កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
តើដំណាំកៅស៊ូនៅ​ប្រទេស​កម្ពុជានឹងធ្លាក់ចូល​ទៅ​ក្នុង​​​វិបត្តិ​ដែរ​រឺ​ទេ?
ដោយ រស់ ឌីណា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៨-១២-២០០៨

H�v�a - Caoutchouc - Cambodge � John Vink / Magnum

(កម្ពុជា) ថ្ងៃទី​២៦ ធ្នូ ២០០០៖ ក្មេងៗដើរ​ប្រមូល​ជ័រ​កៅស៊ូ
 © ចន វីង / Magnum 

នៅ ​ក្នុ​ង​វេទិកា​ពិភាក្សា​​លើក​ចុង​ក្រោយ​រវាង​សហគ្រិនឯក​ជន និង​តំណាង​រដ្ឋាភិបាល​​​ កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅនេះ ផលិត​ករ​កៅស៊ូ​នៅ​ប្រទេស​កម្ពុជា​​បាន​​លើក​​ឡើង​អោយ​ដឹង​​អំពីការ​ព្រួយ​ បារម្ភ​របស់​ខ្លួន។ ការ​ធ្លាក់ចុះ​តម្លៃ​ជ័រ​កៅស៊ូ​បាន​ធ្វើអោយ​អ្នកជំនួញ​ទាំង​នោះ​មាន​​ការ​ ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។ ក្នុង​រយៈ​ពេល​ត្រឹម​​តែ​​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ ​ក្រោម​ផលប៉ះពាល់​នៃ​វិបត្តិ​ហិរញ្ញវត្ថុ តម្លៃ​កៅស៊ូ​​ត្រូវ​បាន​ថយចុះ​មួយ​ទ្វេជា​បី ជាហេតុ​ជម្រុញ​អោយ​ផលិត​ករ​បាន​ប្រកាស​អាសន្ន និងទាម​ទារ​អោយ​កាត់​បន្ថយ​​ពន្ធ​នាំចេញដែល​​បាន​កំណត់​ដោយ​រដ្ឋ។ សម្រាប់​​ពេល​នេះ រដ្ឋាភិបាល​​មិន​បាន​​ឆ្លើយយល់​ស្រប​ចំពោះ​​សំណើសុំ​​នេះ​​នៅ​ឡើយ​ទេ​ ខណៈ​ពេល​អ្នក​សង្កេត​ការណ៍​​​បាន​លើកឡើង​ថា​ស្ថាន​ភាព​របស់​​ក្រុម​ហ៊ុន​​ កៅស៊ូ​​កម្ពុជា​សំខាន់​ៗ មិន​ទាន់​​ឈាន​ដល់​​ដំណាក់​កាល​អស់​សង្ឃឹម​នោះទេ ទោះបីជា​​ទទួល​បាន​ប្រាក់​ចំណូល​តិច​​តួច​​ជាង​មុន នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​​នេះ​ក៏​ដោយ ។​

 

 

ការ​​ដាំក្បាលចុះ​​នៃតម្លៃ​ជ័រកៅស៊ូ
លោកម៉ក់ ​​ គីមហុង នាយក​ក្រុមហ៊ុន​អាជីវកម្ម​ដំណាំកៅស៊ូ ជប់ ​​ខេត្ត​កំពង់​ចាម​ បាន​បង្ហាញ​តួលេខ​ខ្លះៗ ដើម្បី​បញ្ជាក់​អំពីការ​ធ្លាក់ចុះ​តម្លៃ​ជ័រ​កៅស៊ូ​នៅ​លើ​ទីផ្សារ​ រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ។ នៅខែតុលា​ តម្លៃ​កៅស៊ូក្រែប ​មួយ​​តោន ថ្លៃ​រហូត​​​ដល់​​៣ ៣០០​ដុល្លារ ហើយ​នៅអំឡុង​សប្តាហ៍ទី២​នៃ​ខែ​ធ្នូ វា​មាន​តម្លៃ​ត្រឹម​តែ​៩០០​ដុល្លារ​​។ នៅ​ប្រទេស​កម្ពុជា ក៏ដូចជា​នៅ​ជុំ​វិញ​ពិភព​លោក ការដាំក្បាលចុះ​នេះ​បណ្តាល​មកពី​វិបត្តិ​ហិរញ្ញវត្ថុ​ពិភព​លោក​ និង​​ផល​​ប៉ះ​ពាល់​​​ជា​ជំហាន​ដំបូង លើ​ការ​ធ្លាក់ចុះ​នៃ​អំណាច​​ទិញ​​របស់អ្នក​ប្រើ​ប្រាស់​។ លោក​ម៉ក់​ គីម​ហុង​បាន​អះអាង​ថា​ ប្រសិនជា​ស្ថានភាព​នេះ​នៅ​តែ​​បន្ត​ទៀត សហគ្រិន​នៃ​វិស័យ​នេះ​នឹង​មិនអាច​ទ្រទ្រង់​រួចឡើយ។​
 
