|
អធិប្បាយចុងក្រោយ
|
| រៀល រឺ ដុល្លារៈ តើរូបិយវត្ថុមួយណា សម្រាប់កម្ពុជា នៅពេលមានវិបត្តិពិភពលោក? |
| ដោយ កូរីន កាឡឺបូ | | | ០៩-១២-២០០៨ | 
ភ្នំពេញ (កម្ពុជា) ថ្ងៃទី២៥ វិច្ឆិកា ២០០៧៖ ល្បែងចាប់លេខ © John Vink / Magnum ព្រះរាជាណាចក្រកម្ពុជា ត្រូវពឹងផ្អែកមួយភាគធំទៅលើសហរដ្ឋអាមេរិក ព្រោះ សហរដ្ឋអាមេរិកគឺជាទីផ្សារដ៏សំខាន់នៃវិស័យឧស្សាហកម្មកាត់ដេរ របស់កម្ពុជា។ ហេតុដូច្នេះទើបបានជារូបិយវត្ថុអាមេរិកត្រូវបានប្រើប្រាស់យ៉ាង ទូលំទូលាយនៅក្នុងប្រទេស សម្រាប់ការផ្លាស់ប្តូរ ជាមួយបរទេស ហើយសូម្បីតែការចំណាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជានៅលើ ទីផ្សារក្នុងស្រុកក៏អាស្រ័យលើក្រដាសប្រាក់នេះផងដែរ។ ខណៈពេលសេដ្ឋកិច្ចសហរដ្ឋអាមេរិកកំពុងជួបវិបត្តិ ប្រទេសកម្ពុជាក៏ទទួលរងផលប៉ះពាល់នេះផងដែរ។ លោកបណ្ឌិតហួត ពុំ អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា និងជាអ្នកសរសេរនិក្ខេបទ ស្តីពី «បដិដុល្លារូបនីយកម្ម និងផលប៉ះពាល់លើសេដ្ឋកិច្ចនៃប្រទេសកម្ពុជា» នៅសាកលវិទ្យាល័យ Louis-Lumière នៃទីក្រុងលីយ៉ុង បានពន្យល់នៅក្នុងបទសំភាសន៍មួយជាមួយវិបសាយកាសែត អំពីមូលហេតុអ្វីបានជាដុល្លារដើរតួនាទីយ៉ាងសំខាន់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា បញ្ហានៃការត្រឡប់មករកសេដ្ឋកិច្ច «រៀលរូបនីយកម្ម»មួយ នៅក្នុងបរិបទបច្ចុប្បន្ន និងបញ្ហានៃការបង្កើតរូបិយវត្ថុរួមនៅក្នុងតំបន់។
កាសែតៈ តើរូបិយវត្ថុដុល្លារចាប់ផ្តើមត្រូវបានប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាតាំងពីពេលណា? ហួត ពុំៈ រូបិយវត្ថុដុល្លារបានមកដល់ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៥៣ គឺនៅពេលមានការផ្តល់ជំនួយអន្តរជាតិដល់ប្រទេសកម្ពុជា ពោលគឺបន្ទាប់ពីប្រទេសជាតិទទួលបានឯករាជ្យភាពពេញបរិបូរណ៍។ កាលនោះ រូបិយវត្ថុអាមេរិកត្រូវបានប្រើប្រាស់តិចតួចនៅក្នុងជីវភាពប្រចាំ ថ្ងៃ ហើយប្រាក់នេះត្រូវបានប្រើជារូបិយវត្ថុបម្រុងនៅក្នុងធនាគារ ជាតិនៃកម្ពុជា និងជារូបិយវត្ថុអន្តរជាតិ ដូចតាមបណ្តាប្រទេសដទៃផ្សេងទៀត ដែលចូលរួមនៅក្នុងការដោះដូរអន្តរជាតិ។ ប៉ុន្តែ ការនិយមប្រើប្រាស់ប្រាក់ដុល្លារនៅក្នុងជីវភាពប្រចាំថ្ងៃរបស់ ប្រជាជនខ្មែរ បានចាប់ផ្តើមនៅអំឡុងឆ្នាំ១៩៧០ ពោលគឺនៅពេលរដ្ឋាភិបាលអាមេរិកបានផ្តល់ថវិការាប់លាន ដុល្លារដល់ប្រទេសកម្ពុជា ដើម្បីជួយទប់ស្កាត់ការរីករាលដាលលទ្ធិកុម្មុយនីស្ត។ បន្ទាប់មក គឺនៅ២០ឆ្នាំក្រោយ នៅដើមឆ្នាំ១៩៩០ តាមរយៈការមកដល់នៃអង្គការអ៊ុនតាក់ (អាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំប្រទេស កម្ពុជា) ដែលបានផ្តល់ជំនួយជាង២,៨ពាន់លានដុល្លារដល់កម្ពុជា សម្រាប់រយៈពេល៣ឆ្នាំ ដែលក្នុងនោះ ទឹកប្រាក់៨០៦លានដុល្លារ ទុកប្រើសម្រាប់បើកប្រាក់បៀវត្សជូនជនបរទេស។ កាលណោះ ប្រទេសជាតិកំពុងជួបសង្គ្រាម ប្រាក់រៀលលែងមានតម្លៃ ចំណែកប្រជាជនកម្ពុជាលែងមានជំនឿទុកចិត្តលើរូបិយវត្ថុជាតិ របស់ខ្លួន។ ដូចនេះ រូបិយវត្ថុដុល្លារ បានក្លាយជាក្រដាសប្រាក់ដ៏សំខាន់បំផុត ដែលត្រូវបានប្រើប្រាស់ដោយប្រជាជន និងវិស័យឯកជននៅក្នុងប្រទេស។
កាសែតៈ ហេតុអ្វីបានជាក្រដាសប្រាក់រៀល មិនអាចទប់ទល់នឹងការមកដល់ក្រដាសក្រដាសប្រាក់ដុល្លារបាន? ហួត ពុំៈ នេះក៏ដោយសារអស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចប្រទេសជាតិ។ សម័យក្រោយអាណានិគមនិយមបារាំង ចាប់ពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧០ គឺជាពេលវេលាដែលប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំង។ ម្យ៉ាងវិញទៀត រូបិយវត្ថុរៀល បានចាប់បដិសន្ធិឡើង ក្នុងឆ្នាំ១៩៥៥ នៅពេលព្រះបាទនរោត្តម សីហនុ ក្លាយជាប្រមុខដឹកនាំរដ្ឋាភិបាល។ ប្រជាជនកម្ពុជាចាប់ផ្តើមនិយមប្រើប្រាស់រូបិយវត្ថុជាតិ ព្រោះពួកគេគិតថាប្រាក់រៀលជានិមិត្តរូបតំណាងនូវភាពស្វយ័ត និងភាពឯករាជ្យរបស់ពួកគេ។ ប៉ុន្តែ ចាប់តាំងពីឆ្នាំ១៩៧០ គឺនៅពេលសម្តេចនរោត្តម សីហនុ ត្រូវបានគេទម្លាក់ចេញពីអំណាច ដើម្បីបង្កើតរបបគ្រប់គ្រងថ្មី (សាធារណៈខ្មែរ) ប្រាក់រៀលបានបាត់បង់តម្លៃ និងបាត់បង់តម្លៃទាំងស្រុង នៅអំឡុងរបបខ្មែរក្រហម ចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ ក្រោយមកទៀត ដោយសារអស្ថេរភាពសេដ្ឋកិច្ចនិងនយោបាយនៅក្នុងរបបគ្រប់គ្រងផ្សេងៗ គេ មិនអាចធ្វើអោយរូបិយវត្ថុរៀលមានតម្លៃឡើងវិញ ដើម្បីប្រកួតប្រជែងជាមួយប្រាក់ដុល្លារនោះទេ។ ទោះបីជាប្រាក់រៀលបានត្រឡប់មកលើទីផ្សារវិញក៏ដោយ ក៏ប្រជាជនកម្ពុជាមិនបានផ្តល់តម្លៃ ដូចសម័យកាលគ្រប់គ្រងរបស់សម្តេចនរោត្តម សីហនុឡើយ។ ដោយហេតុនេះហើយ ទើបបានជានៅមុនឆ្នាំ១៩៩០ ពួកគេចូលចិត្តប្រើឯកតា មាស ជាងរូបិយវត្ថុរៀល។
កាសែតៈ នៅក្នុងបរិបទសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន តើការប្រើប្រាស់ក្រដាសប្រាក់ដុល្លារសម្រាប់ប្រទេសកម្ពុជា មានគុណវិបត្តិអ្វីខ្លះ? ហួត ពុំៈ ការគ្របដណ្តប់នៃក្រដាសប្រាក់ដុល្លារនៅក្នុងប្រទេស មានផលប៉ះពាល់ទៅលើសេដ្ឋកិច្ចនិងសង្គមជាតិ។ ជាបឋម ការគ្របដណ្តប់នេះបានចោទជាបញ្ហាទៅលើសិទ្ធិនៃការបោះពុម្ព ក្រដាសប្រាក់។ សិទ្ធិនេះពាក់ព័ន្ធនឹងភាពខុសគ្នារវាងតម្លៃពិតនៃរូបិយវត្ថុ (តម្លៃពិតនៃការផលិត និងការចែកចាយកាក់ រឺក្រដាសប្រាក់ធនាគារ) និងតម្លៃទិញរូបិយវត្ថុនៅលើទីផ្សារ (តម្លៃសន្មត)។ បាត់បង់សិទ្ធិលើការបោះពុម្ពក្រដាសប្រាក់នេះ មានន័យថារដ្ឋបាត់បង់ប្រាក់ចំណូល ដែលបានមកពីការបោះពុម្ពរូបិយវត្ថុ។ បន្ទាប់មក ការប្រើប្រាស់ប្រាក់ដុល្លារធ្វើអោយមានការធ្លាក់ចុះនៃ ទុនបម្រុងផ្លូវការ និងកំណត់ប្រសិទ្ធភាពនយោបាយរូបិយវត្ថុ ដែលត្រូវបានដាក់អោយអនុវត្តដោយធនាគារជាតិនៃកម្ពុជា ព្រមទាំងជះឥទ្ធិពលលើអត្រាប្តូរប្រាក់។ ធនាគារជាតិនៃកម្ពុជាកាន់តែងាយទទួលរងផលប៉ះពាល់ពីវិបត្តិខាង ក្រៅប្រទេស។ ពាក់ព័ន្ធនឹងបញ្ហាសង្គម ដុល្លាររូបនីយកម្មដើរតួនាទីអវិជ្ជមានមួយ រវាងអ្នកមាននិងអ្នកក្រីក្រៈ ការទិញជាមួយនឹងបរិមាណដ៏ច្រើន អាចប្រព្រឹត្តធ្វើទៅបានជាមួយតែរូបិយវត្ថុដុល្លារប៉ុណ្ណោះ ប៉ុន្តែ មានតែប្រជាជនកម្ពុជា ដែលមានធនធានហិរញ្ញវត្ថុជាដុល្លារ រឺជនបរទេសប៉ុណ្ណោះ ដែលអាចទិញទំនិញទាំងនោះបាន។ មានតែពួកគេប៉ុណ្ណោះ ដែលអាចមានគណនេយ្យនៅក្នុងធនាគារ គិតជាដុល្លារ។ ក្រៅពីនេះ ប្រជាជនកម្ពុជាដែលមានប្រាក់ខែជាប្រាក់រៀល ខាតបង់យ៉ាងច្រើន នៅពេលពួកគេដូរប្រាក់ជាដុល្លារ ហើយពួកគេកាន់តែពឹងផ្អែកលើទីផ្សារប្តូរប្រាក់ជាងគេ។ ហេតុដូច្នេះហើយទើបបានជាប្រជាជនក្រីក្រ គឺជាអ្នកទាមទារអោយមានបដិដុល្លាររូបនីយកម្មនៅប្រទេសកម្ពុជាខ្លាំង ជាងគេបំផុត។
