កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ច្បាប់ស្តី​ពី​អង្គការ​​ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា​ : ជា​អាទិភាព​របស់​រដ្ឋាភិបាល ប៉ុន្តែ​ជា​ការ​គំរាម​សម្រាប់​​សង្គមស៊ីវិល?
ដោយ ដួង សុខា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០៨-១២-២០០៨
បន្ទាប់ពី​ជា​ប្រធាន​បទ​នៃ​ការជជែក​​តវ៉ា​​ អស់១៣ឆ្នាំមក សេចក្តីព្រាង​ច្បាប់​ស្តី​ពី​​សមាគម និង​អង្គការ​​​​មិន​មែន​រដ្ឋាភិបាល​​ក្នុង​​ស្រុក​បាន​ក្លាយ​ជា​​សង្គ្រាម​ ប៉ាកកា​​​​ជាថ្មី​ម្តង​ទៀត និង​ធ្វើ​អោយ​សង្គម​​ស៊ីវិល​​កម្ពុជាមានការ​បារម្ភ។ សង្គមស៊ីវិល​​​បារម្ភ​ថា​ ច្បាប់​នេះ​នឹង​រឹត​ត្បិតលើ​សេរីភាព​នៃ​ការ​ធ្វើ​សកម្មភាព ប្រសិទ្ធភាព និង​ឯករាជ្យ​ភាព​​របស់​អង្គការ​-សមាគម​ចំនួន​​ជាង​២ ២០០ ដែល​កំពុង​​​ធ្វើ​​ប្រតិបត្តិ​ការ​​​​នៅ​កម្ពុជា។ ចំណែក​រដ្ឋាភិបាល​វិញ​បាន​ផ្តោត​សារសំខាន់​លើ​​ភាព​ចាំ​បាច់​​នៃ​ការ​​ បង្ការ​សកម្មភាពរបស់​ភេរវករ ដែល​អាច​នឹង​ប្រព្រឹត្ត​​នៅ​ក្រោម​​ឈ្មោះរបស់​សមាគម​​ធ្វើ​​ជា​​ខែល​។ ដូច្នេះ រដ្ឋាភិបាល​ផ្តល់​សារ​សំខាន់​លើ​ការ​គ្រប់​គ្រង​ស្ថាប័ន​​ទាំងនេះ ក្នុង​​​​​ក្រប​ខ័ណ្ឌច្បាប់​​ជាក់​លាក់​​​មួយ​ ហើយ​សង្ឃឹមថា​​​ ច្បាប់​នេះ​នឹង​​ត្រូវ​អនុម័ត​​នៅ​​អំឡុង​​​ឆ្នាំ​២០០៩​ខាងមុខ។

 

ច្បាប់​​មួយ​ដ៏ចម្រូងចម្រាស់
លោក ​សៀង ឡាប្រេស អនុរដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ ទទួល​បន្ទុក​សំណុំ​រឿង​​នេះ​​បាន​រម្លឹក​អោយ​ដឹង​ថា នៅ​ខែមិថុនា ឆ្នាំ​១៩៩៥ ទីស្តីការ​គណៈរដ្ឋមន្ត្រី​កម្ពុជា​​បានផ្តួច​ផ្តើម​ចង់​អោយ​​មាន​​សេចក្តី​ ព្រាង​​ច្បាប់​មួយ​ស្តី​ពី​សមាគម​និង​អង្គ​ការមិន​មែនរដ្ឋាភិបាល ​ក្នុង​ស្រុក​ ហើយ​ចាត់​អោយ​ក្រសួង​មហាផ្ទៃ​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់​នេះ ដោយ​សហការ​ជាមួយ​ឧត្តម​ស្នង​ការ​​ទទួល​បន្ទុក​ជន​ភៀសខ្លួន​របស់​អង្គការ​ សហប្រជាជាតិ (HCR) និង​អង្គការ​ក្នុង​ស្រុក​​ជាច្រើន​​ទៀត។ មួយ​​ឆ្នាំក្រោយមក​ អត្ថបទ​ច្បាប់​​ដែល​មាន​១០ជំពូក​​  និង​៣៥មាត្រា​ក៏​ត្រូវ​​បាន​​តាក់​តែង​រួច​រាល់ ប៉ុន្តែ​ការ​ពិនិត្យច្បាប់​នេះ​ក៏​ត្រូវ​បាន​ផ្អាក​យ៉ាង​ទាន់​ហន់​ ដោយ​​មូល​ហេតុ​មាន​គំនិត​មិន​យល់​ស្រប​គ្នា​ជាច្រើន​ជុំ​វិញ​ខ្លឹម​សារ​ នៃអត្ថបទ​ច្បាប់​​នេះ។