លោក​នាយក​បាន​ ត្អូញត្អែរ​ថា​« ថ្លៃ​ដើម​​ជ័រ​កៅស៊ូ​​​ក្នុង​​មួយ​តោនប្រែប្រួល​ចន្លោះ​​ពី​១២០០​ ទៅ​១ ៣០០​ដុល្លារ​។​ ទោះបីជា​តម្លៃ​ប្រេង​ឥន្ធនៈ​ធ្លាក់ចុះ​ក៏ដោយ ក៏​​ផល​ចំណេញ​​របស់​ក្រុមហ៊ុន​​យើង​​មាន​ការ​ថយ​ចុះ​ផងដែរ»។​ លោក​បាន​បន្ថែម​ថា លោក​ «មិន​ហ៊ាន»​ កាត់​បន្ថយ​ប្រាក់​ខែ​បុគ្គលិក​ប្រហែល​៤៤០០នាក់ ដែល​​ធ្វើ​ការ​​នៅ​ក្នុង​ចំការ​​នោះទេ។ ​ប្រាក់​ខែសរុប​​របស់​បុគ្គលិក​ គឺ​៥០០ ០០០​ដុល្លារ (ប្រាក់​ខែ​មធ្យម​គឺ​​១១៣​ដុល្លារ)​។ លោក​បានពន្យល់​ថា «​ប្រសិន​ជា​យើង​កាត់​បន្ថយ​​ប្រាក់ខែ​ កម្មករ​នឹងមិនព្រម​ធ្វើការ​អោយ​យើង។ លទ្ធផល​ គឺ​ក្រុមហ៊ុន​របស់យើង​នឹង​ខាត​បង់​​ច្រើន​ជាងមុនទៅទៀត។ ដូចនេះ នៅក្នុង​កាលៈទេសៈ​នេះ យើង​គ្មាន​ជម្រើស​​អ្វី​ក្រៅពី​ការ​ខាត​បង់​នោះទេ»។ លោក​បានទទួល​ស្គាល់​ថា​ក្រុមហ៊ុន​របស់​​លោក​នៅតែ​អាច​ទ្រ​ទ្រង់​​បាន «ព្រោះ​យើង​ធ្លាប់​​ចំណេញ​ប្រាក់​គួរ​​សម កាល​​ពីមុន…»។​
 
