កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ការឡើង​ទម្ងន់​នៅ​ទីក្រុង​ភ្នំពេញ​ជា​បញ្ហា​មួយ​មិន​អាច​ធ្វេស​ប្រហែស​ឡើយ
ដោយ កូរីន កាឡឺបូ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២២-១២-២០០៨

Phnom Penh - stade olympique - gym � John Vink / Magnum

ភ្នំពេញ (កម្ពុជា) ថ្ងៃទី​១៩ ធ្នូ ២០០៨៖ នៅពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិច លំហាត់​ប្រាណ​គឺជាឱសថ​​ព្យាបាល​ជំងឺ​​ឡើង​ទំងន់ដ៏មាន​ប្រសិទ្ធភាព​មួយ​
© ចន វីង / Magnum

ទន្ទឹម ​នឹង​​ការ​មាន​រថយន្ត និង​អគាររីក​ដូចផ្សិត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ អ្នក​រស់​នៅ​ក្រុង​នេះ​ក៏​កាន់​តែធាត់​ទៅ​ៗដែរ។ ភាពអសកម្ម​ ការផ្លាស់​ប្តូរ​របៀប​រស់នៅ និង​ចំណីអាហារ​សម្បូរ​បែប ធ្វើ​អោយ​ទីក្រុង​នៃព្រះរាជាណាចក្រកម្ពុជាមួយ​នេះ​ប្រឈម​មុខ​នឹង​​បញ្ហា​មួយ ​ដូច​ទីក្រុង​​ផ្សេងៗ​ទៀត​​នៅ​អាស៊ីអាគ្នេយ៍​ដែរ គឺបញ្ហា​​​ឡើង​ទម្ងន់​។ បើ​ទោះ​ជា​កង្វះ​អាហារូបត្ថម្ភ​​​នៅ​បន្តធ្វើ​​​ព្យុះ​ភ្លៀង​នៅ​កម្ពុជា​ ក៏ដោយ ក៏​ជាមួយ​គ្នា​​នេះ​ នៅ​មាន​ការ​​កើន​​ឡើង​​​នៃ​ចំនួន​អ្នក​ធាត់​​នៅ​តំបន់​ទីប្រជុំជន​ដែរ។ បញ្ហា​នេះ​ក្រៅពី​ជាកង្វល់​ខាង​ផ្នែក​សោភ័ណ​​​ភាព​ វា​ក៏​ចូល​រួម​បង្កើត​អោយមាន​បញ្ហា​សុខភាពថ្មីៗ​ផងដែរ ឬក៏ធ្វើ​អោយ​ជំងឺ​ដែល​ធ្លាប់​មាន​ហើយ​ កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត ដូចជា​​ជំងឺ​ទឹកនោម​ផ្អែមជាដើម។

 

មិនថាមនុស្ស​ធំ​ឬក្មេង​ទេ​គឺមានបញ្ហា​ឡើង​ទម្ងន់​ទាំងអស់​
រហូតមកដល់ ​ពេលនេះ គ្មាន​តួលេខ​ណាមួយ​បង្ហាញ​ពីបញ្ហា​ឡើង​ទម្ងន់​នៅ​កម្ពុជា​​ទេ។ ប៉ុន្តែយើង​​សង្កេត​ឃើញថា ប្រជាជន​នៅ​ភ្នំពេញ​មានទម្ងន់​កើន​ឡើង ​ ហើយ​វា​មិនមែន​ជា​រឿង​កម្រ​ទេ​ដែល​គេ​ជួប​ក្មេងនិង​មនុស្ស​ពេញ​វ័យ​ដែលមាន​​ ក្បាល​ពោះប៉ោង​​នៅ​ក្នុង​ទីក្រុង​នោះ។ ព្រេត​ ណារិទ្ធិ​​ គ្រូបង្រៀន​​នៅ​សាលា​ញូតុន​ធីឡាយ IV នៅ​មហាវិថីមុន្នីរ៉េត ពន្យល់ថា៖ «ខ្ញុំ​​ធ្វើ​ការ​នៅ​សាលា​នេះ​៥ឆ្នាំ​ហើយ។ ​ពីរវគ្គ​ហើយ​ដែល​ខ្ញុំ​កត់​សម្គាល់​ឃើញ​ថា កុមារ​មានរូប​រាង​ធាត់ទៅៗ។ កុមារ​ខ្លះ​ត្រូវ​ពាក់​ឯកសណ្ឋាន​ដែល​ធំ​ជាង​ក្មេង​ដែល​មាន​អាយុស្មើ​ពួកគេ​ ចំនួន​ពីរ​ដង!»។

