|
អធិប្បាយចុងក្រោយ
|
| មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទាក់ទងនឹងសមុទ្រតែមួយគត់នៅកម្ពុជាស្វែងរក ម្ចាស់គ្រប់គ្រងថ្មីទាំងអស់សង្ឃឹម |
| ដោយ ឡូរ៉ង់ ឡឺហ្គូអង់វិក | | | ១៨-១១-២០០៨ | 
កំពង់សោម (កម្ពុជា) ថ្ងៃទី២៨ មិថុនា ២០០៤៖ ការដាក់ទូកនេសាទចូលក្នុងទឹក © ចន វីង / Magnum មជ្ឈមណ្ឌលបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈទាក់ទងនឹងសមុទ្រតែមួយគត់នៅប្រទេស កម្ពុជា ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៣ នៅទីក្រុងព្រះសីហនុ បានឈប់ទទួលសិស្សអោយមកចូលសិក្សា ចាប់តាំងពីខែមិនា ឆ្នាំ២០០៨មកម្ល៉េះ។ មជ្ឈមណ្ឌលនេះត្រូវបានគ្រប់គ្រងដោយអង្គការក្រៅរដ្ឋាភិបាលមួយ ឈ្មោះ ដើម្បីភាពញញឹមនៃកុមារ (PSE) ចាប់តាំងពីឆ្នាំ២០០៥ បន្ទាប់ពីមជ្ឈមណ្ឌលនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គការ គ្រួសារថ្មីអស់រយៈពេលជាច្រើនឆ្នាំមក។ មជ្ឈមណ្ឌលបានទទួលបណ្តុះបណ្តាលក្មេងៗមកពីគ្រួសារ ក្រីក្រជិត២៥០នាក់ នូវមុខជំនាញផ្សេងៗ ពាក់ព័ន្ធនឹងការងារនេសាទសមុទ្រ។ វិស័យជលផលដ៏ស្មុគស្មាញ និងមិនមានឈ្មោះល្បីនៅប្រទេសកម្ពុជាមួយនេះ មានលក្ខណៈខុសប្លែកពីវិស័យជលផលនៅតាមដងទន្លេ រឺស្ទឹងជាដើម ព្រោះទាមទារអោយមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាការអភិវឌ្ឍន៍ឆ្នេរសមុទ្រ ក៏ដូចជាការការពារធនធានជលផល ដែលកាន់តែខ្សត់ទៅៗ។ បច្ចុប្បន្ននេះ មជ្ឈមណ្ឌលនេះបានបិទទ្វារលែងមានដំណើរការ និងកំពុងស្វែងរកអ្នកគ្រប់គ្រងថ្មី។ ប៉ុន្តែ តើមជ្ឈមណ្ឌលនេះអាចមានជីវិតរស់ឡើងវិញដែររឺទេ? ហើយនៅក្នុងលក្ខខណ្ឌបែបណាខ្លះ?
បើក្រឡេកមើលពីចម្ងាយ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទាក់ទងនឹងសមុទ្រនាក្រុង ព្រះសីហនុនេះ ប្រៀបបានដូចជាខ្ទមនេសាទមួយ ស្ថិតនៅសង្កាត់ទំនប់រលក៖ ជញ្ជាំងធ្វើអំពីឈើត្រូវប្រែជាពណ៌សដោយសារអំបិល សសរដុះស្លែង ដំបូលផ្ទះត្រូវបានបំផ្លាញដោយសារខ្យល់។ មជ្ឈមណ្ឌលត្រូវបានសាងសង់ឡើងអស់រយៈពេលជាង១០ឆ្នាំមកហើយ នៅលើទំនប់ដីក្រហមនៃកោះព្រាប ជាមួយនឹងការតុបតែងយ៉ាងល្អឥតខ្ចោះ។ មជ្ឈមណ្ឌលនេះស្ថិតនៅក្នុងសង្កាត់ក្រីក្រមួយ ភាគខាងលិចនៃរមណីយដ្ឋានងូតទឹកសមុទ្រ និងនៅឆ្ងាយពីឆ្នេរខ្សាច់ និងផ្ទះសំណាក់ផ្សេងៗ។