កាត់​បន្ថយ​ពន្ធ​ពី​១​០% មក​៣០ដុល្លារ ក្នុង​មួយ​តោន​

ដោយ ​មាន​ប្រតិ​កម្មទៅនឹង​ការ​ធ្លាក់ចុះ​តម្លៃកៅស៊ូ និងបាន​គិត​ទុកអំពី​ផល​ប៉ះ​ពាល់​​នៃ​វិបត្តិ​លើ​វិស័យ​ដំណាំ​កៅស៊ូ អ្នក​ជំនួញ​កៅស៊ូ និង​ផលិតករ​ជ័រ​កៅស៊ូ​កម្ពុជា​​​បានរៀប​ចំ ​«សំណើ»មួយ ដោយភ្ជាប់​​​អំណះ​អំណាង​​យក​​មក​បង្ហាញ​ប្រាប់​រដ្ឋាភិបាល កាលពីចុង​ខែ​វិច្ឆិកា ដើម្បីកាត់​បន្ថយ​ពន្ធ​នាំចេញ លើ​ផលិត​ផល​​​កៅស៊ូ​ ដោយ​ស្នើសុំ​អោយកាត់​បន្ថយពន្ធ​នាំ​ចេញ​កៅស៊ូពី​១០%​(បច្ចុប្បន្ននេះ កៅស៊ូ​​មួយ​តោន យក​ពន្ធ​១០០ដុល្លារ) មក​ត្រឹម​៣០ដុល្លារ​ក្នុង​មួយ​តោន។​ ​​លោក​​​​ម៉ក់ គីមហុង បានអះអាង​ថា​ រាល់​ការ​លក់ចេញ​មួយ​តោនៗ ក្រុមហ៊ុន​​របស់​​លោក​បាន​ខាត​ពី​២០០ ទៅ​៣០០ដុល្លារ។ ​ការកាត់​បន្ថយ​​​ពន្ធ​អាច​ជា​ដំណោះ​​​ស្រាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ ដើម្បី​កាត់​បន្ថយផល​លំបាក​នៃវិស័យ​នេះ​​។ លោក​បាន​​លើក​ហេតុ​ផល​ថា ជាក់ស្តែង រដ្ឋាភិបាល​នៃ​ប្រទេស​ជា​​សមាជិក​​​អាស៊ាន​ ដូចជា​ប្រទេស​ថៃ និង​ប្រទេស​ម៉ាឡេស៊ី បាន​សម្រេចចិត្ត​អនុវត្ត​​​វិធានការ​បែប​នេះ។
 
លោក ​ឧកញ៉ា ម៉ុង ឫទ្ធី អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​លើក​ឡើង​នូវ​សំណើ​នេះ​នៅ​​ចំពោះ​មុខ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នាឱកាស​កិច្ច​ប្រជុំ​កំពូល​លើកទី​១៤ វិស័យ​ឯកជន​-រដ្ឋាភិបាល​ កាលពី​​ថ្ងៃទី​២១ ខែវិច្ឆិកា ​តាំង​នាម​ជា​ប្រធាន​ក្រុម​ការងារ​វិស័យ​ឯកជន​​ទទួល​បន្ទុក​​វិស័យ​ កសិកម្មនិង​ឧស្សាហកម្ម​។​ ប៉ុន្តែ អ្នកធុរៈកិច្ច​កម្ពុជា​ដ៏មាន​ឥទ្ធិលពល​រូប​នេះ​​មិន​ទាន់​បានទទួល​​ការ​ ឆ្លើយ​តប​​ជា​ទីគាប់​ចិត្ត​​​​​​ភ្លាមៗ​នោះទេ​​​​ ផ្ទុយពីតំណាង​រោង​ចក្រ​កាត់ដេរ​ដែល​បាន​ទទួល​បាន​​កាត់​បន្ថយ​​ពន្ធនាំចេញ​​ ចំនួន​១០%​លើផលិត​ផលរបស់ពួកគេ បន្ទាប់​ពីបាន​ទាមទារ​អោយ​​មាន​​ការ​បន្ថយពន្ធ​៣០%។
 
ទោះ​ជា​យ៉ាង​ ណា​ក៏ដោយ លោក​ម៉ក់ គីមហុង នាយក​ក្រុមហ៊ុនជប់ នៅ​តែ​ទាម​ទារ​​អោយ​មាន​​ការ​កាត់​បន្ថយនេះ។​ បើតាម​ប្រសាសន៍​របស់​លោក រដ្ឋ​បាន​​ទទួល​​ផលចំណេញ​យ៉ាង​ច្រើន​ពី​ពន្ធ​លើ​​ការ​នាំ​ចេញ​ផលិតផល​​​​ កៅស៊ូ​នេះ​។ លោក​​បាន​បន្ថែមទៀត​ថា នៅអំឡុង​ពេល​រដូវ​ទទួល​ទិន្នផល​ខ្ពស់​ រដ្ឋអាច​ទទួល​បាន​​ពន្ធ​នាំចេញ​លើ​ជ័រកៅស៊ូ​ចំនួន​៣០០ដុល្លារ​ក្នុងមួយតោន។ បើ​តាម​ប្រសាសន៍​​របស់​លោក ក្រុមហ៊ុនជប់ នាំចេញ​ជ័រកៅស៊ូ​ក្នុងមួយឆ្នាំ​ជិត​៩ ០០០​តោន​​។
 