អ្នកស្រីវេជ្ជបណ្ឌិតហ្សាក់កឺលីន ឌីកកឺម៉ារ៍(Jacqueline Dicquemare) ប្រធាន​[សមាគម​ Micadev] ក៏សង្កេត​ឃើញ​ដូច្នេះដែរ។ អ្នក​ផ្តល់​ដំបូន្មាន​​រូប​នេះ​បាន​ពន្យល់​​ថា៖ «ជនជាតិ​ខ្មែរ​ជាច្រើន​នៅ​ក្នុង​ទីក្រុងរក​ចំណូល​បាន​កាន់​តែច្រើន​ មាន​កូន​កាន់តែ​តិច​ ហើយ​ទម្រើសកូនៗ​កាន់តែខ្លាំង។​ លើស​ពីនេះ​ទៀត​ ការ​ដាក់កម្រិតអោយ​ពួកគេ​បរិភោគ​អាហារ​ល្មម​ៗ បែរ​ជាធ្វើ​អោយ​ពួកគេ​គិត​ថា​ជា​ការ​​ខ្វះខាត​ទៅវិញ ហើយអាចធ្វើ​អោយ​ពួកគេ​នឹក​ទៅ​ដល់​​អនុស្សាវរីយ៍មិនល្អ​»។ អ្នកស្រីហ្សាក់​កឺលីន​​តែង​ចុះ​មក​ធ្វើ​បេសកកម្ម​មនុស្ស​ធម៌​ផ្នែក​ វេជ្ជសាស្រ្ត​​​នៅ​មន្ទីរពេទ្យ​ព្រះកុសមៈជាញឹកញាប់​។ នៅ​តាម​កន្លែង​ហែល​ទឹក​នានា​ ក៏​គេ​សង្កេត​ឃើញ​​ដូចគ្នា​នេះ​ដែរ ដូចជា​នៅ​ VIP ជាដើម។ បុគ្គលិក​នៅ​ទីនោះ​និយាយ​បែប​ចំអន់​លែង​ថា«មិនធ្លាប់​បាន​ឃើញ​​មនុស្ស​ ពោះកំប៉ោងថ្នាក់​នេះទេ»ចាប់​តាំងពី​លោក​ធ្វើការ​ក្នុងមណ្ឌលហាត់​ប្រា​ណ​ នេះមក។

លោក​ទ្រីសា​ ដាន់នីង សាស្រ្តា​ចារ្យ​ផ្នែក​វិទ្យាសាស្រ្ត​នៃការ​ផ្តល់​ដំបូន្មាន នៅ​មហា​វិទ្យា​ល័យ​​មែលបោន ប្រទេស​អូស្រ្តាលី ពន្យល់ថា៖ «បញ្ហា​គឺថា​ការដែល​មនុស្សម្នាក់​ធាត់ នៅ​ក្នុង​វប្បធម៌ខ្លះ​ជាពិសេស​​នៅ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ គឺទុក​ដូច​ជាអ្នក​នោះជា​អ្នកមាន​។ សូម្បី​តែកើតជំងឺ​ទឹកនោម​ផ្អែម​ក៏​ត្រូវ​គេ​ចាត់​ទុកថា​ជារោគ​អ្នក​មានដែរ ព្រោះ​ថា​​សម្រាប់​ប្រទេសទាំងនេះ វា​មានន័យ​ថា​គេ​សម្បូរ​របស់​​ញ៉ាំ សម្បូរស្ករ ដែល​តាម​ពិត​ទៅ​វា​កម្រពិត​​ថា​​អីចឹង​ណាស់»។ ឧទាហរណ៍​ម៉ី លី ក្មេង​ស្រីអាយុ​៩ឆ្នាំ គឺធាត់​ដុះ​ពោះ​ស្អុយ​ទៅហើយ ហើយ​នាង​មាន​មោទនភាព​នឹង​ក្បាល​ពោះ​របស់​នាង​ណាស់។ «ជួនកាល មាន​ក្មេងជា​ច្រើន​ចំអន់​ខ្ញុំ​ ប៉ុន្តែភាគច្រើនពួកគេគោរព​ខ្ញុំ​​​ ពីព្រោះ​ពួកគេ​គិតថា​ខ្ញុំ​សម្បូរអីញ៉ាំ ព្រោះ​ឳពុក​​ម្តាយ​​ខ្ញុំ​ជា​អ្នក​​មាន...»។

