|
អធិប្បាយចុងក្រោយ
|
| ពិព័រណ៍រូបថតចំនួនពីររៀបចំនៅខេត្តសៀមរាបនិងក្រុងភ្នំពេញ |
| ដោយ កូរីន កាឡឺបូ | | | ២៦-១១-២០០៨ | រហូតដល់ថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ពិព័រណ៍រូបថតមួយឈ្មោះថា «Angkor Photography Festival» នឹងរៀបចំធ្វើឡើងនៅខេត្តសៀមរាប។ ពិព័រណ៍នេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ ក្នុងគោលបំណងគាំទ្រសិល្បៈករមកពីទ្វីបអាស៊ីជាង៣០នាក់ ដែលទើបនឹងដុះពន្លកថ្មី។ អ្នកទាំងនោះបានចូលរួមនៅក្នុងការតាំងពិព័រណ៍ ដែលដឹកនាំដោយអ្នកថតរូបអាជីពល្បីឈ្មោះជាច្រើន ដូចជានៅក្នុងឆ្នាំនេះ មានលោកអង់ទ័ន ដាហ្គាតា (Antoine d’Agata) ប៉ាទ្រីក ឌឺ ន័រម៉ុង (Patrick de Noirmont) រឺវាំងសង់ ស័រយ៉េ (Vincent Soyez)។ ទន្ទឹមនឹងនេះ អ្នកនិយមចូលរួមពិធីនេះអាចចូលមកទស្សនាការបញ្ចាំងភាពយន្ត និងទស្សនាពិព័រណ៍ចំនួនបួន ដែលបង្ហាញសិល្បករអន្តរជាតិចំនួន៧០នាក់។ នៅថ្ងៃបន្ទាប់ គឺចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ពិព័រណ៍រូបថតលើកដំបូងនឹងរៀបចំធ្វើឡើងនៅរាជធានីភ្នំពេញ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលវប្បធម៌បារាំង(CCF)។ ពិព័រណ៍ដែលមានឈ្មោះថា «រូបថតទីក្រុងភ្នំពេញ» នេះនឹងបង្ហាញពិព័រណ៍ចំនួន១៣ របស់សិល្បករអន្តរជាតិ នៅកន្លែងផ្សេងៗក្នុងរាជធានី ព្រមទាំងមានការបញ្ចាំងភាពយន្ត និង «រាត្រីប្រចាំឆ្នាំ» ពិសេសមួយនៅវត្តបុទុម។ លោកគ្រីស្ទីន កូហ្សូល ប្រធានសិល្បករនៃការតាំងពិព័រណ៍រូបថត «រូបថតភ្នំពេញ» លើកទីមួយនេះ និងជាស្ថាបនិកទីភ្នាក់ងារ VU នៅទីក្រុងប៉ារីស បានរៀបរាប់ប្រាប់វិបសាយកាសែត អំពីប្រវត្តិនៃការស្គាល់ប្រទេសកម្ពុជា និងមូលហេតុដែលជម្រុញអោយមានការបង្កើតជំនួបនៃវិស័យសិល្បៈរូបថតថ្មី នៅកម្ពុជានេះ។ កាសែតៈ តើហេតុអ្វីបានជាលោកយល់ព្រមដឹកនាំ ពិព័រណ៍រូបថតភ្នំពេញ ដែលជាការតាំងពិព័រណ៍លើកដំបូងនៅក្នុងរាជធានីនៃប្រទេសកម្ពុជា នេះ? គ្រីស្ទីន កូហ្សូលៈ ប្រវត្តិរបស់ខ្ញុំជាមួយនឹងប្រទេសកម្ពុជា ចាប់ផ្តើមកាលពីចុងឆ្នាំ១៩៩០។ ខ្ញុំបានបង្រៀនមុខវិជ្ជាថតរូបដល់សិស្សចុះកម្មសិក្សាជនជាតិ កម្ពុជា រយៈពេល៤ឆ្នាំ ។ នៅពេលនោះ នៅទីនេះ គ្មានអ្វីសោះ ដើម្បីផលិតរូបថត គ្មានកន្លែងដើម្បីផ្តិតរូបថត។ ខ្ញុំចាំថាមិត្តភក្តិជាអ្នកថតរូបម្នាក់ ឈ្មោះ ឈិន សុធី បានអំពាវនាវដល់ជនជាតិជប៉ុន ដើម្បីទទួលបានម៉ាស៊ីនពង្រីករូបថត។ លោកអាឡាំង អារណូឌេ (ប្រធានមជ្ឈមណ្ឌលវប្បធម៌បារាំងប្រចាំទីក្រុងភ្នំពេញ) ដែលខ្ញុំធ្លាប់ស្គាល់នៅក្នុងមហោស្រពពិព័រណ៍រូបថត អាកល៍ (Arles) (ការតាំងពិព័រណ៍រូបថតប្រចាំឆ្នាំ រៀងរាល់ខែកក្កដា និងខែសីហា នៅតំបន់ អាកល៍ ប្រទេសបារាំង) មានគំនិតហៅខ្ញុំ ដើម្បីរៀបចំការតាំងពិរព័ណ៍នេះ។ ខ្ញុំក៏បានឆ្លើយយល់ព្រមភ្លាម។
កាសែតៈ មុននឹងយល់ព្រមចូលរួមព្រឹត្តិការណ៍នេះ តើលោកមានលក្ខខណ្ឌអ្វីខ្លះ? គ្រីស្ទីន កូហ្សូលៈ ជាឧទាហរណ៍ ខ្ញុំត្រូវការអោយអ្នកថតរូបទាំងអស់មកចូលរួម ហើយអ្នកចូលរួមទាំងអស់ត្រូវទទួលបានប្រាក់រង្វាន់ និយាយរួម ខ្ញុំត្រូវការអោយពិព័រណ៍«រូបថតភ្នំពេញ»នេះ ក្លាយជាព្រឹត្តិការណ៍ដ៏ល្បីរន្ទឺមួយ ដូចជាពិព័រណ៍រូបផ្សេងទៀតនៅលើពិភពលោក និងក្លាយជាព្រឹត្តិការណ៍ដ៏មានតម្លៃមួយ សម្រាប់ប្រជាជនកម្ពុជា។ ខ្ញុំមិនចង់អោយពិព័រណ៍រៀបចំនៅក្នុងសាលឯកជននោះទេ ព្រោះខ្ញុំចង់អោយមហាជនអាចចូលទស្សនាស្នាដៃទាំងនេះដោយសេរី។ ជាចុងក្រោយ ទាក់ទងនឹងរូបថត ខ្ញុំមិនចង់អោយរូបទាំងនោះមានលក្ខណៈបរទេសនិយមនោះទេ។ គោលបំណងរបស់ខ្ញុំគឺប្រមូលផ្តុំចក្ខុវិស័យផ្សេងទៀត នៅក្នុងពិភពលោក ដូចជាខ្មែរ បារាំង...
កាសែតៈ តើលោកបានទទួលបេក្ខភាពប៉ុន្មាននាក់ សម្រាប់ពិព័រណ៍ទាំងនោះ និងតើលោកនៅចាំប៉ុន្មានបេក្ខជននាក់ដែរ? គ្រីស្ទីន កូហ្សូលៈ ខ្ញុំបានទទួលសំណុំឯកសារជាង១៤ សុទ្ធតែបុរស ព្រោះការថតរូប ក៏ដូចជាវិស័យជាច្រើននៅប្រទេសកម្ពុជា បុរសមានអាទិភាពច្រើននៅពេលនេះ។ ខ្ញុំនៅចាំបេក្ខជនបួនរូប (មានលោកខ្វាយ សំណាង- ឈិន តាំងឈៀ- ហេង រ៉ាវុទ្ធ - និងលីណូ វុទ្ធ) ហើយនៅចំណោមអ្នកទាំងបួន សម្រាប់ខ្ញុំ មានពីរនាក់ ដែលជាមនុស្សមានទេពកោសល្យពិសេស។ គ្រប់គ្នាសុទ្ធតែបានបង្ហាញស្នាដៃរបស់ខ្លួន ប៉ុន្តែ ខ្ញុំសោកស្តាយដែលលែងបានទទួលបេក្ខជនទៀត។ ខ្ញុំសង្ឃឹមថានឹងបានជួបអ្នកថតរូបកម្ពុជា នៅអំឡុងពិធីនេះ។
