កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ស្វាយ គេនៈ ​ឆាកជីវិត​នៅ​ក្នុង​គំនូរ​ត្រង់​ត្រូវ​បាន​បញ្ចប់​
ដោយ ស្ទេហ្វានី ហ្សេ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១២-១២-២០០៨

Cambodge - funerailles - Svay Ken � John Vink / Magnum

ភ្នំពេញ (កម្ពុជា) ថ្ងៃទី​១១ ធ្នូ ២០០៨៖ ពិធី​បុណ្យសពរបស់​លោក​តា​ស្វាយ គេន ជាងគំនូរ​ខ្មែរ ដែលបានទទួល​មរណភាព​ ក្នុង​ជន្មាយុ ៧៤​ឆ្នាំ។​
© ចន វីង​ / Magnum

កន្លង ​មក យើង​តែងតែ​ឃើញ​មនុស្ស​ចាស់​ម្នាក់​រូប​រាង​ស្គម​កាន់ឈើច្រត់​បង្ហាញ​ខ្លួន​ នៅ​ក្នុង​ការ​សម្ពោធន៍​ពិព័រណ៍​ជាច្រើន​នៅ​ទីក្រុងភ្នំពេញ នៅពេល​ដែល​ពិព័រណ៍​​ទាំងនោះ​មិនមែន​ជារបស់​គាត់​។ បុរស​ចំណាស់​ម្នាក់​នោះ​មាន​ចិញ្ចើម​ក្រាស់​ និង​កែវ​ភ្នែកភ្លឺថ្លា។ គាត់​តែង​តែ​បង្ហាញ​ខ្លួន​យ៉ាង​ស្ងាត់​ៗ ប៉ុន្តែ​វត្តមាន​​របស់​គាត់​មិន​អាច​ជៀស​ផុត​ពី​ក្រសែ​ភ្នែក​​អ្នក​ដទៃ​បាន​ ឡើយ​។ គ្រប់​គ្នា​រួសរាន់ទៅ​គួរ​សម​​គាត់​​ដោយ​ក្តី​គោរព​​ចំពោះ​ព្រឹទ្ធា​ចារ្យ​​ ​នៃវិចិត្រ​ករ​​ខ្មែរ​ដែល​មាន​វ័យ​៧០ឆ្នាំ​ប្លាយ​នេះ។ តែ​ឥឡូវ​លោក​តា​ស្វាយ គេន​ លែង​នៅ​ទីនេះទៀត​ហើយ​។ លោកតា​បាន​ទទួល​មរណភាព​ ​កាល​ពីថ្ងៃទី១១ ធ្នូ​កន្លង​ទៅ​ ដោយ​​សារ​​ជំងឺ​ដែល​បាន​រុក​កួន​លើ​រាងកាយ​​លោក​តា១០ឆ្នាំមកហើយ ហើយ​បាន​ធ្វើ​អោយ​​លោកតា​​មិន​អាច​​ចេញ​ទៅ​ណា​បាននាអំឡុងពេល​៤ខែ​ចុងក្រោយ​ នេះ។​ លោក​តា​បាន​បន្សល់​​​ទុក​នូវ​ស្នាដៃថ្មី​មួយ​ដែល​លាយ​បញ្ចូល​គ្នា​រវាង​រឿង​ រ៉ាវ​ជីវិតផ្ទាល់​ខ្លួន​របស់​គាត់​ និង​របស់ប្រទេស​កម្ពុជា​ នៅ​ក្នុង​រចនាបថ​គំនូរត្រង់​ដ៏​បរិសុទ្ធ ស្ទើរតែ​ដូច​ក្មេង ដែល​បាន​ធ្វើ​​អោយ​លោក​តា​មាន​ភាព​ល្បាញល្បី​អំឡុង​ពេល​ទសវត្សចុង​ក្រោយ​​ នេះ។

 

