|
អធិប្បាយចុងក្រោយ
|
| តើប្រទេសកម្ពុជានឹងមានគណៈកម្មាធិការជាតិសិទ្ធិមនុស្សដែលមានអំណាចធំទូលាយដែរឬទេ? |
| ដោយ ដួង សុខា | | | ១៥-១២-២០០៨ | 
ភ្នំពេញ (កម្ពុជា) ថ្ងៃទី១0 ខែធ្នូ ២០០៨៖ ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ © John Vink / Magnum កាល ពីជាងពីរឆ្នាំមុន នៅក្នុងសន្និសីទថ្នាក់តំបន់ស្តីពីការបង្កើតស្ថាប័នថ្នាក់ជាតិ ដើម្បីឃ្លាំមើលនិងការពារសិទ្ធិមនុស្ស សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសគាំទ្រចំពោះការបង្កើត«គណៈកម្មាធិការជាតិសិទ្ធិមនុស្ស (គ.ជ.ស)» នៅកម្ពុជា។ នៅពេលនោះ ប្រមុខរដ្ឋាភិបាលបានបង្ហាញពីបំណងចង់ធ្វើអោយព្រះរាជាណាចក្រ កម្ពុជាក្លាយជាប្រទេសទី៥ក្នុងចំណោមរដ្ឋជាសមាជិករបស់សមាគម អាស៊ាន បន្ទាប់ពីម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន និងថៃ ដែលមានស្ថាប័នបែបនេះរួចហើយ។ ជាងនេះទៅទៀត រដ្ឋាភិបាលកម្ពុជាបានថែមទាំងអោយអ្នកតំណាងនានានៅក្នុងសង្គម ស៊ីវិលតាក់តែងសេចក្តីព្រាងច្បាប់មួយស្តីពីគណៈកម្មាធិការ នេះទៀតផង។ នាពេលនេះ អត្ថបទព្រាងបឋមនេះត្រូវបានតាក់តែងទ្បើង ហើយបានយកទៅបង្ហាញអ្នកតំណាងជាង៦០នាក់មកពី អង្គការសិទ្ធិមនុស្សនៅក្នុងស្រុក រដ្ឋាភិបាល សភាទាំងពីរ និងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (OHCHR) នៅកម្ពុជា កាលពីថ្ងៃទី៦និងទី៧ ខែធ្នូ ដែលបានមកជួបប្រជុំគ្នានៅខេត្តសៀមរាបអង្គរ ដោយមានវត្តមានពីអ្នកជំនាញថៃនិងហ្វីលីពីនមកជួយចែករំលែកបទ ពិសោធន៍របស់ពួកគេផងដែរ។ ឯករាជ្យ អំណាច និងថវិកាស្វយ័តគឺជាកង្វល់សំខាន់របស់អង្គការនានា សេចក្តីព្រាងច្បាប់ ដំបូងដែលនាំអោយអង្គការសិទ្ធិមនុស្សសំខាន់ៗនៅកម្ពុជា មានការជជែកពិភាក្សាគ្នានៅដើមខែធ្នូនេះ នៅមិនទាន់ទទួលយោបល់អ្វីពីខាងរដ្ឋាភិបាលនៅឡើយទេ។ ប៉ុន្តែមានអ្នកមួយចំនួនបង្ហើបអោយដឹងរួចទៅហើយថា ពួកគេខ្លាចក្រែងថាចំណុចសំខាន់ៗជាច្រើនត្រូវរដ្ឋាភិបាលច្រានចោល ដូចជាមាត្រាដែលនិយាយពីឯករាជ្យភាពរបស់ស្ថាប័ននេះជាដើម បើទោះជាឯករាជ្យភាពស្ថាប័នបែបនេះមានចែងរួចហើយនៅក្នុងគោលការណ៏ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ក៏ដោយ។
លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រម្លឹកថា៖ «ឯករាជ្យភាពគឺមានន័យថា ស្ថាប័ននេះត្រូវតែមានសេរីភាពធ្វើការអង្កេតដោយខ្លួនឯង និងមានថវិកាស្វយ័ត។ សមាជិកនៃគណៈកម្មាធិការនេះត្រូវតែមានអភ័យឯកសិទ្ធិដើម្បីបំពេញ បេសកកម្មរបស់ពួកគេបានពេញលេញផងដែរ។ នៅប្រទេសហ្វីលីពីន អភ័យឯកសិទ្ធិថែមទាំងត្រូវបានផ្តល់ទៅអោយអ្នកផ្តល់ព័ត៌មាន ដើម្បីកុំអោយពួកគេទទួលរងនូវការប្តឹងផ្តល់ជាយថាហេតុណាមួយ»។ លោកបានលើកឡើងដូច្នេះ ដោយទទូចយ៉ាងម៉ឺងម៉ាត់អោយចំណុចទាំងនេះត្រូវរក្សាទុក។
អំណាចធំទូលាយ អ្នក តំណាងសង្គមស៊ីវិល ដែលចូលរួមពាក់ព័ន្ធផ្ទាល់នឹងការបង្កើតគណៈកម្មាធិការនេះ ព្យាយាមធ្វើយ៉ាងណាអោយស្ថាប័នមួយនេះមានអំណាចធំទូលាយ។ ពួកគេទាមទារអោយគណៈកម្មាធិការនេះមានសិទ្ធិចេញដីកានាំខ្លួន ជនសង្ស័យ រៀបចំនីតិវិធីឆែកឆេរ ទទួលនិងប្រមូលភស្តុតាង បង្គាប់ទៅរដ្ឋាភិបាលនិងស្ថាប័នរដ្ឋអោយប្រគល់របាយការណ៍និងកំណត់ ហេតុទៅតាមកាលបរិច្ឆេទកំណត់ទុកជាមុននៅក្នុងក្របខ័ណ្ឌនៃការ ស៊ើបអង្កេតរបស់ខ្លួន ការពារសាក្សីនិងអ្នកប្តឹងតាមរយៈការសុំអន្តរាគមន៍ពីអាជ្ញាធរពាក់ ព័ន្ធ និងផ្គត់ផ្គង់ហិរញ្ញវត្ថុដល់សាក្សីមកឆ្លើយបំភ្លើនៅមុខគណៈកម្មាធិការ។
លោក អ៊ូ វីរៈ មានប្រសាសន៏លម្អិតថា៖ «សមាជិកគណៈកម្មាធិការត្រូវមានសិទ្ធិផងដែរក្នុងការទៅមើលមន្ទីរឃុំ ឃាំងទាំងឡាយដោយមិនចាំបាច់ផ្តល់ដំណឹងជាមុនដល់អ្នកទទួលខុសត្រូវ កន្លែងនោះទេ [ដើម្បីពិនិត្យពីលក្ខខណ្ឌនៃការឃុំឃាំង]។ ប្រសិនបើពួកគេរកឃើញមានភាពមិនប្រក្រតី ពួកគេអាចសរសេររបាយការណ៍ទៅរដ្ឋសភា ដើម្បីរកដំណោះស្រាយមួយស្របតាមគោលការណ៍ច្បាប់នៅក្នុងកិច្ចព្រម ព្រៀងទីក្រុងប៉ារីស»។
បន្ថែមពីលើអំណាចទាំងនេះ គឺអំណាចមួយទៀតក្នុងករណីមានការរំលោភសិទ្ធិមនុស្សដោយបើកចំហ។ ក្នុងករណីនេះ ស្ថាប័នខាងលើអាចស្នើសុំទៅរដ្ឋាភិបាល រដ្ឋមន្ត្រីនិងប្រធាននាយកដ្ឋាននានាអោយព្យួរការងារមន្ត្រីរាជការ ដែលមានការពាក់ព័ន្ធក្នុងសំណុំរឿងរំលោភសិទ្ធិមនុស្សនេះ រហូតដល់នីតិវិធី និងការស៊ើបអង្កេតត្រូវបញ្ចប់។ គណៈកម្មាធិការសិទ្ធិមនុស្សអាចស៊ើបអង្កេតរឿងក្តីណាមួយ ដែលជាករណីរំលោភសិទ្ធិមនុស្ស ដោយមិនចាំបាច់មានពាក្យបណ្តឹងឡើយ។