ភាពអសកម្ម​ និង​ទម្លាប់​មិនល្អ​ក្នុងការ​បរិភោគអាហារ
បើ ​ទោះ​បី​ជា​​បញ្ហា​នេះនៅមិន​ទាន់​ឈានដល់​ដំណាក់ការ​ដូចអ្វី​ដែល​ប្រទេសរីក​ ចម្រើន​ជួប​ប្រទះ​ក៏ដោយ​ ក៏​វា​នៅតែ​ធ្វើ​អោយ​គ្រូពេទ្យ​មួយ​ចំនួន​ប្រកាស​អាសន្ន​ដែរ​។ ជាក់​ស្តែង លោក​ម៉ាក ហ្វ្រែរ អ្នក​ផ្តល់​ដំបូន្មាន​​ពីជំងឺទឹកនោម​ផ្អែម ជាតិ​បារាំង ដែល​ធ្វើ​ការ​នៅ​សមាគម​ Micadev ដែរនោះ​ បាន​ផ្តល់​សញ្ញា​អាសន្ន​ពី​ការ​ឡើង​​ទម្ងន់​របស់​អ្នក​ក្រុងភ្នំពេញ។ «កាលពីប៉ុន្មាន​ឆ្នាំមុន​ បញ្ហា​នេះ​នៅ​មិន​ទាន់​មាន​ទេ។ បច្ចុប្បន្ន យើង​ឃើញ​មនុស្ស​ធាត់​កាន់តែច្រើន​ឡើងៗ ជាពិសេស​គឺ​កុមារ​។ ប៉ុន្តែ​រឿង​នេះ​មិន​ធ្វើ​អោយ​ខ្ញុំ​ភ្ញាក់​ផ្អើល​ខ្លាំងទេ។ ពីមុន​ គ្រប់គ្នា​ជិះកង់ ឥឡូវ​​ប្រជាពលរដ្ឋ​ភាគ​ច្រើនជិះម៉ូតូ សូម្បីតែក្មេងៗក៏ត្រូវឳពុកម្តាយ​ដឹកម៉ូតូ​ឬ​ឡាន​ទៅ​សាលា​រៀន​ដែរ។ គឺ​វា​មាន​​ការមិន​ចូល​ចិត្ត​​ធ្វើ​ចលនា​»។

សម្រាប់អ្នកស្រី​ ហ្សាក់កឺលីន ឌិកកឺម៉ារ៍ បញ្ហា​ក៏បណ្តាល​មក​ពីទម្លាប់​ថ្មី​របស់​ប្រជាជន​នៅ​​ក្នុង​​​ការ​ទទួល​អាហារ ​ផងដែរ។​ «អ្នកនៅ​ភ្នំពេញមិន​ត្រឹមតែធ្វើ​សកម្មភាពផ្លូវកាយ​កាន់តែតិចនោះទេ ប៉ុន្តែ​ពួកគេ​នៅរក្សាទម្លាប់​ចាស់​នៃ​របប​អាហារ​​របស់​ពួកគេ និង​បន្ត​ទទួល​ទាន​បាយ​ដែល​វា​មិន​ចោទ​ជាបញ្ហាទេ​​បើ​យើង​ទទួល​ទាន​ តែប៉ុណ្ណឹង ប៉ុន្តែ​វា​ទៅ​ជាគ្រោះថ្នាក់​​នៅពេល​ដែល​យើង​បន្ថែម​​អាហារ​ផ្សេងទៀត ដូចជា​ស៊ុត សាច់ ស្ករ និង​ភេសជ្ជៈជាតិផ្អែម​ដូចដែលអ្នក​មាន​ជីវភាព​ធូរធារ​ធ្វើ​សព្វថ្ងៃនេះ»។