៥ឆ្នាំ​​ ក្រោយមក គឺនៅ​ខែ​កញ្ញា ឆ្នាំ​២០០០ បន្ទាប់​ពី​មាន​កិច្ចប្រជុំ​អន្តរក្រសួង​មួយ​​ ទីស្តីការ​គណៈរដ្ឋមន្ត្រី​បានយក​ឯកសារ​នេះ​មក​ដាក់​លើ​តុពិភាក្សា​ ដោយ​ស្នើសុំ​យោបល់​​ពី​​សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ សម្តេច​​​នាយករដ្ឋមន្ត្រី​បាន​អះ​អាង​ថា​​ សម្តេច​​​​មិន​ចង់​យក​បញ្ហា​នេះ​​មក​ដាក់​ជា​អាទិភាព​នៅ​ក្នុង​អាណត្តិ​ទី២​ របស់​​លោក​ឡើយ​​​ ហើយសម្តេច​​​​អោយ​តាក់​តែង​​​​តែ​​នីតិវិធីនៃការ​បង្កើត​អង្គការ-សមាគម​​ ក្នុង​ស្រុក រួម​ទាំង​ការ​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ដោយ​មិន​និយាយ​ពី​សកម្មភាព និងតួនាទី​របស់​អង្គការ-សមាគម​ទាំង​នោះ​ឡើយ​​។ បើតាម​លោក​ឆាន់ ចាន់​សុភ័ក្រ​ប្រធាន​ការិយាល័យ​​​គ្រប់​គ្រង​​​អង្គការ-សមាគម​​នៃ​​ក្រសួង​ មហាផ្ទៃ​ រហូតមក​ដល់ចុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០០៨ អង្គការ​-សមាគម​ក្នុង​ស្រុក​ចំនួន​២​ ២៣៤ ត្រូវ​បាន​​ប្រកាស​ជាផ្លូវ​ការ​ត្រឹម​ត្រូវ​តាម​ច្បាប់​។
 
គេ​ត្រូវ​ រង់ចាំ​៥​ឆ្នាំ​ និង​ការអនុម័ត​ច្បាប់​ពីរ គឺច្បាប់​​ស្តី​ពី​ភេរវកម្ម និង​មួយ​ទៀត​​គឺ​ច្បាប់​ស្តី​ពី​ការ​លាង​​លុយ​​កខ្វក់​នៅ​ឆ្នាំ​២០០៥ ទម្រាំសម្តេច​​នាយករដ្ឋមន្ត្រី​ស្នើ​សុំ​អោយ​ពិនិត្យ​ឡើង​​វិញ​នូវ​សេចក្តី​ ​ព្រាង​​​ច្បាប់​ស្តី​ពី​សមាគម​និ​ងអង្គការ​មិន​មែន​រដ្ឋាភិបាល​​ក្នុង​ ស្រុក​ សម្រាប់​បង្ការ​សកម្ម​ភាព​​ភេរវកម្ម​​ធ្វើ​ឡើង​តាមរយៈមូលនិធិ​​ជួយ​​​​ដល់​​ ​អង្គការ​នានា។ ធនាគារ​ពិភព​លោក​​បាន​គាំទ្រ​គំនិត​ផ្តួច​ផ្តើម​របស់​ប្រមុខ​​ដឹកនាំ​ រដ្ឋាភិបាល​ខ្មែរ ដោយ​ផ្តល់​នូវ​ទឹក​ប្រាក់​ចំនួន​២,៨​លាន​ដុល្លារ​ដល់​រដ្ឋាភិបាល ដើម្បី​បង្កើត​ក្រុម​ការងារ​​មួយ​ទទួល​បន្ទុក​ត្រួត​ពិនិត្យ​​អត្ថបទ​ច្បាប់ ​​នេះ​។ ក្រសួង​​មហាផ្ទៃ​​ និង​ក្រសួង​​ពាក់​ព័ន្ធ​ជា​ច្រើន​ទៀត​បាន​ចូល​រួម​​ពិនិត្យ​សេចក្តី​ព្រាង​​ ច្បាប់​​នេះ​។ ចំណែក​​ធនាគារ​ពិភពលោក ធ្វើ​ការ​ជាមួយ​តំណាង​​​សង្គម​ស៊ីវិល។