ជា ចុងក្រោយ គណៈកម្មាធិការក៏អាចមានសមត្ថកិច្ចចេញជាយោបល់ឬអនុសាសន៍ណែនាំ រដ្ឋាភិបាលដែរ ទាក់ទងនឹងសេចក្តីព្រាងច្បាប់ឬច្បាប់ផ្សេងៗដែលអាច ប៉ះពាល់ការគោរពសិទ្ធិមនុស្ស ក៏ដូចជាការយោបល់ពីការសរសេររបាយការណ៍ពីស្ថានភាពសិទ្ធិមនុស្សនៅ កម្ពុជាផ្ញើទៅកាន់អង្គការសហប្រជាជាតិផងដែរ។
តើបញ្ហាថវិកាត្រូវគ្រប់គ្រងតាមវិធីណា? ទាក់ ទងនឹងថវិកា អង្គការនានាស្នើសុំអោយមានការផ្តល់អោយគណៈកម្មាធិការដោយផ្ទាល់ជា រៀងរាល់ឆ្នាំតាមរយៈរដ្ឋសភា គឺដាច់ពី«កញ្ចប់ថវិកា»សម្រាប់រដ្ឋាភិបាល ដោយត្រូវមាននីតិវិធីនិងការបោះឆ្នោតផ្សេងពីគ្នា។ ម្យ៉ាងវិញទៀត គណៈកម្មាធិការអាចទទួលផងដែរជំនួយហិរញ្ញវត្ថុពីប្រទេសម្ចាស់ជំនួយ និងសប្បុរសជន លើកលែងតែក្រុមហ៊ុនពាណិជ្ជកម្មក្នុងស្រុក។ លោកអ៊ូ វីរៈ គូសបញ្ជាក់ថា៖ «រដ្ឋាភិបាលចង់អោយថវិការបស់គណៈកម្មាធិការនេះត្រូវគ្រប់គ្រងដោយ ក្រសួងសេដ្ឋកិច្ច។ ប្រសិនបើដូច្នេះមែន គឺវាមិនឯករាជ្យទេ ហើយវាផ្ទុយនឹងគោលការណ៍កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលសម្តេចនាយករដ្ឋមន្ត្រីយកជាគោល»។
សេចក្តីព្រាងច្បាប់នេះអាចនឹងត្រូវពិនិត្យលម្អិតឡើងវិញ រាល់ ការទាមទារខុសៗគ្នារបស់សង្គមស៊ីវិលទាំងនេះអាចនឹងមិនត្រូវគេរក្សា ទុកឡើយនៅក្នុងសេចក្តីព្រាងច្បាប់ចុងក្រោយដែលនឹងត្រូវបង្ហាញ នៅទីស្តីការគណៈរដ្ឋមន្ត្រី មុននឹងត្រូវពិភាក្សាដោយតំណាងរាស្រ្តនិងសមាជិកព្រឹទ្ធសភា។ ជាក់ស្តែង ការពិនិត្យសេចក្តីព្រាងច្បាប់ដំបូងមានការយឺតយ៉ាវរួចទៅហើយ... ក្រុមការងាររបស់សង្គមស៊ីវិលដែលទទួលបន្ទុកតាក់តែងសេចក្តីព្រាង ច្បាប់នេះបានបញ្ជូនអត្ថបទរបស់ខ្លួនទៅកាន់គណៈកម្មាធិការសិទ្ធិ មនុស្ស ដែលជាស្ថាប័នមួយរបស់រដ្ឋាភិបាល ដឹកនាំដោយលោកឱម យិនទៀង កាលពីខែកញ្ញា ឆ្នាំ២០០៧ ដើម្បីសុំយោបល់ពីស្ថាប័ននេះ។ ប៉ុន្តែរហូតមកដល់ថ្ងៃនេះ គ្មានចំលើយផ្លូវការណាមួយត្រូវបានធ្វើឡើងនោះទេ បើទោះបីលោកម៉ក់ សម្បត្តិ អនុប្រធានរបស់លោកឱម យិនទៀង មានប្រសាសន៏ថារដ្ឋាភិបាលចង់ឃើញគណៈកម្មាធិការនេះកើតឡើងអោយបាន ឆាប់បំផុតក៏ដោយ។
