
ភ្នំពេញ (កម្ពុជា) ថ្ងៃទី២៦ វិច្ឆិកា ២០០៨៖ លោកនីកូឡា ដឺវីឡេ អគ្គនាយកក្រុមហ៊ុនសម្បទានព្រលានយន្តហោះនៅកម្ពុជា
© ចន វីង/ Magnum
ប្រឈម មុខនឹងវិបត្តិហិរញ្ញវត្ថុ និងសេដ្ឋកិច្ចអន្តរជាតិ ផលវិបាកនៃជម្លោះព្រំដែនខ្មែរ-ថៃ ការចុះឈ្មោះក្រុមហ៊ុនអាកាសចរណ៍សៀមរាបអ៊ែវែលើបញ្ជីខ្មៅរបស់ សហភាពអឺរ៉ុប ហើយថ្មីៗនេះទៀតប្រឈមនឹងការបិទព្រលានយន្តហោះទីក្រុងបាងកកដោយ សារក្រុមបាតករ វិស័យអាកាសចរណ៍កម្ពុជាបានជួបបញ្ហាប្រឈមផ្ទួនៗឥតព្រាង ទុក។ នៅក្នុងបរិបទដ៏រំជើបរំជួលរបស់ពិភពលោកនិងក្នុងតំបន់បែបនេះ លោកនីកូឡា ដឺវីឡេ អគ្គនាយកក្រុមហ៊ុនសម្បទានព្រលានយន្តហោះ (SCA) កម្ពុជា និង CAMS ច្រានចោលរាល់គំនិតទុទិដ្ឋិនិយមហួសហេតុ។ លោកវាយតម្លៃថា បើទោះជាវិបត្តិមានពិតមែនក៏ដោយ ក៏កម្ពុជាមានវិធីដើម្បីដកខ្លួនចេញផុតពីបញ្ហាលំបាកទាំងនេះ ដែរ ជាពិសេសតាមរយៈការធ្វើអោយសម្បូរបែបនូវការផ្តល់សេវាកម្ម ទេសចរណ៍ និងតាមរយៈរូបភាពជា«គោលដៅទេសចរណ៍ថ្មី»របស់ខ្លួន។ ខាងក្រោមនេះ ជាបទសម្ភាសន៍ជាមួយលោកនីកូឡា ដឺវីឡេ។
កាសែត ៖ តើគម្រោងធំៗកំពុងដំណើរការនៅព្រលានយន្តហោះទាំងបី ដែលគ្រប់គ្រងដោយ SCA នៅទីក្រុងភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ មានអ្វីខ្លះ?នីកូឡា ដឺរីឡេ ៖ ក្រុមហ៊ុនSCA គឺជាក្រុមហ៊ុនមួយដែលធ្វើការយូរអង្វែង ដោយមានកិច្ចសន្យាសម្បទាន។ ដូច្នេះ យើងមានចក្ខុវិស័យវែងឆ្ងាយ មិនបញ្ចប់តែបីឬ៥ឆ្នាំនោះទេ។គម្រោងហេដ្ឋារចនាសម្ព័ន្ធ សាធារណៈពិសេសៗមួយចំនួនអាចដំណើរការចាប់ពី៥ឆ្នាំដល់៨ឆ្នាំ ។ ប៉ុន្តែនៅពេលយើងធ្វើការលើផ្នែកហេដ្ឋារចនាសម្ព័ន្ធសាធារណៈ យើងបានប្រមើលមើលលើរយៈពេល៤០ឬ៥០ឬរហូតដល់៧០ឆ្នាំ...។ នៅចន្លោះពេលដែលគេសម្រេចចិត្តធ្វើអ្វីមួយនិងពេលដែលគេធ្វើវា អោយចេញរូបរាង គឺអាចចំណាយពេលយូរ។ លើសពីនេះទៀត នៅកម្ពុជា ពេលខ្លះវាប្រព្រឹត្តទៅលឿនជាងនៅប្រទេសផ្សេង ពីព្រោះវាមានភាពឆ្លើយតបខ្លាំង និងការកើនឡើងនៃចំនួនអ្នកដំណើរក៏ខ្លាំង។ បច្ចុប្បន្ន យើងសម្រេចបានគម្រោងរបស់យើងមួយផ្នែកធំក្នុងការសាងសង់ ព្រលានយន្តហោះ ជាពិសេសពាក់ព័ន្ធនឹងកន្លែងអង្គុយរង់ចាំ។ ប៉ុន្តែ ដោយសារកំណើនកើនឡើងខ្លាំង យើងត្រូវប្រឈមមុខនឹងបញ្ហានេះ។ យើងនៅមានគម្រោងពង្រីកកន្លែងអង្គុយរង់ចាំបច្ចុប្បន្ននៅទីក្រុង