កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
គណបក្ស​ប្រឆាំង​បន្ត​ទាម​ទារ​អោយ​មាន​តួនាទី​មួយ​ច្បាស់​លាស់​នៅ​ក្នុង​រដ្ឋសភា
ដោយ ដូង សុខា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២០-១១-២០០៨

Cambodge - Mu Sochua � John Vink / Magnum

ភ្នំពេញ (កម្ពុជា) ថ្ងៃទី​២៤ កញ្ញា ២០០៨៖ លោកស្រី មួរ សុខហួរ អគ្គលេខាធិការ​​

រង​គណបក្ស​សម  រង្ស៊ី ចេញពី​រដ្ឋសភា បន្ទាប់​ពីកិច្ច​ប្រជុំ​សភា​លើក​ដំបូង
© ចន វីង​ / Magnum

នៅក្នុង ​ឱកាស​ធ្វើដំណើរទៅកាន់ខេត្ត​កណ្តាល កាលពី​ថ្ងៃ​ច័ន្ទ ទី​១៧ ខែវិច្ឆិកា សម្តេច​ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជា​បាន​បញ្ចប់​​​ក្តី​សង្ឃឹម​​របស់ ​គណបក្ស​ប្រឆាំង​​​សម រង្ស៊ី ដែ​លទាមទារ​តំណែង​​សំខាន់មួយ​ចំនួន​នៅ​ក្នុង​​អំណាច​នីតិបញ្ញត្តិ​។ សម្តេច​បាន​ចាត់​​ទុក​ការ​ទាមទារ​របស់​តំណាង​រាស្រ្ត​គណបក្ស​​សម រង្ស៊ី​នេះថា «ភ្លីភ្លើ​» ដែល​​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​វិធាន​ផ្ទៃក្នុង​​រដ្ឋ​សភា ដើម្បីទទួលស្គាល់ជាផ្លូវការ​នូវ​តួនាទី​របស់​គណបក្ស​​ប្រឆាំង និងទទួល​បាន​​នូវ​​​មុខ​តំណែង​សំខាន់​ៗនៅរដ្ឋសភាជាតិ។ ទោះបីជា​មិន​មាន​​តួនាទី​អ្វី​នៅ​ក្នុង​​អំណាច​នីតិប្រតិបត្តិ ក៏ដូច​ជា​អំណាច​នីតិ​បញ្ញត្តិ​ក៏ដោយ ក៏គណបក្ស​សម រង្ស៊ី ដែល​កំពុង​តែ​ជួប​បញ្ហា មិន​រាថយ និង​បន្ត​ធ្វើការ​ទាម​ទារ​​នូវតួនាទីមួយ​ច្បាស់​​លាស់​​នៅ​ក្នុង​រដ្ឋ​សភា​​ សម្រាប់​​​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង។

 

សម្តេច​ហ៊ុន សែនៈ មិន​មាន​តំណែង​នៅរដ្ឋសភា សម្រាប់​គណបក្ស​ប្រឆាំងទេ
មន្រ្តី ​គណបក្ស​ប្រឆាំងមួយ​ចំនួន​យល់​ថា​​សម្តេច​នាយក​រដ្ឋ​មន្រ្តី​​បាន​បោ​ក​ ប្រាស់​ពួក​គេ​ដោយ​​​​បាន​​​ជម្រុញ​​អោយ​ពួកគេ​ចូល​រួម​នៅក្នុង​​សម័យ​ ប្រជុំ​សភា​លើ​ក​ដំបូង កាលពី​​ថ្ងៃទី​២៤ ខែ​​កញ្ញា​ កន្លង​ទៅនេះ។​​ ​ប្រឈម​មុខ​នឹង​ការ​រិះគន់ទាំង​នេះ​ សម្តេច​ហ៊ុន សែន​វាយ​បក​វិញ​ថា មិនមាន​តំណែង​ណាមួយ​នៅក្នុង​រដ្ឋ​សភា សម្រាប់​​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង សម​ រង្ស៊ី​​នោះទេ។ សម្តេច​ប្តេជ្ញា​នឹង​ធ្វើ​ជា​​រនាំង ក្នុងការ​តែងតាំង​អ្នក​ទាំង​នោះ។

