|
អធិប្បាយចុងក្រោយ
|
| ចង្វាក់រ៉ុកខ្មែរបានកើតមានឡើងវិញនៅលើទំព័រអ៊ីនធឺណែត |
| ដោយ ហ្សីណេប ឌ្រីយេហ្វ | | | ១៤-១០-២០០៨ | បច្ចុប្បន្ននេះ គេសង្កេតឃើញថា តារាចម្រៀងពេញនិយមបានបង្ហាញមុខមាត់នៅតាមកញ្ចក់ទូរទស្សន៍នានា តែរយៈពេលមួយដ៏ខ្លីប៉ុណ្ណោះ ដោយសារយុវវ័យខ្មែរនៅតែបន្តស្តាប់បទចម្រៀងចាស់ៗ នាទសវត្សទី៦០ ដែលមានសាច់ភ្លេងជាចង្វាក់រ៉ុកខ្មែរដ៏សែនពិរោះរណ្តំ។ មនុស្សមួយចំនួនបានរក្សាបេតិកភណ្ឌបទចម្រៀង នេះ ទុកស្ថិតនៅក្នុងតន្រ្តីរបស់ពួកគេ អ្នកខ្លះចង់រក្សានៅលើវិបសាយ ហើយផលិតករមួយរូបចង់ធ្វើអោយតន្រ្តីសម័យដើមនេះ ស្ថិតជាអមតៈនៅក្នុងភាពយន្តឯកសារមួយ។ សព្វថ្ងៃនេះ បទចម្រៀងរបស់ប្រទេសកម្ពុជាមួយចំនួនយកលំនាំតាមបទចម្រៀងថៃ ដោយទម្លាប់រក្សាចំណងជើងទាំងស្រុងពីចំណងជើងដើម ហើយរក្សាអត្ថន័យកាព្យឃ្លោងទាំងដុលពីអ្នកនិពន្ធដើម។ ខាងក្រោមនេះ គឺជាការសិក្សាស្វែងយល់មួយ ស្តីពីចង្វាក់រ៉ុកខ្មែរ នៅលើទំព័រវិបសាយ...តើចង្វាក់នេះពិតជាបាត់បង់រឺ? ដោយសារការខ្វះខាតផលិតករដែលផលិតរឿងកុនខ្នាតធំ លោក ចន ពៀរ៉ូហ្ស៊ី (John Pirozzi) ផលិតករនៃភាពយន្តឯកសារ កុំស្មានបងភ្លេច ដែលជាភាពយន្តឯកសារទីមួយស្តីពីចង្វាក់រ៉ុករបស់កម្ពុជា បានបង្ហាញការងារនៃភាពយន្តនេះនៅលើទំព័រវិបសាយមួយ។ អាសយដ្ឋាននៃវិបសាយនេះមិនត្រូវបានមហាជននៅក្រៅព្រះរាជាណាចក្រ កម្ពុជាស្គាល់នោះទេ។ លោកចន ពៀរ៉ូហ្ស៊ីបានលើកឡើងថាលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ តន្រ្តីសម័យមុនសង្រ្គាមនេះ។ អត្ថបទភ្លេងដែលមាននៅលើវិបសាយត្រូវបានដកស្រង់ចេញពីបទចម្រៀង ដែលច្រៀងដោយតារាចម្រៀងដ៏ល្បីល្បាញពីររូបនៅសម័យកាលនោះ គឺលោកស៊ិន ស៊ីសាមុត និងអ្នកស្រីរស់ សេរីសុទ្ធា ដែលអ្នកទាំងពីរបានស្លាប់បាត់បង់ជីវិត ក្រោមសម័យខ្មែរក្រហម។ ខ្សែភាពយន្ត ដែលគេទន្ទឹងរង់ចាំ តាំងពីឆ្នាំ២០០៦មក ត្រូវបានដាក់បង្ហាញ។ គម្របថាសចម្រៀងរបស់លោកស៊ិន ស៊ីសាមុត និងអ្នកស្រីរស់ សេរីសុទ្ធាៈ បទ ស្នេហ៍ដូចទឹកភ្លៀង និងបទ សែនខ្លោចផ្សារ ផលិតដោយផលិតកម្ម ឆ្លងដែន។ «តន្រ្តីករកម្ពុជា បានច្នៃប្រឌិត សម្លេងនៃតន្រ្តីរ៉ុកនេះ តាមរយៈស្ទីលមកពីអាមេរិក និងអង់គ្លេស ដោយបន្ថែមសាច់ភ្លេងប្រពៃណីដ៏អន្លង់អន្លោចគួរអោយចង់ស្តាប់។ សម្លេងស្រែកច្រៀងរបស់តារាចម្រៀងស្រីដ៏សែនពិរោះរណ្តំត្រូវបាន ដាក់បញ្ជូលនៅក្នុងគំនិតច្នៃប្រឌិតនេះ។ នៅពេលខ្មែរក្រហមធ្វើដំណើរខិតមកជិតរាជធានី គេលេងចង្វាក់រ៉ុកនៅលើដំបូលផ្ទះ ខណៈពេលគ្រាប់បែកត្រូវបានទម្លាក់ពីលើអាកាសនៅពេលយប់»។
