| អ្នករស់នៅបូឌីង (៦) : អ្នកស្រីហ៊ុន សារ៉ាត់ សំឡេងមាសនៅអគារបូឌីង |
| ដោយ ស្ទេហ្វានី ហ្សេ និងអ៊ឹម លឹម | |
| ២៨-១១-២០០៨ |
ភ្នំពេញ (កម្ពុជា) ថ្ងៃទី១៦ វិច្ឆិកា ២០០៨៖ អ្នកស្រីហ៊ុន សារ៉ាត់ អ្នកចម្រៀង ស្នាក់នៅជាន់លើបំផុតនៃអគារ បូឌីង ©ស្ទេហ្វានី ហ្សេ បន្ទាប់ ពីទទួលបានការអនុញ្ញាត ស្រ្តីគួរអោយស្រឡាញ់ឈ្មោះហ៊ុន សារ៉ាត់ ដែលយើងបានដើរជួបនៅតាមផ្លូវដើរជាន់លើបំផុតនៃអគារបូឌីង បានបង្ហាញសំឡេងមាសរបស់អ្នកស្រីនៅក្នុងផ្ទះអ្នកស្រី។ ពិដានរំលេចដោយស្នាមដុះផ្សិត និងរបស់របរតម្រៀបគរគ្នាឡើងតាមជញ្ជាំងដើម្បីធ្វើអោយបន្ទប់ ដ៏តូចមួយមានភាពស្រឡះអាចរស់នៅបាន... មើលទៅទីនេះមិនស៊ីនឹងសម្លៀកបំពាក់ដ៏ស្រស់ឆើតរបស់ម្ចាស់វា ដែលមានភ្លីសំពត់ដ៏សមឥតខ្ចោះនោះទេ។ ស្ថិតនៅក្នុងវ័យ៥៧ឆ្នាំ អ្នកស្រីគឺជាអ្នកតំណាងចុងក្រោយម្នាក់របស់សិល្បករជំនាន់ចាស់ នៅអគារបូឌីងដែលរស់នៅជាមួយអ្នកមានគំនិតច្នៃប្រឌិតក្មេងៗ ហើយអ្នកស្រីមានឈ្មោះល្បី នៅក្នុងភូមិជិតខាង។ មុននឹងស្តាប់សំណួររបស់យើង អ្នកស្រីហ៊ុន សារ៉ាត់ ទាញតុតូចមួយ ហើយរៀបចំដាក់ដបទឹកនិងអំបុកមួយចាន ទទួលភ្ញៀវជាការគួរសមក្នុងនាមជាម្ចាស់ផ្ទះ។ ក្នុងចំណោមអ្នកដែលត្រូវយើងសម្ភាសន៍នៅអគារបូឌីង សម្រាប់កម្រងអត្ថបទនេះ អ្នកស្រីគឺជាមនុស្សទី១ ដែលមិនប្រកែកក្នុងការថតរូប។ ប៉ុន្តែគ្រាន់តែមានលក្ខខណ្ឌមួយប៉ុណ្ណោះ: «ខ្ញុំសុំពេលមួយនាទីបានទេ? ខ្ញុំទៅប្តូរខោអាវល្អ!»។ ពីរបាំទៅចម្រៀង អ្នកស្រី ហ៊ុន សារ៉ាត់ ចូលរាំរបាំព្រះរាជទ្រព្យនៅអាយុ៨ឆ្នាំ។ ប៉ុន្តែដោយសារអ្នកស្រីមានរូបរាងធំជ្រុលពិបាកហាត់ពត់សន្លាក់ គេក៏បានអោយអ្នកស្រីធ្វើជាអ្នកចម្រៀងវិញ។ សំឡេងស្មូត្ររបស់អ្នកស្រីបានទាក់ទាញចំណាប់អារម្មណ៍អ្នកស្តាប់ ហើយអ្នកស្រីច្រៀងក្នុងវង់ភ្លេងប្រពៃណី។ របបខ្មែរក្រហមបាន ធ្វើអោយអាជីពនេះអាក់ខានភ្លាមៗ ប៉ុន្តែសំឡេងរបស់អ្នកស្រីមិនត្រូវបំបិទនោះទេ។ ប្តីអ្នកស្រីត្រូវគេសម្លាប់ ហើយអ្នកស្រីគិតថា អ្នកស្រីនឹងជួបវាសនាដូចគ្នា ព្រោះថាពួកខ្មែរក្រហមនៅខេត្តតាកែវដែលគ្រប់គ្រងក្រុមអ្នកស្រី មិនមែនមិនដឹងថាអ្នកស្រីជាសិល្បករនោះទេ។ វាជាអាជីពមួយដែលរបបខ្មែរក្រហមស្អប់ខ្លាំងបំផុត។ ផ្ទុយទៅវិញ នៅពេលពលករបានសម្រាកម្តងៗ អ្នកស្រីត្រូវបានគេអោយច្រៀងចម្រៀងមួយចំនួន។ មហាឥសីការពារ «ខ្ញុំ មិនដឹងថាហេតុអ្វីខ្ញុំរួចជីវិតនោះទេ ប៉ុន្តែខ្ញុំអាចនិយាយតែម្យ៉ាង : រាល់យប់ ខ្ញុំបន់ស្រន់គ្រូជានិច្ច!»។ អ្នកស្រីក្រោកចេញពីកៅអី ហើយចោលភ្នែកបង្ហាញទៅរូបសំណាកមហាឥសី ដែលតម្កល់នៅលើហឹងជាប់នឹងជញ្ជាំង។ «មុនពេលការដួលរលំ របបកម្ពុជាប្រជាធិបតេយ្យបន្តិច ពួកខ្មែរក្រហមបានតម្រង់ចុងកាំភ្លើងមករកខ្ញុំ ហើយបានដាក់បញ្ជាអោយខ្ញុំរត់គេចខ្លួនទៅតាមពួកគេ ដោយពួកគេនិយាយថាប្រសិនបើខ្ញុំមិនទៅ គឺបានន័យថាខ្ញុំជាអ្នកស៊ើបការណ៍របស់ពួកវៀតណាម! ខ្ញុំខំប្រឹងរម្លឹកគុណគ្រូ ហើយខ្ញុំក៏ឆ្លើយប្រាប់ពួកគេវិញថា ខ្ញុំមិនអាចធ្វើដំណើរបានទេ ព្រោះខ្ញុំមានជំងឺរាករូសយ៉ាងខ្លាំង។ វាប្រៀបដូចជាអព្ភូតហេតុដ៏អស្ចារ្យ ខ្ញុំនិយាយស្ទើរមិនទាន់ផុតពីមាត់ ខ្ញុំក៏រាកមែនទែន! ហើយខ្ញុំក៏អាចនៅទីនោះបន្ត...»។ សូម្បីចេញទៅឆ្ងាយពីប្រទេស កម្ពុជាទៅហើយ នៅពេលធ្វើដំណើរទៅបរទេសជាច្រើនលើកដើម្បីចូលរួមការសម្តែង អ្នកស្រីមិនហ៊ានប្រថុយ មិនគោរព«មហាឥសី» អ្នកស្រីឡើយ។ បន្ទាប់ ពីកម្ពុជាត្រូវបានរំដោះចេញពីច្បាប់គាបសង្កត់របស់ប៉ុលពត អ្នកស្រីហ៊ុន សារ៉ាត់ បានចូលធ្វើការនៅក្រសួងវប្បធម៌យ៉ាងស្រួល។ មួយរយៈក្រោយមកទៀត អ្នកស្រីក៏ទទួលបានផ្ទះនៅអគារបូឌីង។ អ្នកស្រីចាប់ផ្តើមអាជីពចម្រៀងឡើងវិញ បូកផ្សំនឹងអាជីពជាអ្នកកែច្នៃសម្លៀកបំពាក់សម្រាប់ខ្សែភាពយន្ត ។ មុននឹងបង្ហើរសំឡេងយ៉ាងគ្រលួច អ្នកស្រីគូសបញ្ជាក់ថា៖ «កាលណោះរដ្ឋមន្ត្រីថ្មីឈ្មោះកែវ ចិន្តា បានធ្វើការប្រមែប្រមូលសិល្បករដែលនៅរស់រានពីរបបខ្មែរក្រហម»។ ចាំតែចម្រៀង គឺបានហើយ «ថ្ងៃមួយ ខ្ញុំត្រូវច្រៀងបទកម្សត់សម្រាប់ការសម្តែងមួយរបស់លោកពេជ្រ ទុំក្រវិល។ ខ្ញុំក្តុកក្តួលយ៉ាងខ្លាំងដោយសារអ្វីដែលខ្ញុំបានច្រៀង រហូតទាល់តែខ្ញុំគិតថាខ្ញុំមិនអាចឈប់ច្រៀងបានឡើយ...»។ សំឡេងរបស់អ្នកស្រីយើងឮគ្រប់ទីកន្លែង ជាពិសេសនៅក្នុងខ្សែភាពយន្តរឿង«អ្នកស្រែ»របស់សមិទ្ធិករភាពយន្ត ប៉ាន់ រិទ្ធី។ ហើយតើមាននៅទីណាទៀត? «អូហ៍! ខ្ញុំមិនចាំទេ មានតែបទចម្រៀងទេដែលខ្ញុំនៅចាំ!»