អាជីពសម្រាប់កុមារតាមដងផ្លូវ បច្ចុប្បន្ននេះ នៅបរិវេណខាងក្រៅមជ្ឈមណ្ឌល គេឃើញមានរបស់របរបន្តិចបន្តួច ដែលជាសក្ខីភាពអាចបញ្ជាក់បានអំពីសកម្មភាពការងារពីមុនរបស់ មជ្ឈមណ្ឌល។ គ្រឹះស្ថានបណ្តុះបណ្តាលការងារមួយនេះត្រូវបានផ្តួចផ្តើមបង្កើត ឡើងដោយអតីតអ្នកបើកកប៉ាល់នៅកំពង់ផែក្រុងព្រះសីហនុម្នាក់ឈ្មោះ Serge Peytavin នៅអំឡុងឆ្នាំ១៩៦០។ ជនជាតិបារាំងរូបនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ ប្រទេសកម្ពុជា លោកមានបំណងបង្កើតគម្រោងមួយ នៅទីក្រុងកំពង់ផែអន្តរជាតិនេះ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់កុមារកំព្រា ចេញពីសកម្មភាពការងារនៅសមុទ្រ។ ការងាររបស់គាត់ចាប់ផ្តើមនៅឆ្នាំ១៩៩៤ ដោយសហការជាមួយអង្គការជួយសង្រ្គោះកុមារកំព្រានិងកុមារដែលត្រូវ បោះបង់ចោល ឈ្មោះថាអង្គការគ្រួសារថ្មី។ បន្ទាប់មក អ្នកបើកកប៉ាល់រាប់ឆ្នាំ ជនជាតិបារាំងរូបនេះទទួលបានការជួយជ្រោមជ្រែងពីអតីតមេបញ្ជា ការកងទ័ពជើងទឹកសញ្ជាតិបារាំងម្នាក់ ឈ្មោះ អាឡាំង គូរ៉ូ (Alain Courau)។ ក្រោយមក លោកអាឡាំងបានកាន់តំណែងជាប្រធានគម្រោងបន្ត។
នៅឆ្នាំ ១៩៩៥ មជ្ឈមណ្ឌលបានទទួលសិស្សចូលរៀនជំនាន់ដំបូង ដែលភាគច្រើន សុទ្ធសឹងតែជាកុមារ ដែលស្នាក់នៅក្នុងអង្គការគ្រួសារថ្មី។ ពួកគេត្រូវបានបណ្តុះបណ្តាលជំនាញនេសាទត្រី។ លោក Benoît Duchâteau-Arminjon ប្រធាននិងស្ថាបនិកអង្គការគ្រួសារថ្មីបាន រម្លឹកថា«តាំងពីឆ្នាំ ១៩៩៣ និងចាប់តាំងពីការបើកមជ្ឈមណ្ឌលទទួលកុមារតាមដងផ្លូវ គ្រួសារថ្មី របស់យើងជាលើកដំបូងមក អង្គការរិះរកគំនិតផ្សេងៗ ដើម្បីបណ្តុះបណ្តាលជំនាញច្បាស់លាស់ដល់ក្មេងៗរស់នៅតាមផ្លូវ ទាំងនេះ ព្រោះយើងមិនអាចធ្វើសមាហរណកម្មពួកគេចូលទៅក្នុងគ្រួសាររបស់ពួកគេ សាជាថ្មី ហើយក៏មិនអាចបញ្ជូលគេទៅសាលារៀននោះទេ ដោយសារបញ្ហាអាយុ។ ដូចនេះ យើងត្រូវពង្រីកមុខជំនាញបន្ថែម ដែលអនុញ្ញាតអោយកុមារមានអាយុចាប់ពី១៧ឆ្នាំឡើងទៅ អាចស្វែងរកការងារមួយដ៏ពិតប្រាកដ។ ចំណុចនេះគឺជាបញ្ហាដែលត្រូវប្រឈមនិងដោះស្រាយ។ ការងារនៅសមុទ្រគឺជាការងារមួយដែលទទួលបាននូវការស្វាគមន៍»។
