កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
វិស័យ​កាត់​ដេរ​នៅ​កម្ពុជាៈ តើ​និយោជក និង​កម្មករ​នឹង​ឈាន​ទៅ​ដល់​ការ​ជជែក​គ្នា​អំពី​របៀប ​របប​ការ​ងារ​ថ្មី​ឬ?
ដោយ រស់ ឌីណា និង ឡូរ៉ង់ ឡឺហ្គុអង់វិក   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៤-១១-២០០៨

Cambodge - Textile - ouvriers � John Vink / Magnum

ចោមចៅ (កម្ពុជា) ថ្ងៃទី​២៥ កញ្ញា ២០០៨៖ កម្មការិនីរោងចក្រកាត់ដេរ

© ចន វីង / Magnum

 

បច្ចុប្បន្ននេះ នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​រោង​ចក្រ​កាត់ដេរ​ចំនួន​​ជាង​៥៤០ ដែល​បាន​នឹង​កំពុង​ធ្វើ​សកម្មភាព​នៅទូទាំង​ប្រទេស​ ដោយ​មាន​ចំនួន​សហជីព​នៅតាម​រោង​ចក្រ​ទាំង​អស់​មានចំនួន​ជាង​១០០០សហជីព​។​ សហជីព​ទាំងនោះ​ត្រូវទទួល​បន្ទុក​ការ​ពារ​​ផល​ប្រយោជន៍​និង​​សិទ្ធិ​របស់​ កម្មករ ពីការ​កេង​ប្រវ័ញ្ច​របស់​​​និយោជក​​​​​។​ លោក​ ណាង សុធី អគ្គលេខាធិការ​សភា​ពាណិជ្ជ​កម្ម​​កម្ពុជា​បាន​បរិហារ​​ចំពោះ​ស្ថាន​ភាព​បែប​ នេះ នៅក្នុង​វេទិការដ្ឋាភិបាល​-វិស័យ​ឯកជន​ ដែល​រៀប​ចំធ្វើឡើងនៅ​ថ្ងៃ​សុក្រ​ ទី​២១ ខែវិច្ឆិកា។ លោកក៏បាន​ចូលរួ​ម​សោក​ស្តាយ​​ផងដែរ​ចំពោះ​ការ​ធ្លាក់ចុះ​នៃ​បរិយាកាស​សង្គម​ ​នៅឆ្នាំ​២០០៨។ ស្ថិត​នៅក្រោម​សំពាធ​អតិផរ​ណា​ចំនួន​​ពីរ គឺ​ការ​បាត់​បង់​អំណាច​​​ទិញ​របស់កម្មករ​ និង​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ គំរូ​សង្គម​​ដែល​អាចទាក់ទាញ​អ្នកទិញ​មកពី​បស្ចឹម​ប្រទេស​ ដែល​មាន​បំណង​ធ្វើអោយ​កិត្តិស័ព្ទ​​របស់​ពួក​គេ​​មាន​ភាព​ល្អ​ប្រសើរ​ឡើង​ វិញ កំពុង​​ប្រឈម​មុខ​នឹង​ការ​អនុវត្ត​មិនបាន​ត្រឹម​​ត្រូវ។

 

និយោជក​នៃ​វិស័យ​កាត់ដេរ​ ព្រួ​យ​បារម្ភ​អំពី​បញ្ហា​អតិផរណា វិបត្តិសេដ្ឋកិច្ច និង​កូដកម្ម ជាង​បញ្ហា​​​អ្វីៗ​ទាំង​អស់។​ និយោជក​ទាំង​នោះ​បាន​បង្ហាញ​ប្រាប់​ពីការ​ព្រួយ​បារម្ភ​របស់​ខ្លួន នៅ​ក្នុង​​វេទិការដ្ឋាភិបាល-វិស័យឯកជន​លើក​ទី​១៤ ដែលមានការ​ចូលរួម​ពី​តំណាង​រដ្ឋាភិបាល​និង​សហគ្រិន​ជាច្រើន។​

