កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
តើ​ច្បាប់​ប្រឆាំង​អំពើ​ពុករ​លួយ​នៅ​កម្ពុជា​ដែល​ត្រូវ​បាន​ទទូច​ទាម​ទារ​អស់​រយៈ​ពេល​ជាង​មួយ​ទសវត្ស ​មក​នេះ​​នឹង​ត្រូវ​អនុម័ត​នៅ​ដើម​ឆ្នាំ​២០០៩​ដែរ​រឺ​ទេ?
ដោយ ដួង សុខា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០១-១២-២០០៨
Image

ភ្នំពេញ (កម្ពុជា) ថ្ងៃទី​១៦ មិថុនា​ ២០០៨៖ ហត្ថលេខាជាង១,០៩៨លាន​​ នៃញ្ញត្តិ​ប្រឆាំង​អំពើពុករលួយ កំពុងធ្វើដំណើរ​ឆ្ពោះទៅកាន់​រដ្ឋសភា
© ចន វីង / Magnum

 

នៅមុន ​ពេល​ចាប់​ផ្តើម​​វេទិកា​លើកទីពីរ​នៃកិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​​ កម្ពុជា​​ដែល​ជា​កិច្ច​​ប្រជុំ​​​រវាង​រដ្ឋាភិបាល​កម្ពុជា​​​និង​ប្រទេស​ ផ្តល់ជំនួយ នៅ​ថ្ងៃ​ទី​៣ ៤ និង៥​ ខែធ្នូ​ខាង​មុខ​នេះ សង្គម​​​ស៊ីវិល​​បាន​រម្លឹក​ឡើង​វិញ នៅក្នុង​​​វេទិកា​មួយ​ដែលរៀប​ចំធ្វើ​ឡើង​កាល​ពី​ថ្ងៃទី​២៥ ខែ​វិច្ឆិកា នា​ទីក្រុង​​ភ្នំពេញ ​នូវ​ការ​​សន្យា​របស់​អាជ្ញាធរ​កម្ពុជា​ចំពោះ​ម្ចាស់​ជំនួយ កាល​​ពី​​ប៉ុន្មាន​​​​ឆ្នាំ​មុននេះ​ ​​​​...។ នៅ​ក្នុង​ចំណោម​ការ​សន្យា​ទាំង​នោះ រដ្ឋាភិបាល​បាន​សន្យា​ថា​នឹង​​​អនុម័ត​ច្បាប់​​ប្រឆាំង​​អំពើ​ពុក​រលួយ​។ ច្បាប់​នេះ​បាន​បង្ក​អោយ​មាន​​ការ​ជជែក​វែក​ញែក​ជា​ច្រើន​​​​ អស់​​រយៈពេល​១៤​ឆ្នាំមកហើយ ហើយ​អង្គការ​​ក្រៅ​រដ្ឋាភិបាល​​ចង់​ឃើញ​​ច្បាប់មួយ​នេះ​​គោរព​តាម​​​បទ​ ដ្ឋាន​អន្ត​រ​ជាតិ។ អង្គការ​តម្លាភាព​អន្តរ​ជាតិ (Transparency International) ដែលជា​សម្ព័ន្ធ​អង្គការ​អន្តរ​ជាតិ​​ប្រយុទ្ធ​ប្រឆាំង​នឹង​​អំពើ​​ពុ​ករលួយ​ បាន​ចាត់​ប្រទេស​កម្ពុជា​ នៅ​ក្នុង​លំដាប់ថ្នាក់​ទី​១៦៦ ក្នុង​ឆ្នាំ​២០០៨ នៅ​ក្នុង​ចំណោម​១៨០​ប្រទេស​​លើ​ពិភព​លោក​ ដែល​ជាប់​ពាក់​ព័ន្ធ​​នឹង​​​អំពើ​ពុក​រលួយ​។

 