លោក អាឡាំង គូរ៉ូ បានរៀបរាប់ថា «គំនិតដំបូងគេ គឺប្រមូលយកក្មេងៗ មិនថាពួកគេមានការសិក្សាតិចតួច រឺមិនមានការសិក្សាសោះ អោយមករៀនថ្នាក់មូលដ្ឋាននៃការសិក្សាអំពីសមុទ្រ ដូចជាកប៉ាល់ ម៉ាស៊ីន ការធ្វើនាវាចរណ៍ ការបើកនាវា វិជ្ជារបស់កម្មករនាវា សុវត្ថិភាព ឧត្តុនិយម ជាដើម។ យើងក៏រៀបចំការបណ្តុះបណ្តាលភាសាអង់គ្លេសខ្លះ (ភាសាដែលប្រើប្រាស់ទូទៅរបស់កម្មករសមុទ្រ) និងជំនាញគណនាផងដែរ។
អ្នករស់នៅលើដីគោកមិនសូវស៊ាំនឹងទឹកសមុទ្រ ក្មេង ៗមកពីខេត្តក្រចេះ ប៉ោយប៉ែត ខេត្តបាត់ដំបង ត្រូវមករស់នៅទីក្រុងព្រះសីហនុ និងត្រូវជួបប្រទះនូវពិភពលោកថ្មីមួយ ដែលភាគច្រើនមិនមានគំនិតស្រមៃដល់។ ការងូតទឹកសមុទ្រមិនមែនសុទ្ធតែជារឿងងាយស្រួលនោះទេ។ អតីតនាយនាវិករូបនេះបានគូសបញ្ជាក់ថា «ក្នុងចំណោមក្មេងៗទាំងនោះ ភាគតិចណាស់ដែលបន្តប្រកបរបរជាអ្នកនេសាទ។ យើងអាចនិយាយបានថាក្មេងៗមកពីប៉ោយប៉ែត ក្រចេះ រឺទីក្រុងភ្នំពេញ ខ្លាចសមុទ្រ។ ពួកគេគិតថាសមុទ្រមានគ្រោះថ្នាក់ […]។ ប្រជាជនកម្ពុជាចូលចិត្តទឹកណាស់ ប៉ុន្តែ គឺជាទឹកសាប! ដូច្នេះ ពីមួយឆ្នាំទៅមួយឆ្នាំ យើងទទួលក្មេងៗទាំងនេះកាន់តែតិចទៅៗ ហើយទទួលក្មេងៗមកពីគ្រួសារក្រីក្រនៃតំបន់សមុទ្រ (កំពត កោះជីអន ស្រែអំបិល កោះកុង...) កាន់តែមានចំនួនច្រើនឡើងៗ។ ក្មេងៗទាំងនេះស៊ាំនឹងសមុទ្រ ហើយមានគោលដៅធ្វើជាអ្នកនេសាទ ក្រោយវគ្គបណ្តុះបណ្តាល»។
ខេត្តប្រឺត្រាញ ដៃគូរបស់គម្រោង មជ្ឈមណ្ឌលនេះអាចធ្វើការអភិវឌ្ឍន៍ខ្លួនឯងបន្តិចម្តងៗ ជាពិសេសបានទទួលដៃគូសហការជាមួយ សមាគមវឌ្ឍនភាពស្ម័គ្រចិត្តបារាំង (AFVP) វិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈសមុទ្រនិងជលវប្បកម្មនៃ Etel មជ្ឈមណ្ឌលសិក្សាមជ្ឈដ្ឋាននិងគរុកោសល្យនៃក្រសួងកសិកម្មបារាំង ហើយនឹងសមាគមអភិវឌ្ឍន៍មូលដ្ឋានប្រឺតាញ។ គម្រោងបានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុជាពិសេសពីក្រសួងការ បរទេសបារាំង ទន្ទឹមនឹងខេត្តប្រឺតាញបានជ្រើសរើសយកប្រទេសកម្ពុជា ជាប្រទេសមួយនៅក្នុងចំណោមប្រទេសអាទិភាព ដែលអាចទទួលបានជំនួយពីកម្មវិធី «សាមគ្គីភាពអន្តរជាតិ» របស់ខេត្តនេះ។
អង្គការគ្រួសារថ្មីបានទទួលជំនួយ ផ្នែកបច្ចេកទេសពីអ្នកមានវិជ្ជាជីវៈ ដូចជា លោក ប៊ែរត្រង់ គើតាំង (Bertrand Quetin) វិស្វករនៃទីស្នាក់ការជលផលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ Agrocampus Beg Meil និងជាសហអ្នកគ្រប់គ្រងបណ្តាញសិក្សាកសិកម្មនៅអាស៊ី ដែលអមដំណើរមកជាមួយដោយអ្នកនេសាទសមុទ្រមកពីខេត្តប្រឺតាញម្នាក់ ។ លោកប៊ែរត្រង់បានជួយអង្គការគ្រួសារថ្មី ក្នុងការរៀបចំប្រព័ន្ធនៃការបណ្តុះបណ្តាល។ បន្ទប់សិក្សាថ្មីបានលេចចេញជារូបរាងឡើង បំពាក់ទៅដោយគ្រឿងមេកានិច ដើម្បីធ្វើអោយចៃរ៉ា (ប្រដាប់នេសាទមច្ឆជាតិម្យ៉ាង) ទូសៀវភៅកាន់តែមានមានលក្ខណៈល្អប្រសើរ...។ លោកអាឡាំង គូរ៉ូ បានរម្លឹកថា យើងក៏មានបំណងរៀបចំការបណ្តុះបណ្តាលជលវប្បកម្មផងដែរ ប៉ុន្តែនេះជាការងារដ៏ធ្ងន់ធ្ងរ ហើយទោះបីជាមានជំនួយឧបត្ថម្ភក៏ដោយ ក៏មធ្យោបាយនៅមិនទាន់ច្បាស់លាស់នោះទេ។ លោកបានគូសបញ្ជាក់ថា «បញ្ហាចំបងគឺចន្លោះប្រហោងនៃលក្ខខណ្ឌនាវាចរណ៍នៃលោកខាងលិចរបស់យើង និងលក្ខខណ្ឌនាវាចរណ៍របស់ប្រទេសកម្ពុជា។ ជានិច្ចកាល ខ្ញុំតែងតែសួរថាតើយើងអាចបន្តធ្វើការងារនៅសមុទ្រ នៅក្នុងលក្ខខណ្ឌការងារអសុវត្ថិភាពបែបនេះទៀតដែររឺទេ។ ជាច្រើនលើក ដែលកប៉ាល់របស់យើងខូចនៅលើសមុទ្ររយៈពេលជាច្រើនម៉ោង និងអាចខូចរហូតដល់ជាច្រើនថ្ងៃទៀតផង។ ឧទាហរណ៍ កូនសិស្សរបស់យើងម្នាក់ ដែលកំពុងចុះកម្មសិក្សាជាមួយអ្នកនេសាទម្នាក់ បានឃើញកប៉ាល់របស់ខ្លួនឆេះ ហើយគេស្ថិតនៅក្នុងទឹករយៈពេល៩ម៉ោង»។
ការផ្សារភ្ជាប់នៅក្នុងសហគមន៍ដ៏សំខាន់ លោក ប៊ែរត្រង់ គើតាំង បានវិភាគថា ម្យ៉ាងវិញទៀត មជ្ឈមណ្ឌលក៏ប្រឈមនឹងការលំបាកផ្សេងៗផងដែរ។ ដើម្បីមានជីវិតរស់នៅបន្ត មជ្ឈមណ្ឌលត្រូវពឹងផ្អែកលើកត្តាសំខាន់ៗនៃវិស័យជលផល។ លោកប៊ែរត្រង់បានគូសបញ្ជាក់ថា «យើងមិនអាចលើកកម្ពស់ការបណ្តុះបណ្តាលកុមារនៅក្នុងវិស័យមួយ ដែលយើងមិនច្បាស់លាស់នោះទេ ព្រោះយើងគឺជាអ្នកទទួលខុសត្រូវរយៈពេលមធ្យម និងរយៈពេលវែង»។ បន្ទាប់ពីបានបំពេញបេសកកម្មមួយនៅប្រទេសកម្ពុជា លោកប៊ែរត្រង់ផ្តល់អនុសាសន៍អោយបង្កើតគម្រោងនេះ នៅក្នុងលក្ខខណ្ឌអភិវឌ្ឍន៍មូលដ្ឋានមួយពិតប្រាកដ ដោយបានជម្រុញអោយមានការបណ្តុះបណ្តាលជំនាញទាក់ទងនឹងសមុទ្រនៅ តំបន់សំបូរការងារ ក្នុងក្រុងព្រះសីហនុនេះ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានស្វែងរកការសហការទៅវិញទៅមកជាមួយអ្នកជាប់ពាក់ព័ន្ធ វិស័យជលផលសំខាន់ៗនៅតាមខេត្តផងដែរ ជាពិសេសតាមរយៈការបណ្តុះបណ្តាលដល់អ្នកនេសាទ។ គោលបំណងរបស់លោកគឺប្រមូលផ្តុំអ្នកជាប់ពាក់ព័ន្ធទាំងអស់ មកចូលរួមនៅក្នុងក្រុមប្រឹក្សាវិក្រឹត្យការរបស់មជ្ឈមណ្ឌល (មានតំណាងអ្នកមានវិជ្ជាជីវៈនេសាទក្នុងស្រុក អាជ្ញាធរមូលដ្ឋាន អ្នកដើរនាវា កម្មករនាវា ជាងមេកានិច ព្រមទាំងអង្គការផ្នែកសុខភាពសាធារណៈ) ។ ក្រុមប្រឹក្សានេះទទួលបន្ទុកកំណត់«គោលដៅ សម្រាប់ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍វិស័យ» ដើម្បី «ធ្វើអោយលក្ខខណ្ឌជំនួញកាន់តែមានលក្ខណៈល្អប្រសើរប្រកបដោយចីរភាព»។
ជាការពិតណាស់ មជ្ឈមណ្ឌលបានប្រែក្លាយបន្តិចម្តងៗ ទៅជាកន្លែងមួយនៃការផ្លាស់ប្តូរ រវាងវិជ្ជាជីវៈផ្សេងៗ និងដៃគូនៅក្នុងតំបន់នេសាទដ៏តូចមួយនាក្រុងព្រះសីហនុនេះ។ ប៉ុន្តែអង្គការគ្រួសារថ្មី ដែលជាអង្គការការពារកុមារនិងការអប់រំ ជាពិសេសការការពារកុមារពិការ និងថ្លង់ ដែលបានអភិវឌ្ឍន៍ខ្លួនគួរអោយកត់សម្គាល់ បានចាប់ផ្តើមមើលឃើញថាមជ្ឈមណ្ឌលនៅក្រុងព្រះសីហនុនេះ កាន់តែមិនសូវជាចាំបាច់ប៉ុន្មាន។ លោកប៊ែរត្រង់បានសង្ខេបថា«សម្រាប់គ្រួសារថ្មី ការបណ្តុះបណ្តាលបន្តមិនមែនជាអាទិភាពនោះទេ គោលដៅចំបងគឺទទួលថែទាំកុមារ និងមិនមែនជាមនុស្សពេញវ័យ»។ ចំណែកលោកប្រធាននិងជាស្ថាបនិកអង្គការគ្រួសារថ្មី បានពន្យល់ថា «គម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទាក់ទងនឹងសមុទ្រនៅក្រុង ព្រះសីហនុ មានលក្ខណៈខុសប្លែកពីគម្រោងផ្សេងៗរបស់អង្គការគ្រួសារថ្មី ហើយត្រូវទាមទារអោយលោកយកចិត្តទុកដាក់ និងការអនុវត្តច្រើន»។ ដូចនេះ ដើម្បីកុំធ្វើអោយដំណើរការរបស់មជ្ឈមណ្ឌលនេះចុះទន់ខ្សោយ យើងក៏បានសម្រេចចិត្តផ្ទេរការគ្រប់គ្រងអោយទៅអង្គការមួយផ្សេង ទៀត ដើម្បីបន្តអាយុជីវិតគម្រោងមួយនេះ»។
អង្គការដើម្បីភាពញញឹមនៃកុមារ ចូលមកគ្រប់គ្រងបន្ត ដូច នេះ នៅឆ្នាំ២០០៥ អង្គការគ្រួសារថ្មីបានដាក់ដេញថ្លៃ ដើម្បីជ្រើសរើសអ្នកគ្រប់គ្រងថ្មី។ មានអង្គការក្រៅរដ្ឋាភិបាលពីរបានចូលរួមដេញថ្លៃ។ លោក Benoît Duchâteau-Arminjon លើកឡើងនៅពេលនេះថា «យើងបានជ្រើសរើសអង្គការណាដែលមានសមត្ថភាពបន្តគម្រោងរបស់យើង ជាមួយនឹងផ្នត់គំនិតតែមួយ គឺគំនិតអភិវឌ្ឍន៍ ការទទួលខុសត្រូវលើជនជាតិខ្មែរ ការបើកទូលាយនិងសហការជាមួយអ្នកនេសាទ និងមន្រ្តីជលផល