លោក ​សៀង ឡាប្រេស បានរៀប​រាប់ថា៖ «កាល​នោះ អង្គការ​ចំនួន​៣៥​​បាន​យល់​ស្រប​លើ​គោល​​ការណ៍​​ច្បាប់នេះ​ ប៉ុន្តែ​ស្នើ​សុំ​អោយ​ការ​​​ពិនិត្យ​សេចក្តី​ព្រាង​ច្បាប់នេះ​​ធ្វើឡើង​ដោយ​ យឺតៗ​។ ប៉ុន្តែ អង្គការ​មួយ​ចំនួន​ដូចជា​សមាគម​អាដ​ហុក លីកាដូ និង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​​កម្ពុជា​បាន​ប្រឆាំង​នឹង​ច្បាប់​នេះ ដោយ​​​វាយតម្លៃថា ច្បាប់​បែប​នេះអាច​​នឹង​ដាក់​សម្ពាធ​​​ខ្លាំង​ និង​រឹតត្បិត​លើ​សេរីភាព​​របស់​ពួកគេ​។ ប្រតិកម្ម​របស់​បណ្តា​អង្គការ​ទាំងនេះ​បាន​​បង្ក​អោយ​មាន​ការ​​ផ្អាក​​ ការពិនិត្យ​​សេចក្តី​ព្រាង​ច្បាប់​​នេះ​ពី​សំណាក់​ធនាគារ​ពិភព​លោក ហើយ​​សំណុំ​រឿង​នេះ​ក៏​អូស​បន្លាយ​រហូត​ដល់​សព្វថ្ងៃ»។


សង្គមស៊ីវិល​វាយតម្លៃថាជាច្បាប់នេះ​មិន​មែន​ជាអាទិភាពទេ
អង្គការ ​នានា​ ដែល​មួយ​ចំនួន​ចាប់​បដិសន្ធិ​​​ជា​ផ្លូវ​ការ​នៅ​កម្ពុជា​១៥​ឆ្នាំមក​ហើយ មាន​មន្ទិលថា ភាពពិតនៃ​​ច្បាប់​នេះ​​គឺ​គ្រាន់តែ​ដើម្បី​ដាក់​កំណត់​ព្រំដែន​សកម្ម​ភាព និងឯករាជ្យ​​របស់​ពួកគេ​ប៉ុណ្ណោះ។ ជាពិសេស​ពួកគេ​មើល​មិន​ឃើញ​ថា​​​​ការ​អនុម័ត​​​ច្បាប់​នេះ​ជា​បញ្ហា​អាទិភាព ​​នៅពេល​នេះ​ទេ ខណៈពេល​ដែល​ច្បាប់​ផ្សេង​ៗ​ទៀត ដូចជា​​ច្បាប់​ប្រឆាំង​​អំពើ​ពុករលួយ​ជាដើម​នៅ​​ក្នុង​ដៃ​​របស់​ទីស្តីការ​ គណៈ​រដ្ឋ​​មន្ត្រី​នៅ​ឡើយ​។