អង្គការ​ក្រៅរដ្ឋាភិបាល៖ មានការ​រីកចម្រើន​តិចតួច
ដោយ ​សារ​មាន​ការ​ទទូច​ទាមទារ​​ពីសំណាក់​ដៃគូ​អន្តរ​ជាតិ​របស់​​​ប្រទេស​កម្ពុជា ​បច្ចុប្បន្ន​នេះ សេច​ក្តី​​ព្រាង​​ច្បាប់​ ដែលមាន​៩២មាត្រា កំពុង​ស្ថិតនៅក្នុង​ដៃ​របស់​អ្នក​ច្បាប់​​នៃ​ទីស្តី​ការ​គណៈរដ្ឋ​​មន្រ្តី ចាប់​​ពី​ខែ​កញ្ញា ឆ្នាំ​២០០៦​មកម្ល៉េះ​ បន្ទាប់​ពី​ត្រូវ​បាន​សិក្សា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​​ដោយ​​ក្រសួង​ ទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និង​ក្រសួង​យុត្តិធម៌​។

លោក​ សេក បរិសុទ្ធ​ (Sek Barisok) នាយក​​កម្មវិធី​​បញ្ច្រាប​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ដើម្បី​សមធម៌​នៃ​​​ អង្គការ​ផេក កម្ពុជា (Pact Cambodia) ​បាន​ពន្យល់ថា «រយៈពេល​មួយ​ឆ្នាំ បន្ទាប់​ពី​វេទិកា​ប្រជុំ​លើកមុន (​កាលពីឆ្នាំ​២០០៧) យើង​បាន​សង្កេត​ឃើញ​ មាន​ការ​រីកចម្រើន​តិច​តួច​ នៅ​ក្នុង​​ការពិនិត្យ​ និង​ការ​វិវត្តិន៍​នៃ​សេចក្តី​​ព្រាង​ច្បាប់​នេះ។​ ហេតុដូច្នេះហើយ​ទើប​បានជាយើង​ទទូច​​សុំ​អោយ​​​ប្រទេស​​ផ្តល់​ជំនួយ​ បន្ត​​​តាមដាន​ឃ្លាំមើល​​​បញ្ហា​នេះ និង​ជួយ​ជម្រុញ​​​អោយ​មាន​ការ​​អនុម័ត​ច្បាប់​នេះ​អោយបាន​ឆាប់​រហ័ស​បំផុត»។ លោក​បាន​សំដែង​ការ​​សោ​ក​ស្តាយ​​ថា​​រដ្ឋាភិបាល​​មិនអាច​អនុម័ត​​​បាន កាលពី​​ខែមិថុនា ឆ្នាំ​២០០៦ តាម​ការ​សន្យា​​​​​​របស់​​​ខ្លួន។​

នៅ​ ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ កាលពី​ខែ​កក្កដា​​កន្លង​ទៅ​នេះ ​​សម្ព័ន្ធ​សង្គម​ស៊ីវិលកម្ពុជា​ប្រឆាំង​អំពើពុក​រលួយ ​ដែល​ប្រមូល​ផ្តុំ​ដោយ​អង្គការ​ក្នុង​ស្រុក​ជា​ច្រើន​ ​បាន​ព្យាយាម​ដាក់​ញ្ញត្តិ​មួយ​ជូន​រដ្ឋាភិបាល​​កម្ពុជា ​ដែលត្រូវ​បានចុះហត្ថលេខា​ដោយ​​​ពល​រដ្ឋ​កម្ពុជា​ជាង​មួយ​លាន​​នាក់​ ក្នុងគោល​បំណង​សុំអោយ​​មានការ​អនុម័ត​ច្បាប់​ប្រឆាំង​​អំពើ​ពុក​រលួយ​​​មួយ ដែលគោរព​តាម​បទ​ដ្ឋាន​អន្តរជាតិ អោយ​បាន​ឆាប់​រហ័ស ប៉ុន្តែ​មិន​ទទួល​បាន​ជោគជ័យ​ឡើយ​​។ យាន​យន្ត​​មួយចំនួន​នៅតា​​ម​ដង​ផ្លូវ​ នាទីក្រុង​ភ្នំពេញ ក៏​បានបិទ​រូប​បាត​ដៃ​ស្អាត​សំ្អ​ដែលជា​និមិត្ត​រូបនៃ​យុទ្ធនាការ​ប្រឆាំង​ អំពើ​ពុក​​រលួយផង​ដែរ។ មាន​​តែ​គណៈកម្មការ​ការ​ពារ​សិទ្ធិ​មនុស្ស​​និង​​ទទួល​​ពាក្យ​​បណ្តឹង​​នៃ​ រដ្ឋសភា​ប៉ុណ្ណោះ ដែល​យល់ព្រម​ទទួល​ឯកសារ​​ថត​ចម្លង​មួយ​​ច្បាប់​នៃ​ញ្ញត្តិ​​នេះ​ ប៉ុន្តែ មិន​បាន​​ធ្វើ​អធិប្បាយ​លើ​គំនិត​ផ្តួច​ផ្តើម​នេះ​។​