កាសែតៈ ផ្ទុយទៅវិញ តើអ្វីខ្លះជាអត្ថប្រយោជន៍នៃប្រាក់ដុល្លារ សម្រាប់សេដ្ឋកិច្ចកម្ពុជា? ហួត ពុំៈ ជាបឋម ដុល្លារូបនីយកម្មអាចធ្វើអោយអត្រាប្តូរប្រាក់មានស្ថេរភាព ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុនបរទេស។ ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារផ្តល់លទ្ធភាពដល់ប្រជាជនកម្ពុជា ក្នុងការទំលាប់ទៅនឹងប្រព័ន្ធធនាគារ ការសន្សំប្រាក់ និងប្រើប្រាស់សេវាធនាគារ។ ជាចុងក្រោយ ដុល្លារអនុញ្ញាតអោយប្រទេសកម្ពុជាធ្វើសមាហរណកម្មនៅក្នុង សេដ្ឋកិច្ចពិភពលោក។
កាសែតៈ តើលោកគិតថានៅថ្ងៃមួយ បដិដុល្លារូបនីយកម្មនៅប្រទេសកម្ពុជាអាចកើតមានដែររឺទេ? ហួត ពុំៈ ខ្ញុំមិនគិតថាវានឹងអាចកើតទៅរួចនោះទេ សូម្បីតែនៅរយៈពេលប៉ុន្មានទសវត្សខាងមុខនេះក៏ដោយ។ ជាបឋម គេមិនត្រូវនិយាយអំពីបដិដុល្លារូបនីយកម្មនោះទេ ប៉ុន្តែ ត្រូវនិយាយអំពីការពង្រឹងរូបិយវត្ថុជាតិ។ ការបែងចែកនេះមានសារៈសំខាន់ ព្រោះមានតែការបង្កើនទំនុកចិត្តលើរូបិយវត្ថុរៀលប៉ុណ្ណោះ ដែលអាចធ្វើអោយដុល្លារបាត់បង់នៅលើទីផ្សារក្នុងស្រុកបាន។
កាសែតៈ តើមានដំណោះស្រាយអ្វីផ្សេង ដើម្បីអោយប្រទេសកម្ពុជាកាត់បន្ថយការប្រើប្រាស់រូបិយវត្ថុអាមេរិកនេះ? ហួត ពុំៈ ដំណោះស្រាយមួយ ក្នុងចំណោមដំណោះស្រាយដែលអាចទទួលយកបាន អាចជាការបង្កើតរូបិយវត្ថុរួមនៃបណ្តាប្រទេសសមាជិកអាស៊ាន (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) តាមគំរូរូបិយវត្ថុអឺរូ នៅក្នុងសហគមន៍អឺរុប។ ខ្ញុំមិនគិតថាប្រទេសកម្ពុជាតែមួយ នឹងអាចមានរូបិយវត្ថុខ្លាំងគ្រប់គ្រាន់នោះទេ។ ប៉ុន្តែ ប្រសិនជាកម្ពុជាធ្វើសមាហរណកម្មនៅក្នុងប្រព័ន្ធរូបិយវត្ថុ សហគមន៍មួយ កម្ពុជាអាចនឹងទទួលបានអត្ថប្រយោជន៍ទ្វេដង៖ ត្រូវលើកកម្ពស់សមាហរណកម្មក្នុងតំបន់របស់ខ្លួន ឆ្ពោះតម្រង់ទៅរកសមាហរណកម្មពិភពលោក។
|
|
|