សហជីព កំពុង​ប្រកួត​ប្រជែង
អគ្គលេខាធិការ ​សភា​ពាណិជ្ជកម្ម​កម្ពុជា និងជា​ប្រធាន​តំបន់សេដ្ឋកិច្ច​ពិសេសនៃទីក្រុង​ភ្នំពេញ បាន​ធ្វើការរិះគន់ចំពោះសកម្មភាព​របស់ «សហជីព​មួយចំនួន» ​ដែល​ត្រូវ​បាន​គេ​ចោទ​​ប្រកាន់​ថា​បម្រើផល​ប្រយោជន៍ផ្ទាល់ខ្លួន និងបានធ្វើអោយ​ខាត​ប្រយោជន៍​ទាំង​​និយោជក​ ទាំង​​កម្មករ។ តាំងនាម​ជា​សហ​ប្រធាន​ក្រុម​ការងារទំនាក់ទំនង​វិជ្ជាជីវៈ​ឧស្សាហកម្ម​​នៅ​ ក្នុង​ក្រប​ខ័ណ្ឌ​នៃ​វេទិកា​រដ្ឋាភិបាល-វិស័យ​ឯកជន (G-PSF) លោក​ណាង សុធី បាន​បញ្ចេញ​កំហឹង​​​ថា« ​រោង​ចក្រខ្លះ មាន​​​សហជីព​​យ៉ាង​តិច​បំផុត​១០ ដែល​តំណាង​អោយ​​កម្មករ។ ទំនាស់​ជា​រឿយៗរវាង​សហជីព​និងសហជីព ក្នុង​ការ​ប្រកួត​ប្រជែង​ដណ្តើម​ប្រជាប្រិយ​ភាព​អោយ​មាន​សមាជិក​គាំទ្រ​ បាន​ប្រែ​ក្លាយ​រូប​ភាព​សហជីព​ជាអ្នក​ការពារ​ផល​ប្រយោជន៍​អោយ​និយោជិត ទៅជា​កន្លែង​សម្រាប់​ប្រជែង​ដណ្តើម​ប្រមូល​សមាជិក​គាំទ្រ​ខ្លួន និង​ប្រមូល​លាភ​សក្ការៈ​ផ្នែក​ហិរញ្ញវត្ថុ​ទៅ​វិញ​​​»។

បើ​តាម​ ប្រសាសន៍​របស់លោក បរិយាកាស​សង្គម​មិនបាន​បញ្ឈប់​ធ្លាក់ចុះ​​ ពេញមួយ​ឆ្នាំ​២០០៨​នេះ​ឡើយ។ លោក​ណាង សុធី បាន​អះអាង​ថា​ រយៈពេល​១០​ខែ​ដំបូង​នេះ គឺគិត​នៅ​ត្រឹម​ខែ​តុលា ឆ្នាំ​២០០៨នេះ​ កូដកម្ម​ខុស​ច្បាប់​ចំនួន​៩៥ករណី​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​នៅ​តាម​​រោង​ ចក្រ​កាត់​ដេរ​ ក្នុង​ប្រទេស​កម្ពុជា​ ពោលគឺ​​មាន​ការ​កើន​ឡើង​ចំនួន​៤៨% ប្រៀប​ធៀប​ទៅនឹង​រយៈពេលដូច​កាលពីឆ្នាំ​កន្លងទៅ​នេះ​។​​

លោក​ជា មុនី ប្រធាន​សហជីព​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ (ស.ស.ក.ព.ក) បាន​ច្រាន​ចោល​តួលេខ​ខាងលើ​នេះ​។​ ផ្ទុយ​ទៅ​វិញ​ ប្រធាន​សហជីព​រូប​នេះ​បាន​ចាត់ទុក​ការ​វិភាគ​របស់​​​​​​អគ្គលេខាធិការ​សភា​ ពាណិជ្ជកម្ម​ នេះ​គឺជា​ទង្វើ​បំផ្លាញសហជីព​ នៅក្នុង​បរិបទ​ដ៏​ទន់​​ខ្សោយ​​មួយ​។

«សហជីព​៩០% ពុករលួយ»
លោក ​​ប្រធាន​ ស.ស.ក.ព.ក បាន​បក​ស្រាយ​បំភ្លឺ​ថា «សហជីព​៩០% ប្រព្រឹត្ត​អំពើពុក​រលួយ អាច​​ដោយសារ​ពួកគេចង់ធ្វើការ​​គំរាមកំហែង រឺមួយអាច​ដោយសារ​​ពួកគេ​​មាន​ទំនាក់​ទំនង​​ជាមួយ​​​និយោជក រឺ​មន្រ្តីនយោបាយ​ជាន់ខ្ពស់»។ លោក​ជា មុនី គឺជា​ប្អូន​ប្រុស​របស់​លោកជា​វិជ្ជា ​អតីត​ប្រធាន​សហជីពដ៏ល្បីឈ្មោះ ​ដែលត្រូវ​បាន​គេធ្វើឃាត​នៅឆ្នាំ​២០០៤។​