គំនូរជាប្រភពនៃការ​បញ្ចេញ​មតិ
វិចិត្រសាល ​​តូចមួយ​របស់​លោក​តា ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​វត្ត​ភ្នំ គឺ​ជា​កន្លែង​​មួយ​​ដ៏ស្ងប់​សុខ សាមញ្ញ​និងកក់ក្តៅ​។ នៅ​ទីនោះ ផ្ទាំង​គំនូរ​ជាច្រើន​ដាក់​នៅ​លាយ​ឡំ​គ្នា ជួន​កាល​រុំ​ព័ទ្ធដោយ​ធូលី។ អ្នក​ទស្សនា​​អាច​បណ្តែត​អារម្មណ៍​យ៉ាង​​សេរីនៅ​ក្នុង​ពិភព​មួយ​របស់​លោកតា​ : រូប​វត្ថុ​ឬមនុស្ស​ ទិដ្ឋភាពជីវិត​ប្រចាំថ្ងៃ ដែល​ជានិច្ចកាល​គឺនៅ​ស្រុក​ស្រែ​ចម្ការ រឿងរ៉ាវនៃ​ខ្សែជីវិតរបស់​គាត់ ឬក៏​រឿង​ប្រវត្តិសាស្រ្ត​ជាដើម​។ រូប​ខ្លះ​គឺរៀប​រាប់​ពី​​ការ​​រើ​បម្រះ​ដើម្បីឯករាជ្យភាព​របស់​ប្រទេស​ជាតិ​ នៅ​ដើម​ឆ្នាំ១៩៥០ រីឯ​រូប​ខ្លះទៀត​​បង្ហាញ​ពីជីវិត​នៅ​ក្រោម​របបដ៏សាហាវ​យង់​ឃ្នង​របស់​ពួក​ ខ្មែរក្រហម។

បើ​គ្មាន​រូប​គំនូរ​ទាំងនេះទេ គាត់​ពិបាកនឹង​រកពាក្យ​មកថ្លាថ្លែង​ណាស់​។ យើង​គ្រាន់តែ​​លើក​យក​ផ្ទាំង​គំនូរ​មួយ​ចំនួន​ទាក់​ទងនឹងប្រធានបទ​នៃកិច្ច​ សន្ទនា​​ គឺ​អាច​ធ្វើ​អោយ​គាត់​រក​ឃើញ​ពាក្យ​ពេចន៍​រាប់​មិនអស់​​ ហើយ​ចាប់​ផ្តើម​និយាយ​រៀប​រាប់​យ៉ាង​ស្រួល​​ពី​រឿងរ៉ាវ​រាប់មិន​អស់​ដែល​ផុស ​ចេញ​​ការ​ចងចាំរបស់គាត់។

ក្លាយ​ជាសិល្បករ​នៅពេល​វ័យជ្រេទៅហើយ
លោកតា ​ស្វាយ​ គេន​ កើត​នៅ​ឆ្នាំ​១៩៣៣ ហើយ​បាន​បួស​ជាព្រះសង្ឃ​នៅ​វ័យ​១៤​ឆ្នាំ។ នេះ​ជា​ការ​សម្រេច​ចិត្ត​របស់​ឳពុក​ម្តាយ​លោកតា ដើម្បី​កុំ​អោយ​លោក​តា​ត្រូវពួក​ឥស្សរៈ​​កេណ្ឌ​​​​ធ្វើ​​ទាហាន​។​ ចលនា​​នៃ​ពួក​កសិករ​នេះ​​បាន​ជ្រើស​ការ​កាន់​អាវុធ​ដើម្បី​ប្រឆាំង​នឹង​ការ​ ​គ្រប់​គ្រងរបស់​បារាំង ហើយ​នៅ​ក្នុង​ក្រុម​ចលនា​នេះ គឺ​មាន​ពួក​ឧទ្ទាម​​ទមិឡ​ឥត​សាសនា​ គ្មានទាំង​ច្បាប់​ទម្លាប់​ផង​ដែរ។