គ្រោះថ្នាក់សម្រាប់សុខភាព
គ្រោះថ្នាក់ក៏កើតមានឡើង ព្រោះត្បិត​ការ​ឡើង​ទម្ងន់​ចោទជាបញ្ហា​​ផ្នែក​សោភ័ណ​​​ភាព​​មែន វា​ក៏អនុគ្រោះ​ដល់​ការកើត​ជំងឺ​ទឹកនោម​ផ្អែម​ដែរ។ ជំងឺនេះ​កើត​​មានលើ​ប្រជាជន​កម្ពុជា​ជាច្រើន​រួច​ទៅ​ហើយ​។ វេជ្ជបណ្ឌិត​ហ្សាក់កឺលីន ឌិកកឺម៉ារ៍ អះអាងថា៖ «នៅ​កម្ពុជា​មាន​គ្រោះថ្នាក់​នៃការកើតជំងឺទឹកនោម​ខ្ពស់​រួច​ទៅហើយ។​ វា​ជិត​ស្មើ​នឹង​ប្រទេស​​អភិវឌ្ឍ​ ខណៈពេល​ដែល​​អាយុជាមធ្យម​របស់​ជនជាតិខ្មែរ​​(៦០ឆ្នាំ)អាច​នឹងកាត់​បន្ថយ​ ចំនួន​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​​ ដោយ​ហេតុថា​ជំងឺទឹក​នោម​ផ្អែម​ប្រភេទ២ ដែល​មិន​សូវមាន​ញឹកញាប់​ គឺជា​ជំងឺដែល​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​កើ​តលើ​មនុស្ស​អាយុ​ជាង​៤០ឆ្នាំ»។

អ្នក ​ជំនាញរូបនេះ​លើក​ឡើ​ង​ពីការសិក្សារបស់​ប្រទេស​កាណាដា ដែល​«ប្រដូច​លទ្ធភាព​​​ខ្ពស់​នៃការ​កើត​ជំងឺនេះ​ទៅ​នឹង​​អ្វី​ដែល​ពួកគេ​​ ហៅថា«បាតុភូត​​ដែល​សន្សំ​ទុក» : ក្នុង​ចំណោម​ប្រជាជន​ដែល​ទទួល​រង​នូវ​ស្ថានភាពខ្វះខាត​អស់​ជាច្រើន​ជំនាន់​ ភាពអាច​សម្របខ្លួន​បាន​គឺ​​មា​ន​ចំពោះអ្នក​ទាំងឡាយ​ដែល​​មាន​ការ​ចំណាយ​ថាម​ ពល​​សន្សំ​​​សំចៃ សរុប​ទៅ​គឺអ្នក​ទាំងឡាយ​ណា​ដែល​អាច​រក្សា​ទុក​ថាមពល​បាន​ច្រើន​បំផុត ដែល​អាច​​អោយ​គេ​រស់​បាន...។ ប៉ុន្តែនៅពេល​ដែល​លែង​មាន​ការ​​ខ្វះខាត​ មនុស្ស​ទាំង​នេះ​​​គឺ​ងាយ​​នឹង​ឡើងទម្ងន់​ ហើយ​ធ្វើ​ជាតិ​អាំង​ស៊ុយលីនមានភាពធន់ ហើយ​បើ​សិន​ជា​មាន​ការ​មិន​ធ្វើ​បម្លាស់ទី​បន្ថែម​ពីលើ​កត្តា​ទាំងនេះទៀត ជំងឺ​នឹងកើតមានឡើងហើយ​វានឹង​មានលក្ខណៈរ៉ាំរ៉ៃ»។

ម្យ៉ាងវិញទៀត អត្រាប្រេវ៉ាឡង់​ខ្ពស់នៃការកើតជំងឺ​បង្កឡើង​ដោយវីរុស ដូចជា​ជំងឺថ្លើម ឬ VIH ក៏​អនុគ្រោះផងដែរ​ដល់​ការ​លេច​ចេញ​ជំងឺទឹកនោម​ផ្អែម​មុន​អាយុកាល ហើយ​មាន​ការ​វិវត្តន៍​ធ្ងន់ធ្ងរ ដែល​ជាដើមហេតុ​នៃការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ក្លា​នៃការ​ឡើង​ទម្ងន់​ របស់អ្នក​រស់​នៅ​ទីក្រុងភ្នំពេញ។