«បុរស ​ខ្លាំង» នៅក្នុង​ប្រទេសកម្ពុជា​ ដែលកាន់​អំណាច​តាំងពី​ឆ្នាំ​១៩៨៥​ បាន​សង្កត់​​ធ្ងន់​ថា «ខ្ញុំ​មិន​បាន​បោក​លោកឯង​​​ទេ។ លោកឯង​ (សម រង្ស៊ី) បាន​ព្យាយាម​​​ទូរស័ព្ទមកខ្ញុំ តាម​រយៈ​​លោក​ឧកញ៉ា​គិត ម៉េង។ ប៉ុន្តែ ខ្ញុំ​បដិសេធ​មិន​និយាយ​​ជាមួយលោកឯង​។ ​លោកឯង​​ចូល​រួម​ប្រជុំ​លើកដំបូង​​ រឺអត់ នេះ​គឺ​ជា​​បញ្ហា​​​របស់​លោកឯង​​!»។

ក្រោយ​​ការ​បោះ​ឆ្នោត​ ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិទីបួន កាលពីថ្ងៃទី​២៧ ខែ​កក្កដា គណបក្ស​​​សម រង្ស៊ី ដែល​ទទួល​បានអាសនៈសភា​ចំនួន​២៦ បាន​​បង្ហាញ​​នូវ​ឆន្ទៈ​​​​ធ្វើ​ពហិការ​​ជា​ច្រើន​​​លើក​ច្រើន​សា​ ​មិន​ព្រម​ចូល​រួម​ពិធី​ផឹក​ទឹក​សម្បថ​​​។ នៅមួយ​ថ្ងៃ​មុន​ពិធី​នេះ គណបក្ស​​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​របស់​​លោក​​កឹម សុខា បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​​​ ជូន​ប្រមុខ​រដ្ឋាភិបាល​ ដើម្បី​សុំ​អោយ​​តួនាទី​​របស់​គណបក្ស​ប្រឆាំង​ ដែល​មិនមាន​មុខ​តំណែង​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​ដោយ​រដ្ឋសភាជាតិ ដោយ​កំណត់​​លក្ខខណ្ឌ​​ច្បាស់លាស់​ សម្រាប់​ការចូលរួម​របស់​ពួកគេ​នៅក្នុង​ការងារ​សភា នា​​ថ្ងៃ​​​អនាគត​​។

សម្តេច ​​មាន​ប្រសាសន៍​បែប​ចំអក​ថា «តាម​ពិត​ អ្នក​ឯង​​ស្នើសុំ​កែប្រែ ២៦មាត្រា ក្នុង​​ចំណោម​៨២​មាត្រា​​ [នៃវិធាន​ផ្ទៃ​ក្នុង​​រដ្ឋសភា] ដូចជាការ​កំណត់បែង​ចែក​តំណែង​​ជា​អនុប្រធាន​រដ្ឋសភាមួយ​  ប្រធាន​​​គណៈកម្មការជំនាញ​​មួយ​ចំនួន និង​ថវិកា​​ដាច់​ដោយឡែក​ (សម្រាប់​គណបក្ស​ប្រឆាំង​)!។ ទាំង​នេះ​សុទ្ធ​តែ​ជា​ចំណុច​ខ្លាញ់​​​។ អ្នក​ឯង​រង់ចាំ​ជាតិ​ក្រោយ​ចុះ»។ សម្តេច​​បាន​ចាត់​ទុក​សំណើ​នេះ ជា​​សំណើ​ «ភ្លីភ្លើ​» ហើយសម្តេច​បាន​ស្នើអោយ​លោកសម​ រង្ស៊ី ដែល​បច្ចុប្បន្ន​ ស្ថិ​ត​នៅ​​ប្រទេស​​បារាំង អោយ​«ជួយ​ណែនាំ​សមាជិក​» គណបក្ស​របស់​ខ្លួន​ផង​។​

ដើម្បី​សមភាព​​នៃ​អំណាច
ទោះ ​​ជាយ៉ាង​ណា​ គណបក្ស​សម រង្ស៊ី នៅ​តែ​ប្រកាសការ​តស៊ូ​​​ ដើម្បី​ទទួល​បាន​តួនាទី​​សំខាន់ៗ នៅក្នុង​រដ្ឋ​សភា ដែល​ត្រូវ​បែង​ចែក​ទៅតាម​ចំនួន​អាសនៈ​ដែល​ទទួល​​បាន​នៅ​ក្នុង​ការ​​បោះឆ្នោត ​។ លោក​យឹម សុវណ្ណ តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​​បាន​ចាត់ទុក​សំណើ​នេះ​​​ថា​​ «មិន​ជ្រុល​ហួស​ហេតុពេក»នោះទេ។ អតីត​ប្រធាន​​គណៈកម្មការ​មហាផ្ទៃ​និង​ការពារ​ជាតិ​​នៃ​រដ្ឋសភា​​រូប​នេះ​បាន ​ពន្យល់ថា «ការ​ទាមទារ​របស់យើង​ គោរ​ព​ទៅតាម​គោល​ការណ៍​ពហុបក្ស​និយម​។ យើង​ត្រូវ​​ការ​ធ្វើ​អោយ​អំណាច​ទាំង​ពីរ គឺអំណាច​នីតិប្រតិបត្តិ និងអំណាច​នីតិបញ្ញត្តិ មាន​​សមភាព​»។​ លោក​បាន​លើក​ជាឧទាហរណ៍​អំពី​ប្រព័ន្ធ​នយោបាយ​បរទេស​ថា «នៅសហរដ្ឋ​អាមេរិក រឺប្រទេស​អាល្លឺម៉ង់ ប្រសិនជា​គណបក្ស​ដែលមាន​សម្លេង​​ភាគ​ច្រើន​​​កាន់​​ក្រសួង​សេដ្ឋ​កិច្ច នោះគណកម្មការ​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ​នៃ​​រដ្ឋ​​សភា ត្រូវ​ប្រគល់​អោយ​គណបក្ស​ប្រឆាំង»។

ម្យ៉ាង​វិញទៀត តំណាង​រាស្រ្ត​ប្រចាំមណ្ឌល​ភ្នំពេញ​រូប​នេះ​ បាន​សំដែង​ការ​សោក​ស្តាយ​​ចំពោះ​ភាព​ទន់ខ្សោយ​របស់​គណកម្មការ​ជំនាញ​​នានា​ នៃរដ្ឋសភា ពោល​គឺ​មាន​​ចំនួន​​ត្រឹមតែ​៩​ប៉ុណ្ណោះ ខណៈពេល​ដែល​រដ្ឋាភិបាល​មាន​២៤ក្រសួង​។ គណៈកម្មការ​ខ្លះ​ត្រូវ​ទទួល​បន្ទុក​ត្រួត​ពិនិត្យ​ការងារ​របស់​ក្រសួង ​ពី៥ ទៅ៨​ក្រសួង​។ លោកយឹម សុវណ្ណ បាន​វាយតម្លៃ​ថា «វាគឺជា​ប្រព័ន្ធភ្លីភ្លើ។ គណៈកម្មការ​​នីមួយៗ​គួរ​តែ​​​ត្រួត​ពិនិត្យ​ក្រសួង​១​ រឺពីរ យ៉ាង​ច្រើន​បំផុត​»។

​​លោក ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ធនាគារ និង​សវនកម្ម​នៃ​រដ្ឋ​សភា​មក​ពី​គណបក្ស​​ប្រជាជន​កម្ពុជាយល់​ឃើញ​ថា​ អំណៈអំណាង​ដែលលើក​ឡើង​ដោយ​តំណាង​រាស្រ្ត​​​គណបក្ស​សម រង្ស៊ី​រូបនេះគ្រាន់តែជាការ​ទាក់​ទាញ​ចំណាប់​​អារម្មណ៍ប៉ុណ្ណោះ។ លោក​បាន​លើក​ឧទាហរណ៍​មកបញ្ជាក់ថា​​​គណៈកម្មការ​​របស់លោក​ទទួល​បន្ទុក​ត្រួត​ ពិនិត្យ​«តែ​បី​ស្ថាប័នប៉ុណ្ណោះ» (ក្រសួង​​សេដ្ឋកិច្ច ធនាគារ​ជាតិ​ និង​អាជ្ញាធរ​ជាតិសវនកម្ម)។ លោក​បាន​លើក​ឡើង​​ថា នីតិវិធីបច្ចុប្បន្ននេះ​​មិនបាន​ហាម​ឃាត់​រដ្ឋ​សភា​មិនអោយ​បង្កើត​ គណៈកម្មការ​ថ្មី​នោះ​​ទេ។