។ ចួនកាលការចងចាំរបស់អ្នកស្រីដូចចង់លេងបិទពួនជាមួយអ្នកស្រី ប៉ុន្តែវាគ្មានបញ្ហាទេ។ ល្កឹកណាអ្នកស្រីអាចរក្សាសំឡេងបាន រឿងនេះហាក់មិនធ្វើអោយអ្នកស្រីបារម្ភឡើយ។ ចាប់តាំង ពីឆ្នាំ១៩៩៣មក អ្នកស្រីបានធ្វើដំណើរទៅស្ទើរគ្រប់ប្រទេស ដើម្បីច្រៀងអមក្រុមរបាំព្រះរាជទ្រព្យ ដូចជាបែលហ្ស៊ិក បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន សឹង្ហបុរី តៃវ៉ាន់ជាដើម។ នៅក្នុងកូនសៀវភៅតូចមួយ អ្នកស្រីបានសរសេរឈ្មោះប្រទេសនិងទីក្រុងដែលអ្នកស្រីបានទៅ ដោយដាក់លេខរ៉ូម៉ាំងនៅពីមុខដូចកូនសិស្សសាលា ដើម្បីការពារការភ្លេចភ្លាំងរបស់គាត់។ អ្នកស្រីមានប្រសាសន៍ទាំងញញឹមថា៖ «ពួកយើងត្រូវបានគេស្វាគមន៍រហូត!»។ អ្នកស្រីទទួលស្គាល់ ថា ប្រាក់ខែជាមន្ត្រីរាជការរបស់អ្នកស្រីគ្រាន់តែអាចអោយអ្នកស្រីបង់ ថ្លៃភ្លើងប៉ុណ្ណោះ...។ ចំណូលផ្សេងទៀតគឺបានមកពីកិច្ចសន្យាធ្វើជាអ្នកច្នៃសម្លៀកបំពាក់ សម្រាប់ខ្សែភាពយន្ត។ បន្ទាប់ពីចប់កិច្ចសម្ភាសន៍ជាមួយយើង អ្នកស្រីនឹងត្រូវទៅឡើងឆាកសម្តែងនៅប៉ុស្តិ៍ទូរទស្សន៍ CTN។ ក្នុង ចំណោមកូនទាំង៤នាក់របស់អ្នកស្រី កូនស្រីម្នាក់ជាអ្នករបាំ ម្នាក់ទៀតជាអ្នកសម្តែងដែលមានគេចាប់អារម្មណ៍នៅក្នុងខ្សែភាពយន្ត ភាគជាច្រើន បន្ទាប់មកក៏បានរៀបការទៅរស់នៅប្រទេសបារាំង។ អ្នកស្រី ប្រកាសដោយសំឡេងមាំថា៖ «ប្រសិនបើខ្ញុំគ្មានតន្ត្រីទេ ខ្ញុំប្រហែលអស់អាជីព! វាអាចអោយខ្ញុំរស់នៅឯករាជ្យ មិនពឹងពាក់កូនៗ»។ នៅក្នុងពិភពមួយនៃអគារបូឌីងរបស់គាត់ គឺប្លុក GC អ្នកស្រីហ៊ុន សារ៉ាត់ មានគេចូលចិត្តខ្លាំងណាស់។ «នៅទីនេះ យើងសាមគ្គីគ្នា។ យើងជួយគ្នាទៅវិញទៅមកពេលមានបុណ្យទាន...»។ អ្នកសិល្បៈនៅតែមកសួរសុខទុក្ខគាត់ ហើយជាញឹកញាប់គេមកសុំដំបូន្មានពីគាត់។ ដោយភាពទុក្ខសោក អ្នកស្រីស្រណោះពេលដែលសិល្បករមានផ្ទះនៅបូឌីងបែរមុខទៅរកផ្លូវ ថ្នល់។ «ពេលគេមានលុយប្តូរផ្ទះ ពួកគេប្តូរភ្លាម!»។ ការចាកចេញបែបនេះចេះតែបន្ត។ ប៉ុន្តែ អ្នកស្រីវិញនឹងមិនចាកចេញទៅនៅកន្លែងណាផ្សេងឡើយ។
|