កម្មករត្រូវ​បាន​ចាប់យកធ្វើជា​ចំណាប់​​ខ្មាំង
លោក ​បាន​លំអិត​ថា «​សហជីព​​ព្យាយាម​កៀរគរ​កម្មករ ដើម្បី​ធ្វើកូដ​កម្ម​ ដោយ​ចាប់​យក​កម្មករ​ធ្វើជា​ចំណាប់ខ្មាំង​ ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​ពួកគេ។​ សហជីពមិនល្អ បាន​​ប្រព្រឹត្ត​សកម្មភាព​បែបនេះ ដើម្បី​ជំរិត​ប្រាក់ពី​ថៅកែ ហើយ​បន្ទាប់ពី​បានទទួល​ប្រាក់​ហើយ ពួកគេ​ក៏បានចាកចេញ​ពី​រោង​ចក្រ»។ លោកជា មុនី បាន​វាយតម្លៃ​ថា ស្ថានភាព​នេះ​កាន់​តែ​ធ្វើ​អោយ​​ការងារ​របស់​សហជីព​ ស.ស.ក.ព.ក មាន​ភាព​ស្មុគស្មាញ​។

ភាពជាតំណាង និងបទបញ្ញត្តិ​ថ្មី
ដើម្បី ​បញ្ចប់​ស្ថាន​ភាពនេះ និង​ដើម្បីជៀស​វាង​សកម្មភាព​របស់សហជីព​បំផ្លាញ​ផល​ប្រយោជន៍​របស់​ខ្លួន សហគ្រិន​ដែលជា​សមាជិក​ក្រុមការងារ​ទំនាក់ទំនង​ឧស្សាហកម្ម​នៅ​ក្នុង​ក្រប​​ ខ័ណ្ឌ​​​ G-PSF បាន​ស្នើរដ្ឋាភិបា​ល​​អោយ​​ចាត់វិធានការណ៍​ យ៉ាង​តិច​បំផុត​ចំនួន​ពីរ គឺ​​ទីមួយ ជ្រើស​រើស​អោយ​បាននូវ​ «សហជីព​មានភាព​ជា​តំណាង​បំផុត» នៅក្នុង​មូលដ្ឋាន​រោង​ចក្រ​នីមួយៗ ព្រម​ទាំង​កិច្ចព្រមព្រៀង​ ដែលកើត​ចេញពី​ការ​ចរចា​ជាក្រុម​​ ដោយ​ធ្វើ​យ៉ាង​​ណា​​អោយ​សហព័ន្ធ​សហជីព​គោរព​ក្រមការងារ​ និង​នីតិវិធី​ច្បាប់​​។ ទីពីរ គឺរៀប​ចំ​​​​​ច្បាប់​មួយ​ ស្តីពី​សហជីព​ និង​តាក់តែ​​បទបញ្ញត្តិ​ការងារ ដែល​ការ​សម្រេចចិត្ត​ទាំង​ឡាយ​ត្រូវ​ដាក់​កំហិត​ និង «ត្រូវ​អនុវត្ត​ពិត​ប្រាកដ»។​

លោក​ណាង សុធី បានអះអាង​ថា «​សព្វ​ថ្ងៃ​នេះ នៅក្នុង​ចំណោម​សហព័ន្ធ​​សហជីពចំនួន​​២៦ នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ មាន​សហព័ន្ធ​សហជីព​ចំនួន​តែ​១០ ប៉ុណ្ណោះ ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​ ដើម្បីទទួល​បាន​ភាពជា «​សហជីព​មានភាព​ជា​តំណាង​បំផុត»​។​ សហព័ន្ធ​មួយ​ចំនួនទៀតពុំមាន​លទ្ធភាព​ទទួល​បាន​៥១% នៃចំនួន​កម្មករ​​​​សរុប នៅ​​ក្នុង​​រោង​ចក្រ​មួយ ធ្វើជា​សមាជិក​របស់ខ្លួនឡើយ ដែល​៣៣%​នៃសមាជិក​ទាំង​នោះ​បានបង់ប្រាក់វិភាគទានទៅសហជីព​នោះ​។