ចំណីអាហារមិនគ្រប់គ្រាន់​មាន​ច្រើនជាង​
ប៉ុន្តែ ​រហូត​មកដល់ពេលនេះ គ្មាន​គោលនយោបាយ​សុខភាព​សាធារណៈ​ណា​មួយ​​​ត្រូវ​បានធ្វើ​ឡើង​ទេនៅ​ទីក្រុង​ ភ្នំពេញ ដោយសារ​ថា​គ្រូពេទ្យ​ជំនាញ​ខាង​ចំណី​អា​ហារ​រវល់រក​ដំណោះស្រាយ​សម្រាប់​ បញ្ហា​ទទួល​ទាន​ចំណីអាហារមិន​គ្រប់​គ្រាន់ ដែល​បន្ត​រាត​ត្បាតយ៉ាង​សាហាវនៅកម្ពុជា​ច្រើន​ជាង​រក​ដំណោះ​ស្រាយ​​បញ្ហា​ ឡើង​ទម្ងន់​ ព្រោះបញ្ហា​នេះ​កម្រមាន ហើយ​វា​ប៉ះពាល់​តែលើ​តំបន់​ប្រជុំជន​​ប៉ុណ្ណោះ។

លោកវេជ្ជបណ្ឌិត​​ អ៊ូ កេវណ្ណា ប្រធានកម្មវិធី​អាហារូបត្ថម្ភ​នៅកម្ពុជា ទទួល​ស្គាល់ថា៖ «បញ្ហា​ទាំងនេះគឺមានមែន។ ដោយសារថា​បុរស​ៗផឹកកាន់តែច្រើន ជា​ពិសេស​ស្រាបៀរ ហើយ​ធ្វើ​លំហាត់​ប្រាណ​កាន់តែតិច ដូច្នេះពួកគេ​ក៏​ធាត់​។ ប៉ុន្តែ​យើង​យកចិត្តទុកដាក់​ដំ​បូង​លើកុមារ​ និងម្តាយ​​ដែលរងគ្រោះ​ដោយ​សារ​កង្វះ​អាហារ​ជាង​។ បញ្ហា​ទាំងនេះគឺតែង​តែ​បង្កការ​បាត់​បង់​ជីវិត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ «តាមពិតទៅ សព្វថ្ងៃ កុមារ​ប្រហែល៥០%​បើ​គិត​ជា​ថ្នាក់​ជាតិ​ និង​រហូត​ដល់​៨០%បើគិត​ក្នុង​តំបន់​ជនបទ​បរិភោគ​មិនបានឆ្អែត​ទេ...។ ស្ថាន​ភាពនេះ​កាន់​តែ​​ធ្ងន់​ធ្ងរទៅ​អំឡុងពេល​១៥ឆ្នាំចុងក្រោយ​នេះ។

អ្នក​នៅភ្នំពេញចាប់​ផ្តើម​យល់​ដឹង
ទោះយ៉ាងណា អ្នកនៅ​ទីក្រុងភ្នំពេញ​ហាក់​មានការ​យល់​ដឹង​បន្តិច​ម្តងៗ​ពី​បញ្ហា​ឡើង​ ទម្ងន់​នេះ។ ជាក់ស្តែង មាន​មនុស្ស​កាន់តែច្រើន​ឡើង​ចូល​ក្លឹប​កីឡា និង​ទៅ​ហាត់​ប្រាណ​​តាម​ទីសាធារណៈ ដូចជា​សួន​ច្បារ​នៅ​ក្រសួងការពារជាតិ សួន​នៅ​សាកល​វិទ្យាល័យ​ភ្នំពេញ និងជាពិសេស​នៅ​ស្តាតអូឡាំពិក។ អ្នកស្រីភាព អាយុ​៣០ឆ្នាំ​ មានកូន​បីនាក់ និង​មាន​ទម្ងន់​៨៣គីឡូ កម្ពស់​ប្រហែល១,៥៥ម៉ែត្រ។ អស់ពេល​ពីរ​ឆ្នាំ​ហើយ​ អ្នកស្រី​មក​ហាត់​ប្រាណនៅ​ទីធ្លាស្តាតជាមួយ​សំឡេង​តន្រ្តី : «បន្ទាប់​ពី​ខ្ញុំ​កើត​កូនទី៣ ខ្ញុំ​ចាប់​ផ្តើម​តប់ប្រមល់ ហើយ​ខ្ញុំ​ឡើង​ទម្ងន់​យ៉ាង​ច្រើន។ វេជ្ជបណ្ឌិត​បានពន្យល់​ខ្ញុំថា បញ្ហា​បណ្តាល​មក​ពី​ខ្ញុំ​នៅ​តែផ្ទះអត់​ធ្វើ​អ្វី ហើយ​ញ៉ាំ​ច្រើន​​ពេក។ គាត់​ធ្វើ​អោយ​យល់​ថា ខ្លាញ់​ទាំងនេះមិន​ល្អសម្រាប់​រាងកាយ​ខ្ញុំ​ទេ ហេតុនេះ​ហើយ​បានជា​ខ្ញុំ​ចាប់​ផ្តើម​មក​ទីនេះ។ ខ្ញុំ​ស្រកអស់​១២គីឡូហើយ ហើយ​ខ្ញុំ​នឹង​ធ្វើ​អោយ​ស្រក​អស់​១០គីឡូទៀត​!»។