ភ្នំពេញ និងកន្លែងរង់ចាំថ្មីមួយទៀតនៅខេត្តសៀមរាប។ គម្រោងនេះគឺតម្រូវតាមការកើនឡើងខ្លាំងនៃការហោះហើរ។ នៅទីក្រុងព្រះសីហនុ យើងមានគម្រោងធម្មតា៖ នៅដំណាក់ការដំបូង គឺជួសជុលព្រលានយន្តហោះនិងកន្លែងអង្គុយរង់ចាំឡើងវិញ ដើម្បីអោយវាមានកម្រិតសមត្ថភាពដូចគ្នានៅខេត្តសៀមរាប និងអាចទទួលយន្តហោះប្រភេទATR -ប៊ូអ៊ីង ៧៣៧ និង Airbus A៣២០ បាន។ ផ្លូវយន្តហោះត្រូវបានពង្រីកដល់២ ៥០០ម៉ែត្រ។ ព្រលានត្រូវបានបំពាក់ដោយសម្ភារៈចាំបាច់ដើម្បីការពារគ្រោះ អគ្គិភ័យ ម៉ាស៊ីនត្រជាក់ត្រូវបានបំពាក់ កន្លែងរង់ចាំត្រូវបានពង្រីកធំគួរសមនិងជួសជុលឡើងវិញ ហើយអាចទទួលអ្នកដំណើរបានពី ៦០០ ០០០ដល់៧០០ ០០០នាក់ [ក្នុងមួយឆ្នាំ]។ ទាំងអស់នេះគឺសម្រេចបាននាពេលបច្ចុប្បន្ន។ ហើយយើងកំពុងសហការជាមួយអាកាសចរណ៍ស៊ីវិល ដើម្បីធ្វើការចុះឈ្មោះព្រលានយន្តនៅក្នុងលំដាប់អន្តរជាតិ។ នៅសល់តែត្រូវធ្វើយ៉ាងណាអោយក្រុមហ៊ុននានាចូលមកស្រុកខ្មែរ ប៉ុណ្ណោះ...
កាសែត៖ តើហេតុអ្វីបានជានៅពុំទាន់មានជើងហោះហើរជាប្រចាំនៅព្រលាន យន្តហោះក្រុងព្រះសីហនុ ដែលត្រូវបានសម្ពោធនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៧? តើលោករំពឹងអូសទាញក្រុមហ៊ុនអាកាសចរណ៍យ៉ាងដូចម្តេច?ន.ដ ៖ ព្រលានយន្តហោះមួយ គឺដូចជាផ្លូវដ៏ធំមួយខ្សែដែរ។ ហេតុអ្វីបានជាជិះឡាន ហើយប្រើផ្លូវធំ? ព្រោះវាមានអ្វីម្យ៉ាងនៅពីក្រោយ... ព្រលានយន្តហោះក្រុងព្រះសីហនុ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធរយៈពេលវែង។ យើងបង្ហាញរូបភាពដ៏ហ្មត់ចត់មួយ ហើយយើងអាចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃការដឹកជញ្ជូនបានដោយ ជោគជ័យ។ ប៉ុន្តែសព្វថ្ងៃ យើងចាំបាច់ត្រូវធ្វើអោយក្រុងព្រះសីហនុមានហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និងសេដ្ឋកិច្ចផ្សេងទៀត។ ប្រសិនបើក្រុមហ៊ុនទាំងឡាយវាយតម្លៃថា វាមានទីផ្សារ ពួកគេនឹងនាំយន្តហោះពួកគេមកមិនខាន។ ចំណុចដែលត្រូវធ្វើគឺការផ្តល់រូបភាពដ៏ល្អដល់ក្រុងព្រះសីហនុ ការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ និងការធ្វើអោយទីក្រុងនេះមានលក្ខណៈកាន់តែទាក់ទាញ ជាពិសេសតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសណ្ឋាគារ។ ម្យ៉ាងទៀត យើងទទួលរួចទៅហើយនូវការហោះហើរ ដែលមានតម្លៃថោក។
