|
អធិប្បាយចុងក្រោយ
|
| ប្រឈមមុខនឹងវិបត្តិ កម្ពុជាត្រូវបង្កើតសមត្ថភាពប្រកួតប្រជែង និងបរិយាកាសវិនិយោគទុន |
| ដោយ ស្ទេហ្វានី ហ្សេ | | | ១១-១២-២០០៨ | 
តាកែវ (កម្ពុជា) ថ្ងៃទី៣ កញ្ញា ២០០៨៖ ការនាំចេញអង្ករ អាចជាចលករមួយនៃកំណើនសេដ្ឋកិច្ចឆ្នាំ២០០៩។ ការប្រមូលទិន្នផលស្រូវរបស់ម្ចាស់ដីៈ អ្នកធ្វើការរកស៊ីប្រចាំថ្ងៃទទួលប្រាក់កំរៃ តាមចំនួនចំបើងរបស់ពួកគេ។ © ចន វីង / Magnum របាយ ការណ៍មួយរបស់ធនាគារពិភពលោក ដែលចេញផ្សាយនៅថ្ងៃពុធ ទី ១០ ខែធ្នូ បានសង្កត់ធ្ងន់ថាអាស៊ីបូព៌ានឹងជៀសមិនផុតពីផលប៉ះពាល់នៃវិបត្តិ សេដ្ឋកិច្ចពិភពលោក ដែលកើតមានឡើងនៅបណ្តាប្រទេសអភិវឌ្ឍន៍ តាំងពីថ្ងៃទី១៥ ខែកញ្ញា។ ប៉ុន្តែ យោងតាមការប៉ាន់ប្រមាណរបស់អនុប្រធានធនាគារពិភពលោកប្រចាំ តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក លោកជីម អាដាមស៍ (Jim Adams) តំបន់អាស៊ីបូព៌ា ដែលត្រូវបានទាក់ទាញដោយសក្កានុពលប្រទេសចិន និងមានការត្រៀមលក្ខណៈល្អប្រសើរជាងកាលពីមានវិបត្តិ សេដ្ឋកិច្ចហិរញ្ញវត្ថុនៅអាស៊ីក្នុងឆ្នាំ១៩៩៧ នឹងចូលរួមចំណែកប្រមាណភាគបីនៃកំណើនសេដ្ឋកិច្ចពិភពលោកសរុបនៅ ឆ្នាំ២០០៨។ ចំណែកព្រះរាជាណាចក្រកម្ពុជាវិញ នៅអំឡុងរយៈពេលទស្សវត្សរ៍ចុងក្រោយនេះ មានការរីកចម្រើនគួរអោយកត់សម្គាល់លើស្ថេរភាពម៉ាក្រូ សេដ្ឋកិច្ច ជាមួយនឹងកំណើនផលិតផលសរុបក្នុងស្រុក(ជាមធ្យម១១,១% ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៧) ដោយសារនយោបាយបើកទូលាយ។ តើយល់យ៉ាងដូចម្តេចចំពោះព្រះរាជាណាចក្រដ៏តូចមួយនេះ? ធនាគារពិភពលោកបានប៉ាន់ប្រមាណថាកំណើនផលិតផលសរុបក្នុងស្រុក ពិតប្រាកដនឹងជាធ្លាក់ចុះមកត្រឹម ៦,៧% នៅឆ្នាំ២០០៨ និង៤,៩% នៅឆ្នាំ២០០៩។ ចលករទាំងបួននៃសេដ្ឋកិច្ចកម្ពុជា នៅពេលមានវិបត្តិពិភពលោក លោក ស្ទេហ្វាន ហ្គីមបើត (Stéphane Guimbert) អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៃការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា បានពន្យល់ថា «បរិយាកាសខាងក្រៅមិនអំណោយផលនេះ នឹងនាំអោយតម្រូវការនាំចេញពីប្រទេសកម្ពុជាធ្លាក់មកនៅទាប វិស័យទេសចរណ៍ និងការវិនិយោគពីបរទេសក៏ធ្លាក់ចុះផងដែរ។ លំហូរចូលនៃវិនិយោគទុនផ្ទាល់ពីបរទេស អាចនឹងថយចុះពីកំរិតខ្ពស់បំផុត ពី១០%នៃផលិតផលសរុបក្នុងស្រុកនៅឆ្នាំ២០០៧ មក៥,២%នៅឆ្នាំ២០០៩ ព្រោះវិនិយោគគិនបរទេសកាន់តែប្រយ័ត្នប្រយែងអំពីការវិនិយោគនៅក្នុង ប្រទេសកំពុងអភិវឌ្ឍន៍ ដោយសារបរិបទសេដ្ឋកិច្ចពិភពលោកមិនជាក់លាក់។
តួយ៉ាង មានការប្រឈមយ៉ាងច្រើនចំពោះចលករសំខាន់ៗនៃកំណើនសេដ្ឋកិច្ចកម្ពុជា ចំនួនបួន។ ទីមួយ ការកើនឡើងលើតម្លៃអង្ករ ហាក់ដូចជាបានផ្តល់នូវឱកាសដ៏ច្រើនសម្រាប់ប្រទេសកម្ពុជា ដែលជាប្រទេសនាំចេញអង្ករ ប៉ុន្តែទំហំនៃការឆ្លើយតបចំពោះបរិមាណផ្គត់ផ្គង់ដ៏ខ្លាំងនៅតែ មានភាពមិនប្រាកដប្រជា ដោយសារតែការធ្លាក់ចុះនៃតម្លៃនាពេលថ្មីៗនេះ និងការវិនិយោគលើវិស័យកសិកម្មនៅមានកំរិត។ ទីពីរ វិស័យកាត់ដេរទទួលរងផលប៉ះពាល់ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ច សហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញដ៏ធំសម្រាប់កម្ពុជា បញ្ហានៃភាពប្រកួតប្រជែងធ្វើអោយមានអតិផរណាខ្ពស់ និងប្រាក់បៀវត្សកើនឡើង ហើយការបញ្ឈប់ការអនុវត្តវិធានការការពារសុវត្ថិភាពនៅឆ្នាំ២០០៩ ដោយសហរដ្ឋអាមេរិកនិងសហគមន៍អឺរុបចំពោះប្រទេសចិន ដែលជាប្រទេសប្រកួតប្រជែងដ៏ធំមួយលើផ្នែកនាំចេញសំលៀកបំពាក់។ ទីបី ផ្នែកអាជីវកម្មសំណង់កំពុងតែមានការថយចុះ ១៧% បើធៀបនឹងឆមាសទីមួយនៃឆ្នាំមុន។ ទីបួន វិស័យទេសចរណ៍ ក៏បានទទួលរងផលប៉ះពាល់ផងដែរ ដោយសារសេដ្ឋកិច្ចពិភពលោក និងជម្លោះព្រំដែនជាមួយប្រទេសថៃ។ ធនាគារពិភពលោកបានលើកឡើងថាកំណើននៃចំនួនភ្ញៀវទេសចរមកទស្សនាបាន ថយចុះ នៅក្នុងឆមាសទីមួយ ឆ្នាំ២០០៨។
អនុសាសន៍របស់ធនាគារពិភពលោក អ្នកខ្លះបានប្រកាសថាវិបត្តិសេដ្ឋកិច្ចពិភពលោកលើកនេះអាចជា វិបត្តិដ៏ខ្លាំងក្លាបំផុត ដែលពិភពលោកយើងមិនធ្លាប់បានជួបប្រទះ ចាប់តាំងពីឆ្នាំ១៩៣៩មក តើព្រះរាជាណាចក្រដ៏តូចមួយ ដូចជាប្រទេសកម្ពុជា អាចអនុវត្តមធ្យោបាយរបស់ខ្លួន ដើម្បីជៀសផុតពីវិបត្តិនេះបានដែររឺទេ? លោកវីក្រាម ណេរ៉ូ (Vikram Nehru) ប្រធានសេដ្ឋកិច្ចវិទូប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ធនាគារពិភពលោកបានមានប្រសាសន៍ដោយត្រង់ៗ ពីប្រទេសជប៉ុន ដោយទទួលស្គាល់ថា «ប្រទេសកម្ពុជាក៏ជៀសមិនផុតពីផលប៉ះពាល់នៃវិបត្តិនេះដែរ»។
លោក ស្ទេហ្វាន ហ្គីមបើត បានកត់សម្គាល់អំពីសារៈសំខាន់នៃគោលនយោបាយគន្លឹះចំនួនបួន ដែលអាចកាត់បន្ថយកំរិតនៃផលប៉ះពាល់មកលើប្រទេសកម្ពុជា។ លោកបានណែនាំអោយមានការត្រួតពិនិត្យអោយបានរឹងមាំចំពោះវិស័យ ធនាគារ ដើម្បីជៀសផុតពីហានិភ័យហិរញ្ញវត្ថុ។ លោកបានបញ្ជាក់ថា «វិស័យហិរញ្ញវត្ថុនៅកម្ពុជានៅក្មេងខ្ចីនៅឡើយ ។ ប្រសិនជាមានបញ្ហា វិស័យនេះអាចនឹងបាត់បង់តម្លៃយ៉ាងឆាប់រហ័ស!»។ លោកបានបន្ថែមទៀតថារដ្ឋាភិបាលបានដើរនៅលើមាគ៌ាដ៏ល្អ នៅក្នុងវិស័យនេះ។ លោកបានស្នើសុំអោយចាត់វិធានការសារពើពន្ធ ដើម្បីបង្កើនកំណើនសេដ្ឋកិច្ច ដែលមិនធ្វើអោយអន្តរាយសេ្ថរភាពម៉ាក្រូសេដ្ឋកិច្ច។
