|
អធិប្បាយចុងក្រោយ
|
| គ្រឿងញៀន ការរួមភេទ និងជំងឺអេដស៍ អាចជាបញ្ហាគំរាមកំហែងប្រទេសកម្ពុជាដែររឺទេ? |
| ដោយ ស្ទេហ្វានី ហ្សេ | | | ២៥-១១-២០០៨ | 
ភ្នំពេញ (កម្ពុជា) ថ្ងៃទី១៧ មីនា ២០០៤៖ អ្នកប្រើប្រាស់ថ្នាំញៀន ដែលទទួលបន្ទុកដោយអង្គការមិត្តសំឡាញ់ នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីផ្តល់ម្ជុលស៊ីរាំងស្អាត ដើម្បីជៀសវាងការឆ្លងមេរោគអេដស៍ © ចន វីង / Magnum ការ រាតត្បាតនៃមេរោគអេដស៍និងជំងឺអេដស៍នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺនៅថេរ ព្រោះតាមការប៉ាន់ប្រមាណអត្រាប្រេវ៉ាឡង់នៅក្នុងចំណោមប្រជាជនទូទៅ ដែលមានអាយុចន្លោះ១៥ ទៅ៤៩ឆ្នាំ គឺមាន០,៩%។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងចំណោម«ក្រុមប្រឈមមុខខ្ពស់» គេនៅតែរកឃើញថាមានអត្រាផ្ទុកមេរោគអដស៍ខ្ពស់ ដូចជានារីរកស៊ីផ្លូវភេទ (១៤,៧%) និងបុរសស្រឡាញ់បុរស (៥,១%)...ហើយអ្នកចាក់គ្រឿងញៀន(២៤,៤%) ទល់នឹងអ្នកមិនចាក់គ្រឿងញៀន (១,១%) កាន់តែមានចំនួនច្រើនឡើងៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ខាងលើនេះគឺជាតួលេខចុងក្រោយ ដែលត្រូវបានសិក្សាយ៉ាងយកចិត្តទុកបំផុត ដើម្បីប៉ាន់ប្រមាណអត្រាប្រេវ៉ាឡង់ផ្ទុកមេរោគអេដស៍នៅក្នុងចំណោម អ្នកប្រើប្រាស់គ្រឿងញៀន និងត្រូវបានចេញផ្សាយកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៨ ដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ។ ការសិក្សានេះត្រូវបានដឹកនាំធ្វើឡើង ដោយមានជំនួយហិរញ្ញវត្ថុនិងបច្ចេកទេសពីអង្គការសុខភាពពិភពលោក ចាប់ពីខែកក្កដា ដល់ខែតុលា ឆ្នាំ២០០៧ ដោយបានធ្វើការសំភាសន៍ជាមួយអ្នកប្រើប្រាស់ថ្នាំញៀនចំនួន៥០០នាក់ ដែលរស់នៅតាមដងផ្លូវ នាទីក្រុងភ្នំពេញ និងអ្នកប្រើប្រាស់គ្រឿងញៀននៅមណ្ឌលស្តារនិតិសម្បទាចំនួន៤ នៅរាជធានី និងនៅតាមខេត្តសៀមរាប បាត់ដំបង និងបន្ទាយមានជ័យ។ ទម្រង់ពីរនៃអ្នកប្រើប្រាស់ថ្នាំញៀន ការ ប្រើប្រាស់សំភារៈចាក់ថ្នាំញៀនរួមគ្នា និងការមានដៃគូរួមភេទច្រើន ឬការមិនបានការពារនៅពេលរួមភេទ អាចធ្វើអោយអ្នកប្រើប្រាស់ថ្នាំ ងាយនឹងប្រឈមមុខនឹងការឆ្លងមេរោគអេដស៍ខ្ពស់បំផុត។ ជាបឋម ការសិក្សារបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ផ្តោតគោលដៅលើអ្នកប្រើប្រាស់គ្រឿងញៀនពីរប្រភេទ គឺអ្នកចាក់គ្រឿងញៀន និងអ្នកមិនចាក់គ្រឿងញៀន។