ថវិកាសម្រាប់​គណបក្ស​ដែលមាន​អាសនៈនៅរដ្ឋសភា?
លោក ​យឹម សុវណ្ណ​ បានគូស​បញ្ជាក់​ថា​បញ្ហា​ក៏ជា​បញ្ហា​មួយ​ដែរ​ សម្រាប់​គណបក្ស​​លោក​។​ លោកគាំទ្រ​ចំពោះការ​ពង្រឹង​​​ថវិកាសម្រាប់គណបក្ស​ដែល​មាន​អាសនៈនៅរដ្ឋសភា ដែល​ត្រូវ​បាន​បែងចែក​តាម​មធ្យមភាគ​នៃចំនួន​តំណាង​​រាស្រ្ត ដោយយោង​តាម​រូបមន្ត​ ដែល​អនុញ្ញាត​អោយ​គណបក្ស​ប្រឆាំង​មាន​​ហិរញ្ញប្បទាន​គ្រប់​គ្រាន់ ដើម្បី​បំពេញតួនាទី​របស់​ខ្លួន​អោយ​បាន​ពេញ​លេញ​។ លោក​យឹម សុវណ្ណ​បាន​បញ្ជាក់ថា​ «នៅ​ប្រទេស​អាល្លឺម៉ង់ ថវិកា​ត្រូវ​បាន​បែង​ចែក​ ទៅតាម​ចំនួន​សម្លេង​ដែល​គណបក្ស​នីមួយៗ​ទទួល​បាន​។​ ដើម្បី​ផ្តល់ការ​ប្រឹក្សា​ដល់​រដ្ឋាភិបាល គណបក្ស​ប្រឆាំង​ដែលជា​កញ្ចក់​ឆ្លុះ​របស់​រដ្ឋាភិបាល ត្រូវ​មាន​ធនធាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់»។​ លោក​បាន​បញ្ជាក់ថា «ធន​ធាន​​ទាំងនេះមិនមែន​​ទុក​សម្រាប់​ធ្វើ​ជា​អ្នកមាន ទិញ​​រថយន្តនោះទេ​ ប៉ុន្តែ ទុក​សម្រាប់​​ទិញ​កុំព្យូទ័រ បរិក្ខារ​ការិយាល័យ​​ និង​ទុក​សម្រាប់​ចំណាយ​ថ្លៃ​​ទឹក​​និង​ភ្លើង​​»។

ទោះស្ថិត​ក្នុងការ​លំបាក គណបក្ស​ប្រឆាំង​នៅ​មាន​សង្ឃឹម​ជានិច្ច
គណបក្ស ​ប្រឆាំង​បាន​និយាយថា​​កំពុង​ស្ថិតនៅក្រោម​សំពាធ​មួយ ដោយសារ​​​គ្មាន​​​តួនាទី​សំខាន់​ៗ​នៅក្នុង​រដ្ឋ​សភា​។ គណបក្ស​នេះ​បានត្អូញ​ត្អែរ​អំពីការលំបាក​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ ពាក់ទង​នឹង​រដ្ឋ​សភា ​ជាពិសេស ស្តីពី​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​អចិន្រ្តៃយ៍​​នៃ​រដ្ឋ​សភា​។ «យើង​មិនអាច​ពិភាក្សា​សេចក្តីព្រាង​ច្បាប់​​ និង​ផ្តល់​មតិ​យោបល់​ ដើម្បីធ្វើ​ការ​​កែសម្រួល​ មុន​សេចក្តីព្រាង​ច្បាប់​ទាំង​នេះ​​ត្រូវ​បាន​​បញ្ជូន​ទៅ​​​សម័យប្រជុំសភា។​ ដូចនេះ យើង​មានការ​លំបាក ក្នុងការ​បម្រើ​​ប្រជាពល​រដ្ឋ»។ តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​បាន​និយាយ​ថា​​ខ្លួន​គឺជា​ជន​​រង​គ្រោះ​ ពី​​ការ​បដិសេធ​នេះ ហើយឆ្លើយ​តប​ទៅវិញថា​ ពួក​គេ​បន្ត​ធ្វើ​ពហិការ​​មិន​​ចូល​រួមកិច្ច​ប្រជុំ និងសិក្ខាសាលា​ដែលរៀប​ចំធ្វើឡើង​នៅ​រដ្ឋសភា ​​ដែល​ផ្តួច​ផ្តើម​ឡើង​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល រឺ សហគមន៍​អន្តរ​ជាតិ​ ដរាបណា​តួនាទី​របស់​គណបក្ស​ប្រឆាំង​​មិន​ត្រូវ​បានធានា​​ជាផ្លូវការ​ លើកលែង​សម័យ​​ប្រជុំ​សភា​ចេញ ។​