កាសែត ៖ ទីក្រុងព្រះសីហនុ និយាយអោយចំទៅគឺព្រលានយន្តហោះក្រុងព្រះសីហនុ តើវាមិនជួបបញ្ហាលំបាកដោយសារការប្រកួតប្រជែងយ៉ាងខ្លាំងក្លា ពីទីក្រុងជាប់មាត់សមុទ្រផ្សេងទៀតនៅក្នុងតំបន់ដែរឬទេ?ន.ដ ៖ សព្វថ្ងៃនេះ កម្ពុជាស្ថិតក្នុងចំណោមបណ្តាប្រទេសមានការរៀបចំកែលំអវិស័យ ទេសចរណ៍ជាច្រើន។ ជាមធ្យម អ្នកទេសចរស្នាក់នៅតែ ២ថ្ងៃកន្លះប៉ុណ្ណោះ។ នៅគោលដៅផ្សេងទៀត អ្នកទេសចរស្នាក់នៅយូរជាងនេះ ព្រោះគេមានផ្តល់សេវាពេញលេញ។ នៅកម្ពុជា ខ្ញុំគិតថា ឥទ្ធិពលនៃ«គោលដៅថ្មី»គឺមានសារសំខាន់ ជាពិសេសនៅក្នុងបរិបទសព្វថ្ងៃ។ យើងបានធ្វើការពិចារណាជាមួយក្រសួងទេសចរណ៍ អំពីតំបន់រមណីយដ្ឋានទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺក្រុងព្រះសីហនុ។ កម្ពុជាមានរូបភាពល្អស្រាប់ទៅហើយ ហើយសព្វថ្ងៃគឺមានភាពសកម្មដ៏ពិតប្រាកដ។ ម្យ៉ាងវិញទៀត ប្រតិបត្តិករឯកជនទាំងឡាយនឹងត្រូវដើរតួនាទីរបស់ខ្លួន...
ទេសចរណ៍ នៅកម្ពុជាបច្ចុប្បន្ន គឺជាទេសចរណ៍វប្បធម៌។ ប៉ុន្តែ បើប្រៀបធៀបទៅនឹងវិស័យទេសចរណ៍ប្រភេទផ្សេងៗទៀត ទេសចរណ៍វប្បធម៌នៅក្នុងពិភពលោកមានកំរិតទាបខ្លាំងណាស់។ ទេសចរណ៍មាត់សមុទ្រ ឈូងសមុទ្រ ឬទេសចរណ៍សេវាវេជ្ជសាស្រ្តគឺមានចំនួនច្រើន។ ប៉ុន្តែសព្វថ្ងៃ កម្ពុជាមិនមានរៀបចំផ្តល់សេវាកម្មទេសចរណ៍បែបនេះទេ។
កាសែត៖ នៅពេលដែលក្រុមហ៊ុន SCA ទទួលបានសម្បទានព្រលានយន្តហោះក្រុងព្រះសីហនុ អ្នកទទួលខុសត្រូវជាច្រើនធ្លាប់អះអាងថាព្រលានយន្តហោះនេះនឹងក្លាយ ជាព្រលានយន្តហោះទី១នៅក្នុងប្រទេសទៅថ្ងៃអនាគត។ តើលោកនៅតែអះអាងដដែល នៅក្នុងបរិបទវិបត្តិដូច្នេះឬយ៉ាងណា?ន.ដ ៖ បាទ! វាពិតជាអីចឹងមែនហើយទៅថ្ងៃខាងមុខ។ នៅឆ្នាំ១៩៩៨ ព្រលានយន្តហោះខេត្តសៀមរាបទទួលអ្នកដំណើរបានតែប៉ុន្មានពាន់ នាក់ប៉ុណ្ណោះ។ សព្វថ្ងៃ វាអាចទទួលបាន១,៧លាននាក់ ហើយនៅភ្នំពេញគឺ១,៦៦លាន។
ប្រសិនបើយើងប្រៀបធៀបកម្ពុជាទៅនឹង ប្រទេសផ្សេងទៀត ដែលវិស័យទេសចរណ៍មានការរីកចម្រើនយ៉ាងខ្លាំងដូចជាប្រទេសអេហ្សីប ឬទុយនេស៊ីជាដើម វាសឹងតែប្រាកដ និងច្បាស់ណាស់ទៅហើយថា ការអភិវឌ្ឍទេសចរណ៍របស់កម្ពុជានឹងបន្តមាន ថ្វីបើមានបញ្ហាឥតព្រាងទុកជាច្រើនដូចជាវិបត្តិសេដ្ឋកិច្ចអាស៊ី ឆ្នាំ១៩៩៨ ជំងឺសារ៍ ជំងឺផ្តាសាយបក្សី...
