| ស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ វិលត្រឡប់មកធម្មតាលោកបាន គីមូន សំដែងការព្រួយបារម្ភ |
| ដោយ រស់ ឌីណា | |
| ១៦-១០-២០០៨ |
មិនមាន រឺស្ទើរតែគ្មានដំណឹងអ្វីបនិ្តចសោះ ដែលធ្លាយចេញពីការចរចានៅព្រំដែន រវាងមេបញ្ជាការកងទ័ពកម្ពុជា និងថៃ នៅថ្ងៃព្រហស្បតិ៍ ទី១៦ តុលានេះ បន្ទាប់ពីកើតមានការប៉ះទង្គិចគ្នាដោយអាវុធមួយបានផ្ទុះឡើង ដែលបណ្តាលអោយទាហានកម្ពុជាបាត់បង់ជីវិតចំនួនពីរនាក់ និងបានធ្វើអោយប្រជាពលរដ្ឋមានការភិតភ័យយ៉ាងខ្លាំង។ ពេលនេះ ទាហានបានរក្សាភាពស្ងប់ស្ងាត់ ហើយស្ថានការណ៍វិលត្រឡប់មកធម្មតាវិល។ យោងតាមវិបសាយរបស់សារព័ត៌មានថៃមួយ ឈ្មោះថា បាងកក ប៉ុស្តិ៍ ភាគីទាំងពីរ «បានយល់ព្រមដើរល្បាតរួមគ្នា នៅតំបន់ជម្លោះព្រះវិហារ» ដើម្បី «កាត់បន្ថយមិនអោយមានការផ្ទុះអាវុធសាជាថ្មីម្តងទៀត»។ កាលពីថ្ងៃ ពុធ ទី១៥ តុលា លោក បាន គីមូន អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ បានសំដែងនូវការព្រួយបារម្ភចំពោះការផ្ទុះអាវុធរវាងទាហានកម្ពុជា និងទាហានថៃ ដែលបណ្តាលអោយមានអ្នករងគ្រោះជាច្រើននាក់នៅតាមព្រំដែន កម្ពុជា-ថៃ។ យោងតាមអ្នកនាំពាក្យរបស់លោកអគ្គលេខាធិការ លោកបានអំពាវនាវ «ដល់ភាគីទាំងសងខាង អោយបង្ហាញនូវភាពអត់ធ្មត់អោយបានច្រើន ហើយលោកក៏បានបង្គាប់ភាគីទាំងពីរ អោយដឹកនាំការចរចាទ្វេភាគី ដើម្បីដោះស្រាយជម្លោះនេះដោយសន្តិវិធី»។ ចំណែកនៅក្នុង សេចក្តីប្រកាសព័ត៌មានមួយ ចុះថ្ងៃព្រហស្បតិ៍ ទី១៦ តុលា គណបក្សសម រង្ស៊ីបានធ្វើការថ្កោលទោសចំពោះការឈ្លានពានពីសំណាក់កងកម្លាំងទាហាន ថៃ នៅលើទឹកដីកម្ពុជានេះ។ «គណបក្សសម រង្ស៊ីសូមគាំទ្រយ៉ាងពេញទំហឹង ចំពោះការតបត ដើម្បីការពារខ្លួន របស់កងយោធិពលខេមរភូមិន្ទ»។ «គណបក្សសមរង្ស៊ី សូមកោតស្ញប់ស្ញែញចំពោះសេចក្តីក្លាហានរបស់ទាហានខ្មែរ ជាពិសេសនាយទាហានដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិ»។ គណបក្សប្រឆាំងនេះបានលើកទឹកចិត្តរដ្ឋាភិបាលអោយដាក់ពាក្យបណ្តឹង ទៅកាន់អង្គការសហប្រជាជាតិ និងស្នើសុំសហប្រធាននៃកិច្ចព្រមព្រៀងសន្ធិសញ្ញាក្រុងប៉ារីស ឆ្នាំ១៩៩១ (រួមមានប្រទេសបារាំងនិងប្រទេសឥណ្ឌូណេស៊ី) អោយកោះប្រជុំពិសេស មួយ ដើម្បីសិក្សាពីបញ្ហាបូរណភាពទឹកដីនៃប្រទេសកម្ពុជា។
|