ខាតបង់​ប្រាក់ចំណូល​៦០%យ៉ាង​តិច​បំផុត
លោកប៊ុន វណ្ណៈ ម្ចាស់​ចំការ​កៅស៊ូ​ទំហំ​៣០ហិចតា​ នៅចំការ​លើ ខេត្ត​កំពង់ចាម​ ក៏បាន​វាយតម្លៃ​ផង​​ដែរ​​អំពី​ភាព​ចាំ​បាច់​​នៃ​អន្តរាគមន៍របស់រដ្ឋ។ ការ​ធ្លាក់​ចុះ​តម្លៃ​ជ័រកៅស៊ូ​បានធ្វើ​អោយ​លោក​​ខាតប​ង់​ប្រាក់ចំណូល​៦០% បើ​ប្រៀប​ធៀប​​ទៅនឹង​ប្រាក់​ចំណូលរបស់លោក​ដែល​បាន​មក​ពី​ការ​​លក់​ជ័រ​​​ កៅស៊ូ​ កាល​ពី​ខែ​សីហា។ លោក​មានប្រសាសន៍​ទាំង​មួហ្មង​ថា​«សព្វ​ថ្ងៃនេះ ខ្ញុំ​ស្ទើរ​តែ​លែង​សល់លុយ ទុក​អោយ​​គ្រួសារ​ហើយ​​។ ជ័រ​កៅស៊ូ​មួយធុង​ចំណុះ​៣០លីត្រ​មាន​តម្លៃ​ត្រឹមតែ​២០ ០០០​រៀល​ (៥ដុល្លារ) ទល់នឹង​​៩០ ០០០រៀល​ (២២ដុល្លារ) កាលពី​ពេលមុន​។ ប្រាក់​​ចំណូល​​សព្វ​ថ្ងៃ​​គ្រប់គ្រាន់​សម្រាប់​តែ​បើកប្រាក់ខែ​អោយកម្មករ​ ប៉ុណ្ណោះ»។
 
វិបត្តិ​មួយ​សម្រាប់កម្មករ​ចៀរ​​ជ័រ​កៅស៊ូ
ការ ​ធ្លាក់ចុះតម្លៃជ័រកៅស៊ូ​មិនត្រឹមតែប៉ះពាល់ដល់ផលិតករ​ប៉ុណ្ណោះ​​ទេ ប៉ុន្តែ ក៏​ប៉ះ​ពាល់​ដល់​កម្មករ​​​តូច​តាច​ផង​ដែរ ដូចជាករណី​របស់សីហា កម្មករ​នៅចំការ​កៅស៊ូ​​ជា​លក្ខណៈគ្រួសារ​​មួយ​ នៅភូមិ​តាអុង ស្រុកចំការ​លើ​។ លោក​ទទួល​បាន​​ប្រាក់ចំណូល​ត្រឹមតែ​២០០រៀល ក្នុង​ជ័រ​មួយលីត្រ សរុប​មក​គាត់​ទទួល​បាន​​ជា​​មធ្យម​១០ ០០០រៀល (២,៥ដុល្លារ) ក្នុង​មួយថ្ងៃ។​ លោក​អាច​ទទួល​ប្រាក់​ចំណូល​​បន្ថែមតិច​តួច​ទៀត តាម​រយៈ​ការ​ប្រមូល​ជ័រកៅស៊ូ​ស្ងួត នៅ​ជាប់​នឹង​ចាន​ និង​​​​នៅជាប់​ដើម ក្នុង​អំឡុង​ពេល​រង់​​ចាំ​ប្រមូល​​ជ័រ​ នៅ​ពេល​រសៀល​​។​ លោក​​បាន​សំដែង​ការ​ខូច​ចិត្ត​ថា «ថៅកែ​របស់ខ្ញុំ​អោយ​ខ្ញុំធ្វើដូច្នេះ ដោយ​ចែក​ផល​ចំណេញ​អោយគាត់​ពាក់​កណ្តាល​។​ ពីមុន ជ័រស្ងួត​១០គីឡូ មាន​តម្លៃ​៤០ ០០០​រៀល​​(១០ដុល្លារ) ពោលគឺ​២០ ០០០រៀល​សម្រាប់ថៅកែ និង​២០ ០០០​រៀល​សម្រាប់​ខ្ញុំ​។ បច្ចុប្បន្ន ជ័រ​ស្ងួត​១០គីឡូ​ដដែល​​មាន​តម្លៃ​ត្រឹមតែ​៦ ០០០​រៀល​ (១,២៥ដុល្លារ​) ពោល​គឺ​ម្នាក់ៗ​ទទួលបាន​​៣០ ០០០រៀល»។ មិនត្រឹមតែ​ប៉ុណ្ណោះ លោក​ក៏​ត្រូវ​ប្រឈម​នឹង​ការ​ឡើង​ថ្លៃ​តម្លៃ​ទំនិញ​ប្រើ​ប្រាស់​នាពេលសព្វ​ ថ្ងៃ​នេះ​ផង​ដែរ​។
 