លើស ពីនេះ លោកក៏បានស្នើសុំអោយមានការសម្របសម្រួលពាណិជ្ជកម្មនិងការ វិនិយោគទុន ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃបរិយាកាសខាងក្រៅ។ ជាចុងក្រោយ សេដ្ឋកិច្ចវិទូរូបនេះបានបញ្ចប់ថា សំណាញ់សុវត្ថិភាពសង្គមត្រូវបង្កើតឡើង ដើម្បីជួយសង្គ្រោះប្រជាជនដែលងាយទទួលរងគ្រោះបំផុត ប្រឈមនឹងការថយចុះនៃកំណើននេះ។
រក្សាអោយបាននូវការរីកចម្រើននៃវិស័យកាត់ដេរ លោក វីក្រាម ណេរ៉ូ បានផ្តល់ដំបូន្មានថា នៅក្នុងបរិបទបែបនេះ ប្រទេសកម្ពុជាអាចនឹងត្រូវបាត់បង់ផ្នែកខ្លះនៃទីផ្សារនៅសហរដ្ឋ អាមេរិក ដែលពិតប្រាកដជានឹងកាត់បន្ថយតម្រូវការរបស់ខ្លួន ហើយកម្ពុជានឹងត្រូវវាយលុកទៅរកទីផ្សារថ្មីវិញ។
លោកស្ទេហ្វាន ហ្គីមបើត បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាត្រូវព្យាយាមពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន «កត្តាទាំងនេះត្រូវជាអាទិភាពមួយក្នុងចំណោមអាទិភាពរបស់ខ្លួន ដោយផ្តល់លក្ខណៈងាយស្រួលដល់ពាណិជ្ជកម្ម ផ្តល់គោលនយោបាយសារពើពន្ធ និងខិតខំប្រឹងដោះស្រាយបញ្ហា ពាក់ព័ន្ធនឹងជម្លោះការងារ។ សេដ្ឋកិច្ចវិទូនៃធនាគារពិភពលោករូបនេះបានរម្លឹកថា ព្រះរាជាណាចក្រកម្ពុជាទទួលរងផលប៉ះពាល់ពីសេដ្ឋកិច្ចដុល្លារូបនីយកម្ម ក្រោមឥទ្ធិពលនៃអតិផរណានៅឆ្នាំនេះ។ ប្រាក់ដុល្លារត្រូវបានផ្តល់តម្លៃ ប្រៀបធៀបទៅនឹងរូបិយវត្ថុផ្សេងទៀត ដែលកំពុងចរាចរណ៍នៅក្នុងតំបន់។
អ្នកសេដ្ឋកិច្ច នៃធនាគារពិភពលោកបានសំដែងនូវការជឿជាក់ថាគេនឹងអាចជំនះលើ វិបត្តិសព្វថ្ងៃនេះបាន យ៉ាងហោចណាស់ នៅរយៈពេលមធ្យម។ ករណីប្រទេសកម្ពុជា វិស័យកសិកម្ម ដែលនៅមិនទាន់ឈានដល់កំរិតអតិបរមា អាចនឹងមានសន្ទុះ ដើម្បីរក្សាកំណើនសេដ្ឋកិច្ច។ លោកស្ទេហ្វាន ហ្គីមបើត បានគូសបញ្ជាក់ថា«ទោះបីជាតម្លៃអង្ករបានធ្លាក់ចុះក៏ដោយ បន្ទាប់បានឡើងថ្លៃខ្ពស់បំផុតកាលពីខែឧសភា-មិថុនា ក៏តម្លៃនៅតែខ្ពស់ជាងកាលពីមុនដដែល។ កត្តានេះអនុគ្រោះដល់ប្រជាកសិករវិនិយោគកាន់តែច្រើន លើដីស្រែរបស់ពួកគេ ដូចជាទិញអណ្តូងស្នប់ សម្រាប់ប្រព័ន្ធធារាសាស្រ្ត រឺទិញគ្រាប់ពូជ និងជី ដើម្បីបង្កើនទិន្នផល និងទទួលបានផលកំរៃច្រើនជាងមុន...»។