លទ្ធផល បានបង្ហាញអោយឃើញថាអ្នកចាក់គ្រឿងញៀនចំនួន៨៦% រស់នៅតាមផ្លូវ មានអាយុមធ្យម២៣ឆ្នាំ ហើយមួយភាគបីនៃអ្នកចាក់ថ្នាំទាំងនោះមិនធ្លាប់ទទួលបានការសិក្សា នោះទេ។ ចំណែកអ្នកមិនចាក់គ្រឿងញៀន មានអាយុមធ្យម២១ឆ្នាំ ហើយជាងពាក់កណ្តាលនៃអ្នកទាំងនោះ រស់នៅជាមួយឪពុកម្តាយ និងតិចជាង១០% មិនធ្លាប់ទទួលបានការសិក្សា។ អ្នកចាក់គ្រឿងញៀនភាគច្រើនប្រើថ្នាំហេរូអ៊ីនជាប្រចាំ ចំណែកអ្នកមិនចាក់ថ្នាំញៀន ប្រើថ្នាំយ៉ាម៉ា និងមេតំហ្វេតាមីនគ្រីស្តាល់(ទឹកកក)។
ការប្រើប្រាស់ស៊ីរាំងមិនត្រឹមត្រូវ មួយភាគបី នៃអ្នកចាក់ថ្នាំញៀនបានរាយការណ៍ថាបានប្រើប្រាស់ម្ជុលនិងស៊ីរាំងរួម គ្នានៅពេលពួកគេចាក់ថ្នាំញៀនលើកចុងក្រោយ ហើយមួយភាគបួនបានរាយការណ៍ថាបានចាក់ថ្នាំញៀនដោយមានលាយឈាម អ្នកផ្សេងទៀត នៅជាប់ស៊ីរាំង ក្នុងខែកន្លងមក។
តើពួកគេមានបាន លាងសំអាតម្ជុលនិងស៊ីរាំងដែររឺទេ? នៅអំឡុងពេលមុនការសំភាសន៍នេះ អ្នកចាក់ថ្នាំញៀនជិត៣ភាគ៤ មានការយកចិត្តទុកដាក់ក្នុងការលាងសំអាត រឺប្រើប្រាស់ស៊ីរាំងនិងម្ជុលថ្មី មុនពេលចាក់ថ្នាំ។ ក្នុងចំណោមពួកគេ ភាគច្រើនបានលាងសំអាតស៊ីរាំងដោយប្រើប្រាស់ទឹកកក ដែលជាមធ្យោបាយគ្មានប្រសិទ្ធភាព ក្នុងការសំអាតមេរោគ។ មកទល់នឹងថ្ងៃនេះ វិធីសាស្រ្តតែម្យ៉ាងគត់ដែលកាត់បន្ថយគ្រោះថ្នាក់នៃការឆ្លងមេរោគ បាន គឺការប្រើប្រាស់ទឹកហ្សាវ៉ែលលាងសំអាតស៊ីរាំង ពោលគឺមុននិងក្រោយការ គេត្រូវដាក់ទឹកហ្សាវ៉ែលចូលក្នុងស៊ីរាំងដែលប្រើប្រាស់រួចហើយ រួចក្រឡុករយៈពេល៣០វិនាទី បន្ទាប់លាងសំអាតវាចេញ។
ឱសថ ស្ថាន និងគ្លីនិករបស់អង្គការក្រៅរដ្ឋាភិបាលគឺជាទីតាំង ដែលអ្នកប្រើប្រាស់ថ្នាំញៀនទៅច្រើនជាងគេ ដើម្បីស្វែងរកទិញស៊ីរាំង និងម្ជុលស្អាត។ កម្មវិធីអប់រំផ្តល់ម្ជុល-ស៊ីរាំង គឺជាកន្លែងដែលអ្នកចាក់ថ្នាំញៀនអាចទទួលបានម្ជុល-ស៊ីរាំងស្អាត ថ្មី។ កម្មវិធីនេះត្រូវបានបង្កើតឡើងជាផ្លូវការនៅឆ្នាំ២០០៤ នៅប្រទេសកម្ពុជា។ អ្នកស្រី Nicole Seguy មន្រ្តីនៃអង្គការសុខភាពពិភពលោក ដែលបានចូលរួមនៅក្នុងការសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានគូសបញ្ជាក់ថា ទោះបីជាដំបូងឡើយ អាជ្ញាធរមិនយកចិត្តទុកដាក់លើបញ្ហានេះក៏ដោយ ក៏អាជ្ញាធរបានចូលរួមភ្លាមនៅក្នុងយុទ្ធសាស្រ្តនេះ «ដែលអាចបញ្ជាក់ថាយុទ្ធសាស្រ្តនេះមិនផ្តល់ភាពងាយស្រួលអោយមានចំនួន កើនឡើងនៃការចាក់គ្រឿងញៀននោះទេ»។
ការខ្វះខាតចំណេះដឹងអំពីជំងឺអេដស៍ នៅ អំឡុងឆ្នាំមុននេះ អ្នកញៀនថ្នាំភាគច្រើនដែលត្រូវបានសាកសួរបានសារភាពថា ពួកគេបានរួមភេទភ្លាម បន្ទាប់ពីប្រើគ្រឿងញៀនរួច។ ក្នុងចំណោមអ្នកដែលរាយការណ៍ទាំងនោះ ពួកគេបានទទួលស្គាល់ថាភាគច្រើនថ្នាំញៀនដែលគេប្រើ គឺមានឥទ្ធិពលធ្វើអោយបង្កើនតម្រេកផ្លូវភេទ។ អ្នកប្រើប្រាស់ថ្នាំញៀនជិតមួយភាគបីបានប្រើប្រាស់ស្រោមអនាម័យជាមួយ ដៃគូទៀងទាត់។ ចំណែកការប្រើប្រាស់ស្រោមអនាម័យជាមួយដៃគូរួមភេទម្តងម្កាល រឺអ្នករកស៊ីផ្លូវភេទ មានរហូតចន្លោះ៦០% ទៅ៧០%។