ការ​កើន​ឡើង​ ដែល​នាំ​អោយ​មានការ​ខូច​ប្រយោជន៍​ដល់សហជីព​សំខាន់ៗ
សំណើសុំខាងលើនេះ ​មិន​បាន​ធ្វើអោយ​លោក​ជា មុនី មាន​អារម្មណ៍មិន​សប្បាយចិត្ត​នោះ​ទេ​។ សហជីព​​ ស.ស.ក.ព.ក​របស់លោកគឺជា​សហជីព​ទីមួយ នៅក្នុង​វិស័យ​រោង​ចក្រ​កាត់​ដេរ​ ដែល​ស្ថិត​នៅ​ក្នុង​សហព័ន្ធ​សហជីព​ប្រជាធិបតេយ្យកម្ពុជា​។ ប៉ុន្តែ ប្រធាន​សហជីព​រូប​នេះ​​មាន​ការសង្ស័យ ចំពោះ​ឆន្ទៈ​របស់​អាជ្ញាធរ ក្នុងការ​អនុវត្ត​ដំណោះស្រាយ​នេះ បើទោះបី​ជា​​សម្តេច​ នាយករដ្ឋ​មន្រ្តី ហ៊ុន សែន​ ​មាន​ប្រសាសន៍​ឆ្លើយ​តប​ទៅកាន់​លោក​ណាង សុធី ​វិញ​ថា​​សម្តេច​​​ពេញចិត្ត​ចំពោះ​សំណើ​​នេះ ​ក៏​ដោយ​។​ លោក​ជា មុនី​បាន​រម្លឹក​ថា «ខ្ញុំ​ក៏​ធ្លាប់​មាន​​គំនិត​នេះ​ដែរ ប៉ុន្តែ វា​មិន​សម្រេច​​បាន​ជោគជ័យ​ ព្រោះ​តំណាង​របស់ក្រសួង​ការងារ​ មិន​បាន​​គាំទ្រ​គំនិត​នេះ​។​ នេះ​អាច​ជារឿង​ដ៏ល្អមួយ​ ប៉ុន្តែ ខ្ញុំ​មិនជឿថារដ្ឋាភិបាល​នឹង​យល់ស្រប​ចំពោះ​​​​គំនិត​នេះ​នោះទេ ព្រោះ​រដ្ឋាភិបាល​ត្រូវ​ការ​អោយ​សហជីព​តូចៗ មាន​ការ​រីកចម្រើន​កាន់​តែ​ច្រើនឡើងៗ ដើម្បីធ្វើអោយ ស.ស.ក.ព.ក ចុះទន់​ខ្សោយ​»។

ច្បាប់ស្តីពី​សហជីព?
សម្រាប់ ​លោក​ ណាង​ សុធី ដំណោះស្រាយ​នឹង​ត្រូវ​ឆ្លងកាត់​ដោយ​ច្បាប់។ អគ្គលេខាធិការ​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​រូប​នេះ​បាន​វាយ​តម្លៃ​ថា «បញ្ហា​នឹងជួប​ការ​លំបាក ប្រសិនជា​ភាគី​ទាំង​​ពីរ​ គឺសហជីព និង​និយោជក ​មិន​​​មានសុឆន្ទៈ​ ដើម្បី​ទទួល​​​​​ខុស​ត្រូវលើ​អ្វី​ដែល​ខ្លួន​បាន​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​ រួម​ជាមួយ​គ្នារួច​ហើយ​នោះ។​​ នៅ​ក្នុង​វិស័យ​ឯក​ជន យើង​ជឿ​ថា​ទំនាក់​ទំនង​ការងារ​ត្រូវ​ធានា​ដោយ​ច្បាប់ សម្រាប់ធ្វើ​ជា​​ក្រ​បខ័ណ្ឌ​ ដើម្បីអនុវត្ត​ ព្រមទាំង​ដាក់​​​​​ទណ្ឌកម្ម​ចំពោះ​បុគ្គល​​មិន​គោរព​ច្បាប់។ ក្រមការងារ​អនុញ្ញាត​អោយ​បង្កើត​សហជីព ប៉ុន្តែ ពុំ​​​មាន​ច្បាប់ដើម្បី​​គ្រប់គ្រង​ដំណើរ​ការ​របស់​សហជីព​នោះទេ»។

