កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
សម្តេចហ៊ុន សែន យល់​ព្រម​បន្ថយ​ពន្ធនាំ​ចេញ​១០%​សម្រាប់​វិស័យ​វាយនភ័ណ្ឌ GMAC ​ទាម​ទារ​៣០%
ដោយ រស់ ឌីណា និង ឡូរ៉ង់ ឡឺហ្គុអង់វិក   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២១-១១-២០០៨

Hun Sen � John Vink / Magnum

ភ្នំពេញ(កម្ពុជា) ថ្ងៃទី​២១ វិច្ឆិកា ២០០៨៖​​ សម្តេច​នាយករដ្ឋមន្រ្តីហ៊ុន សែន នៅក្នុង​វេទិកា​រដ្ឋាភិបាល​-វិស័យឯកជន នៅ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា
© ចន វីង​ / Magnum 

 

ជាការ ​ឆ្លើយតប​នឹង​​កង្វល់​​របស់​​លោក​វ៉ាន់ ស៊ូអ៊ាង ប្រធាន​សមាគម​និយោជក​រោង​ចក្រកាត់​ដេរ​កម្ពុជា​(GMAC)​ ដែល​ត្រូវ​បាន​លើក​ឡើង​ជា​ថ្មី​នៅ​ក្នុង​វេទិកា​​​លើក​ទី១៤​រវាងរដ្ឋាភិបាល​ និង​​វិស័យ​ឯកជន​ ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​សុក្រ ខែ​វិច្ឆិកានេះ​​ សម្តេច​​​នាយករដ្ឋ​មន្ត្រី​​ហ៊ុន សែន​ បាន​ប្រកាស​​បន្ថយ​ពន្ធ​កំណត់​លើ​ការ​នាំ​ចេញ​​ផលិតផល​វាយនភ័ណ្ឌ​(EMF)ចំនួន ​១០%​។ វិធានការ​នេះ​​ត្រូវ​បាន​ចាត់​ទុក​ថា​ដើម្បី​ជួយ​​វិស័យ​កាត់​ដេរ​ដែល​រង​​ ឥទ្ធិពល​ពី​វិបត្តិ​​សេដ្ឋកិច្ច​ពិភពលោក​ ខណៈពេល​ដែល​​ការ​បញ្ជាទិញ​ពី​សហរដ្ឋ​អាមេរិក​ ដែល​ជា​អតិថិជន​សំខាន់​​របស់​កម្ពុជា​​នៅ​ក្នុង​វិស័យ​នេះ​ ​បាន​ថយ​ចុះ​​ជាង​ឆ្នាំ​មុន​។

 

ការ​ស្នើ​សុំ​របស់​លោក​វ៉ាន់​ ស៊ូអ៊ាង ទទួល​បាន​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ ព្រោះ​លោក​បាន​ទាម​ទារ​អោយ​កាត់​បន្ថយ​«យ៉ាង​ហោច​៣០%​នៃ​ EMF និង​ការបង់​​ថ្លៃ​​ផ្សេង​ៗ​ទៀត​ទៅ​អោយ​រដ្ឋាភិបាល​ ដើម្បី​ទ្រ​ទ្រង់​និរន្តរភាព​ និង​ការ​ប្រកួត​ប្រជែង​របស់​ឧស្សាហកម្ម​នេះ»។ មេដឹក​នាំ​​​របស់​ថៅ​កែ​រោង​ចក្រ​កាត់​ដេរ​​កម្ពុជា​រូប​នេះ​បាន​ទាំង​ បង្ហាញ​តួលេខ​​មិន​ល្អ​​ពី​ស្ថាន​ភាព​​បច្ចុប្បន្ន​ និង​ចក្ខុវិស័យ​សម្រាប់​ឆ្នាំ​២០០៩ទៀត​ផង​ ដើម្បី​ធ្វើ​ការ​ស្នើ​សុំ​នេះ។