លោកម៉ក់ សម្បតិ្ត ពន្យល់ថា៖ «ក្រុមការងាររបស់រដ្ឋាភិបាលក៏ត្រូវការពិនិត្យអត្ថបទនេះដែរ ដើម្បីអោយច្បាប់នេះស្របតាមគោលការណ៍កិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ជារួម ខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះគឺសមស្របច្រើនហើយ។ រីឯសង្គមស៊ីវិលក៏ត្រូវការពេលវេលាទៀតដែរ ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋពីច្បាប់នេះ។ ដូច្នេះ ការងារនេះគឺមិនអាស្រ័យលើរដ្ឋាភិបាលទេ ប៉ុន្តែគឺវាអាស្រ័យនឹងអង្គការទាំងឡាយដែលយើងបានប្រគល់ការសរសេរ សេចក្តីព្រាងច្បាប់នេះទៅវិញទេ»។
មន្ត្រីជាន់ខ្ពស់រូបនេះមិន ចង់មានប្រសាសន៍ពីចំណុចសំខាន់ទាំង៣ គឺឯករាជ្យភាព អំណាច និងថវិការបស់ស្ថាប័ននេះឡើយ ដោយលោកគ្រាន់តែឆ្លើយថា គណៈកម្មាធិការនឹងមានឯករាជ្យភាព ប្រសិនបើចំណុចនេះមានសរសេរនៅក្នុងច្បាប់។ លោកបានអធិប្បាយថា៖ «ប្រសិនបើច្បាប់ចែងថា ស្ថាប័ននេះឯករាជ្យ ដូច្នេះប្រាកដណាស់ វានឹងឯករាជ្យ»។
គ.ជ.ស និងគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល ជាស្ថាប័នពីរខុសគ្នា គ.ជ.ស មិនមែនជាស្ថាប័នមួយស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ហើយក៏មិនមែនជាអង្គការក្រៅរដ្ឋាភិបាលដែរ។ វាមានលក្ខណៈជាកូនកាត់ ខុសពីគណៈកម្មាធិការសិទ្ធិមនុស្សដែលត្រូវបានបង្កើតរួចហើយ។ លោកអ៊ូ វីរៈ ពន្យល់ថា៖ «តាមការស្នើសុំរបស់រដ្ឋាភិបាល គណៈកម្មាធិការសិទ្ធិមនុស្សនេះធ្វើការឬក៏បំភ្លឺអោយច្បាស់ ពីករណីរំលោភសិទ្ធិមនុស្ស។ តាមការពិត គណៈកម្មាធិការបច្ចុប្បន្ននេះគ្រាន់តែជាជំនួយការរបស់រដ្ឋាភិបាល ប៉ុណ្ណោះ វាមិនឯករាជ្យទេ»។ រីឯ គ.ជ.ស នឹងជាស្ថាប័នកំពូលមួយដែលគ្របដណ្តប់អង្គការសិទ្ធិមនុស្សនៅ ក្នុងស្រុក គណៈកម្មការសិទ្ធិមនុស្សរបស់សភាទាំងពីរ ស្ថាប័នទាំងឡាយរបស់រដ្ឋាភិបាលដែលធ្វើការលើផ្នែកសិទ្ធិមនុស្ស និងមានទំនាក់ទំនងអន្តរជាតិ។
-បទយកការណ៍រូបថតនិងសម្លេង ស្តីពីទិវាសិទ្ធិមនុស្សអន្តរជាតិ (១០-១២-២០០៨) -ខួប លើកទី៦០នៃសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស: ការតវ៉ា/ការរិះគន់ជាច្រើនរបស់អង្គការក្រៅរដ្ឋាភិបាល សិទ្ធិមនុស្ស នៅភ្នំពេញ (១០-១២-២០០៨) -គណៈកម្មការសិទ្ធិមនុស្សអាស៊ានៈ តើអនុសាសន៍ សង្គមស៊ីវិលនៅកម្ពុជានឹងត្រូវបានទទួលយក ដែររឺទេ? (៣០-១០-២០០៨)
|
|