តំណាង​​អង្គការ ​ក្រៅ​រដ្ឋាភិបាល​ផ្សេងៗ ដែលចូល​រួម​នៅក្នុង​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​រលួយ​​បាន​សំដែងការ​ ខកចិត្ត​រួមគ្នា​ថា «កាលពីខែ​មិថុនាកន្លង​ទៅ សម្ព័ន្ធ​​បាន​ធ្វើ​ការ​ស្នើសុំ​​ ​ គណបក្ស​​ឈរ​ឈ្មោះបោះឆ្នោត​ទាំង​១១ ជាលាយ​លក្ខ័​អក្សរ អោយ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​​នេះ នៅក្នុង​រយៈពេល​ប្រាំមួយ​ខែ​ បន្ទាប់​ពី​ការ​​បង្កើត​រដ្ឋាភិបាលថ្មីរួចរាល់។ គណបក្ស​ប្រជាជន​កម្ពុជា​របស់​សម្តេចហ៊ុន សែន​​ដែលជា​គណបក្ស​ឈ្នះឆ្នោត​ផ្លូត​ទឹក​ផ្លូត​ដី គឺជា​គណបក្ស​​តែមួយ​គត់ ដែល​​មិន​បាន​ឆ្លើយ​តប​ទៅនឹ​ង​សំណើ​របស់យើង​»​។

នៅមិនទាន់អាច​ឈានដល់​កំរិតស្តង់ដារ​អន្តរជាតិ​នោះទេ
ការ ​អនុម័ត​ច្បាប់​គឺជា​រឿ​ងមួយ ខ្លឹមសារ​របស់ច្បាប់នេះ​ក៏ជារឿង​មួយ​... អង្គការ​ក្រៅ​រដ្ឋាភិបាល​​​បាន​វាយតម្លៃ​រួមគ្នា​ថា​ «ទោះបីជា​​មាន​ការ​ចូល​រួមជា​លើក​ដំបូង​​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ ក្នុង​ការ​តាក់តែង​ច្បាប់​ដ៏សំខាន់​នេះ​ក៏ដោយ ក៏អនុសាសន៍​របស់​យើង​មិន​ត្រូវ​បាន​ដាក់​បញ្ជូល​​ទៅក្នុង​ច្បាប់​នោះទេ។ ជា​លទ្ធផល​ អត្ថបទ​ច្បាប់​បច្ចុប្បន្ននេះ​​មិន​គោរព​តាម​បទ​ដ្ឋាន​អន្តរ​​ជាតិ​​ នោះទេ!»។ អង្គការ​​បាន​លើក​ឡើង​នូវ​​​ចំណុច​ស្មុគស្មាញ​សំខាន់​ៗ​មួយ​ចំនួន​ ដែល​អាច​​​​បង្ក​ជា​ការ​ព្រួយ​បារម្ភបាន​​ ដូចជា​បញ្ហា​ឯករាជ្យភាព​របស់​ស្ថាប័ន​ប្រយុទ្ធ​​ប្រឆាំង​អំពើ​ពុក​រលួយ ដែលការ​បង្កើត​ស្ថាប័ន​នេះ​ត្រូវ​បាន​ចែង​​​​ដោយ​ច្បាប់ នីតិវិធី​នៃការ​ប្រកាស​ទ្រព្យ​សម្បត្តិ​​​​របស់​មន្រ្តីជាន់​ខ្ពស់​និង​ តំណាង​រដ្ឋាភិបាល ហើយនឹង​ការ​ខ្វះ​ខាត​​មធ្យោបាយ​ការពារ​សាក្សី​​​និង​អ្ន​ក​រាយការណ៍​ ព័ត៌មាន។