ដោយ ឡែក ដំណើរជីវិតដ៏គួរអោយខ្លោចផ្សាររបស់អ្នកស្រីរស់ សេរីសុទ្ធា គឺជាប្រធានបទនៃខ្សែភាពយន្តមួយផ្សេងទៀត ឈ្មោះសម្លេងមាស។ ខ្សែភាពយន្តនៃជីវប្រវត្តិរយៈពេល២៥នាទីនេះ មានដាក់បង្ហាញនៅលើវិបសាយមួយ ដើម្បីឧទ្ទិសជូនតារាចម្រៀងសម្លេងមាសរូបនេះ ។ នៅលើវិបសាយសព្វវចនាធិប្បាយសេរី វីគីភីឌា គេបានរៀបរាប់ថានៅសម័យកាលនោះ ប៉ុលពតបានបង្ខំអោយអ្នកស្រីរៀបការជាមួយជំនួយការម្នាក់របស់ខ្លួន នៅឆ្នាំ ១៩៧៧។ អ្នកស្រីរស់ សេរីសុទ្ធា ដែលជាតារាចម្រៀងពេញនិយមកាលពីអតីតកាល និងនាពេលបច្ចុប្បន្ន បានបាត់ខ្លួនដោយអាថ៌កំបាំងនាពេលមានចលាចលក្នុងរបបវាលពិឃាតនេះ ដែលធ្វើអោយអ្នកខ្លះជឿថាគាត់បាត់ស្លាប់បាត់ហើយ។ មនុស្សភាគច្រើនជឿថាគាត់បានស្លាប់ដោយសារការធ្វើការ ហួសកំលាំង។ មានអ្នកខ្លះនិយាយថា គាត់បានទទួលមរណភាព ដោយការថែទាំមិនត្រឹមត្រូវនៅក្នុងមន្ទីរពេទ្យមួយ ក្នុងទីក្រុងភ្នំពេញ នៅរយៈពេល១សប្តាហ៍មុនការដួលរលំនៃពួកខ្មែរក្រហម។ ឯអ្នកខ្លះនិយាយថាគាត់បានប្រឆាំងនឹង ស្វាមីដែលជាខ្មែរក្រហមរបស់គាត់ រួចក៏ត្រូវបានគេបញ្ជូនទៅកែប្រែ…
ចំណែកលោកស៊ិន ស៊ីសាមុត អធិរាជសម្លេងមាស នាទសវត្សទី៦០ ច្រៀងបទចម្រៀងរវាងចង្វាក់ប្រពៃណីនិងសម័យទំនើបជាមួយនឹងការ ប្រើប្រាស់គុណភាពសម្លេងយឺត រឺចង្វាក់រ៉ុក។ វិបសាយខ្មែរមួយ ត្រូវបានបង្កើតឡើង ដើម្បីឧទ្ទិសជូនដល់លោក។ សមាគមស៊ិន ស៊ីសាមុតនាទីក្រុងភ្នំពេញ ត្រូវបានបង្កើតឡើង ដើម្បីរក្សា និងផ្សព្វផ្សាយបទចម្រៀងដែលជាកេរមរតករបស់គាត់។ នេះគឺជាបេសកកម្មនៅក្នុងប្រទេសមួយ ដែលនៅមានទស្សនិកជនស្តាប់បទចម្រៀងរបស់គាត់នៅឡើយ។ បទចម្រៀងខារ៉ាអូខេរបស់លោកជាច្រើន មានដាក់នៅលើវិបសាយ You Tube ។
កេរតំណែលនៃអតីតកាលដ៏ រីករាយនេះស្ទើរតែមិនអាចស្វែងរកបាន។ ខ្មែរក្រហមបានបំផ្លាញតន្រ្តីនេះ បានសម្លាប់អ្នកបកស្រាយបទចម្រៀងរបស់គាត់ និងអ្នកនិពន្ធជាច្រើននាក់ ហើយបានលួចសម្លាប់យ៉ាងស្ងាត់ៗ នូវតារាចម្រៀងដែលលាក់អត្តសញ្ញាណរបស់ខ្លួន ក្នុងរយៈពេលជិតបួនឆ្នាំ។ នៅឆ្នាំ១៩៩៩ ថាសចម្រៀង «រ៉ុកកម្ពុជា»មួយ នាទសវត្សឆ្នាំ៦០ឆ្នាំ ត្រូវបានដាក់លក់នៅលើទីផ្សារនៃប្រទេសកម្ពុជា។ កាសែត Asia Times បានរៀបរាប់នៅក្នុងអត្ថបទមួយ ស្តីពីកំណើតនៃចង្វាក់រ៉ុកកម្ពុជា ដែលបង្ហោះផ្សាយនៅលើវិបសាយរបស់ខ្លួន កាលពីថ្ងៃទី១៩ សីហា ឆ្នាំ២០០៨ ថាអត្ថិភាពនៃថាសចម្រៀងមួយនេះកើតមានឡើងដោយចៃដន្យ។