នៅ​ ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចេញផ្សាយ​ជាសាធារណៈ​នៅ​ថ្ងៃ​ពុធ ទី៣ ខែធ្នូ គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​-សមាគម​សិទ្ធិមនុស្ស​​​កម្ពុជា (Chrac ) ដែល​​ជា​បណ្តុំ​អង្គការ​-សមាគម​​ចំនួន​២១ ​ពន្យល់ថា ​សព្វ​ថ្ងៃ​​មាន​ច្បាប់​គ្រប់​គ្រាន់​ហើយ​ដែល​គ្រប់​គ្រង​ពីការងារ​របស់​ អង្គការ ដូច​ជា​ច្បាប់រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ច្បាប់​អន្តរ​កាល​​របស់​អ៊ុនតាក់ ឬប្រកាស​​របស់ក្រសួង​មហាផ្ទៃ​ស្តី​ពីការ​ចុះ​បញ្ជី​ឈ្មោះ​​អង្គការ​ ហើយ​នៅ​មាន​ក្រមនីតិវិធីរដ្ឋប្បវេណី និង​ព្រហ្ម​ទណ្ឌ​​ដែល​នឹង​ត្រូវ​អនុម័ត​នាពេល​ខាង​មុខ​នេះទៀត​។ Chrac បានវាយតម្លៃថា៖ «នៅ​ក្នុង​អនាគត​ដ៏ខ្លីខាងមុខ សេចក្តីព្រាង​ក្រម​ព្រហ្មទណ្ឌ​នឹង​ត្រូវ​អនុម័ត​ដោយ​រដ្ឋ​សភា​ជាតិ និង​ព្រឹទ្ធសភា។ ក្រម​នេះ​អាច​អោយ​គេ​គ្រប់​គ្រង​​អង្គការ​ដោយ​មិនចាំ​បាច់​​មាន​​ច្បាប់​ ពិសេស ​​ស្តីពី​អង្គការ​-សមាគម​ក្នុង​ស្រុក​ទៀត​ទេ»។ គណៈកម្មាធិ​ការ​​ប្រព្រឹត្តិកម្ម​​​គូសបញ្ជាក់​ទៀត​ថា រហូត​មក​ដល់​បច្ចុប្បន្ន​ បេសកកម្ម​របស់​អង្គការ​​​មិន​បង្ក«​វិនាស​កម្ម​​»ឬ​«ភ័យ​អន្តរាយ​ដល់​​​ ប្រជាជន​​និង​ប្រទេស​ជាតិ​ឡើយ​»​។


គណៈកម្មាធិការ ​ប្រព្រឹត្តិ​កម្ម​ បន្ថែម​ទៀតថា ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​របស់​អង្គការ​គឺ​មាន​លក្ខណៈ​​ល្អិត​ល្អន់ និង​ត្រួត​ពិនិត្យ​ជា​ប្រចាំ​​ដោយ​ក្រុមហ៊ុន​សវនកម្ម​អន្តរ​ជាតិ​​ តាម​ការ​ស្នើ​សុំ​របស់​ម្ចាស់​ជំនួយ ដែល​អាច​បញ្ចៀស​គ្រោះថ្នាក់​​នៃ​ការ​ប្រព្រឹត្តិ​​អំពើ​ពុក​រលួយ​នៅ​ក្នុង​ ស្ថាប័ន​។ Chrac បាន​លើក​​ឡើង​ថា៖ «អំឡុង​ពេល​១៥​ឆ្នាំ​​កន្លងមក​នេះ មាន​អង្គការ​តិច​ណាស់​ដែល​បាន​ធ្វើ​អោយ​បាត់​លុយ។ ហើយ​​បើ​មានករណី​បែបនេះ ម្ចាស់​ជំនួយ​​បាន​ដាក់​ទណ្ឌកម្ម​ និង​ឈប់​ផ្តល់​មូល​និធិ​​ដល់​ពួកគេ​​»។ គណៈកម្មាធិការ​នេះ​​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​​អោយ​ផ្តោត​​អាទិភាព​លើ​កា ​រអនុម័ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ និង​ក្រម​ព្រហ្មទណ្ឌ​វិញ​។