កាសែតៈ ហេតុអ្វីក្រុមហ៊ុន SCA អាចនឹងទទួលជោគជ័យនៅទីក្រុងព្រះសីហនុ? ព្រោះក្រុមហ៊ុនធ្វើអាជីវកម្មនៅព្រលានយន្តនេះមុន ឈ្មោះថា ក្រុមហ៊ុន អារីស្តុន បានទទួលបរាជ័យន.ដ៖ ខ្ញុំសូមមិននិយាយពីក្រុមហ៊ុនអារីស្តុន។ អ្វីដែលខ្ញុំអាចនិយាយគឺយើងមានជំនាញឯកទេស នៅទឹកដីនេះ។ យើងគឺជាក្រុមហ៊ុនពិភពលោកដ៏ធំមួយនៅក្នុងវិស័យអាកាសចរណ៍ ហើយនេះ គឺជាអាជីពរបស់យើង។ ជំនាញរបស់យើងគឺ គ្រប់គ្រងសម្បទានហេដ្ឋារចនាសម្ព័ន្ធនៃវិស័យដឹកជញ្ជូនសាធារណៈ។ បច្ចុប្បន្ននេះ យើងបានពាំនាំនូវជំនាញប្រកបដោយសមត្ថភាពមួយ។ គន្លឹះសំខាន់ គឺការគិតដល់ថ្ងៃអនាគត។ មុនដំបូង ទីក្រុងភ្នំពេញ គឺជាព្រលានយន្តហោះអន្តរជាតិទីមួយនៅក្នុងប្រទេស ហើយព្រលានយន្តហោះខេត្តសៀមរាបគ្រាន់តែជាព្រលានយន្តហោះ សម្រាប់ការហោះហើរនៅក្នុងស្រុកប៉ុណ្ណោះ។ កាលណោះ យើងមានគម្រោងរយៈពេលវែង និងច្បាស់លាស់លើវិស័យអាកាសចរណ៍ មុននឹងរដ្ឋាភិបាលមានបំណងអភិវឌ្ឍព្រលានយន្តហោះខេត្តសៀមរាប អោយក្លាយជាព្រលានយន្តហោះអន្តរជាតិ។ ពេលនោះ ប្រសិនជាយើងនៅតែដើរតាមគំរូដដែល យើងពិតជាគ្មានថ្ងៃស្គាល់ការអភិវឌ្ឍន៍បែបនេះនោះទេ។
កាសែតៈ ប្រសិនជាការធ្វើដំណើរតាមយន្តហោះបន្តកើនឡើង ដូចអ្វីដែលលោកបានរំពឹងទុក តើព្រលានយន្តហោះខេត្តសៀមរាប និងទីក្រុងភ្នំពេញ នឹងមិនប្រឈមមុខចំពោះនឹងការខ្វះខាតដែរនោះទេរឺ? ខណៈពេលព្រលានយន្តហោះមួយស្ថិតនៅក្បែរប្រាសាទ និងមួយទៀតស្ថិតនៅក្នុងទីក្រុង។ន.ដ៖ ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ យើងមានអំណះអំណាងយ៉ាងទូលំទូលាយ។ ប្រសិនរដ្ឋាភិបាលបានជ្រើសរើសយកប្រតិបត្តិករតែម្នាក់ យើងអាចពន្យល់បានថា៖ យើងមិនគ្រប់គ្រងព្រលានយន្តហោះតែមួយទេ ប៉ុន្តែ គឺជាបណ្តាញព្រលានយន្តហោះ។ ករណីនេះអនុញ្ញាតអោយយើងសម្របទៅតាមលក្ខខណ្ឌសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអភិវឌ្ឍន៍។ នៅលើផ្ទៃដីដែលមានស្រាប់ រឺកំពុងតែធ្វើការពិភាក្សា យើងនឹងអាចទទួលបានការហោះហើរមួយច្រើនជាង១០នៃការហោះហើរបច្ចុប្បន្ន ពោលគឺច្រើនជាងពីរទៅបីដងនៃចំនួនប្រជាជនសរុបនៅក្នុងប្រទេស។... ប៉ុន្តែ យើងត្រូវពិចារណារយៈពេលវែង ហើយយើងមិនអាចធ្វើតែម្នាក់ឯងនោះទេ។ ដូចនេះ យើងនឹងត្រូវពិចារណាជាមួយរដ្ឋាភិបាល។ យើងត្រូវមានចក្ខុវិស័យម៉ាក្រូសេដ្ឋកិច្ច ដោយវាយតម្លៃអំពីតម្លៃនៃការអភិវឌ្ឍន៍ព្រលានយន្តហោះមួយ ធៀបទៅនឹងការចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនេះ។ យើងនៅតែនិយាយថាយើងមិនត្រូវសំឡឹងមើលតែតំបន់របស់យើងនោះទេ ប៉ុន្តែ យើងត្រូវសំឡឹងមើលស្ថានភាពជុំវិញខ្លួនយើងផងដែរ។
កាសែតៈ តើវិបត្តិហិរញ្ញវត្ថុអន្តរជាតិអាចចោទជាបញ្ហាសម្រាប់គម្រោងវិនិយោគ ដែលត្រូវបានគ្រោងទុកនៅក្នុងព្រលានយន្តហោះទាំងបីកន្លែង នៅក្នុងប្រទេសកម្ពុជាដែររឺទេ?ន.ដ៖ សម្រាប់គម្រោងរយៈពេលមធ្យមនិងវែងទាំងអស់ វាមិនមានចោទជាបញ្ហានោះទេ។ ប៉ុន្តែ សព្វថ្ងៃ វិបត្តិពិភពលោកកំពុងកើតមាន ដូចនេះ យើងត្រូវចាប់អារម្មណ៍លើបញ្ហានេះ។ វិបត្តិនេះមានផលប៉ះពាល់យ៉ាងខ្លាំង។ ប៉ុន្តែ ប្រទេសកម្ពុជាមានសន្លឹកបៀមួយនៅក្នុងដៃ ព្រោះកម្ពុជាមានមធ្យោបាយគ្រប់គ្រាន់ដើម្បីនឹងអាចសម្រេច ព្រមទាំងមានការអភិវឌ្ឍន៍ដ៏ខ្លាំងក្លា បើប្រៀបធៀបទៅនឹងប្រទេសនៅក្នុងតំបន់។ វិបត្តិនៅប្រទេសថៃគឺជាបច្ច័យអាក្រក់សម្រាប់ប្រទេសកម្ពុជា ប៉ុន្តែ ផ្ទុយទៅវិញ វិបត្តិនេះអាចជួយលើកមុខមាត់ប្រទេសនិងជួយទាក់ទាញភ្ញៀវទេសចរ។ ដោយឡែក តម្លៃពលកម្មមានភាពទាក់ទាញគួរសម។ ជាទូទៅ ប្រទេសកម្ពុជាអាចនឹងដកខ្លួនចេញផុតពីស្ថានភាពលំបាក។ ដូចនេះ យើងត្រូវធ្វើការងារ នៅលើផែនការទីផ្សារមួយ អោយកាន់តែសកម្មជាងមុន ពង្រឹងនិងបង្កើនសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍ និងបន្តពិចារណាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយនឹងក្រសួងពាណិជ្ជកម្ម ព្រមទាំងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
កាសែតៈ នៅក្នុងបរិបទវិបត្តិនេះ តើភ្ញៀវទេសចរថ្មីមានប្រភពចេញមកពីណា?ន.ដ៖ មានប្រភពដ៏សំខាន់មួយនៅក្នុងតំបន់។ នៅប្រទេសថៃ ប្រភពដ៏ពិតប្រាកដសម្រាប់វិស័យទេសចរណ៍ គឺជាចំនួនភ្ញៀវទេសចរនៅក្នុងតំបន់។ ដូចនេះ គោលដៅដែលត្រូវចាប់យកគឺទេសចរណ៍ក្នុងតំបន់។