នៅ ​ពេល​ដែល​សម្តេច​នរោត្តម​ សីហនុ បង្កើត​កងជីវពល​ក្លាហាន​​ដ៏ធំមួយ ដើម្បី​ទាម​ទារ​ឯករាជ្យ​​ពីបារាំង លោក​តា​ស្វាយ គេន មាន​អាយុ​២០​ឆ្នាំ ហើយ​ក៏ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​​កងជីវពល​នេះ​​ដោយ​ឥត​រួញរា។ លោក​តាស្វាយ គេន និយាយ​ពី​ការស្ម័គ្រ​ចិត្ត​​ចូល​​បម្រើ​ទ័ព​នេះទាំង​រំភើប ហើយ​វា​បានផ្តល់​អោយ​រូប​លោក​នូវ​​អនុស្សាវរីយ៍​ដ៏​ល្អ​មួយ​នៅ​​ក្នុង​ជីវិត ​។ នៅពេល​ឯករាជ្យ​ត្រូវ​បាន​ប្រកាស​នៅ​ឆ្នាំ​១៩៥៣ មនុស្ស​ម្នាពោរពេញ​ទៅ​ដោយ​ក្តីសង្ឃឹម​។

លោក​តា​ ស្វាយ គេន បាន​ចាក​ចេញពី​ភូមិ​កំណើត​របស់​គាត់​ នា​ខេត្ត​តាកែវ នៅឆ្នាំ​១៩៥៥ ដោយ​​ធ្វើដំណើរ​​មក​កាន់​រាជធានី​ភ្នំពេញ ដើម្បី​ស្វែង​រក​ការងារ​ធ្វើ។ នៅ​ក្នុង​កិច្ច​សំភាសន៍​​មួយ កាល​ពីឆ្នាំ​២០០៣ គាត់​បាន​លើ​ក​ឡើង​ថា គាត់​បាន​ទទួល​ការងារ​​មួយ​ជា​​អ្នកបម្រើ​​ នៅ​សណ្ឋាគារ​ ឡឺ រ៉ូយ៉ាល់។​ «នេះគឺជាការ​ងារ​មួយ ដែល​ខ្ញុំ​​មិនធ្លាប់​​​មាន​បំណង​​ធ្វើពីមុន​​ ដោយសារ​ខ្ញុំ​ជា​កសិករ»។ ក្រោយ​សម័យ​ខ្មែរក្រហម លោក​តា​បាន​ចូល​​ធ្វើការ​នៅសណ្ឋគារ​ម្តង​ទៀត រហូត​ដល់​​ឆ្នាំ​១៩៩៣ ​គេ​បាន​ស្នើ​អោយគាត់​ចូល​និវត្តន៍ ពោល​គឺ​នៅឆ្នាំ​ដែលអាជ្ញាធរ​បណ្តោះ​អាសន្ន​​នៃអង្គការ​សហ​ប្រជាជាតិ​ប្រចាំ​ កម្ពុជា (អ៊ុនតាក់) បាន​​ត្រឡប់​​ទៅវិញ។​

កាល​នោះ គាត់​មាន​វ័យ​៦០​ឆ្នាំ គាត់​ត្រូវ​ស្វែងរកលុយកាក់ ដើម្បី​ផ្គត់ផ្គង់​ការ​សិក្សា​របស់​កូន​ៗ​។ ​​នៅពេលនោះ​ហើយ​ ដែលការ​គូរគំនូរ​បាន​ចូល​មក​នៅ​ក្នុង​ជីវិត​​របស់​គាត់​។ លោក​តា​​​​​គឺជា​ចៅ​ប្រុស​របស់​ជាង​គំនូរ​មួយរូប ដែលបាន​បង្ហាត់​បង្រៀន​កូនៗ​ទាំង​បួន​នាក់​របស់​​គាត់ ប៉ុន្តែ គ្មាននរណា​ម្នាក់​បន្ត​វេន​ពីគាត់​នោះ​ទេ​។ ដោយ​ធ្វើការ​ស្វ័យ​សិក្សា​ដោយ​​ខ្លួន​ឯង លោកតា​បាន​ចាប់ផ្តើម​កាន់​ជក់គូរ​គំនូរ ហើយ​មួយឆ្នាំ​ក្រោយមក គាត់​បាន​​រៀប​ចំ​ការ​តាំងពិព័រណ៍​ជាលើក​ដំបូង​​នៅ​ទីក្រុង​ភ្នំពេញ។​