បញ្ហា​ប្រឈម​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក
លោក ​វ៉ាន់ ស៊ូអ៊ាង បាន​ប្រកាសនៅ​ក្នុង​បុព្វកថានៃ​​សុន្ទរកថា​របស់​លោក​ថា៖ «បច្ចុប្បន្ន​ បញ្ហា​ប្រឈម​​របស់​ឧស្សាហកម្ម​កាត់​ដេរ​​គឺ​អស់​​​ធំហើយ ព្រោះ​ពិភពលោក​ទាំងមូល​បាន​ប៉ះទង្គិច​​​ដោយសារ​វិបត្តិ​ឥណទាន ហើយ​កម្ពុជា​ក៏​ជៀស​មិន​ផុត​ដែរ»។ លោកបាន​​មាន​ប្រសាសន៍​​​​ដូច្នេះ​ក្នុង​នាម​​សហ​ប្រធាន​ក្រុម​ការងារ​​ ស្តីពី​ការ​នាំ​ចេញ​និង​ពាណិជ្ជកម្ម​ នៅ​ក្នុង​ ​វេទិការ​រវាង​រដ្ឋាភិបាលនិង​វិស័យ​ឯកជន។ វេទិការ​នេះ​ជា​ជំនួប​​ប្រចាំ​ឆមាស​​​ ដែល​នៅ​ក្នុង​ជំនួប​នោះសហគ្រិន​ទាំងឡាយ​​បង្ហាញ​សំណើ​​របស់​ខ្លួន​ទៅ​កាន់​ រដ្ឋាភិបាល។

លោក​បាន​គូស​បញ្ជាក់​ថា ៖ «ជារៀង​រាល់​ថ្ងៃ យើង​ទទួល​ព័ត៌មាន​​​ថា​​ក្រុមហ៊ុន​ជា​ច្រើន​ខាត​រាប់​លាន​ដុល្លារ ហើយ​ក្រុមហ៊ុន​មួយ​ចំនួន​ក្ស័យ​ធន់​។ អ្វី​ដែល​បារម្ភ​បំផុត​​គឺ​ក្រុម​ហ៊ុន​ជា​ច្រើន​ក្នុង​ចំណោម​នោះ​​គឺ​ជា​ អតិថិជន​របស់​កម្ពុជា​ ជា​ពិសេស​គឺម៉ាក​ Gap, Macy's, Levi's, Kohl's, Liz Clairbone, Mervyn's។ល។​ ​ គ្មាន​មួយ​ណា​រួច​ផុត​ពី​ការ​ខាត​បង់​ដ៏ធ្ងន់​ធ្ងរ​នោះ​ឡើយ​។ អាមេរិក​​ដែល​ជា​ទី​ផ្សារ​​សំខាន់​សម្រាប់​នាំ​ចេញ​ផលិតផល​វាយ​នភ័ណ្ឌ​ កម្ពុជា បាន​បន្ថយ​ការ​ចំណាយ​របស់ខ្លួន​។ ធម្មតានៅ​ខែ​វិច្ឆិកា រោង​ចក្រ​​​មាន​បញ្ជី​កុម្ម៉ង់​ទិញ​​​ត្រូវ​បំពេញ​រហូត​ដល់​ខែ​មេសា​។ ឥឡូវ​ ពួកគេ​នៅ​តែ​​មិន​ទាន់​មានគំនិត​ថា​ត្រូវ​ធ្វើ​អ្វី​នៅ​ខែ​មករា​ ២០០៩ នៅ​ឡើយ​ ហើយ​ពួកគេ​ដំណើរការ​តែ​៧០%​នៃ​សមត្ថភាព​ផលិត​កម្ម​របស់ខ្លួនប៉ុណ្ណោះ​​»។

ការ​ប្រជែង​តម្លៃ
ប្រធាន ​ GMAC ក៏​បាន​បង្ហាញ​ផង​ដែរ​ពី​ស្ថាន​ភាព​ប្រកួត​ប្រជែង​​កើន​ឡើង​ ដែល​ធ្វើ​អោយ​សហគ្រិន​កម្ពុជា​មាន​មធ្យោបាយ​តិច​ដើម្បី​ឈ្នះ។ លោក​អះអាងថា៖ «ពេល​នេះ​តម្លៃថោក​ជា​បញ្ហា​សំខាន់​។ មាន​តែ​តម្លៃ​ថោក​ទេ​ទើប​អាច​គ្រប់​គ្រង​ការ​បញ្ជាទិញ​បាន​ គ្មាន​អ្វី​ផ្សេង​ពី​នេះ​ឡើយ​»។ បន្ទាប់មកលោក​អំពាវនាវ​​«ដល់រដ្ឋាភិបាល​ សហជីព​ និង​គ្រប់​អង្គការ​ទាំង​អស់​ដែល​ចង់​លើក​កម្ពស់​ឧស្សាហកម្ម​​នៅ​កម្ពុជា អោយយក​ចិត្ត​ទុក​ដាក់​នឹង​សកម្មភាព​​​​របស់​ខ្លួន​ ជាមួយ​នឹង​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ មុន​នឹង​​ដាក់​ដំណើរ​ការ​វា ដើម្បី​ធានា​ថា​វា​ជួយ​ទ្រទ្រង់​ដល់​ចំណែក​ទីផ្សារ​របស់​យើង​តាម​ដែល​អាច​ ហើយ​មិន​រាំង​ស្ទះ​ដល់​កំណើន​របស់​ឧស្សាហកម្ម​វាយនភ័ណ្ឌ»។