អត្ថបទបន្ថែម-បទយកការណ៍រូបថតនិងសម្លេង ស្តីពីទិវាសិទ្ធិមនុស្សអន្តរជាតិ (១០-១២-២០០៨) -ខួប លើកទី៦០នៃសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស: ការតវ៉ា/ការរិះគន់ជាច្រើនរបស់អង្គការក្រៅរដ្ឋាភិបាល សិទ្ធិមនុស្ស នៅភ្នំពេញ (១០-១២-២០០៨) -គណៈកម្មការសិទ្ធិមនុស្សអាស៊ានៈ តើអនុសាសន៍ សង្គមស៊ីវិលនៅកម្ពុជានឹងត្រូវបានទទួលយក ដែររឺទេ? (៣០-១០-២០០៨) គណៈកម្មាធិការមួយដែលបើកទូលាយសម្រាប់ទាំងអស់គ្នា យោងតាម សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្ស បេក្ខជនដែលមានដើមកំណើតខ្មែរ អាយុយ៉ាងតិច២៥ឆ្នាំ ចប់បរិញ្ញបត្រឬក៏សញ្ញាបត្រមានតម្លៃស្មើ និងធ្វើការក្នុងផ្នែកសិទ្ធិមនុស្សយ៉ាងតិចបាន៥ឆ្នាំគិតដល់ថ្ងៃដាក់ បេក្ខភាពរបស់ខ្លួន គឺអាចក្លាយជាសមាជិករបស់ គ.ជ.ស បាន។ បេក្ខជនមិនត្រូវមានមុខតំណែងសកម្មនៅក្នុងគណបក្សនយោបាយអំឡុងពេល ពីរឆ្នាំចុងក្រោយមុននឹងដាក់ពាក្យនោះទេ។ ប្រសិនបើអត្ថបទព្រាងធ្វើឡើងដោយសង្គមស៊ីវិលនៅរក្សាទិដ្ឋភាពដើម របស់ខ្លួន នោះ គ.ជ.ស នឹងត្រូវមានសមាជិក៩រូប តែងតាំងដោយព្រះមហាក្សត្រ បន្ទាប់ពីត្រូវបោះឆ្នោតដោយរដ្ឋសភាពីក្នុងចំណោមបេក្ខជនទាំង១៨រូប មកពីមជ្ឈដ្ឋានខុសគ្នាៗ ដែលស្នើដោយគណៈកម្មការជ្រើសរើស។ គណៈកម្មការជ្រើសរើសនឹងប្រមូលអ្នកតំណាងម្នាក់របស់គណបក្សនយោបាយ នីមួយៗដែលមានអាសនៈនៅរដ្ឋសភា អ្នកតំណាងរបស់អង្គការសិទ្ធិមនុស្សដែលកំពុងធ្វើសកម្មភាពយ៉ាងតិច ៥ឆ្នាំចំនួន៦នាក់ អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយពីរនាក់ អ្នកតំណាងសហជីពពីរនាក់ និងអ្នកតំណាងគណៈមេធាវីម្នាក់។ តំណែងសមាជិក គ.ជ.ស មានវិសមិតភាពនិងតំណែងចៅក្រម ព្រះរាជអាជ្ញា តំណាងរាស្រ្ត សមាជិកព្រឹទ្ធសភា សមាជិករដ្ឋាភិបាល នគរបាល កងរាជអាវុធហត្ថ ទាហាន ប្រធានក្រុមប្រឹក្សាភិបាល ឬថៅកែក្រុមហ៊ុន និងមុខតំណែងនៅក្នុងគណបក្សនយោបាយ។ អាណត្តិរបស់ពួកគេមានរយៈពេល៤ឆ្នាំ និងអាចបន្តបានតែពីរអាណត្តិប៉ុណ្ណោះ។ ជាចុងក្រោយ សមាជិករបស់ គ.ជ.ស ទទួលបានអភ័យឯកសិទ្ធិ និងប្រាក់កំរៃដូចគ្នានឹងសមាជិករបស់ក្រុមប្រឹក្សាធម្មនុញ្ញដែរ នេះបើតាមសេចក្តីព្រាងដំបូង។ គ.ជ.ស នឹងអាចជ្រើសរើសប្រធានរបស់ខ្លួនពីក្នុងចំណោមសមាជិកទាំង៩ សម្រាប់អាណត្តិ៣ឆ្នាំជាអតិបរមា។
|