ស្នាដៃ​នៃការ​ចង​ចាំមួយ​
នៅក្នុង ​ឆាក​ជីវិត​របស់​លោកតា លោក​តា​​​ធ្លាប់​​បាន​ឆ្លង​កាត់​របប​នយោបាយ​​មិន​តិច​​ជាង​៦​របប​​។ គាត់​បាន​ពន្យល់ថា​ គាត់​មាន​បំណង​រក្សា​​​ប្រពៃ​ណី​​និង​ទំនៀម​ទំលាប់​​សាសនា​នៃ​​​ប្រទេស​ កម្ពុជា​​ ​អោយនៅ​​ស្ថិត​ស្ថេរ​គង់​វង្ស​ជា​ដរាប​​ ព្រោះ​ប្រពៃណី​​ទាំង​នោះ​​កំពុង​តែ​ទទួល​​រង​នូវការ​បាត់បង់​ ​ពី​​​ទំនើប​ភាវូបនីយកម្ម​នៃ​សង្គម​ជាតិ។ ​ក្នុង​នាមជាអ្នក​ពាំនាំ​នូវ​ការ​​ចង​​ចាំ លោក​​តា​​ត្រូវ​ការ​​​អោយ​ក្មេង​ៗ​ជំនាន់​ក្រោយ​​បាន​ដឹង​លឺ​​អំពី​អតី​ត​ កាល​របស់​ពួកគេ​។​ លោក​តា​ ស្វាយ គេ​ន មិន​មែន​​ចង់​ធ្វើ​ជា​គ្រូ​ណែនាំ​​អ្នក​ដទៃ​នោះទេ​ ប៉ុន្តែ គាត់​គឺ​ជា​​អ្នក​ស្នេហា​ប្រទេស​ជាតិ គោរព​​ព្រះពុទ្ធ​សាសនា។

លោក​ ពិសិដ្ឋ កូនប្រុស​របស់​លោក​ស្វាយ គេន​បានរៀប​រាប់ថា «ឪពុករបស់ខ្ញុំ​គឺជា​មនុស្ស​ចូលចិត្ត​ធ្វើការងារ​នៅក្នុង​បន្ទប់​គំនូរ​របស់ ​គាត់ មានចិត្ត​អំណត់​អត់​ធ្មត់ និង​ចូលចិត្ត​ធ្វើ​តែអំពើល្អចំពោះ​​អ្នកដទៃ។ ខ្ញុំមិនអាច​អធិប្បាយ​​អំពី​​​ទំហំ​នៃ​អំពើ​​ល្អ​របស់គាត់​នោះ​ទេ...»។ សព្វ​ថ្ងៃនេះ បំណង​ប្រាថ្នា​របស់គាត់ គឺ​ចង់ឃើញ​ជនបរទេស​និង​វិចិត្រករ​ផ្សេងៗ ដែល​​គោរ​ព​ស្រឡាញ់​ឪពុក​របស់គាត់ រៀប​ចំ​ការ​តាំងពិព័រណ៍​រូប​គំនូរ​​​​នៃស្នាដៃ​របស់​គាត់ ទុកជា​អនុស្សាវរីយ៍​នៃការ​ចង​ចាំ​មួយ​។​

មុននឹង​លាចាកលោក​យើងនេះ​ទៅ លោក​តា​ស្វាយ គេន​​បាន​បណ្តុះ​បណ្តាល​ចៅ​ស្រី​របស់​​គាត់​ម្នាក់ អាយុ២៥ឆ្នាំ ក្នុង​គោល​បំណង​ចង់អោយចៅស្រី​បន្ត​ប្រពៃណី​គ្រួសារ​នេះ​ពី​គាត់​​។ កូន​ប្រុស​របស់​គាត់​បាន​​មាន​ប្រសាសន៍ថា​ លោក​តា​​បាន​​ប្រាប់​សាច់ញាតិ​របស់គាត់ នៅ​ពេលគាត់សំរាក​ឈឺ​នៅលើគ្រែ​ថា គាត់​ជឿជាក់​ថា​ចៅស្រី​​នឹង​ដើរ​តាម​គន្លង​​របស់​គាត់​។ លោក​តា​បាន​លាចាក​លោក​យើងនេះ​ទៅយ៉ាង​ស្ងប់​សុខ បន្ទាប់ពី​លោក​​តា​បាន​បង្កើត​នូវភាព​ល្បីល្បាញ​ នៅអំឡុង​ទស្សវត្សរ៍​ចុង​ក្រោយ​នេះ។


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