| ទង់អង្គការយូណេស្កូ និងទង់ជាតិបេតិកភណ្ឌ ពិភពលោកនឹងត្រូវដោតនៅលើប្រាសាទព្រះវិហារ |
| ដោយ កាសែត | |
| ០៤-១១-២០០៨ |
លោកហង្ស សុទ្ធ ប្រធានអាជ្ញាធរព្រះវិហារ បានប្រកាសនូវព័ត៌មានខាងលើនេះ នៅថ្ងៃអង្គារ ទី៤ វិច្ឆិកា។ លោកបដិសេធធ្វើសេចក្តីអធិប្បាយផ្សេងៗទាក់ទងនឹងការរៀបចំពិធីនិមិត្តរូប ដោតទង់នេះ។
ចំណែកលោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ទទួលបន្ទុកសំណុំរឿងប្រាសាទព្រះវិហារ បានគូសបញ្ជាក់ថា «ករណីនេះមិនជាប់ទាក់ទងទៅនឹងកិច្ចចរចារវាងប្រទេសកម្ពុជានិងថៃ ដែលគ្រោងនឹងរៀបចំធ្វើឡើងនៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា នាខេត្តសៀមរាបនោះទេ។ លោកបានប្រកាសប្រាប់វិបសាយព័ត៌មាន កាសែត ថា «ការដោតទង់ ទាំងពីរនេះមានលក្ខណៈជាវប្បធម៌សុទ្ធសាធ។ យើងទាំងអស់គ្នាត្រូវចូលរួមការពារសម្បតិ្តបេតិកភណ្ឌពិភពលោក»។
ការដោត ទង់តំណាងអង្គការយូណេស្កូនិងគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនេះនឹង ប្រព្រឹត្តធ្វើឡើងចំថ្ងៃខួបគំរប់៤ខែ នៃការប្រកាសជាផ្លូវការ នូវការដាក់បញ្ជូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ កក្កដា ឆ្នាំ២០០៨។ គួរបញ្ជាក់ថារយៈពេលមួយសប្តាហ៍ក្រោយការប្រកាសនេះ កងកម្លាំងប្រដាប់អាវុធថៃបានចូលមកក្នុងតំបន់ជើងភ្នំប្រាសាទនេះ ដែលបណ្តាលអោយមានវិបត្តិរហូតមកដល់សព្វថ្ងៃនេះ។
បើតាម ប្រសាសន៍របស់លោកផៃ ស៊ីផាន ការបោះបង្គោលទង់ជាផ្លូវការនេះប្រហែលជាមិនធ្វើអោយភាគីថៃ មានប្រតិកម្មសាជាថ្មីនោះទេ ព្រោះ«ប្រទេសថៃ ស្ថិតនៅក្នុងចំណោមប្រទេសហត្ថលេខីមួយ ដែលគាំទ្រការដាក់បញ្ជូលប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក»។ លោករដ្ឋលេខាធិការបានលើកឡើងថា «ការសម្រេចចិត្តរបស់ប្រទេសថៃគឺមិនអាចផ្លាស់ប្តូរបាននោះទេ។ ថៃត្រូវតែគោរពអ្វី ដែលខ្លួនបានផ្តល់សុពលភាព នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣២ នាទីក្រុងកេប៊ិច នៃប្រទេសកាណាដា កាលពីថ្ងៃទី៧ កក្កដា»។
លោក បានបន្ថែមទៀតថា «ក្នុងនាមជាម្ចាស់ទ្រព្យ ការថែរក្សាប្រាសាទនេះគឺជាកាតព្វកិច្ចមួយរបស់ប្រទេសកម្ពុជា ខណៈពេលប្រាសាទនេះត្រូវបានចាត់បញ្ជូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ មានន័យថាទីមួយ ប្រាសាទព្រះវិហារមានតម្លៃជាសកល ហើយលេចធ្លោទៀតផង។ ទីពីរ យើងទាំងអស់គ្នាត្រូវតែរួមគ្នាការពារសម្បត្តិវប្បធម៌មនុស្សជាតិនេះ ។ នេះគឺជាសេចក្តីថ្លែងការរបស់អង្គការយូណេស្កូ បន្ទាប់ពីឃើញផលប៉ះពាល់នៃការប្រយុទ្ធគ្នាលើកមុន នៅក្បែរប្រាសាទ»។ លោកបានបញ្ជាក់ថា «កម្ពុជាបានត្រៀមលក្ខណៈបោះបង្គោលទង់ទាំងពីរនេះ ទោះជាមិនមានរឿង រឺមានរឿងជាមួយប្រទេសថៃក៏ដោយ ក៏យើងត្រូវបោះបង្គោលហ្នឹងដែរ នេះជាកាតព្វកិច្ចរបស់កម្ពុជា»។
សម្រាប់លោកមឿង សុន ប្រធានមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ ទង់ទាំងពីរនេះតំណាងនូវ «សារៈសំខាន់សម្រាប់ប្រាសាទព្រះវិហារ» និងកាត់បន្ថយនូវ «ការឈ្លានពានរបស់ទាហាននៃប្រទេសជិតខាង មកលើប្រាសាទ»។
ពិធី ដោតទង់នឹងប្រព្រឹត្តទៅបីថ្ងៃមុនការចាប់ផ្តើមកិច្ចប្រជុំមួយ រវាងសមាជិកគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ នៅខេត្តសៀមរាប ហើយកិច្ចជួបប្រជុំថ្នាក់រដ្ឋមន្រ្តីរវាងរដ្ឋមន្រ្តីការបរទេស កម្ពុជា ហោ ណាំហុង និងរដ្ឋមន្រ្តីការបរទេសថៃ សំពុង អាម៊នវីវាត ក៏នឹងធ្វើឡើងនៅថ្ងៃទី១២ វិច្ឆិកា នាខេត្តសៀមរាបនេះផងដែរ។ លោកផៃ ស៊ីផាន មានប្រសាសន៍ថា «រាល់ការប្រជុំ យើងតែងតែមានការរំពឹងទុករហូត»។ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីរូបនេះបានសន្និដ្ឋានថា «យ៉ាងហោចណាស់ យើងឈានដល់ការពិភាក្សាស្តីពីមូលដ្ឋានផ្នែកច្បាប់ និងជៀសវាងជម្លោះដោយអាវុធ។ យើងអាចដោះស្រាយបញ្ហាទាំងនេះជាលក្ខណៈទ្វេភាគី ដូចលោករដ្ឋមន្រ្តីហោ ណាំហុង និងរដ្ឋមន្រ្តីការបរទេសថៃ ទេព ប៊ុនណាក់ ធ្លាប់បានធ្វើកាលពីលើកមុន នៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី២៨ កក្កដា»។ គួរបញ្ជាក់ថាលោកទេព ប៊ុនណាក់ បានលាលែងពីតំណែង កាលពីថ្ងៃទី៣ ខែកញ្ញាកន្លងទៅនេះ។
|