ព្រមទាំងអតីតសិស្សដែលធ្លាប់សិក្សានៅមជ្ឈមណ្ឌល»។ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ដែលជាអង្គការដ៏សកម្មនៅក្នុងវិស័យអប់រំ បានចូលមកគ្រប់គ្រងបន្ត។ អង្គការនេះបានបណ្តុះបណ្តាលសិស្សបីជំនាន់បន្ថែមទៀតប្រកបដោយ ជោគជ័យ មុននឹងផ្អាកសកម្មភាព នៅខែមីនា ឆ្នាំ២០០៨កន្លងមកនេះ។ លោកពិន សារ៉ាពេជ្រ នាយកអង្គការដើម្បីភាពញញឹមនៃកុមារ បានរៀបរាប់ថា «តាមរយៈបទពិសោធន៍នៅក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរបស់យើង យើងយល់ព្រមលើកឡើងពីបញ្ហាដែលអង្គការបានជួបប្រទះ។ ជាការពិតណាស់ អាជីពនេះពិតជាខុសប្លែកឆ្ងាយ ពីអ្វីដែលយើងធ្លាប់បានស្រមៃទុក»។
អង្គការ ជួបបញ្ហាក្នុងការធ្វើសមាហរណកម្មកុមារជួបនូវការលំបាក មកពីតាមខេត្តផ្សេងៗទាំងនេះ ចូលទៅក្នុងមជ្ឈដ្ឋាននេសាទ ដែលសូម្បីតែអង្គការខ្លួនឯងផ្ទាល់ ក៏មិនសូវជាស្គាល់ច្បាស់ផងដែរ។ លោកពិន សារ៉ាពេជ្រ រៀបរាប់ថា «នេះគឺជាពិភពមួយ ដែលលំបាក ក្នុងការធ្វើសមាហរណកម្ម»។ នៅអំឡុងពេលប៉ុន្មានខែមុនដំបូង ក្រុមការងារប្រចាំការមិនត្រូវបានផ្លាស់ប្តូរនោះទេ។ លោកពិន សារ៉ាពេជ្រ បានទទួលស្គាល់ថា ការខ្វះខាតបទពិសោធន៍នៅក្នុងវិស័យនេះ បានធ្វើអោយលទ្ធផលមិនអាចសម្រេចបានតាមការចង់បាន។
លោកនាយក អង្គការដើម្បីភាពញញឹមនៃកុមារ បានពន្យល់ថា «យើងមិនមែនជាអ្នកឯកទេសផ្នែកសមុទ្រ ហើយយើងក៏មិនចង់អោយមានកំហុសឆ្គងណាមួយឡើយ»។ លោកចង់អោយប្រើពាក្យថា «ផ្អាកសកម្មភាព»បណ្តោះអាសន្ន ជាជាងប្រើពាក្យ «បិទទ្វារ» ។ ក្រុមប្រឹក្សាភិបាលនៃអង្គការនេះនឹងត្រូវសម្រេចចិត្តនៅចុងខែ វិច្ឆិកានេះ។ លោកបានសង្កត់ធ្ងន់ថា «ការសម្រេចចិត្តបិទសកម្មភាពរបស់មជ្ឈមណ្ឌលអាចជាការខូចប្រយោជន៍ ព្រោះវាគឺជាមជ្ឈណ្ឌលតែមួយគត់នៅប្រទេសកម្ពុជា ដែលបំពេញបេសកកម្មនៅក្នុងវិស័យនេះ។ ប៉ុន្តែ យើងមិនចង់ធ្វើដូច្នេះនោះទេ យើងមានការព្រមព្រៀងចំពោះម្ចាស់ជំនួយរបស់យើង។ អង្គការដើម្បីភាពញញឹមនៃកុមារមានបំណង «ដូរម្ចាស់គ្រប់គ្រង ជាជាងបិទមជ្ឈមណ្ឌលនេះ»។