មើលទៅ​មិនមែនតែ​ អ្នកស្រីភាពទេ​ជួបករណី​បែបនេះ : «មានមិត្តភក្តិ​ជាច្រើន​ក៏ជួប​ករណី​ដូច​ខ្ញុំ​ដែរ ហើយ​ត្រូវ​ធ្វើ​អោយ​ចុះទម្ងន់​» អ្នកស្រី​ភាពពន្យល់​ដូច្នេះ។ នៅ​ឆ្ងាយ​ពី​នោះ​បន្តិច លោក​ហេង​ អ៊ី អាយុ​៥៧ឆ្នាំ និង​បានហាត់ប្រាណ​១៤​ឆ្នាំជាមួយនឹង​កីឡា​បាល់​បោះ។ លោក​សង្កេតឃើញថា ស្តាតមិនចេះស្ងាត់ទេ។ «ចាប់តាំង​ពីឆ្នាំ​២០០៣មក មាន​មនុស្ស​កាន់តែ​ច្រើន​ឡើងៗ។ ខ្ញុំជឿថា មនុស្ស​បាន​យល់ដឹង​ថា​ ពួកគេ​គួរតែ​យក​ចិត្ត​ទុកដាក់​នឹង​ខ្លួន​ប្រាណ​​របស់​ពួកគេ ដើម្បី​​រូបរាង​និង​ផ្លូវ​ចិត្ត​...»។

ប៉ុន្តែមិនដឹងថា តើ​ការចាប់ផ្តើ​មងាក​មក​ហាត់​ប្រាណ​ដូច្នេះគ្រប់គ្រាន់​ដើម្បី​លុប​បំបាត់​ បាតុភាព​ឡើង​ទម្ងន់​នៅ​ទីក្រុងភ្នំពេញបានឬទេ ហើយ​តើ​ក្រុង​នេះ​នឹង​មិន​ដើរតាម​គំរូ​របស់ប្រទេស​ជិត​ខាង​ឬយ៉ាងណា? បើយោង​តាម​អង្គកា​រយូនីសេហ្វ ប្រទេស​ថៃមាន​កុមារអាយុក្រោម​៥ឆ្នាំ៧%​មានគីឡូធ្ងន់​ជ្រុល ហើយ​នៅ​ទីក្រុង​ចាកាតា​ ប្រទេស​ឥណ្ឌូនេស៊ីវិញ​ ការសិក្សា​ថ្មី​មួយ​បានបង្ហាញថា កុមារ​មិន​ទាន់​គ្រប់​​អាយុ​ចូលសាលា​ចំនួន​១៦%​ក្នុង​ចំណោម​គ្រួសារធូរធារ​​ គឺជាមនុស្សធាត់។ បើទោះជាទីក្រុងភ្នំពេញ និងកម្ពុជា​មិន​ទាន់​ឈានដល់​ដំណាក់ការនេះដ៏ដោយ ក៏តួលេខ​ទាំងនេះគឺ​​ជា​អំណះ​អំណាង​នៃការ​ឡើង​ទម្ងន់​ដែរ។


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

អត្ថបទបន្ថែម

បើចង់​ដឹងព័ត៌មានបន្ថែម
ទិន្នន័យ​ស្តីពីរបបអាហារ និង​ចំណីអាហារ​នៅ​កម្ពុជា​បង្ហាញដោយ​គេហទំព័ររបស់​«អង្គការសុវត្ថិភាពចំណីអាហារនិង​ការចិញ្ចឹមរាងកាយ »។

ឯកសារដ៏មានសារសំខាន់​របស់​"Population Bureau reference " ដែលពន្យល់​ថាតើប្រទេស​រីកចម្រើន​ទាំងឡាយ​ស្ថិត​ក្នុង​«បន្ទុក​ពីរយ៉ាង» គឺកង្វះចំណីអាហារ និង​ការ​ឡើង​ទម្ងន់ ឬក៏ជំងឺធាត់​ចុកខ្លាញ់​យ៉ាង​ដូចម្តេច។
 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