យ៉ាង ណាមិញ នៅពេលសំពាធវិបត្តិនឹងថយចុះ វិនិយោគិនអាចនឹងត្រឡប់មកសិក្សាឡើងវិញ ប៉ុន្តែគេនឹងបន្តតាមដានច្រើនជាងមុនទ្វេដង មុននឹងសម្រេចចិត្តវិនិយោគ ដោយព្រួយបារម្ភចំពោះហានិភ័យ ដែលពួកគេអាចនឹងជួបប្រទះ។ អ្នកឯកទេសរូបនេះបានវាយតម្លៃថា នេះគឺជាពេលវេលាមួយ សម្រាប់កម្ពុជា ដែលត្រូវអនុវត្តគ្រប់មធ្យោយបាយ ដើម្បីកាត់បន្ថយហានិភ័យ ដោយត្រូវកែសម្រួលបរិយាកាសនៃការវិនិយោគទុន។ ជាចុងក្រោយ លោកបានបន្ថែមថា ប្រទេសកម្ពុជាត្រូវតែហ៊ានចាប់ផ្តើមនយោបាយចំណាយ «ប្រកបដោយមហិច្ឆតាខ្ពស់គួរសម» ជាពិសេសទាក់ទងនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងសំណាញ់ការពារសុវត្ថិភាពសង្គម ដែលសុទ្ធសឹងតែជាកត្តារួមចំណែកលើកំណើនសេដ្ឋកិច្ច ប្រកបដោយសក្កានុពល សម្រាប់រយៈពេលមធ្យម។ រដ្ឋាភិបាលកម្ពុជាទំនងជាចាប់យកផ្លូវដើរនេះ តាមរយៈការអនុម័តថវិកាជាតិឆ្នាំ២០០៩ កាលពីថ្ងៃអង្គារ ទី៩ ខែធ្នូ ដោយរដ្ឋសភា ជាមួយនឹងកំណើនថវិកាយ៉ាងច្រើន រហូតដល់១,៨ពាន់លានដុល្លារ។
វិធានការរបស់រដ្ឋាភិបាលក្រុងភ្នំពេញ របាយការណ៍ របស់ធនាគារពិភពលោកបានកត់សម្គាល់ថា ដើម្បីជួយកាត់បន្ថយអតិផរណា និងហានិភ័យលើវិស័យហិរញ្ញវត្ថុ ធនាគារពិភពលោកបានរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ខ្លួន។ តួយ៉ាង ធនាគារបានបង្កើនឡើងទ្វេដងនូវតម្រូវការប្រាក់តំកល់របស់ខ្លួន កាលពីខែកក្កដាឆ្នាំ២០០៨ បានកំណត់កំរិតខ្ពស់បំផុតមួយនៃប្រាក់កំចីសម្រាប់វិស័យអចលនទ្រព្យ បានបង្កើនឡើងត្រីគុណនូវតម្រូវការមូលធននៅក្នុងខែកញ្ញា ឆ្នាំ២០០៨ និងបានកំណត់ការដាក់កំហិតលើការដកសាច់ប្រាក់ពីធនាគារកណ្តាល នៅខែតុលា ឆ្នាំ២០០៨។
រដ្ឋាភិបាលកម្ពុជាបន្តកែលំអកំណែទម្រង់ រចនាសម្ព័ន្ធនានា ទោះបីជាមានការថយចុះខ្លះ នៅពេលបោះឆ្នោត កាលពីខែកក្កដាក៏ដោយ។ ការរីកចម្រើនលើការលើកកម្ពស់ក្របខ័ណ្ឌច្បាប់សម្រាប់វិនិយោគ ជាពិសេស ការអនុម័តច្បាប់ស្តីពីប្រតិបត្តិការជំនួញដែលមានការធានា ដែលបង្កលក្ខណៈងាយស្រួលដល់ក្រុមហ៊ុនក្នុងការប្រើប្រាស់នូវ ចលនទ្រព្យនិងទ្រព្យសម្បត្តិអរូបិយរបស់ខ្លួន ធ្វើជារបស់ធានាសម្រាប់ខ្ចីប្រាក់។ កត្តាទាំងនេះបានជួយបង្កើនលំដាប់ថ្នាក់របស់ប្រទេសកម្ពុជា នៅក្នុងរបាយការណ៍ធ្វើពាណិជ្ជកម្មឆ្នាំ២០០៩ (Doing Business) ពីចំណាត់ថ្នាក់ទី១៥០ មកនៅចំណាត់ថ្នាក់ទី១៣៥ ក្នុងចំណោមប្រទេសចំនួន១៨១។
កំណែទម្រង់ថ្មីសំខាន់មួយទៀត គឺការណែនាំអោយស្គាល់នូវប្រព័ន្ធស្វ័យប្រវត្តិសម្រាប់ទិន្នន័យ គយនៅឯកំពង់ផែក្រុងព្រះសីហនុ នៅខែឧសភា ឆ្នាំ២០០៨។
|
|
|