តើមជ្ឈមណ្ឌលនេះនឹងរលាយសាបសូន្យដែររឺទេ? ទោះបីជា អង្គការក្រៅរដ្ឋាភិបាលទាំងពីរជាអង្គការមានឈ្មោះល្បីក៏ដោយ ក៏គេនៅតែជួបការលំបាកផ្សេងៗ នៅក្នុងរឿងការងារដែរ ដូចនេះ ភាគរយនៃអ្នកដែលនឹងចូលមកគ្រប់គ្រងថ្មីប្រហែលជាមានតិចតួច បំផុត។ ប៉ុន្តែ លោកប៊ែរត្រង់ ហ្គើទីន បានវាយតម្លៃថាបេសកកម្មនេះមិនមែនមិនអាចដំណើរការទៅមុខ បាននោះទេ។ លោកបានលើកឡើងនូវលក្ខខណ្ឌគួរអោយចាប់អារម្មណ៍ចំនួនពីរ ដើម្បីសម្រេចគោលដៅនេះ គឺ «គម្រោងនេះគួរតែត្រូវបានជួយជ្រោមជ្រែងពីសំណាក់អ្នកទទួលបាន អត្ថប្រយោជន៍ និងសហគមន៍អ្នកនេសាទធំៗ ហើយអាជ្ញាត្រូវគាំទ្រដំណើរការនេះ និងទទួលខុសត្រូវ»។ លក្ខខណ្ឌនេះក៏ទាមទារអោយមានធនធានហិរញ្ញវត្ថុ និងធនធានមនុស្សផងដែរ។ «ប្រទេសកម្ពុជាត្រូវសួរដៃគូទ្វេភាគី និងពហុភាគីរបស់ខ្លួន។ គេត្រូវមានការពិគ្រោះយោបល់គ្នា ចូលភាគហ៊ុនគ្នា សួរខ្លួនឯងឡើងវិញអំពីយុទ្ធសាស្រ្តនៃដំណើរការរបស់គម្រោង និង ត្រូវកៀរគរអង្គការក្រៅរដ្ឋាភិបាលនានា ដើម្បីសិក្សាអំពីគម្រោងនៃការអប់រំ រឺលទ្ធិប្រជាធិបតេយ្យក្នុងស្រុក ជាដើម។ ប៉ុន្តែ គេចាំបាច់ត្រូវមានសេចក្តីត្រូវការច្បាស់លាស់របស់អាជ្ញាធរកម្ពុជា ។ ទោះបីជាអង្គការក្រៅរដ្ឋាភិបាលអាចដើរតួនាទីយ៉ាងសំខាន់ នៅក្នុងគម្រោងប្រភេទនេះក៏ដោយ ក៏មិនអាចជំនួសតួនាទីរបស់ស្ថាប័នរដ្ឋបានដែរ។ នៅពេលអង្គការក្រៅរដ្ឋាភិបាលចាប់ផ្តើមសកម្មភាពការងាររបស់ខ្លួន ទាក់ទងនឹងធនធានធម្មជាតិ ពួកគេមិនទាន់យល់ច្បាស់នោះទេ ដូចនេះពួកគេពិតជាត្រូវដៃគូសហការជាមួយអាជ្ញាធរ»។
ចំណែកលោក អាឡាំង គូរ៉ូ ក៏បានធ្វើការវិភាគដូចគ្នានេះផងដែរ។ «ខ្ញុំគិតថាមជ្ឈមណ្ឌលនេះអាចមានសកម្មភាពសាជាថ្មី លុះត្រាអាជ្ញាធរកម្ពុជាចូលរួមជួយជ្រោមជ្រែងយ៉ាងសកម្ម។ បើមិនដូច្នោះទេ រាល់គំនិតបង្កើតឡើងទាំងអស់ពិតជានឹងជួបបរាជ័យជាក់ជាមិនខាន។ ប្រទេសកម្ពុជាត្រូវមានមជ្ឈមណ្ឌលសិក្សាអំពីសមុទ្រ នៅថ្ងៃណាមួយ»។
អាជ្ញាធរកម្ពុជាត្រៀមនឹងសហការ លោក អ៊ុង ទ្រី អនុប្រធានរដ្ឋបាលជលផល បានអះអាងថាលោកមិនបានទទួលព័ត៌មាន ជុំវិញការផ្អាកសកម្មភាពការងាររបស់មជ្ឈមណ្ឌលនេះនោះទេ។ មន្រ្តីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរូបនេះបានអះអាងថា «មិនមាននរណាម្នាក់បានផ្តល់ដំណឹងនេះប្រាប់យើងឡើយ ហើយក៏មិនមាននរណាមកស្នើសុំការសហការពីពួកយើងដែរ។ យើងតែងតែនិយាយថាប្រសិនជាមានបញ្ហា រឺមានគម្រោងថ្មី យើងត្រៀមសហការ ប៉ុន្តែ គេមិនបានស្នើសុំយើងទាល់តែសោះ។ ដូចនេះ ប្រសិនជាពួកគេចង់បង្កើតគម្រោងនេះនៅថ្ងៃអនាគត យើងសូមស្វាគមន៍ជានិច្ច!»