បើ​ទោះ​ជា ​បាន​និយាយ​ដល់​«យុគសម័យ​អស្ថិរភាព​ក្នុង​ពិភព​លោក​»​ក៏ដោយ ក៏​នៅ​ក្នុង​សុន្ទរកថា​​បើក​វេទិការ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រើ​ភាសា​បែប​សុទិដ្ឋិនិយម​​ដែរ។ លោក​បាន​វាយ​តម្លៃ​ពីស្ថានភាព​នៅ​កម្ពុជា​គឺ«ល្អ​ជាទូទៅ»​ក្នុង​«វិស័យ​បី​ គឺ​កសិកម្ម ឧស្សាហកម្ម និង​សេវាកម្ម​» បើ​ប្រៀប​នឹង​ប្រទេស​ផ្សេង​ទៀត​។

មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ​«អភិរក្ស»​ជ្រុល
ប្រមុខ ​ដឹកនាំ​រដ្ឋាភិបាល​​បាន​ទាំង​លើក​ឡើង​ពីការ​ទស្សន៍ទាយ​​ពី​កំណើន​ខ្ពស់​ជាង ​ការ​ទស្សន៍​ទាយ​ធ្វើ​ឡើង​ដោយ​មូល​និធិ​រូបិយប័ណ្ណ​អន្តរជាតិ​ (FMI)​​ ទៀត​ផង ដោយ​លោក​ចាត់​ទុក​ថាមូលនិធិ​នេះ​​មានលក្ខណៈ«អភិរក្សនិយម​»។ បើ​តាម​លោក​ហ៊ុន សែន ផលិតផល​ដុល​ក្នុង​ស្រុក (PIB) សម្រាប់​៣ត្រីមាស​ដំបូង​ក្នុង​ឆ្នាំ​២០០៨ បាន​កើន​ឡើង​ចំនួន​១១,២% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០០៧។ នៅ​ឆ្នាំ​​២០០៨​ទាំងមូល ក្រៅពី​ការ​ធ្លាក់​ចុះ​នៃ​ការ​បញ្ជា​ទិញ​របស់​អាមេរិក​​មក​កាន់​រោងចក្រ​ កាត់​ដេរ​កម្ពុជា និង​អាកាសធាតុ​ប្រែប្រួល​ធ្វើ​អោយ​ទិន្នផល​កសិកម្ម​ថយ​ចុះ​ អត្រា​កំណើន​គឺ​​នៅ​ជុំ​វិញ​៧%​​ នេះ​បើ​តាម​​លោកនាយករដ្ឋមន្ត្រី​ តែ​បើ​តាម​ការទស្សន៍​ទាយ​របស់​ FMI គឺ​៦,៥%ប៉ុណ្ណោះ​។ « FMI ប៉ាន់​ស្មាន​​ថា​​ កំណើន​គឺមាន​៥%​នៅ​ឆ្នាំ​២០០៩ [៤,៧៥%​បើ​តាម​​ការ​វាយ​តម្លៃ​ចេញ​ផ្សាយ​​នៅ​ដើម​ខែវិច្ឆិកា​ដោយ​ស្ថាប័ន​ នេះ]។ ប៉ុន្តែ​ការ​វាយ​តម្លៃ​នេះ​​គឺ​​អភិរក្ស​ជាង​​តថភាពពិត​។ យើង​នឹង​អាចធ្វើ​អោយ​​មាន​កំណើន​ច្រើន​ជាង​៥%»លោក​ហ៊ុន សែន​ បាន​អធិប្បាយ​​ដូច្នេះ។ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា វា​ជា​«ការ​ប្រសើរ​ដែល​មាន​ការ​ប៉ាន់​ស្មាន​រាង​អភិរក្សបន្តិច​​ជាជាង​ការ​ កំណត់​ទិសដៅ​​ដែល​មិន​អាច​សម្រេចទៅ​​បាន​»។