ច្បាប់ពីរ ដែលត្រូវបានសន្យាថា​នឹងអនុម័ត​នៅដើម​ត្រីមាសទីមួយ នៃឆ្នាំ​២០០៩
សេចក្តី ​ព្រាង​ច្បាប់​នៃក្រម​ព្រហ្មទណ្ឌ​ថ្មី និង​សេចក្តី​ព្រាង​ច្បាប់​ប្រឆាំង​អំពើពុក​រលួយ​ ត្រូវ​បាន​ចាត់ទុក​ជា​ច្បាប់​អាទិភាព នៅក្នុងអាណត្តិ​ទីបួនរបស់រដ្ឋាភិបាល​ថ្មី​នេះ (២០០៨-២០១៣)។ លោក​ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ធនាគារ និងសវនកម្ម​នៃ​រដ្ឋ​សភា ​​បាន​អះអាង​ថា​ ក្រុម​អ្នកច្បាប់​របស់​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី​​បាន​​បញ្ចប់​ការ​សិក្សា ​លើ​​សេចក្តីព្រាង​ច្បាប់​នេះ​ នៅ​ថ្ងៃទី​២៤ និង​ទី​២៥ វិច្ឆិកា បន្ទាប់​មក​រដ្ឋាភិបាល​​នឹង​ត្រូវ​អនុម័ត​ ​ មុន​នឹង​បញ្ជូនទៅ​កាន់​រដ្ឋ​សភា។​ តំណាង​រាស្រ្ត​មណ្ឌលព្រៃវែងមកពី​គណបក្ស​​​ប្រជាជន​កម្ពុជា​រូប​នេះ​បាន​អះអា ​ង​ថា​ «ក្រម​ព្រហ្មទណ្ឌ​អាច​នឹង​បញ្ជូន​ទៅ​កាន់​តំណាង​​រាស្រ្ត​​នៅ​អំឡុង​ត្រីមាស ​ទីមួយ ក្នុង​ឆ្នាំ​២០០៩​។ ប៉ុន្តែ ទោសបញ្ញត្តិ​​​ជាច្រើន​ទៅលើ​អ្នក​ប្រព្រឹត្ត​​អំពើ​​ពុក​រលួយ​​​នឹង​​មាន​ ចែង​នៅ​ក្នុង​​ក្រម​ព្រហ្មទណ្ឌ​ ហើយ​ទោស​បញ្ញត្តិ​នេះ​ក៏​នឹង​​ត្រូវ​​ដាក់​​​បញ្ចូល​​ទៅ​ក្នុង​​ច្បាប់​​ ប្រឆាំង​អំពើពុករលួយ​ដែរ មុន​នឹង​ត្រូវ​បាន​​អនុម័ត​»។​

លោក​ជាម យៀប​បាន​លើក​ឡើង​យ៉ាង​យកចិត្តទុកដាក់​ថា​ការ​រៀប​ចំសេចក្តី​ព្រាង​ច្បាប់​ មួយ​មិនមែន​ជាការងារ​តូច​តាច​នោះទេ គឺយើង​ត្រូវការ​ចំណាយ​ពេលវេលា​យូរ។ តួយ៉ាង នៅ​ក្នុង​ក្រប​​ខ័ណ្ឌ​នៃការតាក់តែង​​​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ អ្នក​ច្បាប់​កម្ពុជា​ ដែល​មា​នការ​ជួយ​ជ្រោមជ្រែង​​​ពី​សំណាក់​​សហគមន៍​អន្តរជាតិ ជាពិសេស​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (Jica) និង​​សង្គម​ស៊ីវិល ត្រូវ​យកចិត្ត​ទុក​ដាក់​នៅលើចំណុច​ជាច្រើន ដើម្បី​ធ្វើអោយ​ច្បាប់​នេះ​​ឆ្លើយ​តប​ទៅនឹង​ស្ថាន​ភាព​បច្ចុប្បន្ន​ របស់កម្ពុជា​ ទៅនឹង​​​​វប្បធម៌​និង​ប្រពៃណី​របស់​​កម្ពុជា​​ ហើយ​ដើម្បីផ្តល់ភាព​ងាយ​ស្រួល​ដល់​​ប្រជាជន​រស់នៅទីក្រុង ក៏​ដូច​ជា​រស់​នៅ​តា​ម​ជន​​បទ​ ក្នុងការ​អនុវត្ត​​ច្បាប់​នេះ។ តំណាង​រាស្រ្ត​​រូប​នេះ​បាន​លើក​ហេតុ​ផល​ថា​ យើង​​មិន​អាច​​ចម្លង​​គំរូ​របស់​អឺរុប​នោះទេ ព្រោះ​វប្បធម៌​របស់​យើង​ខុស​​គ្នា​។​

