោតនោះទេ ដោយសារពួកគាត់មានការភ័យខ្លាច «ព្រោះខ្លួនមិនចេះប្រើម៉ាស៊ីនបោះឆ្នោត» «ព្រោះពួកគាត់មិនសូវចេះភាសាអង់គ្លេស រឺដោយសារពួកគាត់ចង់នៅក្រៅរង្វង់នៃកិច្ចពិភាក្សា ផ្នែកនយោបាយដ៏ក្តៅគកុកនេះ ព្រោះពួកគាត់ធ្លាប់មានអនុស្សាវរីយ៍ដ៏សែនឈឺចាប់មួយជាមួយនឹងនយោបាយ។
ឆ្នាំ២០០៤ អនុបវាទដ៏ច្រើនសន្ធសន្ធាប់ នៅទីក្រុងឡុងប៊ិច និងទីក្រុងឡូវ៉ែល
របាយការណ៍មួយ របស់មជ្ឈមណ្ឌលយុត្តិធម៌អាមេរិក-អាស៊ី ឈ្មោះថា «បទពិសោធន៍កម្ពុជា » បានលើកឡើងថា នៅពេលបោះឆ្នោតឆ្នាំ២០០៤ ដែលលោក George Bush ប្រធានាធិបតីសហរដ្ឋអាមេរិក ប្រកួតប្រជែងតំណែងជាមួយនឹងលោក John Kerry មានប្រជាជនខ្មែរដែលចុះឈ្មោះបោះឆ្នោតនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វរនី ចំនួន៤៧%ប៉ុណ្ណោះ បានចូលរួមបោះឆ្នោត ប្រៀបធៀបទៅនឹងមធ្យមភាគ ៧១%នៃចំនួនសរុប នៅទីក្រុងនេះ។ របាយការណ៍នេះនិយាយអំពីកម្មវិធីមួយ ដើម្បីជម្រុញប្រជាជនកម្ពុជារស់នៅទីក្រុងឡុងប៊ិច នៃរដ្ឋកាលីហ្វរនី អោយមកចូលរួមបោះឆ្នោត នៅឆ្នាំ២០០៤។ របាយការណ៍មួយផ្សេងទៀត របស់មជ្ឈមណ្ឌលផ្នែកច្បាប់អាមេរិក-អាស៊ីប៉ាស៊ីហ្វិក បានបញ្ជាក់ថា សរុបមក នៅមណ្ឌលឡូអែនជើឡែស ដែលរួមបញ្ជូលទាំងទីក្រុងឡុងប៊ិច និងជនជាតិកម្ពុជារស់នៅទីក្រុងនេះ ចាប់ពី៣០ ០០០នាក់ ទៅ៥០ ០០០នាក់ ប្រជាជនខ្មែរចំនួនត្រឹមតែ៣ ៧០០នាក់ប៉ុណ្ណោះ ដែលចូលរួមការបោះឆ្នោត។ នៅទីក្រុងឡូវ៉ែលនៃរដ្ឋម៉ាសាឈូសេត ដែលស្ថិតនៅក្នុងចំណោមកន្លែងរស់នៅដ៏សំខាន់បំផុតរបស់សហគមន៍ខ្មែរ អត្រានៃការចូលរួមរបស់អ្នកបោះឆ្នោតជនជាតិកម្ពុជានៅមានកំរិតទាបនៅឡើយ គឺ៤៣% ទល់នឹង៦០% ជាមធ្យម។
បញ្ហាភាសា
ក្រុមអ្នកការងារសិទ្ធិ របស់សហគមន៍អាស៊ី បានពន្យល់មូលហេតុទាក់ទងនឹងភាពទន់ខ្សោយនៃការចូលរួម របស់អាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក នៅក្នុងឆាកនយោបាយនៃប្រទេសដែលខ្លួនកំពុងរស់នៅនេះ ដែលឧបសគ្គចំបងគឺ ភាសា។ ឧទាហរណ៍ដូចជានៅមណ្ឌលឡូអែនជើឡែស ខ្មែរជាង៤៩% មិនសូវចេះនិយាយភាសាអង់គ្លេស «បានស្ទាត់ជំនាញ»នោះទេ។ អត្រានេះប្រហាក់ប្រហែលទៅនឹងអត្រាទូទៅរបស់ខ្មែររស់នៅសហរដ្ឋអាមេរិក ទាំងអស់ (៤៥%)។ នៅឆ្នាំ២០០៤ ជំនួយផ្នែកភាសាត្រូវបានត្រៀមសម្រាប់មណ្ឌលនេះ មានជាភាសាជប៉ុន កូរ៉េ ចិន តាហ្គាឡូ និងវៀតណាម ប៉ុន្តែមិនមានជាភាសាខ្មែរ។