បង្ការ​សកម្មភាពភេរវកម្ម​ឬ​រឹតត្បិត​លើ​សេរីភាព​របស់​អង្គការ?
​ សម្រាប់សម្តេច​​​នាយក​រដ្ឋមន្ត្រី វា​ជា​បញ្ហា​បន្ទាន់​មួយ​នៅពេលនេះ។ តាំង​ពី​នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​​ទី១​របស់​​គណៈ​រដ្ឋមន្ត្រី​នៃអាណត្តិ​ ទី៤​នៃ​​រដ្ឋាភិបាល​របស់​សម្តេច​​​ នៅ​ចុង​ខែ​កញ្ញា​មុន​នេះ សម្តេច​នាយករដ្ឋមន្ត្រីហ៊ុន សែន បាន​លើក​ឡើង​ថា ការ​ពិនិត្យ​​សេចក្តី​ព្រាង​​ច្បាប់​​ស្តីពី​សមាគម​​-អង្គការ​​ ក៏ដូចជា​​ការអនុម័ត​ច្បាប់​​នេះ​គឺ​ជាអាទិភាពមុន​ក្រម​ព្រហ្មទណ្ឌ​។ សម្តេច​មាន​​ប្រសាសន៍​ថា​សោក​ស្តាយ​​ចំពោះ​ការ​ប្រឆាំង​របស់​អង្គការ​នានា។ បើ​តាម​សម្តេច អង្គការ​ទាំង​នោះ​​​បដិសេធ​​មិន​គោរព​ច្បាប់​ ហើយចង់​បន្ត​នៅ​ពី​លើ​រដ្ឋាភិបាល​។ ប្រមុខ​ដឹក​នាំ​​​រដ្ឋាភិបាល​​បាន​ប្រើ​អំណះអំណាង​សំខាន់មួយ គឺ​ការ​ប្រយុទ្ធ​ប្រឆាំង​​នឹង​ភេរវកម្ម​។ សម្តេច​​​អះអាងថា បើ​គ្មានច្បាប់​នេះ​ទេ កម្ពុជា​អាច​នឹង​ក្លាយ​ជា​កន្លែង​​ទទួល​​អង្គការ​ភេរវកម្ម ដែល​អាចជ្រកក្រោម​ឈ្មោះអង្គការ ហើយ​ធ្វើសកម្មភាព​របស់​​ពួកគេយ៉ាង​ស្ងប់ស្ងាត់...។​
ជុំវិញ​​​បញ្ហា​ នេះ លោក​ធន សារាយ ប្រធាន​សមាគម​អាដហុក ឆ្លើយ​តប​ថា រដ្ឋាភិបាល​ធ្វើ​អោយ​មាន​ការ​អនុវត្ត​​ច្បាប់​ស្តី​ពីភេរវកម្ម​ដែល​មាន​ ស្រាប់​ គឺវា​គ្រប់​គ្រាន់​​ហើយ​សម្រាប់​ទប់​ស្កាត់​អំពើភេរវកម្ម ដោយ​មិន​ចាំបាច់​មាន​ច្បាប់​បន្ថែម​ស្តី​ពី​អង្គការ​ឡើយ​។ សកម្មជន​សិទ្ធិមនុស្ស​​រូប​នេះ​អះអាងថា៖ «អង្គការ​រាប់​ពាន់​ទទួល​បានមូលនិធិ​ពី​បរទេស ហើយ​រដ្ឋាភិបាល​អាចធ្វើ​ការ​គ្រប់​គ្រង​យ៉ាង​ល្អ​លើ​បញ្ហា​នេះ»។ លោក​រម្លឹកថា​​រដ្ឋាភិបាល​​​​​អាច​ធ្វើ​អន្តរាគមន៍​បាន​ទាន់​ពេល​វេលា​ សម្រាប់​សំណុំរឿង​របស់​សាលា​ Um Al-Qura។ សាលា​នេះ​គ្រប់​គ្រង​ដោយ​សមាគមឥស្លាម​​មួយ​នៅ​ជាយ​ក្រុង​ភ្នំពេញ ហើយ​សមាជិក​មួយ​ចំនួន​ត្រូវ​បាន​​ចោទ​ប្រកាន់ថា​ជាប់​ទាក់​ទង​នឹង​ បណ្តាញជីម៉ា ឥស្លាមីយ៉ា ដែល​ស្និទ្ធ​នឹង​ក្រុម​អាល់កៃដា​។ លោក​ធន សារាយ បាន​សង្ស័យ​ដូច្នេះថា «ប៉ុន្តែ អ្វី​ដែល​រដ្ឋាភិបាល​​មិន​ទាន់​​អាចគ្រប់​គ្រង​បាន គឺ​សំឡេង​របស់​សង្គម​ស៊ីវិល។ ដូច្នេះ​ច្បាប់​​នេះ​គឺអាច​មាន​បំណង​កំណត់​ព្រំដែន​​នៃ​​សេរីភាព​បញ្ចេញ​មតិ ​របស់​ពួក​យើង​» ។