និយោជក ​ក៏​ទាមទារ​អោយមាន​​​ការ​ពង្រឹង​យន្តការ​នៃកិច្ច​ចរចា​ផងដែរ ផ្តើមចេញ​ពីការ​បង្កើត​«តុលាការ​ការងារ» ដើម្បី​ដោះស្រាយ​វិវាទ​ការងារ​រវាង​សហជីព​ ជាមួយនឹង​និយោជក​ ហើយ​​​មាន​អំណាច​ផ្សេង​ពី​ «ក្រុម​​ប្រឹក្សា​​អាជ្ញាកណ្តាល» ដែលជា​ក្រុមប្រឹក្សា​ចូលរួម​ពី​តំណាង​​និយោជក និង​និយោជិត ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​ការងារ​។ ក្រុម​ប្រឹក្សា​នេះ​​គ្រាន់​​តែ​ជា​ស្ថាប័ន​មួយ​ទទួល​ស្គាល់​ត្រឹម​តែ​ ក្រសួង​ការងារ​ប៉ុណ្ណោះ។ សេចក្តីបង្គាប់​​​របស់ «ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល» មាន​ពីរប្រភេទ គឺ «សេចក្តី​បង្គាប់​ចង​កាតព្វកិច្ច និង​មិនចង​កាតព្វកិច្ច»។ ដូចនេះ ភាគី​វិវាទ​ទាំង​ពីរ​អាច​ទទួលស្គាល់​យក​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​ អាជ្ញាកណ្តាល​ រឺ​បដិសេធ​ក៏បាន។ លោក​ណាង សុធី បាន​វាយតម្លៃ​ថា​ «ធាតុពិត​នៃ​ការ​ធ្វើ​កូដ​​កម្ម​របស់សហព័ន្ធ​សហជីព​កម្ពុជារាល់ថ្ងៃ​ប្រហែល​ ៩៩% គឺ បាន​កើត​ឡើង​នៅមុនពេល​ដែល​វិវាទ​ត្រូវ​បាន​ប្តឹង​ទៅដល់​ក្រុម​ប្រឹក្សា​ អាជ្ញាកណ្តាល​ទៅទៀត។ ដូច​នេះ បើ​ទោះ​បីជា​មាន​​ការ​ជ្រើស​រើស​យក​នូវសេចក្តី​បង្គាប់​ចង​កាតព្វកិច្ចក៏ដោយ ក៏​យើង​មិនអាច​បញ្ឈប់កូដ​កម្ម​​មិនអោយ​កើត​ឡើង​បាន​ដែរ»។

សម្រាប់លោកជា មុនី អាជ្ញាធរ​មា​ន​ភារៈកិច្ចទទួល​ខុស​ត្រូវ​មួយ​ផ្នែកធំ នៅក្នុង​ការរឹត​បន្តឹង​ទំនាក់ទំនង​ការងារ​។ លោក​បានពន្យល់​ថា «និយោជក​ខ្លះ​អាច​វិនិយោគទុន​នៅ​ប្រទេស​កម្ពុជា​បាន​ ដោយសារ​មាន​ឯកសិទ្ធិ និង​មិន​បាន​តម្កល់ប្រាក់ធានា​នោះទេ។ នៅក្នុង​ករណី​ក្ស័យធន ពួកគេ​អាច​ចាកចេញពីទឹក​ដី​កម្ពុជា​ ដោយ​បាន​បន្សល់ភាព​អត់ការងារ​ធ្វើ​សម្រាប់​កម្មករ។ ដោយសារ​ការ​ព្រួយបារម្ភអំពី​បញ្ហា​ក្ស័យ​ធន កូដកម្ម​ថ្មីៗចុង​ក្រោយ​នេះ​​ត្រូវ​បាន​រៀប​​ចំ​ ដើម្បី​ទាមទារអោយមា​នការ​បើក​ប្រាក់​ខែ មុនពេល​ថៅកែ​លួច​រត់​គេច​ទៅ​បាត់​»។

បើតាមប្រសាសន៍​របស់លោកណាង សុធី ការ​ពង្រឹង​ក្រប​ខ័ណ្ឌ​​ច្បាប់ ត្រូវតែ​ធ្វើឡើង​អោយ​បាន​​ឆាប់​រហ័ស​បំផុត​តាមដែល​អាច​ធ្វើទៅបាន ដើម្បីអោយគ្រប់​ភាគី​ពាក់ព័ន្ធ​មាន​ក្រប​ខ័ណ្ឌ​ច្បាប់ គោរព និង​អនុវត្ត​រៀង​ៗខ្លួន​។ លោក​បានប្រកាស​ថា «នេះមិនមែនជា​ពេល​វេលា​ធ្វើ​កូដ​កម្ម​ប្រឆាំង​នឹង​រោងចក្រ​នោះទេ ប៉ុន្តែ ត្រូវ​ចិញ្ចឹមឆ្នាំងបាយ​របស់ខ្លួន ល្អជាង»។ ចំណែក​លោកជា មុនី មាន​ប្រតិកម្ម​វិញថា «ប្រសិជា​ថៅកែ​គោរព​ច្បាប់ សហជីព​ប្រហែល​ជា​មិន​អាច​​​ធ្វើកូដ​កម្ម និង​ប្រព្រឹត្តអំពើពុករលួយនោះទេ»។ 


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