ប្រាំចំណុច ដែល​ធ្វើអោយ​ការ​​អនុម័តច្បាប់​ប្រឆាំងអំពើពុក​រលួយ​​មាន​ភាព​យឺត​យ៉ាវ​
​ ជា​បឋម និយម​ន័យ​នៃពាក្យ​ «អំពើពុក​រលួយ» កំពុង​​ស្ថិត​នៅក្នុងការ​ពិភាក្សា​។ លោក​​​​ជាម យៀប​ បាន​សង្កត់ធ្ងន់​ថា «យើង​ត្រូវ​ពន្យល់​អត្ថន័យ​នៃ​ពាក្យ​នេះ​អោយ​បាន​ច្បាស់​ ដើម្បី​កុំ​អោយ​តុលាការ​អាច​ធ្វើអាជីវកម្ម​លើ​ពាក្យ​នេះ​បាន​​ ហើយ​ច្បាប់​នេះ​ត្រូវ​ឆ្លើយ​តប​​ទៅនឹង​ការ​កើន​ឡើងនៃតថភាព​សង្គម​ បច្ចុប្បន្ន​នេះ​។ តួយ៉ាង​ សព្វ​ថ្ងៃនេះ​ គេ​អាច​​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​​បាន​ តាម​រយៈ​ប្រព័ន្ធ​អ៊ីនធើណែត»។

បន្ទាប់ ​មកទៀត គឺ​​​បញ្ហា​​ឯករាជ្យ​​ភាព​របស់​សមាជិកឧត្តម​​ក្រុម​ប្រឹក្សាជាតិ​​ប្រឆាំង​ អំពើ​ពុក​រលួយ ដែល​បង្ក​ជាការ​ព្រួយ​បារម្ភ​​សម្រាប់​តំណាង​សង្គមស៊ីវិល​​។​ តំណាង​​រាស្រ្ត​រូប​នេះ​បាន​វាយ​តម្លៃ​ថា «ប្រសិនទេវតា​ជាអ្នក​បញ្ជូន​មក​ គឺជា​មនុស្ស​​របស់​ទេវតា ប៉ុន្តែ ប្រសិន​គណបក្ស​​​​​បញ្ជូនមក គឺជា​មនុស្ស​របស់​គណបក្ស​​​។ ពួកគេ​ត្រូវ​គោរព​ច្បាប់ និងមិន​ត្រូវ​មាន​គំនិត​​បក្ស​ពួក​និយមទេ ប្រសិន​បើខ្លួន​ចង់​​មានភាព​អព្យាក្រឹត្យ និង​ឯករាជ្យ!»។

ក្រៅអំពី ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ ដែល​មិនទាន់មាន​ការ​ឯកភាព​គ្នា គេ​ក៏​កំពុង​​ពិភាក្សា​​​​ អំពី​​​បុព្វសិទ្ធិ​​ដែល​ត្រូវ​ផ្តល់​អោយ​អគ្គលេខាធិការ​​នៃ​ឧត្តម​ក្រុម​ ប្រឹក្សា​​ជាតិ​ប្រឆាំង​អំពើពុក​រលួយ​។ ជាការពិតណាស់ សហគមន៍​អឺរុប​មាន​បំណង​ចង់​អោយ​ក្រុម​ប្រឹក្សា​នេះ​​មាន​អំណាច​​​បើក​ការ​​ ស៊ើបអង្កេត​អំពើពុករលួយ​បាន​។ លោក​ជាម យៀប​បាន​ឆ្លើយ​តប​វិញ​ថា «នោះគឺជា​អំណាច​ទីបួន ដែល​ផ្ទុយ​នឹង​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា ដែល​បាន​ចែងថា​អំណាច​មានតែ​បី​ប៉ុណ្ណោះ​ គឺ​អំណាច​នីតិបញ្ញត្តិ អំណាច​នីតិ​ប្រតិបត្តិ និង​អំណាច​តុលាការ! ករណី​នេះ​មិន​អាច​​កើត​​ឡើង​បាន​នោះ​ទេ»។