អ្នក​ទទួល​ ខុសត្រូវ​អង្គការ​នានា​បារម្ភ​ផង​ដែរ​ពី​ការ​ត្រួត​ពិនិត្យ​ជា​យថាហេតុ​​ របស់​រដ្ឋាភិបាល​លើ​ជំនួយ​ដែល​ពួកគេ​ទទួល​បាន។ វា​អាច​អោយ​រដ្ឋមន្ត្រី​ និង​មន្ត្រី​ជាន់​ខ្ពស់​នានាដាក់​សម្ពាធ​លើ​ការងារ​ពួកគេ។ លោក​អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បង្ហាញ​ពី​កង្វល់​របស់​​លោកថា៖ «យើង​បាន​ឮថា មូល​និធិ​ដែល​​ផ្តល់​​អោយ​ គឺ​តម្រូវ​អោយ​​ផ្ទេរ​តាមរយៈ​ក្រសួង​​សេដ្ឋកិច្ច។ ប្រសិន​បើ​វា​ពិត​ជា​អីចឹង​មែន ការងារ​របស់​យើង​​នឹង​គ្មាន​ទាំង​ប្រសិទ្ធភាព គ្មានទាំង​​ឯករាជ្យ។ ម្យ៉ាង​វិញ​ទៀត វា​​នឹង​អាច​ចោទ​ជាការ​លំបាក​ដល់​យើង​ ក្នុងការ​បើក​ប្រាក់​ខែ​អោយ​បុគ្គលិក​អោយ​ទាន់​ពេល​វេលា នេះ​នៅ​មិន​ទាន់​និយាយ​ពី​បញ្ហា​ពុករលួយ​នៅ​ក្នុង​ក្រសួង​ផង»។ កង្វល់​នេះ​ត្រូវ​បាន​លោក​ធន សារាយ​ យល់​ស្របដោយ​លោក​បានរិះគន់​បំណង​សម្ងាត់​របស់​រដ្ឋាភិបាល គឺធ្វើ​ការ​រឹត​បន្តឹង​កញ្ចប់​ថវិកា​របស់​អង្គការនានា​ដើម្បី​ងាយ​ស្រួល​​ ខ្ទប់​សំឡេង​របស់​ពួកគេ ហើយ​យល់​ព្រម​​ផ្តល់​ជំនួយអោយ​តែ​អង្គការ​ណា​​ដែល​ធ្វើ​អោយ​រដ្ឋាភិបាល​ ពេញចិត្ត​។​