។ លោកសំ នូវ ដែលជាអនុប្រធានរដ្ឋបាលជលផលផងដែរ និងលោកឡត រស្មី អគ្គនាយករងខុទ្ទកាល័យរដ្ឋមន្រ្តីក្រសួងកសិកម្ម ក៏បានអះអាងនូវគោលជំហរតែមួយនេះផងដែរ។ ប៉ុន្តែ លោកអ៊ុង ទ្រី បានទទួលស្គាល់ថា សព្វថ្ងៃនេះ រដ្ឋបាលយើងមិនបានទទួលគម្រោងថ្មីណាមួយ នៅក្នុងវិស័យបណ្តុះបណ្តាលជំនាញនេសាទសមុទ្រនេះនោះទេ ក្រៅអំពីការបណ្តុះបណ្តាលរយៈពេលខ្លី ដែលផ្តួចផ្តើមឡើងដោយម្ចាស់ជំនួយបរទេស។ ទោះជាយ៉ាងណាអង្គការដើម្បីភាពញញឹមនៃកុមារបានប្រកាសដាក់ដេញថ្លៃ ដើម្បីជ្រើសរើសអ្នកគ្រប់គ្រងថ្មីបន្ត។
ការទន្ទឹមរង់ចាំ មនុស្ស មួយចំនួនដែលបានចំណាយថវិកា កម្លាំងញើសឈាម និងបេះដូងលើគម្រោងនេះ ចង់បង្ហាញនូវភាពជឿជាក់ថាបញ្ហាគ្រប់យ៉ាងនៅមានផ្លូវអាចដោះស្រាយ បាន។ លោកប៊ែរត្រង់ គើតាំង ដែលបានសហការងារជាមួយមជ្ឈមណ្ឌលនេះអស់រយៈពេលជាច្រើនឆ្នាំ បានបញ្ជាក់ ជាមួយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅថា «គោលដៅមោះមុតអាចជំនះឧបសគ្គបាន»។ «ប្រសិនជាមានគម្រោងថ្មីផ្សេង បញ្ហាចំបងនៃអ្នករាល់គ្នា គឺរៀបចំធ្វើយ៉ាងណា ដើម្បីអោយអនាគត អ្នកដែលជាប់ព័ន្ធនឹងវិស័យនេះ អាចទទួលបានជោគជ័យ បរាជ័យ និងអនុសាសន៍របស់អ្នកដែលមកអន្តរាគមន៍នៅក្នុងគម្រោងនេះ។ យើងខ្លាចបាត់បង់ការដាក់ដើមទុននេះ។ នេះគឺជាគម្រោងមួយត្រូវបានបង្កើតឡើងរួមគ្នា រវាងជនជាតិខ្មែរ អ្នកខេត្តប្រឺតាញ ហើយទោះបីជាជួបស្ថានភាពលំបាកយ៉ាងណាក៏ដោយ ក៏គម្រោងនេះបានផ្តល់ជាផ្លែផ្កាផងដែរ»។
ប៉ុន្តែ លោកពិន សារ៉ាពេជ្រ បានសំដែងនូវការព្រួយបារម្ភថា ពេលវេលាចេះតែដើរទៅមុខ យោធាដែលជាម្ចាស់កម្មសិទ្ធដី អាចនឹងទាមទារយកដីនេះវិញ ប្រសិនជាមជ្ឈមណ្ឌលគ្មានសកម្មភាព រហូតដល់ពីរទៅបីខែខាងមុខទៀត។ លោកប៊ែរត្រង់ គើតាំងបានសន្និដ្ឋានថា « ដោយសារមានការសន្យាពីសំណាក់អាជ្ញាធរមូលដ្ឋាន គេត្រូវដោះស្រាយជាបន្ទាន់ដោយត្រូវស្វែងរកការដាក់ដើមទុន ដើម្បីបន្តអាយុជីវិតមជ្ឈមណ្ឌលនេះ»។
-ទាំងអ្នកវិទ្យាសាស្ត្រទាំងអ្នកភូមិនាំគ្នាការពារធនធាន បាតសមុទ្រនៅកម្ពុជា (២៨-០៨-២០០៨) -លោកសាស្រ្តាចារ្យ ឡឹក សុវណ្ណ៖ "ប្រទេសកម្ពុជា ប្រឈមគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ជាច្រើន ពីឥទ្ធិពលនៃ កំណើនអាកាសធាតុ" (០៥-០៩-២០០៨) -ទឹកត្រីកំពតបានដណ្តើមទីផ្សារក្នុងស្រុកឡើងវិញ (១៥-០៧-២០០៨)
|
|
|