គ្មានការ​ក្ស័យធន នៅ​ក្នុង​វិស័យដំណាំកៅស៊ូ?
អ្នក ​ឯកទេស​ដំណាំកៅស៊ូ​កម្ពុជាម្នាក់ សុំមិន​បញ្ចេញឈ្មោះ ​បាន​ច្រានចោល​ចំពោះ​​ពាក្យ​សំដី​ប្រកាស​​អាសន្ន​ទាំងនេះ។​ កៅស៊ូ​មួយ​តោន​មាន​តម្លៃ​ប្រហែល​១ ០០០ដុល្លារ វិស័យ​នេះនៅឆ្ងាយ​ពីការ​ក្ស័យធន ហើយក្រុមហ៊ុន​មិនប្រឈម​នឹង​ការ​បិទ​ទ្វារ​នោះទេ…។​ បើ​តាម​ប្រសាសន៍​របស់​លោក សហគ្រិនកៅស៊ូ​នៅ​តែ​​ចំណេញ​ប្រាក់​ បើទោះ​បីជាមានការធ្លាក់ចុះ​តម្លៃលក់​ចេញ​ក៏​ដោយ​។ អ្នក​ជំនាញ​​ការ​រូប​នេះ​បានលើក​យ​កបទ​ពិសោធន៍ផ្ទាល់​ខ្លួន​របស់​លោក​ មកបញ្ជាក់​អះអាងថា នៅឆ្នាំ​១៩៩៨ និង​១៩៩៩ ជ័រកៅស៊ូ​មាន​តម្លៃ​ទាប​បំផុត​ប្រហែល​ជា​៤០០​ដុល្លារ ក្នុង​មួយ​តោន ខណៈពេល​​​​ប្រេង​​ឥន្ធនៈ​​មួយ​ធុង ថ្លៃ​​​ប្រហែល​​៦៥​ដុល្លារ ក្រុមហ៊ុន​អាច​ទទួល​ប្រាក់ចំណេញ​ពី​២​ ទៅ​៣%។ លោក​បាន​គូស​បញ្ជាក់​ថា​​​បើ​សិនជា​គេ​​​យកប្រាក់ទៅផ្ញើ​ធនាគារ​ គេ​អាច​ទទួល​បាន​អត្រា​ការ​ប្រាក់​ខ្ពស់​ជាង​​នេះ​ទៅ​ទៀត គឺ​ប្រហែល​៥ ទៅ​៦% ហើយ​នឹ​ង​គ្មាន​ជួបការ​លំបាក​អ្វី​នោះ​ទេ​។​​ ​លោក​បាន​ធ្វើ​ការ​​គណនា​ថា​បច្ចុប្បន្ន​នេះ តាម​រយៈតម្លៃ​​នៃការផលិត និង​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង​សាំង​​នៅលើទីផ្សារ​អន្តរ​ជាតិ​ ជិត​ប្រហែល​៤៥ដុល្លារ ក្នុង​មួយ​ធុង សហគ្រិន​​​នៃវិស័យកៅស៊ូ​អាច​គ្រប់គ្រង​ប្រាក់​ចំណេញ​ ស្ទើរ​តែ​សមមាត្រ​ទៅ​នឹង​​អត្រា​​ការ​ប្រាក់​ធនាគារ​​ទៅហើយ។
 