ចំណុច​រសើប​មួយ​ទៀត គឺ​បើ​តាម​សេចក្តីព្រាងច្បាប់​ អង្គការ-សមាគម​​នានា​មិន​ត្រូវ​ធ្វើ​សកម្មភាពណាមួយ​​ដែល​បម្រើ​ផល​ប្រយោជន៍​ គណបក្ស​នយោបាយ ឬ​ក៏​ផ្តល់​​មធ្យោបាយ​​​សម្រាប់​ជួយ​គាំទ្រ​​គណបក្ស​នយោបាយ​​ មិនថា​តែ​ផ្នែក​ហិរញ្ញវត្ថុ​​ឬក៏​ផ្នែក​ផ្លូវ​ស្មារតី​​​​នោះទេ។ លោក​អ៊ូ វីរៈ សោក​ស្តាយថា៖ «​ប្រសិនបើ​ចំណុច​​នេះ​ត្រូវ​បាន​​រក្សាទុក អង្គការ​របស់​ខ្ញុំ​នឹង​ត្រូវ​​បិទទ្វារ​ព្រោះ​យើង​លែង​អាច​និយាយ​​ពី​រឿង​ នយោបាយ​ទៀត​បាន។ ប៉ុន្តែ​យើង​​ធ្វើ​ការ​លើ​បញ្ហា​សិទ្ធិមនុស្ស​ ដែល​វា​ត្រូវ​តែ​ទាក់​ទង​នឹង​រឿង​នយោបាយ​។ វា​ក៏​មាន​ន័យ​ផងដែរថា យើង​នឹង​លែង​អាច​ចាប់​ដៃ​ជាមួយ​អ្នក​នយោបាយ​ទៀត​បានឡើយ »។


ច្បាប់​​ដែល​ត្រូវ​គេសន្យា​ថាអនុម័ត​នៅ​ឆ្នាំ២០០៩
មិន ​ថាយ៉ាង​ណា​ទេ លោក​សៀង ឡាប្រេស​ ប្រកាស​ជាមុន​ថា​ បើ​ទោះជាមាន​ឬគ្មាន​ការ​យល់​​ព្រម​ពី​អង្គការនានា​​ក្តី ក៏ការពិនិត្យ​ច្បាប់នេះ​នឹង​ដំណើរការ​ទៅ​មុខ​​ដែរ បន្ទាប់​មក​គឺ​ត្រូវ​អនុម័ត​នៅ​ឆ្នាំ​២០០៩នេះ។ លោក​អនុ​រដ្ឋ​លេខាធិការ​អះអាង​​ថា​ «យើង​មិន​ដាក់​សម្ពាធ​ណា​មួយ​​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​​​​ទេ ហើយ​យើង​​ក៏​​មិន​រឹតត្បិត​សំឡេង​របស់​ពួកគេ​ដែរ។ ម្យ៉ាង​វិញ​ទៀត យើង​មានរួច​ហើយ​​ច្បាប់​​ស្តីពី​ការធ្វើ​បាតុកម្ម។ ដោយហេតុថា​អង្គការ​​ក្រៅ​រដ្ឋាភិបាល​ចូ​ល​រួម​​ជាមួយ​រដ្ឋាភិបាល​ក្នុងការ​ កាត់​បន្ថយ​ភាពក្រីក្រ ដូច្នេះ​រដ្ឋាភិបាល​ចង់​សហការ​ជាមួយ​ពួកគេ​​ដោយ​ផ្អែក​លើ​ច្បាប់​មួយ»​។ លោក​គូសបញ្ជាក់​ថា រដ្ឋាភិបាល​មិន​មាន​«បំណង​លាក់លៀម​ណាមួយ» ហើយ​ក៏​មិន​ចង់​រក្សា​ទុក​ជំនួយ​ផ្តល់​ដល់​អង្គការ​នានា​ពី​សំណាក់​​ម្ចាស់​ ជំនួយ​នោះដែរ។ មន្ត្រីជាន់​ខ្ពស់​រូបនេះ​បានសន្និដ្ឋាន​ថា៖ «យើង​គ្រាន់តែ​ចង់​បង្កើត​​នីតិវិធី​មួយ​ដែល​តម្រូវ​អោយ​ពួកគេ​ផ្តល់​ដំណឹង​ ដល់​យើង​​ពី​ប្រភព​ជំនួយ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ ដើម្បី​អោយ​​យើង​អាច​ចាត់​នីតិវិធី​​ក្នុង​ការ​ផ្ទៀង​ផ្ទាត់​ប្រភព​ជំនួយ​ ទាំង​នោះ​ »​។​ 