កាសែតៈ ពិព័រណ៍ «រូបថតភ្នំពេញ» បានរៀបចំធ្វើឡើង បន្ទាប់ពីពិព័រណ៍ «Angkor Photography Festival» នាខេត្តសៀមរាប ដែលជាពិព័រណ៍មួយ ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០០៥។ តើចាំបាច់ត្រូវបង្កើតព្រឹត្តិការណ៍ថ្មីមួយ លើវិស័យដូចគ្នា នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍មួយ ដូចជាប្រទេសកម្ពុជាដែររឺទេ? គ្រីស្ទីន កូហ្សូលៈ ពិព័រណ៍រូបថតនៅខេត្តសៀមរាបផ្តោតសំខាន់ទៅលើកន្លែងការងារ និងការបញ្ចាំងភាពយន្ត។ មានពិព័រណ៍តិចតួចដែលខ្វះកន្លែងសម្រាប់រៀបចំពិធី។ ម្យ៉ាងវិញទៀត ប្រសិនជាយើងរៀបចំនៅទីក្រុងភ្នំពេញ ប្រជាជនកម្ពុជាជាច្រើនអាចឆ្លៀតឱកាសមកចូលរួមទស្សនា។ សូមប្រុងប្រយ័ត្ន! ខ្ញុំមិនមែនប្រឆាំងនឹងការរៀបចំពិព័រណ៍នៅខេត្តសៀមរាបនោះទេ។ អ្នករៀបចំទាំងនោះសុទ្ធតែជាមិត្តភក្តិ។ ប៉ុន្តែ បើតាមគំនិតរបស់ខ្ញុំ ដើម្បីទាក់ទាញមហាជនអោយបានច្រើន គេត្រូវរៀបចំនៅរាជធានី។ ពិព័រណ៍ទាំងពីរនេះបំពេញអោយគ្នាទៅវិញទៅមក។
កាសែតៈ តើព្រឹត្តិការណ៍បែបនេះមានប្រយោជន៍អ្វីសម្រាប់ប្រទេសជាតិ? គ្រីស្ទីន កូហ្សូលៈ សម្រាប់ពេលនេះ ពិព័រណ៍នេះអនុញ្ញាតអោយអ្នករស់នៅទីក្រុងភ្នំពេញ គិតអ្វីផ្សេង និងដើម្បីរំសាយទុក្ខកង្វក់។ រូបថតទាំងនេះនឹងក្លាយជាបង្អួច មើលឆ្ពោះទៅកាន់ពិភពលោកថ្មី ដែលពួកគេមិនធ្លាប់ស្គាល់ពីមុន។ លើសពីនេះ ប្រសិនជាពិព័រណ៍នេះអាចធ្វើអោយពួកគេកើតមានឧបនិស្ស័យថ្មី វាពិតជាអស្ចារ្យបំផុត!! ខ្ញុំក៏សង្ឃឹមថានឹងជួបអ្នកមានទេពកោសល្យថ្មីៗ។ ប្រសិនជាអ្នកថតរូបកម្ពុជាម្នាក់អាចបង្កើតភាពល្បីល្បាញជាមួយអាជីព នេះ និងអាចបង្ហាញស្នាដៃរបស់ខ្លួននៅក្នុងប្រទេសផ្សេង វាពិតជារឿងគួរអោយកោតស្ញប់ស្ញែងណាស់សម្រាប់ប្រទេសកម្ពុជា ដែលនឹងអាចបង្ហាញអោយពិភពលោកទាំងមូលឃើញថាប្រទេសកម្ពុជាក៏មាន សិល្បករដ៏ប៉ិនប្រសប់ផងដែរ។ ជាការពិតណាស់ គេមិនប្រាកដថានឹងមានឈ្មោះល្បីនោះទេ ដូចជាករណីរបស់ជនជាតិអឺរុបមួយរូប! ប៉ុន្តែ វាពិតជាអាចទៅរួច។ កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំជួបលោក ម៉ាក់ រ៉េមីសា ដែលជាអ្នកថតរូបកម្ពុជាដ៏មានទេពកោសល្យបំផុត។ ឆ្នាំកន្លងទៅនេះ ខ្ញុំបានបង្ហាញរូបថតនៅក្រុង Photoquai និងនៅទីក្រុងប៉ារីស។ ខ្ញុំគិតថាពិព័រណ៍នេះអាចបង្កើតថាមពល។ ខ្ញុំសង្ឃឹមថានៅឆ្នាំក្រោយ នឹងមានមធ្យោបាយគ្រប់គ្រាន់ ដើម្បីចាប់ផ្តើមសាជាថ្មី។
|
|
|