ជា​ការ​ឆ្លើយ​តប​ បន្ទាប់​ពី​លោក​វ៉ាន់ ស៊ូអ៊ាង បាន​បញ្ចប់​បទ​អន្តរាគមន៍ លោក​ហ៊ុន សែន បាន​មាន​​ប្រសាសន៍​«ចែក​រំលែក​​កង្វល់​»​​នេះ​ដែរ។ «​វិបត្តិ​មិន​​​ថា​តូច​ឬធំទេ ​វា​ប្រាកដ​ជា​ប៉ះពាល់​​យើង​» លោក​បាន​ទទួល​ស្គាល់​ដូច្នេះ ​ដោយ​គូស​បញ្ជាក់ថា«​គ្រឹះ​នៃ​កំណើន​សេដ្ឋកិច្ច​​មិន​ត្រូវ​បាន​ពង្រីក​អោ​ យធំ​នៅ​ឡើយ​​ទេ» ហើយថា​កម្ពុជា​ពឹង​ផ្អែក​ជ្រុល​​លើ​​វិស័យ​វាយនភ័ណ្ឌ​កាត់​ដេរ និង​ទេសចរណ៍។ «ហេតុនេះ​ហើយ​បាន​ជា​រដ្ឋាភិបាល​បាន​បើក​ផ្លូវ​មួយ​ផ្សេង​ទៀត​ តាមរយៈ​ការ​ពង្រឹង​វិស័យកសិកម្ម​»។

នៅ​ពេល​ដែល​ដំរីអាមេរិក​ដួល​កិន​ពពែ​អាស៊ី
លោក ​នាយករ​ដ្ឋមន្ត្រី​​អះអាង​ថា​លោក​ដឹង​ច្បាស់​ពី​ទំហំ​នៃ​វិបត្តិ​នេះ។ «វិបត្តិ​អាស៊ី​[ឆ្នាំ​១៩៩៧] មិន​ធំ​ដូច​វិបត្តិ​បច្ចុប្បន្ន​នេះ​ទេ។ ពេលនោះ​​វា​ប៉ះ​​តែលើ​សត្វ​ពពែ​ រីឯ​​ដំរី [អាមេរិក​]​​រួច​ខ្លួន​។ ប៉ុន្តែ​សព្វថ្ងៃ គឺ​ដំរី​តែ​ម្តង​ជា​អ្នក​​ជួប​បញ្ហា​។ ដោយសារ​ដំរី​ដួល វា​ក៏​សង្កត់​​លើ​ពពែ...»។

ក្រៅ​ពី​ការសង្កេត​​ដោយ​យក​សត្វ​មក​ប្រៀប ​ធៀបបែប​​នេះ លោក​ប្រមុខ​រដ្ឋាភិបាល​​បាន​បដិសេធ​​មិន​បំពេញ​តាម​ការ​ស្នើ​សុំ​ទាំង​ស្រុង ​របស់​ខាង​ក្រុម​ថៅ​កែ​រោងចក្រ​ដែល​ចង់​កាត់​បន្ថយ​ពន្ធ​៣០%​លើ​ការ​នាំ​ចេញ ​របស់​ពួកគេ​ទេ។ លោក​បាន​រម្លឹក​ថា​ រដ្ឋាភិបាល​ធ្លាប់​​កាត់​បន្ថយ​ពន្ធ​១០%​អោយ​ពួក​គេ​រួច​ទៅហើយ​កាល​ពី​ វេទការ​លើក​ទី១១​រវាង​រដ្ឋាភិបាល​និង​វិស័យ​ឯក​ជន នៅ​ខែមករា ២០០៧។ «យើង​អាច​សម្រេចពេល​នេះ​​​ថា​នឹង​កាត់​បន្ថយ​១០%​ទៀត​។ ប៉ុន្តែ​យើង​មិន​អាច​បន្ថយច្រើន​ជាង​នេះ​​ទេ ព្រោះ​រដ្ឋ​មិន​អាច​ក្ស័យ​ធន់​ដូច​វិស័យ​ឯកជនឡើយ!»។


នៅលើវ៊ិបសាយកាសែតៈ

-ស្ថានភាពវាយនភណ្ឌកម្ពុជាអាចប្រឈមនឹង ការធ្លាក់ចុះ (២១-១១-២០០៨)
-ប្រទេសអ្នកមានមិនត្រូវបោះបង់ចោលការសន្យា ចំពោះប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច ដោយសារមូលហេតុវិបត្តិពិភពលោកនោះទេ (២១-១១-២០០៨)
-មូលនិធិរូបិយវត្ថុអន្តរជាតិៈ អត្រាកំណើនសេដ្ឋកិច្ច កម្ពុជា ប្រឈមនឹងការធ្លាក់ចុះកំរិតទាបបំផុត ចាប់តាំងពីឆ្នាំ១៩៩៣ (០៧-១១-២០០៨)
-ចោមចៅ ទីក្រុងផ្ទះជួលនៃកម្មការិនីរោងចក្រកាត់ ដេរនៅកម្ពុជា (០៩-១០-២០០៨)

 


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