កាសែតៈ ការចុះឈ្មោះក្រុមហ៊ុនមួយ ដូចជាក្រុមហ៊ុនសៀមរាប អ៊ែវេ នៅក្នុងបញ្ជីខ្មៅរបស់សហភាពអឺរុប រឺការធ្លាក់យន្តហោះរបស់ក្រុមហ៊ុន PMT ដែលធ្វើដំណើរហោះហើរពីព្រលានយន្តហោះខេត្តសៀមរាប ទៅក្រុងព្រះសីហនុ កាលពីថ្ងៃទី២៥ មិថុនា ឆ្នាំ២០០៧ តើកត្តាទាំងនេះមិនប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកធ្វើ ដំណើរនោះទេរឺ? តើលោកមានប្រតិកម្មយ៉ាងដូចម្តេច ចំពោះបញ្ហាសុវត្ថិភាពទាំងនោះ?ន.ដ៖ ពាក់ព័ន្ធនឹងសុវត្ថិភាព និងភាពជឿជាក់ ប្រទេសកម្ពុជាមិនមែនជាអ្នកដែលសម្រេចគ្រប់យ៉ាងតែម្នាក់ឯងនោះទេ។ ច្បាប់ត្រូវបានកំណត់ជាលក្ខណៈអន្តរជាតិ។ តាំងពីប៉ុន្មានឆ្នាំមកនេះ មានការពង្រឹងច្បាប់អន្តរជាតិទាំងអស់។ យើងតែងតែអនុវត្តច្បាប់។ យើងបន្តអនុវត្តច្បាប់ទាំងនេះ ហើយកំរិតគុណភាពអាចប្រហាក់ប្រហែលនឹងកំរិតព្រលានយន្តហោះអន្តរ ជាតិ។ ខាងផ្នែកសុវត្ថិភាព យើងធ្វើការលើកម្មវិធីផ្សេងៗ ជាមួយអាកាសចរណ៍ស៊ីវិល។
កាសែតៈ ចាប់តាំងពីមានការធ្លាក់យន្តហោះក្រុមហ៊ុនPMTមក គេលែងឃើញមានទំនាក់ទំនង ជាមួយព្រលានយន្តហោះក្រុងព្រះសីហនុ។ តើនេះអាចបណ្តាលមកពីការព្រួយបារម្ភអំពីសុវត្តិភាព ដែលនៅខ្វះខាតនៅឡើយ នៅលើអាកាសនៃប្រទេសកម្ពុជា ទើបបានជាក្រុមហ៊ុនអាកាសចរណ៍មិនសូវជាចាប់អារម្មណ៍នៅក្នុងការ ហោះហើរ?ន.ដ៖ នេះមិនមែនជាហេតុផលមួយ ដែលក្រុមហ៊ុនអាកាសចរណ៍ប្រើជាមួយយើងនោះទេ។ អ្វីដែលក្រុមហ៊ុនទាំងនោះស្វែងរក គឺភាពទទួលបានអត្ថប្រយោជន៍គ្រប់គ្រាន់។ ក្រុងព្រះសីហនុមិនមានឈ្មោះល្បី។ គេត្រូវដឹងថាបច្ចុប្បន្ន ទីនេះមានសក្កានុពល។ យើងសូមនិយាយថាកម្ពុជាសក្តិសមនឹងទទួលបានការអភិវឌ្ឍន៍វិស័យ ទេសចរណ៍ នៅក្នុងលំដាប់ខ្ពស់មួយ ហើយគេត្រូវតែធ្វើវា។
កាសែតៈ ការធ្លាក់យន្តហោះរបស់ក្រុមហ៊ុន PMT និងការចុះឈ្មោះក្រុមហ៊ុនសៀមរាបអ៊ែវេនៅក្នុងបញ្ជីខ្មៅ បានបង្កើតជាអារម្មណ៍អសុវត្ថិភាព ដែលអាចប៉ះពាល់ទៅលើសកម្មភាពរបស់លោក។ តើលោកត្រូវប្រឈមមុខនឹងបញ្ហានេះយ៉ាងដូចម្តេច បើទោះបីជាលោកមិនមែនជាអ្នកទទួលខុសត្រូវលើហេតុការណ៍ទាំងនោះក៏ដោយ? តើលោកត្រូវធ្វើការងារជាមួយអាជ្ញាធរអំពីបញ្ហានេះយ៉ាងដូចម្តេច?ន.ដ៖ យើងអំពាវនាវដល់អ្នកជាប់ពាក់ព័ន្ធទាំងអស់ អោយចាត់វិធានការណ៍ផ្នែកសុវត្ថិភាព។ មន្រ្តីរដ្ឋាភិបាលទទួលបន្ទុកផ្នែកសុវត្ថិភាព ចំណែកយើងចាត់វិធានការណ៍ ទាក់ទងនឹងមូលដ្ឋានព្រលានយន្តហោះ។ យើងធ្វើការជាមួយអាជ្ញាធរទាំងអស់ ក្រោមការទទួលខុសត្រូវរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាពិសេសយើងធ្វើការងារពាក់ព័ន្ធនឹងការគោរពបទដ្ឋានរបស់ក្រុមហ៊ុន អាកាសចរណ៍។