លោក​ ច័ន្ទ សារុន រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម​ក៏បាន​ធ្វើការ​គណនា​ដូចគ្នា​នេះផង​ដែរ​។​​ នៅ​​ចេញពី​សិក្ខាសាលា​មួយ​ស្តីពីការ​បណ្តុះ​បណ្តាល​ជនបទ កាលពី​ថ្ងៃច័ន្ទ ទី​១៥ ខែ​ធ្នូ លោក​បាន​វាយតម្លៃ​ថា​ការ​ធ្លាក់ចុះ​​តម្លៃ​​កៅស៊ូ​​នា​ពេល​បច្ចុប្បន្ន​ មិន​បាន​​គំរាម​កំហែង​ដល់​អាយុជីវិត​របស់​ក្រុមហ៊ុន​នានា​នៅក្នុង​ប្រទេស​ កម្ពុជា​នោះ​ទេ​។ លោក​បាន​រម្លឹក​ថា​វិស័យ​នេះ​ក៏​ធ្លាប់​​ប្រឈម​នឹង​វិបត្តិ​​កាលពី​ឆ្នាំ​ ១៩៩៨​​​ដែរ។ លោ​ក​រដ្ឋ​មន្រ្តី​បាន​ប្រកាស​ថា «ក្រុមហ៊ុន​មិន​បាន​បិទ​ទ្វារ​នោះទេ ព្រោះ​ជ័រ​កៅស៊ូ​នៅ​តែ​ហូរ​ចេញពីដើម​ ទោះ​បីជា​គេមិន​ចៀរ​វា​ក៏​ដោយ​។ យើង​យល់​ឃើញ​​ថា​សព្វ​​ថ្ងៃ​នេះ សហគ្រិន​ជួប​ការលំបាក ដោយ​សារ​ស្ថានភាព​ពិភព​លោក​។ ប៉ុន្តែ ខ្ញុំ​ជឿ​ជាក់​ថា​តម្លៃ​កៅស៊ូ​នឹង​កើន​ឡើង​សា​ជាថ្មី ព្រោះតម្រូវការ​​​ប្រចាំ​ថ្ងៃ​វត្ថុ​ធាតុ​​​​ដើម​​ប្រភេទ​​​នេះ​​​​មាន​ការ​ ប្រើ​ប្រាស់​ច្រើន​​ នៅលើ​ពិភពលោក»​​​។ ជុំ​វិញ​ការ​សុំ​បញ្ចុះ​​ពន្ធ​នាំ​ចេញ​ លោក​ច័ន្ទ សារុន មាន​ប្រសាសន៍​​​ថា​លោកមាន​បំណង​ពិភាក្សា​​អោយកាន់តែ​ស៊ីជម្រៅ ជាមួយ​រដ្ឋ​មន្រ្តី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ព្រោះ​​នេះ​​មិន​មែន​«ទំនួល​​ខុស​ត្រូវ​»​របស់​លោក​ទេ​។​
 
មាន​ រឺមិនមាន​ការ​កាត់​បន្ថយពន្ធ​​ក៏​ដោយ ក៏កៅស៊ូ​កម្ពុជា​នៅតែ​អាច​ស្វែង​រក​ទីផ្សារ​បាន​ ជាពិសេស​នៅក្នុង​តំបន់។ យោង​តាម​លោក​ម៉ក់ គីមហុង ប្រទេស​ចិន​​ស្ថិតនៅក្នុង​ចំណោម​អតិថិជន​ដ៏​សំខាន់​ បន្ទាប់​មក​គឺ​ប្រទេស​វៀតណាម​ ម៉ាឡេស៊ី សិង្ហបុរី និងនៅតាម​បណ្តា​ប្រទេស​អឺរុប​មួយចំនួន​តូច ដូចជា​អាល្លឺម៉ង់ និង​ប៊ែលហ្សិក។ លោក​បាន​វិភាគថា «​រាល់​ជ័​កៅស៊ូ​ទាំង​អស់​ខ្មែរ​ត្រូវ​បាន​នាំ​ចេញ​​ទៅកាន់​ប្រទេស​ចិន។ ទោះ​បី​ជា​យើង​លក់​​អោយទៅ​ប្រទេស​វៀត​ណាម​ក៏​ដោយ​ ក៏​ប្រទេសនេះ​ធ្វើការ​កែច្នៃ​ជ័រ​ទាំង​នេះ រួច​នាំចេញ​ទៅកាន់​ប្រទេស​ចិន​…​។​ ចិនគឺជាប្រទេស​​​ប្រើប្រាស់​​កៅស៊ូ​មួយ​នៅក្នុង​ចំណោម​​ប្រទេស​​​ប្រើ​ ប្រាស់​កៅស៊ូ​​​ដ៏​​ច្រើន​បំផុត​​នៅលើ​ពិភពលោក​…»។
 