តំណាង​រាស្រ្ត​របស់​គណបក្ស​ប្រឆាំង​ បាន​អះអាង​ថា​គណបក្ស​របស់ខ្លួន​បាន​ប្រើប្រាស់​យុទ្ធសាស្រ្ត​ថ្មី​មួយ​ គឺ​ធ្វើការ​ ក្រៅប្រព័ន្ធ​សភា ដោយ​ចុះ​សាកសួរ​សុខទុក្ខ​ប្រជាជន​ «ដើម្បី​ផ្តល់​ព័ត៌មាន​ដល់ពួកគាត់ អំពីការ​វិវត្តន៍​របស់​ប្រទេស​ជាតិ​​​»។ លោក​យឹម សុវណ្ណ តំណាង​រាស្រ្ត​​មណ្ឌល​​ភ្នំពេញ​ បាន​សន្និដ្ឋាន​បែប​ទស្សនវិទ្យា​ថា «ពាក្យ​ ‘អស់សង្ឃឹម’ មិន​មាន​​នៅក្នុង​វចនានុក្រម​របស់​គណបក្ស​សម រង្ស៊ីឡើយ។ យើង​នឹង​បន្ត​ការ​តស៊ូ​ដោយ​ក្តីសង្ឃឹម​ត​ទៅ​ទៀត។​ យើង​នឹង​ទទួល​​បាន​នូវ​​ជោគជ័យ នៅ​​ថ្ងៃ​ណា​មួយ ព្រោះ​អ្វីគ្រប់យ៉ាង​សុទ្ធ​តែ​មាន​ទី​​បញ្ចប់ គ្មាន​​អ្នក​ណា​អមតៈនោះទេ​​»។​


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

អត្ថបទបន្ថែម

ប្រាក់បំណាច់​ប្រចាំខែ​របស់​ប្រធាន​រដ្ឋសភា និង​តំណាង​រាស្រ្ត
លោកជាម យៀប តំណាង​រាស្រ្ត​មណ្ឌល​ព្រៃវែង​មកពីគណបក្ស​ប្រជាជនកម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ ធនាគារ និងសវនកម្ម​នៃរដ្ឋសភា បាន​​ប្រាប់​​វិប​សាយ​​ កាសែត អំពី​ប្រាក់​បំណាច់​ប្រចាំ​ខែជា​ផ្លូវការ ដែល​ផ្តល់​ជូន​តំណាង​រាស្រ្ត តាម​មុខ​តំណែង​ (១ដុល្លារ ស្មើ៤០០០រៀល​)
-ប្រធាន​រដ្ឋសភា ៥,៥ លាន​រៀល (១​ ៣៧៥ដុល្លារ)
-អនុប្រធាន​ទីមួយ ៥,២លាន​រៀល (១ ៣០០ដុល្លារ)
-អនុប្រធាន​ទីពីរ ៥លាន​រៀល (១ ២៥០ដុល្លារ)
-ប្រធាន​គណៈកម្មការ​សភា ៥,១លាន​រៀល (១ ២៧៥ដុល្លារ)
-តំណាង​រាស្រ្ត ៤,៨លានរៀល (១ ២០០ដុល្លារ)
តាម​ប្រភព​តែមួយនេះ តំណាង​រាស្រ្ត​ទទួល​បាន​ទឹក​ប្រាក់​បន្ថែម​ប្រចាំ​ខែ​ ​២លាន​រៀល (៥០០ដុល្លារ) ទុក​សម្រាប់​ទិញ​រថយន្ត ដើម្បីចុះ​មូលដ្ឋាន។ លើសពីនេះ ប្រធាន​គណៈកម្មការ​​ទទួល​បាន​ប្រេង​ដោយ​ឥត​គិត​ថ្លឡៃ​ចំនួន​ ៥០០លីត្រ ក្នុង​មួយ​ខែ ចំណែក​តំណាង​រាស្រ្ត​ទទួល​បាន​​៣០០លីត្រ​។
 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