កាសែតៈ ក្រោយពេលហោះហើរ តើមានលទ្ធផលអ្វីខ្លះ នៅប៉ុន្មានខែនៃឆ្នាំ២០០៨នេះ? ហើយចុះផែនការសម្រាប់ឆ្នាំ២០០៩?ន.ដ៖ នៅរយៈពេល១០ខែដំបូង ក្នុងឆ្នាំ២០០៨នេះ ចំនួនអ្នកធ្វើដំណើរ នៅព្រលានយន្តហោះសៀមរាប និងទីក្រុងភ្នំពេញ មានកំណើន០,៥% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០០៧។ យើងគិតថាសម្រាប់ឆ្នាំ២០០៨ កំណើននេះអាចនឹងធ្លាក់ចុះបន្តិចបន្តួច។ សម្រាប់ឆ្នាំ២០០៩ វាពិបាកក្នុងការថាណាស់។ វិបត្តិពិភពលោកគឺជាកត្តាដ៏សំខាន់ ដែលអាចពន្យល់បានអំពីការធ្លាក់ចុះនៃសកម្មភាពរបស់យើង។ បញ្ហាផ្សេងទៀត មានដូចជាជម្លោះព្រំដែនខ្មែរ-ថៃ ជុំវិញបញ្ហាប្រាសាទព្រះវិហារ និងការបិទទ្វារព្រលានយន្តហោះនៅទីក្រុងបាងកក។ ប៉ុន្តែ យើងមិនត្រូវបំភ្លេចថាក្រុមហ៊ុនអាកាសចរណ៍បានសន្យាទិញយន្តហោះ ថ្មីនោះទេ។ នៅត្រង់ចំណុចនេះ យើងត្រូវមានការប្រុងប្រយ័ត្ន ព្រោះជាមួយយន្តហោះថ្មីទាំងនេះ ក្រុមហ៊ុនត្រូវបើកដំណើរការការហោះហើររបស់ខ្លួន។ ដូចនេះ វាមិនមែនជាស្ថានភាពអាក្រក់សម្រាប់យើងនោះទេ។ ម្យ៉ាងវិញទៀត ដោយសារមានវិបត្តិនេះ អ្នកទេសចរអាចនឹងជ្រើសរើសការធ្វើដំណើរកំសាន្តរយៈពេលខ្លីជាងមុន ហើយនេះផ្តល់ផលចំណេញសម្រាប់យើង នៅក្នុងកំរិតតំបន់។ យើងក៏មានសក្កានុពលដ៏សំខាន់មួយ ជាមួយអាណិកជនខ្មែររស់នៅ អឺរុប រឺសហរដ្ឋអាមេរិក ដែលមកកាន់ប្រទេសកម្ពុជា ដែលយើងហៅថាការធ្វើដំណើរកំសាន្តរបស់អាណិកជនខ្មែរ។ នេះគឺជាផ្នែកមួយនៃចរាចរណ៍ហោះហើរ ដែលមានកំណើន និងទទួលរងផលប៉ះពាល់ពីវិបត្តិតិចតួច ខណៈពេលប្រទេសជាតិមានស្ថិរភាព។ ការធ្វើដំណើររបស់អាណិកជនទាំងនេះមិនសូវជាទទួលរងផលប៉ះពាល់ពីការ បិទទ្វារព្រលានយន្តហោះបាងកកនោះទេ ព្រោះថាប្រជាជនរស់នៅបរទេសជាច្រើនទំនងជាជ្រើសរើសមធ្យោបាយ ធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះប្រទេសផ្សេង បន្ទាប់ពីកើតមានភាពតានតឹងរវាងប្រទេសទាំងពីរ។