នៅទីក្រុង ឡូវ៉ែល អង្គការក្រៅរដ្ឋាភិបាលបានអំពាវនាវជាច្រើនលើកច្រើនសា ដល់អាជ្ញាធរអោយជួយសម្រួលការបោះឆ្នោតសម្រាប់ប្រជាជនខ្មែរ តាមរយៈការផ្គត់ផ្គង់ជំនួយមួយដល់ពួកគេ ដោយត្រូវធ្វើការទំនាក់ទំនងសហគមន៍នេះអោយបានទូលំទូលាយ រឺត្រូវបកប្រែព្រឹត្តិបត្របោះឆ្នោតជាភាសាខ្មែរ ដូចជាករណី «Voting Rights Act» អត្ថបទសហព័ន្ធដែលហាមឃាត់ការរើសអើងការបោះឆ្នោត។ នៅរដ្ឋម៉ាសាឈូសេត ការអង្កេតការណ៍មួយ ក៏ត្រូវបានធ្វើឡើង នៅឆ្នាំ២០០៦ ដោយក្រសួងយុត្តិធម៌ បន្ទាប់ពីមានពាក្យបណ្តឹងរបស់សមាគម ប្រឆាំងនឹងឧបសគ្គទាំងនេះ ជាពិសេសបញ្ហាភាសា ដែលជាការរាំងស្ទះដល់អ្នកបោះឆ្នោតខ្មែរ។
គ្មានទំនុកចិត្តទៅលើរដ្ឋ
ប្រជាជនកម្ពុជា បានសំដែងភាពមិនទុកចិត្តចំពោះនយោបាយ និងរដ្ឋ ដោយសារអតីតកាលដ៏សែនជូរចត់របស់ខ្លួន។ កត្តានេះបន្ថែមអោយពួកគេជួបការលំបាកផ្នែកភាសា។ អ្នកសរសេររបាយការណ៍ «បទពិសោធន៍កម្ពុជា» បានពន្យល់ថា «ភាគច្រើននៃសហគមន៍ខ្មែរ ជាពិសេសអ្នកដែលរក្សាទុកស្នាមដំបៅកាលពីសម័យប្រល័យពូជ សាសន៍ខ្មែរក្រហមនៅប្រទេសកម្ពុជា បានរស់នៅឆ្ងាយ និងមានការរារែកចិត្ត ក្នុងការបង្កើតទំនាក់ទំនងណាមួយ ជាមួយនឹងមន្រ្តីរដ្ឋាភិបាល»។

ភ្នំពេញ (កម្ពុជា) ថ្ងៃទី១៨ តុលា ២០០៨៖ ពេលល្ងាច មុនថ្ងៃបោះឆ្នោត នៅ FCC
© John Vink / Magnum
បួនឆ្នាំក្រោយ ចរិតរបស់ជនជាតិអាស៊ីទូទៅដែល រស់នៅសហរដ្ឋអាមេរិក ជាពិសេសជនជាតិខ្មែរ ចំពោះនយោបាយអាមេរិក នឹងផ្លាស់ប្តូរដែររឺទេ? គណបក្សនយោបាយសង្ឃឹមថាចរិតនេះនឹងផ្លាស់ប្តូរ។ គណបក្សនយោបាយមានបំណងសម្របសម្រួលសារលិខិតរបស់ខ្លួន ចំពោះអ្នកស្តាប់ដែលពិបាកទាក់ទាញទាំងនេះ។
«Cho The Plumber»
ទោះជាយ៉ាងណា នៅក្នុងការប្រកួតប្រជែងការបោះឆ្នោត អ្នកប្រជាធិបតេយ្យហាក់បីដូចជាដើរលឿនបន្តិច នៅលើបណ្តាញអ៊ីនធើណែត។ វិបសាយ Asian Americans For Obama (ជនជាតិអាមេរិកកាំងដើមកំណើតអាស៊ី ដើម្បីគាំទ្រលោក អូបាម៉ាជាបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិក) បានរៀបចំយុទ្ធនាការជាច្រើន រួមមានទាំងខិត្តប័ណ្ណ បញ្ជី «វិធានការគួរអោយចាប់អារម្មណ៍សម្រាប់ជនជាតិអាស៊ីរស់នៅអាមេរិក» និងព្រឹត្តិបត្រគាំទ្រ ជាមួយនឹងភាសាមិនតិចជាង១៦ភាសា ដែលក្នុងនោះ ក៏មានភាសាខ្មែរផង ដែរ។ វិបសាយនេះក៏បានប្រកាសពីកិច្ចប្រជុំមូលដ្ឋាន និងសហគមន៍ជាច្រើនផងដែរ។ ផ្លាស់ប្តូរពី «Joe The Plumber» ដែលត្រូវបានផ្តល់កិត្តិនាមដោយអ្នកសាធារណៈរដ្ឋ មកជា «Cho The Plumber » នៃជនជាតិអាស៊ី...។
តន្រ្តីណូបាម៉ា «Nobama»
ផ្ទុយទៅវិញ នៅលើវិបសាយប្រកួតប្រជែង គឺ Asian Americans For McCain (ជនជាតិអាមេរិកកាំងដើមកំណើតអាស៊ី ដើម្បីគាំទ្រលោក McCain ជាប្រធានាធិបតីសហរដ្ឋអាមេរិក) អត្ថបទដែលសរសេរសើចចំអកចំពោះការសន្យារបស់អូបាម៉ា រូបភាពវីដេអូដែលបង្ហាញតារាចម្រៀងចង្វាក់ប្រពៃណី country ស្បែកសមួយរូបដុះពុកមាត់ស្រម៉ូម កំពុងតែស្រែកច្រៀងបទមួយនៃសាច់ភ្លេង «ណូបាម៉ា » របស់គាត់ រឺរូបថតនៃអតីតកាលដ៏ល្បីរន្ទឺរបស់លោក John McCain ដែលជាយុទ្ធជនសង្គ្រាម បានស្តែងចេញអោយឃើញនូវទិដ្ឋភាពដើមមួយរបស់សហរដ្ឋអាមេរិក។ យោងតាមការសិក្សាថ្នាក់ជាតិមួយស្តីពីជនជាតិអាមេរិកដើមកំណើតអាស៊ី ដែលដឹកនាំដោយសកលវិទ្យាល័យជាច្រើន ជនជាតិវៀតណាមភាគច្រើន (ជិតពីរភាគបី) អាចនឹងបោះឆ្នោតជូនលោក McCain។
គ្រាន់តែជាការសើចសប្បាយប៉ុណ្ណោះ
ប្លូក (blog) Java Khmer មានការចាប់អារម្មណ៍ចំពោះការបោះឆ្នោតនេះ ប៉ុន្តែ មិនមែនគ្រប់ប្លូកខ្មែរ-អាមេរិកទាំងអស់សុទ្ធតែចាប់អារម្មណ៍នោះទេ ។ នៅលើប្លូកដ៏មានប្រជាប្រិយភាពបំផុត ឈ្មោះឧត្តម ដែលពោរពេញទៅដោយបទចម្រៀងខារ៉ាអូខេល្បីៗ បានចូលរួមនៅក្នុងការយុទ្ធនាការមួយផ្សេងទៀត នោះគឺការបោះឆ្នោតគាំទ្រអ្នកស្រី នួន ភិមាន ដែលធ្វើការជាមួយកុមាររើសសំរាមនៅស្ទឹងមានជ័យ ជាបេក្ខជនជ័យលាភីពានរង្វាន់វីរនារីឆ្នើមប្រចាំឆ្នាំ២០០៨ សម្រាប់បណ្តាញព័ត៌មានអាមេរិក CNN។ ប្លូកនេះក៏រៀបចំនូវការស្ទង់មតិពិសេសមួយ ដើម្បីដឹងថា រវាង «អធិរាជសម្លេងមាស» ស៊ិន ស៊ីសាមុត រឺ តារាចម្រៀងវ័យក្មេង ព្រាប សុវត្ថិ តើនរណាបកស្រាយបទចម្រៀង «ទេពធីតាក្នុងសុបិន » បានពិរោះជាង។ អ្នកគ្រប់គ្រងវិបសាយនេះបានបញ្ជាក់ថា«ការស្ទង់មតិនេះគ្រាន់តែជាការ លេងសើចសប្បាយបន្តិចប៉ុណ្ណោះ ពោលគឺមិនមែនកំណត់ថាតើនរណា ដែលជាអ្នកល្អដាច់គេ គ្រប់ជំនាន់នោះទេ?»។ ពិចារណា...