គ្រប់គ្នា សុទ្ធតែមិនបានយល់ដឹងអំពីគ្រោះថ្នាក់នៃជំងឺអេដស៍ទាល់តែសោះ។ តួយ៉ាង ១៣ ទៅ១៧%នៃអ្នកទាំងនោះ មិនបានដឹងថាការប្រើប្រាស់ស្រោមអនាម័យត្រឹមត្រូវ អាចបង្ការរាល់ការឆ្លងវីរុសអេដស៍ និងប្រហែល២៣% មិនបានសង្ស័យថាការប្រើប្រាស់ម្ជុលដែលប្រើប្រាស់រួចហើយ គឺជាកត្តាដ៏មានឥទ្ធិពលនៃការឆ្លងមេរោគអេដស៍។
បុគ្គលិក អង្គការ បុគ្គលិកនៅមណ្ឌលស្តារនិតិសម្បទា និងប្រព័ន្ធព័ត៌មានគឺជាប្រភពចំបងក្នុងការផ្តល់ព័ត៌មានស្តីពី ពីជំងឺអេដស៍ដល់ពួកគេ។
នៅក្នុងអនុសាសន៍ដើម្បី តំរែតម្រង់ទិសដៅកម្មវិធីសម្រាប់អ្នកប្រើប្រាស់គ្រឿងញៀន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានណែនាំអោយបន្ថែមកម្មវិធីអន្តរាគមន៍ ដោយផ្តោតសំខាន់ទៅលើការកាត់បន្ថយនូវការប្រព្រឹត្តក្នុងការប្រើ ប្រាស់ម្ជុលនិងស៊ីរាំងរួមគ្នា និងបង្កើនការប្រើប្រាស់ស្រោមអនាម័យគ្រប់ពេលរួមភេទអោយបានខ្ពស់ ដែលជាតម្រូវការចាំបាច់បន្ទាន់សម្រាប់ក្រុមអ្នកប្រើប្រាស់ ថ្នាំញៀន។ លើសពីនេះ មជ្ឈមណ្ឌលក៏បានផ្តល់អនុសាសន៍អោយពង្រីកការអប់រំស្តីពីការចម្លង មេរោគអេដស៍ និងជំងឺកាមរោគ អោយដល់អ្នកប្រើប្រាស់គ្រឿងញៀន ដោយជួយលើកទឹកចិត្តអោយពួកគេទៅធ្វើតេស្តឈាមរកមេរោគអេដស៍ ជាពិសេសក្នុងចំណោមអ្នកចាក់ថ្នាំញៀន។ ប៉ុន្តែ គួរអោយសោកស្តាយ នៅក្នុងរបាយការណ៍នៃការសិក្សានេះ មិនបានបញ្ជាក់អំពីទិន្នន័យច្បាស់លាស់នៃចំនួនអ្នកប្រើប្រាស់ គ្រឿងញៀននៅក្នុងប្រទេសកម្ពុជា។
អ្វីដែលធ្វើអោយអ្នកស្រី Nicole Seguy មានការព្រួយបារម្ភ គឺការដែលបានឃើញអ្នកដែលជក់គ្រឿងញៀន រឺហិតកាវ «បែរជាមកចាក់គ្រឿងញៀនវិញ ជាពិសេសកុមារនៅតាមដងផ្លូវ»។ អ្នកស្រីបានបញ្ជាក់ថា ចាប់ពីពេលនេះ រហូតដល់រយៈពេល៣ឆ្នាំខាងមុខនេះ ការស៊ើបអង្កេតថ្មីមួយនឹងត្រូវដឹកនាំធ្វើឡើង ដើម្បីចាត់វិធានការណ៍អំពីការវិវត្តន៍អាកប្បកិរិយា និងការប្រព្រឹត្តរបស់អ្នកប្រើប្រាស់គ្រឿងញៀន។
នៅ ប្រទេសឥណ្ឌូនេស៊ី ការចាក់ថ្នាំញៀនបានក្លាយជាផ្លូវនៃការចម្លងមេរោគអេដស៍ ដែលភាគច្រើន ករណីនេះកើតមានលើយុវជនដែលមានតម្រូវផ្លូវភេទខ្ពស់ និងប្រជាជនរស់នៅទីក្រុង។ តើប្រទេសកម្ពុជាអាចដើរផ្លូវតែមួយនេះដែររឺទេ? ទាក់ទិននឹងបញ្ហានេះ គេមិនត្រូវចិញ្ចឹមគំនិតរើសអើងចំពោះអ្នកប្រើប្រាស់គ្រឿងញៀន រឺមួយរារាំងពួកគេមិនអោយទទួលការបង្ការនិងការព្យាបាលជំងឺអេដស៍ ដូចជាករណីប្រទេសថៃនោះទេ។
|
|
|