«ថាស ចម្រៀងនេះត្រូវបានថតចម្លងចេញពីកាសែតចម្រៀងជាច្រើន ដែលអ្នកទេសចរជនជាតិអាមេរិកមួយរូបបានទិញ នៅក្នុងដំណើរកំសាន្តមួយនៅប្រទេសកម្ពុជា។ បន្ទះបទចម្រៀងនេះមិនមានចុះទិន្នន័យពីឈ្មោះតារាចម្រៀង រឺចំណងជើងនៃបទចម្រៀងនោះទេ។ ថាសនេះបានក្លាយទៅជាការគោរពស្រឡាញ់ ពីសំណាក់សិស្សនិស្សិតអាមេរិក។ ថាសនេះបានទទួលជោគជ័យជាលក្ខណៈអន្តរជាតិមួយ នៅពេលដែលថាសចម្រៀងនេះត្រូវបានប្រើប្រាស់ជាបទចម្រៀងនៃ ខ្សែភាពយន្តមួយឈ្មោះ ទីក្រុងខ្មោច ដែលសរសេរនិងដឹកនាំរឿងដោយសិល្បៈករអាមេរិក មាត ឌីឡូន (Matt Dillon)»។
លោកអ្នកអាចស្តាប់បទចម្រៀងមិនស្គាល់ចំណងជើងមួយចំនួន ដែលជាចង្វាក់រ៉ុកកម្ពុជានៅលើវិបសាយ http://biglemoi.free.fr/Pages/CambodianRock-Pop.html ។
ក្រុមតន្រ្តីអាមេរិក Dengue Fever បានរក្សានូវកេរមរតករបស់លោកស៊ិន ស៊ីសាមុត និងអ្នកស្រីរស់ សេរីសុទ្ធា។ តារាចម្រៀងស្រី ឆោម និមល គឺជាជនជាតិខ្មែរ និងច្រៀងបទចម្រៀងជាភាសាកំណើតរបស់ខ្លួន។ ក្រុមចម្រៀងដែលមានសមាជិក៦នាក់នេះបានថតបទចម្រៀងចំនួន៥អាល់ប៊ុម។ អាល់ប៊ុមចុងក្រោយ ឈ្មោះ «Venus on earth» ត្រូវបានចេញលក់នៅក្នុងឆ្នាំនេះ។ គម្របអាល់ប៊ុមនេះមានផ្ទៃពណ៌បៃតង ឆ្នូតក្រហម និងលឿង ដោយមានបុរសស្រម៉ូមមួយរូប កំពុងកាន់ហ្គីតាជិតម៉ូតូ ឌុបស្រ្តីវ័យក្មេងមួយរូប ដែលជាតារាសំដែងមួយរូបនៅក្នុងបទចម្រៀងខារ៉ាអូខេមួយរបស់ អ្នកស្រីរស់ សេរីសុទ្ធា។
បទ Klapyahandz (ទះដៃឡើង) ត្រូវបាននិពន្ធឡើង ដោយផ្សារភ្ជាប់ទៅនឹងចង្វាក់រ៉ុកនៅសម័យឆ្នាំ៦០។ វិបសាយ "Berceuse éléctrique" បានបង្ហាញនូវបទចម្រៀងមួយរបស់ស្ថាបនិកសម្ព័ន្ធ សុខគ្រីមវិសាល ហើយបានកត់សម្គាល់ថា បទ Klapyahandzនេះគឺជាការប្រមូលផ្តុំចង្វាក់ Hip-hop ខ្មែរ គួរអោយចាប់អារម្មណ៍ ជាមួយនឹងបទចម្រៀងពេញនិយម (ដូចជាបទរបស់លោកស៊ិន ស៊ីសាមុត)។ ដំណើរការនេះបានចូលរួមនៅក្នុងដំណើរការរបស់ស្ថាបនិកចង្វាក់បទ ភ្លេងប្រជាប្រិយខ្មែរ ដែលបានបង្កើតនូវការបញ្ជូលគ្នារវាងសម្លេងខ្មែរ និងសម្លេងបស្ចឹមប្រទេស នៅឆ្នាំ១៩៦០ ។
សូមរីករាយសណ្តាប់!
|
|
វ៉ិបសាយគួរឱ្យចាប់អារម្មណ៍
«តូច ក្រីក្រ ឈឺ និងពុករលួយ» : ព័ត៌មានទាំងនេះអាចបង្កើតបានជាគំនូរព្រាងមួយ តំណាងអោយជនជាតិខ្មែរមធ្យមម្នាក់ គូរចេញពីទិន្នន័យដែលត្រូវបានផ្សព្វផ្សាយដោយអង្គការជាតិនិងអន្តរជាតិជាច្រើននៅកម្ពុជា។ |
|