 


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

អត្ថបទបន្ថែម

ច្បាប់ដែល​ត្រួត​ពិនិត្យ​​ធនធាន​ហិរញ្ញវត្ថុ​របស់​អង្គការនានា
សេចក្តីព្រាងច្បាប់ ​ស្តី​ពី​​សមាគម​និង​​អង្គការ​ក្នុងស្រុក​ គឺរួម​មាន​១០ជំពូក និង​៣៥​មាត្រា។​ ច្បាប់​នេះ​តម្រូវ​អោយអង្គការ​និងស​មាគម​ទាំងឡាយ​ដែល​បាន​ចុះ​បញ្ជី​រួច​ហើយ ​ ធ្វើ​នីតិវិធី​ចុះ​បញ្ជី​ជាថ្មី​នៅ​ក្រសួងមហាផ្ទៃ។ ក្នុងករណី​ពាក្យ​ស្នើ​ចុះ​បញ្ជី​របស់​​ពួក​គេ​ត្រូវ​ច្រាន​ចោល ពួកគេ​អាច​ប្តឹង​ជំទាស់​ទៅ​តុលាការ​បាន។ សមាគម​និង​​អង្គការ​ក្រៅរដ្ឋាភិបា​ល​ក្នុង​ស្រុក​ មិន​មាន​​សិទ្ធិ​​ធ្វើ​សកម្មភាព​ណាមួយ​ដើម្បី​ជា​ប្រយោជន៍​ដល់​គណបក្ស​ នយោបាយ​ឡើយ។ ពួកគេ​ក៏​ត្រូវ​ហាម​ឃាត់​ដែរ​រាល់​​ការ​ទទួល​​អំណោយ​ឬជំនួយ​ដែល​បាន​មក​ពី​ អង្គការភេរវកម្ម​។ សមាគម​និង​អង្គការ​​​​ត្រូវ​រៀប​ចំ​លក្ខន្តិកៈដោយ​ខ្លួនឯង​ផ្ទាល់​ ដែល​នៅក្នុង​នោះ​ត្រូវ​បញ្ជាក់​ពី​ប្រភព​​នៃ​ធនធាន​ហិរញ្ញវត្ថុ និង​ពីរបៀប​​គ្រប់​គ្រង​ធនធាន​នោះ។ ពួកគេ​ក៏​មាន​ករណីយ​​កិច្ច​​ត្រូវ​​បញ្ជូន​ទៅ​ក្រសួង​​មហាផ្ទៃ និង​សេដ្ឋកិច្ច នូវ​របាយការណ៍​ប្រចាំ​ឆ្នាំ​​ស្តី​ពីសកម្មភាព​សំខាន់ៗ​​របស់​ពួកគេ និងតារាង​តុល្យភាព​​លម្អិត​ពី​ចំណូល ចំណាយ ​ទ្រព្យសម្បត្តិនិង​បំណុល​ នៅ​មុន​ថ្ងៃទី៣១​ មីនា ជា​រៀង​រាល់​ឆ្នាំ។ ក្រសួង​សេដ្ឋកិច្ច​ទទួល​បន្ទុក​ត្រួតពិនិត្យ​​បញ្ជី​តុល្យការ​ទាំង​នេះ។​
 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