ជាចុង​ក្រោយ ដោយសារ​កម្ពុជា​មិនទាន់មាន​​ច្បាប់​មួយ​ ដែល​គ្រប់​គ្រង​ប្រព័ន្ធ​អ៊ិនធើណែត​ អំពើ​​ពុក​​រលួយ​ដែល​ប្រព្រឹត្ត​ឡើង តាមរយៈ​មធ្យោបាយ​មួយ​នេះ នឹង​ត្រូវ​ទទួលទោស ដែល​ទោស​​នេះត្រូវ​បាន​បញ្ជាក់​លំអិត​នៅក្នុង​ច្បាប់​ប្រឆាំង​អំពើ​ពុក​ រលួយ។

អង្គការ​​​ប្រឆាំង​អំពើ​ពុក​រលួយ​​ បានរៀប​ចំ​យុទ្ធនាការ​ ដើម្បី​បង្ហាញ​ពីគោល​គំនិត​របស់​​ខ្លួន ប្រាប់​​ដល់​ប្រទេស​ផ្តល់​ជំនួយ។ គោល​បំណង​គឺ ចង់អោយរដ្ឋាភិបាល​ពិនិត្យ​ឡើង​វិញ នូវ​សេចក្តីព្រាងច្បាប់ ដោយ​ទទួល​ស្គាល់​ភាព​ចាំ​បាច់​នៃ​អនុសាសន៍​​របស់​ពួកគេ។


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

អត្ថបទបន្ថែម

ទឹកប្រាក់ជាង៥០០លានដុល្លារ ដែលត្រូវស្នើសុំពីម្ចាស់ផ្តល់ជំនួយ
លោកជាម យៀប តំណាងរាស្រ្ត​មកពីគណបក្ស​ប្រជាជនកម្ពុជា បាន​រាយ​ការណ៍​ថា​ បើ​តាម​​​លោក​គាត ឈន់ រដ្ឋ​មន្រ្តី​ក្រសួង​សេដ្ឋកិច្ច រដ្ឋាភិបាល​គ្រោង​នឹង​​សុំជំនួយ​ពី​ប្រទេស​ផ្តល់​​​ជំនួយ​សម្រាប់​ឆ្នាំ​ ២០០៩ ជាទឹកប្រាក់ចំនួន​ជាង​៥០០លានដុល្លារ។ នៅឆ្នាំ​២០០៨ ប្រទេស​ផ្តល់​​​ជំនួយ​​បាន​សន្យា​ថា​នឹង​ផ្តល់​ទឹក​ប្រាក់​៦៩០លាន​ដុល្លារ សម្រាប់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ពោល​គឺ​ជា​ចំនួន​ទឹក​ប្រាក់​​ដែល​ច្រើន​ជាង​​ចំនួនដែលរដ្ឋាភិបាលកម្ពុជា​បាន ​ស្នើសុំ   គឺ​​រដ្ឋាភិបាលសុំ​ត្រឹម​​តែ​៦០២លាន​ដុល្លារ​ប៉ុណ្ណោះ​។ ម្ចាស់​ជំនួយ​នឹង​បង្ហាញ​ភាព​សប្បុរស​ធម៌​របស់​ខ្លួន ប្រសិន​ជា​រដ្ឋាភិបាល​សន្យា​ចំពោះពួកគេ​ថា​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​​ នឹង​ពិតជា​ត្រូវ​អនុម័ត​​នៅដើម​ឆ្នាំ​២០០៩នេះរឺ​?
 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