ដើម្បី​​ទទួល​​​ ផល​ចំណេ​ញ​ពីតម្រូវការ​កើន​ឡើង​របស់ចិន និង​ទទួល​រង​ផល​ប៉ះ​ពាល់​​តិច​តួច​ពីការប្រែប្រួល​តម្លៃ​ជ័​រ​កៅស៊ូ វិស័យ​កៅស៊ូ​នៅកម្ពុជា​អាច​នឹង​ត្រូវ​ឆ្លង​កាត់​​ដំណាក់ផ្សេង​ៗ ដូច​ប្រទេស​ជិតខាង​របស់​ខ្លួន៖ ការ​កែច្នៃ​ជ័រ​កៅស៊ូ​ជា​ផលិត​ផល​ដែលមាន​តម្លៃ​បន្ថែម​ខ្ពស់​​​ ​ដែល​​សហគ្រិន​កម្ពុជា​មិន​​បានធ្វើ​នៅ​ពេល​​សព្វ​ថ្ងៃ​នេះ​​។ បើតាមប្រសាសន៍​របស់​លោក​រដ្ឋមន្រ្តី​កសិកម្ម ប្រទេស​កម្ពុជា​​អាច​នឹង​​ទទួ​លអត្ថ​ប្រយោជន៍​ពី​ជំនាញ​​​បច្ចេក​វិទ្យា​​​ ដ៏​ប៉ិនប្រសប់​​របស់​ក្រុមហ៊ុន​​បរទេស​​ពីរ គឺក្រុមហ៊ុនចិន និង​ក្រុមហ៊ុន​បារាំង ឈ្មោះ Michelin។ បើតាម​លោក​ច័ន្ទ សារុន ក្រុមហ៊ុន​ទាំងនេះ​បាន​សំដែង​ការ​ចាប់​អារម្មណ៍​របស់​ពួកគេ ចំពោះ​ប្រទេស​កម្ពុជា ហើយ​សព្វ​ថ្ងៃ​នេះ កំពុង​សិក្សា​អំពី​​យថាភាព​ ក្នុងការ​បង្កើត​ក្រុម​ហ៊ុន​​ផលិត​សំបក​កង់​ទូទៅ​​​នៅកម្ពុជា។ កត្តា​នេះ​គ្រប់​គ្រាន់ ក្នុង​ការ​ធ្វើអោយ​វិស័យ​​ដំណាំ​​កៅស៊ូ​នៅកម្ពុជា​មាន​ដំណើរការ​ វិត្តន៍ទៅមុខ​មួយកំរិត​បន្ថែម​ទៀត​។
 


-ប្រឈម​​មុខ​​នឹង​វិបត្តិ កម្ពុជា​ត្រូវ​បង្កើត​សមត្ថភាព​ប្រកួត​ប្រជែង និង​បរិយាកាស​វិនិយោគ​​ទុន (១១-១២-២០០៨)
-រៀលរឺដុល្លារៈ តើ​រូបិយវត្ថុមួយ​ណាសម្រាប់​កម្ពុជានៅ​ពេល​មាន​វិបត្តិ​ពិភព​លោក​?
(០៩-១២-២០០៨)
-លោក​​នីកូឡា ដឺវីឡេ អគ្គ​នាយក​​​ក្រុម​ហ៊ុន​​​សម្បទាន​​ព្រលាន​យន្ត​ហោះ : "កម្ពុជា​អាច​ដក​ខ្លួន​​ចេញ​​​ផុត​​ពី​ស្ថានភាព​លំបាក" (០៣-១២-២០០៨)
-សម្តេចហ៊ុន សែន យល់ព្រម​បន្ថយ​ពន្ធ​នាំ​ចេញ​១០%សម្រាប់វិស័យវាយនភ័ណ្ឌ GMAC ទាម​ទារ៣០% (២១-១១-២០០៨)


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

អត្ថបទបន្ថែម

-ប្រឈម​​មុខ​​នឹង​វិបត្តិ កម្ពុជា​ត្រូវ​បង្កើត​សមត្ថភាព​ប្រកួត​ប្រជែង និង​បរិយាកាស​វិនិយោគ​​ទុន (១១-១២-២០០៨)
-រៀលរឺដុល្លារៈ តើ​រូបិយវត្ថុមួយ​ណាសម្រាប់​កម្ពុជានៅ​ពេល​មាន​វិបត្តិ​ពិភព​លោក​?
(០៩-១២-២០០៨)

-លោក​​នីកូឡា ដឺវីឡេ អគ្គ​នាយក​​​ក្រុម​ហ៊ុន​​​សម្បទាន​​ព្រលាន​យន្ត​ហោះ : "កម្ពុជា​អាច​ដក​ខ្លួន​​ចេញ​​​ផុត​​ពី​ស្ថានភាព​លំបាក" (០៣-១២-២០០៨)
-សម្តេចហ៊ុន សែន យល់ព្រម​បន្ថយ​ពន្ធ​នាំ​ចេញ​១០%សម្រាប់វិស័យវាយនភ័ណ្ឌ GMAC ទាម​ទារ៣០% (២១-១១-២០០៨)

 



ពន្ធ​លើការ​នាំចេញ ជិត​៧លាន​ដុល្លារ​
យោង ​​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​កសិកម្ម សម្រាប់​រដូវ​២០០៧-២០០៨ ​នៅ​ឆ្នាំ​២០០៧ ប្រទេស​កម្ពុជា​ធ្វើអាជីវកម្មលើ​ផ្ទៃដី​ចំកា​រកៅស៊ូ​ទំហំ​១៧ ៩៩៧​​ហិច​តា​ ​ដែល​បាន​ផ្តល់​​ជ័រ​កៅស៊ូ និង​ដើម​កៅស៊ូ​មិនទាន់​ផ្តល់​ជ័រ​ ទំហំ​២២ ០០០​​ហិចតា។ ព្រះរាជាណាចក្រ​កម្ពុជា​​ក៏​បាន​នាំ​ចេញ​​​​​​កៅស៊ូ​ចំនួន​១៨ ៣១៦​តោន​ ក្នុង​តម្លៃជា​មធ្យម​២០១៦​ដុល្លារ​ក្នុង​មួយ​តោន​កាល​ពីឆ្នាំ​២០០៧​ ពោល​គឺ​ទឹកប្រាក់សរុប​ប្រមាណជាង​៣៦,៩លាន​ដុល្លារ។ យោង​តាម​ប្រភព​ដដែលនេះ ប្រាក់​ចំណូល​នៃពន្ធ​នាំចេញ​លើវិស័យ​នេះ មាន​៦,៩លាន​ដុល្លារ នៅ​ឆ្នាំ​២០០៧​។​ របាយការណ៍​បាន​បន្ថែមទៀត​ថា​​ជា​រៀងរាល់​ឆ្នាំ ចាប់​តាំង​ពី​ឆ្នាំ​២០០៥ ដំណាំ​​កៅស៊ូ​១០ ០០០ហិតតា​ត្រូវ​បាន​ដាំ​បន្ថែម​ទៀត។
 
យោង​តាម​អ្នកឯកទេស​កៅស៊ូ​ មួយរូប ដំណាំ​កៅស៊ូ​ភាគ​ច្រើន​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុនឯក​ជន​ ក្រៅពីនេះ គឺជា​ការធ្វើ​អាជីវកម្ម​​ជាលក្ខណៈ​គ្រួសារ។ ប៉ុន្តែ របាយ​ការណ៍​របស់​ក្រសួង​កសិកម្ម​បាន​បញ្ជាក់​ថា​​​ជា​​ដំណាំ​កៅស៊ូ​របស់​​ រដ្ឋ និង​​​ដំណាំ​កៅស៊ូ​របស់​​​ឯក​ជន។​
 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